Discover
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
Author: RFI ខេមរភាសា / Khmer
Subscribed: 449Played: 3,816Subscribe
Share
© France Médias Monde
Description
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
1961 Episodes
Reverse
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញមានករណីស៊ីឈ្នួលប្រឡងជំនួសក្នុងពេលប្រឡងចូលរៀនសាលាពេទ្យកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា ២០២៥-២០២៦ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកតាមដានសង្គមលើកឡើងថា ករណីស៊ីឈ្នួលប្រឡងជំនួសចូលរៀនសាលាពេទ្យនេះមិនគួរកើតមាន និងថា ករណីនេះក៏ធ្វើឲ្យប៉ះពាល់ដល់អាជីព និងវិជ្ជាជីវៈគ្រូពេទ្យដែរ។ តើក្រសួងសុខាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីបញ្ជៀសករណីស៊ីឈ្នួលប្រឡងជំនួស?
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង នៅថ្ងៃសុក្រទី៣០ខែមករា បានបង្ហោះសារព្រមានធ្ងន់ៗចំពោះឧក្រិដ្ឋជនឆបោកអនឡាញ ដែលហ៊ានប៉ះពាល់ជនជាតិកូរ៉េ។ ក៏ប៉ុន្តែសាររបស់លោក លី ចែម្យ៉ុង នេះបានលុបចេញពីបណ្តាញសង្គម X វិញនៅល្ងាចនៅថ្ងៃសុក្រដដែល។ ទោះយ៉ាងណា អ្នកតាមដាននយោបាយ យល់ថា សារព្រមានរបស់លោក លី ចែម្យ៉ុង បានជះឥទ្ធិពលដល់មុខមាត់ប្រទេសកម្ពុជា ព្រោះថា សារនោះបានសរសេរជាភាសាខ្មែរ និងមានភ្ជាប់រូបវិមានឯករាជ្យដែលស្ថិតក្នុងទីក្រុងភ្នំពេញ។ តើសំណេរលោក លី ចែម្យ៉ុង ទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញជះឥទ្ធិពលអ្វីខ្លះដល់កម្ពុជា?
ក្រសួងអប់រំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ សំដៅលើកកម្ពស់គុណភាពអប់រំ និងក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំ ក្នុងប្រទេសកម្ពុជា។ អ្នកតាមដានសង្គមសាទរចំពោះការពង្រឹងវិន័យគ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ តាមរយៈនិយាមថ្មីនេះ។ ក៏ប៉ុន្តែ ចំពោះទំនោររបស់គ្រូក្របខណ្ឌរដ្ឋ ដែលឆ្លៀតទៅបង្រៀនថែមម៉ោង នៅតាមសាលាឯកជន ក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវសង្គមស្នើឱ្យក្រសួងអប់រំយកចិត្តទុកដាក់បន្ថែម តាមរយៈការដាក់ចេញចំណាត់ការបន្ទាន់មួយ ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យអប់រំនៅកម្ពុជា។ តើវប្បធម៌ឆ្លៀតបង្រៀនបន្ថែមម៉ោងនៅតាមសាលាឯកជន គួរតែត្រូវបញ្ឈប់ជាបន្ទាន់ ឬយ៉ាងណា?
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីបារម្ភរបស់ខ្លួន ចំពោះការរំកិលធ្លាក់ចំណាត់ថ្នាក់របស់កម្ពុជាទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា FATF។ អគ្គទេសាភិបាលធនាគារជាតិកម្ពុជាកំពុងកើតក្តីបារម្ភ ក្នុងកាលៈទេសៈមួយដែលរូបភាពនៃឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជាកំពុងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍។ ចំពោះលោកស្រី ជា សិរី កម្ពុជាត្រូវជៀសវាងការធ្លាក់ទៅក្នុងបញ្ជីប្រផេះសាជាថ្មីនៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF ដើម្បីការពារ ការផ្តល់ទំនុកចិត្តរបស់សាធារណជន និងទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស។ តើកម្ពុជាត្រូវធ្វើបែបណា ដើម្បីបញ្ចៀសកុំឲ្យធ្លាក់ទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិញ្ញវត្ថុ FATF?
ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ដំណាលគ្នានេះ កម្ពុជាក៏ទទួលរ៉ាក់ទាក់នូវដំណើរទស្សនកិច្ចរបស់កងនាវាអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ឲ្យចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹកដ៏ចម្រូងចម្រាសរវាងចិន និងអាមេរិក។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មេទ័ពជើងទឹកអាមេរិក ក៏បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបានរម្លឹកពីសមយុទ្ធ «ឆ្មាំអង្គរ» រួមគ្នាឡើងវិញនៅពេលខាងមុខ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានមើលឃើញថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាដំណាក់កាលចុងក្រោយនេះ គឺជាការព្យាយាមរបស់កម្ពុជាក្នុងការរក្សានូវតុល្យភាពឥទ្ធិពលរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន នៅក្នុងប្រទេសកម្ពុជា ច្រើនជាងហេតុផលផ្សេង៕
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិនានាចាត់ទុកការត្រៀមផ្តល់ឯកសារដោយភាគីបារាំងពេលនេះថា ជារបត់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់កម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ខណៈដែលថៃត្រៀមបោះឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ភាពស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ។ តែវាជាភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?
ក្នុងស្ថានភាពដែលសណ្តាប់ធ្នាប់ពិភពលោកមានភាពផុយស្រួយ អ្នកជំនាញមួយចំនួនលើកឡើងថា កម្ពុជាត្រូវមានការប្រុងប្រយ័ត្នផ្នែកការទូត ហើយគួរតែបង្កើនល្បឿនពង្រឹងសមត្ថភាពខ្លួនឯងទាំងវិស័យសេដ្ឋកិច្ច និងយោធា តាមរយៈការធ្វើកំណែទម្រង់រដ្ឋឲ្យស៊ីជម្រៅ ជាជាងបន្តធ្វើខ្លួនកម្សត់ឲ្យគេអាណិតអាសូរ។ ការលើកឡើងបែបនេះ នៅគ្រាដែលកម្ពុជាបានរងការវាយប្រហារដោយយោធាជាបន្តបន្ទាប់ពីភាគីថៃ។ ដើម្បីឲ្យកម្ពុជាអាចខ្លាំងទៅបាន តើការធ្វើកំណែទម្រង់គួរត្រូវចាប់ផ្តើមពីចំណុចណាមុនគេ?
នាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) បានចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨មករា។ ការចូលសំចតនេះ ជាការបំពេញទស្សនកិច្ច ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាររវាងកម្ពុជានិងអាមេរិក។ បញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងអាមេរិកលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងជំរុញសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ តើការចូលសំចតរបស់នាវាចម្បាំងអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាម ឆ្លុះបញ្ចាំងយ៉ាងដូចម្តេចក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក?
អនុក្រឹត្យរបស់រដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់សញ្ជាតិ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានចែងថា ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ ១២ពាន់លានរៀល ឬស្មើប្រមាណ ៣លានដុល្លារអាមេរិកឡើងទៅអាចស្នើសុំសញ្ជាតិខ្មែរបាន។ ចំណែកជនបរទេសណាដែលបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងតម្លៃ ៤ពាន់លានរៀល ឬប្រមាណ ១លានដុល្លារអាមេរិកក៏អាចស្នើសុំសញ្ជាតិខ្មែរបានដែរ។ អ្នកវិភាគ និងអ្នកតាមដានសង្គមមើលឃើញថា ការបើកឱកាសឲ្យជនបរទេសបែបនេះអាចជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជា។ តែពួកគេក៏បារម្ភពីហានិភ័យ ប្រសិនបើជនបរទេសដែលទទួលបានសញ្ជាតិខ្មែរហើយបែរជាទៅរកស៊ីបោកប្រាស់ ឬប្រព្រឹត្តបទល្មើសទៅវិញ៕
នៅថ្ងៃទី១៦ ខែមករា រដ្ឋបាលអាមេរិកបានផ្ញើលិខិតអញ្ចើញកម្ពុជាឱ្យចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រា។ លោកត្រាំបានបញ្ជាក់នៅក្នុងលិខិតនោះថា ក្រុមប្រឹក្សាសន្តិភាពបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងកិច្ចការបរទេសខ្លះចង់ឃើញកម្ពុជារូតរះទទួលយកការអញ្ជើញរបស់លោកត្រាំ និងខ្លះទៀតផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដើរតួនាទីជាអ្នកដោះស្រាយបញ្ចប់សង្រ្គាមនៅលើពិភពលោក។ ប្រទេសណាដែលចង់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពនេះត្រូវបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ។ ថៃជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសផ្សេងទៀតដែលត្រូវបានលោកត្រាំអញ្ជើញឲ្យចូលរួម ខណៈដែលថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា។ តើក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំអាចមានឥទ្ធិពលអ្វីខ្លះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រសិនបើថៃចូលជាសមាជិកក្រុមប្រឹក្សាមួយនេះ?
បន្ទាប់ពីមានការចាប់ខ្លួនមេខ្លោងធំក្នុងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី និងការរត់ចេញរបស់ជនបរទេសជាច្រើនពីប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួនដែលទទួលបានចំណូលពីការងារអនឡាញមួយនេះបានត្អូញត្អែរពីការបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ពិសេសការសងបំណុលធនាគារ។ យុវជនខ្មែរមួយចំនួនបានបញ្ឈប់ការសិក្សានៅពាក់កណ្តាលទី និងចូលធ្វើការងារអនឡាញដោយទទួលបានប្រាក់ខែខ្ពស់។ អ្នកតាមដានសង្គមកម្ពុជាមើលឃើញថា ទោះជាការងារអនឡាញមួយនេះទទួលចំណូលច្រើន តែអ្នកទាំងនោះកំពុងរួមចំណែកប្រព្រឹត្តបទល្មើសឆបោកអនឡាញពីអ្នកដទៃទៀត។ តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ?
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនបរទេសជាច្រើន ដែលភាគច្រើនជាជនជាតិចិនបាននាំគ្នារត់ប្រសេចប្រសាចនៅតាមដងផ្លូវនានាក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា ដូចជាខេត្តព្រះសីហុន ខេត្តកំពត និងខេត្តស្វាយរៀងជាដើម។ ការចាកចេញរបស់ជនបរទេសទាំងនោះកើតឡើង ក្រោយពីមានការចាប់ខ្លួន អតីតឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្ស៊ី និងអតីតឧកញ៉ា លី គួង។ មេខ្លោងទាំងពីរនាក់នេះត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញដែលមានមូលដ្ឋាននៅកម្ពុជា។ អ្នកតាមដានសង្គមចាត់ទុកការចាកចេញរបស់ជនបរទេសពីកន្លែងដែលពួកគេធ្វើការថាជាជោគជ័យមួយនៃការបង្ក្រាបបទល្មើសអនឡាញរបស់រដ្ឋាភិបាលកម្ពុជា។ តែទន្ទឹមគ្នានេះ ពួកគេក៏បារម្ភខ្លាចជនឆបោកទាំងអស់នោះនឹងបន្តសកម្មភាពឡើងវិញដោយស្ងាត់ស្ងៀម៕
នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS។ បើតាមរដ្ឋសភា សេចក្តីព្រាងច្បាប់នេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនសមុទ្ររបស់ខ្លួននៅលើឆាកអន្តរជាតិ។ ភាគីក្រៅរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរគាំទ្រទាំងស្រុងលើការអនុម័តសេចក្តីព្រាងច្បាប់មួយនេះដោយពួកគេយល់ឃើញថា ច្បាប់មួយនេះនឹងជួយដោះស្រាយវិវាទព្រំដែនសមុទ្ររបស់កម្ពុជាជាមួយប្រទេសជិតខាង។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសពីការជួយសម្រួលបន្ថែមទៀតដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមព្រំដែនកម្ពុជា និងថៃ។ សមាគមនេះបានប្រកាសលុបបំណុលសរុបចំនួន ១លានដុល្លារសម្រាប់យោធិនជួរមុខដែលរបួស និងគ្រួសារយោធិនពលី មិនយកការប្រាក់ពីក្រុមគ្រួសារជនភៀសសឹកដែលមានទឹកប្រាក់សរុប ១០,៦លានដុល្លារ រៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ និងផ្តល់ការឧបត្ថម្ភដែលមានតម្លៃជាទឹកប្រាក់ ៣៤ម៉ឺនដុល្លារ។ វិធានការថ្មីរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាធ្វើឡើង បន្ទាប់ពីមានការអំពាវនាវរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។
នៅថ្ងៃទី៥ ខែមករា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងអនុក្រឹត្យដដែលនោះក៏បានបញ្ជាក់ថា ប្រសិនបើម្ចាស់ទីតាំងស្នាក់នៅមូលផ្តុំលាក់បាំងជនបរទេសដោយខុសច្បាប់ ពួកគេត្រូវមានទោស ហើយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើរបាយការណ៍កត់ត្រាអ្នកស្នាក់នៅទាំងអស់ជូនអាជ្ញាធរមានសមត្ថកិច្ច។ អ្នកវិភាគសង្គមយល់ថា អនុក្រឹត្យនេះទំនងជារដ្ឋាភិបាលចង់បោសសម្អាតបណ្តាញឧក្រិដ្ឋជនអនឡាញ ដែលកំពុងបំបែកខ្លួនតូចៗ តាមរយៈការជួលទីតាំងផ្ទះល្វែង ឬបន្ទប់ជួលជាដើម។ ប៉ុន្តែ អ្នកវិភាគព្រួយបារម្ភទៅវិញថា ការរឹតបន្តឹងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ គ្មានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរពុករលួយ ហើយប្រែក្លាយជាការគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាល នឹងឲ្យអាទិភាពលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ ការបញ្ជាក់យ៉ាងដូចនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជាធ្វើឡើង បន្ទាប់ពីមានការចាប់ខ្លួនលោក ចេន ហ្ស៊ី ទៅឲ្យប្រទេសចិន។ អ្នកតាមដានសង្គមកម្ពុជាយល់ឃើញថា រដ្ឋាភិបាលបានទទួលស្គាល់វត្តមានបណ្តេញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា និងថា សកម្មភាពបង្រ្កាបជាបន្តបន្ទាប់កន្លងទៅគឺដើម្បីស្តារទំនុកចិត្ត និងលាងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ ហេតុអ្វីកម្ពុជាជ្រើសយកការដោះស្រាយឧក្រិដ្ឋកម្មអនឡាញជាជម្រើសអាទិភាពរបស់ជាតិ ក្នុងគ្រាមានជម្លោះជាមួយថៃ?
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ថា យោធាថៃបានរំលោភចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា និងថែមទាំងបានឈរជើងកាន់កាប់នៅតំបន់ចំនួន១៤ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ក្រៅពីការចូលកាន់កាប់ទឹកដីកម្ពុជា យោធាថៃថែមទាំងបិទសិទ្ធិ និងរារាំងមិនឱ្យជនភៀសសឹកខ្មែរវិលត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញទេ។ អ្នកតាមដាននយោបាយខ្មែរមួយចំនួនលើកឡើងថា អ្វីដែលកម្ពុជាអាចធ្វើបានដើម្បីជំរុញឲ្យថៃប្រគល់ទឹកដីដែលចូលកាន់កាប់ឲ្យកម្ពុជាវិញ គឺការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងពង្រឹងយុទ្ធសាស្ត្រការទូតដូចជាការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់។ តើរដ្ឋាភិបាលកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្ខំឲ្យថៃប្រគល់ទឹកដីដែលចូលកាន់កាប់ឲ្យកម្ពុជាវិញ?។
មកដល់ពេលនេះ បញ្ហាបិទព្រំដែនគោកដែលថៃធ្វើឡើងជាឯកតោភាគី កាលពីពាក់កណ្តាលឆ្នាំ២០២៥ ហាក់ដូចជាលែងស្ថិតក្នុងរបៀបវារៈនៃការជជែកគ្នារវាងកម្ពុជា និងថៃទៀតឡើយ ខណៈជម្លោះព្រំដែនឈានដល់ការផ្ទុះសង្គ្រាមចំនួន២លើករួចមក។ អ្នកវិភាគ លើកឡើងថា ការពិភាក្សាបើកច្រកព្រំដែនឡើងវិញរវាងប្រទេសទាំងពីរនេះនឹងមិនអាចធ្វើទៅបានទេ នៅមុនការបោះឆ្នោតក្នុងប្រទេសថៃនាដើមខែកុម្ភៈខាងមុខ។ តែថាប្រសិនបើប្រទេសជិតខាងទាំងពីរ ព្រមព្រៀងគ្នាបើកច្រកព្រំដែនឡើងវិញឲ្យដូចមុនពេលមានសង្គ្រាម ទំនងជាជួយកាត់បន្ថយភាពតានតឹងដាក់គ្នារវាងយោធានៃប្រទេសទាំងពីរ៕
ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការបោះទុនវិនិយោគពីក្រៅប្រទេសបានកើនឡើងប្រមាណ៥២% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់កើនលើសប្រមាណ៣ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញមើលឃើញថា លំហូរវិនិយោគពីក្រៅប្រទេសនៅតែបន្តរក្សាភាពវិជ្ជមានដដែល បើទោះបីកម្ពុជាបច្ចុប្បន្នកំពុងបន្តហ៊ុមព័ទ្ធដោយព័ត៌មានស្តីពីការឆបោកតាមអនឡាញក៏ដោយ។ សម្រាប់អ្នកជំនាញ រដ្ឋាភិបាលត្រូវតែបោសសម្អាតបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញបន្តទៀត ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។



