Discover
បទសម្ភាស
1584 Episodes
Reverse
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅច្រកអន្តរជាតិប៉ោយប៉ែតកំពុងបន្តប្រឈមនឹងការបាត់បង់ចំណូល ដោយសារតែការអូសបន្លាយជម្លោះព្រំដែនខ្មែរ ថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានថ្លែងថា អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅច្រកប៉ោយប៉ែតបានបាត់បង់ចំណូលរហូតដល់ ៧០% ធៀបនឹងមុនពេលមានជម្លោះព្រំដែន។ តែចំពោះកម្មករស៊ីឈ្នួលអូសរទេះដឹកឥវ៉ាន់ចេញ ចូលច្រកទ្វារព្រំដែនវិញ គឺបានបាត់បង់ចំណូលទាំងស្រុង ហើយអ្នកខ្លះបានស្វែងរកចំណូលផ្សេងដោយដើររើសអេតចាយ និងខ្លះទៀតត្រឡប់ទៅស្រុកកំណើតវិញ៕
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះគឺជាខួប ១៣ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះជាមួយថៃជាថ្មីសព្វថ្ងៃ គណបក្សហ៊្វុនស៊ិនប៉ិចបាននឹកឃើញនូវស្នាព្រះហស្តរបស់សម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃនៅក្នុងសំណុំរឿងប្រាសាទព្រះវិហារកាលពីទសវត្សរ៍ឆ្នាំ៦០៕
ការបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃមិនបង្កឲ្យប៉ះពាល់ធំដុំដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទេ ទោះកម្ពុជាមានទម្លាប់ប្រើប្រាស់សម្ភារៈសំណង់គ្រប់ប្រភេទដែលផលិតដោយប្រទេសថៃក៏ដោយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាងបានលើកឡើងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលចាប់ពីកម្ពុជា-ថៃមានជម្លោះនឹងគ្នារឿងព្រំដែនមក អ្នកសាងសង់ក្នុងប្រទេសកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សម្ភារៈសំណង់របស់ថៃ និងជំនួសដោយសម្ភារៈសំណង់របស់ចិន វៀតណាម ម៉ាឡេស៊ី អឺរ៉ុប និងសម្ភារៈមួយចំនួនដែលផលិតក្នុងស្រុក៕
តបតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពលរដ្ឋខ្មែរនៅក្នុងខេត្តប៉ៃលិនជាប់នឹងព្រំដែនថៃ បាននាំគ្នាចាប់ផ្តើមប្ដូរប្រាក់បាតរបស់ថៃទៅជាប្រាក់រៀល ឬប្រាក់ដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា ពលរដ្ឋនៅក្នុងខេត្តប៉ៃលិនបានផ្ទុះកំហឹងចំពោះការប្រមាថរបស់ថៃមកលើថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ព្រមទាំងប្តេជ្ញាឈប់ទូទាត់ទំនិញជាលុយបាត រួមទាំងពហិការក្នុងការប្រើប្រាស់គ្រប់ទំនិញរបស់ថៃទៀតផង៕
គិតត្រឹមថ្ងៃពុធ ទី៨តុលានេះ និងចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនរវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក មានពលរដ្ឋ និងពលករខ្មែរចំណាកស្រុកសរុបជិត ១លាននាក់បានវិលត្រឡប់ពីប្រទេសថៃចូលប្រទេសកម្ពុជាវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥នេះ លោក លឹង សុផុន មន្ត្រីទទួលបន្ទុកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់បានប្រាប់ថា មានពលករខ្មែរមួយចំនួនបានសម្រេចចិត្តមិនចង់ត្រឡប់ចូលប្រទេសកម្ពុជាវិញទេ។ មិនចង់វិលត្រឡប់ ដោយសារតែពួកគេមាននិរន្តរភាពការងារនៅថៃផង និងបារម្ភពីការបាត់បង់ប្រាក់ចំណូលជាប្រចាំនៅពេលផ្លាស់ប្តូរការងារពីថៃមកកម្ពុជាផង៕
កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕
នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕
កម្ពស់ទឹកទន្លេនៅតាមបណ្តាខេត្ត ក្រុងមួយចំនួនជាប់ដងទន្លេមេគង្គ និងទន្លេសាបបន្តឡើងឥតឈប់ឈរ។ នៅក្នុងខេត្តខ្លះ កម្ពស់ទឹកបានហក់ឡើងក្បែរកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ខេត្តចំនួន១១ មានផ្ទះចំនួនជាង២ម៉ឺនខ្នង និងប្រជាជនជាង ៣ម៉ឺនគ្រួសារ បាន និងកំពុងរងផលប៉ះពាល់ពីទឹកជំនន់។
នៅថ្ងៃអាទិត្យទី២៨ខែកញ្ញានេះ គណបក្សកម្ពុជានិយម បានធ្វើសមាជវិសាមញ្ញមួយ ដើម្បីប្តូរឈ្មោះគណបក្ស។ សមាជបានសម្រេចប្តូរឈ្មោះគណបក្សកម្ពុជានិយម ទៅជា «គណបក្សប្រជាធិបតេយ្យជឿនលឿន» ដោយបានបោះឆ្នោតគាំទ្រលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណារាស្ត្ររបស់អតីតគណបក្សសង្រ្គោះជាតិឲ្យធ្វើជាប្រធានគណបក្ស។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការប្តូរឈ្មោះគណបក្សនេះ គឺដើម្បីកៀរគរ អ្នកប្រជាធិបតេយ្យឲ្យចូលរួមក្នុងដំណើរបោះឆ្ពោះទៅមុខ។
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា លោក ញឹក ប៊ុនឆៃ ដែលជាអតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ លោក ញឹក ប៊ុនឆៃ បានផ្តល់កំណត់សម្គាល់ចំនួន ៧ចំណុច ស្តីពីទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ពីលេខ៤១ ដល់លេខ៤៩ ក្បែរស្ពានប៉ោយប៉ែត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ កញ្ញានេះ លោក ញឹក ប៊ុនឆៃបានឲ្យដឹងថា លោកអាចធ្វើជាសាក្សីជូនរដ្ឋាភិបាលកម្ពុជាថា សកម្មភាពរបស់ទាហានថៃបច្ចុប្បន្ន គឺជាសកម្មភាពទន្ទ្រានចូលអធិបតេយ្យភាពកម្ពុជា។ តាមលោក ញឹក ប៊ុនឆៃ អូរតាមបណ្តោយព្រំដែនខ្មែរ-ថៃ ដែលភាគីថៃបានជីកក្រោយឆ្នាំ ១៩៧៩ ជាភស្តុតាងបញ្ជាក់បានថា ថៃកំពុងវាតទីចូលក្នុងដីរបស់ខ្មែរ។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានចេញដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប.)។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការចូលរួមមហាសន្និបាត អ.ស.ប. របស់លោក ប្រាក់ សុខុន នឹងនាំមកនូវការតស៊ូមតិខាងការទូតប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែលោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា វត្តមានរបស់ប្រមុខរដ្ឋាភិបាលនឹងមានទំងន់ធ្ងន់ជាង ត្បិតមហាសន្និបាត អ.ស.ប. គឺជាវេទិកា ការទូតសកល ដែលមានទម្ងន់ធ្ងន់ជាងគេបំផុត ក្នុងចំណោមវេទិកាការទូតដទៃទៀត៕
នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ ភាគីថៃបានបន្តបញ្ជូនទាហានចំនួន ១៨ឡានដើម្បីចល័តកងទ័ពទៅប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុវណ្ណារិទ្ធ បញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ នៅមិនទាន់មានការប៉ះទង្គិចបន្តទៀតទេ តែអ្វីដែលអាជ្ញាធរខេត្តបារម្ភ គឺថៃចង់ប្រើល្បិចយកពលរដ្ឋរបស់ខ្លួន មកតទល់ជាមួយពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់។
ការលើករបស់ ASEAN urbanist ក៏ដូចជាការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួនទៀតបង្ហាញថា ការនាំអង្ករចេញរបស់កម្ពុជាបានរំកិលពីចំណាត់ថ្នាក់លេខ៧ មកដល់លេខ ១០ ក្នុងចំណោមប្រទេសដែលមានសក្តានុពលនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន១០។ តែសហព័ន្ធស្រូវអង្ករកម្ពុជាថា ការដាក់ចំណាត់ថ្នាក់នោះមិនទាន់ផ្លូវការទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា លោកមិនទាន់មានស្ថិតិស្តីពីការនាំចេញអង្កររបស់ពិភពលោកឆ្នាំ២០២៥ នៅឡើយទេ។ ផ្ទុយទៅវិញ និងបើតាមលោកឧកញ៉ា ឡាយ ឈុនហួ ការនាំចេញអង្ករកម្ពុជារយៈពេល៨ខែ ឆ្នាំ២០២៥ ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាង ៦ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងអាចឈានដល់ជាង ៧០ម៉ឺនតោន ក្នុងឆ្នាំ២០២៥។
ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំចំនួន ៣ថ្ងៃពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឲ្យដឹងថា មានផលិតផលខ្មែរជាង ១០០មុខបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ឆ្នាំនេះ។ តាមរយៈពិព័រណ៍លើកនេះ ឧកញ៉ា តែ តាំងប៉ កត់សម្គាល់ថា សន្ទុះគាំទ្ររបស់ពលរដ្ឋខ្មែរចំពោះផលិតផលក្នុងស្រុកមានការកើនឡើងដោយសារតែការពហិការមិនប្រើប្រាស់ផលិតផលប្រទេសជិតខាង។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧បានចេញរបាយការណ៍បឋមស្តីពីផលប៉ះពាល់ផ្នែកបរិស្ថានក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលបណ្តាលមកពីការប្រើសារធាតុគីមី និងផ្សែងពុលពីសំណាក់ទាហានថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅថ្ងៃទី១១កញ្ញានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRAC បានរកឃើញពីផលប៉ះពាល់ក្នុងកម្រិតទ្រង់ទ្រាយធំពុំធ្លាប់មាន ជាពិសេសផលប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋខ្មែរ។ តាម លោក រស់ សុដ្ឋា ផ្សែងពុលដែលទាហានថៃបាញ់ស្រោចពីលើមេឃអំឡុងពេលមានសង្គ្រាមបានបណ្តាលឱ្យពលរដ្ឋខ្មែរជាច្រើននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ សត្វចិញ្ចឹមរបស់អ្នកភូមិស្លាប់ស្ទើរទាំងអស់ និងដំណាំក៏ត្រូវខូចខាត។ ទន្ទឹមនេះ ប្រភពទឹក ខ្យល់ និងដីក៏ត្រូវបានរបាយការណ៍នេះរកឃើញថាបានរងនូវការបំពុលផងដែរ។ តាមប្រធានអង្គការ CHRAC អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញនឹងបន្តចុះវាយតម្លៃពីកម្រិតផលប៉ះពាល់ម្តងទៀត ដើម្បីធ្វើជារបាយការណ៍ពេញលេញដាក់ជូនរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាតិ និងអគ្គលេខាធិការអាស៊ាន៕
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា និងថៃបានបើកកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មការព្រំដែនទូទៅ (GBC) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិថៃស្តីទី លោក Nattaphon Narphanit។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ GBC នេះ។ តែសំណើរបស់ជប៉ុនដែលស្នើឲ្យភាគីកម្ពុជា-ថៃបើកច្រកទំនិញតាមព្រំដែនត្រូវបានលោក បណ្ឌិត យង់ ពៅយល់ថា កម្ពុជាគួរតែមានការសិក្សាលម្អិតមួយ និងត្រូវមានលក្ខខណ្ឌជាមួយថៃឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យថៃបើក-បិទច្រកព្រំដែនជាឯកតោភាគីតាមទំនើងចិត្ត៕
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាខួបទី២៥ នៃទិវាអក្ខរកម្មអន្តរជាតិ ដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ«ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះលោក ហ៊ឹន សុភាព អ្នកជំនាញខាងបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បានកត់សម្គាល់ថា កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង ជាពិសេសក្នុងចំណោមសិស្ស និងនិស្សិត។ ទោះយ៉ាងណា និងបើតាមលោក ហ៊ឹន សុភាព កម្ពុជាត្រូវមានការប្រឹងប្រែងបន្ថែមទៀត ដើម្បីរត់ឲ្យទាន់គេ ខណៈនៅក្នុងតំបន់អាស៊ានកម្ពុជាជាប់លេខ៧ ដែលជាចំណាត់ថ្នាក់មួយមិនទាន់ល្អនៅឡើយ៕
មានទីតាំងមិនប្រក្រតីចំនួន ៥៦៨កន្លែងបានដៅលើផែនទី Google ជុំវិញភូមិសាស្ត្រប្រទេសកម្ពុជាក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការរកឃើញរបស់ក្រុមសហគមន៍ Cambodia Local Guides ដែលជួយពិនិត្យមើលភាពមិនប្រក្រតីនៅលើផែនទី Google។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ជី សុផាត ក្រុមការងារ Cambodia Local Guides បានឲ្យដឹងថា ទីតាំងមិនប្រក្រតីជាង ៥០០កន្លែងបានដៅលើផែនទី Google ដោយប្រើពាក្យអសុរស ជុំវិញ ១៨រាជធានី-ខេត្តនៃប្រទេសកម្ពុជា និងថា វាបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ពិសេសអាចប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ ក្នុងន័យនេះ លោក និងក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតមួយទៅឲ្យក្រុមហ៊ុនផែនទី Google ពិនិត្យ និងដោះស្រាយ។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉ោងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ហេតុផលថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើតេស្តសាកល្បងការហោះហើរពេញលេញ មុននឹងព្រលានយន្តហោះខ្នាតធំលំដាប់ 4F របស់កម្ពុជាមួយនេះនឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ កញ្ញា។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ ខែកញ្ញានេះ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងការហោះហើរពេញលេញ ការត្រួតពិនិត្យឧបករណ៍ឃ្លាំមើលដែនអាកាស និង ផ្លូវចុះចត គឺទទួលបានជោគជ័យជាបន្តបន្ទាប់។ តាមលោក ស៊ិន ចាន់សេរីវត្ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាសមិទ្ធិផលដ៏សំខាន់នៃភាពរីកចម្រើនក្នុងវិស័យអាកាសចរណ៍កម្ពុជា។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាខួប៨ឆ្នាំ នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣ ខែកញ្ញានេះ លោក ផែង ហេង សហមេធាវីការពារសិទ្ធិឲ្យលោក កឹម សុខា បានថ្លែងថាក្រុមមេធាវីបន្តទាមទារឲ្យតុលាការទំលាក់បទចោទលើលោក កឹម សុខា។ តាមលោក ផែង ហេង ក្រុមមេធាវីក៏នៅតែអះអាងថារឿងក្តីលោក កឹម សុខា មានលក្ខណៈនយោបាយច្រើនជាងបច្ចេកទេសច្បាប់។



