Discover
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
Author: RFI ខេមរភាសា / Khmer
Subscribed: 418Played: 3,513Subscribe
Share
© France Médias Monde
Description
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
1921 Episodes
Reverse
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយបង្ហាញលក្ខខណ្ឌចំនួន ៣ចំណុចសម្រាប់បទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លក្ខខណ្ឌទី១ កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ទី២ បទឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែង និងទី៣ កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។ អ្នកវិភាគនានានៅកម្ពុជាយល់ឃើញថា លក្ខខណ្ឌទាំង ៣ របស់ថៃគឺជាចំណុចងាយៗ និងថា កម្ពុជាធ្លាប់បានគោរពយ៉ាងខ្ជាប់ខ្ជួនលើចំណុចទាំងនោះរួចហើយនាពេលកន្លងមក។ តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌទាំង ៣ចំណុចរបស់ថៃពេលនេះ?
ថៃបានបញ្ជាឱ្យមានការបិទច្រកឈូងសមុទ្រថៃ ដើម្បីបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងសម្ភារៈយោធាមកប្រទេសកម្ពុជា និងកំណត់ដែនទឹកជុំវិញកំពង់ផែកម្ពុជាជាតំបន់ដែលមានហានិភ័យខ្ពស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា កម្ពុជានឹងរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើថៃបិទច្រកសមុទ្រនោះមែន។ តែពួកគេថា កម្ពុជាក៏មានសិទ្ធិប្តឹងទៅអង្គការសហប្រជាជាតិ ដោយប្រើច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ អំពីការរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទោះបែបនេះក្តី អ្នកជំនាញក៏មើលឃើញពីភាពផុយស្រួយ ដោយសារតែកម្ពុជាពុំទាន់បានផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS នៅឡើយ។ តើកម្ពុជាពិតជារងផលប៉ះពាល់សេដ្ឋកិច្ច ឬយ៉ាងណា ក្រោយបិទច្រកឆ្លងកាត់នៅឈូងសមុទ្រថៃ?
ចាប់តាំងពីថៃបើកការវាយប្រហារកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូនេះ គេមិនទាន់ឃើញមានប្រទេសណាចេញមុខថ្កោលទោសថៃនៅឡើយ។ ដោយឡែក អាមេរិក និងម៉ាឡេស៊ី បានបន្តចេញមុខប្រាប់ថៃនិងកម្ពុជា ឲ្យអនុវត្តបទឈប់បាញ់ តែថៃមិនព្រមស្តាប់។ ចំណែក ចិនជាមិត្តដែកថែបរបស់កម្ពុជាបានប្រាប់កម្ពុជាឲ្យបន្តអត់ធ្មត់។ នៅចំពោះមុខស្ថានការណ៍នេះ តើកម្ពុជាគួរតែពឹងយោធាបរទេសណាឲ្យធ្វើអន្តរាគមន៍ដើម្បីបង្ខំថៃឲ្យបញ្ឈប់សង្គ្រាមបានឬទេ?
នៅយប់ថ្ងៃទី១២ធ្នូនេះ មេដឹកនាំទីក្រុងភ្នំពេញ និងបាងកក ជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម។ លោកត្រាំបានសរសេរសារខ្លីនៅលើបណ្តាញសង្គមTruth Social ថា មេដឹកនាំនៃប្រទេសទាំងពីរយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ហើយនឹងត្រឡប់ទៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។ ក៏ប៉ុន្តែនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបើកប្រតិបត្តិទម្លាក់គ្រាប់បែកតាមផ្លូវអាកាសមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់ ខណៈនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថា ថៃនឹងបន្តសកម្មភាពយោធា រហូតដល់ខ្លួនមានអារម្មណ៍ថា ថៃគ្មានការគំរាមកំហែងពីភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា សម្តីរបស់នាយករដ្ឋមន្ត្រីហួសសុពលភាពថៃ ពុំអាចយកជាការបានឡើយ។ ក៏ប៉ុន្តែ ការអះអាងបែបនេះ សបញ្ជាក់ថា ថៃមិនញញើតនឹងអាមេរិក ហើយមិនខ្វល់ពីច្បាប់អន្តរជាតិ។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃបានយល់ព្រមឲ្យរំលាយសភាទៅតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ដើម្បីបើកផ្លូវឲ្យរៀបចំការបោះឆ្នោតឡើងវិញ។ របត់នយោបាយនៅថៃពេលនេះ កើតឡើងនៅគ្រាដែលកងទ័ពថៃកំពុងតែបន្តវាយប្រហារមកលើកម្ពុជា តាំងពីថ្ងៃអាទិត្យទី៧ធ្នូ។ តើវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃ នឹងធ្វើឲ្យស្ថានការណ៍សង្គ្រាមជាមួយកម្ពុជាប្រែប្រួលដែរឬទេ?
ក្រោយស្ថានការណ៍ក្តៅនៅតាមព្រំដែនវិលត្រឡប់មកសារជាថ្មី ជនភៀសសឹករាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីភូមិឋាន ទៅរស់នៅជំរំដែលអាជ្ញាធររៀបចំជូន។ ក្នុងកាលៈទេសៈនេះ ការរួបរួមកម្លាំងសាមគ្គីពលរដ្ឋខ្មែរបានស្តែងឱ្យឃើញ តាមរយៈការប្រកាសស្វែងរកជំនួយ ដើម្បីជួយទំនុកបម្រុងដល់ជនភៀសសឹក និងកងទ័ពជួរមុខ។ អ្នកតាមដានសង្គមមួយចំនួនសាទរចំពោះការរួបរួមគ្នារបស់ពលរដ្ឋខ្មែរ ក្នុងគ្រាដែលប្រទេសកំពុងជួបការលំបាក។ តែអ្នកតាមដានសង្គមទាំងនោះក៏ព្រួយបារម្ភថា ប្រសិនបើជំនួយនោះមិនត្រូវបានជួយឱ្យចំគោលដៅទេ វានឹងបង្កើតឱ្យមានបញ្ហាជាច្រើនជាក់ជាមិនខាន។ ក្នុងន័យនេះ អ្នកជំនាញចង់ឃើញរាល់ការផ្តល់ជំនួយនានា ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយគណៈកម្មាការច្បាស់លាស់មួយ ដោយមិនគួរធ្វើជាក្រុមៗ ហើយដាច់ដោយឡែកពីគ្នាឡើយ៕
ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូម្សិលមិញ បណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់។ ខ្លឹមសាររួមនៃប្រតិកម្មរបស់ប្រទេស និងសហគមន៍អន្តរជាតិទាំងនោះ បានផ្តោតទៅលើការអំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធ និងវិលទៅរកដំណោះស្រាយសន្តិភាពដោយគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងគោរពច្បាប់អន្តរជាតិ។ ជុំវិញបញ្ហានេះ អ្នកតាមដាននយោបាយកម្ពុជាខ្លះ ហាក់អស់សង្ឃឹមនឹងអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងខ្លះទៀតនៅបន្តមើលឃើញច្រកចេញ ក្នុងការនាំយកសន្តិភាពត្រឡប់មកឲ្យប្រទេសទាំងពីរវិញ។
កងទ័ពថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ និងបន្តបាញ់នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។ នេះជាការផ្ទុះអាវុធក្នុងទ្រង់ទ្រាយធំមួយ បន្ទាប់ពីភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព នៅទីក្រុងគួឡាឡាំពួ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ការផ្ទុះអាវុធដាក់គ្នាម្តងទៀតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាការបង្ហាញពីបរាជ័យក្នុងការអនុវត្ត សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងប្រទេសទាំង២ ជាពិសេសសកម្មភាពរបស់ភាគីថៃចំពោះការមិនបានគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា។ តើការវាយប្រហារជាថ្មីមកលើកម្ពុជានាពេលនេះ បង្ហាញឲ្យឃើញពីការជាន់ឈ្លីលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព? តើកម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការផ្ទុះអាវុធជាថ្មី ការរំលោភកិច្ចព្រមព្រៀងគួឡាឡាំពួ ពីសំណាក់ប្រទេសថៃ?
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមានសញ្ជាតិថៃ លោក វីទីត មុនតាប៊ន បានលាលែងពីមុខតំណែងក្រោយបំពេញការងារបានជាង៥ឆ្នាំ។ លោក វីទីតបានបញ្ជាក់ក្នុងលិខិតមួយកាលពីថ្ងៃទី២៤ វិច្ឆិកាថា ការលាឈប់របស់លោកគឺបណ្តាលមកពីបញ្ហាសុខភាព។ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា លោក វីទីត មុនតាប៊ន ទំនងជាមានភាពលំបាកក្នុងការបំពេញការងារ ក្រោយកម្ពុជា-ថៃ បានធ្លាក់ក្នុងជម្លោះនៅតាមព្រំដែនប្រទេសទាំងពីរ ទើបលោកសម្រេចចិត្តលាឈប់ពីតួនាទីជាអ្នករាយការណ៍។ អ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ក្នុងអាណតិ្តរបស់លោក វិទីត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពុំមានអ្វីប្រែប្រួលជាដុំកំភួនឡើយ តែលោកមានភាពសកម្មនឹងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា ការលាលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ អាចជាជម្រើស ត្រឹមត្រូវរបស់លោក វីទីត ដើម្បីចៀសវាងការចោទប្រកាន់ណាមួយពីភាគីកម្ពុជា និងថៃ។ តើក្នុង នាមជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកវីទីត បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យបន្តតួនាទី និងភារកិច្ចជាអភិបាលខេត្តទាំងបីទៅ១អាណត្តិទៀត។ ការបន្តអាណត្តិដល់អភិបាលខេត្តទាំង៣នេះ បានទទួលទាំងការសាទរ និងរិះគន់ពីប្រជាពលរដ្ឋ។ ជាពិសេសសម្រាប់ខេត្តបាត់ដំបង សាធារណជនមួយចំនួនបានបញ្ចេញមតិរិះគន់អភិបាលខេត្តថា មានភាពយឺតយ៉ាវក្នុងការបង្ហើយការដ្ឋាននៃការជួសជុលផ្លូវក្នុងទីប្រជុំជនក្រុង។ តើការបន្តអាណត្តិដល់បណ្តាអភិបាលខេត្តមួយចំនួន អាចនាំប្រសិទ្ធភាពការងារ និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋបានកម្រិតណា?
ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ កម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការតស៊ូផ្លូវការទូតនៅលើឆាកអន្តរជាតិ នារយៈពេលចុងក្រោយនេះ។ នេះជាអ្វីដែលក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ឃើញជុំវិញយុទ្ធសាស្ត្រការទូតរបស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងបណ្តាតំណាងរបស់ខ្លួននៅវេទិកាអន្តរជាតិធំៗ តែងតែឆ្លៀតច្បិចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ រួមទាំងការបកស្រាយ ឆ្លើយតបទៅនឹងអ្វី ដែលថៃតែងចោទកម្ពុជា។ ក្រុមអ្នកជំនាញមើលឃើញថា យន្តការការទូតរបស់កម្ពុជា កំពុងហុចផ្លែផ្កាមួយចំនួន តួយ៉ាងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសមហាអំណាច ព្រមទាំងអាចបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តនូវអ្វីដែលខ្លួនបានពន្យល់បកស្រាយ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិន ពោលគឺគ្រាន់តែបំពេញ E-arrival Card ប៉ុណ្ណោះ។ គម្រោងសាកល្បងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិននឹងត្រូវធ្វើឡើងរយៈពេល៤ ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យជនជាតិចិនអាចស្នាក់នៅ ក្នុងប្រទេសកម្ពុជា រយៈពេល ១៤ថ្ងៃ ដោយគ្មានការកំណត់ចំនួនដង នៃដំណើរមកកម្ពុជា។ អ្នកវិភាគសង្គមមួយចំនួនចាត់ទុកការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ហាក់មិនសមស្របនឹងស្ថានការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងដុតដៃដុតជើងបង្ក្រាបបទល្មើសឆបោកអនឡាញ។ តើកម្ពុជាគួរមានវិធានការប្រុងប្រយ័ត្នបែបណា ដើម្បីជៀសវាងការកើនឡើងនៃឧក្រិដ្ឋកម្មអនឡាញ តាមរយៈការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន?
នាពេលថ្មីៗនេះ មានការជជែកគ្នាតាមបណ្តាញសង្គម អំពីយុវជនមិនទាន់គ្រប់អាយុ និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមដែលផ្អើលតាមគ្នា ទៅរាំរែកសប្បាយក្នុងក្លឹបកម្សាន្តរាត្រី។ អ្នកប្រើប្រាស់បណ្តាញមួយចំនួនបានចេញមករិះគន់ និងបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម និងធនធានមនុស្ស។ ចំណែក អ្នកតាមដានសង្គមចាត់ទុកឥរិយាបថបែបនេះរបស់យុវជនខ្មែរជាក្តីបារម្ភធំចំពោះការអភិវឌ្ឍជាតិ។ ចំពោះអ្នកតាមដានសង្គម កម្ពុជាចាំបាច់ត្រូវមានវិធានការអប់រំត្រឹមត្រូវ និងម៉ឺងម៉ាត់។ តើអាជ្ញាធរគួរពិនិត្យលើករណីយុវជនចូលក្នុងក្លឹបកម្សាន្តបែបណា ដើម្បីកុំឲ្យប៉ះពាល់ដល់ធនធានមនុស្សរបស់ប្រទេស?
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីមួយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដូចជាសាច់សត្វចិញ្ចឹម ស៊ុតសត្វចិញ្ចឹម ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រី ឬទឹកស៊ីអ៊ីវជាដើម។ អ្នកពាក់ព័ន្ធក្នុងការផលិត និងប្រើប្រាស់មុខទំនិញ ដែលផលិតក្នុងស្រុកបានសម្តែងនូវការសាទរ តែអ្នកខ្លះក៏គាំទ្រឲ្យរដ្ឋពិចារណាផងដែរពី ពន្ធចំពោះសហគ្រាសធំៗ។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថៃអះអាងថា មានបុរសជនជាតិចិនម្នាក់ បានជាន់មីននៅពេលបុរសរូបនោះគេចចេញពីបណ្តាញឆបោកអនឡាញនៅកម្ពុជា ហើយប៉ុនប៉ងឆ្លងចូលទឹកដីថៃ។ នេះមិនមែនជារឿងថ្មីទេ ព្រោះភាគីថៃតែងតែអះអាងថាកន្លងមក មានករណីផ្ទុះមីនរបួសទាហានថៃជាបន្តបន្ទាប់។ ប៉ុន្តែករណីផ្ទុះមីនជាថ្មីទៀត ដែលថៃអះអាងថា ជនរងគ្រោះ គឺជាជនជាតិចិននោះ ទើបជារឿងថ្មីចុងក្រោយបំផុត។ តើនេះជាយុទ្ធសាស្ត្ររបស់ភាគីថៃ ដើម្បីទាញឲ្យចិនមកប្រឈមមុខជាមួយកម្ពុជាក្នុងបញ្ហាមីនឬយ៉ាងណា?
នៅថ្ងៃទី២៧វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ថាញ់ សឺន បានអះអាងថា លោកនឹងលើកសំណើទៅរដ្ឋាភិបាលកម្ពុជាឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីប្រទេសជិតខាងខ្លួនមួយនេះ។ លោកក៏នឹងលើកឡើងនូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់សហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា ទៅជជែកជាមួយភាគីកម្ពុជា។ នេះមិនមែនជាលើកទី១ទេ ដែលវៀតណាមតែងតែមានសំណើឲ្យមានការជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋខ្លួននៅកម្ពុជា។ អ្នកឃ្លាំមើលសង្គមយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឡើងវិញ ពីជនអន្តោប្រវេសន៍វៀតណាមដែលចូលមករស់នៅកម្ពុជាដោយខុសច្បាប់។ តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា ឬគួរពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍?
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានចេញប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា។ ប្រកាសនេះ មានវិសាលភាពទៅលើប្រព័ន្ធផ្សព្វផ្សាយឯកជនដូចជា អង្គភាពប្រកបអាជីពសារព័ត៌មានគ្រប់ជំនាញ គ្រឹះស្ថានបោះពុម្ពផ្សាយ សមាគមអ្នកសារព័ត៌មាន ក្រុមហ៊ុន ឬភ្នាក់ងារផ្សាយពាណិជ្ជកម្ម អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព និងអ្នកសារព័ត៌មានដែលមានលក្ខណៈប្រហាក់ប្រហែល។ តែអ្នកជំនាញក្នុងវិស័យសារព័ត៌មាន យល់ថា លក្ខខណ្ឌដែលក្រសួងបានដាក់ចេញ គឺជាឧបសគ្គដល់អ្នកដែលចង់ប្រកបអាជីពជាអ្នកសារព័ត៌មាននៅពេលខាងមុខ និងថា លក្ខខណ្ឌថ្មីនេះក៏អាចធ្វើឲ្យបាត់បង់អង្គភាពសារព័ត៌មានដែលមានស្រាប់ដែរ។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរសារជាថ្មីគាំទ្រគោលនយោបាយចិនតែមួយ ខណៈពេលដែលជប៉ុន និងចិនកំពុងស្គាល់ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់។ ក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថា រដ្ឋាភិបាលចិនសព្វថ្ងៃជាតំណាងឱ្យប្រទេសចិនតែមួយគត់ និងថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិនបានទេ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការបង្ហាញជំហរគាំទ្ររបស់កម្ពុជាចំពោះចិននេះថាជាការប្រកាន់ជំហរអព្យាក្រឹត្យ។ តែអ្នកជំនាញក៏មិនភ្លេចដាស់តឿនឱ្យកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយជប៉ុន ឬជាមួយចិន។
ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់លើបណ្តាញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីគេមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?



