Discoverទស្សនៈព្រឹត្តិការណ៍ពិភពលោក
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
Claim Ownership

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Author: RFI ខេមរភាសា / Khmer

Subscribed: 266Played: 1,853
Share

Description

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

791 Episodes
Reverse
អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់​ផ្តើម​នៅថ្ងៃពុធទី​២២កញ្ញា ជាមួយ​នឹងសុន្ទរកថា​របស់​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល​បានអំពាវនាវ​ឲ្យ​គោរពច្បាប់អន្តរជាតិ និងការសហការ​រវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហា​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម​​។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺ​លោកអេម៉ានុយអែល ​ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺ​​នូវទស្សនៈវិស័យ​២ផ្ទុយគ្នា ដោយ​ម្នាក់ការពារច្បាប់អន្តរជាតិរួម ម្នាក់ទៀត ការពារប្រយោជន៍​ជាតិខ្លួន​តែម្នាក់ឯងក្នុងនាមជាមហាអំណាចធំជាងគេបំផុត​។​ អង្គមហាសន្និបាតឆ្នាំនេះ គឺ​ជា​លើកចុងក្រោយហើយ សម្រាប់​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតទែរស៍ ដែលនឹងត្រូវចប់អាណត្តិនៅចុងឆ្នាំនេះ។ ភាពចលាចល អស្ថិរភាព និងការបាក់បែកគ្នា កំពុងតែរួមរឹតពិភពលោកយើងខ្លាំងណាស់ ជាមួយ​នឹង​​ការចុះខ្សោយ​ឥទ្ធិពល ឬអាចនិយាយបានថា ជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ​ ក៏ថាបាន​។ នៅក្នុងសុន្ទរថាលើកចុងក្រោយ​ នៅក្នុងឱកាសបើកអង្គមហាសន្និបាត លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវ ឲ្យគ្រប់គ្នាគោរពគោលការណ៍ច្បាប់អន្តរជាតិ គោរពគ្នាទៅវិញទៅមក និង​ កសាង​សុខសន្តិភាព​ពិភពលោក តាមរយៈការសហការគ្នា​។ ទាក់ទិននឹងសំណុំរឿង បញ្ញាសិប្បនិម្មិត លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ​ បានថ្លែងហៅ​ប្រទេសធំៗដែល​មានបច្ចេកវិទ្យានេះ ត្រូវតែរួម​សហការគ្នារៀបចំក្របខណ្ឌច្បាប់ឲ្យបាន​ច្បាស់លាស់ ដើម្បីកសាងបច្ចេកវិទ្យាAI ដែល​មានតម្លាភាព ប្រកបដោយទំនុកចិត្ត។ ខ្លឹមសារអំពាវនាវនេះ មានលក្ខណៈដូចគ្នាទៅនឹងសុន្ទរកថារបស់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​អង្គមហាសន្និបាតលើកនេះ ក៏ជាលើកចុងក្រោយដែរ​​​​ ព្រោះលោកនឹងចប់អាណត្តិនៅខែ​ឧសភាឆ្នាំក្រោយ​។ ក្នុងសុន្ទរកថា​ ប្រមាណ​៣០នាទី លោក​ម៉ាក្រុង​បានថ្លែងបន្លឺឡើងនូវ​ទស្សនវិស័យ​របស់​លោក ដែល​ចាត់ទុក​ទ្រឹស្តី “ពហុភាគីនិយម” ជាធំ។ ក្នុងន័យនេះ លោក​ម៉ាក្រុង បានថ្លែងការពារ​អង្គការសហប្រជាជាតិ ព្រោះស្ថាប័ននេះគឺ​ជាទីកន្លែង​​ដែលពិភពលោក​មកអង្គុយជុំគ្នា ជជែកគ្នា រួមគ្នាដោះស្រាយបញ្ហា​។ អមដោយ​​សំឡេងទះដៃកងរំពង​ប្រកបដោយក្តីរំភើប ពីអង្គមហាសន្និបាត លោក​ម៉ាក្រុង​​បានអះអាងថា​ ​​អង្គការសហប្រជាជាតិ គឺ​ជាស្ថាប័ន​ការពារសង្គមអន្តរជាតិមួយ​ឲ្យ​​មាន​ច្បាប់ទំលាប់​។ លោក​ម៉ាក្រុង បាន​​​ថ្លែងទៀតថា ពិភពលោកយើងបច្ចុប្បន្ននេះ កំពុងតែរងគ្រោះ​​ដោយ​ចរន្តគំនិតអាត្មានិយម ចក្រព័ត្រនិយម អាងយ៉ាងវាតទីយ៉ាងក្រអឺតក្រទម របស់​ប្រទេសមហាអំណាចខ្លះ ដែល​អាងតែកម្លាំងបាយ អាងតែសព្វាវុធ​។ ការប្រើ​ច្បាប់ព្រៃ អ្នកណាខ្លាំងអ្នកនោះឈ្នះនេះ ​កំពុងតែ​រុករាន​ទន្ទ្រាន និងរុញពិភពលោកយើង​ឲ្យធ្លាក់ក្នុងភាពចលាចល។ ដូច្នេះ ពេល​វេលានេះគឺជាពេលដែលគ្រប់គ្នារួមកម្លាំងសាមគ្គីនៅពីក្រោយអង្គការសហប្រជាជាតិ មិន​អាចឲ្យ​នរណាម្នាក់ មកដាក់សម្ពាធបង្កើតស្ថាប័ន​ថ្មីមួយទៀត ដើម្បី​​យកទៅដាក់ក្រោមក្លៀ​កខ្លួនឯងនោះឡើយ។ ចំណុចនេះ​ លោកម៉ាក្រុង​បានសំដៅ​យ៉ាងច្បាស់ ទៅលើ​ក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលលោកដូណាល់ ត្រាំ បានបង្កើតឡើងដើម្បីប្រជែងជាមួយ​អង្គការសហប្រជាជាតិ​​។​ មុននឹងបញ្ចប់សុន្ទរកថា ដោយ​សម្រែកថា “ជ័យោអង្គការសហប្រជាជាតិ” លោក​ម៉ាក្រុងបានលើកឡើងដែរ នូវចំណុចខ្សោយរបស់ស្ថាប័ននេះ​​ ដែលត្រូវតែមានកំណែទម្រង់។ តួយ៉ាងដូចជាសិទ្ធិបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ ដែល​កន្លងមក គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី តែងតែប្រើសិទ្ធិនេះ រារាំងមិន​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខចេញចំណាត់ការណាមួយ។ អ្នកប្រើច្បាប់ព្រៃ អ្នកអាងកម្លាំង អាងអាវុធនោះ គឺលោកម៉ាក្រុង ចង់សំដៅទៅលោកដូណាល់ ត្រាំ យ៉ាងច្បាស់ណាស់។ ការវាយប្រហារចាប់មេដឹកនាំវ៉េណេស៊ុយអេឡា សង្គ្រាមនៅអ៊ីរ៉ង់ ការគំរាម​ច្បាមយកកោះហ្គ្រូអិនឡង់របស់ដាណឺម៉ាក ព្រមទាំងសង្គ្រាមអត្រាពន្ធជាដើម ទាំងអស់នេះយើងដឹងហើយថាអ្នកណាជាអ្នកធ្វើ​វា​។ នៅ​​ចំពោះមុខអង្គមហាសន្និបាត លោកដូណាល់ ត្រាំបានថ្លែងអួតថា លោកគឺជាអ្នក​កសាងសន្តិភាពពេញពិភពលោក។ តែឃ្លាបន្ទាប់ទៀត លោកដូណាល់ ត្រាំ ស្រាប់តែលើកឡើងថា លោក​កំពុងពិចារណាសម្រេចចិត្ត ថា​តើគួរ​​វាយកម្ទេចប្រទេសអ៊ីរ៉ង់​ឲ្យ​រាបដល់ដី​ ឬមួយក៏ចរចាជាមួយអ៊ីរ៉ង់​​។ អស់ពីគំរាម​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានថ្លែងប្រកាសយ៉ាងក្រអឺតក្រទមថា តំបន់អាមេរិក​ខាងត្បូង នឹងត្រូវតែស្ថិតក្នុងដែនឥទ្ធិពលយោធា របស់សហរដ្ឋអាមេរិក​តែម្នាក់ប៉ុណ្ណោះ។ លោកត្រាំ អះអាងទៀតថា របបដឹកនាំគុយបានឹងដួលរំលំក្នុងពេលឆាប់ៗនេះហើយ។ លើសពីនេះ ទៀតលោកដូណាល់ ត្រាំ បាន​គំរាម​ដោយត្រង់ៗចំពោះ ចៅក្រម រដ្ឋអាជ្ញា និង​បុគ្គលិករបស់​តុលាការអន្តរជាតិទីក្រុងឡាអេ។​ ជារួម យើងសង្កេតឃើញថា សម្តីលោកត្រាំ​ពោរពេញដោយ​ ការប្រើកម្លាំង ការគំរាមសំឡុត​ ឲ្យអ្នកដ៏ទៃត្រូវខ្លាចខ្លួន​។ យុទ្ធសាស្ត្រសំឡុតបែបអ្នកលេងនេះ បានហុចលទ្ធផលសម្រាប់លោកដូណាល់ ត្រាំមែន ព្រោះក្នុងមហាសន្និបាតនេះ​ លោកត្រាំបានប្រកាសថា សហរដ្ឋអាមេរិក​នឹង​ចុះកិច្ចព្រមព្រៀងជាមួយដាណឺម៉ាក ស្តីពីកោះហ្ក្រូអិនឡង់ដ៍​។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអាមេរិកសាងសង់​មូលដ្ឋានទ័ព​​២កន្លែងទៀត នៅលើកោះទឹកកកនេះ។ ជាថ្នូរវិញ លោកដូណាល់ ត្រាំ សន្យា​ទទួលស្គាល់អធិបតេយ្យភាព​របស់​ដាណឺម៉ាកទៅលើកោះហ្កូ្រអិនឡង់។ ចំពោះបញ្ហាបច្ចេកវិទ្យា AI វិញ លោកត្រាំ បានបដិសេធថាមិនត្រូវឲ្យ​មានច្បាប់​ក្រមខណ្ឌណាមួយ មក​រារាំងរំខានដំណើរអភិវឌ្ឍន៍​របស់​បច្ចេកវិទ្យានេះ​ឡើយ​។ គោលជំហរ ដែលវាផ្ទុយទៅនឹងអគ្គនាយកក្រុមហ៊ុនAI ធំៗ ដែលប៉ុន្មានសប្តាហ៍មកនេះបានអំពាវនាវ​ឲ្យ​មានការបន្ថយល្បឿន ដើម្បីយកពេលជជែកគ្នា។ ដោយឡែកលោកម៉ាក្រុងវិញ បានអំពាវនាវ​ឲ្យមានច្បាប់អន្តរជាតិគ្រប់គ្រងAI ហើយទន្ទឹមនឹងនេះ​គ្រប់ប្រទេស ត្រូវប្រឹងប្រែងស្រាវជ្រាវប្រើ AI ខ្លួនឯង ដោយ​មិនពឹងផ្អែកទាំងស្រុង ទៅនឹងក្រុមហ៊ុនយក្សធំៗ​របស់អាមេរិក។ ថ្វីបើលោកត្រាំមាត់រឹង ថាមិនចង់ឲ្យ​មានវិធានច្បាប់ តែជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក​បានស្នើទៅកាន់ចិន ឲ្យមានយន្តការ​ផ្តល់ដំណឹង​ឲ្យ​គ្នាក្នុងករណីមានបញ្ហា​។ គួរកត់សំគាល់ដែរថា ជាថ្មីម្តងទៀត សំណុំរឿងអ៊ីស្រាអែលប៉ាឡេស្ទីន នៅតែក្តៅគគុកពេញ​អង្គមហាសន្និបាទ​។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ  បានលើកឡើងថា អំពើហិង្សា ការបណ្តេញមនុស្សចុះឡើងឲ្យ​ផ្លាស់ទីរស់នៅ ព្រមទាំងការពង្រីកដែនដីអាណានិគមខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី បង្កឡើងដោយអាជ្ញាធរអ៊ីស្រាអែល វា​កំពុងតែបង្កើតឲ្យមានការសង្ស័យថា ថាអ៊ីស្រាអែលចង់បោសសំអាតជាតិសាសន៍។ បញ្ហាទាំងនេះ កំពុងតែធ្វើ​ឲ្យ ផែនការ “ដំណោះស្រាយរដ្ឋ២” ត្រូវរលាយសូន្យ។ ដូចគ្នាដែរ លោកម៉ាក្រុង បានថ្លែងថា អ្វីដែលបានកើតឡើងនៅហ្កាហ្សា និងនៅតំបន់ស៊ីហ្សកដានី ដែលអ៊ីស្រាអែល​ទន្ទ្រាន​ដី​បង្កើតជាតំបន់អាណានិគមន វាគឺជា​ទស្សនីយភាព​ដែលធ្វើឲ្យសហគមអន្តរជាតិអាម៉ាសបំផុត។ លោកម៉ាក្រុង​បានថ្លែងអំពាវនាវសាជាថ្មី ថាត្រូវតែ​ជំរុញដំណោះស្រាយ​រដ្ឋពីរ រដ្ឋ​​ប៉ាឡេស្ទីនទន្ទឹមគ្នានឹងរដ្ឋ​​អ៊ីស្រាអែល ទើបអាចដោះស្រាយបញ្ហាបានយូរអង្វែង​។ មិនខុសពីលោកម៉ាក្រុង​ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស​ បាន​បរិហាររិះគន់ខ្លាំងៗ ចំពោះ​រដ្ឋាភិបាលស្តាំនិយមជ្រុលអ៊ីស្រាអែល ដឹកនាំដោយ​លោកនេតាន់យ៉ាហ៊ូ។ ស្ថានភាព​រំលោភបំពាននៅហ្កាហ្សា​នៅស៊ីហ្សកដានី និង​សេចក្តីឈឺចាប់របស់​ប្រជាជនប៉ាឡេស្ទីន ត្រូវតែបិទបញ្ចប់។ ដំណោះ​រដ្ឋ២ គឺជាក្តីសង្ឃឹមតែ១គត់ ដើម្បី​ឈានទៅ​បិទបញ្ចប់សង្គ្រាម កសាងសន្តិភាព ការពារសន្តិសុខជូនទាំងខាងអ៊ីស្រាអែលទាំងខាងប៉ាឡេស្ទីន​៕​
រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចាប់បញ្ជូន​ជនបរទេស ចំនួន​ជាង​២៥០០០នាក់ យកទៅទុកចោល​​នៅប្រទេស​ទី​៣ ដែលគ្មាន​ទាក់ទងអ្វីសោះ​នឹង​ជននោះ។ នេះបើផ្អែកតាម​ របាយការណ៍អង្កេត​​​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន ផ្សព្វផ្សាយ​ដោយសម្ព័ន្ធ​សហការ​ឈ្មោះ​ Forbidden Stories។ រដ្ឋបាល​លោកដូណាល់ ត្រាំ បានចំណាយ​ប្រាក់ច្រើនរយលានដុល្លារ ចុះកិច្ចសន្យាជាមួយ​ប្រទេសជាច្រើន នៅអាមេរិកឡាទីន នៅអាហ្វ្រិក និង​ដែនកោះតូចៗក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីឲ្យ​ប្រទេសទាំងនោះ ទទួលយកជន​អន្តោប្រវេសន៍ខុសច្បាប់ ដែលអាមេរិក​ចាប់បញ្ជូនចេញ​ ដោយមិនគិតខ្វល់ពីសិទ្ធិរបស់ជនអន្តោប្រវេសន៍។ សម្ព័ន្ធ​សហការ​ឈ្មោះ​ Forbidden Stories ទើបបានផ្សព្វផ្សាយ​​​របាយការណ៍ស៊ើបអង្កេត​ដ៏ធំមួយ នៅថ្ងៃចន្ទទី​២១កញ្ញា ស្តីពីគោលនយោបាយរបស់រដ្ឋបាល​លោកដូណាល់ ត្រាំ ក្នុងការ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ យកទៅបំបរបង់ចោល​នៅប្រទេសទី​៣ដែលគ្មានពាក់​ព័ន្ធអ្វីទាំងអស់ទៅនឹងជននោះ​​​។​ របាយការណ៍នេះ​​ គឺជាលទ្ធផល​ការងារស៊ើបអង្កេតរួមគ្នា របស់អ្នកសារព័ត៌មាន​​៧២នាក់ មកពីស្ថាប័នសារព័ត៌មាន​២៣ នៅតាមប្រទេសចំនួន​១៥ប្រទេស​។ ផ្អែកតាមរបាយការណ៍នេះ គិតពីដើមឆ្នាំនេះ ដល់ថ្ងៃទី៣១​សីហា មានមនុស្ស​ចំនួន​យ៉ាងតិច ២៥៤៤៧នាក់ ដែលត្រូវបានអាជ្ញាធអាមេរិក​ចាប់បញ្ជូនចេញ យកទៅ​ឃុំទុកនៅ​​តាម​ប្រទេសប្រមាណ​២៨​​ប្រទេស ក្នុងនោះ​មានជិត​២០០០០នាក់ ដែលត្រូវបាន​បញ្ជូនចេញ ទៅ​កាន់​ប្រទេសម៉ិកស៊ិក​។ ការចាប់​ជនអន្តោប្រវេសន៍ខុស​​ច្បាប់ បញ្ជូន​យកទៅ​ដាក់តាម​ប្រទេសទី​៣ ដែលមិនមែនជាប្រទេស​កំណើត​​របស់​ជននោះ គឺសហរដ្ឋអាមេរិកបាន​ចាយប្រាក់​សរុបប្រមាណ​៤១០លានដុល្លារ ​ចុះកិច្ចព្រមព្រៀង​ជាមួយ​ប្រទេសអ្នកទទួល​​​។ លក្ខខណ្ឌ​ចែងក្នុង​កិច្ចព្រមព្រៀងទាំងនោះ ប្រែប្រួល​ដោយអាស្រ័យទៅលើ​កត្តាផ្សេងៗ ឧទាហរណ៍​ដូចជា​​ សញ្ជាតិ​ដើម​របស់​ជនអន្តោប្រវេសន៍​ដែល​ជាកម្មវត្ថុនៃការចាប់បញ្ជូនចេញ ឬក៏​ជននោះធ្លាប់ប្រព្រឹត្តិបទល្មើស ធ្លាប់ជាប់ពន្ធនាគារជាដើម​។ ជះប្រាក់ផង ដាក់សម្ពាធផង​​ យោងតាម Forbidden Stories ប្រទេសអាហ្វ្រិក​​៤៩​ក្នុងចំណោម​៥៤ សុទ្ធតែត្រូវបានសហរដ្ឋអាមេរិក​ ព្យាយាមចរចា ដើម្បីធ្វើកិច្ចព្រមព្រៀង​ឲ្យ​ព្រមទទួល​យកជនអន្តោប្រវេសន៍សញ្ជាតិដទៃ​។ យ៉ាងណាមិញ ការស៊ើបអង្កេតមួយធ្វើឡើងដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅដើមឆ្នាំ​២០២៦ បានបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក​បានដាក់សម្ពាធ​ទៅលើ​ប្រទេសអាហ្វ្រិក ថាត្រូវតែសុខចិត្ត​ចុះកិច្ចព្រមព្រៀងជាមួយខ្លួន ពុំនោះទេ Washington នឹងដាក់ទណ្ឌកម្ម ដំឡើងអត្រាពន្ធលើទំនិញ បិទមិន​ផ្តល់ទិដ្ឋាការ​ឲ្យ​ ឬក៏កាត់បន្ថយ​ជំនួយទ្វេភាគីជាដើម​ ។ល។​ ប្រទេសអាហ្វ្រិកដូចជា ហ្កាណា សេរ៉ាឡេអូន កាមេរូន លីបេរីយ៉ា​ រ៉ូវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាដើម សុទ្ធតែបានចុះកិច្ចព្រមព្រៀងទទួលយកជនអន្តោប្រវេសន៍​ពីសហរដ្ឋអាមេរិក​។​ ក្រុមអ្នកច្បាប់​បានអះអាងប្រាប់ AFP ថា ជនអន្តោប្រវេសន៍​​ទាំងនោះ កាលបើត្រូវបានគេបញ្ជូនទៅដល់ប្រទេសទី​៣ហើយ គឺ​ដូច​​ត្រូវធ្លាក់ចូលក្នុងរណ្តៅខ្មៅងងឹតគតិយុត្តិ ពោលគឺពួកគេត្រូវគេបង្ខាំងទុក​ដោយ​គ្មានការចោទប្រកាន់ នៅក្នុងប្រទេសផ្សេងមួយដែលពួកគេមិនស្គាល់ ហើយករណីខ្លះ សិទ្ធិទាំងអស់របស់ពួកគេ ត្រូវបានដកហូត​ចេញទាំងស្រុង​។ ករណីខ្លះទៀត ជនអន្តោប្រវេសន៍​ដែលត្រូវគេបញ្ជូនទៅដល់​ប្រទេសទី៣ បានបាត់ខ្លួនគ្មានដំណឹងសូន្យ​ មិនដឹងស្លាប់ឬរស់​។​ Office of Remigration ទទួលបន្ទុកចរចានិងផ្ទេរប្រាក់​ឲ្យ​ប្រទេសទី​៣​ របាយការណ៍ Forbidden Stories បានបង្ហាញទៀតថា ​ការងារ​ចរចានិងផ្ទេរប្រាក់ទៅ​ឲ្យ​ប្រទេសទី​៣ គឺការិយាល័យ​មួយរបស់ក្រសួងការបរទេសអាមេរិក ជាអ្នកទទួល​បន្ទុក ឈ្មោះថា Office of Remigration ដែលត្រូវបានបង្កើតឡើង នៅខែឧសភា​ឆ្នាំ​២០២៥។ ជាក់ស្តែង​​ មន្ត្រីដឹកនាំរបស់ការិយាល័យនេះ បានធ្វើដំណើរទៅប្រទេសកាមេរូនច្រើនលើក មុននឹងសម្រេចបាន​កិច្ចព្រមព្រៀមមួយនៅខែធ្នូ​ឆ្នាំ​២០២៥ ដើម្បី​ឲ្យ​កាមេរូនទទួលយកជនអន្តោប្រវេសន៍ពីអាមេរិក​។ មួយសប្តាហ៍​ក្រោយមក សហរដ្ឋអាមេរិក​បាន​អនុម័ត​កម្មវិធីផ្តល់ជំនួយសប្បទាន ​ចំនួន​​៤០០លានដុល្លារ ក្នុងរយៈពេល​៥ឆ្នាំ​ឲ្យ​កាមេរូន។ ក្រោយ​មកទៀត នៅ​ខែដើមខែ​មករា ក្រសួងការបរទេស​អាមេរិក​ បាន​សម្រេចផ្តល់កញ្ចប់ថវិកា​ប្រមាណ​៣០លានដុល្លារ​ ឲ្យទៅអង្គការ UNHCR ប្រចាំការនៅកាមេរូន ដើម្បីជួយទ្រទ្រង់​កម្មវិធីត្រឡប់ទៅប្រទេសដើមវិញដោយស្ម័គ្រចិត្ត ​និងប្រយុទ្ធប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់​។ យន្តហោះទី​១ដឹកជនអន្តោប្រវេសន៍​ពីសហរដ្ឋអាមេរិក បានចុះដល់ដី​កាមេរូន នៅថ្ងៃទី​១៤មករា។ កិច្ចព្រមព្រៀងរបៀបនេះ សហរដ្ឋអាមេរិកក៏បានចុះ​ជាមួយ​ប្រទេស​ផ្សេងទៀត ដូចជា​កោះ ប៉ាឡៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កោះដែល​មាន​ប្រជាជន​ប្រមាណ​តែ១៨០០០នាក់នេះ បានសុខចិត្តចុះកិច្ចព្រមព្រៀងជាមួយ​សហរដ្ឋអាមេរិក នៅខែធ្នូ ទទួលយកជនអន្តោប្រវេសន៍​ជាជនជាតិផ្សេង​ ចំនួន​​៧៥នាក់ ជាថ្នូរនឹងប្រាក់៧លាន៥សែនដុល្លារ។ តែគិតត្រឹមពេលនេះ មានតែ​៣នាក់ ដែលត្រូវបានបញ្ជូនទៅ​។ ដូចគ្នាដែរ ប្រទេស Eswatini នៅតំបន់អាហ្វ្រិកខាងត្បូង បានចុះកិច្ចព្រមព្រៀងទទួលជនអន្តោប្រវេសន៍​​ ​ដែលអាមេរិក​ចាប់បញ្ជូន​ចេញ ចំនួន​១៦០នាក់ ជាថ្នូរនឹងទឹកប្រាក់​៥លានដុល្លារ។ អ្វីដែលពិសេសនោះ គឺប្រទេសអាហ្វ្រិកដ៏តូចមួយនេះ សុខចិត្តទទួលទាំងជនអន្តោប្រវេសន៍ដែលមានប្រវត្តិ​​ជាឧក្រិដ្ឋជនឬកំពុងជាប់ពន្ធនាគារ​ទៀតផង។ គិតត្រឹមពេលនេះ អាមេរិកបានបញ្ជូនទៅ​ ចំនួន​​៣២នាក់ហើយ​។ ឲ្យប្រាក់ទៅប្រទេស​ហត្ថលេខីផង ជួយជាវិភាគទានដល់អង្គការអន្តរជាតិផង យោងតាមរបាយការណ៍ Forbidden Stories ប្រាក់សរុប​​ប្រមាណ​៤១០​លានដុល្លារ​ ដែលសហរដ្ឋអាមេរិក​​​បានចំណាយរហូតមកទល់ពេលនេះ គឺមាន​៨១លាន​ បានប្រគល់ទៅ​ឲ្យរដ្ឋាភិបាល​នៃ​​ប្រទេស​ដែលសុខ​​ចិត្ត​ទទួល​ ឬប្រទេសហត្ថលេខី។ សល់ពីនេះ គឺ​ប្រគល់ក្នុងរូបភាពជា​ប្រាក់វិភាគទាន​ដល់អង្គការអន្តរជាតិមួយចំនួន ជាក់ស្តែង អង្គការ​អន្តរជាតិដើម្បី​​​អន្តោប្រវេសន៍ ហៅកាត់ថា​ IOM ទទួល​បាន​ប្រាក់ ១៧៨លានដុល្លារ អង្គការ​UNHCR ទទួលបានប្រមាណ​១២៣លានដុល្លារ​។ គួរបញ្ជាក់ថា អង្គការអន្តរជាតិទាំង២នេះ ដែលជាស្ថិតក្រោម​បង្គាប់រួម​របស់អង្គការសហប្រជាជាតិ បានរងនូវពាក្យរិះគន់ជាខ្លាំង ថាបាន​ទទួលប្រាក់​របស់សហរដ្ឋអាមេរិក ទាំងដែលខ្លួនគឺជាអង្គការដែលធ្វើការ​ដើម្បីទ្រទ្រង់សិទ្ធិមនុស្ស សិទ្ធិ​របស់ជនអន្តោប្រវេសន៍ ជនភៀសខ្លួនជាដើម​។ ទោះជាយ៉ាងនេះក្តី អង្គការ UNHCR បានអះអាងថា ខ្លួនទទួលបានប្រាក់វិភាគទានទៅពីសហរដ្ឋអាមេរិក​មែន តែដោយ​មិនមានអ្វីពាក់ព័ន្ធជាមួយ​កិច្ចព្រមព្រៀងចាប់បញ្ជូនអន្តោប្រវេសន៍ឡើយ ហើយមួយវិញទៀត UNHCR ប្រើប្រាស់​ប្រាក់នេះដោយអនុឡោមទៅតាមផែនការការងារ​ ទ្រង់ទ្រងជួយ​ជនភៀសខ្លួន​។ ដូចគ្នាដែរ អង្គការ IOM បាន​អះអាងថា ខ្លួនដឹងថាអាមេរិក​ឲ្យ​ប្រាក់មកខ្លួន ដើម្បីបម្រើអាទិភាព​ផ្ទាល់ខ្លួន​​របស់អាមេរិក។ តែទន្ទឹមនឹងនេះ IOM ត្រូវការប្រាក់ដើម្បី​ចំណាយជួយ​លើកកំពស់​លក្ខខណ្ឌរស់នៅ របស់ជន​អន្តោ​ប្រវេសន៍ដែលត្រូវគេចាប់បញ្ជូន។ ក៏ប៉ុន្តែមិនមែនមានន័យថា អង្គការ IOM គាំទ្រចំណាត់ការបែបនេះរបស់សហរដ្ឋអាមេរិកនោះឡើយ​។ គោលនយោបាយ​យកតែរួចខ្លួននិង​​អាត្មានិយម លោក Mike Bochenek ទីប្រឹក្សាច្បាប់នៅអង្គការ Human Rights Watch បានលើកឡើងថា ការចំណាយប្រាក់ជះទៅលើប្រទេសផ្សេង ឲ្យទទួលយកជន​អន្តោប្រវេសន៍បែបនេះ គឺជាយុទ្ធសាស្ត្រយករួចខ្លួនរបស់សហរដ្ឋអាមេរិក។ ជាងនេះទៀត សហរដ្ឋអាមេរិក បានគេចចេញពី​កាតព្វអន្តរជាតិ ដែលតម្រូវ​ឲ្យ​ប្រទេសអ្នកចាប់បញ្ជូន​ចេញ ត្រូវតែពិនិត្យឲ្យ​បានច្បាស់ ថាប្រទេសដែលខ្លួន​បញ្ជូនជន​​អន្តោប្រវេសន៍​​​ទៅ គឺជាប្រទេសដែល​​គ្មានគ្រោះថ្នាក់។ អ្នកច្បាប់រូបនេះបន្ថែមទៀតថា​ ទោះមិន​ចែងជាលាយលក្ខខក្ខណ៍អក្សរ​​ តែ​រដ្ឋបាល​លោកដូណាល់ ត្រាំ សង្ឃឹម​ថានៅពេលបញ្ជូន​ទៅដល់ប្រទេសទី​៣ហើយ គឺ​​ប្រទេសនោះនឹងចាត់ចែង​តាមចិត្ត ចង់ទុកឬក៏បញ្ជូនបន្ត ទៅប្រទេសកំណើតរបស់ជនអន្តោប្រវេសន៍​ម្នាក់ៗ។ នេះគឺជាយុទ្ធសាស្ត្រអាត្មានិយម អមនុស្សធម៌ ដោយ​មិនគិតខ្វល់ពីអាយុជីវិត សិទ្ធិ និងភាពថ្លៃថ្នូរជាមនុស្សរបស់ជនអន្តោប្រវេសន៍​៕​
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញ​នៅ​​​ចិន​ ស្តាប់យ៉ាងយកចិត្តទុកដាក់​។​ ថ្វីបើមានការយល់​ឃើញខុសគ្នាខ្លះ ស្តីពី​មុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយ​បង្ការ តែអ្នកជំនាញ​ចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា​ ថាភ្នាក់ងារ​បញ្ញា​​សិប្បនិម្មិត​ឆ្លាតជ្រុល អាច​របូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាច​ធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ​ប្រព័ន្ធ​អ៊ីនធ័រនិតពិភពលោក​​​ និងសម្លាប់ជីវិតមនុស្ស​​បាន​។ ថ្មីៗនេះ អតីតវិស្វករព័ត៌មានវិទ្យា​​ម្នាក់របស់ Anthropic ឈ្មោះ Jacob Coxon បានចេញមុខប្រកាស​ទាញសញ្ញាអាសន្ន ស្តីពី​ហានិភ័យ​ដ៏គ្រោះថ្នាក់​បំផុត ដោយសារតែ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើរលឿនជ្រុល ឆ្លាតជ្រុល និងអាច​ងាក​មក​បំផ្លាញ​អាយុជីវិតមនុស្ស​ឲ្យវិនាស​បាន​។ បន្ទាប់មកទៀត លោក Dario Amodei អគ្គនាយក Anthropic បានបង្ហោះសារ​អំពាវនាវ ឲ្យក្រុមហ៊ុន​ក្នុងវិស័យនេះរួមគ្នាបន្ថយល្បឿន ផ្អាកការអភិវឌ្ឍន៍​លឿនរហ័សជ្រុល ហើយយកពេលវេលាគិត​គូរ ព្រោះAIឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស​។ សារអំពាវនាវនេះ ត្រូវបានអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗនៅសហរដ្ឋអាមេរិក​ បាន​​ប្រកាសគាំទ្រ។ ក្នុងនាមជាប្រទេសឈានមុខគេមួយទៀតក្នុងវិស័យបច្ចេកវិទ្យា AI ចិន​បានឆ្វេងយល់​រួចហើយ អំពីហានិភ័យ​បង្កឡើងដោយ​ AI ស្វ័យប្រវត្តិដែលឆ្លាត​ជ្រុល​​។ តែសម្រាប់ថ្នាក់ដឹកនាំចិន គេយល់ថាគេអាចគ្រប់គ្រងសង្កត់​​បច្ចេកវិទ្យាAIបាន បើទោះបីជាខ្លាំងប៉ុណ្ណា​ក៏ដោយ។ ការគ្រប់គ្រង ដែលអាចធ្វើទៅបានតាមរយៈការ​រៀបចំ​ក្រិត្យក្រម​បច្ចេកទេស វិធានច្បាប់​​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យតាមដានចេញពីរដ្ឋ​។ លោក​ Tse Brian អគ្គនាយកក្រុមស្រាវជ្រាវ Concordia AI មានទីតាំងនៅប៉េកាំងនិង​សិង្ហបុរី បាន​លើកឡើងថា ក្នុងវិស័យបញ្ញាសិប្បនិម្មិត​​ ​អ្នកជំនាញ​ចិននិងអ្នកជំនាញ​អាមេរិក មាន​ការយល់ស្របគ្នាស្តីពីហានិភ័យ​។ ក៏ប៉ុន្តែអ្វីដែលខុសគ្នា គឺ​ទាក់ទិននឹង​ របៀបនៃការ​កំណត់​មុខសញ្ញា​ហានិភ័យ​ និងការចាត់ថ្នាក់ទាបខ្ពស់​របស់ហានិភ័យ​។ ខុសពីនៅអាមេរិក ដែលអ្នកជំនាញ​បាន​​ស្នើ ឲ្យ​មាន​អ្នកវាយតម្លៃឯករាជម្នាក់ប្រចាំ​ការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា​AI នៅចិនវិញ ការវាយតម្លៃហានិភ័យ ត្រូវបាន​ធ្វើឡើង​ក្នុងក្របខណ្ឌច្បាប់រួម និង​​អាជ្ញាធរ​រដ្ឋ​​។ អ្នកជំនាញខាងលើ​​ពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិក ដូចជា Anthropic  ឬ Open AI ជាដើម បង្កើត​កម្មវិធី​បច្ចេកវិទ្យានីមួយៗ​​​ ជាប្រភេទគម្រូAI​បិទជិត ពោល​គឺមិន​ឲ្យ​អ្នកប្រើប្រាស់ អាចចូលទៅដល់ក្នុង​ប្រព័ន្ធបាន​ទេ​​។ ផ្ទុយទៅវិញ នៅចិន វិស្វករកាន់តែច្រើនបាន​នាំគ្នា​ផ្តល់អាទិភាព​ ទៅដល់​ការអភិវឌ្ឍន៍​បច្ចេកវិទ្យាបើកចំហទំងន់​​ ដែលភាសាអង់គ្លេស​​ហៅថា AI Open Weight។ គម្រូ​បច្ចេកវិទ្យាAI ចិន​​ប្រភេទនេះ មានដូចជា Deepseek និង Kimi ជាដើម​។ នៅខែ​ឧសភាកន្លងទៅ អាជ្ញាធរចិន​គ្រប់គ្រងសន្តិសុខ Cyberspace បានចេញសេចក្តីណែនាំមួយ​ ដោយ​បាន​លើកឡើងអំពី ហានិភ័យប្រឈមមួយរបស់ ភ្នាក់ងារAI “ AI Agents” ទាក់ទិននឹង​ការ​​ប្រឈម “បាត់បង់​ការគ្រប់គ្រងប្រតិបត្តិការទាំងស្រុង”។ ក្នុងសេចក្តីណែនាំនេះ អាជ្ញាធរចិនបាន​តម្រូវ​ឲ្យវិស្វករ អ្នក​ជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យា AI  ត្រូវតែពង្រឹងសមត្ថភាពឲ្យប្រសើរ ដើម្បី​តាមស្ទាក់ចាប់ បិទខ្ទប់ និង​កម្ទេច នូវ​រាល់​សកម្មភាព​ខុសប្រក្រតី​ណាមួយរបស់ភ្នាក់ងារ​AI។ អ្នកជំនាញចិន ក៏ត្រូវបង្ការផងដែរ នូវហានិភ័យមួយចំនួនដូចជា​ ការបំពុលទិន្នន័យ និង​​ការបង្វែង​ធ្វើប្រព័ន្ធអាល់ហ្គោរីតម៍វង្វេង ជាដើម។ ផ្អែកតាមលោក Tse Brian រដ្ឋ​​ចិន​បានចាប់ផ្តើម​ពិចារណា​ តាក់តែងក្រមខណ្ឌច្បាប់​ជាតិ ចងជាកាតព្វកិច្ច នៅក្នុងវិស័យ​សន្តិសុខភ្នាក់ងារ​AI ដែលនេះគឺជាលើកទី​១ហើយ​ក្នុងពិភពលោក​។​ គួរជំរាបថា ករណី​គម្រូAIស្ថិតក្នុងដំណាក់កាលធ្វើតេស្ត តែវាឆ្លាតជ្រុល​ ហើយគេចខ្លួនរបូតចេញពីប្រព័ន្ធបិទជិត ឈានចូលទៅបំផ្លាញប្រព័ន្ធផ្សេងខាងក្រៅ បានកើតឡើងច្រើនដងហើយ។ ថ្ងៃទី​១កញ្ញា  លោក Wang Lihong មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរគ្រប់គ្រង​សន្តិសុខ Cyberspace ចិនបាន​ទាញសញ្ញាអាសន្ន ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាក់ទិននឹង​គម្រូភ្នាក់ងារAI ដែលរបូត​ចេញពីរនាំងសន្តិសុខ លែងស្តាប់បញ្ជា ហើយវាយប្រហារប្រព័ន្ធផ្សេងទៀតនៅខាងក្រៅទូទាំងពិភពលោក។​ ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យទី​១៣កញ្ញា លោករដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន Chen Yixin បាន​លើកឡើងថា គម្រូAIឈានមុខអាមេរិក ដូចជា Mythos របស់ក្រុមហ៊ុន Athropic និង​​ GPT-5.5-Cyber របស់ Open AI ជាដើម សុទ្ធតែអាចគំរាម​មកលើហេដ្ឋារចនាសម្ព័ន្ធ​ធំៗរបស់ចិន។ សូមបញ្ជាក់ថា សេណារីយ៉ូមហន្តរាយបង្កឡើយដោយ AI ឆ្លាតជ្រុល​ទប់លែងជាប់នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ចិន​ ធ្លាប់លើកឡើង​នៅក្នុង​ឯកសារ​ផ្លូវការមួយ របស់រដ្ឋបាល​ទទួលបន្ទុក Cyberspace នៅខែកញ្ញាឆ្នាំ​២០២៤។ ឯកសារនេះ បានប៉ាន់ប្រមាណទុកជាមុន នូវ​ហានិភ័យ ដែល​ភ្នាក់ងារAI មួយឆ្លាត​ខ្លាំង​ ធ្វើការដោយស្វ័យប្រវត្តិ ប្រមូលទិន្នន័យ បង្កើតទិន្នន័យថ្មី ហើយមានបញ្ញា​ដឹងខ្លួនឯង ព្រមទាំងអាច​ស្វែងរកអំណាចថ្មីមកបន្ថែម​ឲ្យខ្លួនវា ដើម្បីប្រជែង​ជាមួយសមត្ថភាពមនុស្ស​។ ផ្អែកតាម​ឯកសារចុងក្រោយមួយទៀត នៅខែកញ្ញាឆ្នាំ​២០២៥ រដ្ឋបាលចិនទទួល​បន្ទុក Cyberspace បានលើកឡើងពី​គោលការណ៍ថ្មី ដើម្បី​បង្ការ​ទប់ទល់នឹងហានិភ័យ បាត់បង់ការ​​គ្រប់គ្រងដែលគំរាម​ដល់អាយុជីវិតមនុស្ស​។ សេណារីយ៉ូបែបនេះ អាជ្ញាធរចិនបានសំដៅទៅដល់ករណី “បច្ចេកវិទ្យាAI កម្រោល​ចូល ប្រកាច់ចាប់មិនឈ្នះ”។ តែទោះជាយ៉ាងនេះក្តី  អាមេរិក​និងចិន ក៏មាន​​គំនិត​យល់ឃើញខុសគ្នាដែរ ទាក់ទិនការអំពាវនាវ​ឲ្យ​ បន្ថយល្បឿន ក្នុងការអភិវឌ្ឍន៍AI។ ខុសពីក្រុមហ៊ុនបច្ចេកវិទ្យា​​ធំៗនៅអាមេរិក​ដែល​អំពាវនាវ​ឲ្យ​បន្ថយល្បឿន រដ្ឋចិនឯនោះវិញបាន​លើកទឹកចិត្ត​ឲ្យ​គេប្រើប្រាស់បច្ចេកវិទ្យាAI ឲ្យបានគ្រប់សហគ្រាស គ្រប់វិស័យ។ នេះគឺជាគោលនយោបាយរួមរបស់រដ្ឋចិន ដែល​ចង់យកបច្ចេកវិទ្យានេះធ្វើជាកម្លាំងចលករនាំសន្ទុះសេដ្ឋកិច្ច។ តែទន្ទឹមគ្នានេះ រដ្ឋចិននៅតែអាច​ចេញបញ្ជាឲ្យ​បង្អង់ដៃ ផ្អាក​ ពន្យាពេល​ប្រើប្រាស់បច្ចេកវិទ្យាណាមួយ ប្រសិន​បើអាជ្ញាធរ​យល់ថា​ ការគ្រប់គ្រងពីលើ​​នៅមិនទាន់ល្អគ្រប់គ្រាន់​៕
នៅខេត្ត​ភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់​សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ​ កាលពីសប្តាហ៍​កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ​ ដើម្បីចាប់បង្ខំឲ្យ​រដ្ឋាភិបាលថៃ ត្រឡប់​មកចូលតុចរចា។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែល​ភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាពនៃការបះបោរដើម្បីបំបែកទឹកដី​​ មុននឹងស្ងប់ស្ងាត់ទៅវិញ​​។ ក៏ប៉ុន្តែ​​ កាលពីសប្តាហ៍​កន្លងទៅ ខេត្តទាំង​៤នៅចុងខាងត្បូងបង្អស់របស់ថៃ បានប្រឈមមុខនឹងភាពតានតឹងហិង្សា​ជាថ្មី ដោយមានការវាយប្រហារ សរុបប្រមាណ​៧៨ករណី ដែលភាគច្រើនជាការវាយប្រហារ ដែលជាការ​រៀបគម្រោង​ទុកជាមុន​ និងដោយសហការគ្នា។​ ផ្អែកតាមអាជ្ញាធរថៃ ការវាយប្រហារទាំងនេះ ភាគច្រើនមានទម្រង់ជាការដុតបំផ្លាញដោយចេតនា និងការវាយប្រហារដោយគ្រឿងផ្ទុះ ដូចជាគ្រាប់បែកបង្កៃជាដើម។ ជាទូទៅ ក្រុម​វាយប្រហារបានកំណត់គោលដៅទៅលើអគាររដ្ឋបាលសាធារណៈ ហាងទំនិញ យានយន្ត ព្រមទាំងបង្គោលអគ្គិសនី ឬផ្លូវដែក​។ ក្នុងករណីខ្លះ ពួកគេបានបាញ់គ្រាប់​ឡើងលើអាកាសដើម្បីបំភ័យមនុស្ស​ ឬបង្ខំឱ្យមនុស្សជម្លៀសចេញពីទីកន្លែង មុនពេលដុតបំផ្លាញទីនោះ។ រលកអំពើហិង្សាទាំងនេះ បានកើតឡើងមួយខែបន្ទាប់ពីមាន​ការវាយប្រហារដ៏សាហាវមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តណារ៉ាធីវ៉ាត ដែលជាខេត្ត​មួយក្នុងចំណោមខេត្តទាំង​៤​ ជាប់​ព្រំដែនជាមួយ​​ម៉ាឡេស៊ី។ ក្នុងករណីនេះ ក្រុមឧទ្ទាម​បះបោរ បានជិះរថយន្តចូលមកបាញ់​សម្លាប់ កងទាហានប៉ារ៉ាថៃចំនួន៥នាក់ និងបង្ករបួសជនស៊ីវីល​៦នាក់ទៀត​។​ ជម្លោះបះបោរ​២០ឆ្នាំ ស្លាប់៧៨០០នាក់​ គួរជំរាបជូនថា ជម្លោះនៅភាគខាងត្បូងថៃតាំងតែពីឆ្នាំ​២០០៤ បានផ្តាច់ជីវិតមនុស្ស​ប្រមាណ ៧៨០០នាក់ និងរបួសជិត​១៥០០០នាក់។ ការកើនឡើងនៃអំពើហិង្សាជាថ្មី ក្នុងអំឡុងពេល​នេះ មិនមែនគ្មានហេតុផលនោះទេ។ ដំណើរការចរចា​​សន្តិភាព ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៣ រវាងរដ្ឋាភិបាលក្រុងបាងកក និងក្រុមបំបែកខ្លួន Barisan Revolusi Nasional (BRN) មិនមានការរីកចម្រើនឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់អាចឈានទៅរកកិច្ចព្រមព្រៀងនយោបាយជាក់លាក់មួយដែរ​​។ ទោះបីក្រុមបំបែកខ្លួន Barisan Revolusi Nasional មិនបានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារថ្មីៗ​ទាំងនេះក៏ដោយ តែ​អ្នកសង្កេតការណ៍មួយចំនួនយល់ថា វាអាចជាការបង្ហាញពីកម្លាំង ដែលមានគោលបំណងដាក់សម្ពាធលើការចរចា។ មុនមានការវាយប្រហារ ភាគីទាំង២គ្រោងជួបចរចាគ្នានៅខែតុលា ហើយ​កិច្ចព្រមព្រៀងក្របខណ្ឌបឋមមួយ អាចនឹងត្រូវចុះហត្ថលេខានៅខែកញ្ញា​ខាងមុខនេះ។ លោក ថានុត​ សុវណ្ណអានន្ត​ មន្ត្រីរដ្ឋាភិបាលថៃប្រធានក្រុម​​ចរចាសន្តិភាពជាមួយ​ក្រុមបះបោរខាងត្បូង បាន​លើកឡើងថា ក្រុមឧទ្ទាមកំពុងចង់សាកល្បង​កម្លាំងរបស់សមត្ថកិច្ច​ ដើម្បីរកចំណុចខ្សោយ​ ហើយ​​អាចមានប្រៀបក្នុងពេលចរចា​។​ ដោយឡែក លោកស្រី​ រុងរ៉ាវី ឆាលើមស៊ីពីន​យ៉ារ៉ាត់ សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​នគរិន្ទ្រ​សុងក្លា បាន​លើកឡើងថា ប្រសិនបើរដ្ឋាភិបាលថៃពិតជាចង់ឃើញការផ្លាស់ប្តូរ​ជាក់ស្តែង ក្នុងដំណើរការដោះស្រាយវិបត្តិ នោះបាងកកត្រូវតែត្រៀមធ្វើចិត្ត​សម្បទាននយោបាយ​។ ក្រុម​បះបោររិះរកវិធីដាក់សំពាធ ព្រោះពួកគេលែងទុកចិត្តរដ្ឋាភិបាលបាងកក ដែលគិតតែប្រើកម្លាំងជាជាងការ​រិះរកយន្តការផ្តល់អធិបតេយ្យ​ភាព​មូលដ្ឋានខ្លះមក​ឲ្យ​ខេត្តរបស់ពួកគេ​។​ បញ្ហាសន្តិសុខ ឬបញ្ហានយោបាយ​?​ គួរកត់សម្គាល់​ថា មានទស្សនៈ២ផ្ទុយគ្នា ទាក់ទិននឹងវិបត្តិនេះ។ រដ្ឋាភិបាលថៃចាត់ទុក អំពើហិង្សានេះថាជាបញ្ហាសន្តិសុខ ដែលត្រូវដោះស្រាយដោយ​កម្លាំង​បង្ក្រាប តែក្រុមបះបោរវិញបានសង្កត់ធ្ងន់ទៅលើឫសគល់នយោបាយ ​ដែលបណ្តាល​ឲ្យ​មានជម្លោះនេះ​។​ សាររបស់ក្រុមបះបោរ​ គឺថា ការឆ្លើយតបដោយកម្លាំង​យោធាអស់រយៈពេល២០ ឆ្នាំមកហើយ មិនអាចបញ្ចប់ការបះបោរបានទេ។ ជាក់ស្តែង អាជ្ញាធរថៃក៏បានទទួលស្គាល់ដោយប្រយោលដែរ​ថា មានចំណុចខ្វះខាតផ្នែកសន្តិសុខ ទើបបណ្តោយឲ្យ​ការវាយប្រហារផ្ទួន​ៗ​ជាង​៧០ករណីថ្មីៗនេះ។ សូមបញ្ជាក់ដែរថា តំបន់មួយផ្នែកធំនៃភាគខាងត្បូងថៃ បានស្ថិតក្រោមរបបសន្តិសុខ​ពិសេសរួចទៅហើយ។ អាជ្ញាធរថៃ បានប្រកាស​​ស្ថានភាពអាសន្ន នៅក្នុងខេត្ត ប៉ាតានី យ៉ាឡា​​ និង​ណារ៉ាធីវ៉ាត។ នៅ​ខេត្តទាំងបីនេះ ប្រជាជនភាគច្រើនដែល​ជាអ្នកកាន់សាសនាអ៊ីស្លាម និងមានដើមកំណើតជា​ជនជាតិម៉ាឡេ បានត្អូញត្អែរថាពួកគេត្រូវបានគេ​​រើសអើង និងដាក់ឱ្យនៅក្រៅសង្គម​ មិន​ថា​វប្បធម៌ ភាសា និងសេដ្ឋកិច្ច។ សមត្ថកិច្ចយោធានិងតម្រួត​ថៃ បានដាក់ទីតាំងរនាំង​ការពារសន្តិសុខ​ច្រើនកន្លែង។ ការឆែកឆេរផ្ទះ និងទីតាំងផ្សេងៗ តែង​កើតមានជាញឹកញាប់ ខណៈអង្គការមិនមែនរដ្ឋាភិបាល តែងតែរិះគន់អំពីការចាប់ឃុំខ្លួនមនុស្ស​​ ដោយគ្មានមូលហេតុត្រឹមត្រូវ។ ការដាក់ពង្រាយកងកម្លាំងយោធាច្រើនស្អេកស្កះ​នៅតំបន់ភាគខាងត្បូង​ថៃ មិនត្រឹមតែមិនអាចដោះស្រាយជម្លោះជាតិសាសន៍ និងចរន្តគំនិត​​ជាតិនិយមនេះបានទេ ប៉ុន្តែថែមទាំងមិនអាចស្តារឡើងវិញ នូវទំនុកចិត្តរបស់ប្រជាជនបានថែម​ទៀត។ ផ្ទុយទៅវិញ វិធានការសន្តិសុខ​​​បែបនេះ បានបង្កើនការមិនទុកចិត្ត និងការអាក់អន់ចិត្តកាន់តែខ្លាំង ពីសំណាក់​ប្រជាជនមូលដ្ឋាន ចំពោះរដ្ឋាភិបាលថៃ៕
លោក​វ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើម​ទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូង​ចាប់ពីថ្ងៃទី​១៩​សីហា​។ ទស្សនកិច្ចនេះ​ត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យ​បំផុត ដែលវាជួន​ចំពេល​ដែល​លោកដូណាល់ ត្រាំ កំពុងធ្វើ​ឲ្យ​កូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង​និង​អាមេរិក ហាក់កំពុង​ង្គោះរង្គើ ហើយ​អ្នកដែលកំពុងញញឹមដោយក្តី​រីករាយ គឺចិន​។ ៥ឆ្នាំមកហើយ ដែល​លោក​វ៉ាង យី មិនបានធ្វើដំណើរទៅទស្សនកិច្ច​នៅកូរ៉េខាងត្បូង។ ថ្ងៃទី​១៩​សីហា លោក​ប្រមុខការទូតចិនបានចាប់ផ្តើម ទស្សនកិច្ច​រយៈពេល​២ថ្ងៃ នៅសេអ៊ូល ដែលជួនចំពេលពិសេសអស្ចារ្យនិងអំណោយ​ផលបំផុតសម្រាប់ចិន ព្រោះថា​ក្នុងអំឡុងពេលនេះ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល​។ ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានធ្វើឲ្យ​កូរ៉េខាងត្បូង​ស្រងាកចិត្ត​ជាពន់ពេក។ កម្មវិធីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកងទ័ពអាមេរិក​និងកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើម ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសថា លោកមិនសប្បាយចិត្តទេ ព្រោះប្រតិបត្តិការនេះចំណាយ​ប្រាក់ច្រើនឥតប្រយោជន៍ ហើយវាធ្វើឲ្យ​កូរ៉េខាងជើងឯនោះខឹងស្អប់អាមេរិកថែមទៀត។ ក្រោយសម្តីដូ​ចនេះរបស់​លោកត្រាំ សមយុទ្ធត្រូវបានបិទបញ្ចប់មុនពេលកំណត់ដល់ទៅ​៦ថ្ងៃ​ ដោយលោកត្រាំអះអាងថា នឹងកាត់បន្ថយថវិកាចំណាយ​។ មិនត្រឹមប៉ុណ្ណោះទេ នៅថ្ងៃទី​​១៩​សីហា លោកដូណាល់ ត្រាំ បានអួតអះអាងថា ទំនាក់ទំនងរវាងលោកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺល្អខ្លាំងណាស់ ហើយ​លោកមានគម្រោងជួបលោកគីម ជុងអ៊ុន​​ នៅចុងឆ្នាំនេះ​ហើយ​។​ គួរកត់សំគាល់ថា លោក​ប្រមុខការទូតចិនបានមកដល់ទីក្រុង​សេអ៊ូល ចំពេលតែម្តង គឺចំពេលដែលលោក ដូណាល់ ត្រាំ រុះរើ​ជាន់ឈ្លី​សម្ព័ន្ធភាពដែលសហរដ្ឋអាមេរិក​មានជាមួយកូរ៉េខាងត្បូងជាង​៧០ឆ្នាំមកហើយ​។ បញ្ហានេះ មិន​មែនត្រឹមតែធ្វើ​ឲ្យកូរ៉េខាងត្បូង​អស់សង្ឃឹមលែងមានទំនុកចិត្ត​លើសហរដ្ឋអាមេរិកនោះទេ តែបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក​ នៅតំបន់អាស៊ីក៏បើកភ្នែកធំៗ ដោយការ​ខកចិត្តនិងភ័យខ្លួនដែរ ជាក់ស្តែង ជប៉ុន និងតៃវ៉ាន់ជាដើម​។ សម្រាប់ចិន ឱកាសនេះពិសេសណាស់ ព្រោះ​វាបានលើកវិស័យការទូត​​ចិន​ឲ្យ​​លេចខ្លួនត្រដែត​ឡើង​។ នៅសេអ៊ូល លោកវ៉ាង យី នឹងធ្វើការងារដោយមិនបាច់ប្រឹង។ ស្របពេលដែល​​សហរដ្ឋអាមេរិក​ដឹកនាំដោយ​លោកដូណាល់ ត្រាំ ជាមហាអំណាចដែលមានចិត្តឆេវឆាវ ប្រែប្រួលបាតដៃខ្នងដៃ និងគិតតែចំណេញប្រាក់ជាធំនោះ ចិនវិញគឺជាមហាអំណាច​ ចាស់ទុំ នឹងនរ គួរជាទីទុកចិត្តសម្រាប់គេឯងគ្រប់គ្នា​។​ បន្ថែមពីនេះទៀត ចិន​នឹងឆ្លៀតឱកាសនេះប្រាប់កូរ៉េខាងត្បូងថា ការដោះស្រាយបញ្ហាជាមួយ​កូរ៉េខាងជើង គឺត្រូវតែមានចិនជាអ្នកចាត់ចែង​ ទើបអាចចេញលទ្ធផល​។ ជាការពិតណាស់ កាលពីសប្តាហ៍​កន្លងទៅ លោក លី ចែម្យ៉ុង បានប្រកាសហៅលោក គីម ជុងអ៊ុន មកចរចាបិទបញ្ចប់សង្គ្រាម​ ហើយ​កសាងសន្តិភាពជាមួយគ្នា ដោយ​គ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់​។​ ការចរចាដែល​លោកប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមបានចិនជួយ​សម្របសម្រួល​។​ ក្នុងពេលទស្សនកិច្ចនៅកូរ៉េខាងត្បូង គេជឿថា លោកវ៉ាង យី នឹងប្រើភាសាការទូតនិយាយអំពីស្ថិរភាព សន្តិភាព ​​ក្នុងតំបន់ ផ្ទុយ​ពី​​លោកដូណាល់ ត្រាំ ដែល​​​​និយាយតែពីរឿងលុយ​! សំណួរសួរថា តើពីពេលនេះទៅ កូរ៉េខាងត្បូង និងជប៉ុន អាចសង្ឃឹម​ ថានឹងអាចជ្រកក្រោមដំបូលការពារនុយក្លេអ៊ែររបស់សហរដ្ឋបានដែរឬទេ?​ លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី​១៩​សីហា ថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ​៥៧គ្រាប់។ តែនៅព្រឹកថ្ងៃ​ទី​២០សីហា ប្រភពពីសមាជិកសភា​កូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះពី ៨០ ទៅ១២០គ្រាប់ឯនោះ។ ការសុខចិត្តបន្ទន់ឥរិយាបថរបស់លោកលី ចែម្យ៉ុង ហៅ កូរ៉េខាងជើងមក​​ចរចា បានស្តែងឲ្យឃើញនូវគោល​ជំហរ​ប្រាកដនិយម​របស់​ភាគីកូរ៉េខាងត្បូង ដែល​ជឿក្នុងចិត្តថា មិនអាចប្រថុយ​ទុក​សង្គ្រាមនេះ​បានតទៅទៀតទេ ព្រោះ​កូរ៉េខាងជើងបានក្លាយជាមហាអំណាចនុយក្លេអ៊ែរ​ហើយ​៕
loading
Comments