Discoverទស្សនៈព្រឹត្តិការណ៍ពិភពលោក
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
Claim Ownership

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Author: RFI ខេមរភាសា / Khmer

Subscribed: 258Played: 1,721
Share

Description

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

749 Episodes
Reverse
សហរដ្ឋអាមេរិកកំពុង​ញាប់ដៃជើងដើម្បី​នាំយកម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅដាក់​នៅឋាន​ព្រះចន្ទ ឲ្យបាន​យ៉ាងយូរបំផុត នៅមុនឆ្នាំ​២០៣០។ នៅក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​បញ្ជូនមនុស្ស​ឲ្យត្រលប់ទៅជាន់ដី​ព្រះចន្ទ​នៅអំឡុង​ឆ្នាំ​២០២៧ ​ប្រធានថ្មី​របស់​ទីភ្នាក់ងារ​ណាសា​កាលពី​ចុងខែ​កក្កដាកន្លងទៅបាន​បញ្ជា​ឲ្យគេ​ដាក់ដេញថ្លៃគម្រោងផលិត​​ប្រតិករនុយក្លេអ៊ែរ​ដែលមានសមត្ថភាព​ផ្គត់ផ្គង់​ថាមពល​នៅលើ​ឋានព្រះចន្ទ។ តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?  ដំឡើង​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទ។ ស្តាប់ទៅមួយភ្លែត គេអាច​គិតថា វាជា​គំនិត​ដ៏ឆ្កួតលីលា មិនអាចលេចចេញរូបរាងបាននោះទេ។ ប៉ុន្តែ ចំពោះលោក Sean Duffy ប្រធានទីភ្នាក់ងារអវកាស​ណាសា និងជា​រដ្ឋមន្រ្តីក្រសួង​គមនាគមន៍​អាមេរិក គ្មានអ្វីដែល​មិនអាច​ទៅរួចនោះទេ។ នៅក្នុង​កំណត់ហេតុដែល​ធ្លាក់​ទៅដល់​ដៃអ្នកកាសែត កាលពី​ដើម​ខែ​សីហានេះ ប្រធានថ្មីរបស់​ទីភ្នាក់ងារណាសា​បាន​បញ្ជា​ឲ្យ​គេ​បង្កើតអាជ្ញាធរមួយ​ដែលទទួលបន្ទុកស្វែងរកក្រុមហ៊ុន​ដៃគូ​ដែលមាន​សមត្ថភាព​ផលិត​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដើម្បី​ឲ្យ​ណាសា​អាច​នាំយកទៅ​ដាក់​នៅឋាន​ព្រះចន្ទ យ៉ាងយូរបំផុត​នៅ ចុងឆ្នាំ ២០២៩ ពោល​គឺ​ឲ្យបាន​មុន​ឆ្នាំ ២០៣០។ ហេតុអ្វី២០៣០? បើតាម​ប្រធានទីភ្នាក់ងារអវកាស​ណាសា លោក Sean Duffy តាំងពីខែ​មីនាឆ្នាំ​២០២៤ ចិន​និង​រុស្ស៊ី​បាន​ប្រកាស​យ៉ាងតិច​៣លើកពី​គម្រោងការសហការគ្នា​ដើម្បី​ដាក់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើដីព្រះចន្ទ​ នៅពាក់កណ្តាល​ឆ្នាំ ២០៣០។ “ប្រទេសដែលមាន​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរមុនគេនៅលើឋាន​ព្រះចន្ទ នឹងមានអំណាចកំណត់​ដែនគ្រប់គ្រងរបស់ខ្លួននៅទីនោះ។ នេះគឺជា​ការគំរាមកំហែង​ធំមួយ​ដល់​បេសកកម្ម​Artemis​របស់​ណាសា​ដែលមាន​គម្រោង​នាំយកអវកាសយានិកត្រលប់​ទៅជាន់ដីព្រះចន្ទសាជាថ្មី នៅ ឆ្នាំ ២០២៧។​ ចំពោះប្រធានទីភ្នាក់ងារ​ណាសា នេះជា​ហេតុផល​ចំបងដែល​ណាសា​ត្រូវ​រួសរាន់ ប្រឹងប្រែងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីដើម្បី​អាច​បោះមួយជំហាន​ទៅមុខឲ្យបាន​​មុន​គូប្រជែង ចិន និង​រុស្ស៊ី។ នៅ​ឋាន​ព្រះចន្ទ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នឹង​អាច​ផ្គត់ផ្គង់ថាមពលដល់​មូលដ្ឋាន​ដែលណាសា​គ្រោង​បញ្ជូនមនុស្ស​ឲ្យទៅនៅប្រចាំការផ្ទាល់​នៅភាគខាងត្បូង ឋានព្រះចន្ទដែលជាទីដៅចង់បាន​របស់​ចិន ឥណ្ឌា និងរុស្ស៊ី។ នៅ​ទីនោះ គេ​នឹងអាច​ធ្វើការស្រាវជ្រាវ សិក្សាពីការរស់នៅ​របស់​មនុស្ស​នៅកន្លែងផ្សេងមួយក្រៅពី​ភពផែនដី ទាំងការផ្សាំខ្លួន និងការប្រើបច្ចេកវិទ្យាទំនើបថ្មី។ វាជាដំណាក់កាលសិក្សា​សំខាន់​មួយ​របស់​ណាសា ដែលមាន​មហិច្ឆតាប្រើ​ឋាន​ព្រះចន្ទ ជា​កន្លែង​ឆ្លងបន្តទៅ​ភពក្រហម ភពអង្គារ។ ណាសា​ត្រូវការ​ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរ​ដើម្បី​ផលិតថាមពល​ដែលគេអាច​ឲ្យគេ​ប្រើ​ប្រាស់​នៅមូលដ្ឋាន​របស់ណាសា​នៅ​ដីព្រះចន្ទ។ នៅ​ឆ្នាំ ២០២៣ គម្រោងការសាកល្បងមួយ​ដែល​ចាយអស់​ទឹកប្រាក់​៥លាន​ដុល្លារ​បាន​ផលិតចេញ​ម៉ាស៊ីន​មួយ​ដែលអាច​ផលិត​ថាមពលអគ្គិសនី​៤០គីឡូវ៉ាត់ គ្រប់គ្រាន់​សម្រាប់​ឲ្យផ្ទះ៣០ខ្នងប្រើក្នុងរយៈពេល ១០ឆ្នាំ។ ប៉ុន្តែ បើតាម​ការវាយតម្លៃ​របស់​អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​មនុស្ស ដូចជា​ការរស់នៅ ទំនាក់ទំនង និង​ឧបករណ៍ជីកស្រាវជ្រាវ​នៅលើដីព្រះចន្ទ គេត្រូវ​ការ​ម៉ាស៊ីនផ្គត់ផ្គង់អគ្គិសនី​យ៉ាងតិច ១០០គីឡូវ៉ាត់។ គេត្រូវការថាមពល​នុយក្លេអ៊ែរនៅលើ​ឋានព្រះចន្ទ ក៏ព្រោះតែគេមិនអាច​ពឹងផ្អែកទៅលើ​ថាមពល​បានមកពីផ្ទាំងសូឡា។ ត្រូវ​ដឹងថា នៅឋានព្រះចន្ទ មួយយប់ៗ​មាន​រយៈពេល​ស្មើ១៤ថ្ងៃ​នៅលើផែនដី ដូច្នេះ ផ្ទាំងសូឡាប្រាកដជា​គ្មានពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីស្រូប​ផលិតចេញ​ជា​ថាមពល​សម្រាប់ប្រើប្រាស់​ដោយ​ឯករាជ្យនោះទេ។ ថាមពលនុយក្លេអ៊ែរសំខាន់ ប៉ុន្តែ ​បញ្ហាចោទនៅត្រង់ថា តើ​គេ​អាច​នាំយក​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដ៏មានទំហំធំ​ទៅកាន់ឋានព្រះចន្ទ​បាន​យ៉ាងដូចម្តេច? ចុះ ការដឹកជញ្ជូន​សារធាតុអ៊ុយរ៉ាញ៉ូម​? នេះគេ​នៅមិនទាន់និយាយ​ពីសីតុណ្ហភាពនៅឋានព្រះចន្ទ ដែលអាច​ឡើង​ដល់​១២៧អង្សារ និង​​ការគ្រប់គ្រងកំដៅ​របស់​ម៉ាស៊ីនប្រតិករផង។ ដើម្បី​បន្ថយកំដៅ​ម៉ាស៊ីន​ប្រតិករកុំ​ឲ្យឡើង​ក្តៅពេក គេត្រូវការប្រើប្រាស់ទឹកជាប្រចាំ។ ចុះ​បើព្រះចន្ទ​គ្មានទឹកដូចផែនដីផង តើ​គេ​អាច​សង្ឃឹមបានប៉ុណ្ណា​លើ​រូបភាពដុំទឹកកក​ដែល​គេជឿថា​ មាននៅលើឋានព្រះចន្ទនោះ? ងាកមកនិយាយ​ពី​ច្បាប់អន្តរជាតិវិញម្តង។ ច្បាប់អន្តរជាតិ​មិនបាន​ហាម​ការ​ប្រើប្រាស់ថាមពល​នុយក្លេអ៊ែរ​នៅ​ក្នុងទីអវកាស។ ប៉ុន្តែ តាមគោលការណ៍​ដែលមានចែង​នៅក្នុង​សេចក្តីសម្រេចរបស់​អង្គការ​សហប្រជាជាតិ នៅឆ្នាំ ១៩៩២ ថាមពល​នុយក្លេអ៊ែត្រូវគេ​ប្រើប្រាស់​សម្រាប់តែ​បេសកកម្ម​ពីភពមួយទៅភពមួយ ដោយមានជំនួយពីប្រភពថាមពលផ្សេងទៀត។ ទាក់ទងនឹង​ទីតាំង ដែនដី​នៅលើ​ឋានព្រះចន្ទវិញ សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីអវកាស ចុះនៅឆ្នាំ ១៩៦៧បានចែងថា គ្មានប្រទេសណាមួយដែលអាច​ប្រកាស​វាតទី​យកដីព្រះចន្ទជាកម្មសិទ្ធិ​ផ្តាច់មុខរបស់ខ្លួនបានទេ។ ប្រទេស​ហត្ថលេខី​អាច​ធ្វើបំពេញបេសកកម្ម​​របស់ខ្លួននៅឋានព្រះចន្ទ ដោយ​គិត​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ផ្សេងទៀតដែលជា​ហត្ថលេខីនៃ​សន្ធិសញ្ញា។ យ៉ាងណាក៏ដោយ កាលពីឆ្នាំ​២០២០ នៅក្នុង​កិច្ចព្រមព្រៀង​Artemis ដែលផ្តួចផ្តើម​ដោយអាមេរិក និង​មានប្រទេស​ហត្ថលេខីចំនួន​៥៦ គេ​បាន​ចែង បង្កើតតំបន់​សន្តិសុខ​មួយ​នៅលើ​ឋានព្រះចន្ទ ដើម្បី​ទប់ស្កាត់​ការលូកដៃពីប្រទេស​ដទៃ។ មានន័យម្យ៉ាងថា ប្រទេស​ដែលទៅដល់​ឋានព្រះចន្ទ ហើយអាច​ដំឡើង​ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរមុនគេនៅទីនោះ ប្រទេស​នោះ​នឹង​អាចប៉ុនប៉ង​ទប់ស្កាត់មិន​ឲ្យប្រទេស​ដទៃ​ចូលមក​ពាក់ព័ន្ធនៅក្នុង​តំបន់​ដែលខ្លួនគ្រប់គ្រង។ មិនមែនជា​ហត្ថលេខី ប៉ុន្តែ ជាគូប្រជែង​ ចិន និង​រុស្ស៊ី​បាន​ចេញមុខ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​Artemis របស់អាមេរិក៕ ​​  ​​​
នៅប៉ុន្មានថ្ងៃមកនេះ ប្រទេស​លោកខាងលិច​ជាបន្តបន្ទាប់គ្នា​បាន​ប្រកាសត្រៀម​ខ្លួនទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ នៅក្នុង​ឱកាស​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាងមុខ។ លើកលែងតែ​សហរដ្ឋអាមេរិក ប្រទេស​លោកខាងលិចដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល​បាន​សន្យា​ទទួលស្គាល់​ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ នៅបន្ទាប់ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​ប្រកាសពីផែនការ​ចូលទៅច្បាម គ្រប់គ្រង​ទីក្រុង​ហ្កាហ្សា។ នៅ​ថ្ងៃ​ចន្ទទី ១១​សីហា អូស្ត្រាលី​ជាសម្ព័ន្ធមិត្ត​ចុងក្រោយគេ​របស់អាមេរិក​ដែល​ងាកចេញពី​នយោបាយ​ការពារអ៊ីស្រាអែល ទៅ​ទទួល​រដ្ឋបាឡេស្ទីន។ តើ​ការប្រកាស​ទទួលស្គាល់​ពីសំណាក់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម ដូចជា​បារាំង អង់គ្លេស​ កាណាដា និង​ចុងក្រោយ​គឺ​អូស្ត្រាលី នឹង​អាច​ទៅផ្លាស់ប្តូរ​ខ្សែទឹក​ ឬ​លក្ខខណ្ឌ​ជីវិត​របស់​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​ដែរ​ឬទេ? ចាប់តាំង​ពី​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល​ប្រកាស​ផែនការចូលគ្រប់គ្រង​ទីក្រុងហ្កាហ្សា ក្នុងហេតុផល​បញ្ចប់​សង្រ្គាម​ ប្រទេស​លោកខាងលិច​ដែលធ្លាប់​តែ​នៅស្ងៀម ការពារអ៊ីស្រាអែល​​ បានផ្លាស់ប្តូរជំហរ ងាកមក​ដាក់​សម្ពាធ និង​ថ្កោលទោស​ផែនការ​របស់​អ៊ីស្រាអែល។ ជាក់ស្តែង​ ប្រតិកម្ម​តបនឹង​ជំហរ​របស់​អ៊ីស្រាអែល​ដែល​ចង់​ចូល​ដណ្តើម​កាន់កាប់ហ្កាហ្សា​ទាំងមូល​ បារាំង កាណាដា បានដាក់​ពិន័យ​អ៊ីស្រាអែល ដោយ​​ប្រកាស​ថា ខ្លួននឹង​ទទួល​ស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់។ បន្ទាប់ពី អង់គ្លេសដែល​គំរាម​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ក្នុងករណី​អ៊ីស្រាអែល​នៅតែបន្តបិទខ្ទប់​ មិន​ឲ្យ​គេនាំយកស្បៀង ជំនួយមនុស្សធម៌ទៅជួយ​ប្រជាជន​ហ្កាហ្សា​។ នៅថ្ងៃ​ចន្ទទី ១១សីហា អូស្ត្រាលី​តាមរយៈលោក​នាយករដ្ឋមន្រ្តី អង់តូនី អាល់បានីស៊ី បាន​ចូលរួមជាមួយ​ប្រទេស​ផ្សេងទៀត​ដើម្បី​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន។ នៅក្នុង​សន្និសីទកាសែត​នៅទីក្រុង​Canberra ប្រមុខរដ្ឋាភិបាល​អូស្ត្រាលី​បញ្ជាក់ថា ​ដំណោះស្រាយ​បង្កើតរដ្ឋពីរ​ជា​ក្តីសង្ឃឹម​មនុស្ស​ធម៌ល្អជាងគេ​បំផុត​ដើម្បីបិទបញ្ចប់ជាសា្ថពរអំពើហិង្សានៅដើមបូព៌ា និង​ទុក្ខវេទនា ក្តី​ឈឺចាប់របស់​ប្រជាជនហ្កាហ្សា។ ចំពោះនាយករដ្ឋមន្រ្តីអូស្ត្រាលី សន្តិភាពនឹង​មិន​ស្ថិតស្ថេរនៅ​យូរអង្វែង បើសិន​គ្មាន​រដ្ឋប៉ាឡេស្ទីន និ​ងរដ្ឋអ៊ីស្រាអែល​នៅជិតគ្នា។ ប្រទេស​ណាខ្លះ​ផ្លាស់ប្តូរជំហរ និងព្រោះហេតុអ្វី? សំណួរ​សួរថា បន្ទាប់ពី​ការពាររដ្ឋជ្វីហ្វ​មួយនេះតាំងពីដើមរៀងមក តាមរយៈការនៅ​ស្ងាត់ស្ងៀម​មិន​ព្រម​ទទួល​ស្គាល់​​រដ្ឋ​ប៉ាឡេស្ទីន ហេតុអ្វីបានជា​ប្រទេស​លោកខាងលិច​ផ្លាស់ប្តូរជំហរ​របស់ខ្លួននៅពេលនេះ? ដូចកាណាដា អេស្ប៉ាញ បារាំង និង​អង់គ្លេស ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និងជា​សមាជិក​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​​G៧​បាន​ដកខ្លួន ឃ្លាតឆ្ងាយ​ពីអ៊ីស្រាអែល និង​សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត​ ក៏ដោយសារតែ​លែង​មាន​ភាពអត់ធ្មត់​ និងលែង​អាច​ទប់ប្រតិកម្ម​រិះគន់​ក្នុងស្រុក​នៅចំពោះមុខ​អំពើអមនុស្សធម៌​របស់​អ៊ីស្រាអែល​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីននៅហ្កាហ្សា។ ដោយ​ប្រកាស​គម្រោង​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញាខាងមុខ ប្រទេស​លោក​ខាងលិច​ (លើកលែងអាមេរិក) ចង់​​ដាក់សម្ពាធ​ការទូត​លើ​អ៊ីស្រាអែល។ គិត​រហូតមកដល់​ថ្ងៃនេះ ប្រទេស​សមាជិករបស់អង្គការ​សហប្រជាជាតិ ប្រមាណ​៣ភាគ៤ ស្មើនឹង​ចំនួន​១៤៥​ប្រទេស​បាន​ប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីនជាបន្តបន្ទាប់ តាំង​ឆ្នាំ​១៩៨៨ ឆ្នាំដែលប្រមុខអង្គការ​រំដោះប៉ាឡេស្ទីន លោក​យ៉ាសេ អារ៉ាហ្វាត​ប្រកាស​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន ដោយយកទីក្រុង​យេរូសាឡឹមជារដ្ឋធានី។ នៅមុន​បារាំង អង់គ្លេស កាណាដា អេស្ប៉ាញ ឬ​អូស្ត្រាលី ប្រទេស​ភាគច្រើនរបស់​អង្គការ​សហប្រជាជាតិ ក្នុងនោះមានចិន ឥណ្ឌា បាន​ទទួលស្គាល់​​ប៉ាឡេស្ទីនជា​រដ្ឋមួយនឹងគេ ប៉ុន្តែ នៅ​ស្ថានភាពជាក់ស្តែង ដោយសារ​​ការបែកបាក់​គ្នា​រវាង​ប្រទេស​មហាអំណាច និង​ការជំទាស់យ៉ាងចេញមុខ​របស់​អាមេរិក​ដែលសមាជិក​អចិន្ត្រៃយ៍របស់​ក្រុមប្រឹក្សា​សន្តិសុខ ប៉ាឡេស្ទីននៅតែមិនទាន់ក្លាយជា​រដ្ឋពេញមុខ ពេញមាត់ដូចជា​អ៊ីស្រាអែល​ដែលបាន​ប្រកាស​ជា​រដ្ឋឯករាជ្យ​តាំង​ពី​ឆ្នាំ ១៩៤៨។ អាមេរិក​បដិសេធមិនប្រកាសទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន​ និង​លើកហេតុផលថា រដ្ឋប៉ាឡេស្ទីនអាច​លេចចេញរូបរាង​ តែតាមរយៈ​ការចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តែប៉ុណ្ណោះ។ អ៊ីស្រាអែលបច្ចុប្បន្ន​ដែលស្ថិតក្រោម​ការដឹកនាំ​របស់រដ្ឋាភិបាល​ស្តាំនិយមជ្រុល​បាន​ប្រឆាំង​ដាច់ខាត ក្នុងហេតុផល ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ជា​ការគ្រោះថ្នាក់គំរាមកំហែង​សន្តិសុខជាតិ​របស់​អ៊ីស្រាអែល។ ចំពោះ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ការបង្កើតរដ្ឋប៉ាឡេស្ទីន​ មិន​នាំយកសន្តិភាពមក​ឲ្យ​ដើមបូព៌ា។ ផ្ទុយទៅវិញ វានឹង​នាំយកមក​តែ​ភ្លើងសង្រ្គាម​តែប៉ុណ្ណោះ។ ភ្លើងសង្រ្គាមព្រោះថា រដ្ឋប៉ាឡេស្ទីនដែល​ដឹកនាំ​ដោយ​ក្រុមប្រដាប់អាវុធ ដូចជា​ក្រុមហាម៉ាស​នឹង​បង្កវិនាសកម្ម គំរាមកំហែង​អាយុជីវិតប្រជាជន​អ៊ីស្រាអែល។ ការលើកឡើង​របស់​អ៊ីស្រាអែល​ពិបាកនឹង​អាច​ឲ្យគេ​ជឿទាំងស្រុង ព្រោះថា រហូតមកដល់​ពេលនេះ ប្រជាជន​ប៉ាឡេស្ទីន​ដែល​ត្រូវរងទុក្ខវេទនា​ ដូចជា​នៅហ្កាហ្សា និង​ត្រូវ​​ខ្ចាត់ព្រាត់ក្លាយជា​ជនភៀសខ្លួន ​នៅតាម​ប្រទេស​ជិតខាង ដូចជា នៅស៊ីរី និង​ហ្សកដានី។ តាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ២០១៩ ប្រជាជន​​ប៉ាឡេស្ទីន​មានសរុប​​ប្រមាណ៤,៨លាននាក់ ខណៈពេល​ដែល​ចំនួន​ប្រជាជន​ភៀសខ្លួន​មាន​ដល់ទៅ ៥,៦លាននាក់។ ពួកគេ​ភាគច្រើន​រស់នៅតំបន់​ភៀសខ្លួន​ក្នុងទឹកដីស៊ីហ្សកដានី ដែលត្រូវ​អ៊ីស្រាអែល​ឈ្លានពាន​ចូលកាន់កាប់​ដោយ​ខុសច្បាប់​តាំង​ពី​ឆ្នាំ ១៩៦៧។ ម្យ៉ាង ​រដ្ឋប៉ាឡេស្ទីនដែល​គេ​ប្រកាស​ទទួលស្គាល់ មាន​រួមបញ្ចូល ទឹកដីហ្កាហ្សា ស៊ីហ្សកដានី និង​យេរូសាឡឹម​។ ដូច្នេះ អ្នកជំនាញ​វាយតម្លៃថា អ៊ីស្រាអែល​ចេញមុខ​ប្រឆាំង​ដាច់ខាត​នឹង​ការបង្កើត​រដ្ឋប៉ាឡេស្ទីន​ ក៏ព្រោះថា អ៊ីស្រាអែល​ខ្លាច​របូតបាត់​​សិទ្ធិ​ ទឹកដី​នៅ​ស៊ីហ្សកដានី ជាទី​ដែលរដ្ឋាភិបាល​ជ្វីហ្វជំរុញ​ការសាងសង់ផ្ទះសម្បែង ​ពង្រីកដែន​​អាណានិគម​របស់ប្រជាជន​អ៊ីស្រាអែលជាបន្តបន្ទាប់។ ​​ដោយសារតែ​ការប្រឆាំង​របស់អាមេរិក រហូត​ដល់​សព្វថ្ងៃ ប៉ាឡេស្ទីន​នៅត្រឹមជា​សមាជិក​សង្កេតការណ៍នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ មិនមែន​ជា​រដ្ឋសមាជិក និង​គ្មាន​សិទ្ធិបោះឆ្នោត​។ ចង់ ឬ​មិន​ចង់ ការផ្លាស់ប្តូរជំហរ​របស់​បារាំង អង់គ្លេស ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ព្រមទាំងកាណាដា​និងអូស្ត្រាលី នឹង​អាចមានទម្ងន់ ជួយ​ឲ្យក្តីសង្ឃឹម​ក្នុងការបង្កើត​រដ្ឋប៉ាឡេស្ទីន​អាច​ចាប់មាន​ពន្លឺ។ អង់គ្លេស​ផ្ទាល់​ដែល​ដាក់លក្ខខណ្ឌ​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​ធ្វើកំណែទម្រង់ លុបបំបាត់​អំពើពុករលួយ និង​ទាត់ចោល​ក្រុមប្រដាប់អាវុធ ដូចជា​ហាម៉ាស បានពន្លយ​ថា នឹង​អាច​បង្កើត​ស្ថានទូត​នៅស៊ីហ្សកដានី ចំណែក​អូស្ត្រាលី​និយាយថា នឹង​អាច​បង្កើត​ទំនាក់ទំនងការទូតជាមួយ​ប៉ាឡេស្ទីន ដែលនេះជា​រឿងមិនធ្លាប់មាន​ពីមុន។ ប្រជាជន​ប៉ាឡេស្ទីនផ្ទាល់​ទទួលស្វាគមន៍ជំហរ​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប៉ុន្តែ ចំពោះពួកគេ វិធានការបន្ទាន់ និងចាំបាច់​បំផុត ដើម្បី អាយុជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន គឺ​ការដាក់សម្ពាធ​សេដ្ឋកិច្ច​ និងនយោបាយ​ទៅលើ​រដ្ឋអ៊ីស្រាអែល ដោយចាប់ផ្តើម​ពីការឈប់លក់អាវុធ និង​ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​អ៊ីស្រាអែល៕
កិច្ចប្រជុំ​អន្តរជាតិ​នៅ​ក្រុង​ហ្សឺណែវ ដើម្បី​តាក់តែង​សន្ធិសញ្ញាពិភពលោក​​ប្រឆាំង​ប្លាស្ទិក​ គ្មានការ​ជឿន​លឿន​ទៅ​មុខ​​ទេ។ នេះ​បើ​តាម​តំណាង​ការទូត​អេក្វាទ័រ ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិស្តីពី​ប្លាស្ទិក។ ក្រុម​ប្រទេស​ផលិត​ប្រេង​បន្ត​រារាំង​ ហើយ​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ប្លាស្ទិក​នៅ​លើ​ពិភពលោក​យ៉ាង​ខ្លាំង។ ហេតុអ្វី? ព្រោះ​តែ​ប្រយោជន៍​ហិរញ្ញវត្ថុឬ? ការ​ចរចា​​ដើម្បី​បង្កើត​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​បា្លសិ្ទក​​ប្រើ​ពេល​អស់ជា​ង​បី​ឆ្នាំ​ហើយ។ បន្ទាប់​ពី​បរាជ័យ​​នៅ​ប៊ូសាន​ប្រទេស​កូរ៉េខាង​ត្បូង​កាលពី​ចុង​ឆ្នាំ​២០២៤ កិច្ចប្រជុំអង្គការ​សហប្រជាជាតិ​​ថ្មី​មួយ​ទៀត “ដែល​គេ​ចាត់​ទុក​ជា​ការ​ផ្តល់​សំណាង​ចុងក្រោយ” ​បាន​រៀប​ចំ​ធ្វើ​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ តាំង​ពី​ថ្ងៃ​ទី​៥​សីហា​​រហូត​ដល់​ថ្ងៃ​ទី​១៤​សីហា។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត កិច្ចពិភាក្សា​មិន​ចម្រើន​ទៅមុខ​គួរ​ជា​ទី​សង្ឃឹម​ទេ។ គម្រោង​សន្ធិសញ្ញា​បានរីក​ប៉ោ​ង ​កើន​ពី​២២​ទំព័រ​ដល់​៣៥​ទំព័រ ឯ​កឋាខណ្ឌ​​ដែល​ក្រុមប្រតិភូទាំង​​១៨៤​ប្រទេស​និង​អង្គការ ជជែក​មិន​ត្រូវ​គ្នា​សោះ​មាន​ចំនួន​កាន់​តែ​ច្រើនឡើងៗ ​ពី​៣៧១ ពី​ដំបូង​ ​ទៅ​១៥០០​ចំណុចនៅពេល​នេះ។ តំណាង​ជាង​មួយ​រយ​ប្រទេស​ចង់​បាន​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ជាប្រវត្តិសាស្ត្រ​មួយ សំដៅ​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ព្រោះ​បរិមាណ​ប្លាស្ទិក​បាន​កើនទ្វេ​ដង​នៅ​រវាង​ពី​ឆ្នាំ​២០០០​ទៅ​២០២០ ហើយ​បើ​គ្មាន​វិធានការ​ទេ ប្លាស្ទិក​នឹង​កើន​ឡើង​ដល់​ទៅ​ជាង​១២០០លាន​តោន​នៅ​ឆ្នាំ​២០៦០។​ ប៉ុន្តែ​ក្រុម​ប្រទេស​ផលិត​ប្រេង បាន​រារាំង និង​បិទ​ខ្ទប់​​កិច្ច​ខិត​ខំប្រឹង​ប្រែង​បង្កើត​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ ដោយ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​ឃោសនា​ប្រឆាំង​ ក្នុង​ចំនួន​ដ៏ច្រើន​លើសលុប។ នាំ​មុខ​ដោយ​រុស្ស៊ី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់​ កូវ៉ែត  ព្រមទាំង​បណ្តាប្រទេស​នៅទ្វីប​អាហ្វ្រិក​ដូច​យ៉ាង អេហ្ស៊ីប កាហ្សាក់ស្ថាន ឬ​អាស៊ែរប៊ៃហ្សង់​ដែល​មិន​សូវ​មាន​សំឡេង​ បាន​ច្រាន​ចោលយ៉ាង​ដាច់​អហង្ការ​​គំនិត​ចង់​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក នៅក្នុង​សម័យ​​ប្រជុំ​វគ្គមុន។ សហរដ្ឋ​អាមេរិក ប្រទេស​ផលិតប្រេង​លំដាប់​លេខ​មួយ​ពិភពលោក ក៏​មាន​ជំហរ​ដូច​គ្នា​ដែរ ពោល​គឺ​ប្រទេស​ផលិត​ប្រេង​មិន​ថា​តូច​ឬ​ធំ មាន​សកម្មភាព​​រួម​តែ​មួយដូចគ្នា​​គឺ ជា​អ្នកផលិត​ប្រេង​ និង​វិនិយោគ​ផលិតផលប្លាស្ទិក (ប្រេងគីមី) ​នៅក្នុង​ប្រទេស​ឬ​នៅបរទេស។ សម្រាប់​ក្រុមប្រទេស​ទាំងអស់​នេះ កំណើន​ផលិតផល​ប្លាស្ទិក​ពិភពលោក​នស​​ទសវត្សរ៍​ខាង​មុខ គឺ​កំណប់ទ្រព្យ​ថ្មី​។ នៅ​ពេល​ដែល​ក្រុមប្រទេស​អ្នក​មាន​កាន់​តែ​ច្រើនឡើងៗ​នាំ​គ្នា​ដើរ​ចេញ​ពី​ថាមពល​ផូស៊ីល​ ក្រុមប្រទេស​ផលិត​ប្រេង​ច្បាស់​ជា​ត្រូវ​​គិត​រក​វិធីថ្មី​សម្រាប់​ប្រើប្រាស់​ធនធាន​ប្រេង​របស់​ពួកគេ។​ នោះ​គឺ​ប្លាស្ទិក​នេះ​ឯង។ បើ​តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ​ចិនTsinghua ចេញ​ផ្សាយ​កាលពី​ខែមេសា ៩៨%​នៃ​ផលិតផល​ប្លាស្ទិក​មាន​ប្រភព​មក​ពី​ផូស៊ីល (ប្រេង​ ​ធ្យូងថ្ម ឬ​ឧស្ម័ន​ធម្មជាតិ)នៅ​ឆ្នាំ​២០២២។ សេចក្តី​ត្រូវការ​ពិភពលោក​ផ្នែ​ក​ប្រេង ក្នុងវិស័យ​ដឹកជញ្ជូន​ច្បាស់​ជា​លែង​កើន​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។ ឯ​ផលិតផល​ប្លាស្ទិក​និង​ប្រេង​គីមី នឹង​ក្លាយ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​កំណើន​សេចក្តី​ត្រូវការ​ផ្នែក​ប្រេង​វិញ​ម្តង​។ ​ក្រុម​ហ៊ុន​ឬ​ប្រទេស​ខ្លះ​បាន​ចាប់​ផ្តើម​វិនិយោគ​ក្នុង​ផ្នែក​ប្លាស្ទិក​រួច​ទៅ​ហើយ។ ខ្លះ​ទៀត​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត បាន​ចាត់​ទុក​ប្លាស្ទិក​ជា​អាទិភាព និង​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អនាគត ដែល​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍ​និង​ទំនើបកម្ម​ប្រទេសសម្រាប់​​ឆ្នាំ​២០៣០​ផង។ បើ​តាម​អ្នក​វិភាគ នៅ​ពីក្រោយ​ការ​ចរចា​ស្វែង​រក​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​ប្លាស្ទិក មាន​លាក់​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ដ៏​ចម្បង​។ ហេតុ​ដូច្នេះហើយ​បាន​ជា​ក្រុមប្រទេស​ផលិតប្រេង​ ឬ​ក្រុមប្រទេស​ប្រេង​គីមី ​មិន​ចង់​ឃើញ​ពាក្យ​​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ​មាន​ចែង​ក្នុងសន្ធិសញ្ញា​ពិភពលោកនោះ។ ក្រុមប្រទេសទាំង​​នេះ បាន​​ដាក់​សម្ពាធ​ឱ្យ​មាន​​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​កែច្នៃ​សំរាម​ប្លាស្ទិក។ មានការកែច្នៃ ប្លាស្ទិក​លែង​ជា​បញ្ហា ហើយ​សម្រាប់​ពួកគេ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មាន​សំរាមប្លាស្ទិក​តែ​ជាង​៩%​ប៉ុណ្ណោះ បាន​ទទួល​ការ​កែច្នៃ៕
ទីផ្សារ​គ្រឿង​ញៀន​មាន​សកម្មភាព​ខ្លាំង ​និង​មាន​ភាព​ចម្រុះយ៉ាង​សម្បូរ​បែប ព្រមទាំង​រីក​រាលដាល​ទូទាំងពិភពលោក យ៉ាង​ខ្លាំង​ក្លា​។ នៅ​ចំពោះ​មុខ​ការ​​ហាមឃាត់ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន រក​ល្បិច​ថ្មី ផលិតផល​ថ្មី​ និង​ផ្លូវ​ពង្វាង​ថ្មី​។ ចរាចរណ៍​គ្រឿង​ញៀន​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ នៅ​ឆ្នាំ​២០២៣​។ នេះ​បើ​តាម​របាយការណ៍​ឆ្នាំ​២០២៥​ របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ព្រមទាំង​ឧក្រិដ្ឋកម្ម ក្នុង​ឱកាស​​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងនឹងការ​ប្រើប្រាស់​និង​ជួញដូរ​​គ្រឿង​ញៀន​ខុសច្បាប់​ ថ្ងៃទី​២៦​មិថុនា។ បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​២០២៥ ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន (ONUDUC) ការ​ប្រើប្រាស់​គ្រឿង​ញៀន អាភៀន កញ្ឆា ឬ​ហៅ​ខ្លី​ថា​ “ម្សៅ​ស” ​មាន​សកម្ម​ភាព​​​ខ្លាំង​​​ក្រៃ​នៅ​ឆ្នាំ​២០២៣។ ការ​ផលិត​កូកាអ៊ីន​បា​ន​បំបែក​ឯតទគ្គកម្ម​ថ្មី​ ដោយ​មាន​កំណើន​៣៤%​លើស​ឆ្នាំ​មុន​ និង​កើន​បី​ដង​លើស​​ឆ្នាំ​២០១០។ គ្រឿង​ញៀន​សំយោគគំរាម​សុខភាព​សាធារណៈ ក្រៅ​ពី​អាភៀន កញ្ឆា កូកាអ៊ីន ហេរ៉ូអ៊ីន​ ដែលជា​​គ្រឿង​ញៀន​បែប​បូរាណ​ ​ទីផ្សារ​គ្រឿង​ញៀន​សំយោគ​ ផលិត​ក្នុង​មន្ទីរ​ពិសោធន៍​ ដោយ​ប្រើ​តែ​សារធាតុ​គីមី ក៏​កំពុង​រីក​ដុះ​ដាល​ខ្លាំង គួរ​ជា​ទីព្រួយ​បារម្ភ​សម្រាប់​សុខភាព​សាធារណៈ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដែល។ នៅ​ឆ្នាំ​២០២៥ ទី​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀននិង​ឧក្រិដ្ឋកម្ម បាន​រាប់​ឃើញ​មាន​សារធាតុ​ញៀនសំយោគ​​ថ្មី​ចំនួន ១១០០​មុខ​ កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ពិភពលោក។ សារធាតុ​ញៀន​សំយោគ​នេះ ផ្តល់ផល​ចំណេញ​ខ្លាំងដល់​ក្រុម​ជួញដូរ​ហើយ​ងាក​លាក់​ ងាយ​គេច​ពី​សំណាញ់​ហាមឃាត់​របស់​អាជ្ញាធរ​ណាស់។ គ្រឿង​ញៀន​សំយោគ​ប្រភេទ​នេះ មាន​ឥទ្ធិពល​ខ្លាំង​គ្រឿង​ញៀន​សំយោគ​ផលិត​ចេញ​រុក្ខជាតិ​អាភៀន​ ឬកញ្ឆា​ឆ្ងាយ​ណាស់​។ គឺ​ដល់​ទៅ​ជាង​៥០០​ដង​លើស​Morphine។ ជាង​នេះទៅទៀត​ ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន តែងតែ​​ប្តូរ​ផ្លាស់​សមាសធាតុផ្សំ​ជា​រឿយៗ ជា​ហេតុ​ធ្វើ​ឱ្យគ្រឿង​ញៀន​សំយោគ​កាន់​តែ​មាន​ហានិភ័យ​​ និង​គ្រោះ​ថ្នាក់ ដែល​មិនអាចស្មាន​បាន។ “សន្ទុះ​ដ៏​ខ្លាំងក្លា​នៃ​ឧស្សាហកម្ម​គ្រឿង​ញៀន​សំយោគ​​ខុស​ច្បាប់ គឺ​ជា​ការ​គំរាមកំហែង​សុខភាព​​សាធារណៈ​ដ៏​ចម្បង​នៅ​លើ​ពិភពលោក​ ដោយ​អាចបង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ ក្នុង​ទម្រង់​ជា​មហន្តរាយ​សម្រាប់​មនុស្ស​ជាតិ​តែ​ម្តង​ផង។ នេះ​បើ​ប្រសាសន៍​របស់​នាយក​​ស្ថាប័ន​គ្រប់​គ្រង​គ្រឿង​ញៀនរបស់​អង្គការ​សហប្រជាជាតិ។ ​​​គ្មាន​រូបភាព​ល្អ អាភៀន គ្រឿង​ញៀន កំពុង​វាយលុក​ចូល​ក្នុង​គ្រប់​ស្រទាប់​​សង្គម ទាំង​នៅ​ទីក្រុង​ធំ​ ទីក្រុង​តូច សង្កាត់​ក្រីក្រ មធ្យម អ្នក​មាន​ និង​​ទីជនបទ។ របាយការណ៍​ឆ្នាំ​២០២៥ បាន​បញ្ជាក់​អំពី និន្នាការ​នៃ​ការ​រីក​រាល​ដាល​គ្រឿង​ញៀន ក្នុង​គ្រប់​ស្រទាប់វណ្ណៈ​នៃ​​សង្គម​ផង  និង​ក្នុង​រង្វង់​អ្នក​ប្រើប្រាស់​ជា​ក្មេង​ផង ពោល​គឺ​ទាំង​ក្មេង​ជំទង់ និស្សិត មនុស្ស​ពេញ​វ័យ អ្នក​ធ្វើ​ការ អ្នក​មានអាជីព។ គ្រឿង​ញៀន​ កូកាអ៊ីន អំហ្វេតាមីន មេតំហ្វេតាមីន  ... បាន​ក្លាយ​ជា​វត្ថុ​សម្រាប់​បង្កើន​កម្លាំង បង្កើនបរិយាកាស ​អារម្មណ៍​ល្អ ដំណេក ដែល​អម​ដោយ​ផលវិបាក​ចំពោះ​សុខភាព​ដែលគេ​​​ពុំ​ទាន់​​ធ្វើ​ការ​​វាយតម្លៃ​បាន​។ ពី​គ្រឿង​ញៀន​សំយោគទៅ​សង្គ្រាម​ពាណិជ្ជកម្ម​ គ្រឿង​ញៀន​សំយោគ​​ពពួក​Fentanyl ដែល​ខ្លាំង​ជាង​ពពួក​ហេរ៉ូអ៊ីន​ដល់​ទៅ​៥០​ដង និង​ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​៧៥០០០​នាក់​ នៅ​ឆ្នាំ​២០២៣​ និង​ជិត​៥ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២៤ ក្លាយ​ជា​ប្រភព​នាំ​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និ​ង​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​នៅលើ​ពិភពលោក។ រដ្ឋាបាល​លោក​ដូណាល់ត្រាំ​បាន​ចោទ​ចិន ម៉ិកស៊ិក និង​កាណាដា ថា​បាន​រៀបចំ ឬ​បណ្តោយ​ឱ្យ​មាន​លំហូរ​គ្រឿង​ញៀន​សំយោគ​ចូល​ទៅ​ក្នុង​ទឹក​ដី​អាមេរិក ទើបបាន​លេស​​ដាក់​ទណ្ឌកម្ម​ តាម​រយៈ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ ដើម្បី​បង្ខំ​ឱ្យ​ចិន កាណាដា ម៉ិកស៊ិក​ ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ ប៉ុន្តែ​ បើ​តាម​ការ​អង្កេត​របស់​ទស្សនាវដ្តី​ជប៉ុន Nikkei Asia បណ្តាញ​ជូញ​ដូរ​គ្រឿង​ញៀន​សំយោគ Fantanyl ដែល​អាមេរិក​ចោទ​ចិន​នោះ មាន​ម្នាក់​មាន​ក្រុមហ៊ុន​នៅ​Nagoyaប្រទេស​ជប៉ុន។ បណ្តាញ​ចិន​បាន​ប្រើ​ក្រុងឧស្សាហកម្ម​ជប៉ុន ជា​មជ្ឈមណ្ឌល​សម្ងាត់​សម្រាប់​ចាត់​ចែង​ដឹកជញ្ជូន​ផលិតផល​គីមី​និង​លុយ ជាមួយ​បណ្តាញ​ម៉ិកស៊ិក​មុន​នឹង​យក​គ្រឿង​ញៀន​សំយោគ​ទៅ​ចែក​ចាយ​ក្នុង​ទឹក​ដី​អាមេរិក។ ពេល​នេះ គេ​សង្ស័យ​ថា Nagoya ជា​ស្នូល​នៃ​បណ្តាញ​ផ្គង់ផ្គង់​គ្រឿង​ញៀន​សំយោគFantanyl​ ពិភពលោក។ ប្រសិន​បើ​ជា​ព័ត៌មាន​ពិត តើ​រដ្ឋបាល​លោក​ត្រាំ​នឹង​រករឿងដាក់​សម្ពាធ​លើ​​ជប៉ុន​ ដូច​ធ្វើ​ជាមួយ​ចិន​និង​កាណាដាដែរឬយ៉ាងណា? ជប៉ុន​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ក៏​អាចនឹង​រង​ផលវិបាក​ដូច​ចិន​ដែរឬទេ? គេ​បាន​ដឹង​និង​ឃើញ​រួច​មក​ហើយ ថា ពាណិជ្ជកម្ម​គ្រឿង​ញៀន​សំយោគ​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទំនាក់ទំនង​ចិន​និង​អាមេរិក​។ ស្ថានភាពបាន​​​ប្រសើរ​ឡើង​ មួយ​ផ្នែក​ដោយសារ​​ចិន បាន​ប្រកាស​បញ្ចូល​សារធាតុ​សម្រាប់​ផលិត​គ្រឿង​ញៀន​សំយោគ​ទៅ​ក្នុង​បញ្ជី​សមាសធាតុ​គីមី​រង​ការ​ត្រួត​ពិនិត្យ​តឹង​តែង​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​២០​កក្កដា​ទៅ។ សង្គ្រាម​ស៊ីវិលបំប៉នជំនួញ​គ្រឿង​ញៀន​ ? ផលិត​ផល​អាភៀន កំពុងងាក​ទៅ​​ផ្តុំ​កាន់​តែ​​ខ្លាំងឡើងៗ​នៅ​ កូឡុំប៊ី ដែល​ពង្រីក​ដែន​ដី​ដាំ​ដុះ​អាភៀន​ជា​លំដាប់ ក្នុង​ខណៈ​ដែល​ប្រទេសអ្នក​ដាំ​អាភៀន​ ​ជិត​ខាង​​​ក្នុង​ទ្វីប​អាមេរិឡាទីន បូលីវី និង​ប៉េរ៉ូ​ ចាប់​មាន​​ផលិតផល​គ្រឿង​ញៀនថេរ​។ ប៉ុន្តែ​គឺ​​ភូមា ដែល​បាន​ក្លាយ​ជា​ប្រទេស​ផលិត​អាភៀន​ធំ​ជាង​គេ​បង្អស់​នៅលើ​ពិភពលោក នៅ​ឆ្នាំ​២០២៣ ដោយ​វ៉ារ​ឈ្នះ​អាហ្វហ្កានីស្ថាន ព្រោះ​រដ្ឋាភិបាល​តាលីបង់​បាន​បើកយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ដាំអាភៀន។ នេះ​បើ​តាម​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​​។ មាន​ប្រវត្តិ​ ជា​ប្រទេស​ដាំ​អាភៀន​ និង​ផលិត​គ្រឿង​ញៀន​មេតំ​ហ្វេតាមីន​ស្រាប់តាំង​ពី​សតវត្សរ៍​ទី​១៩មក​  រដ្ឋាភិបាល​ភូមាប្រឈម​នឹង​ចលនា​ប៉ះបោរ​ឧទ្ទាម​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​១៩៤៨មក និង​បន្ត​មាន​​​សង្គ្រាម​ស៊ីវិលជា​រហូត​មក​ មិន​មែន​ត្រឹម​​តាំងពី​ឆ្នាំ២០២១​មកទេ។ ប៉ុន្តែ​​ អស្ថិរភាព​នយោបាយ វិបត្តិអតិផរណា​ទូទាំង​ប្រទេស វិបត្តិ​សង្គម​ កង្វះ​ស្បៀងអាហារ បាន​សម្រួលការ​លូត​លាស់​​​ផលិតកម្ម​និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន អាភៀន ហេរ៉ូអ៊ីន​និង​មេតំហ្វេតាមីន កាន់​តែ​ខ្លាំង។ សម្រាប់​អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​អាភៀន ភូមា​មិនមែន​មាន​សន្តិភាព​ក្នុង​ទូទាំង​ប្រទេសទេ។ ក្នុង​អំឡុង​ពេល​ដ៏​វែង​អន្លាយ​នៃ​ជម្លោះ​ជាតិ​ពន្ធុនិង​ជម្លោះ​ដែន​ដី​ គេ​សង្កេត​ឃើញ​មានសន្ទុះ​​រួម​គ្នា​នៃ​​សេដ្ឋកិច្ច​សង្គ្រាមនិង​សេដ្ឋកិច្ច​គ្រឿង​ញៀន។ សេដ្ឋកិច្ច​គ្រឿង​ញៀន​មិនមែន​ចិញ្ចឹម​តែ​ក្រុម​ឧទ្ទាម ក្រុម​ប្រឆាំង​រដ្ឋាភិបាល​​ទេ រដ្ឋាភិបាល​ភូមា​ក៏​ទទួល​ផល​ខ្លះ​ដែរ៕​
កាលពី​៨០ឆ្នាំមុន នៅថ្ងៃទី​២៦មិថុនា ប្រទេស​ចំនួន​៥០​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ​នៅទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។ នៅថ្ងៃព្រហស្បតិ៍ទី​២៦​មិថុនានេះ អង្គការ​សហប្រជាជាតិត្រូវ​ប្រារព្ធខួប៨០ឆ្នាំ​នៃ​ធម្មនុញ្ញដែលអនុញ្ញាតឲ្យបង្កើត​អង្គការ​សហប្រជាជាតិជាផ្លូវការ​ ប៉ុន្តែ ការប្រារព្ធខួបកំណើត​៨០ឆ្នាំ​ប្រព្រឹត្តទៅ​ នៅក្នុង​កាលៈទេសៈមួយ​ដែល​ស្ថាប័នអន្តរជាតិកំពូល​មួយនេះ កំពុង​ជួប​វិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងបាត់បង់​សំឡេង​ ឥទ្ធិពល​នៅក្នុង​ពិភពលោក​មួយដែលសង្រ្គាម ជម្លោះប្រដាប់អាវុធ និង​គ្រោះមហន្តរាយមនុស្សធម៌​ផ្ទុះឡើង​សឹងនៅគ្រប់​ទីកន្លែង។ ​មានអាយុ​៨០ឆ្នាំ តើ​អង្គការ​សហប្រជាជាតិនឹង​​រស់រាន ឆ្លងរួចផុត​ពីវិបត្តិ​ដ៏ធំ​លើកនេះឬ ក៏ត្រូវ​ដួលរំលំ​ដូច​សង្គម​ប្រជាជាតិ​កាលពី​ឆ្នាំ​១៩៤៦​?  នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ១៩៤៥ ប្រទេស​ចំនួន​៥០​បាន​ចុះហត្ថលេខា​លើ​ធម្មនុញ្ញសហប្រជាជាតិ​នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​ ដែលបាន​បើកផ្លូវ​ឲ្យបង្កើតអង្គការ​សហប្រជាជាតិ​ជាផ្លូវការ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​ក្នុង​ឆ្នាំ​ដដែល (ថ្ងៃទី​៤​តុលា​ឆ្នាំ ១៩៤៥)។ គេ​មាន​គំនិតផ្តួចផ្តើមបង្កើត​អង្គការ​សហប្រជាជាតិកាលពី​៨០ឆ្នាំមុន ដើម្បី​ជំនួស​អង្គការ​សង្គម​ប្រជាជាតិ​ដែល​បរាជ័យ​មិនអាច​ទប់ស្កាត់​សង្រ្គាម​លោក​លើកទី២ និង​ដួលរលំ​ដោយសារតែ​ការដកខ្លួន​ជាបន្តបន្ទាប់​របស់ប្រទេស​សមាជិក។ អង្គការសហប្រជាជាតិ​ត្រូវ​បានបង្កើតឡើង​នៅប៉ុន្មាន​ខែ​ក្រោយ​ការបិទបញ្ចប់សង្រ្គាម​លោកលើកទី២ នៅក្នុង​គោលដៅទប់ស្កាត់​មិនឲ្យ​មនុស្ស​ជំនាន់ក្រោយរងគ្រោះដោយសារ​សង្រ្គាម​ប្រល័យលោកសាជាថ្មី។ ទោះពិភពលោក​មិនទាន់​ជួបសង្រ្គាម​ធំដូច​សង្រ្គាម​លោក​ទាំងពីរលើក ប៉ុន្តែ សង្រ្គាមថ្នាក់តំបន់ សង្រ្គាមស៊ីវិល ជម្លោះប្រដាប់អាវុធ​បាន​កើតមាន​ជាហូរហែ​​ ដូចជា​សង្រ្គាមវៀតណាម អំពើប្រល័យពូជសាសន៍​នៅរវ៉ាន់ដា សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមស៊ីរី សង្រ្គាម​ដ៏រ៉ាំរ៉ៃ​នៅស៊ូដង់ ហៃទី ភូមា សង្រ្គាមហ្កាហ្សា សង្រ្គាម​អ៊ុយក្រែន និងចុងក្រោយនេះ គឺ​សង្រ្គាមអ៊ីរ៉ង់ អ៊ីស្រាអែល។ ​​អង្គការ​សហប្រជាជាតិ​បានរងការចោទប្រកាន់ថា ជាស្ថាប័នអន្តរជាតិ​ គ្មាន​សមត្ថភាព គ្មានឥទ្ធិពល គ្មាន​អំណាច​ដើម្បីរារាំងទប់ស្កាត់ ឬបិទបញ្ចប់​សង្រ្គាម។ សំឡេង​រិះគន់ថា អង្គការ​សហប្រជាជាតិ​អសកម្ម ជា​ស្ថាប័នចាយលុយខ្ជះខ្ជាយ ​ស្អប់ជនជាតិជ្វីហ្វ និងគាំទ្រ​មេដឹកនាំ​ផ្តាច់ការ រឹតតែ​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​កាន់តែ​អាប់ឱន​កេរ្តិ៍ឈ្មោះ បាត់ប​ង់ជំនឿទុកចិត្ត​ពី​ប្រទេស​សមាជិក។ នេះគេនៅមិនទាន់និយាយ​ពីវិបត្តិហិរញ្ញវត្ថុ​ដែលគំរាមកំហែង​ខ្លាំង​ដល់​អនាគត ភាពរស់រាន​មានជីវិត​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ។ នៅពេល​វិបត្តិខ្វះថវិកាមិនមែនជារឿងថ្មីចំពោះអង្គការ​សហប្រជាជាតិ​ដែលត្រូវការ​ថវិកា​រាប់ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ​ដើម្បី​ជួយ​ដោះស្រាយបញ្ហាមនុស្សធម៌ ជួយមនុស្ស​រាប់រយលាននាក់​នៅក្នុងពិភពលោក វិបត្តិហិរញ្ញវត្ថុ​របស់​អង្គការ​សហប្រជាជាតិ​ធ្លាក់​ធ្ងន់ធ្ងរ បន្ទាប់ពី​លោកដូណាល់​ត្រាំប្រកាសឲ្យ​ឈប់​ផ្តល់​ជំនួយ និង​ផ្អាក​បង់វិភាគទាន​ចូល​កេស​របស់​អង្គការ​សហប្រជាជាតិ។ នៅក្នុងកាលៈទេសៈដែល​ពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច សមាជិក​មួយចំនួន​ផ្សេងទៀត​បាន​យកតម្រាប់តាមអាមេរិក។ ការដកខ្លួន​របស់​អាមេរិក​ដែលជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុធំជាងគេ​បាន​ធ្វើ​ឲ្យទីភ្នាក់ងារ​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ​កាត់បន្ថយ​​សកម្មភាពមនុស្សធម៌ និង​កាត់បុគ្គលិក​ប្រមាណ​២០%​នៅទូទាំងពិភពលោក។ ​ជួបវិបត្តិហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរ និង​រងការចោទប្រកាន់ថា គ្មានប្រយោជន៍ តើ​​​អង្គការ​សហប្រជាជាតិ​នឹង​អាច​រស់រាន មានអនាគតវែងឆ្ងាយរហូត​ដល់​១០០ឆ្នាំដែរឬទេ? ចំពោះអ្នកជំនាញ រាល់​ពេល​កើតមាន​វិបត្តិធំៗ​ ដូចជា​សង្រ្គាម​នៅអ៊ីរ៉ាក់ គេ​តែង​ចោទសួរ និង​ដាក់ទំនាយ​ថា អង្គការ​សហប្រជាជាតិដែលគ្មាន​ប្រយោជន៍ ​នឹង​ស្លាប់​ ដួលរលំដូច​អង្គការសង្គម​ប្រជាជាតិ កាលពីឆ្នាំ​១៩៤៦យ៉ាងដូច្នេះដែរ។ ប៉ុន្តែ នៅការពិតជាក់ស្តែង អង្គការ​សហប្រជាជាតិ​នៅតែ​អាច​រស់រានមាន​ជីវិតរហូតមក ហើយ​គេ​មិនជឿថា ស្ថាប័ននេះ​នឹង​អាច​ដួលរលំ​ងាយៗ​នោះទេ ទោះនៅ ២០ឆ្នាំខាងមុខ។ គេ​ហ៊ាន​និយាយ​ដូច្នេះ ព្រោះថា​ ស្ថាប័នអង្គការ​សហប្រជាជាតិនៅតែ​សកម្ម និងធ្វើការយ៉ាងមាន​​ប្រសិទ្ធភាព​លើផ្នែក​មនុស្ស​ធម៌ សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម។ ឯកអគ្គរដ្ឋទូត​របស់សិង្ហបុរី​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ​បាន​ក្រើនរំលឹក​ឲ្យគេ​ឃើញ​ពីគុណសម្បត្តិ​របស់​អង្គការ​សហប្រជាជាតិ ដែល​បានជួយទប់ស្កាត់​មិន​ឲ្យកើតមាន​សង្រ្គាមលោកលើកទី​៣។ លោក​នៅបាន​លើកសរសើរ​ពីជោគជ័យ​របស់​ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​ដែលបាន​បើកប្រតិបត្តិការ​រក្សា​សន្តិភាព ចំនួន​៧១លើកចាប់តាំង​ពី​ឆ្នាំ ១៩៤៨ ដូចជា​នៅ​អង់ហ្គោឡា កម្ពុជា​សេរ៉ាឡេអូន និង​នៅលីបង់​ជាដើម។ បន្ថែមពីលើ​​កងកម្លាំង​រក្សា​សន្តិភាព ទីភ្នាក់ងារ​ជាច្រើន​របស់​អង្គការ​សហប្រជាជាតិ​បំពេញ​ការងារ​របស់ខ្លួន​យ៉ាង​សកម្ម​នៅក្នុង​ផ្នែក​សិទ្ធិមនុស្ស ជួយជនភៀសខ្លួន មនុស្សធម៌ អាកាសធាតុ និងជាពិសេស​ផ្នែកគ្រប់គ្រង​ការសាយភាយអាវុធនុយក្លេអ៊ែរ​។ គេ​មិនត្រូវ​ភ្លេច​ពីជំនួយ​របស់កម្មវិធីស្បៀងអាហារពិភពលោក​ដែលបានជួយមនុស្ស​ជាង​១០០លាននាក់ នៅក្នុងប្រទេស​ចំនួន​១២០កាលពីឆ្នាំមុន។ អង្គការសហប្រជាជាតិ​បានជំរុញ​ឲ្យមានយន្តការអន្តរជាតិ​ដើម្បី​ដោះស្រាយបញ្ហា​សុខភាព កម្មវិធីបញ្ញាសិប្បនិម្មិត និង​សម្របសម្រួល​ឲ្យ​មានការចែករំលែក ការប្រើប្រាស់​ប្រព័ន្ធផ្កាយរណប​ បច្ចេកវិទ្យាជាដើម។ មាន​គុណសម្បត្តិច្រើនមែន ប៉ុន្តែ អង្គការ​សហប្រជាជាតិ​នៅតែ​រងការចោទប្រកាន់ថា អសកម្ម និង​ចាយលុយខ្ជះខ្ជាយ។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ទទួលស្គាល់ និង​យល់ព្រម​ធ្វើ​កំណែទម្រង់​ដើម្បី​ឲ្យ​ស្ថាប័នអន្តរជាតិ​មួយនេះ​ដើរស្របតាម​ការវិវឌ្ឍ​ក្នុងពិភពលោក។ ប៉ុន្តែ ចំពោះអ្នកជំនាញ បើទោះបីជា​ការធ្វើកំណែទម្រង់​អង្គការ​សហប្រជាជាតិ​ជា​រឿង​ចាំបាច់ ប៉ុន្តែ វានៅតែមិនទាន់គ្រប់គ្រាន់​ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិអាច​មានកម្លាំង​ថាមពល​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​បានដែរ។ អ្វីៗ​គឺអាស្រ័យទៅលើ​ប្រទេស​សមាជិក ជាពិសេស​សមាជិកអចិន្ត្រៃយ៍​របស់ក្រុមប្រឹក្សា​សន្តិសុខ ​ដែលជា​អ្នកមានអំណាច​ពិតប្រាកដ។ បើសិន​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ នៅតែ វេតូ ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្សពួកសម្ព័ន្ធមិត្ត​របស់ខ្លួន ដោយ​មិនខ្វល់​ពីផលប្រយោជន៍​មនុស្ស​ជាតិ នោះអង្គការ​សហប្រជាជាតិនៅតែ​ជាទីងមោងដែល​នៅនឹងថ្កល់ មិនអាច​ធ្វើអ្វីបាន។ ទោះគ្មានអំណាច​ធ្វើអ្វី​ធំដុំ ប៉ុន្តែ អង្គការ​សហប្រជាជាតិ​ដែលមានប្រទេស​សមាជិក​ចំនួន ១៩៣​នៅតែព្យាយាម​បញ្ចេញ​សំឡេង​របស់ខ្លួនដើម្បីថ្កោលទោស ​ការសម្លាប់រង្គាល អំពើប្រល័យពូជសាសន៍ សង្រ្គាម​ហ្កាហ្សា និង​សង្រ្គាមអ៊ុយក្រែនជាដើម។ ចំពោះ​អគ្គលេខាធិការអង្គការ​សហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែស្ក៍ ក្នុងបរិបទ​ដែលពិភពលោក​កំពុង​បែកបាក់​គ្នា​ជា២ប៉ូល និង​វិបត្តិ​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ វត្តមាន​របស់​អង្គការសហប្រជាជាតិគឺ​ជារឿង​ចាំបាច់​បំផុត។ ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុងទីក្រុង​ញូវយ៉ក បានក្លាយជា​កន្លែង​ជួប ដោះដូរយោបល់គ្នា​ តាំងពីរឿង​ជម្លោះប្រដាប់អាវុធ បញ្ហា​ពាណិជ្ជកម្ម រហូត​ដល់​បញ្ហា​អាកាសធាតុ។ ទីស្នាក់ការ​របស់អង្គការ​សហប្រជាជាតិ​ជា​កន្លែង​តែមួយគត់ដែល​អនុញ្ញាត​ឲ្យមានការជួបជុំ ពិភាក្សា បញ្ចេញយោបល់​ មិនថា ពួកគេ​ជា​សត្រូវ ឬ​សម្ព័ន្ធមិត្ត​នឹង​គ្នា។ ជាក់ស្តែង បន្ទប់ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាកន្លែងតែមួយគត់​ដែល​រុស្ស៊ី និងអ៊ុយក្រែនអាច​ជួបតទល់គ្នានៅក្នុង​រឿង​រុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ឬ​ជា​កន្លែង​ដែល​អ្នកតំណាងទូតប៉ាឡេស្ទីន​បាន​មេក្រូ​និយាយ​បកអាកា្រតភាគី​អ៊ីស្រាអែលដែល​វាយប្រហារ​ទៅលើ​ប្រជាជន​ស៊ីវិល​នៅហ្កាហ្សា។ ជារួម អង្គការ​សហប្រជាជាតិ​ជា​កន្លែង​ និង​ឧបករណ៍​ដ៏សំខាន់​ដែលបើកផ្លូវ​ឲ្យគូបដិបក្ខ​ជួបនិយាយគ្នា ដើម្បី​ជៀសវាង​ការភ័ន្តច្រលំ ការខឹងសម្បារ​រហូតឈាន​ទៅផ្ទុះសង្រ្គាមលោកមួយទៀត។ គេអាច​និយាយ​បានថា បើសិន​​អង្គការ​សហប្រជាជាតិដួលរលំ​ នោះពិភពលោក​នឹង​កាន់តែ​យ៉ាប់ខ្លាំង៕​​
ជា​ប្រទេស​តូច និង​មាន​ចំនួន​យោធា​តិច​ជាង​អ៊ីរ៉ង់ អ៊ីស្រាអែល​បានអះអាង​ថា ការវាយប្រហារ​អ៊ីរ៉ង់​តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនា​បាន​ផ្តាច់​សង្ខារ​ថ្នាក់ដឹកនាំកំពូលៗ​នៃ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជាង២០នាក់។ កងឆ្មាំបដិវត្តន៍​ជា​កងកម្លាំងប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល អំណាច​ខ្លាំង និងស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រមុខដឹកនាំ​សាសនា លោក​អាលី ខាមេណី។ នៅ​ពេល​ថ្នាក់ដឹកនាំកំពូលៗ​ដែល​មាន​តាំង​ពី​ប្រមុខ​កងទ័ព ប្រធានសេនាធិការដ្ឋាន ឬ​ប្រធាន​ក្រុមចារកិច្ច​ត្រូវ​បាន​អ៊ីស្រាអែល​បាញ់​សម្លាប់​ជាង​៥ថ្ងៃ​មក​នេះ តើ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​នឹង​មាន​ជោគវាសនា​យ៉ាងណា និង​ថា តើ​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មាន​រចនាសម្ព័ន្ធ​យ៉ាង​ដូចម្តេចខ្លះ? នៅអ៊ីរ៉ង់ កងទ័ពឆ្មាំបដិវត្តន៍ជាអង្គភាពទ័ពដាច់ដោយឡែកពីកងទ័ពជាតិ។ បន្ទាប់ពីធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយមស្ហាហ៍ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅឆ្នាំ ១៩៧៩ របបអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតកងឆ្មាំបដិវត្តន៍នេះឡើងដើម្បីការពារអំណាចរបស់ថ្នាក់ដឹកនាំសាសនា ការពារមនោគមវិជ្ជា និងការពារបដិវត្តន៍ដ៏ក្មេងខ្ចី ព្រោះថា គេមិនទុក​ចិត្ត និងមិនទាន់ជឿជាក់លើភក្តីភាពរបស់កងទ័ពជាតិដែលបន្សល់ទុកពីរបបរាជានិយម។ កងឆ្មាំបដិវត្តន៍ស្ថិតក្រោមអំណាចបញ្ជាផ្ទាល់របស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ លោក អាលី ខាមេណី។ ថ្នាក់ដឹកនាំរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់សុទ្ធសឹងជាអ្នកជឿងប់លើបដិវត្តន៍​អ៊ីរ៉ង់ និង​ជា​អតីតទាហាន​ដែលបានចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាមអ៊ីរ៉ាក់ អ៊ីរ៉ង់​ពី​ឆ្នាំ ១៩៨១ដល់ឆ្នាំ ១៩៨៩។ ដោយសារ​តែថ្នាក់ដឹកនាំរបស់កងឆ្មាំបដិវត្តន៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាទីប្រឹក្សា និង​ជា​មនុស្សជំនិតរបស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់​ទើប​កងឆ្មាំបដិវត្តន៍នេះមានឥទ្ធិពលខ្លាំងណាស់ក្នុងប្រទេស ទាំងក្នុងវិស័យនយោបាយ និង​សេដ្ឋកិច្ច ពោលគឺមានអំណាចជាងកងទ័ពជាតិទៅទៀត។ តាមរដ្ឋធម្មនុញ្ញថ្មីដែលថ្នាក់ដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតឡើងនៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ កងទ័ពជាតិមានតួនាទីការពារព្រំដែន និងរក្សាសណ្តាប់ធ្នាប់ផ្ទៃក្នុង។ ចំណែកកងឆ្មាំបដិវត្តន៍ការពាររបបអ៊ីស្លាមអ៊ីរ៉ង់។ គេបានប្រដូច កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅនឹងការបង្កើតរដ្ឋនៅក្នុងរដ្ឋ។ គេអាចនិយាយបានថា បន្ថែមពីលើកងទ័ពជាតិ អ៊ីរ៉ង់នៅមានកងកម្លាំងឆ្មាំបដិវត្តន៍បន្ថែមទៀត ចន្លោះ​ពី១២០ ០០០ ទៅ ១៩០ ០០០នាក់។ នេះបើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានអន្តរជាតិដើម្បីសិក្សាយុទ្ធសាស្រ្ត។ រហូត​មក​ទល់​ពេល​នេះ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់តែងតែធ្វើហួសព្រំដែន និងចេះតែលូកដៃពង្រីកដែនអំណាចរបស់ខ្លួន ដូចជាបង្កើតប៉ូលិស​សីលធម៌ ក្រុមចារកម្ម និង​កម្លាំងតស៊ូ Basij ដែល​ជា​ទាហាន​ប៉ារ៉ា​ទទួល​បន្ទុក​បង្ក្រាប​អ្នកប្រឆាំង​ក្នុង​ប្រទេស។ ដូច​កងទ័ពជាតិ​ដែរ កងឆ្មាំបដិវត្តន៍​បាន​អភិវឌ្ឍន៍​បង្កើត​ដាច់​ដោយឡែក​នូវ​អង្គភាព​ចំណុះ​ផ្ទាល់ខ្លួន​ចំនួន ៤ គឺ​កងឆ្មាំបដិវត្តន៍ជើងគោក ជើងទឹក ជើងអាកាស និងកម្លាំងពិសេស Qud Forceដែលមានបេសកកម្មនៅទឹកដីបរទេស។ អង្គភាពទាំងអស់នេះស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អគ្គមេបញ្ជាការហ៊ូសេន សាឡាមី និងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់​ដែល​ជា​អ្នកផ្តល់​ប្រឹក្សាផ្ទាល់ទៅ​អាយ៉ាតូឡា អាលី ខាមេណី អគ្គមគ្គុទ្ទេសក៍​សាសនា​អ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ជើងទឹកមានបេសកកម្មធានាសន្តិសុខឲ្យកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែរ្ស និង​ល្បាតច្រកសមុទ្រ Hormuz ដែល​ជា​ច្រកឆ្លងកាត់របស់កប៉ាល់ដឹកទំនិញអន្តរជាតិពីឈូងសមុទ្រទៅមហាសមុទ្រឥណ្ឌា។ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់ចាប់ស្ទាក់ទូកចម្បាំងរបស់អាមេរិកនៅឆ្នាំ២០១៦ និងចាប់ជំរិតកប៉ាល់ដឹកទំនិញអង់គ្លេសនៅឈូងសមុទ្រពែរ្សកាលពីឆ្នាំ២០១៩។ មានឈ្មោះជាកងឆ្មាំបដិវត្តន៍ជើងអាកាស តែ​អង្គភាព​នេះ​មិនផ្តោតលើការប្រយុទ្ធដោយប្រើយន្តហោះចម្បាំង​ទេ។ ដើម្បី​ប៉ះប៉ូវ​ដល់កងទ័ពជើងអាកាស​ដែល​ខ្សោយ និង​មិនសូវមានយន្តហោះចម្បាំង កងឆ្មាំបដិវត្តន៍ជើងអាកាសផ្តោតលើការអភិវឌ្ឍ​កម្មវិធី​ផលិតដ្រូន និង​មីស៊ីលបាលីស្ទិក។ អាមេរិកធ្លាប់វាយតម្លៃថា អ៊ីរ៉ង់ជាប្រទេសដែលមានប្រព័ន្ធមីស៊ីលបាលីស្ទិកច្រើនជាងគេ​រហូត​រាប់ពាន់ដើម​នៅក្នុងស្តុក​របស់ខ្លួន។ នៅឆ្នាំ២០២២ មេទ័ពរបស់អ៊ីរ៉ង់ គឺ Mohammed Bagheri ដែលមានអំណាចគ្រប់គ្រងកងទ័ពជាតិ កម្លាំងសន្តិសុខ និង​កងឆ្មាំបដិវត្តន៍បានអះអាងថា អ៊ីរ៉ង់មានអាវុធគ្រប់គ្រាន់ដើម្បីការពារខ្លួន និងអាចក្លាយជាប្រទេសនាំចេញអាវុធដ៏ច្រើនមួយ បើសិនគ្មានទណ្ឌកម្ម។ អ៊ុយក្រែន និងលោកខាងលិចធ្លាប់ចោទថា អ៊ីរ៉ង់បានបញ្ជូនដ្រូនទៅឲ្យរុស្ស៊ីប្រើក្នុងសមរភូមិសង្រ្គាម​អ៊ុយក្រែន។ នៅក្នុងចំណោមអង្គភាពទាំងអស់របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Qud Force ជាកម្លាំងស្នូល និងជាអង្គភាពល្អដាច់គេក្នុងកងទ័ពអ៊ីរ៉ង់ទាំងមូល។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រើអង្គភាពឆ្នើមជាងគេនេះដើម្បីពង្រីកឥទ្ធិពលយោធារបស់អ៊ីរ៉ង់នៅទឹកដីបរទេស។ ដឹកនាំដោយឧត្តមសេនីយ៍ទោ Qassem Suleimani កម្លាំង Qud Force មាន​តួនាទីបណ្តុះបណ្តាល ផ្តល់ថវិកា និង​សព្វាវុធ​ដល់​កម្លាំង​ប្រដាប់អាវុធ​នៅ​បណ្តាប្រទេសដែលកំពុងជួបអស្ថិរភាព។ ជារួម Qud Force បានធ្វើប្រតិបត្តិការនៅតាមប្រទេសជាច្រើនដែលកំពុងមានសង្គ្រាម។ នៅស៊ីរី កម្លាំងពិសេសនេះគាំទ្ររដ្ឋាភិបាលក្រុងដាម៉ាស​ដើម្បី​បន្តអំណាច ហើយ​នៅយេម៉ែន កម្លាំងពិសេស​ដដែល​នេះ​ជួយ​ក្រុម​ឧទ្ទាមហ៊ូទី​ដែលប្រយុទ្ធជាមួយកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នៅក្នុងអាណត្តិទី១ របស់ខ្លួន ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ត្រាំ​បានបញ្ជា​ឲ្យ​បាញ់​សម្លាប់ Qassem Suleimani មេទ័ព​របស់​កម្លាំង Qud Force ក្នុង​ហេតុផល​ថា គឺ​ជា​អ្នកគំរាមកំហែងមូលដ្ឋានទ័ពអាមេរិកនៅដើមបូព៌ា។ នៅក្នុងអំណាចគ្រប់គ្រងអ៊ីរ៉ង់ជិតកន្លះសតវត្សរ៍ របបអ៊ីស្លាមអ៊ីរ៉ង់បានបុកគ្រឹះ ពង្រឹង​កងទ័ពឆ្មាំបដិវត្តន៍​ដែល​ជា​របង​ការពារខ្លួន​យ៉ាង​រឹងមាំ។ នៅក្នុងជួរកងទ័ពឆ្មាំបដិវត្តន៍ ក្រៅពីប្រធានអង្គភាព នៅមានអនុប្រធានជាច្រើននាក់ដែលអាចជំនួសការងាររបស់មេធំ។ប្រមុខដឹកនាំសាសនាអ៊ីស្លាម​អ៊ីរ៉ង់​មិនខ្វះមនុស្ស​ចូល​ជំនួស​ការងាររបស់មេមេទ័ពដែលអាមេរិក ឬអ៊ីស្រាអែលបាញ់សម្លាប់​រហូត​មក​ទេ។ ក្នុង​ករណី​សង្រ្គាមលើកនេះ អាយ៉ាតូឡា អាលី ខាមេណីបានធ្វើតាមទម្លាប់ដោយបានជ្រើសតាំងមនុស្សថ្មីចូលជំនួសមេទ័ពរបស់កងឆ្មាំបដិវត្តន៍ដែលស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅចុងសប្តាហ៍មុន។ តែបញ្ហានៅត្រង់ថា នៅក្នុងសង្រ្គាមវាយសង្រ្គុបលើកនេះ អ៊ីស្រាអែលបានដៅសម្លាប់សឹងគ្មានសល់មេទ័ពសំខាន់ៗរបស់កងឆ្មាំបដិវត្តន៍។ អ៊ីស្រាអែលអះអាងថា ខ្លួនបានដៅសម្លាប់បានមេកងឆ្មាំបដិវត្តន៍គ្រាក់ៗចំនួន ២០នាក់ ក្នុងនោះ មានតាំងពី​អគ្គមេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍ នាយសេនាធិការ​កងទ័ព មេទ័ពទទួលបន្ទុកកម្មវិធីមីស៊ីល និង​មេចារកម្ម។ តែ​ទោះ​ជា​អាយ៉ាតូឡា​អាច​រក​មនុស្ស​មក​ជំនួស​បន្ត​ការងារ​ភ្លាមៗ​ក៏​ដោយ​ក៏​ការបាត់បង់មេទ័ពធំៗ​ជាង២០នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល​កំពុង​ធ្វើ​ឲ្យ​កម្លាំង​ឆ្មាំបដិវត្តន៍​ចុះ​ទន់​ខ្សោយ​កម្លាំង៕
ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាច​ផលិត​អាវុធ​នុយក្លេអ៊ែរដែលគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ៊ីស្រាអែល ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​បើកការវាយប្រហារទៅលើ​អ៊ីរ៉ង់ ដោយសំដៅ​លើ​ទីតាំង​កម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗ​របស់​អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​វាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និង​សន្យា​កាលពីថ្ងៃអាទិត្យទី ១៥​មិថុនាថា នឹង​ដាក់​ទោស​ធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិន​មីស៊ីលរបស់អ៊ីរ៉ង់​សម្លាប់ជីវិត​ប្រជាជនស៊ីវិល​អ៊ីស្រាអែល។ ហេតុអ្វី​អ៊ីស្រាអែល​សម្រេច​ចិត្ត​ចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់​នៅពេល​​នេះ? នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី ១៣​មិថុនា អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះចម្បាំង​ជាង​២០០គ្រឿង​ទៅវាយប្រហារ​លើ​មូលដ្ឋានទ័ពអាកាស និង​ទីតាំង​នុយក្លេអ៊ែរ​ជាច្រើន​កន្លែង​នៅទូទាំង​ប្រទេសអ៊ីរ៉ង់ នៅក្រោម​ហេតុផល​​ការពារ​ខ្លួន ព្រោះថា អ៊ីរ៉ង់​ជិតបានសម្រេចគោលដៅក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​គំរាមកំហែង​អាយុជីវិត​របស់​អ៊ីស្រាអែល។ អ៊ីស្រាអែលនៅ​អះអាងថា ខ្លួន​មាន​ភស្តុតាង​ដែលបង្ហាញថា អ៊ីរ៉ង់​មាន​សមត្ថភាព​ជិត​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ យ៉ាងយូរ​នៅ​ប៉ុន្មាន​ខែខាងមុខ។ ប៉ុន្តែ នេះគ្រាន់តែ​ជា​ការលើកឡើងជាឯកតោភាគី ​របស់​អ៊ីស្រាអែល។ អ៊ីរ៉ង់វិញ​​បាន​បដិសេធទាត់ចោលការចោទប្រកាន់ រហូតតមក។ ​ចំណែក​ ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ​AIEA ក៏បាន​បញ្ជាក់ដែរថា អ៊ីរ៉ង់សព្វថ្ងៃ​អាច​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ត្រឹម​៦០% ពោលគឺ​មិនគ្រប់គ្រាន់​ដើម្បីអាចផលិត​អាវុធ​នុយក្លេអ៊ែរ​នៅឡើយទេ។ ការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​ក្នុងទឹកដីអ៊ីរ៉ង់ គ្រាន់តែ​ជាលេសមួយប៉ុណ្ណោះរបស់អ៊ីស្រាអែល​ដើម្បី​បង្កាត់ភ្លើងសង្រ្គាម​ជាមួយអ៊ីរ៉ង់។ ជាក់ស្តែង រោងចក្រ​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់​ដែល​មួយចំនួន​ស្ថិតនៅក្រោមដី​ក្នុងជម្រៅ​ដ៏សែនជ្រៅ​ដល់​ទៅ ៨០០ម៉ែត្រ មិនត្រូវ​បំផ្លាញ​ខូចខាតធំដុំដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​​។ បើសិន​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​មិនមែនជា​គោលដៅបំផ្លាញរបស់ខ្លួន តើ​អ៊ីស្រាអែល​មានហេតុផលអ្វីដែលត្រូវ​ប្រកាស​ធ្វើសង្រ្គាមនឹង​​អ៊ីរ៉ង់ ដែលជា​ប្រទេស​ដ៏ធំមានឥទ្ធិពលជាងគេនៅក្នុងតំបន់ ​នៅពេល​នេះ? មហិច្ឆតា​ចង់​បាន​របស់អ៊ីស្រាអែល​បាន​ស្តែង​ចេញ​យ៉ាងច្បាស់​នៅក្នុងសារ​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ ក្រៅតែពីអួតសរសើរ​ប្រតិបត្តិការដ៏ជោគជ័យ​របស់​កងទ័ពជើងអាកាស​របស់អ៊ីស្រាអែល ប្រមុខដឹកនាំ​រដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ​បាននិយាយ​ថា លោកសង្ឃឹម ថា ការបន្តប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​ទឹកដីអ៊ីរ៉ង់​នឹង​ជួយបើកផ្លូវ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​ឈាន​ទៅ​សម្រេចក្តីប្រាថ្នា​របស់ពួកគេ នោះគឺការទាមទារ​​​សិទ្ធិសេរីភាព​។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលចង់​ឲ្យមានការផ្លាស់ប្តូរ​របបដឹកនាំ​នៅអ៊ីរ៉ង់ ព្រោះថា ចាប់តាំង​ពីកកើតឡើង​ដោយសារ​បដិវត្តអ៊ីស្លាម​ របបដឹកនាំ​អ៊ីស្លាម​បាន​គំរាមជាប់ជានិច្ចថា នឹង​បំផ្លាញ ​លុប​អ៊ីស្រាអែល​ចេញពីផែនទីពិភពលោក។ ពាក្យគំរាមនេះ​បាន​ដក់ជាប់​ក្នុង​ការចងចាំ​របស់​ប្រជាជន​អ៊ីស្រាអែល។ ដូច្នេះ ចំពោះ​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល នេះជាវេលា​ដ៏ប្រពៃ​ដែលអ៊ីស្រាអែលត្រូវតែបើកការ​វាយប្រហារ ដើម្បី​ឈានទៅផ្តួលរំលំអំណាច​របស់​របបដឹកនាំ​អ៊ីស្លាម​នៅ​អ៊ីរ៉ង់។ ម្យ៉ាង​នេះ​ក៏អាច​ជាផ្នែកមួយ​នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែលដែរ។ អ្វីៗចាប់ផ្តើម​ជាមួយ​សង្រ្គាម​ហ្កាហ្សា នៅពេល​អ៊ីស្រាអែល​ចាប់វាយប្រហារ​លើ​ក្រុមហាម៉ាស​ប៉ាឡេស្ទីនដែល​ទទួល​ជំនួយ​យោធា​ពីអ៊ីរ៉ង់។ បន្ទាប់ពី​បំបាក់កម្លាំង​​ហាម៉ាសឲ្យរាបដល់​ដី​ ដូច​អគារបាក់រលំដោយសារ​តែ​ការសង្រ្គាមវាយប្រហារ​ជាង​១ឆ្នាំ អ៊ីស្រាអែលនៅ​ខែ​កញ្ញាឆ្នាំ ២០២៤ ចាប់​ងាក​ទៅវាយប្រហារ​ចលនា​ហេសបូឡា​ដែល​ជា​កូនចៅម្នាក់​ទៀត​របស់​​ឲ្យអ៊ីរ៉ង់ នៅ​លីបង់។ មាន​បច្ចេកវិទ្យា​និង​សមត្ថភាពខ្លាំងពូកែ​ខាង​ផ្នែកចារកម្ម អ៊ីស្រាអែល​បាន​ដៅ​សម្លាប់​គ្មាន​សល់​មេបញ្ជាការ និង​ថ្នាក់ដឹកនាំនយោបាយ​របស់​ក្រុមហេសបូឡាលីបង់។ សព្វថ្ងៃនេះ ចលនា​ហេសបូឡា​ដែល​អ៊ីរ៉ង់​លួចចិញ្ចឹម​ ផ្តល់ជំនួយ​យោធា​និងហិរញ្ញវត្ថុ ត្រូវ​ចុះទ្រោមគ្មាន​សមត្ថភាព​យោធា​ដើម្បីបាញ់រ៉ូក្កែត​គំរាមអ៊ីស្រាអែល។ ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ហេសបូឡាលីបង់ បានធ្វើ​ឲ្យ​រណសិរ្ស​ប្រឆាំង​អ៊ីស្រាអែល​ដែល​អ៊ីរ៉ង់ចាប់បណ្តុះ​ដាក់នៅប្រទេស​ជុំវិញ​អ៊ីស្រាអែល​ ​​ចាប់ចុះខ្សោយជាបន្តបន្ទាប់។ កងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់​ដែលធ្លាប់​ប្រកាស​ស្ម័គ្រ​គាំទ្រ​អ៊ីរ៉ង់​បាន​ប្រកាស​ទម្លាក់អាវុធ។ នៅស៊ីរីឯណោះវិញ ការចុះខ្សោយកម្លាំង​របស់​ចលនា​ហេសបូឡាលីបង់​បានធ្វើ​ឲ្យ​កងទ័ពស៊ីរី​របស់​របបបាស្ហាអាល់អាសាដបាត់បង់​ជំនួយ​ គ្មានកម្លាំង​ប្រយុទ្ធតទល់​នឹង​ក្រុម​ប្រឆាំង​។ ការដួលរលំរបបបាស្ហាអាល់អាសាដ​នៅស៊ីរី​ដែលជា​សម្ព័ន្ធមិត្ត ជា​ដំណឹងអាក្រក់​មួយទៀត​ ព្រោះថា អ៊ីរ៉ង់នឹង​លែងមានសិទ្ធិ​ប្រើ​ទឹកដី​ស៊ីរីដើម្បី​អាច​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល។ ក្រៅតែ​ពីបំបាក់​ធ្មុង​របស់អ៊ីរ៉ង់ តាមរយៈ​ការវាយប្រហារ​កូនចៅ​របស់​អ៊ីរ៉ង់ម្តងមួយៗ ​ឲ្យ​រាបដល់​ដី ដូចជា​សម្លាប់​មេដឹកនាំ​របស់​ចលនា​ហាម៉ាស ហេសបូឡា​នៅលីបង់ អ៊ីស្រាអែល​​បាន​បំបាក់​​សមត្ថភាពប្រព័ន្ធការពារ​ដែនអាកាស​របស់​អ៊ីរ៉ង់ដល់ទៅ​២លើក។ ជាក់ស្តែង នៅពេល​អ៊ីរ៉ង់​សងសឹក​នឹង​អ៊ីស្រាអែលដែលបាញ់មីស៊ីល​បំផ្លាញស្ថានទូត​អ៊ីរ៉ង់​នៅ ស៊ីរី អ៊ីស្រាអែល​បាន​វាយបកវិញ ដោយ​បញ្ជូនយន្តហោះទៅ​ទម្លាក់គ្រាប់បំផ្លាញ​មូលដ្ឋានទ័ពអាកាស​របស់អ៊ីរ៉ង់ និង​ទីតាំង​ស្តុកមីស៊ីល​ជាច្រើន​កន្លែង​របស់អ៊ីរ៉ង់។ ឆ្លៀត​ដែល​អ៊ីរ៉ង់​ចុះខ្សោយ​កម្លាំងជាពិសេស​ផ្នែក​ការវាយប្រហារ​តាមផ្លូវអាកាស អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅទម្លាក់គ្រាប់​លើ​មូលដ្ឋានយោធា និង​សម្លាប់​បាន​មេបញ្ជាការគ្រាក់ៗ​របស់​អ៊ីរ៉ង់ជាច្រើននាក់ ​ដែលនៅក្នុងនោះមានផងដែរ មេទ័ពរបស់​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។ អ៊ីស្រាអែល​វាយបំបាក់​ឆ្មាំបដិវត្តន៍ដែលជា​សសរទ្រូង​ការពារ​របបអ៊ីស្លាម​​។ ទោះត្រូវ​រងមីស៊ីលរបស់អ៊ីរ៉ង់រាប់រយដើម អ៊ីស្រាអែល​ដែលគ្របការពារ​ដំបូល​ប្រព័ន្ធខែលមីស៊ីល និង​មាន​សព្វាវុធ​អាមេរិក​ស្តុកទុកក្នុងដៃយ៉ាងក្រាសក្រែល មិនរាថយ​ក្នុងការបន្តធ្វើសង្រ្គាម​ រហូតធ្វើឲ្យ​របបដឹកនាំអ៊ីស្លាម​ចុះទន់ខ្សោយ លែង​អាច​មាន​កម្លាំងបង្រ្កាប​ប្រជាជន​អ៊ីរ៉ង់​ដែលចង់ក្រោកឈរទាមទារឲ្យផ្លាស់ប្តូររបបផ្តាច់ការ៕​
តម្លៃប្រេងនៅទីផ្សារអន្តរជាតិ ពិសេសនៅប្រទេសអឺរ៉ុប បានហក់ឡើងថ្លៃខ្ពស់មួយរំពេច បន្ទាប់ពី   អ៊ីស្រាអែល បើកការវាយប្រហារយ៉ាងដំណំទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់។ តែកងទ័ពអ៊ីស្រាអែលមិនទាន់បានវាយប្រហារទៅលើកន្លែងផលិតប្រេងអ៊ីរ៉ង់ ឬយកមូលដ្ឋានចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ជាផ្ទាំងស៊ីបនោះទេ។ ចុះហេតុអ្វី​តម្លៃប្រេងហក់ឡើងថ្លៃយ៉ាងគំហុក? ​ តម្លៃប្រេង ដែលកំពុងតែកើនឡើងស្រាប់ ព្រោះតែភាពមិនប្រាកដប្រាជានៅលើទីផ្សារអន្តរជាតិ រួមនិងក្តីព្រួយបារម្ភដែលដរចេញពីរនាំងពន្ធគយដ៏ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយស្រាប់តែអ៊ីស្រាអែល​វាយប្រហារលើអ៊ីរង់ ក៏កាន់តែបន្ថែមទម្ងន់ នាំឲ្យប្រេងឡើងថ្លៃមួយកម្រិតទៀត។ ដូច្នេះ មូលហេតុនៃ​ការឡើងថ្លៃប្រេង នៅពេលនេះ គេអាចពន្យល់បានយ៉ាងងាយថា មកពីទំនាស់ភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា ដែលកើតឡើងព្រោះតែការប៉ះទង្គិចប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ គ្រាន់តែមួយរំពេចសោះ ប្រេងហក់ឡើងពីរង្វង់ ៦០-៦៥ ដុល្លារ ដល់ទៅរង្វង់ ៧០-៧៥ដុល្លារ ក្នុងមួយធុងបារិល  ពោលគឺឡើងពី១០ ទៅ១៣%ឯណោះ គិតនៅថ្ងៃសុក្រទី១៣មិថុនា។ ប្រសិនបើប្រៀបធៀប ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់លើកនេះ  ជំរុញឲ្យតម្លៃប្រេងហក់ឡើងថ្លៃខ្ពស់ជាងពីការបាញ់ប្លោងដាក់គ្នារវាងប្រទេសទាំង២ ក្នុងខែតុលា ឆ្នាំ២០២៤ នោះទៅទៀត។ ការឡើងថ្លៃប្រេងភ្លាមភ្លែតនេះ ក៏មានការរួម​ចំណែកពីភាពចលាចល​របស់ក្រុម​អ្នកវិនិយោទុន និងអ្នកលេងទីផ្សារភាគហ៊ុន ដែរ។ គួរសង្កត់ធ្ងន់​ថា ក្នុង​ការវាយប្រហារនៅថ្ងៃសុក្រទី១៣មិថុនា កងទ័ព​អ៊ីស្រាអែលបាញ់សម្រុកតែទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់តែប៉ុណ្ណោះ តែអ៊ីស្រាអែលមិនទាន់បាយវាយប្រហារទៅលើមូលដ្ឋានចម្រាញ់និងផលិតប្រេងអ៊ីរ៉ង់នៅឡើយទេ​។ អ្នកជំនាញប៉ាន់ប្រមាណថា ប្រសិន​បើអ៊ីស្រាអែលកំណត់ផ្ទាំងស៊ីបលើកន្លែងផលិតប្រេងអ៊ីរ៉ង់ គឺតម្លៃប្រេងច្បាស់ជាហក់ឡើងខ្ពស់ជាង​នេះឆ្ងាយណាស់​ ឬ ក្នុងរយៈពេលខ្លីភ្លាមៗ ប្រេងអាចនឹង​ឡើងដល់ ៨០ដុល្លារ ​​ក្នុងធុងបារិល​ ក៏អាចថាបាន។ នេះបើតាមអ្នកជំនាញនៃមជ្ឈមណ្ឌស្រាវជ្រាវ​ហិរញ្ញវត្ថុ Capital Economics នៅទីក្រុង​ឡុងដ៍​។ សំណួរសួរថា តើប្រេងអាចបន្តឡើងថ្លៃដល់ពេលណា? ចម្លើយភ្លាមៗ គឺថា នេះវាអាស្រ័យនឹងការអូសបន្លាយជម្លោះ តើវាអាចនៅយូរកម្រិតណា? តែចូរកុំភ្លេចថា ការនាំចេញប្រេងពីតំបន់ដើមបូព៌ាកំពុងតែជួបឧបសគ្គរាំងស្ទះ និងបង្កក្តីបារម្ភ ជាខ្លាំង។ ឧបសគ្គនិងក្តីបារម្ភ ពីព្រោះថា អ៊ីរ៉ង់ ជាប្រទេសផលិតប្រេងដ៏សំខាន់មួយ ដែលអាចផលិតប្រេង ចំនួន ៣,៣ លានបារិល​ក្នុងមួយ​ថ្ងៃ ហើយអ៊ីរ៉ង់ក៏​ត្រូវអ្នកជំនាញចាត់ទុកថាជាប្រទេសនាំចេញប្រេងដ៏សំខាន់ក្នុងចំណោម ១០ ប្រទេសនៅលើពិភពលោក។ ម្យ៉ាងទៀត ប្រសិនបើអ៊ីរ៉ង់បិទខ្ទប់ច្រក​ដឹកប្រេងអន្តរជាតិដែល​ខ្លួន​​គ្រប់​គ្រង​ ជាពិសេស​  ច្រកសមុទ្រ ​ Ormuz (Hormuz) នោះគឺជាសុបិនអាក្រក់ធំណាស់​។ ដ្បិតថា ច្រកដឹកប្រេង Ormuz នេះ ជាប្រភពចរាចរណ៍ប្រេង ប្រមាណជា ២០% នៃទីផ្សារប្រេងលើពិភពលោក។ ពោលគឺនាវាអាចដឹកប្រេងចេញចូលច្រកនេះ ចំនួន ២០ លានធុងបារិល​ ក្នុងមួយថ្ងៃៗ។ ប្រសិនបើអ៊ីរ៉ងបិទច្រកនេះពិត​មែន នោះតម្លៃប្រេងអាចនឹងហក់កក់ពពក ដោយត្រូវ​បូក ២០ដុល្លារ បន្ថែមទៀត​ទៅលើ​តម្លៃ​ដ៏​ខ្ពស់​សព្វថ្ងៃ​។ នេះបើតាមអ្នកជំនាញវាយតម្លៃហានិភ័យក្នុងវិស័យប្រេង។ តើនរណាអាចនឹងដើរតួសម្របសម្រួលបាន? អ្នកជំនាញប្រមើលឃើញថា ស្ថានការណ៍ដ៏លំបាក​នេះ​អាចនឹងធូរស្រាលវិញ ប្រសិនបើ អ៊ីរ៉ង់និងសហរដ្ឋអាមេរិក អាចរកឃើញកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ប្រទេសទាំង២គ្រោ​ងនឹងត្រូវ​ជួបចរចាគ្នាជាថ្មី នៅប្រទេសអូរម៉ង់ នាថ្ងៃអាទិត្យ ទី១៥មិថុនា ខាងមុខនេះ។ ផ្ទុយទៅវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេ វ៉ាស៊ីនតោននៅតែដាក់សម្ពាធសង្កត់ក​ តេហេរ៉ង់ កាន់តែខ្លាំង ហើយការនាំចេញប្រេងរបស់អ៊ីរ៉ង់អាចនឹងធ្លាក់ចុះ។ ទោះជា​ម្តេចក្តី​ ប្រទេសចិននៅតែបន្តជួយនាំចេញប្រេងអ៊ីរ៉ង់ គឺតាមរយៈការជួយទិញប្រេងពី​អ៊ីរ៉ង់ ក្នុងមួយថ្ងៃ ពី៥សែន ទៅ១លានបារិល។ នេះបើតាមអ្នកជំនាញ Bjarne Schieldrop នៃមជ្ឈមណ្ឌលស្រាវជ្រាវ SEB ដោយបញ្ជាក់ទៀតថា ចិនជាអ្នកនាំចូលប្រេងលំដាប់ទី១ ពី​អ៊ីរ៉ង់ ហើយប៉េកាំង ក៏នឹងនៅតែបន្តទិញប្រេងអ៊ីរ៉ង់តទៀត។ តើប្រទេសណាអាចនឹងកេងចំណេញពីស្ថានភាពប្រេងឡើងថ្លៃ​នេះ? ក្នុងករណីផលិតកម្មប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះ ប្រទេសដែលអាចឆ្លៀតកើបផលចំណេញ គឺ អារ៉ាប៊ីសាអ៊ូឌីត និងសមាជិកក្រុមប្រទេស​ផលិតប្រេងផ្សេងៗ​ទៀត នៃអង្គការប្រទេសផលិតប្រេង OPEC ។ ចាប់ពីខែមេសាមក ក្រុមប្រទេសផលិតប្រេង OPEC បានបញ្ចេញប្រេងដែលខ្លួន​បាន​ស្តុកទុក ហើយប្រសិន​បើ​ប្រេងចេះ​បន្តឡើងកាន់តែខ្លាំងបែបនេះ ពួកប្រទេសទាំងនោះ នឹងកាន់តែសប្បាយចិត្ត ហើយ​បង្កើនការផលិតកាន់តែច្រើន៕
ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​ត្រូវ​ការកាន់តែ​ធំឡើងៗ ​ផ្នែក​ថាមពល​អគ្គិសនី​ ឥណ្ឌូណេស៊ី​ប្រកាស​ងាក​ទៅ​ប្រើ​​នុយក្លេអ៊ែរ ចាប់​ពី​ឆ្នាំ​២០៤០ទៅ។ ដំណឹង​នេះ​បាន​ទាក់ទាញក្រុមហ៊ុនធំគ្រាក់ៗ​នៅ​លើ​ពិភពលោកឱ្យ​មក​កាន់​ដៃ​ឥណ្ឌូណេស៊ី​ឆ្លង​អន្តរកាល​ថាមពល។​ ប៉ុន្តែអ្នក​ជំនាញ​ហាក់​មាន​មន្ទិល​សង្ស័យ​ខ្លាំង ព្រោះ​យល់​ថា​គម្រោង​សាង​សង់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ថ្លៃខ្លាំង ហើយ​ឥណ្ឌូណេស៊ី​មាន​ប្រវត្តិ​មិន​សូវ​ល្អ​ទេ ក្នុង​ការ​សម្រេច​សមិទ្ធិ​ធំៗ។ មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​៤​នៅលើ​ពិភពលោក មាន​​សេចក្តី​ត្រូវ​ការ​ផ្នែក​ថាមពល​កាន់​តែ​ធំ​ឡើង​ៗ​ជា​លំដាប់​ស្រប​តាម​​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស ​ឥណ្ឌូណេស៊ី​បាន​សម្រេច​ចិត្ត​​ងាក​ទៅ​​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ ដើម្បី​សុវត្ថិភាព​យូរអង្វែង​នាពេល​អនាគត។ ជម្រើស​ប្រើ​ថាមពល​នុយក្លេអ៊ែរនេះ​ ក៏​ជា​នយោបាយ​ជាតិ​ សម្រាប់​នាំឥណ្ឌូណេស៊ី​​ឆ្លង​អន្តរកាល​ថាមពល។ រហូត​មក​ទល់​ពេល​នេះ ឥណ្ឌូណេស៊ី​​រំពឹង​យ៉ាង​ខ្លាំង​លើ​ថាមពលផូស៊ីល (​ធ្យូងថ្ម និង​ឧស្ម័នធម្មជាតិ) ដែល​សម្បូរ​ហូរហៀនិង​​​មាន​តម្លៃ​ថោក ប៉ុន្តែ​​បញ្ចេញ​ផ្សែង​បំពុល​បរិស្ថាន​ខ្លាំងណាស់។ឥណ្ឌូណេស៊ី​បាន​កំណត់​កាលបរិច្ឆេទឆ្លង​អន្តរកាល​ថាមពល​ដើម្បី​អាកាសធាតុ ប្រកប​ដោយ​​​មហិច្ឆតា​ដ៏​ធំធេង​ខ្លាំង​ក្រៃ។ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ស៊ូប្រីយ៉ាតូ បាន​ធានា​ផ្តល់​សុវត្ថិភាព​ថាមពល​ជូន​ប្រទេស ដោយ​លុប​បំបាត់ថាមពល​ដើរ​ដោយ​​ធ្យូង​ថ្ម ក្នុង​រយៈ​ពេល​១៥​ឆ្នាំ និង​សម្រេច​កម្មវត្ថុ​បញ្ចេញ​ឧស្ម័ន​កាបូនិក​សូន្យ នៅ​ឆ្នាំ​២០៥០។ ដូច្នេះ ដើម្បីជំនួស​ថាមពល​ធ្យូង​ថ្ម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការ​សម្បើម ហើយ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក ​ឥណ្ឌូណេស៊ី​ចាំបាច់​ត្រូវ​​តែ​ប្រើ​នុយក្លេអ៊ែរ។បើ​តាម​គម្រោង ​ឥណ្ឌូណេស៊ី នឹង​​អភិវឌ្ឍ​មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ​ ដែល​មាន​សមត្ថភាព​ផ្តល់​ចរន្ត​អគ្គីសនី​ដល់​ទៅ​១០ជីហ្កាវ៉ាត់ នៅ​ឆ្នាំ​២០៤០ ដោយ​មានទីតាំង​​សរុប​ប្រមាណ​២៩មណ្ឌល។​ ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ តំបន់​ភាគកណ្តាល តំបន់​ខាង​កើត ​នៃ​ប្រទេសនិង​ជិត​កន្លែង​យក​រ៉ែ​ដែល​ល្មោភ​ថាមពល​ខ្លាំង មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ត្រូវសាង​សង់​នៅតាម​តំបន់ខុសៗគ្នា ​​នៅ​ក្រៅ​កោះ​ជ្វា (Java)​ និង​ផ្តុំ​គ្នា​ជាពិសេស​នៅ​តំបន់​ភាគ​ខាង​ជើងកោះ​​ស៊ូម៉ាត្រា ​កោះ​រីយ៉ូ (ខាង​ជើង) កោះប័រនេអូ(លិច​និងកើត) កោះលេឡែប និងកោះ​ប៉ាពូអាស៊ី។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដំបូង នៅ​លើ​កោះ​Bornéo នឹង​អាច​ចាប់​ដំណើរ​ការ​មុនគេ​បាន​នៅ​រវាង​ពី​ឆ្នាំ​២០៣០ទៅ​២០៣២។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Bahlil Lahadalia រដ្ឋមន្ត្រី​ក្រសួង​ថាមពល​និង​ធនធាន​រ៉ែ កាលពី​ខែ​មេសា ដោយ​បន្ថែម​ថា ម៉ាស៊ីន​ប្រតិករ​ទីមួយ​ មាន​សមត្ថភាព​ត្រឹម​២៥០ទៅ​៥០០មេហ្កាវ៉ាត់ទេ។ ជា​ប្រភេទ​ម៉ាស៊ីនបច្ចេកវិទ្យាប្រតិករ​តូច (Small Mudular Reactor) ​មិន​សូវ​ខ្លាំង​ដូច​ម៉ាស៊ីនប្រតិករធំៗ​ប្រើ​ក្នុង​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅលើ​ពិភពលោកដែល​មាន​កម្លាំង​ដល់​ទៅ​១៦៥០មេហ្កាវ៉ាត់ ប៉ុន្តែ​ស៊ីចង្វាក់​​ខ្លាំង​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី។ជា​សរុប នាពេល​អនាគត ​នុយក្លេអ៊ែរនឹង​ជួយ​ផលិត​​ថាមពល​បាន​ប្រមាណ​ពី​៤៥ទៅ​៥៤ជីហ្កាវ៉ាត់ ឬ​ត្រូវ​ជា​ប្រមាណ​១០%​នៃ​សមត្ថភាព​ថាមពល​របស់​ប្រទេស ដែលមាន​កម្មវត្ថុ​ប្រើ​ថាមពល​កើត​ឡើង​វិញ (ថាមពល​វាយោ ថាមពល​ព្រះអាទិត្យ ថាមពលជីវៈ...) ឱ្យ​ដល់​៨០%​​ពី​នេះ​ដល់​ឆ្នាំ​២០៦០។ សល់​ប៉ុន្មាន​ឥណ្ឌូណេស៊ី​នឹង​ប្រើ​​ឧស្ម័នធម្មជាតិ​ ​សម្រាប់​បំពេញ​កម្មវត្ថុ​ថាមពល។គម្រោង​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​នេះ​បាន​ទទួល​ចំណាប់​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​យក្ស​ផ្នែក​ថាមពល​នុយក្លេអ៊ែរ ជា​ច្រើន​នៅ​លើ​ពិភពលោក។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ថា​កំពុង​​ផ្តើម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនអាមេរិក បារាំង ចិន រុស្ស៊ី​។ មិន​ដឹង​ថា​តើ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង នៅ​ឥណ្ឌូណេស៊ី​ នា​ថ្ងៃ​ទី​២៨​ឧសភា​២០២៥​នេះ​ អាច​មាន​ផ្តោត​លើ​សំណុំ​រឿង​នុយក្លេអ៊ែរ​នេះ​ដែរ​ឬ​យ៉ាង​ណា​ទេ។ ​អគ្គនាយក​ក្រុមហ៊ុន​អគ្គិសនី​បារាំងEDF ដែល​អម​​ដំណើរ​លោក​ម៉ាក្រុង​ទៅ​ហ្សាកាតា ក៏​មិន​បញ្ជាក់​ព័ត៌មានទាក់ទង​នឹង​សំណើ​ចង់​បាន​កិច្ចសហប្រតិបត្តិការ​សាង​សងសង់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​ជាមួយ​ក្រុមហ៊ុន​បារាំងដែរ។ប៉ុន្តែ​ថ្វី​បើ​សក្តានុពល​សេដ្ឋកិច្ច​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាង​ណា​ក៏​ដោយ ក៏អ្នក​ជំនាញ​ហាក់​មាន​មន្ទិល​សង្ស័យ​ខ្លាំង លើ​សមត្ថភាព​របស់​ឥណ្ឌូណេស៊ី​ ក្នុង​ការ​ប្រែក្លាយ​​​គម្រោងឱ្យចេញ​ជា​លទ្ធផល​ជាក់ស្តែង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ (​១០​ឆ្នាំ)។ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរស្រាវជ្រាវ​ ​ដំបូង​គេ​បង្អស់របស់​ឥណ្ឌូណេស៊ី ត្រូវ​បាន​សម្ពោធ​តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​១៩៦៥​ ដោយ​ប្រធានាធិបតី​ស៊ូការណូ បិតា​ឯករាជ្យ​ជាតិ​ឥណ្ឌូណេស៊ី។ ​៦០ឆ្នាំ​​ក្រោយ​មក មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទីមួយ​ប្រចាំ​តំបន់​អាគ្នេយ៍​ មានម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរស្រាវជ្រាវ​​ដល់​ទៅ​បី តែ​ឥណ្ឌូណេស៊ី​នៅ​តែ​គ្មាន​​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​សម្រាប់​ផលិត​ថាមពល​ដដែល។ឧបសគ្គ​ចម្បង​គឺ​​អំពើ​ពុក​រលួយ​ខ្លាំង​ និង​​កា​រជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​និង​អ្នក​នយោបាយ។ ហើយ​តម្លៃ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ក៏​ខ្ពស់​ខ្លាំង អាច​ដល់​ច្រើន​សិប​ពាន់​លាន តើ​រដ្ឋាភិបាល​ទៅ​រក​លុយ​មក​ពីណា? វិញ្ញាសា​លំបាក​ទីពីរ​ គឺ​បច្ចេកវិទ្យា ដែលតម្រូវ​ឱ្យ​សម្រប​រចនា​សម្ព័ន្ធ​នុយក្លេអ៊ែរ​ទៅ​ទីតាំង​ភូមិសាស្ត្រ​ និង​អាកាសធាតុ​របស់​ឥណ្ឌូណេស៊ី ដែល​មាន​ទី​តាំង​ស្ថិត​​​នៅ​លើ​​តំបន់ខ្សែក្រវ៉ាត់​​ភ្នំភ្លើង និង​រញ្ជួយ​ដី។ ​ធា្លប់​ជួប​គ្រោះ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំ​ភ្លើង​ជា​ញឹកញយ ឥណ្ឌូណេស៊ី​​បាន​ធានា​ថា​អាច​គ្រប់គ្រង​ហានិភ័យ​បាន។ បើ​តាម​អ្នក​ស្រាវជ្រាវ​​ផ្នែក​វិស្វកម្ម​​នុយក្លេអ៊ែរ​នៅ​សកលវិទ្យាល័យYogyakarta តំបន់​Java Sumatra Bornéo ខាង​កើត​និ​ងកណ្តាល​ ជា​តំបន់​មាន​ហានិភ័យ​ទាប ជា​តំបន់​មាន​គ្រោះ​រញ្ជួយ​ដី​និង​ភ្នំភ្លើង​ខ្សោយ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា ក្រោយ​គ្រោះរញ្ជួយ​ដី​និង​រលក​ស៊ូណាមិ បាន​ធ្វើពន្យឺត​ បង្អាក់​​គម្រោងនុយក្លេអ៊ែរ​ជា​ច្រើន​មក​ហើយ​របស់​​នៅ​អាស៊ី​៕
នៅចុងខែមេសា​កន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំ​បានប្រកាស​គម្រោង​ដំឡើងពន្ធ​ខ្ពស់កប់ពពក​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តា​ប្រទេស​នៅអាស៊ីអាគ្នេយ៍។ ដោយ​ប្រកាស​ដំឡើងពន្ធ​ពី​៣០% ទៅ​៣០០០% ដូចករណី​ផ្ទាំងសូឡា​នាំចូលពី​កម្ពុជា លោកដូណាល់​ត្រាំ​ចង់ប្រើវិធានការដំឡើង​ពន្ធដើម្បីដាក់សម្ពាធ​លើ​ចិនដែល​អាមេរិក​ជឿថា លួចទៅ​បង្កើត​រោងចក្រ​ផលិត​នៅប្រទេស​អាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់​អាមេរិក និងអឺរ៉ុប។ អ្នកជំនាញ​វិញវាយតម្លៃថា វិធានការដំឡើងពន្ធ​របស់​រដ្ឋបាលលោកដូណាល់​ត្រាំ អាច​ជា​ឱកាស​មាសព្រោះថា បណ្តាប្រទេស​នៅអាស៊ីអាចទិញ​ផ្ទាំងសូឡា​ក្នុងតម្លៃថោកដើម្បីជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំ មិនបំពុលបរិស្ថានដូច​ជាថាមពល​ផូស៊ីល។ សង្រ្គាមពាណិជ្ជកម្ម​ តាមរយៈ​ការប្រកាស​ដំឡើង​ខ្ពស់កប់ពពករបស់​​រដ្ឋបាល​លោកដូណាល់ ត្រាំ​មិនមែនសុទ្ធតែ​អាក្រក់​ ផ្តល់ផលអវិជ្ជមាន​ទាំងអស់នោះទេ។ អ្នកជំនាញបានលើកយកករណី​គំរាម​ដំឡើង​ពន្ធ​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យ ដែល​លោក​ដូណាល់ ត្រាំ​គ្រោង​នឹង​អនុវត្ត​ទៅលើ​ផ្ទាំងសូឡា​នាំចូលមកពីប្រទេស​នៅអាស៊ីអាគ្នេយ៍។លោកដូណាល់ត្រាំចង់​ដំឡើងពន្ធ​លើ​ផ្ទាំងសូឡា​ផលិត​នៅ​អាស៊ីអាគ្នេយ៍ នៅបន្ទាប់ពី​ការស៊ើបអង្កេត​​មួយ​ទាញ​សេចក្តីសន្និដ្ឋានថា រដ្ឋអំណាច​ចិន​ជាអ្នកនៅពីក្រោយ ជួយ​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុនចិន ដែលបោះទីតាំង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍។ ជំនួយឧបត្ថម្ភរបស់រដ្ឋចិន​ដែលបានធ្វើឲ្យផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​លក់​តម្លៃថោក ត្រូវ​បាន​ក្រុមហ៊ុនអាមេរិក​ចាត់ទុកថា ជា​រឿង​មិនយុត្តិធម៌ និងមិនមែនជា​ការប្រកួតប្រជែង​ដោយស្មើភាព។គណៈ​កម្មាការពាណិជ្ជកម្ម ដែល​ចំណុះ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​បាន​ប្រកាស ទុក​ពេលរហូត​ដល់​ថ្ងៃទី​ ២ មិថុនា​ ដើម្បីពិនិត្យ​មើលលម្អិតថា​ តើ​ការ​ឧបត្ថម្ភធន​របស់​រដ្ឋអំណាច​ប៉េកាំង​ចំពោះ​ក្រុម​ហ៊ុន​ចិន​នៅ​អាស៊ី​អាគ្នេយ៍ ពិត​ជាការប្រកួត​ប្រជែង​មិន​ស្មោះត្រង់ និង​ពិត​ជា​​ប៉ះពាល់​ទៅដល់​ក្រុម​ហ៊ុនអាមេរិក​ មែន​ឬក៏យ៉ាងណា។ប៉ុន្តែ ក្នុងពេលរង់ចាំ លោក​ដូណាល់​ត្រាំបានបំភ័យគេគ្រប់គ្នា​ ដោយ​បាន​ប្រកាសនៅ ចុងខែ​មេសា​កន្លងទៅ ពី​គម្រោង​ចង់​ដំឡើងពន្ធ​រហូតដល់​៣៥២១%​លើ​ផ្ទាំងសូឡានាំចូលពីប្រទេស​កម្ពុជា ៣៧៥%​លើផ្ទាំងសូឡា​ផលិតនៅ​ប្រទេស​ថៃ និង​៤០%​លើ​ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ​នាំចូលមកពីប្រទេស​ម៉ាឡេស៊ី។បើសិន​សហរដ្ឋអាមេរិក​ប្រកាស​ដំឡើងពន្ធ​ពិតមែន នោះ​ក្រុមហ៊ុន​ចិន​នឹង​ត្រូវ​ប៉ះពាល់​មុនគេព្រោះថា ចិន​​ជាអ្នកផ្គត់ផ្គង់សំខាន់ តំណាងឲ្យ៨០%​នៃ​ការផ្គត់ផ្គង់​ផ្ទាំងសូឡា​ក្នុងពិភពលោក​។ រាល់​ដំណើរការផលិត​ផ្ទាំងសូឡានៅក្នុងពិភពលោក​មិនអាច​ជៀសរួចផុត​ពីចិន ដែលមាន​​ចំណែក​ចូលរួម​របស់​ខ្លួន​ដល់​ទៅ​​៨០%​នៃ​គ្រប់ដំណើរការផលិត​ផ្ទាំងសូឡា​។ចិនបានបញ្ជូនផលិតផលសម្រេច ឬ​​រើទីតាំង​រោងចក្រទៅនៅ​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា ថៃ កម្ពុជា ក៏ដោយសារតែ​មិនចង់ជាប់ពន្ធ​ខ្ពស់​របស់​សហរដ្ឋអាមេរិក និងអឺរ៉ុប។ ដូច្នេះ បើសិន​អាមេរិក​សម្រេច​ដាក់ពន្ធខ្ពស់​កប់ពពក ដល់​ទៅ​​៣៥២១%ក្នុងករណី​ផ្ទាំងសូឡានាំចេញពីកម្ពុជា នោះ ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​ផលិតនៅអាស៊ីអាគ្នេយ៍​នឹងមានតម្លៃកើនឡើង​ខ្ពស់​ដល់​ទៅ ៣៥ដង។ ដោយសារ​តែមិនអាច​នាំចូលទៅ​សហរដ្ឋអាមេរិកដ្បិតតែ​តម្លៃខ្ពស់កប់ពពក ផ្ទាំងសូឡា​របស់ចិន​នឹង​ត្រូវ​ចាក់គរជើង។នៅក្នុងកាលៈទេសៈដែល​ចិន​បាត់បង់​ទីផ្សារអាមេរិក និងអាច​ត្រូវ​បង្ខំចិត្ត​លក់​បញ្ចេញ​ផ្ទាំងសូឡា​ក្នុង​តម្លៃថោក អ្នកជំនាញ​នៅអាស៊ី បានចោទសួរថា ហេតុអ្វីបានជា​ប្រទេស​នៅអាស៊ី​អាគ្នេយ៍មិនឆ្លៀតឱកាស​ដែល​ផ្ទាំងសូឡា​របស់​ចិន​លែងអាច​ចូលចុះក្នុងទីផ្សារអាមេរិក​ ដើម្បី​ទិញនាំចូល​យកទៅ​ជំរុញការប្រើប្រាស់ថាមពល​ស្អាតស្អំ​នៅក្នុងប្រទេស​របស់ខ្លួន​?ចិនផ្ទាល់ដែលមានទីផ្សារក្នុងស្រុក​​លែង​អាច​ស្រូប​ផ្ទាំងសូឡាតទៅទៀតនោះ ក៏ចង់​បង្វែរផលិតផលរបស់ខ្លួននៅតំបន់អាស៊ីដែរ។ប៉ុន្តែ របាយការណ៍​កាលពី​ឆ្នាំមុន​បង្ហាញថា ប្រទេស​នៅអាស៊ីអាគ្នេយ៍​នៅយឺតយ៉ាវ ក្នុងរឿង​ប្រើប្រាស់ថាមពលស្អាតស្អំ​ដើម្បី​សម្រេច​គោលដៅ​អាកាសធាតុ។ ជាក់ស្តែង ម៉ាឡេស៊ីជាដើម​ដែល​ផលិតនាំចេញ​ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន ​នៅតែពឹងផ្អែកលើ​​ថាមពល​ផូស៊ីល (ប្រេង ឧស្ម័ន) ដល់​ទៅ ៨០%​ដើម្បី​ផលិត​អគ្គិសនី​ប្រើប្រាស់​ក្នុង​ស្រុក ខណៈដែល​​រដ្ឋាភិបាលប្រទេស​នេះ​បាន​សន្យា​ជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំដូចជា​ថាមពលវាយោ ថាមពលព្រះអាទិត្យ ឲ្យ​បាន​២៤%​យ៉ាងយូរ​នៅ​ឆ្នាំ ២០៣០។ចំពោះលោកស្រី Muyi Yang អ្នកវិភាគមកពី​វិទ្យាស្ថានវាយតម្លៃលើផ្នែកថាមពល Ember វិធានការដំឡើងពន្ធ​របស់​រដ្ឋបាល​លោកដូណាល់ត្រាំលើផ្ទាំងសូឡា​នាំចូលពីអាស៊ីអាគ្នេយ៍ ជា​ឱកាស​ដ៏ល្អបំផុត​ដែល​ប្រទេស​នៅតំបន់​អាស៊ី​ត្រូវ​តែ​ឆក់​ចាប់យកឲ្យបានដើម្បីជំរុញ​ការផលិតផល​ប្រើប្រាស់​ថាមពល​ស្អាតស្អំក្នុងស្រុក។ អ្នកជំនាញខាងលើចង់​សង្កត់ធ្ងន់ផងដែរ​ពីការ​​ការប្រែក្លាយវិធានការដំឡើងពន្ធ​ដ៏ខ្ពស់​ ឬការដាក់ទណ្ឌកម្មរបស់​អាមេរិក​​ឲ្យទៅ​ជាការធ្វើបដិវត្តន៍បច្ចេកវិទ្យាស្អាតស្អំនៅអាស៊ី។អ្នកជំនាញមកពីវិទ្យាសា្ថនថាមពលមួយទៀតបាន​វាយតម្លៃថា នៅពេល​តម្លៃផ្ទាំងសូឡាចុះថោក ដោយសារ​តែ​ទ័ល គ្មានទីផ្សារអាមេរិក មានប្រទេស​មួយចំនួនប៉ុណ្ណោះដែលចាប់អារម្មណ៍ ចំណែកប្រទេស​នៅតំបន់អាស៊ាន ដូចជា​ឥណ្ឌូណេស៊ី ឬ​ ឥណ្ឌាវិញ នឹង​ព្យាយាម​ទប់មិន​ឲ្យ​ផ្ទាំងសូឡារបស់ក្រុមហ៊ុនចិន​នាំចូលដោយ​គំហុកទៅក្នុងទីផ្សារ​របស់ខ្លួន ​​ដើម្បីការពារ​ការផលិតផ្ទាំងសូឡា​ក្នុងស្រុករបស់ខ្លួន៕
ប៉ាគីស្ថាន និង​ឥណ្ឌា​កំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហារ​ភេរវកម្មក្នុង​តំបន់​កាស្មៀរឥណ្ឌា កាលពីថ្ងៃទី ២២​ខែ​មេសា ដែលបាន​សម្លាប់​អ្នកទេសចរឥណ្ឌាចំនួន​២៦នាក់។ ​ឥណ្ឌាបាន​ចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយ​ក្រុមភេរវនិយម ប៉ុន្តែ ប៉ាគីស្ថានបដិសេធ និងថា ឥណ្ឌា​កំពុងរកលេស​ដើម្បីធ្វើសង្រ្គាមវាយប្រហារ​ប៉ាគីស្ថាន។ ​ក្រៅតែពី​ចោទប្រកាន់ ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក និង​ចាត់វិធានការសងសឹក​ផ្នែកការទូត ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទាហាន​ឥណ្ឌា និង​ទាហាន​ប៉ាគីស្ថាន​នៅតាម​បណ្តោយព្រំដែនក្នុង​តំបន់​កាស្មៀរ​ចាប់ផ្តើម​បាញ់បោះដាក់គ្នា​ជារៀងរាល់ថ្ងៃ។ តើ​ឥណ្ឌា និង​ប៉ាគីស្ថាន​នឹង​ផ្ទុះសង្រ្គាមនឹងគ្នា​សាជាថ្មី? តើអ្នក​ណា​នឹង​អាច​អន្តរាគម ជួយ​​បន្ធូរបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរ? នៅថ្ងៃទី ២២មេសា មនុស្ស២៦នាក់ស្លាប់ និង ១៧នាក់​រងរបួស​នៅពេល​ក្រុមសកម្មជនប្រដាប់អាវុធ​ចូលទៅបាញ់រះ​សម្លាប់មនុស្សនៅកន្លែងទេសចរណ៍​ក្នុង​តំបន់​ចាមុ និងកាស្មៀរឥណ្ឌា(Jammu Kashmir)។ អាជ្ញាធរ​ឥណ្ឌា​កំពុងតាមប្រមាញ់​ចាប់​ពួកភេរវជន​ដែល​​រដ្ឋាភិបាល​ក្រុងញូវដេលី​ជឿថា ជាគ្នីគ្នារបស់ក្រុមជ្រុលនិយមដែលមាន​មូលដ្ឋាន​នៅក្នុងទឹកដីប៉ាគីស្ថាន។ រដ្ឋាភិបាល​ឥណ្ឌា​នៅបាន​ចោទប្រកាន់​ប៉ាគីស្ថាន​ថា ជាអ្នកនៅពីក្រោយការវាយប្រហារ​ភេរវកម្មឆ្លងដែន និង​គំរាម​សងសឹកប្រទេសជិតខាងឲ្យចាស់ដៃ។ នេះមិនមែនជាលើកទី១ទេ ដែលឥណ្ឌា និងប៉ាគីស្ថានមើលមុខ​គ្នា​មិនចំ រហូត​ដល់​ទៅ​ផ្ទុះសង្រ្គាមនឹងគ្នា៣ដង ដោយសារ​​ជម្លោះកាស្មៀរ។ហេតុអ្វីបានជា​ជម្លោះនៅ​កាស្មៀរនៅតែជាដើមហេតុធ្វើឲ្យប៉ាគីស្ថាន និង​ឥណ្ឌាអាច​ផ្ទុះសង្រ្គាមនឹងគ្នា?យើងត្រលប់ទៅមើលប្រវត្តិដើមរបស់​តំបន់កាស្មៀរនេះឡើងវិញ។ នៅមុនពេល​​អង់គ្លេសប្រគល់ឯករាជ្យ​និងពុះចែកឥណ្ឌា ជា២ប្រទេស គឺ ឥណ្ឌា និង​ប៉ាគីស្ថាន ​កាស្មៀរធ្លាប់ជា​រដ្ឋមួយ​ក្នុងរដ្ឋ​សហព័ន្ធឥណ្ឌា ដែលមាន​ប្រជាជន​រស់នៅភាគច្រើនជា​អ្នកកាន់សាសនា​អ៊ីស្លាម ប៉ុន្តែ មាន​មេដឹកនាំ​ជាអ្នកកាន់សាសនា​ហិណ្ឌូ។ នៅក្នុងកិច្ចព្រមព្រៀង​ប្រគល់​ឯករាជ្យ ចក្រភពអង់គ្លេស​បាន​ទុក​ឲ្យប្រជាជន​កាស្មៀរជាអ្នកសម្រេចចិត្ត​ថា តើ​ត្រូវ​ភ្ជាប់ខ្លួន​ទៅប៉ាគីស្ថាន ឬ​ទៅ​នឹង​ឥណ្ឌា ឬ​ក៏ចង់ក្លាយជា​ប្រទេស​ឯករាជ្យ។ដោយសារតែមានប្រជាជន​កាស្មៀរភាគច្រើនជាអ្នកកាន់សាសនា​អ៊ីស្លាម ប៉ាគីស្ថាន​ជឿថា កាស្មៀរប្រាកដជានឹងមកចុះចូលខាងខ្លួន ដូច​បណ្តាតំបន់ដទៃទៀតដែលមានប្រជាជន​កាន់សាសនាអ៊ីស្លាម។ ប៉ុន្តែ មហារាជ្យ​របស់​កាស្មៀរនៅ​សម័យនោះ រារែកមិនទៅខាងណាទាំងអស់ ក៏ព្រោះតែចង់នៅ​ឯករាជ្យ។ ការណ៍នេះ​បានធ្វើឲ្យ​ក្រុមបដិវត្តន៍អ៊ីស្លាម​នៅ​កាស្មៀរដែលចង់​ភ្ជាប់កាស្មៀរ​ទៅប៉ាគីស្ថាន​មិន​សប្បាយចិត្ត និងរៀបចំគម្រោងការចង់ដណ្តើមអំណាច ដោយមានជំនួយពីក្រុមកុលសម្ព័ន្ធនៅប៉ាគីស្ថាន។ ដោយសារតែ​បារម្ភខ្លាច​ការឈ្លានពាន​ពីក្រុមកុលសម្ព័ន្ធអ៊ីស្លាម​នៅប៉ាគីស្ថាន មហារាជ្យរបស់កាស្មៀរ​បានសម្រេច​ភ្ជាប់ខ្លួន​ទៅនឹងឥណ្ឌា​។ ឥណ្ឌាក៏​បាន​បញ្ជូនទាហាន​ទៅគ្រប់គ្រងដែនដី​មួយផ្នែកធំរបស់កាស្មៀរ(ចំនួន២ភាគ៣) ប៉ុន្តែ ប៉ាគីស្ថានមិនសុខចិត្ត និងបានបញ្ជូនទ័ពមក​កាន់កាប់ដែនដីកាស្មៀរ​ដែលនៅសល់។ ជម្លោះដណ្តើម​តំបន់កាស្មៀររវាង​ឥណ្ឌា និងប៉ាគីស្ថាន​បានកើតឡើង​តាំង​ពីពេលនោះមក។   ​នៅក្នុង​រយៈពេល​៧៨ឆ្នាំក្រោយ​ទទួល​ឯករាជ្យពីអាណានិគមអង់គ្លេស បងប្អូនសត្រូវ ឥណ្ឌា និង​ប៉ាគីស្ថានបាន​​ផ្ទុះ​សង្រ្គាមនឹងគ្នា ​ដល់​ទៅបីលើក ដោយសារ​តែ​តំបន់កាស្មៀរ។ លើកទី១ នៅ​​ឆ្នាំ​១៩៤៧ នៅប៉ុន្មានខែ​ក្រោយ​ទទួលបានឯករាជ្យពីអាណានិគមចក្រភពអង់គ្លេស។  លើកទី២ នៅ​​ឆ្នាំ​១៩៦៥ និងលើកទី៣ នៅ​​ឆ្នាំ​១៩៩៩ នៅពេល​ក្រុមប្រដាប់អាវុធអ៊ីស្លាមនៅកាស្មៀរ និង​ទាហាន​ប៉ាគីស្ថានរួមដៃគ្នា​វាយប្រហារ​លើទីបន្ទាយទាហានឥណ្ឌា និង​ចូលទៅ​កាន់កាប់​ទីតាំង​លើ​ភ្នំហិមាល័យ​​ក្នុង​ដែនដីកាស្មៀរ​ឥណ្ឌា។ ឥណ្ឌាបាន​សងសឹកវិញ ដោយ​បើកការវាយប្រហារ​ចូលក្នុង​ទឹកដីប៉ាគីស្ថាន ជាទីដែល​ឥណ្ឌាចាត់ទុក​ថា ជា​ទីតាំងសំបុករបស់​​ក្រុមអ៊ីស្លាមជ្រុលនិយម​ អ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម​ប្រឆាំង​ឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថាន​បាន​ធ្វើ​សង្រ្គាម​ប្រយុទ្ធ​គ្នា​ដល់ទៅ៣ដង ប៉ុន្តែនៅតែមិនអាច​ដោះស្រាយឲ្យដាច់ស្រឡះ បញ្ហាកាស្មៀរ។ឥណ្ឌានៅតែបន្ត​ចង្អុរមុខ​ចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកបណ្តុះបណ្តាល ឧបត្ថម្ភជួយ​ក្រុមបះបោរអ៊ីស្លាម​នៅក្នុងទឹកដីកាស្មៀរឥណ្ឌាឲ្យប្រព្រឹត្តអំពើភេរវកម្ម បង្កអសន្តិសុខ​នៅកាស្មៀរឥណ្ឌា។ ចំពោះឥណ្ឌា ប៉ាគីស្ថាននៅចិញ្ចឹមចិត្ត​ចង់​បានកាស្មៀរឥណ្ឌា តាមរយៈ​ការ​សមគំនិតជួយ​ក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម​ឲ្យ​បង្កអសន្តិសុខ វាយប្រហារ​លើ​ប្រជាជនស៊ីវិល និងកងទ័ពនៅកាស្មៀរឥណ្ឌា។ ម្យ៉ាង ប៉ាគីស្ថានក៏ចង់​សងសឹកនឹង​ឥណ្ឌាដែលធ្លាប់បាន​ជួយគាំទ្រ​ឲ្យក្រុមបះបោរ​ទាមទារ​បំបែកទឹកដី​មួយផ្នែករបស់ប៉ាគីស្ថានកាលពីសង្រ្គាមស៊ីវិល​ឆ្នាំ ១៩៧១ ដែលធ្វើឲ្យកើតចេញជាប្រទេស​បង់ក្លាដែសសព្វថ្ងៃ។ប៉ាគីស្ថានទាញចំណេញពីក្រុមអ៊ីស្លាមនៅកាស្មៀរឥណ្ឌា ដែលមិនពេញចិត្តនឹងការដឹកនាំបែបរើសអើងរបស់រដ្ឋាភិបាលញូវដេលីមានប្រជាជនរស់នៅ​៧លាននាក់ ដែលនៅក្នុងនោះ ៧០%ជា​អ្នកកាន់សាសនា​អ៊ីស្លាម កាស្មៀរឥណ្ឌា​បានធ្លាក់ខ្លួនរងគ្រោះ​ដោយសារជម្លោះប្រដាប់អាវុធ និងការវាយប្រហារ​ភេរវកម្ម​។ ជម្លោះកាស្មៀរ ត្រូវ​គេ​ចាត់បញ្ចូល​​​ក្នុង​ចំណោម​ជម្លោះ​ដែនដី​ដែល​មាន​សភាពធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​បំផុត​មួយ​នៅលើ​ពិភពលោក ព្រោះថា ភាគីជម្លោះ ឥណ្ឌា និង​ប៉ាគីស្ថាន សុទ្ធតែ​មាន​អាវុធ​នុយក្លេអ៊ែរដូចគ្នា។ ជម្លោះ​ដែល​អាច​រាលដាល​ទៅ​ជា​សង្រ្គាម រវាង​មហាអំណាច​នុយក្លេអ៊ែរ​ពីរ គឺ​ជាជម្លោះ​ដ៏គ្រោះថ្នាក់​មួយ សម្រាប់​ឥណ្ឌា និង​ប៉ាគីស្ថាន ក៏ដូចជា សម្រាប់​សុខសន្តិភាព​អន្តរជាតិ។យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ចាប់តាំង​ពី​ឆ្នាំ​២០០០​មក ថ្វីដ្បិត​តែ​បញ្ហា​តានតឹង​នៅ​កាស្មៀរ​នៅតែ​កើតមាន​ជារឿយៗ ហើយ​ពេលខ្លះ​​រហូត​ដល់​មាន​ការ​ប៉ះទង្គិច​​អាវុធគ្នា ជាពិសេស​នៅតាម​បណ្តោយខ្សែបន្ទាត់ព្រំដែនត្រួតពិនិត្យ ដែលពុះខ័ណ្ឌចែក​កាស្មៀរជាពីរក្តី ក៏​ឥណ្ឌា និង​ប៉ាគីស្ថាន​មិនប្រយុទ្ធបង្ហូរឈាមគ្នា រហូត​ដល់ថ្នាក់គំរាមប្រើអាវុធនុយក្លេអ៊ែរ ដែលនឹង​អាច​ធ្វើឲ្យប្រទេស​មហាអំណាច​នុយក្លេអ៊ែរទាំងពីររលាយសាបសូន្យទាំងអស់គ្នាដែរ។លើកនេះ ដូចលើកមុនៗ អ្នកជំនាញវាយតម្លៃថា បើទោះជា​ឥណ្ឌា​អាច​បើកការវាយប្រហារ​យោធា​លើប៉ាគីស្ថានដើម្បីសងសឹក​នឹងភេរវកម្ម​សម្លាប់​អ្នកទេសចរឥណ្ឌាក្តី ក៏សង្រ្គាមរវាងប្រទេសទាំងពីរ​នឹង​មិនអាច​រាលដាលទៅជា​សង្រ្គាមនុយក្លេអ៊ែរ។ នៅភាគីឥណ្ឌា ដោយសារតែការដាក់សម្ពាធក្នុងស្រុក ព្រោះថា ជនរងគ្រោះស្លាប់ដោយសារ​ការវាយប្រហារ​របស់​ភេរវជនភាគច្រើនជាអ្នកកាន់សាសនា​ហិណ្ឌូ លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី គ្មានជម្រើសអ្វីក្រៅតែពី​ចាត់វិធានការ​សងសឹក​ប៉ាគីស្ថាន​​ដើម្បី​បំពេញចិត្ត​ប្រជាជន​។រដ្ឋាភិបាលប៉ាគីស្ថានក៏មិនចុះញ៉ម និង​ចង់​បានការពារមុខមាត់ដូចគ្នា។ ទោះត្រូវ​ឥណ្ឌាចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម សម្លាប់​អ្នកទេសចរនៅ​កាស្មៀរឥណ្ឌា​ ឬជា​អ្នកជួយទំនុកបម្រុងក្រុមជ្រុលនិយមអ៊ីស្លាម ដែលកំពុង​លាក់ខ្លួន​នៅក្នុងទឹកដី​ប៉ាគីស្ថានក្តី ប៉ុន្តែ ប៉ាគីស្ថានបាន​ត្រឹមបដិសេធទាត់ចោល និងមិនព្រមតាមចាប់មេខ្លោងដែល​ឥណ្ឌា​ចោទថា កំពុងលាក់ខ្លួន​នៅក្នុងទឹកដីប៉ាគីស្ថាន។​តើអ្នកណាដែលអាច​ជួយធ្វើជាអន្តរការី​បន្ថយភាពតានតឹង រវាង​បងប្អូនសត្រូវទាំងពីរ?កន្លងមក ជម្លោះតានតឹង និងសង្រ្គាម​ឥណ្ឌា ប៉ាគីស្ថាន​តែងតែបិទបញ្ចប់ទៅ ដោយមាន​អន្តរាគមន៍សហគមន៍អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក។ អាមេរិក​ដែលធ្លាប់មានទំនាក់ទំនង​ជិតស្និទ្ធជាមួយ​ភាគីជម្លោះទាំងពីរ​តែ​ងចេញមុខមក​​បញ្ចុះបញ្ចូល​ឲ្យ​គូបដិបក្ខ​ទម្លាក់អាវុធឈប់ប្រយុទ្ធគ្នា។ ប៉ុន្តែខុសពីលើកមុនៗ​ នៅពេលឥណ្ឌា និងប៉ាគីស្ថាន​កាន់តែ​តានតឹងគ្នាខ្លាំង អាមេរិកមិនសូវជា​លូកដៃអន្តរាគមប៉ុន្មានទេ។ ផ្ទុយពី​មេដឹកនាំអាមេរិកមុនៗ​ដែល​ចូលខ្លួនជា​អន្តរការីដ៏សកម្ម ដើម្បី​បញ្ចុះបញ្ចូលភាគីជម្លោះ លោកដូណាល់ត្រាំតាំងខ្លួនជា​អ្នកឈរមើល ដោយត្រឹមនិយាយ​ថា លោកជឿជាក់ថា ឥណ្ឌា និងប៉ាគីស្ថាននឹង​អាច​ដោះស្រាយបញ្ចប់​បញ្ហា​នេះ​ដោយ​ខ្លួនឯង។ ជំហររបស់ប្រធានាធិបតីអាមេរិក​​ពិតជា​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តីឥណ្ឌា​ខកចិត្តខ្លាំង ជាពិសេស​នៅចំពោះមុខ​ប៉ាគីស្ថានដែលទទួលបានការគាំទ្រភ្លាមៗពីសម្ព័ន្ធមិត្តអារ៉ាប់ និងចិនដែលជាគូប្រជែងដ៏ធំរបស់​ឥណ្ឌា៕
ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រាំបានត្រលប់មកកាន់អំណាច ដឹកនាំអាមេរិកសាជាថ្មី។ នៅក្នុងរយៈពេល១០០ថ្ងៃនេះ លោកដូណាល់ ត្រាំបានប្រែក្រឡាប់ចាក់ក្បួនច្បាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលរដ្ឋកាអាមេរិកកន្លងមកបានព្យាយាមកសាងជាង៨ទសវត្សរ៍។ នៅ១០០ថ្ងៃមកនេះ តើលោកដូណាល់ ត្រាំស្តីបន្ទោសមេដឹកនាំប្រទេសផ្សេងទៀត និងធ្វើឲ្យទីផ្សារពិភពលោកចលាចល? តើលោកដូណាល់ ត្រាំកំពុងសងសឹកសត្រូវនិងព្យាយាមកាត់ចង្កូតអាមេរិកតាមមហិច្ឆតានយោបាយរបស់លោក?  គ្មាននរណា ដឹងឲ្យបា្រកដទេថា តើនឹង​មានរឿងអ្វីកើតឡើង នៅពេលលោកដូណាល់ត្រាំត្រឡប់មកសេតវិមានវិញ។ ប៉ុន្តែអ្វីដែលគេសម្គាល់បាននោះ នារយៈពេល១០០ថ្ងៃនៃការកាន់អំណាច លោកដូណាល់ ត្រាំកំពុង​ប្រែក្លាយ​អំណាចរបស់លោកឲ្យទៅជាអំណាច​របស់អធិរាជតែម្តង។ គេនៅចាំបានថា លោកដូណាល់ ត្រាំ បានចាញ់ឆ្នោតនៅចំពោះលោកចូ បៃដិន ហើយអាណត្តិទីមួយដ៏រញ៉េរញ៉ៃរបស់លោកបានបិទបញ្ចប់ទៅជាមួយក្តីអាម៉ាស់ កុបកម្ម​នៅវិមានកាពីតូល កាលឆ្នាំ២០២១។លោកដូណាល់ ត្រាំ ក៏បានរស់នៅជាមួយអារម្មណ៍មួហ្មង ខឹងសម្បារ គុំគួនតាំងពីពេលនោះមក។ លោក Matt Dallek នៃសាកលវិទ្យាល័យ George Washington បានវាយតម្លៃថា លោកដូណាល់ ត្រាំ​លើកនេះ មានចិត្តគំនិតផ្តាច់ការជាង​លោកដូណាល់ ត្រាំអាណត្តិទី១។ ខុសប្លែកពីអាណត្តិមុន លោកដូណាល់ ត្រាំ នៅពេលនេះ កំពុងបង្អួត ធ្វើខ្លួន​លោកដូចជា​តារា​នៅក្នុង​កម្មវិធីទូរទស្សន៍ ជាច្រើនមិនចេះចប់ ដូចជា គាត់ចុះហត្ថលេខាលើក្រឹត្យ​នៅមុខសាធារណជន និងឆ្លើយសំណួររបស់អ្នកកាសែត នៅការិយាល័យប្រធានាធិបតីអាមេរិកនៅសេតវិមានស្ទើរតែរៀងរាល់ថ្ងៃ។ក្រឹត្យបញ្ជាជាបន្តបន្ទាប់​របស់លោកដូណាល់ ត្រាំ​បានបើកដៃឲ្យមានការវាយប្រហារ មិនធ្លាប់មានពីមុន ទៅលើមូលដ្ឋានគ្រឹះប្រជាធិបេតយ្យអាមេរិក និងសណ្តាប់ធ្នាប់ពិភពលោក។ភាពគឃើ្លន ដោយមានការជួយជ្រោមជ្រែងដ៏ចម្រូងចម្រាសពីលោក Elon Musk មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនោះ លោកដូណាល់ ត្រាំ បានបើកយុទ្ធនាការគាស់រំលើង ធ្វើឲ្យហិនហោចរដ្ឋបាលសហព័ន្ធ ដែលលោកចាត់ទុកថា ជាផ្នែកមួយនៃ «ក្រុមសេរីនិយម កម្អែលចាស់»។ ជាមួយនឹងទ្រឹស្តីការពារប្រយោជន៍អាមេរិកមុនគេនោះ លោកដូណាល់ ត្រាំ បានយកមកប្រើឡើងវិញនូវច្បាប់ នាសម័យកាលសង្គ្រាម ដើម្បីចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅពន្ធនាគារដ៏ធំសម្បើម នៅប្រទេស El Salvador ខណៈព្រមានពលរដ្ឋអាមេរិកថា ពួកគេក៏អាចជាអ្នកបន្ទាប់ដែលត្រូវចាប់បញ្ជូនទៅ​ El Salvador។បន្ថែមពីនេះ លោកបានចេញមុខតតាំងនឹង​ចៅក្រម និង​ដាក់សម្ពាធ រករឿងដាក់ទោសទណ្ឌលើក្រុមហ៊ុនច្បាប់ជាច្រើន ដែលធ្លាប់ចូលរួម​នៅក្នុង​សំណុំរឿងក្តីក្តាំស៊ីវិល និងឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​លោកកន្លងមក។ សត្រូវ​ដ៏ធំមួយ​ដែលលោកដូណាល់ ត្រាំ​គុំគួន ស្អប់ខ្លាំងជាងគេ គឺ​អ្នកកាសែត។ គិតចាប់តាំងពី​ថ្ងៃចូលកាន់អំណាចសាជាថ្មី លោកដូណាល់ ត្រាំ គ្មានសមានចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ដោយ​បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយយ៉ាងចាស់ដៃ តាមរយៈការរកាត់ផ្តាច់ លែង​ផ្តល់ថវិកា​ដល់​វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរីជាដើម។ លោកដូណាល់ ត្រាំ​បានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ដែលធ្លាប់រិះគន់លោក​ថា  «ជាសត្រូវ​ប្រជាជន» ហើយលោកថែមទាំងដាក់កំហិតរឹតត្បិតមិនឲ្យអង្គភាពព័ត៌មានជាច្រើនបានទៅរាយការណ៍ព័ត៌មានពីលោកនៅសេតវិមាន។លោកដូណាល់ ត្រាំ ក៏មិនសូវចូលចិត្តកម្មវិធីសិក្សាស្រាវជ្រាវប៉ុន្មានដែរ ដោយនាពេលថ្មីៗចុងក្រោយនេះ លោកបានបើកការបោសសម្អាតមនោគមវិជ្ជា កាត់ផ្តាច់កម្មវិធីចម្រុះជាតិសាសន៍ និងកំណត់គោលដៅលើសាកលវិទ្យាល័យជាច្រើន។ បើក្រលេកទៅមើលសភាអាមេរិកវិញ ដែលមានសិទ្ធិអំណាចពេញទីនិងខ្ពស់បំផុតលើការគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល ក៏ត្រូវលោកដូណាល់ ត្រាំ​ទុកចោលឲ្យនៅដោយឡែក។ ក្នុងរឿងខ្ទប់បំបិទសំឡេងសភានេះ ពួកសាធារណរដ្ឋបានជំរុញឲ្យលោកដូណាល់ ត្រាំដណ្តើមយកអំណាច ខណៈពួកប្រជាធិបតេយ្យដែលត្រូវបានគាបសង្កត់ បានប្រមូលផ្តុំគ្នាទាំងត្រដាបត្រដួស ដើម្បីវាយបកទៅវិញ។ លោកដូណាល់ ត្រាំ មិនត្រឹម​បង្កភាពរំជើបរំជួលតែនៅវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ លោកថែមទាំងបានធ្វើឲ្យពិភពលោកឈឺក្បាល និងខឹងសម្បារ ជាមួយពាក្យសម្តីអាងយ៉ាង ចង់ក្តោបយកតំបន់ Greenland និងព្រែកជីក Panama ចំណែក​ប្រទេសកាណាដា លោកដូណាល់ ត្រាំចង់ក្រសោបយកមកធ្វើជារដ្ឋទី៥១របស់អាមេរិក។ ការនិយាយអះអាងរបស់លោកដូណាល់ ត្រាំក្តែងៗបែបនេះ ជាការបន្ទរដល់គោលគំនិតវាតទីនិយមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោកដូណាល់ ត្រាំមានរឿងច្រើនទៀត ដែលធ្វើឲ្យអ្នកបោះឆ្នោតអាមេរិកខ្លះស្រងាកចិត្ត ដូចជារឿងដែលលោកយកមនុស្សដែលមានទស្សនៈខុសគេឯង មកនៅក្បែរខ្លួន។ ជាក់ស្តែង លោកRobert Kennedy ដែលមានជំហរ សង្ស័យពីប្រសិទ្ធភាព​របស់វ៉ាក់សាំង បែរជាត្រូវលោកដូណាល់ ត្រាំដំឡើងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិកទៅវិញ។អ្វីៗកើតឡើងដោយ គេមិនអាចស្មានដល់។ ប៉ុន្តែជារួមមក ការវិលត្រឡប់របស់លោកដូណាល់ ត្រាំ ជាថ្មីនេះ ផ្តល់ការកត់សម្គាល់នូវទិដ្ឋភាពស្រដៀងគ្នាខ្លះៗ ធៀបនឹងអាណត្តិមុន ដូចជារឿងលោកប្រឹងលាក់មហាជនមិនឲ្យដឹងថា ការគាំទ្ររបស់ម្ចាស់ឆ្នោតចំពោះលោក បានធ្លាក់ដាំក្បាលចុះ។ ក្នុងអាណត្តិទីពីរ ដ៏ច្របូកច្របល់ លោកដូណាល់ ត្រាំ ក៏កំពុងបិទបាំងអត្រាគាំទ្រការកាន់អំណាចរបស់លោក ដែលបានស្រុតចុះខ្លាំង ជាងរាល់ប្រធានាធិបតីអាមេរិកក្រោយសង្គ្រាមលោកលើកទីពីរទៅទៀត។អារម្មណ៍ច្រឡោត ខឹងសម្បាររបស់លោកដូណាល់ ត្រាំ​នៅការិយាល័យពងក្រពើជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលត្រូវបានលើកទឹកចិត្តដោយអនុប្រធានាធិបតីអាមេរិកលោក JD Vance បានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក ដែលរកាំចិត្តរួចទៅហើយដោយសារការទន់ទោរបស់លោកដូណាល់ ត្រាំទៅរកប្រធានាធិបតីរុស្ស៊ី។រឿងអាស្រូវចុងក្រោយដែល​លោកដូណាល់ ត្រាំ កំពុង​ធ្វើឲ្យពិភពលោកជ្រួលច្របល់ ក្រឡាប់ចាក់ នោះ គឺ​លោកបានបោះមួយជំហានលឿនដូចព្យុះ ជាមួយនឹង​ចំណាត់ការ​ផាត់ចោលអត្រាពន្ធសកលលោក។ ជាក់ស្តែង គ្រាន់តែលោកដូណាល់ ត្រាំ​ប្រកាសដំឡើងពន្ធខ្ពស់កប់ពពកលើទំនិញពីគ្រប់ប្រទេស ដោយមិនលើកលែង ទីផ្សារភាគហ៊ុនពិភពលោកបានធ្លាក់ដាំដូង។ រឿងនេះត្រូវបានគេចាត់ទុកថា ជាមធ្យោបាយមួយគត់ដើម្បីផ្ទៀងផ្ទាត់អំណាចពិតប្រាកដរបស់លោកដូណាល់ ត្រាំ។ នៅពេលលោកត្រូវបានគេសួរថាតើលោកបានឈានដល់ការសម្រេចចិត្តលើការយកពន្ធយ៉ាងដូចម្តេច លោកដូណាល់ ត្រាំ តបថា ដូចមិនបានគិតអីច្រើនទេ ពោលគឺវា គ្រាន់តែជាការសម្រេចមួយដែលមិនព្រាងទុកមុន។ ក្រោយលោកក្រឡុកពិភពលោក ហើយបង្កឲ្យមានការអាក់អន់ចិត្តដល់ប្រទេសជាច្រើននោះ សំណួរសួរថា តើលោកដូណាល់ ត្រាំ ដែលពេលខ្លះចាត់ទុកខ្លួនឯងថាជា«ស្តេច»នោះ នឹងមានឆន្ទៈបោះបង់អំណាចចោលដែរឬទេ? សំណួរនេះលេចធ្លោឡើង បន្ទាប់ពីលោកដូណាល់ ត្រាំ​ផ្ទាល់ខ្លួន​និយាយថា លោកមិននិយាយលែងសើចទេ លោកចង់ធ្វើជាប្រធានាធិបតីអាណិត្តទីបី បើទោះបីវារំលោភលើរដ្ឋធម្មនុញ្ញក៏ដោយ៕
កងទ័ពចិនបាន​ធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំ រយៈពេល​២ថ្ងៃ ដើម្បីហាត់​សម​ឡោម​ព័ទ្ធកោះតៃវ៉ាន់។ នៅថ្ងៃពុធ ក្រសួងការពារជាតិបានប្រកាស​ថា គេបានសម្រេចគ្រប់កម្មវត្ថុទាំងអស់ នៅក្នុងសមយុទ្ធនេះ​​។ ផ្អែកតាម​អ្នកជំនាញ សមយុទ្ធយោធារបស់ចិន​នៅជុំវិញតៃវ៉ាន់ គឺជា​ផ្ញើសារយ៉ាងច្បាស់ៗ ថា​ក្នុងករណី​ដែល​ចិន​បើកប្រតិបត្តិការ​​មែនទែន គឺតៃវ៉ាន់នឹងត្រូវចិនឡោមព័ទ្ធជិត​ឈឹង រហូតទាល់តែថប់ដង្ហើម ព្រមចុះចាញ់​ ដោយ​គ្មាននរណាអាចចូលទៅជួយបានជាដាច់ខាត​។ លោក Shi Yi អ្នកនាំពាក្យ​កងកម្លាំងភូមិភាគបូព៌ា នៃកងទ័ពចិន បាន​បញ្ជាក់​ឲ្យដឹងនៅថ្ងៃពុធទី​២មេសាថា សមយុទ្ធយោធា​របស់កងទ័ពចិន​នៅជុំវិញតៃវ៉ាន់ បានសម្រេចបាន​គ្រប់កម្មវត្ថុទាំងអស់​។ កម្មវត្ថុ​ដែលចិនបាន​បញ្ជាក់យ៉ាងច្បាស់ គឺដើម្បី​​ឡោមព័ទ្ធ បិទខ្ទប់ដង្ហើមរបស់តៃវ៉ាន់ទាំងស្រុង។ នៅក្នុងសមយុទ្ធលើក​មុន​ៗ ចិន​បានប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​សាកល្បងចង់ដឹង ថាតើ​ការឆ្លើយ​តបវាយ​បកវិញរបស់កងទ័ពតៃវ៉ាន់ មានកម្រិតលឿនរហ័សប៉ុណ្ណា​។ តែនៅលើកនេះ គឺ​កងទ័ពចិន​បាន​ធ្វើសមយុទ្ធដោយ ផ្តោតសំខាន់ទៅល់​សមត្ថភាព​វាយ​កម្ទេច​ទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ដូចជាកំពង់ផែ និង​ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់តៃវ៉ាន់ជាដើម។ បន្ទាប់មកទៀត គឺកងទ័ពចិន បាន​ហាត់សម​នៅក្នុងប្រតិបត្តិ​ការ​ឡោមព័ទ្ធបិទផ្លូវ​ចេញចូលទាំងស្រុង នៅជុំវិញកោះ​តៃវ៉ាន់​។លោក Dylan Loh សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Nanyang សិង្ហបុរី បាន​លើកឡើងថា ចិនដឹងយ៉ាងច្បាស់ អំពីចំណុចខ្សោយរបស់តៃវ៉ាន់ លើផ្នែក​ថាមពល​។ ពោលគឺ​តៃវ៉ាន់ ត្រូវពឹងផ្អែកទាំងស្រុងលើ​ការនាំចូលប្រេង និង​ហ្កាស ព្រមទាំង​នាំចូលចំណីអាហារជាច្រើន​ប្រភេទ​ថែមទៀត​។ អ្នកជំនាញ​អះអាងថា ក្នុងករណី​ដែល​តៃវ៉ាន់ ត្រូវកងទ័ពចិន​ឡោមព័ទ្ធបិទផ្លូវជិតឈឹងជុំវិញ នោះ​តៃវ៉ាន់នឹងត្រូវ​ជាប់គាំង កម្រើកលែងរួច។មិនមែនតែអ្នកវិភាគ​ពីខាងក្រៅទេ ដែល​បានលើកឡើងពីយុទ្ធសាស្ត្រនេះរបស់ចិន​។ នៅលើកញ្ចក់ទូរទស្សន៍ CCTV លោកមេបញ្ជាការ Meng Xiangqing សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យការពារជាតិ​ នៃកងទ័ពរំដោះ​ប្រជាមានិតចិន បាន​ពន្យល់ថា តៃវ៉ាន់គ្មានតំបន់ស អាចដកដង្ហើមបានទេ ហើយ​ក៏ពុំមាន​ធនធានធម្មជាតិ គ្រប់គ្រាន់អាចរស់បានដែរ ប្រសិនបើគ្មានការនាំចូលពីខាងក្រៅ​។ ដូច្នេះ នៅពេលណា​ដែលត្រូវខ្ទប់ជាប់ រើលែងរួច សណ្តាប់ធ្នាប់សង្គមនៅតៃវ៉ាន់ នឹងត្រូវដួលរលំឯង ឈានចូលទៅក្នុងភាពអាណាធិបតេយ្យ ព្រោះមនុស្ស​លែងមានមធ្យោបាយ​អ្វីអាចរស់បានតទៅទៀត​។ផ្អែកតាម​លោក Su Tzu-Yun អ្នកជំនាញនៅវិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវការពារជាតិ​និងសន្តិសុខ នៅ​​តៃប៉ិ គឺ​សមយុទ្ធយោធារបស់ចិននៅលើកនេះ ពិតជាបានផ្លាស់ប្តូរតាក់ទិកយុទ្ធសាស្ត្រពិតមែន​ បើប្រៀបធៀបទៅ​លើកមុន​។ កាលពីមុន កងទ័ពចិនធ្វើសមយុទ្ធហាត់សម​ ដើម្បីរារាំង​ទប់​កុំ​ឲ្យ​កងទ័ពប្រទេសផ្សេងចូលទៅជួយ​តៃវ៉ាន់​បាន​។ តែចំណែក​លើកនេះវិញ គឺសមយុទ្ធរបស់ចិន​ បាន​ផ្តោតកម្មវត្ថុទៅលើ​ការ​គ្រប់គ្រងទាំងស្រុង ក្នុងដែនសមុទ្រជុំវិញកោះតៃវ៉ាន់​។ អ្នកជំនាញរូបនេះ ពន្យល់ថា ចិនបាន​សាកល្បង​តេស្តមើលសមត្ថភាពរបស់ខ្លួន នៅក្នុងការ​បិទខ្ទប់ផ្លូវចេញចូល​តាមសមុទ្ររបស់តៃវ៉ាន់ ធ្វើឲ្យតៃវ៉ាន់មិនអាចទទួលបានទំនិញ​គ្រប់មុខ​ពីខាងក្រៅ​។ មានន័យថា នាវា​ដឹកទំនិញបរទេសទាំងអស់ អាចធ្វើដំណើរបាន ឲ្យតែមិន​ចូល​ទៅ​កំពង់ផែតៃវ៉ាន់​។គួរបញ្ជាក់ថា សមយុទ្ធយោធាចិននៅថ្ងៃអង្គារទី​១មេសា គឺហាត់សម​វាយ​កម្ទេច លើទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ចំណែកនៅថ្ងៃពុធ គឺកងទ័ពចិនហាត់សម​ទៅលើការព័ទ្ធខ្សែ​ ឡោមបិទខ្ទប់ក្នុងផ្ទៃសមុទ្រ​និងលើអាកាស ជុំវិញតៃវ៉ាន់តែម្តង។ នេះ​បើផ្អែកតាម​ការពន្យល់ របស់លោក Lin Ying Yu សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Tamkang តៃប៉ិ។ ជាយុទ្ធសាស្ត្រដែល​ស្រដៀងគ្នាទៅនឹង​អ្វីដែល​រុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីវាយ​កម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងគោលបំណងធ្វើ​ឲ្យ​អ៊ុយក្រែនទន់ជង្គង់។គួរកត់សំគាល់ថា ចិន​បានបង្ហាញ​ការប្តេជ្ញាចិន​កាន់តែច្បាស់ ក្នុង​ការច្បាមយកតៃវ៉ាន់។ មានសំឡេងជាច្រើនក្នុងបក្សកុម្មុយនីស្តចិន ដែល​លើកឡើងមិនត្រូវបង្អង់ទុកយូរទៀតបាន​ទេ ព្រោះបើកាន់តែយូរ តៃវ៉ាន់នៅរសាត់ទៅកាន់តែឆ្ងាយ​ពីកណ្តាប់ដៃចិន​។ លោក Bonny Lin អ្នកវិភាគនៅវិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រនិងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន បាន​លើកឡើងថា ប៉េកាំង​ជឿថាខ្លួន​ត្រូវ​តែរូតរះ ប្រើយុទ្ធសាស្ត្រសង្កត់​ឲ្យ​បានខ្លាំងជាងនេះ​ទៅលើតៃវ៉ាន់ និងទៅលើប្រទេសណា​ទាំងអស់ ដែល​ចិត្តក្លា ហ៊ាន​មកជួយតៃវ៉ាន់។ នៅតាមកញ្ចក់ទូរទស្សន៍ CCTV លោក Fu Zhengnan អ្នកជំនាញ​នៅ​បណ្ឌិតសភាកងទ័ពចិន បាន​និយាយថា កងទ័ពចិន​នឹងធ្វើ​ឲ្យ​សត្រូវ​ភ្ញាក់ផ្អើលទាយមិនត្រូវ ថាកងទ័ពចិន​ជ្រើសយកសន្លឹកបៀរយុទ្ធសាស្ត្រមួយណាមកលេង ហើយ​ក៏មិន​អាចទាយដឹងដែរ​ថា ចិន​នឹងលេងនៅពេល​ណានោះ​​៕​
លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គការ​ USAID លោកប្រធានាធិបតី​អាមេរិករូបនេះ បានចេញក្រិត្យ​ថ្មីមួយទៀត កាលពីថ្ងៃ​ព្រហស្បតិ៍​ទី​២០មីនា បិទរំលាយ​ចោលទាំងស្រុងតែម្តង នូវ​ក្រសួងអប់រំសហរដ្ឋអាមេរិក​។​ តើការបិទក្រសួងអប់រំនេះ អាចនឹងជះផលវិបាកអ្វីខ្លះដល់​វិស័យ​អប់រំនៅសហរដ្ឋអាមេរិក ហើយថាតើ​វាមានមូលហេតុអ្វី ដែលធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ រំលាយ​ក្រសួងអប់រំចោល បែបនេះ? លោកដូណាល់ ត្រាំ បានរៀបចំ​ឈុតឆាក​ជាពិសេស​ ក្នុងឱកាស​ដែលលោក​ចុះហត្ថលេខា​លើក្រិត្យប្រធានាធិបតី ថ្ងៃទី​២០មីនា ដែលជាក្រិត្យមានខ្លឹមសារបិទក្រសួងអប់រំសហរដ្ឋអាមេរិក។ អមដោយសិស្សសាលាច្រើននាក់​ អង្គុយសងខាង លោកដូណាល់ ត្រាំ បាន​ចុះហត្ថលេខានិង​លើកបង្ហាញក្រិត្យ​នេះ​យ៉ាងមោទនភាពបំផុត​។ ក្រិត្យនេះ បាន​ចែកកំណត់ឲ្យ​លោកស្រី Linda McMahon រដ្ឋមន្ត្រក្រសួងអប់រំ ត្រូវតែ​ចាប់ផ្តើម​ចាត់វិធានការ​ ឈានទៅបិទរំលាយចោលទាំងស្រុងនូវក្រសួងមួយនេះ ដែល​លោក​ដូណាល់ ត្រាំ ចាត់ទុកថា ចាយតែលុយ​ឥតប្រយោជន៍​។​ ក្នុងសំដីបែប​​សើចសប្បាយ លោកដូណាល់ ត្រាំ លើកឡើងថា លោកសង្ឃឹមថាលោកស្រី Linda McMahon នឹងគឺជា​រដ្ឋមន្ត្រីក្រសួងអប់រំចុងក្រោយ​គេបង្អស់ នៃប្រវត្តិសាស្ត្រអាមេរិក​។"ក្រសួងចាយតែលុយឥតប្រយោជន៍​"ការពិតទៅការសម្រេចរបស់​លោកដូណាល់ ត្រាំ នេះ គឺគ្មានអ្វីគួរ​ភ្ញាក់ផ្អើលឡើយ ព្រោះវាស្ថិតនៅក្នុងកម្មវិធីនយោបាយ Project 2025 ដែល​លោក​បាន​សន្យា​តាំងតែពីពេលឃោសនាបោះឆ្នោត។ យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍​​មកនេះ​​ លោកស្រីរដ្ឋមន្ត្រីក្រសួងអប់រំ បាន​បញ្ឈប់បុគ្គលិករបស់​ក្រសួងអស់ ២០០០នាក់រួចទៅហើយ ពោលគឺអស់ពាក់កណ្តាល​នៃបុគ្គលិកក្រសួង។ នៅថ្ងៃ​ទី​២០មីនា លោកស្រីរដ្ឋមន្ត្រីរូបនេះ បានប្រាប់អ្នកកាសែតនៅសេតវិមានថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ចង់ទុក​ប្រាក់ចំណាយក្នុងវិស័យ​អប់រំ​​​ទៅឲ្យរដ្ឋសមាជិក​វិញ ដោយ​មិនចាប់បាច់មក​ចំណាយ​ ទៅលើ​ការិយាល័យធិបតេយ្យនៅក្របខណ្ឌ​រដ្ឋសហព័ន្ធឡើយ​ នៅឯវ៉ាស៊ីនតោន​ឡើយ​។សូមបញ្ជាក់ថា ដោយសហរដ្ឋអាមេរិកជារដ្ឋសហព័ន្ធ ដូច្នេះនៅតាមរដ្ឋនីមួយ​ក៏មានក្រសួងអប់រំដែរ។​ អ្វីដែល​លោកដូណាល់ ត្រាំបានសម្រេច គឺបិទក្រសួងអប់រំនៅថ្នាក់រដ្ឋសហព័ន្ធ មិនមែន​បិទ​ក្រសួងអប់រំ​គ្រប់រដ្ឋទាំងអស់នោះទេ។ ធាតុពិត​ទៅ នៅក្នុងការបែងចែកការងារ និងដែនអំណាច ក្នុងវិស័យអប់រំគឺភាគច្រើន​វាស្ថិតនៅក្នុងដៃរបស់រដ្ឋនីមួយៗ។​ ចំណែក​ក្នុងក្របខណ្ឌរដ្ឋសហព័ន្ធ គឺ​ក្រសួងអប់រំ​ទទួល​បន្ទុក​ភាគច្រើន ទៅលើ​ការ​​រៀបចំគោលនយោបាយ​រួម ការផ្តល់អាហាររូបករណ៍ ផ្តល់កញ្ចប់ថវិកាទៅលើការស្រាវជ្រាវ និងថវិកា​លើកកំពស់សិទ្ធិទទួលបានការអប់រំដោយ​ស្មើភាព សម្រាប់សិស្សក្រីក្រ សិស្សពិកា ជាដើម​ ។ល។ក្រសួងអប់រំរដ្ឋសហព័ន្ធ​ជា អនុរក្ស​ចាំ​ឃ្លាំមើលការគោរពសិទ្ធិនិងសមភាពក្នុងវិស័យអប់រំតែទោះជាយ៉ាងណាក៏ដោយ បើគ្មានវត្តមានក្រសួងអប់រំ​រដ្ឋសហព័ន្ធ នោះវិស័យអប់រំសហរដ្ឋអាមេរិកអាចនឹងបាត់បង់ដំបូលជ្រកមួយដ៏​សំខាន់​។ ១០%នៃថវិកា​​ចំណាយ​ក្នុងវិស័យអប់រំ​ក្នុងរដ្ឋនីមួយៗ គឺបានមកពី​មូលនិធី​រដ្ឋសហព័ន្ធ​។​ ជាក់ស្តែង គឺក្រសួងអប់រំរដ្ឋសហព័ន្ធ ដែលជាអ្នកទទួលបន្ទុក​ចាត់ចែងផ្តល់ប្រាក់​កម្ចីឲ្យ​​និស្សិតបង់ថ្លៃសិក្សា ផ្តល់អាហាររូបករណ៍​ដល់និស្សិតក្រីក្រ ឬក៏ជួយថវិកាចំពោះនិស្សិត​ដែលមានពិការភាពជាដើម​។រដ្ឋសហព័ន្ធ ក៏ជាអ្នក​ធានាឲ្យ​វិស័យអប់រំមានសមភាព ពោលគឺធ្វើយ៉ាងណាឲ្យ​កុមារ និងសិស្សានុសិស្សអាមេរិកអាចមានសិទ្ធិចូលរៀនដូចៗគ្នា ដោយ​មិនរើសអើងជីវភាព​ ភេទ ឬ​ពណ៌សំបុរពូជសាសន៍​។ បន្ថែមពីនេះ ក្រសួងអប់រំរបស់រដ្ឋសហព័ន្ធ មានតួនាទី​ប្រមូល​ទិន្នន័យព័ត៌មានរួម នៃប្រព័ន្ធអប់រំ។ លោកស្រី Laurie Béreau សាស្ត្រាចារ្យជំនាញ​អប់រំ​អាមេរិកនៅសកលវិទ្យាល័យទីក្រុងRenne ប្រទេសបារាំង បាន​លើកឡើងថា ការរំលាយ​ក្រសួងអប់រំចោល មានន័យ​ថាប្រជាជនទូទៅ អង្គការ និងស្ថាប័ននានា នឹងបាត់បង់នូវ​ការទទួលបាន​ទិន្នន័យព័ត៌មានរួម ស្តីពីប្រព័ន្ធអប់រំ ទាក់ទិន​នឹង​ចំណុចខ្វះខាតនានា​ ដូចជា​បញ្ហា​រំលោភសិទ្ធិ អសមភាព​ និង​​ ការរើសអើងប្រកាន់ពូជសាសន៍ជាដើម​ នៅតាមសាលារៀន។ វាក៏មានន័យថា រដ្ឋនីមួយៗ អាចធ្វើអ្វីបានតាមចិត្ត​ ដោយគ្មាននរណាជាអ្នកចាំត្រួតពិនិត្យថា គោលការណ៍​គ្រិះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ត្រូវគេគោរពឬអត់​។មនោគមវិជ្ជាអភិរក្សនិយម និង​​ស្តាំនិយមជ្រុល​រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ស្រែកក្តែងៗថា នឹងពុះជ្រៀក កម្ទេចចោលរាល់ការចំណាយទាំងអស់ ដែលមិនបានប្រយោជន៍​។ ការសន្សំប្រាក់ គឺជា​ហេតុផលរួមជាផ្លូវការ។ តែធាតុពិត នៅពីក្រោយ​ហេតុផលនេះ គឺវាមានហេតុផល​មនោគមវិជ្ជាស្តាំនិយមជ្រុល អភិរក្សនិយម​​ ដែលលោកដូណាល់ ត្រាំ ព្រម​ទាំងអ្នកនយោបាយ​បក្សសាធារណរដ្ឋមួយចំនួនធំ កំពុងតែ​លើកកំពស់​។យ៉ាងណាមិញ សេតវិមាន​បាន​ចេញលិខិតប្រកាសអួតថា តាមរយៈក្រិត្យរបស់​លោកដូណាល់ ត្រាំ បិទក្រសួងអប់រំនេះ គឺរដ្ឋាភិបាលនឹងឈប់យក​ប្រាក់រាប់ពាន់លានដុល្លារ ដែល​ប្រជាជន​អាមេរិក​បង់ពន្ធ យកទៅចំណាយ​ឥតប្រយោជន៍​ នៅក្នុង​នៅក្នុងកម្មវិធី​គ្មានបានការ​មួយចំនួនក្នុងវិស័យអបរំ​​។ ពោលគឺរដ្ឋបាល​លោកដូណាល់ ត្រាំ ចង់​បើកដៃ​យ៉ាងទូលាយ​ ឲ្យរដ្ឋនីមួយៗ​​ជាអ្នកកំណត់គោលនយោបាយ​រៀងៗខ្លួនក្នុងវិស័យអប់រំ។ការពិតទៅ ក្រសួងអប់រំរដ្ឋសហព័ន្ធដែលត្រូវបានបង្កើតឡើង នៅឆ្នាំ​១៩៧៩ ត្រូវបាន​អ្នកនយោបាយ​អភិរក្សនិយមអាមេរិក ប៉ុនប៉ងចង់រំលាយ​ចោលច្រើនដងមកហើយ។ តែចរន្តគំនិតនេះ បានផុសផុលកាន់តែខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងចលនា "Parental Rights Movement" ដែលជាចលនា​ដើម្បី​សិទ្ធិរបស់អាណាព្យាបាល ប្រឆាំងតទៅទល់និងមនោគមវិជ្ជាចម្រើននិយម ដាក់ចុះពីថ្នាក់រដ្ឋសហព័ន្ធមក។ ចលនានេះ ស្តាំអភិរក្សនិយមនេះ ប្រឆាំងការលើកកំពស់សិទ្ធិ របស់​សិស្សសាលាអ្នកស្រលាញ់ភេទដូចគ្នា LGBT+ ហើយចង់ស្តារត្រលប់មកវិញ នូវការអប់រំបែប​ប្រពៃណីអភិរក្សនិយម។ បន្ថែមពីនេះ ក្រុម​ស្តាំនិយមជ្រុល Evangélistes ដែលជាក្រុមគាំទ្រលោកដូណាល់ ត្រាំ នោះ តែងតែបានចោទថា សាលារដ្ឋនៅអាមេរិក បានពង្វក់ខួរក្បាល​សិស្សានុសិស្សជាមួយនឹងទ្រឹស្តី "Woke" ដែលឃ្លាត​បែកឆ្ងាយ ​ពីតម្លៃ ប្រពៃណី​គ្រិះសាសនា​នៃសង្គមអាមេរិក​។ ជាក់ស្តែង រដ្ឋដែលដឹកនាំដោយ​អ្នកនយោបាយ​ស្តាំនិយមជ្រុល និងអភិរក្សនិយម ដូចយ៉ាងរដ្ឋតិចសាស បានចេញមុខ​គាំទ្រសប្បាយចិត្តយ៉ាងខ្លាំង​ចំពោះក្រិត្យរបស់លោកដូណាល់ ត្រាំ។លើសពីរឿងសន្សំប្រាក់ ការសម្រេចបិទក្រសួងអបរំ វាគឺជាការប្រកាសសង្គ្រាម​វប្បធម៌របស់ពួកអភិរក្សស្តាំនិយមជ្រុល ចំពោះ​ទ្រឹស្ត្រីចម្រើននិយម។ យ៉ាងណាមិញ នៅតាមរដ្ឋភាគខាងត្បូងមួយចំនួន ដែលដឹកនាំដោយបក្សសាធារណរដ្ឋអភិរក្សនិយម​ គឺគេបាន​ដកចេញទាំងអស់ពីបណ្ណាល័យនិងកម្មវិធី​សិក្សា នូវឯកសារមេរៀន សៀវភៅប្រលោមលោក ដែលនិយាយអំពីប្រវត្តិទាសភាព ការរើសអើងប្រកាន់ពូជសាសន៍ ឬនិយាយអំពីបញ្ហា​ស្រលាញ់ភេទដូចគ្នាជាដើម​។ឧបសគ្គនៅ​ព្រឹទ្ធសភា និងនៅតុលាការ​គួរបញ្ជាក់ដែរថា ត្រឹមក្រិត្យដែល​លោកដូណាល់ ត្រាំនេះ បាន​ចុះហត្ថលេខា គឺវាមិនអាច​ទៅ​បិទរំលាយ​ក្រសួងអប់រំបានទាំងស្រុងទេ។ ចង់បិទក្រសួងនេះ គឺត្រូវតែមានការបោះឆ្នោតយល់ព្រមពីសមាជិកព្រឹទ្ធសភា ដែលត្រូវការសំឡេងឆ្នោតគាំទ្រ យ៉ាងហោច​ ៦០។ កាលពីអាណត្តិទី១ លោកដូណាល់ ត្រាំ ក៏បានប៉ុនប៉ង ចង់បិទក្រសួងអប់រំដែរ តែនៅជាប់គាំងនៅព្រឹទ្ធសភា។ សម្រាប់លើកនេះ ក៏ប្រហែលជាអាចពិបាកដែរ ព្រោះថាសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមានគ្នាតែ​៥៣នាក់ទេ។លោក Chuck Schumer ប្រធានព្រឹទ្ធសភា មកពីបក្សប្រជាធិបតេយ្យ បាន​លើកឡើងថា ក្រិត្យរបស់លោកដូណាល់ ត្រាំ​ ​បិទក្រសួងអប់រំ វាគឺជា​កណ្តាប់ដៃ​ផ្តាច់ការ ជាវិធានការដ៏សែន​មហាប្រល័យ មកលើសហរដ្ឋអាមេរិក។ លោកបានអំពាវនាវឲ្យតុលាការទាំងអស់ ត្រៀមអនុវត្តច្បាប់ ដើម្បីបិទបញ្ចប់ទង្វើដ៏ចង្រៃឧត្បាតនេះ​។ ដូចគ្នាដែរ លោកស្រី​ Randi Weingarten ប្រធាន​សហជីពគ្រូបង្រៀន AFT បាន​បង្ហោះសារលើបណ្តាញសង្គមX ថា៖ “លោក​ប្រធានាធិបតី ចាំជួបគ្នានៅមុខតុលាការ​”។
ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញមហិច្ឆតា ចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ ចន្លោះពី​ ៥ ទៅ​ ១០ ឆ្នាំទៀត។ ព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ ​បានត្រៀម​ខ្លួនប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុងតំបន់​ និង​ចង់​វ៉ា​ឲ្យ​ដាច់ តៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​ជប៉ុន​ ថែមទៀត។ ក៏ប៉ុន្តែ អ្ន​កជំនាញជាតិ​និងអន្តរជាតិ បាន​មើលឃើញថា ម៉ាឡេស៊ីនៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​នៅឡើយ ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន​។​ ដោយ​មិន​លាក់លៀម រដ្ឋាភិបាល​ទីក្រុង​​គូឡាឡាំពួ បាន​បង្ហាញមហិច្ឆតា​ចង់ក្លាយជា​មហាយក្ស​បច្ចេកវិទ្យា​ នៅក្នុង​ពេល​ដ៏ខ្លី​ខាងមុខ។ បច្ចុប្បន្ន​នេះ  ​​បណ្តាថ្នាក់ដឹកនាំ​ និង​ពលរដ្ឋ​ម៉ាឡេស៊ី​មួយ​ចំនួន​ បាន​ចាត់ទុក​​កោះ​ប៉េណាំង (Penang) របស់​ខ្លួនថាជា​ជង្រុក​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ដោយហ៊ាន​ទាំង​​ប្រៀបប្រដូច​ទៅ​នឹងមជ្ឈមណ្ឌល​ប​ច្ចេកវិទ្យា​​ Silicon Valley របស់​សហរដ្ឋ​អាមេរិក ​ទៀត​ផង។ នេះក៏ព្រោះតែ កោះប៉េណាំង កំពុងតែ​មា​នសក្តានុពល​ខ្ពស់ខ្លាំង​ ហើយ​ក្រុម​ហ៊ុន​ធំៗ​ខ្នាត​អន្តរជាតិ តួយ៉ាងក្រុមហ៊ុនអាមេរិក Intel Corporation និងក្រុម​ហ៊ុន​អាមេរិក​ AMD (Advanced Micro Devices, Inc.) ជាដើម។ល។ បាន​បោះទីតាំង​​នៅទីនោះ​។ ​កោះប៉េកាំង ​ជាទីដែលមាន​​​រៀបចំ​សាកល្បង​គុណភាពឧបករណ៍​​បន្ទះ​ឈីប និង​រៀបចំ​ផ្គុំដំឡើង​គ្រឿង​បង្គុំ​ឧបករណ៍សឺមីកុងឌុកទ័រ​សម្រាប់​​នាំចេញ​ទៅ​បរទេស​។ ក្រុម​ហ៊ុនគ្រឿង​បង្គុំអេឡិចត្រូនិច​​អាល្លឺម៉ង់ Bosch ទៀត​សោត​ ក៏បាន​ទទួល​ស្គាល់ថា ការនាំចេញ​ឧបករណ៍សឺមីកុងឌុកទ័រ​របស់​​ម៉ាឡេស៊ី​ បាន​តំណាង​ឲ្យ​ ១៣% នៃការ​នាំចេញ​របស់​ពិភពលោក នៅក្នុងវិស័យ​នេះ។​ជាច្រើន​ឆ្នាំហើយ ដែល ម៉ាឡេស៊ី បាន​បណ្តុះ​វត្ថុបំណងចង់​សម្រេច​ឲ្យ​ក្លាយជា​ប្រទេស​នាំមុខ​គេ​ក្នុង​ពិភពលោក ខាង​នាំចេញ​ឧបករណ៍​សឺមីកុងឌុកទ័រ​។ ក្រុមហ៊ុន Malaysia External Trade Development Corporation បានបញ្ជាក់ថា ក្នុង​ឆ្នាំ២០២៤ ម៉ាឡេស៊ី​បាន​នាំចេញ​ឧបករណ៍សឺមីកុងឌុកទ័រ ​ស្មើ​នឹង​ទំហំ​ទឹកប្រាក់ ៣៨៧,៩៨ ពាន់​លាន​រីងហ្កីតម៉ាឡេស៊ី ដែលប្រហាក់ប្រហែល​នឹង​ ៨៧,៤ ពាន់​លាន​ដុល្លារ។ ចំនួន​ដ៏ច្រើន​នេះ​ បាន​ធ្វើឲ្យ​ម៉ាឡេស៊ី​ ក្លាយជា​ប្រទេសមួយ ​ក្នុងចំណោម​១០ប្រទេស​ ដែល​នាំចេញ​សឺមីកុងឌុកទ័រ ច្រើ​នជាងគេ​លើលោក​។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំ​ម៉ាឡេស៊ី​ មាន​សុ​ឆន្ទៈ​ចង់​ឲ្យ​ប្រទេសខ្លួន​កាន់តែ​បោះពួយ​លើគេ​បង្អស់ ដោយ​ត្រូវ​ផ្តួលឥណ្ឌូណេស៊ី និង​វ៉ាឲ្យដាច់ តៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​ជប៉ុន ថែមទៀត​។​ផ្ទុយទៅវិញ ម៉ាឡេស៊ី នៅ​ខ្វះខាត​ច្រើន​នៅឡើយ ដើម្បីសម្រេច​មហិច្ឆតាក្លាយជាមហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ។​ លោក Farlina Said អ្នក​ជំនាញបច្ចេកវិទ្យា​នៃ​វិទ្យាស្ថាន​ជាតិ​យុទ្ធសាស្ត្រនិងសិក្សា​​អន្តរជាតិ​ (ISIS) ប្រចាំ​ក្រុង​គូឡាឡាំពួ ​បាន​វិភាគ​ឃើញថា ដើម្បី​សម្រេច​មហិច្ឆតា​  ម៉ាឡេស៊ីត្រូវការចាំបាច់​អ្នក​ឯកទេស​ជំនាញជាជនជាតិ​របស់ខ្លួន ត្រូវ​​ពេល​វេលាច្រើននិងយូរ​តទៅទៀត​ រួម​ទាំង​​គម្រោងផែន​ការ​​ល្អិត​ល្អន់​ខ្លាំងណាស់​។​ជាក់ស្តែង រដ្ឋាភិបាលម៉ាឡេស៊ីបាន​ត្រៀមចំណាយ ៥,៣ ពាន់លានដុល្លារ ដើម្បីវិនិយោគទុននិងអភិវឌ្ឍន៍វិស័យសឺមីកុងឌុកទ័រ ក្នុងរយៈ​ពេល​មួយទសវត្សរ៍ទៅមុខ។ តែ​ចំនួន​នេះ នៅតិចតួច​នៅឡើយ​។ នេះបើតាម​ លោក Wong Siew Hai ប្រធានសមាគមឧស្សាហកម្មសឺមីកុងឌុកទ័រម៉ាឡេស៊ី ដោយ​បញ្ជាក់ទៀត​ថា ទឹកប្រាក់​វិនិយោគទុន​ប៉ុណ្ណឹង​ នៅតិចជាងការ​បោះទុន​របស់​សហរដ្ឋអាមេរិក និងចិន ឆ្ងាយណាស់។ម្យ៉ាងវិញទៀត ម៉ាឡេស៊ី នៅជួបកង្វះខាតធនធានមនុស្ស ដែលមានចំណេះជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងវិស័យនេះ ក្នុងចំនួនដ៏​ច្រើននៅឡើយ។ លោក Wong Siew Hai ទទួលស្គាល់ដែរថា ប្រសិនបើនិយាយពីជនជាតិម៉ាឡេស៊ីដែលធ្វើការឲ្យក្រុមហ៊ុនអន្តរជាតិ ក៏មានចំនួនច្រើនសមគួរដែរ ក៏ប៉ុន្តែ ពួកគេទាំងនោះ ច្រើនតែ​ជ្រើសរើសទៅតាំងទីលំនៅនៅបរទេស ព្រោះតែ​អាច​​ទទួលបានប្រាក់ច្រើនខ្លាំងជាងនៅក្នុងស្រុក និងអាចទទួលបានឱកាសល្អៗ​ រួម​ទាំង​លក្ខខណ្ឌរស់នៅប្រសើរជាង។ស្រដៀងគ្នានេះ លោក Shafiq Kadir អ្នក​ស្រាវជ្រាវ​នៅមណ្ឌល​សន្តិសុខអន្តរជាតិ ​ CGS International ដែល​មាន​មូលដ្ឋាននៅ​សិង្ហបុរី ក៏​បង្ហើប​ដែរថា ម៉ាឡេស៊ី​នៅខ្វះខាត​អ្ន​កមា​នទេពកោសល្យ​ច្រើន​ណាស់។ បញ្ហា​ធំមួយ​ទៀតនោះ គឺប្រព័ន្ធ​អប់រំ​ពីថ្នាក់ក្រោមៗ​មក​ ពុំ​បាន​ត្រៀម​តម្រង់​ទិស​ឲ្យ​អនាគតនិស្សិត​ ទទួល​បាន​ជំនាញ​វិស័យ​សឺមីកុងឌុកទ័រ ឲ្យ​គ្រប់​គ្រាន់​ពេញសមត្ថភាព​នោះឡើយ។ដោយ​យល់ពី​សភាព​ការណ៍​ដូច្នេះហើយ ទើប​ក្នុង​ខែ​មីនាឆ្នាំ២០២៥នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី ​បាន​ចុះ​កិច្ចព្រមព្រៀង​ ជាមួយ Arm Holdings (Acorn RISC Machine) ​ក្រុមហ៊ុនសឺមីកុងឌុកទ័ររបស់​អង់គ្លេសដ៏ល្បី​ឈ្មោះ​​។​ ​​កិច្ចសន្យានេះមា​នតម្លៃទឹកប្រាក់ ២៥០ លាន​ដុល្លារ​ ​ ដែល​តម្រូវឲ្យក្រុមហ៊ុនឯកទេស​​សឺមីកុងឌុកទ័រអង់គ្លេស បើកដៃ​ផ្តល់​កម្មសិទ្ធិ​បញ្ហា និងអនុញ្ញាត​ផ្ទេរ​ប្រព័ន្ធ​បច្ចេកវិទ្យា​អង់គ្លេស​ទៅ​ឲ្យ​ម៉ាឡេស៊ី ក្នុង​អំឡុង​ពេល​ ១០ ឆ្នាំ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​អង់គ្លេស​ ARM ត្រូវជួយ​បណ្តុះបណ្តាល​​វិស្វករជំនាញ​​សឺមីកុងឌុកទ័រ ជា​ជនជាតិ​ម៉ាឡេស៊ី ឲ្យ​បាន​ចំនួន​​ ១០ ០០០ នាក់ ​ ព្រ​មទាំង​ត្រូវ​​​បង្កើត​ការិយាល័យ​ទី​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ត្រូវ​បោះទីតាំង​​​នៅ​រាជធានីគូឡាឡាំពួ តែម្តង៕​
កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដី​ស្វយ័តរបស់​ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារ​ទី​១១មីនា​។ ជាលទ្ធផលគួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ គឺគណបក្សស្តាំកណ្តាលនិយម ដែលបានសំឡេងឆ្នោតនាំមុខគេ រីឯគណបក្ស​​ឯករាជនិយមដែលទាមទារចង់ផ្តាច់ខ្លួនពី​ដាណឺម៉ាក ស្ថិតនៅលំដាប់ទី​២​។ ទោះជាយ៉ាងណា គណបក្សស្តាំកណ្តាលនិយមត្រូវតែចរចា​ជាមួយប​ក្សផ្សេង ដើម្បី​បង្កើតរដ្ឋាភិបាលចម្រុះ​។ ជារដ្ឋាភិបាល​ដែលនឹងមកកំណត់ទិសដៅ​ត្រូ​វដើរ សម្រាប់អនាគតកោះហ្ក្រូអិន​ឡង់ដ៍ ដែល​កំពុងតែស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាខ្លាំង ដោយសារតែលោកដូណាល់ ត្រាំ បាន​និយាយ​ម្តងហើយម្តងទៀត ថាចង់​បានកោះនេះមកគ្រប់គ្រង​។ ការបោះឆ្នោតសភា​តំបន់ស្វយ័តហ្ក្រូអិនឡង់ដ៏ កាលពីថ្ងៃអង្គារទី​១១មីនា​​ បានបង្ហាញ​លទ្ធផលគួរឲ្យ​ភ្ញាក់ផ្អើល ព្រោះគណបក្សស្តាំកណ្តាល​និយម Demokraatit បានឈ្នះបានអាសនៈច្រើនជាងគេ ខណៈគណបក្សជាតិនិយម​ឯករាជ្យ Naleraq ស្ថិតនៅលេខរៀងទី​២។ ជ័យជំនះគណ​បក្សទាំង២នេះ បានរុញទម្លាក់​សម្ព័ន្ធភាពនយោបាយ​ដែល​បានកាន់អំណាចនៅហ្ក្រូអិនឡង់ដ៍ ​ប្រមាណ​ជាង​២០​ឆ្នាំមកហើយ​នោះ ឲ្យ​បរាជ័យ គឺ​សម្ព័ន្ធភាពរវាងគណបក្ស​​ ឆ្វេងបរិស្ថាននិយម Inuit Ataqatigiit និងបក្សសង្គមប្រជាធិបយេ្យ Siumut។តើពេលនេះ អនាគតនៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅផ្លូវណា? ផ្លូវឈានទៅ​មាន​អធិបតេយ្យភាពដោយ​សន្សឹមៗ ផ្លូវឯករាជ្យផ្តាច់ខ្លួន​ជ្រះស្រលះភ្លាម​ៗ​​ពី​ដាណឺម៉ាក ឬក៏ជា​​ផ្លូវឆ្ពោះ​ទៅជ្រក​ក្រោមម្លប់ទង់ជាតិ​សហរដ្ឋអាមេរិក? គណបក្សទាំង​៥ ដែល​បានឈ្នះអាសនៈក្នុងការបោះឆ្នោតសភា នៅថ្ងៃអង្គារទី​១១មីនា បានជួបប្រជុំគ្នានៅថ្ងៃបន្ទាប់​ ដើម្បីនិយាយពិភាក្សាគ្នា​ស្តីអំពីការបង្កើតរដ្ឋាភិបាលចម្រុះ​។ឯករាជ្យ​លឿន ឬដោយសន្សឹមៗ?លោក​ Dwayne Menezes នាយក​កម្មវិធីស្រាវជ្រាវ Polar Research & Policy បានលើកឡើងថា ជាការពិតណាស់ គឺហ្ក្រូអិនឡង់នឹងដើរឆ្ពោះទៅរក​​ឯករាជ្យ​ តែផ្លូវដើរ​មានលក្ខណៈបែបណា​ ឆ្ងាយ​ឬជិត គឺវាអាស្រ័យ​លើ​ការសម្រេចចិត្ត​របស់គណបក្ស Demokraatit នាពេលនេះ ថាតើនឹងរួមបង្កើត​​រដ្ឋាភិបាលចម្រុះ​ជាមួយអ្នកណា​។លោកស្រី​ Lill Rastad BjØrst សាស្ត្រាចារ្យនៅសកលវិទ្យាល័យកូប៉េនហាហ្ក បាន​លើកឡើងថា ប្រសិន​បើ​បក្ស​ Demokraatit ជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយ​បក្ស Naleraq នោះមានន័យថា ពួកគេត្រូវ​តែ​​​ពន្លឿនកម្មវិធីនយោបាយ​ដើម្បីឈានទៅមាន​ឯករាជ្យ និងបង្កើតរដ្ឋហ្ក្រូអិនឡង់ដ៍។គួរកត់សំគាល់ថា គណបក្សជាតិនិយមឯករាជ្យ​ Naleraq ថ្វីបើឈ្នះបានចំនួន​​អាសន្នៈលេខរៀងទី២មែន តែបក្សនេះ​បានទទួលសន្ទុះគាំទ្រ​យ៉ាងខ្លាំង ពោលគឺក្នុងរវាង៤ឆ្នាំចុងក្រោយ​នេះបាន​កើនអាសនៈទេ្វដង​។ ​ដូច្នេះ​បក្សនេះ​នឹង​កាន់តែមានទឹកចិត្តប្រឹងប្រែង​ អនុវត្តផែនការនយោបាយខ្លួន​ ដើម្បីឈានទៅផ្តាច់ខ្លួនកោះហ្ក្រូអិនឡង់ដ៍ ពីដាណឺម៉ាក ជាផ្លូវការ​និង​ឲ្យ​បានឆាប់បំផុត​។លោកស្រី Anne Marrild សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Aalborg បាន​លើកឡើងថា បើធ្វើរដ្ឋាភិបាលចម្រុះជាមួយបក្ស Naleraq គឺបក្សនេះនឹងសំពាធជាប្រចាំទៅ​លើ​បក្ស Demokraatit ដើម្បីពន្លឿន​ដំណើរការឆ្ពោះទៅទាមទារឯករាជ្យ​។ ជាក់ស្តែង លោក​ Pele Broberg ប្រធានបក្ស​ Naleraq បានប្រកាសប្រាប់​ទីភ្នាក់​AFP​ថា ហ្ក្រូអេនឡង់ដ៍ ត្រូវ​​ផ្តាច់ខ្លួន​ចេញពីដាណឺម៉ាកក្នុងពេលឆាប់រហ័សបំផុត ដោយ​យកគំរូតាមនីតិវិធីដូចករណី​ផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបនៅឆ្នាំ​១៩៨៥ ដែលប្រើពេលតែ​៣ឆ្នាំ​ គឺរួចស្រេចបាច់​។អាមេរិកចាំត្របាក់ បើបានឯករាជ្យតែទន់ខ្សោយ !ទន្ទឹមគ្នានេះ មាន​មតិវិភាគមួយចំនួន បានបង្ហាញការព្រួយបារម្ភប្រសិនបើហ្ក្រូអិនឡង់ដ៍ផ្តាច់ខ្លួន​ចេញ​ពីដាណាម៉ាកដោយ​តក់ក្រហល់ពេក។ បញ្ហានេះ នឹងធ្វើ​ឲ្យកោះហ្ក្រូអិនឡង់ដ៍ តែលតោល មានអស្ថិរភាព គ្មាន​អ្វី​ការពារខ្លួន ទល់នឹងមហិច្ឆតាស្រេកឃ្លានរបស់​លោកដូណាល់ ត្រាំ ដែល​ចិញ្ចឹមចិត្តចាំតែត្របាក់យក​ហ្ក្រូអិនឡង់ដ៍។ ពោលគឺវាមិនខុសពី​ទុកសាច់​នៅនឹងមាត់ខ្លានោះឡើយ​។លោកស្រី​ Lill Rastad BjØrst លើកឡើងថា ជម្រើសមួយទៀត គឺបក្ស​ Demokraatit អាចនឹង​ជ្រើសរើសដើរតាមកម្មវិធីនយោបាយរបស់គេផ្ទាល់ខ្លួន ហើយ​ផ្តោតអាទិភាព សម្រាប់រដ្ឋាភិបាលថ្មី ទៅលើ​កំណើនសេដ្ឋកិច្ចនិងជីវភាព​ប្រជាជនហ្ក្រូអិនឡង់ដ៍​។ ផ្អែក​តាមតួលេខ សេដ្ឋកិច្ច​ហ្ក្រូអិនឡង់ដ៍ពឹងផ្អែកខ្លាំងណាស់ ទៅលើទិន្នផល​នេសាទ ដែលមានទំហំស្មើនឹង​៩៥%នៃការនាំចេញរបស់ខ្លួន។ មួយវិញទៀត ជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលដាណឺម៉ាក គឺមានទំហំ​ធំគួរសម ស្មើនឹង​១ភាគ​៥ នៃ​ចំណូលដុល របស់ហ្ក្រូអិនឡង់ដ៍។ លោកស្រីសាស្ត្រាចារ្យបានពន្យល់ ទោះគ្មានកាលវិភាគ​នយោបាយ​ឲ្យជាក់ច្បាស់ក៏ដោយក្រោយ​ការបោះឆ្នោត​សភា​នាពេលនេះ ក៏ប៉ុន្តែគ្រប់បក្សនយោបាយ​សុទ្ធតែមានអារម្មណ៍​អាសន្នបន្ទាន់ ត្រូវតែរូតរះបង្កើត​​រដ្ឋាភិបាល​ ដោយសារ​តែមានការប្រទាញប្រទង់គ្នាខ្លាំង រវាងដាណឺម៉ាក​និង​សហរដ្ឋអាមេរិក​។ចង្កិះមួយបាច់កាច់មិនបាក់​សូមបញ្ជាក់ថា​ រដ្ឋាភិបាល​ស្វយ័តក្រូអិនឡង់ដ៍ថ្មី ត្រូវប្រមូល​ឲ្យ​បាន​ចំនួន​អាសនៈ ១៦ក្នុងចំណោមទាំង​អស់​៣១នៅក្នុងសភា​។ លទ្ធផលឆ្នោត​ថ្ងៃអង្គារបង្ហាញថា គណបក្ស Demokraatit ឈ្នះបានអាសនៈត្រឹម​តែ​១០ទេ គឺខ្វះ៦ទៀត។ នៅល្ងាចថ្ងៃដឹងលទ្ធផល​បឋម លោក Jens Frederik Nielsen មេដឹកនាំវ័យ​៣៣ឆ្នាំនៃបក្ស Demokraatit បាន​ប្រកាស​ថា​លោក​ហុចដៃចាប់ជាមួយគ្រប់គ្នា។ លោកអះអាងថា ការ​រួបរួមសាមគ្គី​គ្នាគឺជាគោលការណ៍​បឋម​នៃការចរចា​។ លោក​​ Nielsen បានគូសបញ្ជាក់ជាថ្មីម្តងទៀត ថា​គោលការណ៍គ្រិះនៃកម្មវិធី​នយោបាយ​របស់បក្សDemokraatit គឺ​​​ប្រកាន់ជំហរ “ស្ងាត់ស្ងៀមមិនផ្អើលជ្រួលច្របល់” ប្រឈមនឹង​សហរដ្ឋអាមេរិក​ដែលគំរាមចង់បានហ្ក្រូអិនឡង់ ហើយទន្ទឹមនេះ​ហ្ក្រូអិនឡងដ៍ត្រូវ​តែរៀបចំ​សាងគ្រិះឲ្យរឹងមាំជាមុនសិន ដើម្បី​ឈានទៅបង្កើតរដ្ឋឯករាជ្យ​។លោក Ulrik Pram Gad អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន​ដាណឺម៉ាកសិក្សា​អន្តរជាតិ យល់ឃើញលោក Jens Frederik Nielsen អនាគតប្រមុខរដ្ឋាភិបាល​ហ្ក្រូអិនឡង់​ នឹងជ្រើសយកផ្លូវដើរកណ្តាល​។ ពោលគឺលោក​នឹង​​ជំរុញ​ឲ្យ​ដាណឺម៉ាក​ផ្តល់សិទ្ធិស្មើភាព​​​មក​ឲ្យ​ហ្ក្រូអិនឡង់ដ៍​ឲ្យ​កាន់តែច្រើន។ តែទន្ទឹមនឹងនេះ ​លោកត្រូវតែ​ផ្តោត​អាទិភាព​ បង្កើនការវិនិយោគ​របស់ដាណឺម៉ាកមកលើ​កោះហ្ក្រូអិនឡង់ដ៍ ហើយ​ដាណឺម៉ាក​ក៏ត្រូវទទួលស្គាល់ឲ្យ​បានច្រើនជាងនេះ​ នូវ​កំហុស​ឆ្គងកាលពីអតីតកាល ដែល​​​ដាណឺម៉ាក​​​បាន​​ដាក់​​អាណានិគម​​មកលើ​កោះហ្ក្រូអិនឡង់ដ៍​។ ប្រឈមនឹង​មហិច្ឆា​របស់លោកដូណាល់ ត្រាំ គឺរដ្ឋាភិបាលថ្មីរបស់​ហ្ក្រូអិនឡង់ដ៍ ត្រូវតែ​ផ្តោតអាទិភាពផងដែរ ទៅលើចំណងសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសជាមួយសហភាពអឺរ៉ុប​៕​
ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទី​៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោក​ដូណាល់ ត្រាំ​បាន​ប្រកាសជាបន្តបន្ទាប់គ្នា​​ថា លោក​សម្រេច​លើកលែង​មុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែ​ត្រូវ​បង់ពន្ធបន្ថែមនៅ​ក្នុងកម្រិត​២០%ដដែល។ លោក​ដូណាល់ ត្រាំ​បានពន្យល់​ការប្តូរជំហរ ថយមួយជំហាន​មកវិញក្នុងរឿងដំឡើងពន្ធ​លើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោក​ចង់ជួយប្រទេស​ជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្ម​ជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេស​ជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើ​អ្វីទៅជា​ហេតុផលពិតប្រាកដដែលធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ​ថយមួយជំហាន​ក្នុងជម្លោះពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​កាណាដា?  នយោបាយរបស់លោកដូណាល់ ត្រាំ​បត់បែនលឿនពិបាក​នឹង​តាមទាន់។ ក្នុងរយៈពេលតែ​១ថ្ងៃ​ បន្ទាប់ពី​អត្រាពន្ធថ្មី ចំនួន​២៥%លើ​ទំនិញកាណាដា និងម៉ិកស៊ិក​ចូលជាធរមាន កាលពីថ្ងៃអង្គារ​ទី ៤​មីនា រដ្ឋបាល ត្រាំ​បាន​ចេញមក​កែតម្រូវ ពីរលើកបន្តបន្ទាប់គ្នា។  បន្ទាប់ពីយល់ព្រម​ព្យួរ​អត្រាពន្ធថ្មី​លើទំនិញម៉ិកស៊ិក​រហូត​ដល់​ដើម​ខែ​មេសា ក្រោយពីបានជួបសន្ទនាតាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីម៉ិកស៊ិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធទី ៥មីនាដដែលបាន​ប្រកាស​ថា លោក​យល់ព្រម​អនុគ្រោះទំនិញកាណាដា​មួយចំនួន​ ដែលមាន​ចែង​នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកកាណាដា និងម៉ិកស៊ិកដែលលោកដូណាល់​ត្រាំ​បាន​បង្កើតឡើងនៅអាណត្តិទី១របស់លោក។ខណៈដែល​​៦០%​នៃទំនិញកាណាដា​នៅតែ​បន្តជាប់​រនាំងពន្ធគយថ្មី​របស់អាមេរិក ទំនិញកាណាដា​ ដូចជា ទូរទស្សន៍ សាច់គោ ម៉ាស៊ីនត្រជាក់ សារធាតុសម្រាប់ផលិតជីគីមីដែល​កសិករអាមេរិកត្រូវការប្រើច្រើន នឹងរួចផុត​ពីរនាំងពន្ធគយរបស់​លោកដូណាល់ ត្រាំមួយគ្រាទៀត រហូត​ដល់ដើមខែមេសា ​គ្រឿងបន្លាស់ដែល​ឧស្សាហកម្មផលិតរថយន្ត​អាមេរិក​ត្រូវការចាំបាច់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម​ ក៏ទទួលបានការអនុគ្រោះជាបណ្តោះអាសន្នដែរ។ អ្នកនាំពាក្យ​របស់សេតវិមាន​និយាយ​ថា លោកដូណាល់ ត្រាំ​ប្តូរចិត្ត​ ដោយ​បន្តផ្អាកការដំឡើងពន្ធលើទំនិញប៉ុន្មានមុខខាងលើ ក៏ដោយសារ​ក្រុមហ៊ុន​ផលិតរថយន្តអាមេរិក​​បាន​សំណូមពរ​ឲ្យអនុគ្រោះ និងសន្យា​រើរោងចក្រ​ផលិត​គ្រឿងផ្គុំមក​តាំងទីនៅទឹកដីអាមេរិក​នាពេលខាងមុខ។នៅលើ​បណ្តាញ​សង្គម​របស់លោកឈ្មោះ Truth Social លោកដូណាល់ ត្រាំ​បាន​ពន្យល់​ថា លោក​ផ្អាកការអនុវត្តពន្ធ​ថ្មី​លើទំនិញកាណាដា និង​ម៉ិកស៊ិក​ដោយសារមកពីលោកចង់​ជួយប្រទេស​ជិតខាង​ដែល​រងប៉ះពាល់ខ្លាំងដោយសារ​នយោបាយដំឡើងពន្ធរបស់លោក​នៅដើមខែមីនានេះ។ លោកដូណាល់ ត្រាំនិយាយថា ចង់ជួយប្រទេស​ជិតខាង ប៉ុន្តែ ហេតុអ្វីលោក​ចេញក្រឹត្យ​ដំឡើងពន្ធថ្មីទៅលើ​ប្រទេស​ជិតខាងជាពិសេស​កាណាដា​ដែលជាសម្ព័ន្ធមិត្ត​ស្លាប់រស់ជាមួយគ្នា​រហូតមកយ៉ាងដូច្នេះ?តាំងពីមិនទាន់ចូលកាន់តំណែងជាផ្លូវការម្ល៉េះ លោកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ​លើ​ប្រទេស​ដែល​យកប្រៀប ដើរខ្សែលើអាមេរិក។ លោកដូណាល់ ត្រាំចង់​ប្រើនយោបាយ​ដំឡើងពន្ធលើ​ទំនិញនាំចូលអាមេរិក ដើម្បី​ការពារ​ផលិតផល​ក្នុងស្រុក បង្កើតការងារ​តាមរយៈការរើរោងចក្រ​ឧស្សាហកម្ម​មកតាំងទីនៅអាមេរិកដើម្បីជៀសវាង​ការបង់ពន្ធ។លោកដូណាល់ ត្រាំ​បាន​ប្រកាស​នយោបាយ​ដំឡើងពន្ធថ្មី ដែលមានន័យស្មើការប្រកាស​សង្រ្គាមពាណិជ្ជកម្ម ដោយមិនលើកលែង មិនថា គូប្រជែង​ដូចជា​ចិន ឬ សម្ព័ន្ធមិត្ត ហើយកាន់តែ​ហួសចិត្ត គឺកាណាដា ដែលជា​មិត្តស្លាប់រស់ ដៃគូពាណិជ្ជកម្ម​ដែលមិនអាច​ខ្វះបាន។​លោកដូណាល់ ត្រាំ​បាននិយាយការពារ​នយោបាយ​ដំឡើងពន្ធ​លើទំនិញកាណាដា ថា ជានុយ ទាក់ទាញឲ្យ​កាណាដា​ត្រូវ​តែចូលរួមបង្រ្កាប ទប់ស្កាត់កុំ​ឲ្យ​​​គ្រឿងញៀន ហ្វង់តានីល និង​ជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលទៅ​ទឹកដីអាមេរិក។ ចំពោះលោកដូណាល់ ត្រាំ អត្រាពន្ធថ្មី​២៥%​លើទំនិញនាំចូលមកពីកាណាដា ត្រូវ​ចូលជាធរមាន តាមកាលកំណត់​ថ្ងៃទី ៤​មីនា ព្រោះថា កាណាដា​មិនបាន​ប្រឹងប្រែង​ដោះស្រាយ​បទល្មើសគ្រឿងញៀន​តាមការចង់បាន​ពីភាគីអាមេរិក។ នៅក្នុង​សុន្ទរកថា​វាយបកខ្លាំងៗ​ទៅកាន់រដ្ឋបាលលោកត្រាំ លោកនាយករដ្ឋមន្រ្តី​កាណាដា ហ្សូសទីន ទ្រុយដូ​បាន​និយាយ​ថា អាមេរិក​បានសម្រេចដំឡើងពន្ធ​ដោយ​ឯកតោភាគី ទោះបីជា​កាណាដាប្រឹងប្រយុទ្ធប្រឆាំង​ការជួញដូរគ្រឿងញៀន​ឆ្លងចូលទៅអាមេរិក​រហូតធ្លាក់ចុះ​ដល់អត្រាដ៏ទាប​នៅ​ឆ្នាំ២០២៤។តើអ្នកណា​ខាត អ្នកណាចំណេញ? អាមេរិក ឬកាណាដា?​តបនឹង​ការដំឡើងពន្ធរបស់អាមេរិក លោក ហ្សូសទីន​ ទ្រុយដូ ដែល​កាន់តំណែងជានាយករដ្ឋមន្រ្តីកាណាដារហូតដល់​ខែ​មីនានេះ បាន​ប្រកាស​ដំឡើងពន្ធសងសឹកវិញ។ បើតាម​ប្រមុខរដ្ឋាភិបាលកាណាដា ទំនិញអាមេរិកក្នុងទំហំទឹកប្រាក់​២០ពាន់លាន​ដុល្លារត្រូវជាប់ពន្ធថ្មី២៥%​របស់កាណាដាភ្លាមៗ ចំណែកទំនិញអាមេរិក​ជាង​១០៧ពាន់លានដុល្លារផ្សេងទៀត នឹងប្រឈម​ការដំឡើងពន្ធថ្មីរបស់កាណាដា​យ៉ាងយូរនៅ​ដើម​ខែ​មេសា។​ដោយដំឡើងពន្ធដាក់គ្នា អាមេរិក និង​កាណាដាកំពុងបើកសង្រ្គាមពាណិជ្ជកម្មនឹងគ្នាដោយ​ចំពោះមុខ។ តើអ្នកណាខាត អ្នកណាចំណេញ? អាមេរិក ឬកាណាដា?​ចំពោះ នាយករដ្ឋមន្រ្តីកាណាដា ច្បាស់ណាស់ថា នៅក្នុង​សង្រ្គាមពាណិជ្ជកម្មគ្មានអ្នកឈ្នះ ប៉ុន្តែមានតែអ្នកចាញ់។ អ្នកដែលខាតបង់​មុនគេ គឺប្រជាជនអាមេរិក និងកាណាដា ដែលជាអ្នកប្រើប្រាស់។ សង្រ្គាមពាណិជ្ជកម្ម​ដំឡើងពន្ធទៅវិញ ទៅមក​នឹង​ធ្វើ​ឲ្យ​ទំនិញឡើងថ្លៃ វិបត្តិអតិផរណា ការបាត់ការងារធ្វើ និងសេដ្ឋកិច្ច​ដើរថយក្រោយ។បើមើលទំហំដោះដូរពាណិជ្ជកម្ម ដែលនៅក្នុងនោះ សេដ្ឋកិច្ច​របស់កាណាដា​ដល់ទៅ​៨០%​ពឹងផ្អែកលើការនាំចេញទំនិញទៅ​អាមេរិក គេ​អាច​និយាយ​បាន​ថា កាណាដា​នឹងរងគ្រោះប៉ះពាល់ខ្លាំង​ដោយសារនយោបាយដំឡើងពន្ធថ្មីរបស់​រដ្ឋបាលត្រាំ។ សេវា និងទំនិញអាមេរិក​នាំចូលទៅកាណាដា​ មានទំហំទឹកប្រាក់ ៣៤៩ពាន់លានដុល្លារ ខណៈដែល​កាណាដានាំចូលទំនិញ និង​សេវាកម្មទៅ​អាមេរិកមានប្រមាណ ៤១២ពាន់លាន​ដុល្លារ។ ការណ៍នេះធ្វើ​ឲ្យឱនភាពពាណិជ្ជកម្មអាមេរិកជាមួយ​កាណាដា​មានទំហំទឹកប្រាក់ ជាង ៦៣ពាន់លានដុល្លារ។បើទោះជា​លោកដូណាល់ត្រាំនិយាយ​ថា អាមេរិកមិនត្រូវការកាណាដា ហើយកាណាដាជាប្រទេស​ពឹងផ្អែកខ្លាំងអាមេរិកក្តី តួលេខ​ពាណិជ្ជកម្ម​បង្ហាញផ្ទុយពីនេះ​ ព្រោះថា ១ភាគ៤នៃប្រេងដែលប្រជាជនអាមេរិកទិញប្រើប្រចាំថ្ងៃនាំចូលមកពីកាណាដា។ ៦០%នៃប្រេងឆៅអាមេរិកទិញនាំចូលមកពីកាណាដា។ ៨៥%នៃអគ្គិសនីនៅអាមេរិកនាំចូលពីកាណាដា។ កាណាដាក៏ជាប្រទេស​ផ្គត់ផ្គង់​ដែក អាលុយមីញ៉ូម និងអ៊ុយរ៉ានីញ៉ូមសំខាន់​ជាងគេ​របស់អាមេរិក។ កាណាដា​មាន​រ៉ែសំខាន់ៗជាង​៣០ប្រភេទ​ដែល​ក្រសួងការពារ​អាមេរិក​ចង់​វិនិយោគសម្រាប់​ហេតុផល​សន្តិសុខ​ជាតិ។ ចំពោះអ្នកជំនាញ វិស័យសំណង់​របស់អាមេរិក​នឹង​ប៉ះពាល់ដោយផ្ទាល់ បើសិន​អាមេរិករក្សា​ការដំឡើងពន្ធ​២៥%លើ​ដែក និងអាលុយមីញ៉ូម​កាណាដា​នៅ​ថ្ងៃពុធ​ទី ១២​មីនាខាងមុខ។បើទោះលោកដូណាល់ត្រាំ អនុគ្រោះ​ដោយ​លើកថ្ងៃអនុវត្តពន្ធថ្មីលើ​ទំនិញកាណាដាមួយចំនួន ប៉ុន្តែ ភាគីកាណាដា​ប្រកាសនៅថ្ងៃព្រហស្បតិ៍កន្លងទៅថា កាណាដា​មិន​ប្តូរជំហរវិញទេ ដោយនៅបន្តយកពន្ធដដែល​លើ​ទំនិញនាំចូលពីអាមេរិក ដែលមានតាំងពីស្រា ទំនិញគ្រឿងបរិភោគមួយចំនួន។អាជ្ញាធរ​ខេត្ត​Ontario បានអះអាងថា​នឹង​អនុវត្ត​ពន្ធថ្មីទៅលើ​អគ្គិសនី​ដែលអាមេរិក​ទិញពីកាណាដាសម្រាប់ផ្គត់ផ្គង់​ប្រជាជន​ជាង​១លាន​៥សែននាក់​នៅ​រដ្ឋ​បីជាប់ព្រំដែនជាមួយកាណាដា។ មួយវិញទៀត កាណាដា​កំពុងពិចារណា​លុបចោល​កិច្ចសន្យាទិញសេវាអ៊ីនធ័រនែត​តម្លៃ១០០លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ស្តាលីង​របស់អេឡុន ម៉ាស្ក៍។តើអ្វីជាគោលដៅពិតប្រាកដនៃនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ​លើទំនិញកាណាដា?នយោបាយដំឡើងពន្ធរបស់រដ្ឋបាល​អាមេរិក​ប្រៀបបាននឹង​ការវាយមួយដំបង​ដែល​ធ្វើ​ឲ្យកាណាដា​ភ្ញាក់ក្រញាងដឹងខ្លួន និងចងចាំទុកដឹងថា លោកដូណាល់ ត្រាំ​កំពុងធ្វើឲ្យអាមេរិក​ក្លាយជា​មិត្តទ្រុស្តមិត្ត។ បើតាមលោកនាយករដ្ឋមន្រ្តីកាណាដា កាណាដា​ជា​ប្រទេស​មិត្តដែល​បាន​ជួយ ចូលរួមជាមួយ​អាមេរិក​មិនថា ក្នុងគ្រាអាមេរិករងការវាយប្រហារ​របស់ក្រុមភេរវកម្ម។ កាណាដា​បានចូលរួមជាមួយអាមេរិក​ដើម្បីការពារសន្តិសុខ​ពិភពលោក រួមគ្នាជាមួយអាមេរិក​ការពារ​ប្រយោជន៍រួមនៅតំបន់អាក់ទិក។ កាណាដា​ជាអ្នកផ្គត់ផ្គង់​ថាមពល និងធនធានរ៉ែ​ឲ្យអាមេរិកច្រើនជាង​ដៃគូផ្សេងទៀត។ ដូច្នេះ អាមេរិក​មិនគួរ​បែរមកចាក់​មិត្ត​កាណាដា​ពីក្រោយខ្នង ដោយការដំឡើងពន្ធដ៏ច្រើនបែបនេះទេ។ចំពោះលោកនាយករដ្ឋមន្រ្តីកាណាដា ហ្សូសទីន ទ្រុយដូរ ដោយដំឡើងពន្ធ​លើទំនិញនាំចូលពីកាណាដា លោកដូណាល់ ត្រាំចង់​បំបាក់​សេដ្ឋកិច្ច​របស់កាណាដាឲ្យធ្លាក់ចុះខ្សោយ។ លោកដូណាល់ ត្រាំ​នឹង​អាចសម្រេចគោលបំណងដែលចង់​យក​កាណាដា​ធ្វើជា​រដ្ឋទី​៥១​របស់អាមេរិក។ លោកដូណាល់ ត្រាំ​បាន​និយាយម្តងហើយ ម្តងទៀត ដោយគ្មានអៀនមាត់ដោយថា កាណាដា​នៅថ្ងៃណាមួយនឹង​ក្លាយជា​រដ្ឋទី​៥១​របស់អាមេរិក។ នៅក្នុងសារ​វាយបកនឹង​ការប្រកាស​ដំឡើងពន្ធ​សងសឹករបស់កាណាដានៅសប្តាហ៍មុន លោក​ដូណាល់ ត្រាំ​នៅបានហៅនាយករដ្ឋមន្រ្តី​លោកទ្រុយដូថា ជាអភិបាល​រដ្ឋ របស់អាមេរិកថែមទៀត។ ចំពោះប្រជាជនកាណាដានេះជាការប្រមាថ គ្មានការគោរព​ចំពោះកាណាដាទាល់តែសោះ។ចង់ ឬមិនចង់ នយោបាយដំឡើងពន្ធ​លើទំនិញកាណាដា និង​មហិច្ឆតារបស់លោកដូណាល់ ត្រាំ​ចង់​យក​កាណាដា​ជារដ្ឋថ្មីមួយទៀតរបស់អាមេរិក​បានជំរុញបំផុស​ឲ្យគំនិតស្នេហាជាតិនិយមកាន់តែផុសផុលខ្លាំងឡើង​ក្នុងចំណោម​ប្រជាជនកាណាដា។ តាំងពី​លោកដូណាល់ ត្រាំ​លែងលាក់លៀម​មហិច្ឆតា​ចង់​ភ្ជាប់កាណាដា​ចូល​ទឹកដីអាមេរិក ប្រជាជន​កាណាដាចាប់នាំគ្នា​ធ្វើពហិកា មិនទិញទំនិញអាមេរិក និង​បន្ថយ​ដំណើរទេសចរណ៍​នៅសហរដ្ឋអាមេរិក។ នេះជាការខាតបង់មួយចំពោះអាមេរិក ព្រោះថា អ្នកទេសចរកាណាដា​ចំណាយប្រមាណ២០ពាន់លានដុល្លារនៅពេល​ទៅកំសាន្តនៅអាមេរិកកាលពីឆ្នាំ​២០២៤។ ប្រជាជនកាណាដា​អះអាងថា ពួកគេ​មិនចង់បាន​សង្រ្គាមពាណិជ្ជកម្ម​ ប៉ុន្តែ លោកដូណាល់ ត្រាំជាអ្នកចាប់ផ្តើមមុន។ ដូច្នេះ ពួកគេ​ប្តេជ្ញា​ស្រាក់ដៃគ្នា​ តស៊ូ​ទ្រាំលំបាកក្នុងគ្រា​សេដ្ឋកិច្ចកាណាដា​នឹង​​រួមរឹតខ្លាំងដោយសាររនាំងពន្ធគយ។ សុខចិត្ត​លំបាក ​ប៉ុន្តែ មិនព្រមចុះចាញ់ដាច់ខាតនឹងការដាក់សម្ពាធពីប្រធានាធិបតីដូណាល់ ត្រាំ ដែលសម្លឹងចង់បានកាណាដា​ជាអាណារដ្ឋថ្មីទី​៥១របស់អាមេរិក៕
ចាប់តាំងពីមានជម្លោះតឹងសសៃក​រវាង​ប្រធានាធិបតីអ៊ុយក្រែន និង​លោកដូណាល់ ត្រាំ​នៅសេតវិមាន រដ្ឋបាលអាមេរិកមិនបន្ថយដៃក្នុងការដាក់សម្ពាធ​លើ​អ៊ុយក្រែន។ នៅសប្តាហ៍នេះ បន្ទាប់ពីសេតវិមានប្រកាស​ផ្អាកជំនួយយោធា ដើម្បី​ដាក់សម្ពាធឲ្យអ៊ុយក្រែន​ចូលតុចរចាបញ្ចប់សង្រ្គាមជាមួយ​រុស្ស៊ី អាមេរិក​តាមរយៈ​ប្រធាន​ស៊ើបការណ៍សម្ងាត់ បាន​ប្រកាស​ផ្អាក​ការចែករំលែក​ព័ត៌មានសម្ងាត់ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់ខ្លាំង​ដើម្បី​ទប់ទល់​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី។ អាមេរិកឈប់​ផ្តល់ព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន​ តើវា​នឹង​ប៉ះពាល់​យ៉ាងណាខ្លះ​ដល់​សមរភូមិប្រយុទ្ធរបស់​កងទ័ពអ៊ុយក្រែន? តើ​វា​នឹង​បើកឱកាស​ឲ្យ​រុស្ស៊ី​កាន់តែ​កេងយកចំណេញ​ដើម្បីវាយដណ្តើម​ទឹកដី​អ៊ុយក្រែនដែរឬទេ? គ្មានព័ត៌មានសម្ងាត់ពីខាងភាគីអាមេរិក កងទ័ពអ៊ុយក្រែនប្រៀបដូច​​មនុស្ស​ភ្នែកមីញ៉ូប ក្នុង​សមរភូមិ ដែលមើលអ្វីឆ្ងាយមិនច្បាស់ បាត់បង់​តុល្យភាពយ៉ាងដូច្នេះដែរ។ នៅថ្ងៃ​ពុធ​សប្តាហ៍នេះ នៅក្នុង​បរិបទដ៏​តានតឹង​រវាង​អាមេរិក និងអ៊ុយក្រែន​នៅក្រោយ​ការប្រកែកទាស់សំដីគ្នា​នៅ​សេតវិមាន ប្រធាន​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក​CIA លោក​ John Ratcliffe បាន​ប្រកាស​ថា អាមេរិក​ផ្អាក​ លែងផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យអ៊ុយក្រែន។ ដំណឹង​នេះអាច​ធ្វើ​ឲ្យកងទ័ពអ៊ុយក្រែនហេងហាងក្រៃ ព្រោះ​វាមិនខុសអីពីការដកវ៉ែនតា​ពីមនុស្ស​មីញ៉ូបភ្នែកនោះទេ។ ដោយ​សម្រេច​​ផ្អាក​ជំនួយយោធា​ និងផ្អាកការចែករំលែក​ព័ត៌មានសម្ងាត់ជាមួយ​អ៊ុយក្រែន តើ​រដ្ឋបាល​លោកដូណាល់ ត្រាំ​កំពុង​ដាក់ពិន័យ​អ៊ុយក្រែន​ដែលមាន​ប្រធានាធិបតីហ៊ាន​និយាយ​តវ៉ា​តឹងសរសៃកជាមួយលោកនៅ​សេតវិមាន?មុននឹង​និយាយ​ទៅដល់​ផលប៉ះពាល់​ដោយសារ​អាមេរិកលែង​ចែករំលែកព័ត៌មាន​សម្ងាត់ជាមួយអ៊ុយក្រែន គេ​ត្រូវ​តោងយល់ថា ហេតុអ្វីបានជា​អាមេរិកចែករំលែកព័ត៌មាន​សម្ងាត់ជាមួយអ៊ុយក្រែន។ តើ​វាមានប្រយោជន៍ ជួយ​អ៊ុយក្រែន​អ្វីខ្លះ?ជាប្រទេស​មហាអំណាច​យោធា​ដែលមាន​បច្ចេកវិទ្យា​នាំមុខគេ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដឹងមុនគេមុនឯង​ពី​ចេតនារបស់​លោកពូទីនដែលបាន​ចល័តទ័ពរបស់រុស្ស៊ី​ទៅនៅព្រំដែនជាមួយអ៊ុយក្រែន​នៅ​ចុងឆ្នាំ​២០២១ ប៉ុន្មានខែ​មុន​បើក​សង្រ្គាមឈ្លានពានអ៊ុយក្រែន។គឺ​ព័ត៌មាន​សម្ងាត់​របស់​អាមេរិក​ដដែលដែលបាន​ជួយ​ឲ្យ​ក្រុងកៀវរបស់​អ៊ុយក្រែនជៀស រួចផុតមិនដួលរលំ តាមរយៈការរៀបចំយុទ្ធសាស្រ្ត​ទប់ទល់នឹង​កងទ័ពរុស្ស៊ីដែលសម្រុកចូលសំដៅដណ្តើម​កាន់កាប់​ទីក្រុង​កៀវនៅដើមដំបូងទីនៃសង្រ្គាម។ ដើម្បីជួយអ៊ុយក្រែន ប្រទេស​ចាញ់ប្រៀបរុស្ស៊ីទាំងចំនួនកងទ័ព និង​សព្វាវុធ រដ្ឋបាល​លោកចូ បៃដិន​ក្រៅពីផ្តល់ជំនួយសព្វាវុធ បាន​ចុះកិច្ចព្រមព្រៀង​ចែករំលែកព័ត៌មានសម្ងាត់ជាមួយ​អ៊ុយក្រែន។ ដើម្បីប៉ះប៉ូវ​ដល់​ការខ្វះខាតទាំងចំនួនទ័ព និងសព្វាវុធនៅភាគីអ៊ុយក្រែន គោលដៅរបស់​វ៉ាស៊ីនតោន​ គឺចែករំលែកព័ត៌មានសម្ងាត់ដើម្បីឲ្យ​កៀវ​​មាន​សមត្ថភាព​ទាំងការពារខ្លួន និង​វាយប្រហារចំៗគោលដៅ ដោយ​មិន​ខ្ជះខ្ជាយគ្រាប់។ នៅក្នុង​យុទ្ធសាស្រ្ត​វាយប្រហារទៅលើ​កងទ័ពរុស្ស៊ីនៅលើ​ដីគោក ព័ត៌មានសម្ងាត់របស់​អាមេរិក​ដែលផ្អែកលើ​រូបភាពផ្កាយរណប ដែលមានសមត្ថភាព​ថតទម្លុះស្បៃពពក គម្របព្រៃឈើ បានជួយ​ឲ្យ​កងទ័ព​អ៊ុយក្រែន​ដឹងច្បាស់​ពីទីតាំងទ័ពរុស្ស៊ី កន្លែងបាញ់មីស៊ីល និង​ឃ្លាំងស្តុកសព្វាវុធ។ នៅលើសមុទ្រ​ខ្មៅវិញ អាមេរិកបានផ្តល់ព័ត៌មាន​គួរឲ្យជឿជាក់ស្តីពីទីតាំង គម្រោងប្រតិបត្តិការរបស់នាវាចម្បាំងរបស់រុស្ស៊ី ដើម្បីជួយឲ្យអ៊ុយក្រែន​ប្រើដ្រូន​វាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព។​មន្រ្តីយោធា​អ៊ុយក្រែន​បាននិយាយប្រាប់​កាសែត​អាមេរិក​ Washington Post ថា ប្រព័ន្ធចាប់សញ្ញាដ៏សែនទំនើប​របស់អាមេរិក​បានជួយ​ឲ្យអ៊ុយក្រែនមាន​សមត្ថភាព​​ដឹងខ្លួនជាមុន​ពី​គម្រោង​វាយប្រហារ​របស់​សត្រូវ ជាពិសេស​គ្រាប់មីស៊ីល​របស់រុស្ស៊ី។ អាមេរិកបានចែករំលែកព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន ដែលមានតាំងពី​ព័ត៌មានយុទ្ធសាស្រ្ត​ទាក់ទង​នឹង​គម្រោងការវាយប្រហារ​របស់​មេទ័ពរុស្ស៊ី រហូតដល់​ព័ត៌មាន​តាក់ទិក ដែល​ជួយ​ឲ្យអ៊ុយក្រែនគេចផុតពីប្រព័ន្ធរំខានសញ្ញាដ្រូន ឬ​មិនធ្លាក់​ក្នុងអន្ទាក់វាយប្រហារ​របស់​កងទ័ពរុស្ស៊ីជាដើម។ ព័ត៌មានសម្ងាត់របស់អាមេរិក​មិនត្រឹមជួយ​ឲ្យ​អ៊ុយក្រែនអាច​ចាប់សញ្ញាចល័តទ័ពរុស្ស៊ីក្នុងសមរភូមិ ប៉ុន្តែ ​វាអាចជួយឲ្យអ៊ុយក្រែន​កំណត់​ផ្ទាំងស៊ីបវាយប្រហារ​ក្នុងទឹកដីរុស្ស៊ី។ ​ដោយទទួលបាន​ព័ត៌មានពីភ្នាក់ងារសម្ងាត់អាមេរិក កងទ័ពអ៊ុយក្រែន​អាច​វាយប្រហារ​ចំគោលដៅច្រើន មិនថា​នៅតំបន់អ៊ុយក្រែនដែល​កងទ័ពរុស្ស៊ីចូលឈ្លានពាន ឬក្នុង​​ទឹកដី​រុស្ស៊ីផ្ទាល់។ ដោយជួយ​ឲ្យកងទ័ពអ៊ុយក្រែន​វាយចំៗ​លើ​គោលដៅយោធា​ និង​វាយស្ទាក់ជាមុន​គម្រោងការវាយប្រហារ​ផ្លូវអាកាស និងមីស៊ីល​របស់រុស្ស៊ី ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក​បានជួយឲ្យអ៊ុយក្រែន​អាច​ទប់ទល់ មិនឲ្យ​កងទ័ព​រុស្ស៊ីបោះពួយ​លឿនក្នុងសមរភូមិដើម្បីដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែន។ប៉ុន្តែ ការសម្រេចរបស់​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ​កាលពីថ្ងៃពុធ​នឹងធ្វើ​ឲ្យប៉ះពាល់​ ​ប្រែក្រឡាប់ចាក់​ការប្រឹងប្រែង​របស់​កងទ័ពអ៊ុយក្រែន​។ ជាក់ស្តែង ដោយសារអាមេរិក​ផ្អាកការចែករំលែកព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន កងទ័ពអ៊ុយក្រែនគ្មាន​ទិន្នន័យ​ដើម្បីអាច​ប្រើប្រព័ន្ធបាញ់មីស៊ីល​​ចម្ងាយឆ្ងាយរបស់អាមេរិក​ដូចជា​ប្រភេទមីស៊ីល​ATACMS ​ដែលលោកចូ បៃដិន​អនុញ្ញាតឲ្យ​អ៊ុយក្រែន​ប្រើដើម្បីបាញ់ចូលជ្រៅ​ក្នុងទឹកដីរុស្ស៊ី។ គ្មាន​ព័ត៌មានសម្ងាត់ពីអាមេរិក អ៊ុយក្រែនមិនអាចប្រើប្រព័ន្ធខែលមីស៊ីលដើម្បីការពារដោយប្រសិទ្ធភាព​ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ​ពីការវាយប្រហារ​មីស៊ីល​រុស្ស៊ី។ ​អាមេរិកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ សំខាន់​សម្រាប់​យុទ្ធសាស្រ្ត​ធ្វើសង្រ្គាមរបស់អ៊ុយក្រែន​ មានន័យស្មើ​នឹង​បិទឆ័ត្រការពារ ហុចឱកាស​ឲ្យ​រុស្ស៊ី​វាយប្រហារគ្រាប់មីស៊ីល​លើអ៊ុយក្រែន និងសម្រុកចូលកាន់តែកៀកខ្សែប្រយុទ្ធជួរមុខក្នុង​សមរភូមិ។ ​មន្រ្តីយោធា​អ៊ុយក្រែន​ដែលធ្វើការ​ផ្នែក​ស៊ើបការណ៍សម្ងាត់​​បាននិយាយ​ប្រាប់​កាសែត​អាមេរិកថា អ្វីដែលអ៊ុយក្រែនកំពុងបារម្ភខ្លាំងគឺ រុស្ស៊ី​នឹង​ឆ្លៀតពេលដែល​អាមេរិក​ឈប់ផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែន ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត​ប្រមូលផ្តុំទ័ពឡើងវិញ និង​បង្វែរកាំណុងមីស៊ីល​ បាញ់ស្រោច​លើ​ទីក្រុង​កៀវ ដូចក្នុងករណី​វាយប្រហារ នៅ​ចុងសប្តាហ៍នេះ។យោងតាមមន្ត្រីអ៊ុយក្រែន​ខាងលើ​ អ៊ុយក្រែន​ដែលមាន​ស្តុកមីស៊ីល​របស់អាមេរិកច្រើនសម្រាប់​ប្រើប្រាស់​រហូត​​ដល់​ពាក់កណ្តាល​ឆ្នាំនេះ​ នៅតែ​អាចប្រើមីស៊ីល​របស់អាមេរិក​ដើម្បីវាយប្រហារទៅលើ​រុស្ស៊ី បើទោះបីជា​គ្មានទទួលព័ត៌មានសម្ងាត់ពីអាមេរិក។ ប៉ុន្តែ ការវាយប្រហារ​នឹងមិនប្រាកដជាត្រូវ​ចំគោលដៅនោះទេ។​ សមត្ថភាពប្រយុទ្ធរបស់​អ៊ុយក្រែននឹង​មាន​កំណត់​ ដោយសារ​គ្មាន​ជំនួយសព្វាវុធ និង​ព័ត៌មានសម្ងាត់ពីអាមេរិក។ ទោះបារាំងចេញមុខ​មក​ធានា​ប៉ះប៉ូវ​អវត្តមាន​របស់អាមេរិក ចំណែកអឺរ៉ុប​ប្រឹងប្រែង​សន្យា​បន្តជួយអាវុធដល់​អ៊ុយក្រែន អ៊ុយក្រែន​ដឹងច្បាស់ថា មិនអាច​បន្ត​ធ្វើ​សង្រ្គាមតទល់​នឹង​រុស្ស៊ីដោយគ្មានអាមេរិក៕
កាលពីថ្ងៃចន្ទទី​២៤កុម្ភៈ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹងថា ក្រុមការងារលោក​និង​ភាគីអ៊ុយក្រែន កំពុង​តែរៀបចំធ្វើកិច្ចព្រមព្រៀងស្តីពី​ការជីករ៉ែ នៅអ៊ុយក្រែន។ លោកត្រាំអះអាងទៀតថា កិច្ចព្រមព្រៀងនេះជិតរួលរាល់អស់ហើយ ហើយលោកហ្សេឡេនស្គី នឹងធ្វើមកដំណើរមកទីក្រុង​វ៉ាស៊ីនតោនដើម្បីចុះហត្ថលេខានៅក្នុងសប្តាហ៍​នេះ​។ ដោយឡែក នៅថ្ងៃពុធទី​២៦​កុម្ភៈ លោក​ហ្សេឡេនស្គី បានបញ្ជាក់ថា ភាគីទាំង២ពិតជា​រក​បាន​​នូវ​​ “កិច្ចព្រមព្រៀងក្របខណ្ឌ” មួយពិតមែន។ តែយ៉ាងណាលោក​អះអាងថា កិច្ចព្រមព្រៀងអាចបានជោគជ័​យ ឬក៏ត្រូវរលាយ​ទៅវិញ គឺវាអាស្រ័យ​លើ​ការ​និយាយចរចគ្នា រវាង​លោក​និង​លោកដូណាល់ត្រាំ​។ មិនកំណត់​ពីទំហំទឹកប្រាក់៥០០ពាន់​លានដុល្លារ​​លោកដូណាល់ ត្រាំ គ្រាន់តែចូលកាន់អំណាចភ្លាម បានប្រកាស​គំរាមថាអ៊ុយក្រែនត្រូវតែបើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ ចូលទៅ​ជីកយករ៉ែ ដើម្បីជាការសងប្រាក់​មកអាមេរិក​វិញ ក្នុងទំហំ៥០០ពាន់លានដុល្លា។ តែផ្ទុយទៅវិញ ផ្អែក​តាមតួលេខ​របស់​​វិទ្យាស្ថាន Kiel ដើម្បីសេដ្ឋកិច្ចពិភពលោក គឺធាតុពិត​ជំនួយយោធារបស់អាមេរិក ដែល​បាន​ផ្តល់​មក​ឲ្យ​អ៊ុយក្រែនប្រមាណ​៣ឆ្នាំមកនេះ មានទំហំទឹកប្រាក់​ប្រមាណ​តែ​១២០ពាន់​​លានដុល្លារប៉ុណ្ណោះ មិនមែន​៥០០ពាន់លានដុល្លារ ដូចអ្វីដែល​លោកត្រាំអះអាងឡើង។ការទាមទាររបស់លោកត្រាំ ឲ្យ​អ៊ុយក្រែនសងប្រាក់លើសដល់ទៅ​៤ដង តាមរយៈធនធានរ៉ែនេះ ត្រូវបាន​លោក​ហ្សេឡេនស្គី ច្រានចោលភ្លាមៗ ថាលោក​មិនអាចចុះហត្ថលេខា​លើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំ​ឲ្យ​កូនចៅ​អ៊ុយក្រែន​១០ជំនាន់ទៅមុខទៀត ត្រូវសងបំណុលគេនោះឡើយ​។ តែយ៉ាងណា នៅថ្ងៃពុធទី​២៦​កុម្ភៈ លោក​ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងក្របខណ្ឌមួយ ត្រូវបាន​ភាគីទាំង២យល់ស្របគ្នាហើយ។ផ្អែកតាម​ប្រភពពី​មន្ត្រីរដ្ឋាភិបាល​អ៊ុយក្រែន ដែល​បានឆ្លើយ​ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP គឺកិច្ចព្រមព្រៀងនេះមិនមានខ្លឹមសារ​កំណត់ទំហំទឹកប្រាក់​៥០០ពាន់លានដុល្លារ ដូចដែលលោក​ដូណាល់ ត្រាំ ធ្លាប់បានទាមទារឡើយ​។ ផ្ទុយទៅវិញ ​ឯកសារនេះ​បាន​កំណត់ថា ភាគីទាំង២​ អាមេរិកនិងអ៊ុយក្រែន នឹងធ្វើអាជីវកម្មរួមគ្នា​ក្នុងការជីកយកធនធានរ៉ែដីកម្រ។ ហើយប្រាក់ចំណូលបានមកពីធនធាននេះ នឹងត្រូវផ្ទេរទៅកាន់​មូលនិធិរួមមួយ ដែលសហរដ្ឋអាមេរិកនិងអ៊ុយក្រែន នឹងរួមគ្នាបង្កើត។ មន្ត្រីដដែល​នេះអះអាងថា គឺភាគីអាមេរិកបានសុខចិត្ត​លុបចោល​លក្ខខណ្ឌទាំងអស់ដែលអ៊ុយក្រែនមិនអាចទទួលយកបាន ក្នុងនោះមាន​ជាអាទិ៍​រឿងទំហំទឹកប្រាក់​៥០០ពាន់លានដុល្លារ​។លក្ខខណ្ឌធានាការពារសន្តិសុខបែប​​មិនច្បាស់លាស់គួរកត់សំគាល់ថា ការ​ដែល​អ៊ុយក្រែន​សុខចិត្ត​ចុះកិច្ចព្រមព្រៀងបើក​អាជីវកម្មរ៉ែឲ្យ​សហគ្រាស​អាមេរិក គឺអ៊ុយក្រែន​មានលក្ខខណ្ឌមួយ​ដ៏ធំចាប់បាច់បំផុត នោះគឺការ​ទទួលបាន​នូវ​ការធានាសន្តិសុខ ពីសំណាក់ភាគីអាមេរិក​។ ការធានាសន្តិសុខដែលអាចនឹងទៅកម្លា កុំ​ឲ្យរុស្ស៊ីចូល​មក​ឈ្លានពានសាជាថ្មី​ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀងសន្តិភាព​រួចរាល់​។ លោកហ្សេឡេនស្គីធ្លាប់​បានលើកឡើងពីលទ្ធភាព​យក​ ធនធានរ៉ែដូរយក​ការ​ធានាការពារសន្តិសុខនេះ តាំងតែពីខែ​តុលា​ឆ្នាំ​២០២៤ម្លេះ​។គួរបញ្ជាក់ថា បើអាចទៅរួចនឹងល្អបំផុតនោះ គឺអ៊ុយក្រែនចង់ចូលជាសមាជិកអូតង់ ព្រោះវាជាការធានាសន្តិសុខមួយដ៏ធំធ្វើឲ្យរុស្ស៊ីខ្លាច។ តែភាគីអាមេរិក​តាំងតែពីជំនាន់លោក​ចូ បៃដិន បានបដិសេធ ព្រោះធ្វើបែបនេះ គឺរុស្ស៊ី​នឹងមិនសុខចិត្តហើយ​នឹងបន្តធ្វើសង្គ្រាម​រហូត​គ្មានថ្ងៃបានសន្តិភាពឡើយ​។ ចំណុច​មួយទៀត ដែល​អ៊ុយក្រែនបានទាមទារ គឺ​ចង់​ឲ្យ​មានវត្តមាន​កងទ័ពរក្សាសន្តិភាព​ បន្ទាប់ពីមាន​បទ​ឈប់បាញ់​ជាមួយរុស្ស៊ី។ ត្រង់ចំណុចនេះ លោកដូណាល់ ត្រាំក៏ធ្លាប់បានបដិសេធដែរ តែក្រោយ​មកពេលជួបជាមួយ​លោក​ម៉ាក្រុងនៅថ្ងៃចន្ទទី​២៤កុម្ភៈ លោកត្រាំបាន​បើកចំហរទ្វារគាំទ្រថាអឺរ៉ុបអាច​បញ្ជូន​កងទ័ព​រក្សា​សន្តិភាពទៅ​ ដោយ​មានអាមេរិក​ចាំជួយ​ពីក្រោយ​​ដោយ​មធ្យោបាយ​ផ្សេង​។នៅទីបំផុត​ អត្ថបទគម្រោង​កិច្ចព្រមព្រៀង​រ៉ែដីកម្រ ដែលអាមេរិក​និងអ៊ុយក្រែន​កំពុងតែចរចាគ្នានេះ​​ គឺមានខ្លឹមសារលើកឡើង​អំពី​សន្តិសុខអ៊ុយក្រែនបន្តិចបន្តួចដែរ​​ ក៏ប៉ុន្តែ​មិន​បាន​គូសវាសឲ្យច្បាស់ៗទេ អំពីការធានាសន្តិសុខ។ ផ្អែកតាម​មន្ត្រី​អ៊ុយក្រែន ភាគីទាំងសងខាងកំពុងតែជជែក​លម្អិតបន្ថែមទៀត ទាក់ទិននឹងចំណុចនេះ​។​ ប្រភពដដែលនេះ អះអាងថា គេអាចនឹងចងលក្ខខណ្ឌទូទៅមួយ ដែលចែងថាសហរដ្ឋអាមេរិកនឹង​វិនិយោគនៅក្នុង​ប្រទេស​​អ៊ុយក្រែន​ ដែលមានអធិបតេយ្យភាព មានស្ថិរភាព​និងមានការរីកចម្រើន​។ ​សហរដ្ឋអាមេរិកនឹងធ្វើការងារ​ ជួយ​ជ្រោមជ្រែងដើម្បី​​ឲ្យ​អ៊ុយក្រែន​មានសន្តិភាព​ជារៀងដរាប ឬមួយក៏សហរដ្ឋអាមេរិក​នឹងជួយ​ទំនុកបម្រុងគាំទ្រ ដល់​ការធានាការពារសន្តិសុខរបស់អ៊ុយក្រែនជាដើម​។​ប្រតិបត្តិការអាជីវកម្ម​រ៉ែដែលអាចមានឧបសគ្គច្រើន​គួរបញ្ជាក់ថា អ៊ុយក្រែនមានធនធានរ៉ែទំហំប្រមាណ​៥% នៃរ៉ែរបស់ពិភពលោក​។ ក៏ប៉ុន្តែ រ៉ែអ៊ុយក្រែន ដែល​លោកដូណាល់ ត្រាំ សម្លឹងចង់បានបំផុតនោះ គឺភាគច្រើនមិនទាន់មានអាជីវកម្មជីកកកាយ​នៅឡើយទេ ដោយ​សារ​ហេតុផល​ផ្សេងៗ ដូចជា​​​ប្រតិបត្តិការជីកកកាយនិង​ចម្រាញ់ អាចមានការលំបាក​ខ្លាំង​ ឬក៏រ៉ែនោះ​​ស្ថិតនៅក្នុងដែនដី​ដែលកងទ័ពរុស្ស៊ីគ្រប់គ្រងជាដើម។ ក្នុងចំណោម​រ៉ែសំខាន់ៗ​​ទាំងអស់ អ៊ុយក្រែន​ផលិត​ចំនួន​យ៉ាងហោច​៣ប្រភេទ ដូចជារ៉ែម៉ង់កាណែស ដែលអ៊ុយក្រែនស្ថិតនៅលេខរៀងទី​៨នៃពិភពលោក រ៉ែ​ទីតាន ស្ថិតនៅលេខរៀងទី​១១ និងរ៉ែហ្ក្រាហ្វីត ស្ថិតនៅលេខរៀងទី​១៤។ រ៉ែហ្ក្រាហ្វីតនេះ ជារ៉ែសំខាន់មួយ​ ដែលគេប្រើនៅក្នុងការផលិតថ្មឬអាគុយអគ្គីសនី​។ផ្អែកតាមតួលេខនៃការិយាល័យបារាំង ​ស្រាវជ្រាវ​ភូមិធរណីវិទ្យានិងរ៉ែ គឺ​​អ៊ុយក្រែនមាន​រ៉ែ​ហ្ក្រាហ្វីតប្រមាណ​២០​%នៃទំហំស្តុកពិភពលោក​។ ប្រភពដដែល​នេះ លើកឡើងដែរថា អ៊ុយក្រែនក៏​មានសក្តានុពល​ធំគ្រាន់​បើ​ដែរ​ នៅក្នុងអាជីវកម្មរ៉ែលីចូម ដែលចាំបាច់បំផុត​សម្រាប់​ផលិត​ថ្មឬអាគុយអគ្គិសនី​។​ ​បើផ្អែកតាមរដ្ឋាភិបាលអ៊ុយក្រែនវិញ អះអាងថា​ក្រោម​ដីអ៊ុយក្រែន​ ពោរពេញ​ទៅដោយរ៉ែលីចូម ក្នុងទំហំ​ច្រើនមហិមា ហើយ​ដែល​បច្ចុប្បន្នមិនទាន់មាននរណាជីកឡើយ​។​ទោះជាយ៉ាងណាក៏ដោយ វិស័យអាជីវកម្មរ៉ែនៅអ៊ុយក្រែនអាចនឹងជួបឧបសគ្គច្រើន។​ រដ្ឋាភិបាលអ៊ុយក្រែនខ្លួនឯងធ្លាប់បានទទួលស្គាល់ថា គេត្រូវវិនិយោគប្រាក់ច្រើនពាន់លានដុល្លារណាស់ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មរ៉ែ​។ ឧបសគ្គធំមួយទៀត គឺរ៉ែ​មួយចំនួនដូចជា Apatite Tantale Niobium Strontium Uranuim និងរ៉ែដីកម្រជាដើម គឺស្ថិតនៅក្នុងដែនដី​ក្រោមការកាន់កាប់របស់រុស្ស៊ី។ រុស្ស៊ី​គ្មានថ្ងៃព្រលែងឲ្យរបូតពីដៃឡើយ​។ តែទន្ទឹមនឹងនេះ លោកពូទីនធ្លាប់បាននិយាយ​​​បើកផ្លូវ ស្វាគមន៍​ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក។ ចំណែក​ទីតាំង​រ៉ែផ្សេងទៀត ដូចជាស្ថានីយ៍ Chevtchenkivske ដែលសំបូរលី​ចូម Niobium Tantale Béryllium ជាដើម គឺស្ថិតនៅចម្ងាយ​តែ​១០គីឡូម៉ែត្រប៉ុណ្ណោះពីសមរភូមិប្រយុទ្ធ ហើយ​ដែលកងទ័ពរុស្ស៊ី កំពុងតែគំរាមរុលចូល​ម្តង​បន្តិច​ៗ។ ដូច្នេះ​យើងឃើញថា អាជីវកម្ម​ជីករ៉ែអ៊ុយក្រែន នឹងពិបាកអាចដំណើរការទៅបានណាស់ ដរាបណាសង្គ្រាមមិន​ចប់ គ្មានកិច្ចព្រមព្រៀងសន្តិភាព ហើយ​គ្មានការធានាការពារសន្តិសុខឲ្យ​អ៊ុយក្រែនទេនោះ៕
លក្ខខណ្ឌជំនួយ​របស់អាមេរិកដើម្បីជួយអ៊ុយក្រែន​បានឈាន​មកដល់​ដំណាក់កាលមួយ ដែល​អាមេរិក​យកជំនួយសព្វាវុធទៅដោះដូរ​នឹង​​ធនធានធម្មជាតិ​របស់អ៊ុយក្រែន។ នៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាននិយាយ​ថា លោក​ចង់​ឲ្យអ៊ុយក្រែន​បង់សង​ជំនួយហិរញ្ញវត្ថុនិងជំនួយយោធា​អាមេរិក។ ដោយ​មិន​លាក់លៀម លោកត្រាំ​និយាយ​ថា លោក​ចង់បាន​​រ៉ែកម្រ​របស់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់​៥០០ពាន់លាន​ដុល្លារ។ ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​ក៏មិនជំទាស់ដែរ ប៉ុន្តែ នៅ ដើមសប្តាហ៍​នេះ លោក​បានបញ្ជា​ឲ្យរដ្ឋមន្រ្តីរបស់លោក​ផ្អាក​មិនទាន់​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រមព្រៀង​អនុញ្ញាត​ឲ្យ​អាមេរិក​ចូលទៅប្រើ​រ៉ែកម្រ​របស់​អ៊ុយក្រែន។ ហេតុអ្វីបានជាដូច្នេះ?តើ​អ៊ុយក្រែន​មាន​រ៉ែកម្រ​អ្វីខ្លះ និង​ថា ហេតុអ្វីបាន​ជា​លោកដូណាល់ ត្រាំ​ចង់បាន​ធនធានរ៉ែរបស់អ៊ុយក្រែន? ទោះជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតីដឹកនាំ​មហាអំណា​ច​អាមេរិក មហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំ​មិនចោលគំនិតធ្វើជំនួញ សូម្បី​តែនៅក្នុង​រឿងនយោបាយ។ នៅក្នុង​បទសម្ភាសន៍ជាមួយទូរទស្សន៍Fox News កាលពីថ្ងៃទី​១០កុម្ភៈ លោក​រំលឹក​សាជាថ្មីថា អាមេរិកនៅតែ​ចង់បាន​រ៉ែកម្រ​របស់អ៊ុយក្រែន។ នៅក្នុងន័យនេះ លោក​ដូណាល់ ត្រាំ​ចង់ឲ្យអ៊ុយក្រែន​បង់សងថ្លៃជំនួយ​ដែលអាមេរិក​បាន​ជួយ​អ៊ុយក្រែន​ជិត​៣ឆ្នាំមកនេះ។គិតចាប់តាំង​រុស្ស៊ីចូលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២២ អាមេរិក​ផ្តល់ជំនួយ​យោធា​ប្រមាណ ៦៥ពាន់ ៩រយលានដុល្លារ ដោយ​មិនគិត​ពីជំនួយ​ថវិកា​ដល់​រដ្ឋាភិបាលអ៊ុយក្រែន។ នៅពេលនេះ និង​ផ្ទុយពីរដ្ឋបាល​អាមេរិកមុន លោកដូណាល់ ត្រាំ​ទាមទារឲ្យអ៊ុយក្រែនសងជា​ធនធានរ៉ែកម្រ​តម្លៃ​៥០០ពាន់លាន​ដុល្លារ។ ចំពោះ លោកដូណាល់ ត្រាំ អ៊ុយក្រែនត្រូវ​បង់​សង​ជំនួយ​ហិរញ្ញវត្ថុ និងជំនួយ​យោធារបស់អាមេរិក តាមរយៈ​ការអនុញ្ញាតឲ្យអាមេរិកចូលទៅធ្វើអាជីវកម្ម​យករ៉ែកម្ររបស់អ៊ុយក្រែន។ប្រធានាធិបតីអ៊ុយក្រែន​មិនជំទាស់ ប៉ុន្តែ បដិសេធមិនចុះហត្ថលេខា​លើ​សំណើគម្រោង​របស់​អាមេរិករឿងយករ៉ែកម្ររបស់អ៊ុយក្រែនទៅដោះដូរនឹងជំនួយ​អាវុធ ការគាំទ្រ​ពីលោកខាងលិច​ជាពិសេស​អាមេរិក​ដើម្បីអាច​ទប់ទល់​នឹង​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​មិនយល់ទាស់​ទេ។ នៅមុនលោកដូណាល់ ត្រាំ​ជាប់ឆ្នោតជា​ប្រធានាធិបតីទៅទៀត នៅពេល​ធ្វើដំណើរទៅ​ទីក្រុង​ញូវយ៉ក នៅ​ចុងឆ្នាំ​២០២៤ លោក​ហ្សេឡេនស្គីធ្លាប់បានលើកនិយាយ​ពី​ធនធានរ៉ែធម្មជាតិ រ៉ែកម្រ​របស់អ៊ុយក្រែន ដើម្បីទាក់ទាញ​លោកត្រាំបេក្ខជន​បក្ស​សាធារណរដ្ឋ។បន្ទាប់ពីលោកដូណាល់ ត្រាំ​អះអាងថា អ៊ុយក្រែនក៏យល់ស្របជាមួយគំនិត អាវុធដូររ៉ែកម្រ រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាមេរិក​បាននាំយកសំណើរបស់លោកដូណាល់ ត្រាំ​ទៅឲ្យអ៊ុយក្រែន​ចុះហត្ថលេខា​ដល់ទីក្រុងកៀវ កាលពីថ្ងៃ​ពុធ​សប្តាហ៍មុន។ ប៉ុន្តែ នៅតែ២ថ្ងៃ​មុន​ មន្រ្តីជាន់ខ្ពស់អាមេរិកនិងរុស្ស៊ីជួបគ្នា​ដើម្បី​និយាយ​ពីសង្រ្គាមអ៊ុយក្រែន​ដោយគ្មានការចូលរួមពីអ៊ុយក្រែន ប្រធានាធិបតី​អ៊ុយក្រែន​បាន​អះអាងថា លោកបានបញ្ជាឲ្យរដ្ឋមន្រ្តីផ្អាក កុំ​ទាន់​ចុះហត្ថលេខា​លើ​សំណើរបស់អាមេរិកដែលចង់បាន​រ៉ែកម្រ​របស់​អ៊ុយក្រែន។ បើតាម​មេដឹកនាំអ៊ុយក្រែន សំណើរបស់អាមេរិក​មិនទាន់​ចែងពី​ការធានាសន្តិសុខ​ការពារអ៊ុយក្រែន​ដូចការទាមទារ​របស់អ៊ុយក្រែនឡើយ។ មន្រ្តីអ៊ុយក្រែនដែលសុំ​មិនបញ្ចេញឈ្មោះបាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មានAP ថា សំណើរបស់អាមេរិកផ្តោតសំខាន់តែទៅលើ​ការចូលទៅយករ៉ែកម្រអ៊ុយក្រែន​ដើម្បីទូទាត់​សងជំនួយអាមេរិកកន្លងមក និងជំនួយអាមេរិក​ទៅថ្ងៃមុខ។បន្ទាប់ពីមេដឹកនាំ​អ៊ុយក្រែន​ប្រាប់ឲ្យគេផ្អាក​កុំទាន់ចុះហត្ថលេខាលើសំណើរបស់​អាមេរិក លោក  Brian Hughes អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ​បាន​ចេញមក​រិះគន់​ប្រធានាធិបតី​អ៊ុយក្រែនថា មិនចេះមើល​វែងឆ្ងាយ​ មិនដឹងថា សំណើរបស់លោកត្រាំ​តាមពិត​ផ្តល់​ឱកាសប្រយោជន៍ច្រើនណាស់​ដល់អ៊ុយក្រែន។ បើតាម​អ្នកនាំពាក្យខាងលើ ការចងភ្ជាប់​សេដ្ឋកិច្ច​ជាមួយអាមេរិក​មានន័យស្មើ​នឹង​ការធានាដ៏ល្អអស្ចារ្យមួយ ដើម្បីកុំ​ឲ្យអ៊ុយក្រែន​រងការឈ្លានពាន​នៅថ្ងៃខាងមុខ និងធានា​សន្តិសុខ​យូរអង្វែង​នៅអ៊ុយក្រែន។តើអ៊ុយក្រែនមានរ៉ែកម្រអ្វីខ្លះ និង​ច្រើនប៉ុណ្ណា​ ទើប​លោកដូណាល់ ត្រាំ​​ចង់​បានខ្លាំង ជាថ្នូរ​នឹង​ការផ្តល់ជំនួយយោធារបស់អាមេរិកនៅអ៊ុយក្រែន?យោងតាម​វិទ្យាស្ថាន​ភូមិសាស្រ្ត​អ៊ុយក្រែន នៅក្នុង​ចំណោម​ទីតាំង​ដែលសំបូរ​ធនធាន​រ៉ែ​របស់អឺរ៉ុប ចំនួន ៣៤ មាន២២ទីតាំង​ដែលស្ថិតក្នុងទឹកដីអ៊ុយក្រែន។ អ៊ុយក្រែនសំបូរធនធានរ៉ែកម្រ រ៉ែសំខាន់ៗ​ដូចជា​លីចូម ទីតានីញ៉ូម អ៊ុយរ៉ានីញ៉ូម ឬ​សេរីយ៉ូមជាដើម ដែលទស្សនាវដ្តីForbes Ukraine ប៉ាន់ប្រមាណថា មាន​តម្លៃជាទឹកប្រាក់​១២ទ្រីលាន​ដុល្លារ។ ទោះមានឈ្មោះថា រ៉ែកម្រ ប៉ុន្តែ មិនប្រាកដថា រ៉ែ មិនសូវមានច្រើននោះទេ។ គេ​ដាក់ឈ្មោះវាដូច្នេះ ដោយសារតែ​ការទាញយក​រ៉ែ​ពីក្នុង​ដី ពីក្នុង​ខ្សាច់មានលក្ខណៈស្មុគស្មាញ និងត្រូវការ​ឆ្លងកាត់ច្រើនដំណាក់កាល។ ក្រុមស្រាវជ្រាវរបស់គណៈកម្មការអឺរ៉ុបបង្ហាញថា នៅមុនសង្រ្គាម​ឈ្លានពានរុស្ស៊ី អ៊ុយក្រែន​ផ្គត់​ផ្គង់​រ៉ែ​ ទីតានីញ៉ូម ដែលស្មើ​នឹង​៧%​នៃ​ការផលិត​ក្នុង​ពិភពលោក។ គេវាយតម្លៃដែរថា អ៊ុយក្រែនមាន​រ៉ែលីចូម​ប្រមាណ​៥សែនតោន​នៅក្រោមដី និង​មាន​ក្រាហ្វីត​ដែលតំណាង​១ភាគ៥​នៃ​ក្រាហ្វីត​ក្នុងពិភពលោក។ ក្រាហ្វីត​នេះជា​រ៉ែ​ដ៏សំខាន់​ដែលគេត្រូវការប្រើ​នៅរោងចក្រនុយក្លេអ៊ែរ។ ជារួម អ៊ុយក្រែន​មាន​រ៉ែកម្រគន្លឹះៗ ជាច្រើនប្រភេទ ដែលគេត្រូវការប្រើ​ ដើម្បីផលិត គ្រឿងអេឡិចត្រូនិក តាំងពី ទូរស័ព្ទ រថយន្តអគ្គិសនី និង​វិស័យថាមពល​កកើតឡើងវិញ ដូចជា​កង្ហាយក្ស និង​ក្នុង​វិស័យបច្ចេកវិទ្យាអវកាស។ ខណៈពេល​ដែល​ពិភពលោក​ចង់ងាកទៅប្រើ​ថាមពល​ស្អាតស្អំ ការរីកចម្រើនបច្ចេកវិទ្យា តម្រូវ​ការ​រ៉ែកម្រ​បានកើនឡើង​ទ្វេដង​នៅ ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់​៣២០ពាន់លាន​ដុល្លារ។អាមេរិករបស់​លោកដូណាល់ ត្រាំ​ដែល​ចង់​ជំរុញ​វិស័យបច្ចេកវិទ្យា ដូចជា​បញ្ញាសិប្បនិម្មិត ត្រូវការរ៉ែកម្រ​យ៉ាងច្រើនសម្បើម។ ម្យ៉ាង​លោកដូណាល់ ត្រាំ​ចង់បាន​រ៉ែកម្រ​របស់​អ៊ុយក្រែន ដើម្បី​ លែង​ពឹងផ្អែក​ខ្លាំង​លើ​ចិន ដែលសំបូរ និងនាំចេញរ៉ែកម្រ​ច្រើនជាងគេ​នៅក្នុងពិភពលោក។នៅចុងឆ្នាំមុន ដោយសារ​តែ​ជម្លោះពាណិជ្ជកម្ម ចិន​បាន​ហាមឃាត់​ការនាំចេញរ៉ែកម្រ​មួយចំនួនទៅអាមេរិក។​ ចង់បាន​រ៉ែកម្រ​របស់អ៊ុយក្រែន តើលោកដូណាល់ ត្រាំអាចសម្រេចគោលដៅដែរឬទេ?រ៉ែកម្រជា​អាវុធយុទ្ធសាស្រ្ត​សំខាន់ណាស់ដើម្បីជំរុញ​​បច្ចេកវិទ្យា និង​អំណាចសេដ្ឋកិច្ច។ នេះជា​ហេតុផលមួយដែលធ្វើឲ្យ​លោកដូណាល់ ត្រាំ​ចង់ចូលគ្រប់គ្រង​ទ្រព្យធនធានធម្មជាតិ​រ៉ែកម្រ​របស់អ៊ុយក្រែន។ ប៉ុន្តែ រឿងនេះ​មិនងាយកើតឡើង​ស្រួលៗ ឬ​ភ្លាមៗឆាប់ៗ​នោះទេ។ លោក​ដូណាល់ ត្រាំ​បាន​ដាក់​លក្ខខណ្ឌ​ចង់បាន​រ៉ែកម្រ​របស់អ៊ុយក្រែន​ទាំងមិនដឹង​ពី​ឧបសគ្គដ៏ច្រើនសន្ធឹក​នៅចំពោះមុខ។ទី១ ត្រូវដឹងថា ជិត​៥០ភាគរយនៃ​រ៉ែកម្រ​របស់​អ៊ុយក្រែន​ស្ថិតនៅតំបន់ទាំងបួន ​​ភាគខាងកើតរបស់​អ៊ុយក្រែនដែល​រុស្ស៊ី​វាយដណ្តើមកាន់កាប់នៅក្នុង​សង្រ្គាម​៣ឆ្នាំនេះ។ តំបន់​ដូនែតស្ក៍ លូហ្កង់ ឬ​ហ្សាប៉ូរីចាជាដើម​ដែលរុស្ស៊ី​កាត់ដាក់បញ្ចូលក្នុងទឹកដីរុស្ស៊ី សំបូរទៅដោយ​រ៉ែកម្រសំខាន់ដូចជា​លីចូម។ រុស្ស៊ីធ្វើសង្រ្គាមនិង​បដិសេធមិន​ប្រគល់​តំបន់ខាងកើតឲ្យអ៊ុយក្រែន ​ក៏ដោយសារ​សំឡឹងឃើញថា​ តំបន់ខាងកើត​អ៊ុយក្រែនសំបូរ​រ៉ែកម្រនេះ។ ដូច្នេះ តើ​អាមេរិកនឹង​ធ្វើយ៉ាងណាដើម្បី​អាច​ធ្វើ​អាជីវកម្ម​ទាញយករ៉ែកម្រ​របស់អ៊ុយក្រែននោះ? ចំពោះប្រធានាធិបតី​ហ្សេឡេនស្គី អាមេរិក​ទំនង​មិនបណ្តោយទុក​ធនធានរ៉ែកម្រ​របស់អ៊ុយក្រែន​ធ្លាក់​ក្នុងដៃ​របស់​រុស្ស៊ី អ៊ីរ៉ង់ ឬកូរ៉េខាងជើង ដែលជា​សត្រូវរបស់អាមេរិក។ ជំនួយយោធា​របស់អាមេរិក​ជារឿងចាំបាច់​ដើម្បី​ធានាថា អ៊ុយក្រែន​មាន​ធនធានរ៉ែដែលអាមេរិកចង់បាន។ ម្យ៉ាង តំបន់សំបូររ៉ែ​មួយចំនួនផ្សេងទៀត​ស្ថិតនៅក្បែរ​ជួរសមរភូមិប្រយុទ្ធ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី តើ​ក្រុមហ៊ុនអាមេរិក​នឹង​អាច​ទទួលបាន​ការធានាសន្តិសុខ​យ៉ាងដូចម្តេច? មានតែ​ការចរចា​បិទបញ្ចប់សង្រ្គាម​ ទើបរុស្ស៊ី​លែង​អាចចេះតែរំកិលរំលោភយកដែនដីសំបូរដោយ​ធនធានធម្មជាតិរបស់អ៊ុយក្រែន។នៅមាន​ឧបសគ្គមួយទៀតដែល​អាចទៅបន្ទុចបង្អាក់​បរទេស​មិន​ឲ្យ​ចូលទៅយក​រ៉ែកម្ររបស់​អ៊ុយក្រែន។ ទៅតាម​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន រ៉ែកម្រ​ក្រោមដី​ជា​កម្មសិទ្ធិរបស់ប្រជាជន​អ៊ុយក្រែន ដូច្នេះរដ្ឋាភិបាល​ត្រូវការសំឡេងយល់ព្រមពីប្រជាជន នៅមុន​អនុវត្ត​រាល់​កិច្ចព្រមព្រៀងធ្វើអាជីវកម្ម​រ៉ែអ៊ុយក្រែន។ ប្រជាជនអ៊ុយក្រែន ជាពិសេស​កម្មករ​នៅ​តាម​ការដ្ឋាន​ចម្រាញ់ទាញយករ៉ែកម្រ បង្ហាញអរិភាព ព្រោះថា បើអ៊ុយក្រែន​មានទ្រព្យសម្បត្តិ ធនធាន​ក្នុងដៃ តើ​គេត្រូវការ​ចាំបាច់​ជនបរទេស​មកវិនិយោគទាញយកប្រយោជន៍ពីធនធានរ៉ែរបស់​ខ្លួន​ធ្វើអ្វី?ត្រលបមកវិញ ការធ្វើអាជីវកម្ម​រ៉ែកម្រ​របស់អ៊ុយក្រែន ដែលលោកដូណាល់ត្រាំចង់បានជាថ្នូរនឹង​ជំនួយអាមេរិក មិនអាច​លេចចេញរូបរាង​ភ្លាមៗទេ ដោយត្រូវការពេលវេលា​​យូរឆ្នាំទៀត នេះគេនៅមិនទាន់​និយាយពីសង្រ្គាម​ឈ្លានពាន​របស់រុស្ស៊ីដែលកំពុង​ធ្វើ​ឲ្យអ៊ុយក្រែន​បាក់ទ្រោម​ ហេងហាង នៅក្រោយ​អាមេរិក​របស់លោកដូណាល់ ត្រាំ​ដោះដៃលែងជួយ៕
loading
Comments 
loading