Discoverនាទីសុខភាពនិងអនាម័យ
នាទីសុខភាពនិងអនាម័យ
Claim Ownership

នាទីសុខភាពនិងអនាម័យ

Author: RFI ខេមរភាសា / Khmer

Subscribed: 692Played: 2,193
Share

Description

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។
227 Episodes
Reverse
ក្រោម​សម្ពាធ​នៃ​ការ​សិក្សា​ និស្សិត​ខ្លះ​បាន​មិនខ្លាច​នឹ​ងប្រើ​ថ្នាំ​ជំនួយ​ខួរក្បាលទេ ដោយ​ហៅថា​ថ្នាំ​នោះ​ថា Smart drugs ឬ Study drugs។ ប៉ុន្តែ​ថ្នាំ​ជំនួយខួរក្បាល​ខ្លះ​ ជា​ប្រភេទ​ថ្នាំ​សម្រាប់​ព្យាបាល​មនុស្ស​មាន​វិបត្តិ​ផ្ចង់​អារម្មណ៍​។ តើ​ការ​ប្រើ​ថ្នាំ​ជំនួយខួរក្បាល​បែប​នេះអាច​បង្ក​ផលល្អ និង​ផល​វិបាក​យ៉ាងណា​ខ្លះ​ដល់​សុខភាព? អាជ្ញាធរ​កូរ៉េខាង​ត្បូង បាន​ទាញ​សញ្ញា​អាសន្ន​ម្តង​ហើយ​ម្តង​ទៀត​ អំពី​កំណើន​នៃការ​យក ​ថ្នាំ​ប្រឆាំង​នឹង​វិបត្តិ​ផ្ចង់​អារម្មណ៍មក​បំប៉ន​អារម្មណ៍​សិក្សា ក្នុង​ចំណោម​សិស្ស​និស្សិត​។ បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ដើម​ខែ វិច្ឆិកា ក្រោម​សម្ពាធ​ និង​ឆន្ទៈងប់​ចង់​បាន​​ជោគជ័យ​ក្នុង​ការសិក្សា សិស្ស​និង​និស្សិត​កូរ៉េខាង​ត្បូងកាន់​តែ​ច្រើនឡើងៗ នាំគ្នា​លេប​ថ្នាំ​ ដើម្បី​បង្កើន​សមត្ថភាព​ផ្ចង់​អារម្មណ៍ និង​បង្កើន​សមត្ថភាពផ្លូវកាយ​ អាច​បន្ត​រៀន​បាន​​​ពេញមួយ​យប់ ដោយ​មិន​បាច់​ដេក។ នៅប្រទេស​បារាំង​ បើ​តាម​លទ្ធផល​អង្កេត​ មួយ​ភាគ​បួន​នៃ​សិស្ស​និស្សិត​អាយុ១៨-២៥​ឆ្នាំ​ បាន​សាកល្បង​ប្រើ​ថ្នាំ​ ដើម្បី​គ្រប់​គ្រង​ស្ត្រេស។ ​ការប្រើ​​ថ្នាំ​ដើម្បី​ភ្ញោច​អារម្មណ៍​សិក្សា នៅ​មាន​កំរិត​ទាបខ្លាំងណាស់ តែ​ប្រមាណ ១%​ប៉ុណ្ណោះជា​ទូទៅ។ តែក្នុង​ចំណោម​សិស្ស​និស្សិតរៀន​នៅ​​សាលា​ល្អៗ ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ការ​ប្រើ​ថ្នាំ​ជំនួយ​ការ​ផ្ចង់​អារម្មណ៍បាន​ឡើង​​ខ្ពស់​បន្តិច​។ នេះ​បើ​តាម​ការ​សិក្សា​នៅ​ឆ្នាំ​២០១៦ និង​ប្រមាណ​៧%​បើ​តាម​របាយការណ៍​ឆ្នាំ​២០២៣។ អ្នក​នាំពាក្យ​សមាគម​និស្សិត​ឱសថសាស្ត្រ​បារាំង បាន​អះអាង​ថា ​ការ​យកថ្នាំព្យាបាល​ជំងឺ​ មក​ប្រើជា​ជំនួយ​លើក​កម្ពស់​សមត្ថភាព​សិក្សា ជា​ប្រធានបទ​​ ដែល​គ្មាន​នរណា​លើក​មក​និយាយ​ទេ។ ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​បំប៉ន​អារម្មណ៍ ​ធ្វើឡើង​ទៅ​តាម​ឡូហ្ស៊ិក​នៃ​សមិទ្ធកម្ម នៅពេល​ជិត​ប្រលង នៅ​ពេល​ត្រូវ​ប្រកួត​ប្រជែងខ្លាំង​ នៅពេល​ត្រូវ​ជ្រើសរើស​ផ្លូវ​ដើរ​សម្រាប់​អនាគត ដែល​មិន​អាច​ខក​ខានបាន។​ ក្នុងសម័យ​ជីឌីថល ឱ្យ​តែ​ជិត​ដល់​ពេល​ប្រលង​ម្តងៗ ថ្នាំ​ឆ្លាត ឬ​ថ្នាំ​ជំនួយ​ការសិក្សា មាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម។ ផលិតផល​ថ្នាំ​នេះ​ ត្រូវ​បាន​គេ​អួត​អាង​ថា​ជា​ដំណោះស្រាយ​ដ៏​ប្រពៃសម្រាប់​ជួយសិស្សនិស្សិត​ក្នុង​ការរំឮក​មេរៀន​ត្រៀម​ប្រលង គេង​លក់​ស្រួល និង​ផ្ចង់​អារម្មណ៍​រៀន​បាន​មូល​ល្អ។ ថ្នាំ​ឆ្លាត​នោះ​ ខ្លះ​ជាប្រភេទ​​ថ្នាំ​សម្រាប់​ព្យាបាល​រោគា​ដ៏ច្បាស់​លាស់​មួយ។ ជាក់ស្តែង ថ្នាំ​ Methylphenidate ដែលធ្វើ​ចរាចរណ៍​ក្រោម​ឈ្មោះ​ Rétaline នៅ​ប្រទេស​បារាំង ជា​ថ្នាំ​សម្រាប់​ព្យាបាល​អ្នក​មានរោគរពឹសពិបាក​ផ្ចង់​អារម្មណ៍​ ឬ​ហៅ​ថា​ជំងឺ​វិបត្តិផ្ចង់អារម្មណ៍​ TDAH។ សារធាតុ​សកម្ម​នៃថ្នាំ​នេះ ស្ថិត​នៅក្នុង​ចង្កោម​ថ្នាំ Smart drugs ដែល​ប្រែ​ត្រង់​ជា​ភាសា​ខ្មែរ​​ថ្នាំ​ដែល​ធ្វើ​ឱ្យ​ក្លាយ​ជា​មនុស្ស​ឆ្លាត។ លេច​ឡើង​នៅ​ឆ្នាំ​១៩៧០ ពាក្យ​ថា​ថ្នាំ​ឆ្លាត គឺ​ចង់​សំដៅ​ទៅ​លើ​ថ្នាំ​មាន​សារធាតុ​បន្ថែម កាហ្វេអ៊ីន ដែល​មាន​សមត្ថភាព​ភ្ញោច​បំប៉ន​ចិត្ត​ស្មារតី​ បាន​យ៉ាង​ខ្លាំងក្លា រហូត​អាច​បង្វែរ​ទៅ​ប្រើប្រាស់​ក្នុង​កម្មវត្ថុ​ផ្សេង ក្រៅ​ពី​ព្យាបាល​ជំងឺ។ ថ្នាំ​បំប៉ន បញ្ញា​ស្មារតី ត្រូវ​បាន​យោធា​បារាំង យក​ទៅ​ប្រើ​សាកល្បង​ដើម្បី​ដក​ពិសោធន៍ ក្នុង​អំឡុង​សង្គ្រាម​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស ឆ្នាំ១៩៩០ -១៩៩១។ ជា​លទ្ធផល ថ្នាំ​បាន​ជួយ​ទាហាន​បារាំង​ឲ្យ​នៅ​ឈរ​ជើង​ជាប់ នៅ​សកម្ម ទប់​ទល់នឹង​ភាព​​ងងោក​ងងុយ​បាន​រហូត​ដល់​ទៅ​៧២​ម៉ោង។ ប៉ុន្តែ​ថ្នាំ​ឆ្លាត​មិន​អាច​ប្តូរផ្លាស់​អ្នក​លេប​ឲ្យ​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​ទេ។ ថ្នាំ​អាច​ជួយ​អ្នក​មាន​វិបត្តិ​ផ្ចង់​អារម្មណ៍​TDAH ហើយ​សម្រាប់​អ្នក​គ្មាន​វិបត្តិ ថ្នាំ​មាន​ប្រសិទ្ធភាព​បែប​ឆ្ពឹន​ភ្នែក​តែ​ប៉ុណ្ណោះ។ នេះបើ​តាម​ការពន្យល់​របស់​លោក​វេជ្ជបណ្ឌិត Sebastien Weibel គ្រូពេទ្យ​ជំនាញ​ចិត្តវិទ្យា​នៅ​ក្រុង​ស្ត្រាស្បួរ និង​ជា​ប្រធាន​ក្រុម​ការងារ​នៃ​អាជ្ញាធរ​ជាន់ខ្ពស់​សុខភាព​ផ្នែក​វិបត្តិ​ផ្ចង់​អារម្មណ៍​របស់​មនុស្ស​ចាស់ (ធំ​ពេញវ័យ)។ តែ​ក្មេងៗ​ក្នុង​វ័យ​សិក្សា បែរ​ជា​យកថ្នាំ​នេះ​មក​ប្រើដើម្បី​បង្កើន​សមត្ថភាព​ផ្ចង់​អារម្មណ៍​សិក្សា​ ដោយគ្មាន​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​​ទេ។ បើ​តាម​លោក​វេជ្ជបណ្ឌិត មាន​ការសិក្សា​ច្រើន​ដែល​​បង្ហាញ​ឲ្យ​ឃើញ​ ពី​អារម្មណ៍​មាន​សមត្ថភាព មាន​សមទ្ធិកម្ម តែ​លទ្ធផល​ពិត​ជាក់ស្តែង​មិន​ប្រសើរ​ប៉ុន្មាន​ទេ។ នៅពេល​ជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​ខ្លួន អារម្មណ៍​ភ្លឺស្វាង យល់​មេរៀន និង​ភាព​ជឿជាក់ ថា​មាន​សមត្ថភាព​ធ្វើ​បាន​គ្រប់យ៉ាង​ បាន​លេច​ឡើង។ ប៉ុន្តែ​នៅ​ពេល​អស់​ជាតិ​ថ្នាំ ភាព​អស់​កម្លាំង ងងុយ​ដេក បាន​ចូល​មក​ញាំញី ពោល​គឺ​សរីរាង្កកាយ បាន​ទាមទារ​មកវិញ​នូវ​សំណង​នៃ​ការ​ដេក​តិច ធ្វើការ​ច្រើន ពិបាក​ផ្ចង់​អារម្មណ៍​ក៏​វិល​មក​វិញ។ ហើយ​ប្រសិន​បើ​គំនិត​វក់ ចង់​តែ​បាន​​ជោគជ័យ​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ នឹង​ជំរុញ​ឲ្យ​អ្នក​ប្រើ​ថ្នាំ ប្រើ​ហើយ​ទៀត និង ចង់​បន្ថែម​ដូស ដើម្បី​អាច​មាន​កម្លាំង​និង​អារម្មណ៍​ល្អ​ជា​ថ្មី។ ថ្វី​បើ​ថ្នាំ​ឆ្លាត ដូច​យ៉ាង ថ្នាំ​Methylphenidate មិន​ត្រូវ​បាន​គេ​រក​ឃើញ ថា​មាន​ភាព​ញៀន​មែន តែ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ឬ ខុស​ទិសដៅ មាន​បង្កប់​ហានិភ័យ​ច្រើន ដូចជា បណ្តាល​ឡើង​សម្ពាធ​ឈាម ថប់​បារម្ភ ញ័រ​បេះដូង​លោត​ញាប់។ នៅពេល​ថ្នាំ​អស់​ឥទ្ធិពល អារម្មណ៍​ថា​ខ្វះ​អ្វី​មួយ​នឹង​លេច​ឡើង ពោល​គឺ​ ភាព​ហត់​អស់​កម្លាំង បណ្តាល​មក​ពី​កង្វះ​ដំណេក ដែល​បិទ​បាំង​ដោយ​ថ្នាំ ត្រូវ​ស្តែង​ឡើង​តាម​ក្រោយ ប្រៀប​ដូច​ជា គ្រាប់បែក​ធ្លាក់​មក​មិន​ផ្ទុះ​ភ្លាម តែ​គង់​នឹង​ផ្ទុះ​នៅ​ពេល​ណា​មួយ។ លោក​វេជ្ជបណ្ឌិត សេបាហ្សៀង វៃប៊ែល បាន​សង្កត់​ធ្ងន់​ថា ថ្នាំ​methylphenidate បាន​ប្តូរ​ផ្លាស់​លំនឹង​ខួរក្បាល ឱ្យ​ចំណេញ​ខាង​ផ្នែក​ប្រមូលអារម្មណ៍​ផ្ចង់​បាន​ល្អ ប៉ុន្តែ​យើង​ត្រូវ​បាត់បង់​ភាព​ងាយ​បត់បែន របស់​ខួរក្បាល​ដែល​ចាំបាច់​បំផុត ក្នុង​ ការរៀន​សូត្រ។ ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​វិបត្តិ​ផ្ចង់​អារម្មណ៍ Methylphénidate ខុស​របៀប ឬ​ដោយ​ហិត អាច​មាន​ប្រតិកម្ម​លឿន​ប៉ះ​ដល់​ខួរក្បាល ផ្តល់​ការរីករាយ​ភ្លាម តែ​ក៏​ផ្តល់​ហានិភ័យ​ឆាប់​ធ្លាក់ ខ្លួន​រំពឹង​លើ​​ថ្នាំ​នេះខ្លាំង គ្រាន់តែ​កម្លាំង​ញៀន​ខ្លាំង​ដូច​អាភៀន​តែ​ប៉ុណ្ណោះ។ និស្សិតបារាំង ដែលវក់​នឹង​ការប្រើ​ថ្នាំ​ឆ្លាត​នេះ បាន​សារភាព​ថា នៅពេល​បាន​ប្រើ​ថ្នាំ​ឆ្លាត​ភ្លាម គេ​អាច​សម្រេច​ការងារ​ដែល​ធ្លាប់​ប្រើ​ពេល​មួយ​សប្តាហ៍ នៅ​ត្រឹមតែ​មួយ​ថ្ងៃ។ តែ​ក្រោយ​មក និស្សិតរូប​នោះ ត្រូវ​បង្កើន​ដូស​ថ្នាំ​រហូត រហូត​ដល់​ពេល​មួយ​រាង​កាយ លែង​អាច​ទ្រទ្រង់​បាន និង​ចាប់​ស្រក​ទម្ងន់ បាត់បង់​ចំណង់​អាហារ​ខ្សោះ​ជាតិ​ទឹក និង អស់​កម្លាំង។ លែងដេក ភ្នែក​បើក​ក្រលួង តែ​ដៃ​ញ័រ​ទទើក ប្រៀប​ដូច​ជា​ខ្មោច​ហ្សំប៊ី។ គ្រោះថ្នាក់ ដ៏​ធំ​នៃ​ថ្នាំ​ឆ្លាត មក​ពី​អ្នកប្រើ​ជឿ​ថា​ថ្នាំ​អភិនិហា ជួយ​ឲ្យ​រៀន​បាន​ពូកែ។ ថ្នាំ​ជា អាវុធ​មុខ ពីរ និង ផលិត​​ឡើង​ក្នុង​បំណង​ដ៏​ច្បាស់លាស់ សម្រាប់​ព្យាបាល​ជំងឺ​ជាក់លាក់​មួយ ជាមួយ​នឹង​ផល​រំខាន​អម​តិច​ឬ​ច្រើន​ផ្សេង​ទៀត។ យ៉ាង​ណាមិញ ថ្នាំ​ឆ្លាត ថ្នាំ​Methylphénidate ត្រូវបាន​ផលិត​ឡើង សម្រាប់​ព្យាបាល​ជំងឺ​វិបត្តិ​រពឹស​ពិបាក​ផ្ចង់​អារម្មណ៍​TDAH។ មិនមែន​ជា​ថ្នាំ ដែល​អាច​ចែកចាយ​ប្រើ​ត​គ្នា តាម​ទំនើង​ចិត្តបាន​ទេ។ ថ្នាំ​អាច​ត្រូវ​ជួយ​ត្រូវបុគ្គល “ក” តែ​មិន​ប្រាកដ​ថា​ត្រូវ​សម្រាប់​អ្នក​​ដែល​មាន​ស្ថានភាព​សុខភាព​ខុស​ពី​បុគ្គល​ “ក”​ឡើយ តែ​អាច​បង្ក​ជា​គ្រោះថ្នាក់​វិញ​ក៏​មាន។ ​មិនអាច​ទិញ​ប្រើប្រាស់​ដោយ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​នេះ អាច​បង្ក​ផលរំខាន ជាច្រើន ប៉ះពាល់​ដល់​ចំណង់អាហារ ដំណេក ឬ​ប្រព័ន្ធ​ប្រសាទ​កណ្តាល ដោយ​ធ្វើ​ឱ្យ​កើត​រោគ​ខ្វល់ រវើរវាយ និង​ញៀន​ទៅ​វិញ។ ដើម្បី​លើកស្ទួយ និង ជំនួយ​ស្មារតី ឬ​ការផ្ចង់​អារម្មណ៍ ថ្នាំអាហារ​បន្ថែម អាចជា​ដំណោះស្រាយ សម្រាប់​ជួយ​កូន​ចៅ ក្នុងវ័យសិក្សា ដែល​ប្រាថ្នា​រក​ជំនួយ។ ក្រុម​ថ្នាំ​អាហារ​បន្ថែម ពពួក​ម៉ាញេស្យូម អូមេហ្កាបី ឬ វីតាមីន​ក្រុម​បេ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព ជួយ​ផ្នែក​ផ្ចង់​អារម្មណ៍។ ការសិក្សា​វិទ្យាសាស្ត្រ ជា​ច្រើន ក៏​បាន​បញ្ជាក់​អំពី​ផល​ល្អ​នៃ​ថ្នាំ​អាហារ​ទាំងអស់​នេះ​ដែរ។ អ្នកជំនាញសុខភាព ទាញ​សញ្ញា​អាសន្ន​មួយ​ទៀត អំពី​ឥទ្ធិពល​នៃ​បណ្តាញ​សង្គម និង ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​​អ៊ីនធ័រនែត។ ក្រៅពី អាច​ផ្តល់​ជា ព័ត៌មាន​មិន​ពិត​ហើយ ផលិត​ផល​រក​បាន​តាម​អ៊ីនធ័រនែត អាច​គ្មាន​គុណភាព​ទៀត។ ទទួល​ទាន​ដំណេក​គ្រប់គ្រាន់ របប​អាហារ​មាន​លំនឹង ទទួល​ទាន​ទឹក​សាប​គ្រប់គ្រាន់ ហាត់​ប្រាណ​ឬធ្វើ​សមាធិ​ដើម្បី​គ្រប់គ្រង​ស្តេស ​​សុទ្ធ​សឹង​​ជា​កាយវិការ​ល្អ​ក្នុង​ការ​ថែ​ទាំ​សុខភាព​រាងកាយ​និង​ផ្លូវ​ចិត្ត​។ មាន​ទម្លាប់​សិក្សា​ កាលវិភាគការងារ​ច្បាស់ រៀន​ជា​គ្នា រក​វិធី​​​រៀន​​ដែល​​នាំ​ឱ្យ​ឆាប់​ចង​ចាំដែល​ត្រូវ​នឹង​ខ្លួន​យើង និង​កុំ​ធ្វើ​អ្វី​ចាំ​ដល់​នាទី​ចុងក្រោយ៕
ទឹកនោមផ្អែមប្រភេទទីពីរ ជា ជំងឺដែល មានលេចឡើងញឹកញាប់ និង កាន់តែច្រើនឡើង នៅលើ ពិភពលោក។ ទឹកនោមផ្អែម​សម្គាល់​ដោយ​អត្រា​ជាតិ​ស្ករ ក្នុង​ឈាម​ឡើង​ខ្ពស់។ ដូច្នេះបើ​គេ​បញ្ឈប់​ការ​បរិភោគ​ស្ករ  នោះ​គេ​នឹង​អាច​បញ្ចៀស​ជំងឺ​ទឹកនោម​ផ្អែម​បាន​ឬ ? ស្ករ ជាតិផ្អែម ត្រូវបានគេ ភ្ជាប់ តាំងពីយូរយារមក ហើយ ថា ជាសារធាតុ​ដែល​នាំ​មក​នូវ​ ភាព​រីករាយ។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​កំណើន​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ កំណើន​នៃ​ជំងឺ​ធាត់​ជ្រុល និង​ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ជាតិផ្អែម ឬស្ករ នេះ កំពុង​ក្លាយ​​ប្រធានបទ ស្នូល នៃ​ការ តស៊ូ​មតិ ជុំ​វិញ​​បញ្ហា​សុខភាព​សាធារណៈ​នាពេល​បច្ចុប្បន្ន។ ស្ករ ដែល​ចាំបាច់​សម្រាប់​សរីរាង្គកាយ​មនុស្ស ​ស្រាប់តែ​ជាប់​ឈ្មោះ​មិន​ល្អ សម្រាប់​សុខភាព​ទៅ​វិញ។ តើ​ស្ករ​ពិតជា​អាច បង្ក​គ្រោះថ្នាក់​​ដល់​សុខភាព ហើយ​​ត្រូវ​​ឈប់​បរិភោគ​ឬ ? ​បរិភោគស្ករ ជាការចាំបាច់​សម្រាប់ជួយ​​សរីរាង្គកាយ​ឱ្យ​​មាន​ថាមពល តែ​បញ្ហា​គឺ​យើង ច្រើន​តែ​ភ្លេច​ខ្លួន បរិភោគស្ករ ជាតិ​ផ្អែម ច្រើន​ជ្រុល និង​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ ស្ករ​មាន​លាក់​នៅ ក្នុង​ម្ហូប និង ចំណីអាហារ គ្រប់​មុខ​ទាំងអស់ មិន​ថា នំ បង្អែម ភេសជ្ជៈ ឬ សម្ល​ដែលយើង​ស្លស្លុក នៅ​ផ្ទះ​ដោយ​ខ្លួនឯង​ទេ។ សរីរាង្គកាយ​មនុស្ស​​ត្រូវ​ការ​អាហារ​​មាន​​ជាតិ ស្ករ ក្លុយកូស ស្ក​រ​​ធម្មជាតិ​ ប៉ុន្តែ​មិន​​ចូល​ចិត្ត​ ស្ករកែច្នៃ ឬ ស្ករស​ដាក់​បន្ថែមទាំង​ដុំ​ ទាំង​ស្លាបព្រាទេ។ ជាតិ​ស្ករ នឹងក្លាយ​ជា​សត្រូវ ​បង្ក​ផលវិបាក​ដល់​សរីរាង្គកាយ​វិញ ប្រសិន​បើយើង​ទទួល​ទាន​ហួស​កំរិត ឬ​ច្រើន​ជ្រុល​​ពេក ដូច​ជា​ធ្វើ​ឱ្យ​ធាត់ ឡើង​ទម្ងន់ មាន​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម។ ទឹកនោមផ្អែម ជាជំងឺ ដែល សម្គាល់ ដោយ អត្រាជាតិស្ករ ក្នុង ឈាមឡើងខ្ពស់ខ្លាំង។ ដូច្នេះ គំនិតចង់​ធ្វើ​របប​អាហារ « តម » មិន​បរិភោគ​ស្ករ ដើម្បី​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​អាច​ ចាត់​ទុក​ថា ត្រឹមត្រូវ« ម្យ៉ាងដែរ”។ ប៉ុន្តែការលុបបំបាត់​​ជាតិ​ស្ករ ក្នុង​អាហារ​ប្រចាំ​ថ្ងៃ មិន​គ្រប់គ្រាន់ និង មិន​អាច​ធានា​បាន​យ៉ាង​ប្រាកដ​ថា អ្នក​នឹង​មិន​ធ្លាក់​ខ្លួន​មាន​​ជំងឺ​ទឹកនោម​ផ្អែម​បាន​ឡើយ។ ការកំរិត​បរិមាណជាតិ​ស្ករ​ ឬ ឈប់​បរិភោគ​ស្ករ ពិត​ជា​អាច​ពន្យឺត​​ពេលវេលា មិន​ឲ្យ​​ជំងឺ​ទឹក​នោមផ្អែម​ឆាប់​លេច​ឡើង​ក្លាយ​ជា​ ជំងឺ​ប្រចាំកាយ​​បាន ព្រោះ​គឺ​បរិមាណ​ជាតិ​​ស្ករ ដ៏​ច្រើន ហួស​សេចក្តី​ត្រូវការ​នៃ​សរីរាង្គកាយ ដែល​ជាប់​ចោទ​សង្ស័យ​ថា​ជា​អ្នក​បង្ក​ឲ្យ​មាន ជំងឺ​ទឹក​នោម​ផ្អែម​នោះ។ បើ​តាម​វិទ្យាស្ថាន​ជាតិ​បារាំង​ផ្នែក​ប្រើប្រាស់ ពលរដ្ឋ​បារាំង​ម្នាក់ៗ​ បរិភោគ​ស្ករ​ជា​មធ្យម ៣៥គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ឬ​ត្រូវ​ជា ជាង​៩០ក្រាម​ក្នុង​មួយ​ថ្ងៃ។ ឯ​អនុសាសន៍ របស់​អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​​បរិភោគ​ជាតិ​ផ្អែម​ស្ករ តែ​២០ក្រាម​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ។ ពោល​គឺ​ពួកគេ បរិភោគ​ជាតិ​ស្ករ​ហួស​កំរិត​សុខភាព ដល់​ទៅ​ជាង​បួន​ដង។ ដោយមូលហេតុ​នេះហើយ​បាន​ជា អាជ្ញាធរ​បារាំង​សម្រេច​កំណត់​យក​ពន្ធ​បន្ថែម លើ ភេសជ្ជៈ​ផ្អែម ដោយ​សង្ឃឹម​ថា​ពលរដ្ឋ​​នឹង​​កាត់បន្ថយ​ការទិញ​ភេសជ្ជៈ​ផ្អែម មាន ជាតិ​ស្ករ​ច្រើន នៅ​ពេល​ឃើញ​តម្លៃ​ខ្ពស់។ អ្នកមាន​ទម្លាប់​​បរិភោគ​គ្រឿង​ផ្អែ​ម ភេសជ្ជៈ​ផ្អែមច្រើន គួរ​តែ​ប្តូរ​​ទម្លាប់​នេះ ដើម្បី​សម្រាល​បន្ទុក​របស់​លំពែង។ លំពែង​មាន​ភារៈ​ចាត់ចែងសារធាតុ​អាំងស៊ុយលីន។ បើ​លំពែង​​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ លំពែង​នឹង​អាច​ពន្យឺត​​ពេល​វេលា ទប់​មិន​ឲ្យ​អ្នក​មាន​សណ្តាន​ហ្សែន​ជំងឺ​ទឹកនោម​ផ្អែម​ស្រាប់​ក្នុង​ខ្លួន ឆាប់ធ្លាក់​ខ្លួន​ មាន​អាការៈ​ឬ​ឈឺ​ជំងឺ​ទឹកនោម​ផ្អែម។ អ្វីជារបបអាហារគ្មានស្ករ ? នៅពេល​គេ​និយាយ​អំពី​ការ​ តមស្ករ ឬការ​ធ្វើ​របប​អាហារ​ដោយគ្មាន​ជាតិ​ស្ករ គឺ សំដៅ​ទៅ ​លើ​ការ​ឈប់​បរិភោគ ពពួក​​ស្ករកែច្នៃ ស្ករគីមី ស្ករស ស្ករដែល​​ជ្រាបរលាយ​​លឿនក្នុង​សពាង្គកាយ។ ឈប់​ដាក់​​ស្ករ​​​បន្ថែម​ក្នុង​​ម្ហូប​អាហារប្រៃ និង កំរិត​ការ​ទទួល​ទាន​អាហារ​ណា​សម្បូរ​ជាតិក្លុយស៊ីត ​ដែលមាន​សន្ទទស្សន៍​ជាតិស្ករខ្ពស់ ងាយ​ធ្វើ​អត្រាជាតិ​ស្ករ​ក្នុង​ឈាម​​ស្ទុះ​ឡើង លឿន​ខ្លាំង។ របប​អាហារ គ្មាន​ស្ករ មិនមែន​ជា​ការលុប​បំបាត់​​ជាតិ​ស្ករ​ទាំងស្រុង​​ឡើយ តែជា​ការ​ចេះ​បែង​ចែក​ជ្រើសរើស បរិភោគរវាង​​​ជាតិ​ផ្អែម​ជា​ស្ករធម្មជាតិ មាន​នៅ​ក្នុង​​បន្លែ​ផ្លែឈើ និងស្ករ​កែច្នៃដែល​យកមក​ដាក់​បន្ថែមលើ​ចំណី  ព្រោះ​ដូច​បាន​រៀប​រាប់​ពី​ខាង​លើ ស្ករប្រៀប​ដូច​ជា​ប្រេង​សម្រាប់ចាក់​​ម៉ាស៊ីន បើ​គ្មាន​ស្ករសរីរាង្គកាយមិនអាច​មាន​ដំណើរការ​បានទេ។ ដោយ​ជាក់​ស្តែង គេ​ត្រូវ​តម ឬ​​កាត់បន្ថយ​​ ជា​អាទិភាព ការ​​បរិភោគអាហារ​​ប្រភេទ បង្អែម នំនែក ចំណីចំណុកផ្អែម ភេសជ្ជៈផ្អែម ឬភេសជ្ជៈកំប៉ុង ទឹកផ្លែឈើ បង្អែមនំធ្វើគ្រីម សូកូឡា ។ល។ ផ្ទុយទៅវិញ គេមិនត្រូវ​លុប​បំបាត់​ចំណី​អាហារ ជា​បន្លែ​ផ្លែឈើ ដែល​មាន​ផ្ទុក​ជាតិ ស្ករ ជាតិ​ផ្អែម ពីធម្មជាតិឡើយ ព្រោះ​អាហារ​ប្រភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ព្រម​ទាំង​វីតាមីន​ទៀត។ អាហារ​មាន​ជាតិ​ម្សៅ នំប៉័ង បាយ ថ្វី​បើ​មាន​ជាតិ​ស្ករ​ខ្ពស់​មែន ក៏​មិនត្រូវ តម និង ផាត់ចេញ ពី ចានដែរ គ្រាន់​តែ​ត្រូវ​ប្រយ័ត្ន​កុំ​​បរិភោគ​ច្រើន​ពេក។ ម្យ៉ាង​ទៀត សូមចងចាំថា ស្ករ មិនមែន​ជា​មូលហេតុ​ដើម​តែ​មួយ ដែល​នាំ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទេ។ បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ Pr Eric Renard ​ឯកទេស​ ជំងឺ​ទឹក​នោម​ផ្អែម នៅ​មន្ទីរ​ពេទ្យ ប្រទេស​បារាំង ទឹកនោម​ផ្អែម​ប្រភេទ​​ទីពីរ ជា​ជំងឺ​មាន​លក្ខណៈ​តំណ​ពូជ ដែល​អាស្រ័យ​ទៅ​លើ​កត្តា​ហ្សែន។ គ្រាន់តែ​ថា របៀបរបប​រស់​នៅ​ប្រចាំ​ថ្ងៃ មាន ចំណែក​សំខាន់ ក្នុង​ការ​រុញ​ច្រាន​ជំងឺ​ឲ្យ​ឆាប់ ឬ ក្រ លេច​ឡើង តែ​ប៉ុណ្ណោះ។ ធាត់ និង ភាព ស្រណុក​អសកម្ម ក៏​ជា​កត្តា​ដើម​ហេតុ ពន្លេច​ជំងឺ​ឲ្យ​បង្ហាញ​រូបរាង​ពិតៗដែរ។ អាហារជា​ប្រភព​ផ្តល់​ថាមពល និង​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ធាត់​បាន​ទាំងអស់ ប្រសិនបើ​យើង ​ទទួល​ទាន​ច្រើន​ជ្រុល ហួសចំណុះ។ ហើយអាការៈ​ធាត់​នឹង​សម្រួល​ឲ្យ​ងាយ​មាន​ជំងឺ​ទឹកនោម​​ផ្អែម។ ធាត់​លើស​ទម្ងន់ ជា​ការបង្កើន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយលីន ដល់​ពពួក​ជាលិកា។ នៅពេល​មាន​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន លំពែង​ត្រូវ​បង្ខំ​ចិត្ត​ប្រឹង ធ្វើការ​លើស​ប្រក្រតី ដើម្បី​ស្រូប​អាំងស៊ុយលីន ដែល​នៅ​ទី​បំផុត លំពែង​ត្រូវ​ហត់ខ្លាំង ត្រូវ​ចុះខ្សោយ ជំងឺទឹក​នោម​ផ្អែម​ក៏បាន​ឱកាស​​លេច​ឡើង។ ដូចម្តេចដែលហៅថារបបអាហារត្រឹមត្រូវ មានលំនឹង ? ដូច្នេះ​វិធី​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម មិនមែន​គ្រាន់​តែ​ត្រូវ​កាត់បន្ថយ ឬ ឈប់​បរិភោគ​ស្ករ​ទេ តែ ត្រូវ​រក្សា​ទម្ងន់​ឲ្យ​នៅ​ធម្មតា កុំ​ឡើង​ធាត់ ដោយ​បរិភោគ​អាហារ​មាន​លំនឹង​សម្បូរ ទៅ​ដោយ​បន្លែ​ផ្លែឈើ អម​ដោយ​ការ​​បញ្ចេញ​​សកម្មភាព​​កាយសម្បទាទៀត។ ធ្វើចលនា បញ្ចេញ​កម្លាំង​​ផ្លូវកាយ សំខាន់​ខ្លាំង​ណាស់ ព្រោះ​នៅ​ពេល​បញ្ចេញ​ចលនា សាច់ដុំ​នឹង​កម្រើក ហើយ ចាប់​ផ្តើម​​ស្រូប​យក​ជាតិ​ក្លុយកូស​យ៉ាង​ច្រើនមក​បំពេញ​កម្លាំង ដែល​ប្រៀប​ដូច​ជា​បាន​ជួយ​ បែងចែក​ជាតិ​ស្ករ​កុំ​ឲ្យ​កក​សល់​ទៅ​ផ្តុំ​ឡើង​ខ្ពស់​នៅ​ក្នុង​ឈាម​បាន។ ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម ការ​តម​ស្ករ មិនមែន​ជា​ដំណោះស្រាយ ដ៏​​ល្អប្រពៃ​ជាង​គេទេ។ ដើម្បី​ទប់ស្កាត់ ជំងឺ​ទឹកនោម​ផ្អែម គេ​មិន​អាច​កំណត់​​ត្រឹម​ចំណោទ​​ជុំវិញ​តែ ការ​​បរិភោគ ស្ករ​ឬ​អត់ នោះ​ឡើយ។ គេអាច​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន ដោយ​មិន​​បាច់​បង្អត់​ជាតិ​ស្ករ ឬ​តម​អាហារ​ផ្អែម​ផង។ សូម​ចាប់​ផ្តើម ត្រឹម​ពី​​ការ​កាត់បន្ថយ​ការ​បរិភោគ​អាហារជា​ទូទៅ​ ​ឬ ផលិតផល​ផ្អែម ហើយងាក​មក​ប្រកាន់​យក​របប​អាហារ​ដ៏​ត្រឹមត្រូវ មាន​លំនឹង​ដែល​ជួយ​គ្រប់គ្រង​សរីរាង្គកាយ​មិន​ឲ្យ​ឡើង​ទម្ងន់។ របប​អាហារ​ត្រឹមត្រូវ​មាន​លំនឹង ត្រូវ​បាន​​ក្រុម​វេជ្ជសាស្ត្រ ចាត់ទុក​ជា​ថ្នាំ​បង្ការ និងមធ្យោបាយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ពីរ ដូច​ការ​ព្យាបាល​ដោយ​លេប​ថ្នាំ និង​ដោយ​ការ​ធ្វើ​លំហាត់​ប្រាណដែរ។ អាហារ​មាន​លំនឹង ត្រូវ​ផ្សំ​ឡើង​ដោយ ពាក់កណ្តាល ជា​បន្លែ​និង​ផ្លែឈើ (ក្នុងទម្រង់​ជា បន្លែ​ផ្លែឈើ​ស្រស់ ឆៅឬឆ្អិន កក​ឬ​ជាបន្លែកំប៉ុង)។ មួយ​ភាគ​បួន​ជា​ជាតិ​ម្សៅ​ (បាយ​អង្ករ ស្រូវសាលី ដំឡូង)  ខ្យាយ​ក៏​បាន​ សម្រូប​ក៏​កាន់​តែ​ល្អ ព្រោះ​អង្ករ​ឬ​ស្រូវ​សម្រូប មាន​ជាតិ​សរសៃ​និង​អត្រា​ជាតិ​ស្ករ​ទាប និង​មួយ​ភាគ​បួន​ទៀត ជា​​ជាតិ​ប្រូតេអ៊ីនដូច​ជា​ត្រី ស៊ុត ឬ​សាច់សត្វ។ ​ជ្រើសរើស​ទទួល​ទាន​ពពួក សាច់សុទ្ធ​មិន​សូវ​មាន​ខ្លាញ់ ឬ​​មាន់សាច់ទា ពពួក​ សណ្តែក ជា​ជាង​សាច់​ជ្រូកសាច់គោ។ សូម​ចៀសវាង ពិសាដោយ​តិច​តួច​បំផុត​ក្រុមសាច់ អាហារ​កែច្នៃ សាច់ក្រកសាច់ងៀត ដែល​ប្រៃ​ខ្លាំង​ផង និងមាន​បង្កប់​ជាតិ​ស្ករ​ច្រើនផង។ យូរម្តងៗ លោកអ្នកអាច បំពេញ ចិត្ត ដោយ ទទួលទាន បង្អែម ឬ នំខេក ក្នុង​បរិមាណ​ តិចតួច សមរម្យ។ និយាយ ឲ្យចំ លោកអ្នក មិនបាច់ ដាក់បម្រាម ឬ ប្រឹង តម​ទេ បើ​អ្នក​ទទួល​ទាន​ប្រកប​ដោយ​លំនឹង​ដូច​រៀប​រាប់​ខាង​លើ និង​ជា​​អាហារ​ចម្រុះ និង ប្លែកៗ តាម​ពេល​វេលា តាម​រដូវ និងតិចល្មម ព្រមទាំង​មាន​ជីវិត​សកម្ម​បញ្ចេញ​ចលនា​កាយរាយ​បានយ៉ាង​ហោច​កន្លះម៉ោង​ក្នុង​មួយ​ថ្ងៃ​នោះ៕
ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​រាប់​លាន​នាក់ រត់​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​គ្រុនផ្តាសាយ។ មិនមែន​ជា​ជំងឺ​ធ្ងន់​មែន ប៉ុន្តែផ្តាសាយ​បាន​ឆក់​យក​ជីវីត​មនុស្ស​អស់​ច្រើន​នាក់​ណាស់​ក្នុង​មួយឆ្នាំៗ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ត្រជាក់​ដូចយ៉ាង​បារាំង។ តើ​ផ្តាសាយ​ជាជំងឺ​របស់​ស្រុក​ត្រជាក់ឬ? ហើយ​ហេតុ​អ្វី​បាន​ជា​គេត្រូវ​ចាក់វ៉ាក់សាំង​ជា​រៀង​រាល់​ឆ្នាំ បើ​ចង់​គេច​ពី​ជំងឺ​ផ្តាសាយ?​ ផ្តាសាយ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរ៉ុស ហ្វ្លូអ៊ីនហ្សា ឬ ហ្វ្លូ Influenza។ នេះ​បើ​តាម​និយមន័យ​ផ្តល់​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ។ ជំងឺ​ផ្តាសាយ​ប៉ះពាល់​ជាពិសេស ប្រព័ន្ធ​ផ្លូវដង្ហើម មាន​ដូចជា ច្រមុះ បំពង់ក និង​ទងសួត តែ​កម្រ​ប៉ះពាល់​ដល់​សួត​ណាស់។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ អាច​ជា​អាការៈ​ក្តៅខ្លួន ឈឺ​សាច់ដុំ ឈឺក្បាល ឈឺ​បំពង់ក ក្អកស្ងួត រលាក​ច្រមុះ និង លេច​ឡើង នៅ​១​ទៅ​៤​បួន​ថ្ងៃ ក្រោយ​វីរ៉ុស បាន​ឆ្លង​ចូល​និង សំងំ​នៅក្នុង​ខ្លួន​យើង។ មេរោគ​ផ្តាសាយ Influenza​មាន​បី​ប្រភេទ A B C។ វីរុស​ប្រភេទ អា មាន​ភាពកំណាច និង​គ្រោះថ្នាក់​ខ្លាំង​ជាងគេ ព្រោះ​វា​អាច​បំប្លែង​ខ្លួន​ខ្លាំង និង ទាំង​ស្រុង ហើយ​បង្កបង្កើត​ទៅ​ជា​ជំងឺ​រាតត្បាត ឆ្លង​ពេញ​ពិភពលោក​បាន។ កាច​ខ្លាំង​ដែរ វីរ៉ុស​ប្រភេទ​បេ មាន​កើត​ញឹកញយ​ជាងគេ ជា​ភ្នាក់ងារ​នាំ​ឲ្យ​មាន​ករណី​រាតត្បាត​ដែរ។ ជំងឺ​ផ្តាសាយធំ ច្រើន​តែ​ជា ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរុស ប្រភេទ បេ​នេះ​ឯង។ ចំណែក Influenza ប្រភេទ C វិញ ស្លូត​ជាងគេ និង​មិន​បង្ក​ឲ្យ​មាន​ការរាតត្បាត​ទេ ពោល​គឺ​ជាប្រភេទ​ផ្តាសាយ ដែល​មាន​ទម្រង់ ដូច​ផ្តាសាយ​ធម្មតា ហៀរ​សំបោរ តឹង ច្រមុះ​ខឹតខក​បន្តិច​ក៏បាត់​ទៅវិញ។ ត្រជាក់ធ្វើឱ្យ​ផ្តាសាយ? នៅប្រទេសបារាំង ក៏ដូចជា​បណ្តា​ប្រទេស នៅតំបន់​អឌ្ឍគោល​ខាង​ជើង ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​មេសា ជា​រៀងរាល់​ឆ្នាំ ជា​រយៈពេល ដែល​មាន​ករណី​ឆ្លង​ផ្តាសាយ​ច្រើន​ជាងគេ។ រដូវ​ផ្តាសាយ ឬ​ផ្តាសាយ​រដូវ ច្រើន​ចាប់​ផ្ទុះ​ខ្លាំង​នៅ​ម្តុំ​ខែ​ធ្នូ​ឬ​ខែ​មករា នៅ​ពេល​អាកាសធាតុ ចាប់​ត្រជាក់​ខ្លាំង។ ប៉ុន្តែ​នេះ ពុំ​មាន​ន័យ​ថា ផ្តាសាយ​ជា​ជំងឺ​ស្រុក​ត្រជាក់​ឡើយ។ មិនដូច ជំនឿ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​មនុស្ស​ទូទៅ ភាពត្រជាក់​មិនមែន​ជា​មូលហេតុ​ផ្ទាល់ ​នាំឲ្យ​កើត​ជំងឺ​ផ្តាសាយ​ទេ។ នេះ​ជា​ការបញ្ជាក់​របស់​គ្រូពេទ្យ​ឯកទេស​ជំងឺ​ឆ្លង ដោយ​ពន្យល់​ថា​ ប្រទេស​ក្តៅ នៅ​អាស៊ី នៅដើម​និង​មជ្ឈិមបូព៌ា ក៏ដូចជា​នៅ​អឺរ៉ុប អាមេរិក កាណាដា សុទ្ធតែ​មាន​មនុស្ស កើត​ផ្តាសាយ​ទាំងអស់ និង មាន​រដូវ​ឆ្លង​ផ្តាសាយ​ខ្លាំង​ដូចៗគ្នា។ ភាពត្រជាក់​មិន​បង្ក​ឱ្យ​កើត​ជំងឺ​ផ្តាសាយ​ទេ ព្រោះ​ ភាពត្រជាក់​មិនមែន​ជា​វីរុស។ ឯ​ជំងឺ​ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរុស។ គ្រាន់​តែ​ថា​ភាពត្រជាក់ អាច​​សម្រួល​លក្ខខណ្ឌ​ចម្លង​វីរុស​ផ្តាសាយ​។ ហេតុ​ដូច្នេះហើយ​បានជាយើងគ្រប់គ្នាយល់​​ច្រលំ​ ហើយ​តែង​តែ ​ផ្តែផ្តាំ​កូនចៅ​ឲ្យ​ប្រុងប្រយ័ត្ន ខ្លាច​ធ្លាក់​ខ្លួន​ឈឺ​ផ្តាសាយ ​ឲ្យតែ​មេឃ​ចុះ​ត្រជាក់។ ដោយជាក់ស្តែង​ទៅ​នោះ នៅ​ពេល​សីតុណ្ហភាព​ចាប់​ចុះ​ត្រជាក់​ មនុស្ស​ច្រើន​តែមាន​ទំនោរ​​ចង់​សំងំ​នៅតែក្នុង​ផ្ទះ នៅ​ទីបិទជិត​ ដើម្បី​ទទួល​បាន​ភាពកក់​ក្តៅ។  គឺការ​រស់​នៅ​ក្នុង​ទី​បិទ​ជិត ក្នុង​ទីដែល​អាច​​មានការ​ជួបជុំ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ច្រើន​នេះ​ហើយ​ដែល​ជា​កត្តា​នាំ​ឱ្យ​ងាយទទួល​វីរុស ចម្លង​​ជំងឺ​ផ្តាសាយ។ ​ ម្យ៉ាង​វិញ​ទៀត អាកាសធាតុ​ត្រជាក់ នឹង​ជំរុញ​ឱ្យ​ភ្នាសនៅ​រន្ធ​ច្រមុះស្ងួត។ ម៉ាស៊ីន​កម្តៅ​ ក៏​​ធ្វើ​ឲ្យ​ខ្យល់បរិយាកាស​កាន់​តែ​​ស្ងួតដែរ ដូច្នេះ​រន្ធច្រមុះ​ជា​ផ្លូវ​ដក​ដង្ហើម​របស់​យើង​រឹត​តែមាន​សភាព​ស្ងួត​ថែមមួយជាន់ទៀត។ រន្ធច្រមុះ​ស្ងួត ឬ​ផ្លូវដង្ហើម​ដង្ហើម​ស្ងួត​ នឹង​សម្រួលឱ្យ​មាន​​ការ​បង្ក​រោគ​ជាមួយ​វីរុសផ្លូវដង្ហើម​។ ដល់​អ៊ីចឹង​ទៅ វីរុស​ផ្លូវដង្ហើម ឬ​វីរុស​ផ្តាសាយ​ អាច​នៅ​តោងជាប់​លើ​ភ្នាស​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម ហើយ​លេច​ជា​អាការៈ​ផ្តាសាយ​ឡើង។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​មេឃក្តៅ សីតុណ្ហភាព​ឡើង​ខ្ពស់ និង​មាន​ពន្លឺកាំរស្មី​ព្រះអាទិត្យ វីរុសផ្តាសាយ​មិន​អាច​ស៊ូ​រស់​ក្នុង​បរិយាកាស​បាន​យូរ​ទេ ហើយក្នុង​រយៈ​ពេល​នោះ មនុស្សម្នា​ទូទៅ ក៏​ចូល​ចិត្ត​រស់​នៅ​ក្រៅ នៅ​វាល​មាន​ខ្យល់​រំភើយ​ល្ហើយ​ស្រួល ទើប​ហានិភ័យ​ឆ្លង​វីរុស​ផ្តាសាយ​ត្រូវ​ធ្លាក់​ចុះ។ ប៉ុន្តែ​ នៅក្នុង​ប្រទេស​ក្តៅ វីរុស​ផ្តាសាយ​អាច​ចម្លង​យ៉ាង​សុះសាយ​ពី​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់​បាន ដោយ​ហេតុ​តែ​មនុស្ស​ម្នា គេច​ពី​ក្តៅ​ទៅ​ចូល​ទី​ត្រជាក់ មាន​ម៉ាស៊ីនត្រជាក់​​ ដែល​ជា​កន្លែង​បិទ​ជិត​ មាន​មនុស្ស​ផ្តុំ​គ្នា​ច្រើន​ ដែល​សម្រួល​ឱ្យ​ករណី​ចម្លង​ផ្តាសាយ​ស្រួល។  ចេញពីទីក្តៅ ចូលកន្លែងត្រជាក់  ចេញផុតពី​កន្លែង​មាន​ម៉ាស៊ីន​ត្រជាក់ ទៅ​​ត្រូវ​ក្តៅហែង គម្លាត​និង​ការប្រែប្រួល​ក្តៅ​ត្រជាក់ភ្លាមៗ ដែល​ធ្វើ​ភ្នាស​ផ្លូវដង្ហើម​រង​ការ​ប៉ះទង្គិច ក៏​ជា​កត្តា​សម្រួល​ឲ្យកើត​​ផ្តាសាយ​ដែរ​។ ថ្នាំបង្ការ​ផ្តាសាយ​ត្រូវ​ចាក់​រាល់​ឆ្នាំ? ផ្តាសាយ​មិនមែន​ជា​ជំងឺធ្ងន់​ទេ។ ប៉ុន្តែ​នៅឆ្នាំ២០២៥ គ្រុនផ្តាសាយ​ទំនង​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ប្រមាណ​ជាង ១ម៉ឺន២ពាន់​នាក់ នៅ​ប្រទេស​បារាំង​ដែល​ចាប់​បើក​យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ តាំងពី​ថ្ងៃទី ១៣ តុលា​មក។ វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ ប្រសើរ​ជាងគេ ក្នុង​កិច្ចការពារ​ជំងឺ​គ្រុន​ផ្តាសាយ។ ខុស​ពី​ថ្នាំ​បង្ការ​មួយ​ចំនួនផ្សេង​ទៀត វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺគ្រុនផ្តាសាយ​ត្រូវ​ចាក់​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​វីរុស​ផ្តាសាយ​វិវឌ្ឍ និង​បំប្លែង​ខ្លួន​ជា​រៀង​រាល់​ឆ្នាំដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ចាំបាច់​ត្រូវ​ផលិត​ថ្នាំ​បង្ការ​គ្រុន​ផ្តាសាយ​ថ្មី​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សម្របតាម​​វីរុសថ្មី។ ដូចថ្នាំ​បង្ការ​ទាំង​ឡាយ ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ មិនមែន​មាន​ន័យ​ថា​យើង​លែង​ឆ្លង​ផ្តាសាយ​នោះ​ឡើយ។ បាន​ទទួល​វ៉ាក់សាំង​ហើយ ក៏​នៅ​តែ​អាច​កើត​ផ្តាសាយ​បាន​ដែរ ប៉ុន្តែ​វ៉ាក់សាំង​អាច​ជួយ​សរីរាង្គកាយ​ឱ្យ​បញ្ចេញ​ប្រតិកម្ម​តតាំង​នឹង​វីរុសFlu បាន​លឿន​ និង​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន។ នៅ​ពេល​ឆ្លង​ផ្តាសាយ​ អ្នក​បាន​ទទួល​ថ្នាំ​បង្ការ មិន​សូវ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង មិន​សូវ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ក៏​មិនសូវ​មាន​ហានិភ័យ​ជួប​គ្រោះ​ធ្ងន់ធ្ងរ​ផ្នែក​បេះ​ដូង ឬសួត ដែល​ជា​ដើម​ហេតុ​នាំ​មាន​ករណី​សង្គ្រោះ​បន្ទាន់ ឬ​ត្រូវចូល​ព្យាបាល និង​ដេក​ពេទ្យ។ បុគ្គលដែល​ងាយ​រងគ្រោះ​នឹង​ជំងឺ​ផ្តាសាយ​ គឺ​មនុស្ស​ចាស់ អាយុ​ចាប់​ពី​៦៥​ឆ្នាំឡើង​ទៅ ទោះបី​ជា​មាន​សុខភាព​ល្អ​ក៏​ដោយ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន ឬ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត ដូចជា​ជំងឺ​ហឺត ជំងឺ​បេះដូង ជំងឺ​ក្រលៀន ជំងឺថ្លើម ឬ​អ្នក​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​ខ្លួន។ ផ្តាសាយ​​អាច​ក្លាយ​ជា​ជំងឺ​ធ្ងន់​សម្រាប់​មនុស្ស​ពី​រជំពូក គឺ​ក្មេង​តូច និង​មនុស្ស​ចាស់​។ គ្រុនផ្តាសាយ​ក៏​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​កុមារ​ដែរ។ នៅ​ប្រទេស​បារាំង អាជ្ញាធរ​ណែនាំ​ឱ្យ​ឪពុកម្តាយ​នាំ​កូន​តូច​ ចាប់​ពី​អាយុ​៦​ខែ​ ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន ​ទៅ​ចាក់​ថ្នាំ​បង្ការ​គ្រុនផ្តាសាយ​ដែរ ព្រោះ​ផ្តាសាយ​អាច​ធ្វើ​ឱ្យ​ជំងឺ​របស់​គេ​ធ្លាក់​ធ្ងន់ធ្ងរ​បាន។ ឧទាហរណ៍ ជំងឺ​ហឺត និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។  ​ហឺត និង​ផ្តាសាយ​ បញ្ចេញ​ប្រតិកម្មដាក់គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ហឺត​អាច​បង្ក​ឱ្យ​មាន​ផ្តាសាយ​ធ្ងន់ធ្ងរ តែ​ផ្តាសាយ​ក៏​អាច​ធ្វើ​ឱ្យជំងឺហឺត​ធ្ងន់ធ្ងរ​ដែរ។ ផ្តាសាយ​បង្កើន​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ហឺត​មួយគុណនឹង​បី។ ហើយ​ហឺត​ជា​ជំងឺ​ចម្បង​​ទីមួយ​ដែល​លេច​ឡើង​ទន្ទឹម​នឹង​​ជំងឺ​​​ផ្តាសាយរបស់​កុមារ​ដែល​ឈឺ​​ដល់​ថ្នាក់​ចូល​ដេកពេទ្យ។ ប៉ុន្តែ​វ៉ាក់សាំង​ប្រឆាំង​នឹង​ផ្តាសាយ​អាច​កាត់​បន្ថយ​គ្រោះ​មរណៈ​របស់​កុមារ​ងាយ​រង​ហានិភ័យ​ បាន​ដល់​ទៅ​៧៧%ឯណោះ៕
នៅក្នុង​បណ្តាញ​សង្គម​Tik Tok គ្រូពេទ្យ​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​ផ្សាយ​ថាការ​ផ្តល់​ទឹក​ឱ្យ​ទារក​ក្រោម​អាយុ​៦​ខែ អាច​បង្កគ្រោះថ្នាក់​ដល់​ជីវិត​ដល់​ទារក​នោះ។ តើការ​ផ្សព្វផ្សាយ​នេះ​ពិត​ជា​ត្រឹមត្រូវ​ដែរឬទេ ? ហេតុអ្វី​បាន​គ្រូពេទ្យ​ណែនាំ​មិន​ឱ្យ​បញ្ចុក​ទឹក​ដល់​ទារក​ក្រោម​អាយុ​៦ខែ? ទារក​ក្រោម​អាយុ៦​ខែ​ មិន​ត្រូវ​ការផឹកទឹក​ទេឬ? ទឹក​ពិត​ជា​បង្ក​គ្រោះថ្នាក់​ដល់​ទារក​តូចៗ ដូច​អ្វី​ដែល​គ្រូពេទ្យ​អង់គ្លេស​ផ្សាយ​តាម​បណ្តាញ​សង្គម​មែនឬ? បើតាម​គ្រូពេទ្យ​អង់គ្លេស នោះ ការ​ផ្តល់​ទឹក​ដល់​ទារកក្រោម៦​ខែ អាច​ធ្វើ​ឱ្យ​ក្មេង​នោះ​ស្លាប់​បាន ព្រោះ​តម្រងនោម​របស់​ទារក​មិនទាន់​ចេះ​ចម្រោះ​ ដែល​អាច​ធ្វើ​ឱ្យ​​ទារក​អាច​មាន​គ្រោះ​​​ខ្វះ​ជាតិ​អំបិលក្នុង​ឈាម​យ៉ាង​​ធ្ងន់ធ្ងរ។ កង្វះ​ជាតិ​អំបិល​ក្នុង​ឈាម​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​ជំងឺ​ក្បាលធំ ក្អួត ប្រកាច់ ឬ​បាត់​ស្មារតី។ ប៉ុន្តែ​ដើម្បី​ឱ្យ​ទារក​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ខ្វះ​ជាតិ​សូច្យូម​ក្នុង​ឈាម ត្រូវ​ឱ្យ​ទារក​នោះ​បៅ​ទឹក​ប្រមាណ​ដល់​ទៅ ២លីត្រ​ក្នុងមួយ​ថ្ងៃ។ នេះបើ​តាម​ការ​ពន្យល់របស់គ្រូពេទ្យ​កុមារ​បារាំង Dr. Werner ​។ ​ម្យ៉ាង​ទៀត ទឹក​មិនមែនជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​ទារក​ឡើយ។ ភស្តុតាងជាក់​ស្តែង ទឹក​ដោះម្តាយ ឬ​ទឹកដោះ​គោឆុង​ដែល​ទារក​បៅ​ សុទ្ធ​តែ​មានសមាសធាតុ​​ជាតិ​ទឹក និង​លាយ​ផ្សំ​ដោយ​ជាតិ​ទឹក​ទាំងអស់។ មិនថា​មនុស្ស​ធំ​ឬ​ទារក​ទេ ទឹក​ជា​ភេសជ្ជៈ​ដ៏ចាំបាច់។ ក្នុង​ខ្លួន​មនុស្សធំ​ពេញ​វ័យ​មាន​ជាតិ​ទឹក៦០% តែ​ខ្លួន​ទារក​ដ៏​តូច​មួយមាន​ផ្ទុក​ជាតិទឹក​ដល់​ទៅ​ប្រមាណ​៨០%។ ទារក​ត្រូវការ​ជាតិ​ទឹកប្រចាំថ្ងៃ ​ច្រើន​ខ្លាំង​ណាស់។ អាហារ​ដ៏​ចម្បង​របស់​ទារក​គឺវត្ថុ​រាវ។ ទារក​បៅជាជាតិ​​ទឹក​ ក្នុង​បរិមាណ​ច្រើន​ខ្លាំង​ណាស់ និង​ច្រើនជាងខ្លាំង បើ​​ប្រៀប​ធៀប​ទៅ​នឹងទម្ងន់ខ្លួន​ប្រាណ​របស់​គេ និង​បើប្រៀប​ជាមួយ​មនុស្ស​ធំ។ បើ​តាម​អនុសាសន៍​របស់​សមាគមគ្រូពេទ្យ​កុមារ​នៅ​ប្រទេស​បារាំង រហូត​ដល់​អាយុ៦ខែ ទារក​ត្រូវ​ទទួល​ទាន​ជាតិ​ទឹក (ទឹកដោះ) ១៥០ម.ល. ក្នុងមួយថ្ងៃ​និងសម្រាប់​ទម្ងន់​មួយ​គីឡូក្រាម និង​១០០ម.ល.ក្នុង​មួយ​គីឡូក្រាម មួយ​ថ្ងៃ ចាប់​ពី​អាយុ​៦​ខែ​ដល់​១ខួប។ ជា​ការ​ប្រៀបធៀប មនុស្សធំ​ត្រូវ​ការ​ជាតិ​ទឹក​៣៥ម.ល.ក្នុង​មួយ​គីឡូក្រាម​។ បរិមាណ​ជាតិ​ទឹក​នេះ ត្រូវរាប់​ សរុប​​ទាំងបៅ​ទឹកដោះម្តាយ ឬ​ទឹកដោះគោដប និងទឹក​ផ្តល់​ដោយ​ចំណីអាហារ​។ ហេតុអ្វី​មិនឱ្យ​ទារក​ក្រោម​៦​ខែ​ផឹកទឹក? ប៉ុន្តែ​ការ​ផ្តល់​ទឹក​សាប ធម្មតា ដល់ទារក​ក្រោម​អាយុ៦​ខែ បន្ថែម​ពី​លើ​​បៅ​ទឹកដោះ ឬ​ទឹកដោះគោ មិនមែន​ជា​ចាំបាច់​ទេ។ សម្រាប់​ទារកនៅ​អាយុ​ក្រោម​៦ខែ សេចក្តី​ត្រូវ​ការ​ជាតិ​ទឹក ត្រូវ​បាន​បំពេញ​ដោយ​ទឹកដោះម្តាយ ដែលមានសមាសធាតុ​ទឹក​ប្រមាណ​​៨៨% ឬ​ទឹកគោម្សៅ​ដែលក៏​ឆុង​ជាមួយ​ទឹក និង​ដោ​យ​​ប្រើ​ទឹកដែរ។   ក្រុមគ្រូពេទ្យ​ជំនាញ​ ពន្យល់​ថា ការ​ផ្តល់​ទឹក​សាប​បន្ថែម​ដល់​ទារក​ក្រោម​៦ខែ ជាទូទៅ មិនមែនជា​ការ​ចាំបាច់​ទេ ប្រសិនបើ​ទារក​បៅបាន​ត្រឹមត្រូវ គ្រប់គ្រាន់ និងលើកលែង​តែ​​មាន​វេជ្ជបញ្ជាពិសេស​ក្នុង​ការ​ផ្តល់​ទឹក។  និយាយ​បែប​នេះ ​មិនមែនមាន​ន័យ​ថា ទឹកជាគ្រោះថ្នាក់សម្រាប់សុខភាពឡើយ។ គ្រាន់តែ​ថា ការផ្តល់​ទឹក​សាប​ទទេ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​របបអាហារ​របស់​កូន ព្រោះ​​នៅក្នុង​វ័យនេះ ទារកមានក្រពះតូច​ខ្លាំង ឆាប់​ពេញ ឆាប់​ឆ្អែត ដែល​នាំ​ឱ្យ​លែង​ចង់​បៅ ហើយ​រំខាន​ដល់​សមត្ថភាព​របស់​សរីរាង្គកាយ​ក្នុង​ការ​ស្រូបយក​ជីវជាតិអាហារូបត្ថម្ភ​ ពី​ទឹក​ដោះគោ ឬ​ពីទឹកដោះម្តាយ​។ ម្យ៉ាង​វិញ​ទៀត ក្រលៀន​ទារក​ក៏​នៅ​ខ្សោយ មិនទាន់​អាចមាន​សមត្ថភាព​ពេញ​លេញ​ក្នុង​​ច្រោះ​ជាតិ​ទឹក​សុទ្ធ​ទេ។ ជា​ហេតុធ្វើ​ឱ្យ​ទារក​អាច​មាន​គ្រោះ​ហានិភ័យ​ពុល​ទឹក​បាន។ ការ​ពុល​ទឹក ជា​ករណី​ដ៏​កម្រ​បំផុត តែ​ជា​បញ្ហា​ពិតជាក់ស្តែង ដែល​អាច​បង្កផលវិបាក​ដល់​សុខភាព​ ដល់ការលូតលាស់ និងអាច​ធ្ងន់ធ្ងរ​ខ្លាំងដល់​ស្លាប់បាន។ ​  ចាប់​ពី​៦ខែ​ឡើង​ទៅ  សរីរាង្គកាយ​ទារក​ចាប់​ផ្តើមរឹងមាំ និង​អាច​​ទទួល​ទានអាហារ​ផ្សេងៗ ហើយ​សេចក្តីស្រេកឃ្លានអាហារ​និង​ទឹក កើន​ឡើង​ជា​លំដាប់​។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទារក​អាច​ចាប់​​ផ្តើម​បរិភោគ​ទឹក​សាប​ធម្មតាបាន។ ទឹក ជា​ថ្នាំ​ ពេលទារក​ឈឺក្តៅរាគរូស ? នៅមុន​អាយុ​៦​ខែ ទារក​មិន​ត្រូវ​ការ​​បរិភោគ​ទឹក​សាប​ធម្មតាទេ។ ក្នុង​វ័យ​នេះ​ក្មេង​មិន​ចូល​ចិត្ត​ទឹក​ឡើយ។ ប៉ុន្តែជា​ថ្មី​ម្តង​ទៀត ទឹក​មិនបង្កគ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ ប្រសិនបើ​គ្រាន់តែ​ឱ្យ​ទារក​ផឹក​មួយ​ក្អឹក​ពីរ​នោះ។ ផ្ទុយទៅ​វិញ​ ក្នុង​កាលៈទេសៈ​ខ្លះ គេត្រូវ​តែ​ផ្តល់​ទឹក​សាប​បន្ថែម​ដល់​ទារក​ ជា​ដាច់​ខាត។ នោះ​គឺ​នៅ​ពេល​អាកាសធាតុ​ប្រែប្រួល មេឃ​ឡើង​ក្តៅ​ខ្លាំង ទារក​ក្តៅ​ខ្លួន ឬ​មាន​បញ្ហា​រំលាយ​អាហារ ចេះ​តែ​ក្អួត និង​រាគរូស។ នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​​Wernerដដែល។ នៅពេល​ទារក​បាត់​បង់​ជាតិ​ទឹក គេ​ត្រូវ​តែ​រក​វិធី​ផ្តល់​តុល្យភាពជាតិ​ទឹក​ឱ្យ​វិញ តាម​មធ្យោបាយ​ផ្សេងៗ ជា​ច្រើន ដូច​ជា ត្រូវ​បំបៅដោះកូន​ ឬ​ឱ្យ​កូនបៅ​ទឹកដោះ​គោ ឱ្យ​បាន​ញឹកញាប់​ជាង​ទម្លាប់​ធម្មតា និង​អាច​ឱ្យ​ទារក​បៅ​ទឹក​ស​បន្ថែម​ពីរ​បីក្អឹក ដោយ​បញ្ចុក ឬ​ដោយ​ប្រើ​ដបបៅ។ ជា​ទូទៅ ទារក​កម្រ​ព្រម​បៅ​ទឹក​សាបទទេ​ណាស់ លើកលែង​តែ​ទារក​ក្តៅ​ខ្លាំង ឬ​មានការ​ចម្លង​រោគ​ក្តៅ​ខ្លួន​ខ្លាំង​ប៉ុណ្ណោះ។ នេះ​ជា​ច្បាប់​ធម្មជាតិ​ដែល​បង្កើតខ្លួន​​មនុស្ស​មក​ដូច្នេះ។ ជា​ចុងក្រោយ សូម​កុំបន្ថែម​ស្ករ ឬ​ជាតិ​ផ្អែម​នៅក្នុង​ដប​ទឹកទារក​ ឱ្យ​សោះ។ ការ​ធ្វើ​បែប​នេះ​អាច​បង្កបង្កើត​ទម្លាប់​អាក្រក់​ឱ្យ​ក្មេង​ស្គាល់ជាប់​ចិត្ត​នឹង​ជាតិ​ផ្អែម។ សរុប​សេចក្តី​មក នៅពេល​ណា​ទារកមិនទាន់​ចាប់ផ្តើម​បរិភោគអាហារ​គោក​ទេ សេចក្តី​ត្រូវ​ការ​ជាតិ​ទឹក​ ត្រូវ​បំពេញ​ដោយ​ទឹកដោះម្តាយ​ឬ​ទឹកដោះគោឆុង។ ចាប់​ពី​អាយុ​៦​ខែ​ឡើង​ទៅ ទារក​អាច​បៅ​ទឹក​សាប​ ប៉ុន្តែ​ក្នុង​បរិមាណ​តិច​តួច ដោយ​មិន​ត្រូវ​យក​ទឹក​មក​ជំនួស​ទឹកដោះឡើយ។ ក្នុង​រយៈ​ពេល​មួយឆ្នាំ​ដំបូង​នៃ​ជីវិតទារក ទឹកសាប​​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ ​គ្រឿង​បន្ថែម ដែល​មិនចាំបាច់​ ត្រូវ​ផឹក​ដោយ​ខាន​មិនបាន។ គោល​បំណង​នៃ​ការ​ផ្តល់​ទឹក​ដល់​ទារក​ បន្តិចម្តងៗ​នេះ គឺ​ចង់​ឱ្យ​កូន​ចាប់​មាន​ទម្លាប់​បៅ​អ្វី​ផ្សេង​ក្រៅ​ពី​ទឹក​ដោះគោ ដោយ​គ្មាន​ការ​បង្ខំ។ តែ​បើ​កូន​មិន​ចង់ និង​មិនព្រម​បៅ​ទឹក ក៏​គ្មាន​អ្វី​គួរ​ព្រួយ​បារម្ភ​ដែរ។ ទារក​ខ្លះ​អាច​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ទម្រាំ​ទម្លាប់​រសជាតិ​ថ្មី។ តើ​ទឹក​ប្រភេទ​ណាដែល​ល្អ​សម្រាប់​ទារក? ទារក​នៅ​តូច​ខ្លាំង ងាយ​រងគ្រោះ​ និ​ងមិន​ទាន់​ទម្លាប់​នឹង​ពិភពខាង​ក្រៅ ចំណោទ​សួរ​អំពី​ប្រភេទ​ទឹក សម្រាប់លាយឆុងទឹកដោះគោ ឬ​សម្រាប់​ឱ្យ​ទារក​ផឹក ជា​ក្តីព្រួយបារម្ភ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​ជា​ម្តាយ​ឪពុក​ថ្មីថ្មោង។ ទឹក​ដែល​អនុគ្រោះ​ដល់​ទារក​ខ្លាំង​ជាងគេ គឺ​ទឹក​ដែល​មាន​កំរិត​ជាតិ​រ៉ែ​ទាប។ ជា​ទឹក​សុទ្ធ​ខ្លាំង គ្មានសារធាតុ​រ៉ែកាល់ស្យូម ម៉ាញេស្យូម​ និង​នីត្រាត។ ទឹក​ដប​មិនប្រាកដ​ថា​មានគុណភាព​ល្អ​ជាង​​ទឹក​ម៉ាស៊ីនឡើយ​ ដែល​បើ​តាម​លក្ខណៈ​បច្ចេកទេស ជា​ទឹក​ស្អាត​ គ្រប់គ្រាន់​​សម្រាប់​ទារក ដោយ​​ត្រូវ​យក​ទឹក ដាំ​ឱ្យ​ពុះ ទុក​ជាមុន ដើម្បី​សម្លាប់​មេរោគ។ ចៀសវាង​ការ​ប្រើទឹកចម្រោះ​ ព្រោះ​ប្រព័ន្ធច្រោះ​ទឹក​​អាច​មាន​ផ្ទុក​កាកសំណល់​ដើមហេតុមេរោគ។ ទឹក​ភ្លៀង​ ជា​ទឹក​មាន​កំហាប់ជាតិ​រ៉ែទាប​ខ្លាំង ប៉ុន្តែ​នៅប្រទេសបារាំង អាជ្ញាធរហាមឃាត់​មិន​ឱ្យ​ប្រើ​ទឹក​ភ្លៀង​​សម្រាប់​ឆុង​ទឹក​ដោះគោ​និង​ឱ្យ​ទារក​ផឹកទេ ដោយ​ពន្យល់​ថាទឹកភ្លៀងធ្លាក់​ហូរកាត់​ដំបូល​ផ្ទះ អាច​​មាន​ផ្ទុក​មេរោគ​ចម្លងកាចៗ ពពួក​រ៉ែធ្ងន់​ ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ទារក​នៅ​ក្មេងខ្ចីមិនអាច​ធន់​បាន។ គ្មានប្រព័ន្ធការពារ​ខ្លួន​រឹង​មាំ​ដូច​មនុស្ស​ធំ។ ប្រព័ន្ធ​រំលាយអាហារ​ក៏​នៅខ្សោយ។ រនាំង​ស្បែក​មិនទាន់​អាច​ទប់​ទល់​ដោយផ្ទាល់​ជាមួយ​ពពួក​​​បាក់តេរី​បង្ករោគ​ទេ។ ផឹកទឹកភ្លៀង​ឆ្លងមេរោគ​​រលាកពោះវៀននាំឱ្យឈឺពោះ​តិចតួច​សម្រាប់​មនុស្សធំ តែ​អាច​នឹង​ធ្វើ​ឱ្យ​ទារក​អាយុ​ក្រោម​៦ខែ ​ចូល​ដេកពេទ្យ​បាន ទើប​ហាមឃាត់​ជា​ដាច់ខាត​មិន​ឱ្យ​យក​ឆុងទឹកដោះគោឱ្យ​ទារក៕
​សរីរាង្គកាយ​មនុស្ស​ត្រូវ​ការ​វីតាមីន​ច្រើន​មុខ​ណាស់។ វីតាមីន-A ចាំបាច់​សម្រាប់​ភ្នែក។ វីតាមីន C មាន​សកម្មភាព​អង់ទី​អុកស៊ីដង់។ វីតាមីន​ D ជា​សម្ព័ន្ធមិត្ត​របស់​ឆ្អឹង​និង​សាច់ដុំ។ ចុះ​វីតាមីន B មាន​តួនាទីអ្វី? ខ្វះ​វីតាមីន B អាច​បង្ក​ផលវិបាក​យ៉ាងណា ? តើ​ត្រូវ​បរិភោគ​អ្វីខ្លះ​ដើម្បី​បាន​វីតាមីន​ B មក​បំប៉ន​រាងកាយ? វីតាមីន ជា​ជីវជាតិ​ដែល​មាន​នៅក្នុង​ចំណីអាហារ​ម្ហូបបន្លែ​ត្រីសាច់​ ជួយ​ចិញ្ចឹម​សរីរាង្គកាយ​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​ ទាំង​ផ្នែកលូតលាស់​ ​រាងកាយ ​សម្ផស្ស និង​បញ្ញា​ស្មារតី​។ គ្មាន​ផ្ទុក​កាឡូរី កង្វះ​វីតាមីន នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រាណអាច​​​ធ្លាក់​ខ្លួន​ឈឺ​បាន។ មាន​ច្រើន​ប្រភេទ A B C D E K វីតាមីន Aត្រូវ​បាន​​គេស្គាល់​ថា​មាន​ប្រយោជន៍​ជួយ​ភ្នែក​ឱ្យ​មើល​ឃើញ​ល្អ ជួយ​ឆ្អឹង​ក្នុង​ការ​លូតលាស់ និង​ជួយ​ការពារ​ស្បែកមិនឱ្យ​មានការ​បង្ក​រោគ។ វីតាមីន​A សម្បូរ​ជាង​គេ​នៅក្នុង​អាហារ​ ជា​គ្រឿង​ក្នុង​សត្វ ការ៉ុត ដំឡូង ល្ពៅ ផ្ទីរ ឬ​ស្ពៃ។ វីតាមីន C ក៏​មាន​អ្នក​ស្គាល់​ច្រើន​ខ្លាំង​ដែរ ថា​ជា​ជំនួយ​ដ៏​ល្អ​ប្រពៃ​បំផុតសម្រាប់​សុខភាព ដូច​ជា​ជួយ​ឆ្អឹង ជួយធ្មេញ ជួយ​អញ្ចាញ ជួយ​​ស្បែក ឱ្យ​ឆាប់​ជា​សះ និង​មាន​សមត្ថភាព​ពិសេស​ផ្នែក​អង់ទីអុកស៊ីដង់ ពោល​គឺ​ជួយ​ពន្យឺត​កោសិកា​កុំឱ្យ​ឆាប់​ចាស់​ទ្រុឌទ្រោម។ បន្លែ​បៃតង ផ្កាស្ពៃ​ប្រូកូលី ពពួក​ផ្លែក្រូច​ ត្របែក សុទ្ធ​សឹង​ជា​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​វីតាមីនC ខ្ពស់។ ចំណែក​វីតាមីន D ដ៏ល្បីល្បាញ មាន​លក្ខណៈ​ប្លែក​ពីគេ ដោយ​សារ​ថា​យើង​អាច​ធ្វើ​សំយោគ​ស្រូប​យក​វីតាមីន D តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ។ កាំរស្មី​អ៊ុលត្រាវីយូឡេរបស់​ពន្លឺ​ព្រះ​អាទិត្យ អាច​បំប្លែង​កោសិកាស្បែក​ខ្លះ​ទៅ​ជា​វីតាមីនដេ ដ៏​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​និង​ធ្មេញ។ វីតាមីនដេ​ក៏​​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន​ ជួយការពារ​មិន​ឱ្យមាន​ជំងឺ​សរសៃឈាម​Bះដូង និង​ជំងឺ​មហារីក។ ក្រៅ​ពី​ដើរ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ ទឹកដោះ​គោ​ ថ្លើម​គោ ត្រីខ្លាញ់ ត្រីតូចៗ​មាន​ផ្ទុក​អូមេហ្កា៣ ក៏ជា​ប្រភព​ផ្តល់​វីតាមីន Dដ៏​ល្អ​ដែរ។ ចំពោះ​វីតាមីន E ដែលមាន​គុណសម្បត្តិ​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ការ​រោលរលាក និង​Bះដូង មាន​ច្រើន​នៅក្នុង​គ្រាប់​ធញ្ញជាតិ គ្រាប់​អាមិន ឬផ្លែប៊ឺរ។ ជួយ​សម្រួលយន្តការបញ្ឈប់​ការ​ចេញ​ឬ​​ហូរ​ឈាម ជួសជុល​សរសៃឈាម​តូចៗ ​គឺ​វីតាមីន K ដែល​មាន​​ច្រើន​នៅ​ក្នុង​បន្លែ​បៃតង។ វីតាមីន B មាន​គុណសម្បត្តិ​អ្វីខ្លះ? ចុះ​វី​តាមីន B ? ខុស​ពីក្រុម​វីតាមីនផ្សេងៗ វីតាមីនB មិនមែន​ជា​វីតាមីនទោល​​ទេ តែ​​ជា​ចង្កោម​គ្រួសារ មាន​ដល់​ទៅ​៨មុខ សម្គាល់​ដោយ​​ B១-២-៣-៥-៦-៨-៩-១២ ដែល​ សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ធានារ៉ាប់រង​ដំណើរការ​សំខាន់ៗ​ក្នុង​សរីរាង្គកាយ។ មាន​រចនា​សម្ព័ន្ធ​ខុស​គ្នា តែរលាយ​ក្នុង​ទឹក​ដូច​គ្នា​ព្រមទាំង​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​គ្នា​លើ​សរីរាង្គកាយ គ្រួសារវីតាមីនB ដើរ​តួនាទី​សំខាន់​ខ្លាំង​ក្នុងប្រព័ន្ធ​​ដំណើរ​ការ​កោសិកាជា​ច្រើន។ ក្នុងផ្នែក​​ប្រព័ន្ធ​ប្រសាទ​ វីតាមីB មិន​អាច​ខ្វះ​បានទេ​ក្នុង​ការដំណើរ​បញ្ជូន​សញ្ញា​ និង​ដំណើរ​ផលិត​ប្រព័ន្ធសរសៃប្រសាទសម្រាប់​​ប្រទាក់​ព័ត៌មានទៅ​សរសៃ​ប្រសាទ​ជិត​ខាង​។ និយាយ​ជា​រួម ក្រុមវីតាមីនB ជា​អ្នក​សម្រួល​ផលិត​ថាមពល សំយោគ និង​ជួលជុល​ADN -ARN ព្រមទាំង​ជា​អ្នក​ទ្រទ្រង់​ប្រព័ន្ធ​សរសៃប្រសាទដ៏​សំខាន់​សម្រាប់​ខួរក្បាល។ ​ ​វីតាមីនB ជា​ចង្កោម​គ្រួសារមាន​៨ជីវជាតិសំខាន់ៗ​ដែល​មាន​តួនាទីប្លែកៗ​គ្នា​សម្រាប់​សុខភាព។ ​B១ ឬ​ហៅ​ថា​ វីតាមីន​អារម្មណ៍ ​សម្រាប់​ភាសា​អ្នក​វិទ្យាសាស្ត្រ​ មាន​ភារៈ​បំប៉ន​​សរសៃវិញ្ញាណ ដោយ​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​លូតលាស់​និង​ផលិត​ថាមពល។ ជួយកាត់​បន្ថយ​រោគសញ្ញាហត់​ល្វើយ​អស់កម្លាំង វីតាមីនB២ មានតូនាទី​ក្នុង​ការ​ផលិត​ថាមពល​ និង​ក៏​ចាំបាច់ខ្លាំង​ដែរ ក្នុង​សកម្មភាព​ផលិត​គ្រាប់​ឈាម​ក្រហម។ វីតាមីនB៣ ជួយ​ឱ្យ​សរីរាង្គកាយ ដុះ និង​​​លូតលាស់ ជា​ធម្មតា​ តាម​ដំណើរ​ តែ​ក៏​មាន​ចំណែក​ជួយ​ធ្វើ​សំយោគ​អរមូនផ្លូវភេទ​មួយ​ទៀត។ បន្ទាប់​មក​ទៀត គឺ​វីតាមីនB៥  ដែល​ល្បី​ខាង​មាន​សមត្ថភាព​ប្រឆាំង​នឹង​ស្ត្រេស និង​បង្កើន​សមត្ថភាព​ផ្នែក​បញ្ញាញាណ។ នៅក្នុង​ចំណោម​តួនាទី​ដ៏ច្រើន វីតាមីន​B៦ មាន​សកម្មភាព​ជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម និង​ចាត់​ចែង​អត្រាជាតិ​ស្ករ​នៅក្នុង​ឈាម។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ចាត់​ទុក​វីតាមីនប្រភេទ​នេះ ថាជា​អ្នក​ជួយ​បំប៉នប្រព័ន្ធការពារ​ខ្លួន​ឱ្យ​មាន​លំនឹង​ល្អ។ មាន​៨​មុខ តែមិន​តាម​លំដាប់ វីតាមីន​ B៨ ជួយ​ចិញ្ចឹម​ស្បែក​និងការ​ដុះ​លូតលាស់​នៃ​​សក់ និង​ចាំបាច់​ខ្លាំង​ក្នុង​ការ​ដំណើរ​​មេតាបូលិកជាតិ​ក្លុយស៊ីត ខ្លាញ់ ​ប្រូតេអ៊ីន ព្រមទាំង​​​សម្រួលដំណើរការ​ប្រព័ន្ធ​សរសៃប្រសាទ​។ ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​មើល​រំលង​វីតាមីនB៩​ទេ ព្រោះ​​វីតាមីននេះ មាន​តួនាទី​គន្លឹះ​ក្នុង​ការ​ផលិតកម្ម​ADN ប្រព័ន្ធប្រសាទ និង​ប្រព័ន្ធការពារ​ខ្លួន។ ប្រសិនបើ​អ្នក​កំពុង​ពរពោះ សូម​ស្ត្រីទាំង​ឡាយ​​កុំ​បណ្តោយ​ឱ្យ​ខ្វះ​ជីវជាតិ​B៩ ដែល​ជួយការពារ​កុំ​ឱ្យ​កូន​ក្នុង​​ផ្ទៃ​ មាន​គ្រោះ​កើត​ជំងឺ​​លូតលាស់​មិនល្អ​ពីកំណើត។ ជា​ចុងក្រោយ គឺវីតាមីន​B១២ ដែល​ខុស​ពី​គ្រួសារវីតាមីនBផ្សេង​ទៀត មាន​ប្រភព​មក​ពី​អាហារ​មាន​ជាតិ​សាច់​សត្វ និង​អាច​ស្តុកទុក​ក្នុង​ខ្លួន​បាន។ វីតាមីន​នេះ មា​នឥទ្ធិពល​ខ្លាំង​ណាស់​ ក្នុង​ការ​ទ្រទ្រង់​​កោសិកា​ប្រព័ន្ធប្រសាទ និង​ទៅ​លើ​ផាសុកភាព​រាងកាយ និង​អារម្មណ៍។ ​ខ្វះ​វីតាមីនB ខ្សោយបញ្ញា? កង្វះ​វីតាមីន​ប្រភេទ​B​ អាច​បណ្តាល​មក​​ពី​កត្តា​ច្រើន​យ៉ាង ជួន​ដោយ​ហេតុ​តែ​កង្វះ​អាហារូបត្ថម្ភ ទទួល​ទាន​មិន​គ្រប់គ្រាន់​ឬ​គ្មាន​លំនឹង ជួន​ដោយ​ហេតុ​តែ​សរីរាង្គកាយ​មាន​បញ្ញា​ស្រូប​ជីវជាតិ​អាហារ​មិន​បាន​ត្រឹម​ត្រូវ។ ការ​ប្រើប្រាស់​ថ្នាំ សម្រាប់​​ព្យាបាល​ជំងឺខ្លះ មាន​ជាអាទិ៍​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ​ថ្នាំ​ផ្សះ ថ្នាំ​​អារម្មណ៍​ ស្រា ... អាចរំខាន​ដល់​ដំណើរ​ស្រូប​ជីវជាតិ​B ពោល​គឺ​នាំ​ឱ្យ​មាន​គ្រោះ​ខ្វះ​វីតាមីនB​លេច​ឡើង។ ជា​ទូទៅ​ អ្នក​មាន​បញ្ហា​ខ្វះ​វីតាមីB ច្រើន​តែ​ខ្វះ​ទាំង​៨​មុខ។ ខ្វះ​វីតាមីនB អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​បញ្ញាញាណ​យ៉ាង​ធ្ងន់ធ្ងរ។ អស់​កម្លាំងផ្នែក​បញ្ញាញាណ​​ គ្មាន​ថាមពល ជា​រោគ​សញ្ញាមួយ​នៃ​ការ​​ខ្វះ​វីតាមីនពពួក​B។ នេះ​មិនមែន​មាន​ន័យ​ថា​ កង្វះ​វីតាមីន​B នាំ​ឱ្យ​មនុស្ស​លែង​ឆ្លាត​ទេ តែការ​ផលិត​កោសិកា​ប្រព័ន្ធប្រសាទ​ផ្នែក​បញ្ជូន​សារ​ទំនាក់ទំនង​ ប្រទាក់​ទៅ​កោសិកា​​ខួរក្បាល​ផ្សេងទៀត​អាច​រង​ការ​ប៉ះពាល់​ និង​មានការការពារ​កោសិកា​ប្រព័ន្ធប្រសាទ​មិនសូវ​​បាន​ល្អ។ ជា​លទ្ធផលមនុស្ស​ខ្វះ​វីតាមីនB​ ហាក់​មាន​អារម្មណ៍​បញ្ចេញសកម្មភាពយឺតៗ ​ល្វើយ បញ្ញា​ស្មារតី​មិន​រហ័សរហួន មិន​រស់​រវើក​​ ភ្លេច​ភ្លាំង​ច្រើន ​។ មាន​ការ​សិក្សាជា​ច្រើនដែល​​បាន​បង្ហា​ញ​ឱ្យ​ឃើញ អំពី​ឥទ្ធិពល​គួរ​ឱ្យកត់​សម្គាល់ខ្លាំង​​នៃ​វីតាមីន​B ចំពោះ​ការ​ចងចាំ ភាព​ប្រុង​ប្រយ័ត្ន។ ស្លេកស្លាំងខ្វះ​ឈាម ឆាប់​ខឹង ឆាប់​មួរហ្មង​ ជា​ផលវិបាក​​នៃការ​ខ្វះ​វីតាមីនB​៦ ឬ​B​១២។​ហើម​ដៃ​ហើម​ជើង ឈឺ​សរសៃដៃសរសៃជើង ដោយ​ហេតុ​មាន​បញ្ហា​ប្រព័ន្ធប្រសាទ​និង​ប្រព័ន្ធសរសៃ​ឈាម​Bះ​ដូង ​ ​នៅពេល​ខ្វះ​វីតាមីនBមួយ។ វីតាមីនB មួយ​ភាគ​ធំ ផលិតជា​ចម្បង​​ដោយ​រុក្ខជាតិ លើកលែង​តែ​វីតាមីនB១២​មួយ​ទេ ដែល​មាន​ប្រភព​ពី​សាច់​សត្វ។ វីតាមីន​នេះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​បាន​តាម​រយៈ​ចំណីអាហារ​ ព្រោះ​ខ្លួនប្រាណ​មនុស្ស​​គ្មាន​សមត្ថភាព​​ផលិត​ដោយ​ខ្លួន​ឯង​​ទេ ហើយ​ក៏​មិន​អាច​ស្តុក​ទុក​នៅ​ក្នុង​ខ្លួន​ដែរ។ បើ​មាន​ជាតិ​វីតាមីន​លើស​តម្រូវ​ការ​ នោះ​វា​នឹង​រលាយ​ហូរ​ចេញ​ទឹកនោម​អស់វិញ។ ដូច្នេះ​ហើយ​ទើប​ត្រូវ​ទទួល​ទាន​វា​ចូល​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​អាហារ​ ជាគ្រឿង​ក្នុង គ្រឿង​សមុទ្ទ ខ្ចៅខ្យង និង​ត្រី ព្រមទាំង ស៊ុត ទើប​អាចនាំវីតាមីនB ទៅ​បំប៉ន​​សរីរាង្គ​កាយ​បាន។ ​​​បន្លែ​ផ្លែឈើបៃតង ឬ​សម្បករឹង ​គ្រាប់​ធញ្ញជាតិ​ សណ្តែក​ល្ង អង្ករស្រូវសាលី​ ជាពិសេសអង្ករ​សម្រូប ក៏​ជា​ប្រភព​ផ្តល់​វីតាមីន​B​ដ៏ចម្បង​ដែរ។ សារ​ដ៏​សំខាន់​ សូម​ទទួល​ទានអាហារ​ប្រកប​ដោយ​លំនឹង ​ឱ្យ​បាន​គ្រប់មុខ និង​ប្លែកៗគ្នា​ប្តូរផ្លាស់​ទៅ​តាម​រដូវ៕
loading
Comments