Discover
បទយកការណ៍
បទយកការណ៍
Author: RFI ខេមរភាសា / Khmer
Subscribed: 57Played: 106Subscribe
Share
© France Médias Monde
Description
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
1691 Episodes
Reverse
ស្របពេលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើទាំងអស់ពីប្រទេសថៃ កសិករនៅខេត្តបន្ទាយមានជ័យ រីករាយនឹងការប្រមូលផលបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានល្អប្រសើរជាងមុន។ តម្លៃលក់បានថ្លៃជាងមុន។ កសិករយល់ឃើញថា ការបន្តបិទព្រំដែន មិនឲ្យមានទំនិញថៃក្នុងទីផ្សារកម្ពុជា ជាឱកាសដ៏ល្អបំផុតសម្រាប់ពង្រីកផ្ទៃដីដាំដុះបន្លែ ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសឲ្យការនាំចូល។ ប៉ុន្តែ ទន្ទឹមគ្នានេះ កសិករក៏បារម្ភអំពីគុណភាពជី និងតម្លៃជី កសិកម្មនៅលើទីផ្សារ ដែលបានហក់ឡើងខ្ពស់ និងបានគំរាមកំហែងដល់ប្រាក់ចំណេញរបស់កសិករ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីវករលក់ដូរនៅមុខតំបន់អង្គរតែងតែជួបប្រទះវិបត្តិខ្សត់ភ្ញៀវទេសចរ ហើយបញ្ហានេះកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតនៅពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ អាជីវករម្នាក់ៗអះអាងថា តំបន់សៀមរាបសម្បូរភ្ញៀវទេសចរតែអំឡុងពេលមានបុណ្យជាតិធំៗតែប៉ុណ្ណោះ តែសម្រាប់ថ្ងៃធម្មតា កម្រមានភ្ញៀវទេសចរដើរលេងកម្សាន្តណាស់។
កាលពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាជាលើកដំបូងក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាព អឺរ៉ុប ២០២៥»។ វេទិកាដែលជាការសហការ រៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងសហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់នៅកម្ពុជា មានអ្នកចូលរួម ចំនួនជាង៣០០នាក់ ដែលរួមមានទាំងអ្នកផលិតគ្រាប់ស្វាយចន្ទី និងម្រេច អ្នកនាំចេញ អ្នកបញ្ញាទិញ ក៏ដូចជា វិនិយោគគិនជាតិ និងអន្តរជាតិមកពីគ្រប់ប្រទេស។ គោលបំណងសំខាន់នៃការរៀបចំវេទិកានេះ គឺជំរុញ និងបង្កើនការផលិត ហើយនិងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេចទៅផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិឲ្យបានឈានមុខគេនាពេលខាងមុខ ពោលគឺ ប្រទេសកម្ពុជាចង់ក្លាយជា «អធិរាជ នៃគ្រាប់ស្វាយចន្ទី និងម្រេច» នៅលើទីផ្សារសកលលោក។
យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចាក់បញ្ចាំងជូនទស្សនិកជនបារាំង និងខ្មែរ នៅរោងល្ខោន Jacques Prévertក្នុងទីក្រុង Aulnay sous bois។ ខ្សែភាពយន្តឯកសារខ្លីរយៈពេលជាង៣០នាទីថតដោយឈាង រ៉េមី និយាយពីជំរំជនភៀសសឹកនៅវត្តពោធិ៍ ៥ពាន់ដើមក្នុងខេត្តព្រះវិហារ។ នៅទីនោះ រ៉េមី រួមជាមួយថោង តារាបាននាំយកជំនួយស្បៀង កន្ទេលទៅចែកជូនប្រជាជនដែលបោះតង់ជ្រកបណ្តោះអាសន្ន នៅក្រោយរត់គេចចេញពីសង្រ្គាមប្រយុទ្ធគ្នានៅព្រំដែនខ្មែរថៃ កាលពីខែ កក្កដាកន្លងទៅ។
ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង បន្តទទូចឲ្យសាលារាជធានីភ្នំពេញអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគេ។ ការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនោះ ក៏ដោយសារតែការរស់នៅរបស់ពួកគេជាង ៣០ឆ្នាំមកនេះ គឺបន្តរស់ដោយភ័យខ្លាចបាត់បង់ផ្ទះសម្បែង ខណៈដែលពួកគេគ្មានបណ្ណកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់។ យ៉ាងណាមិញ សាលារាជធានីភ្នំពេញតាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ថា អាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំងនោះ បានទេ ព្រោះថាទីតាំងដែលពួកគេរស់នៅ ជាទីតាំងត្រូវអភិវឌ្ឍន៍ក្នុងពេលអនាគត។
សិប្បកម្មចម្លាក់ថ្មរបស់អ្នកភូមិភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ សម្រាប់ជាវរូបចម្លាក់ព្រះពុទ្ធបដិមាធំៗដាក់តាមវត្តអារាម។ ជាជាងចម្លាក់ថ្ម តាំងពីអាយុ ១៤ឆ្នាំ លោក សាន សារ៉ូ លើកឡើងថា សិប្បកម្មចម្លាក់ថ្មភ្នំនេះមិនមែនត្រឹមតែអាចផ្តល់ប្រាក់ចំណូលឱ្យលោកនោះទេ តែវាជារបរពិសេស ដែលបន្សល់ទុកពីដូនតារាប់រយឆ្នាំ និងធ្វើឲ្យលោកក្លាយជាអ្នកបន្តវេនស្នាដៃចម្លាក់ថ្មទាំងនោះ។
ខណៈការដ្ឋានរបស់គម្រោងព្រែកជីកហ្វូណនតេជោនៅមិនទាន់ដំណើរការ ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបន្តបង្កបង្កើនផលលើដីស្រែចម្ការរបស់ពួកគេទាំងប្រថុយប្រថាន។ ការណ៍នេះក៏បានធ្វើឲ្យពួកគេមានទាំងក្តីព្រួយបារម្ភផង និងក្តីរំពឹងផងថានឹងអាចទទួលបានសំណងសមរម្យសម្រាប់ការចាកចេញទៅរស់នៅលើទីតាំងថ្មី។ ទីតាំងថ្មី ដែលអាចប្រកបរបរដាំដុះចិញ្ចឹមជីវភាពដូចកន្លែងរស់នៅនាពេលបច្ចុប្បន្ន។
នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ បារាំងជាប្រទេសដំបូងគេ ដែលបានថតរូបប្រទេសកម្ពុជាពីលើលំហអាកាស ដើម្បីរៀបចំបង្កើតជារូបភាពបណ្ណសារ និងផែនទីផ្សេងៗ។ នៅក្នុងរយៈពេលត្រឹម ២ឆ្នាំ ពោលគឺនៅចន្លោះឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៥៤ រូបភាពប្រមាណ ១៥០០០ សន្លឹក បានផ្តិតយកទិដ្ឋភាពផ្សេងៗនៃដែនដីកម្ពុជា ពីលើលំហអាកាសស្ទើរគ្រប់ទីកន្លែង។ នាពេលបច្ចុប្បន្ននេះ បណ្ដុំរូបភាពបណ្ណសារដ៏មានតម្លៃវិសេសវិសាលនេះ ត្រូវបានវិទ្យាស្ថានស្រាវជ្រាវបារាំង IRD តាមរយៈភូមិសាស្ត្រវិទូ សិក្សាអំពីសុខភាព និង ជំងឺ លោក Vincent Herbreteau ប្រមូលរក្សាទុក។ រូបភាពទាំងនេះ នឹងត្រូវគេយកទៅវិភាគ ជាមួយផ្កាយរណប និង រូបថតដ្រូន ក្នុងបំណងស្វែងយល់ពីការប្រែប្រួលសណ្ឋានដី ការអភិវឌ្ឍទីក្រុង នៅក្នុងប្រទេសកម្ពុជា។ ពុំតែប៉ុណ្ណោះ វាក៏អាចជាមធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន សុខភាព និងកសិកម្ម។
វាពុំមែនជាលើកទីមួយទេដែលខ្សែភាពយន្តរឿងទេពហត្ថា ស្តីពីប្រវត្តិរបាំព្រះរាជទ្រព្យខ្មែរ របស់សមិទ្ធិករបារំាងលោកហ្សាវីយ៉េ ដឺឡូហ្សាន ត្រូវបានចាក់បញ្ចាំងទាំងនៅក្នុងប្រទេសកម្ពុជានិងនៅលើឆាកអន្តរជាតិ។ ប៉ុន្តែខ្សែភាពយន្តនេះនៅតែទទួលបានការទាក់ទាញ និងការចាប់អារម្មណ៍ខ្លាំង។ សម្រាប់ទស្សនិកជន ខ្សែភាពយន្តឯកសាររឿងទេពហត្ថាស្តីអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យខ្មែរ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីប្រវត្តិដ៏ល្អឯកនៃរបាំព្រះរាជទ្រព្យខ្មែរ ប៉ុន្តែក៏បានជួយរក្សាទុកនូវកេរដំណែលដ៏ថ្លៃថ្លានិងដ៏យូរលង់នៃវប្បធម៌ខ្មែរដ៏ចំណាស់មួយនេះ។
វិចិត្រករបារាំងលោកស្រី ណូស៊ីកា (Nausicaa Favart Amouroux) បានបញ្ចេញរូបថតកម្ពុជាដែលជាស្នាដៃរបស់ម្តាយ នៅក្នុងពិព័រណ៌រូបថតមួយនៅទីក្រុងអូលណេ ស៊ូ ប័រ (Aulnay sous bois) ជាយក្រុងប៉ារីស។ ម្តាយរបស់លោកស្រី ណូស៊ីកា គឺលោកស្រី Micheline Dullin ធ្លាប់ជាអ្នកថតរូបផ្លូវការរបស់ព្រះបរមកោដ្ឋ ព្រះបាទសម្តេចនរោត្តម សីហនុ នៅក្នុងទសវត្សរ៍ឆ្នាំ៦០។ នៅក្នុងឱកាសខួប៥០ឆ្នាំនៃការចូលកាន់កាប់ទីក្រុងភ្នំពេញ ពីសំណាក់ទាហានខ្មែរក្រហម កូនស្រីរបស់អ្នកថតរូបបារាំងបានរួមគ្នាជាមួយជនរងគ្រោះនៃរបបខ្មែរក្រហមដើម្បីរៀបចំពិព័រណ៍ផ្ទេរការចងចាំ។
ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃមានចម្ងាយជាង ៤០០គីឡូម៉ែត្រ ភាគពាយ័ព្យប្រទេសកម្ពុជា។ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងចម្រុះរបស់ថៃបានព័ទ្ធយកដី និងផ្ទះ រួចបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានរបស់ពួកគេដោយបង្ខំ។ តែពួកគេបានបន្តក្រាញននៀល មិនចាកចេញពីលំនៅឋានតាមការចង់បានរបស់ថៃឡើយ ទោះបីបានរងការគំរាមដល់អាយុជីវិត ចាប់ដាក់ពន្ធនាគារ និងរំខានដោយសំឡេងខ្លាំងៗគ្រប់បែបក៏ដោយ៕
នៅទីបំផុត អគារអង្គរមានជ័យ ដែលជាសំណង់អគារវ័យចំណាស់ជាងគេមួយ នៅចំកណ្តាលរាជធានីភ្នំពេញ កំពុងត្រូវបានវាយកំទេចចោល។ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម លោក ខៀវ បូរិន្ទ បានលើកឡើងថា ការសម្រេចវាយកំទេចសំណង់អគារ អាយុកាលជាង ៧៥ឆ្នាំមួយនេះធ្វើឡើង បន្ទាប់ពីមានការជូនដំណឹងជាមុនរាប់ខែរួចមកហើយ។ តាមគម្រោង ដំណើរការនៃការវាយកំទេចសំណង់អគារវ័យចំណាស់មួយនេះធ្វើឡើង ក្នុងរយៈពេល ៤៥ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋម្ចាស់ផ្ទះចំនួន១ ឬ២គ្រួសារទៀត នៅមិនទាន់យល់ព្រមទទួលយកសំណងឡើយ។
សៀវភៅស្នាក់នៅជាឯកសារសំខាន់មួយដែលពលរដ្ឋប្រើដើម្បីចុះសំបុត្រកំណើតឱ្យកូន ចុះឈ្មោះធ្វើសៀវភៅគ្រួសារ ចុះឈ្មោះបោះឆ្នោត និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ រហូតមកដល់ពេលនេះ ពលរដ្ឋចំនួន១៥៤ គ្រួសារ នៅសហគមន៍ពង្រសែនជ័យ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែពុំទាន់មានសៀវភៅស្នាក់នៅសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ពួកគេទទូចស្នើសុំឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គេ។
ជាទូទៅ ភាគច្រើននៃគ្រឿងសង្ហារិម រួមមាន តុ ទូ សាឡុង ឬកៅអីជាដើមត្រូវបានធ្វើឡើងពីឈើបេង នាងនួន ឬឈើប្រណីតផ្សេងៗទៀត។ ប៉ុន្តែនៅខេត្តតាកែវ លោក ចឹក ធុចបែរជាយកវល្លិ៍ផ្ដៅច្នៃធ្វើជាគ្រឿងលម្អនៅតាមផ្ទះ និងជាគ្រឿងសង្ហារិមនៅតាមហាងកាហ្វេ។ ជម្រើសការប្រើវល្លិ៍ផ្តៅជំនួសការប្រើឈើប្រណិតៗត្រូវបានលោក ចឹក ធុច ពន្យល់ថា គឺជាការចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងជួយដោះស្រាយជីវភាពអ្នកនៅតាមជនបទ ក្រៅពីការធ្វើស្រែចំការ។
ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ ទិវានេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិឲ្យមកធ្វើការក្នុងសហគមន៍តាមបណ្តាប្រទេសនានា។ កម្មវត្ថុសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺជំរុញឲ្យមានការផ្លាស់ប្តូរអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាប្រទេសម្ចាស់ផ្ទះធំទីពីរ សម្រាប់អ្នកស្ម័គ្រចិត្តបារាំង ដែលមានចំនួនរហូតដល់ជិត២០០នាក់ក្នុងមួយឆ្នាំៗ។ ពួកគេបានមកធ្វើការនៅលើវិស័យសំខាន់ៗដូចជាវិស័យអប់រំ កសិកម្ម និងបរិស្ថាន។ ដោយឡែកអ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចាកចេញទៅប្រទេសបារាំងក៏មានការកើនឡើងរហូតដល់៤២នាក់ផងដែរ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥នេះ។
ទីក្រុងLoches លាតត្រដាងប្រវត្តិជីវិត ការងារស្រាវជ្រាវ និងការងប់ស្រឡាញ់វត្ថុសិល្បៈខ្មែររបស់លោកLouis Delaporte នៅក្នុងឱកាសខួប១០០ឆ្នាំនៃមរណភាពរបស់អ្នករុករកបារាំងរូបនេះ។ នៅសប្តាហ៍មុន លោកអ្នកនាងបានទស្សនាបទយកការណ៍និយាយពីការវិលត្រលប់របស់លោក Louis Delaporteទៅប្រទេសកម្ពុជា បន្ទាប់ពីលង់នឹងសម្រស់ប្រាសាទអង្គរ។ នៅថ្ងៃនេះ លោកអ្នកនាងនឹងបានដឹងពីការប្រែងប្រែង តស៊ូជំនះរបស់លោក Louis Delaporte ដើម្បីឲ្យសាធារណជនបារាំងចាប់អារម្មណ៍ និងឲ្យតម្លៃដល់វប្បធម៌ សិល្បៈខ្មែរដូចដែលគេផ្តល់ទៅឲ្យអរិយធម៌វប្បធម៌អេហ្ស៊ីប។
ក្រោយពីព្រលានយន្តហោះអន្តរជាតិតេជោបើកដំណើរការបានជាង ១ខែមក ពលរដ្ឋទំនប់៩៤ ដែលមានវិវាទជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះ ចាប់ផ្តើមធូរស្រាលចិត្តបន្តិចមកវិញ ព្រោះពួកគេលែងរងការរំខានពីក្រុមហ៊ុនព្រលានយន្តហោះដូចមុន។ ថ្វីបើបានធូរស្រាលពីរឿងវិវាទដីធ្លី ពលរដ្ឋទំនប់ ៩៤ ជាច្រើនគ្រួសារបែរជាមកប្រឈមនឹងបញ្ហាផ្ទះទឹកជន់លិច ក្នុងរដូវវស្សាឆ្នាំនេះវិញ។
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ សិស្សនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬហៅ សាលារចនាបានជួបជុំគ្នារៀបចំពិធីបុណ្យគុណព្រះគ្រូដើម្បីសំពះដឹងគុណដល់សាស្រ្តាចារ្យដែលបានបង្ហាត់បង្រៀន។ តែអ្វីជាការកត់សម្គាល់នៅក្នុងពិធីសំពះគ្រូឆ្នាំ ២០២៥នេះ គឺការកោះហៅអញ្ជើញអស់គ្រូបាអាចារ្យ និងការលាគ្នាចុងក្រោយពីទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មុននឹងផ្លាស់ទៅទីតាំងថ្មីនៅឆ្នាំ ២០២៦។ សម្រាប់សិស្សនិស្សិត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គេបានជឿថា ផ្ទាំងគំនូរផ្នែកខាងក្នុងនៃព្រះវិហារព្រះកែវមរកត ឬហៅថា ព្រះវិហារប្រាក់នៅក្នុងព្រះបរមរាជវាំង ត្រូវបានខូចខាត និងបាត់បង់ទាំងស្រុង។ ប៉ុន្តែរឿងដ៏គួរអោយអស្ចារ្យបំផុត ក្នុងពេលថ្មីៗនេះ ផ្ទាំងគំនូរទាំងនេះត្រូវបានគេរកឃើញឡើងវិញ តាមរយៈរូបថតចម្លងហ្វីលកញ្ចក់របស់ប្រទេសអង់គ្លេស និងការសិក្សាស្រាវជ្រាវរបស់ជនជាតិបារាំង។ ការរកឃើញថ្មីនេះបានក្លាយជាលទ្ធផលនៃការតាំងពិព័រណ៍ថ្មីមួយរបស់សារមន្ទីរ ស.ស.រ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកបេតិកភ័ណ្ឌគំនូរខ្មែរដែលបានបាត់បង់ និងរកឃើញវិញដោយកម្រ និងចែករំលែកការស្វែងយល់ពីស្នាដៃដ៏ល្អឯករបស់វិចិត្រករខ្មែរ នាដើមសតវត្សរ៍ទី២០។
រូបតួអង្គក្នុងល្ខោនស្បែកត្រូវបានបង្កើតឡើងពីស្បែកគោដ៏ល្អឆើត។ វាជារូបដែលត្រូវបានរចនាប្រកបដោយទឹកដៃសិល្បៈយ៉ាងរស់រវើក។ ជាទូទៅ ដើម្បីបានរូបតំណាងតួអង្គនីមួយៗ គេត្រូវឆ្លងកាត់ដំណាក់កាលបច្ចេកទេសសំខាន់ពីរ គឺការសម្លាប់ស្បែក និងដាប់ស្បែក។ ការសម្លាប់ស្បែកជាដំណាក់កាលដំបូងបង្អស់ ក្នុងការឆ្លាក់បង្កើតរូបនានាក្នុងរឿង។ ទម្រង់សិល្បៈដែលគេកម្របានឃើញនាពេលបច្ចុប្បន្ននេះ បាននាំឱ្យសិល្បករពីរនាក់ប្ដីប្រពន្ធ ចែករំលែកស្នាដៃសិល្បៈបុរាណមួយនេះ ដល់ក្មេងជំនាន់ក្រោយឱ្យបានដឹង និង រក្សាវប្បធម៌ប្រពៃណីខ្មែរ។



