Discoverទស្សនៈព្រឹត្តិការណ៍ខ្មែរ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
Claim Ownership

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

Author: RFI ខេមរភាសា / Khmer

Subscribed: 31Played: 73
Share

Description

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌ ​មកធ្វើការ​​ពន្យល់​ បំភ្លឺ ​និង​វិភាគ ជូន​លោក​អ្នក​ស្តាប់។ ​ជា​ការពន្យល់​​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

85 Episodes
Reverse
ភាពតានតឹងរវាងកម្ពុជា និងថៃបានកើតឡើង បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងរវាងថៃ និងចិនហាក់រំលេចឡើងតាមរយៈលំហាត់សឹកកងទ័ពអាកាស និងការចុះកិច្ចសន្យាទិញនាវាមុជទឹកពីចិនរបស់ថៃនាអំឡុងខែកញ្ញានេះ។ រូបភាពទាំងអស់នេះត្រូវគេមើលឃើញថាអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិនដែលជាមិត្តដែកថែប បើទោះបីជាចិនអះអាងថា មិត្តភាពរវាងកម្ពុជា និងចិននៅបន្តរឹងមាំដូចថ្មក៏ដោយ។ អំឡុងពេលដែលកម្ពុជា និងថៃកំពុងតានតឹងលើជម្លោះព្រំដែន ចិន និងថៃបានធ្វើលំហាត់សឹកទ័ពអាកាសរួមគ្នានៅក្នុងខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike-2025»។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ដដែលនេះ ចិនក៏បានចុះកិច្ចព្រមព្រៀងសំខាន់មួយទៀតក្នុងការលក់នាវាមុជទឹកទៅឲ្យថៃ។ ចំណុចសំខាន់ៗខាងលើនេះបានធ្វើឲ្យមហាជន និងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើល បើទោះជាផែនការសមយុទ្ធទ័ពអាកាស និងការលក់សព្វាវុធយុទ្ធសាស្ត្ររបស់ចិនទៅឲ្យថៃត្រូវបានគ្រោងទុកជាយូរមកហើយក៏ដោយ។ បញ្ញវន្តក៏ដូចជាមហាជនខ្មែរមួយចំនួនមើលឃើញស្របគ្នាលើចំណុចមួយចំនួនដែលថា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនហាក់ស្មើនឹងក្រដាស១សន្លឹកប៉ុណ្ណោះ ពោលពុំមានអត្ថន័យធំធេងអ្វីទេ។ ចំណែកផែនការសមយុទ្ធយោធាជើងអាកាសរវាងចិន និងថៃ ហើយកិច្ចព្រមព្រៀងលក់នាវាមុជទឹកចិនឲ្យថៃក៏ត្រូវបានគេមើលឃើញថាអាចមានលទ្ធភាពពន្យារពេលបាន ដើម្បីទប់សភាពការណ៍ដែលកំពុងក្តៅរវាងកម្ពុជា និងថៃលើបញ្ហាព្រំដែន។ លោកបណ្ឌិត យ៉ង ពៅ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយម្នាក់យល់ឃើញថា ចិន និងថៃ បានយកប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាធំ ជាជាងគុណធម៌មិត្តភក្តិ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ ចំណុចនេះក៏ត្រូវបានលោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិលើកឡើងថា ផលប្រយោជន៍ជាតិនីមួយៗជារឿងសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ និងថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនជាមួយថៃធំជាងច្រើនជាមួយកម្ពុជា។ តែទាំងលោកបណ្ឌិត យង់ ពៅ និងលោក សេង វណ្ណលី បានបញ្ជាក់ជារួមថា កម្ពុជាមិនអាចហាមឃាត់ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសនានាបានទេ ព្រោះវាជាសិទ្ធិអធិបតេយ្យរបស់ប្រទេសរៀងៗខ្លួនក្នុងការធ្វើជំនួញរវាងគ្នា។ សម្រាប់កម្ពុជា ចំណុចនេះគឺជាមេរៀនដែលខ្លួនត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពសម្រាប់ថ្ងៃអនាគត។ ទោះជាយ៉ាងណា និងសម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា ចិនមានសិទ្ធិធ្វើជំនួញ។ តែក្នុងនាមជាមិត្តភាពដែកថែបជាមួយកម្ពុជា ចិនគួរតែយោគយល់ និងពន្យារពេលលក់សព្វាវុធ និងធ្វើលំហាត់យោធារួមជាមួយថៃ។ លោក សេង វណ្ណលី បានមើលឃើញដោយត្រង់ៗថា សមយុទ្ធរួមគ្នា និងការលក់សព្វាវុធរបស់ចិនទៅឲ្យថៃបានបង្កឲ្យមានការមិនពេញចិត្តក្នុងចំណោមមហាជនខ្មែរ និងប៉ះពាល់ដល់ប្រទេសកម្ពុជា ខណៈចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមិត្តភាពដែកថែបរវាងគ្នា។ ទាក់ទងនឹងវិស័យសន្តិសុខក៏មិនខុសគ្នាពីសេដ្ឋកិច្ចដែរ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយខ្មែរលើកឡើងដូចៗគ្នាដោយស្នើឲ្យកម្ពុជាពង្រឹងខ្លួនឯងជាជាងពឹងផ្អែកតែទៅលើប្រទេសណាមួយ។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងពីគុណធម៌របស់កម្ពុជាក្នុងការជួយលើកស្ទួយមុខមាត់របស់ចិននៅលើឆាកអន្តរជាតិចាប់តាំងពីជំនាន់អតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ ដោយបានបោះឆ្នោតដកតៃវ៉ាន់ពីកៅអីអង្គការសហប្រជាជាតិ។ អំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ពេញទំហឹង មេដឹកនាំខ្មែរលោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបញ្ចប់ភាពឯកោរបស់ចិន។ កម្ពុជាក៏ត្រូវគេមើលឃើញថា ជាទីតាំងមួយដែលចិនចាប់យកដើម្បីជួយរក្សាតុល្យភាពភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វេនប៊ីនបានសរសេរនៅលើបណ្តាញសង្គមរបស់លោកក្នុងខែកញ្ញានេះថា កងទ័ពចិន និងកម្ពុជាបានរៀបចំសមយុទ្ធរួមគ្នា «នាគមាស ២០២៥» ដោយជោគជ័យ ហើយមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ លោក វ៉ាង បញ្ជាក់ថា ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជារឹងមាំដូចថ្ម។ ជាសរុបមក ការធ្វើសមយុទ្ធទ័ពអាកាសរួមគ្នារវាងចិន និងថៃ និងការដែលចិនលក់សព្វាវុធយុទ្ធសាស្ត្រឲ្យថៃក្នុងអំឡុងពេលថៃ និងកម្ពុជាកំពុងមានជម្លោះព្រំដែនត្រូវបានមហាជនក៏ដូចជាបញ្ញវន្តខ្មែរយល់ឃើញថា គឺជារូបភាពដែលប៉ះពាល់ដល់ទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន នោះទោះបីជាទំនាក់ទំនងរវាងចិន និងថៃ ជាទំនាក់ទំនងអន្តរជាតិរវាងប្រទេស និងប្រទេសក៏ដោយ៕
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលសង្ខេបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំនួនសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ បានកើនដល់ ៨៥% ធៀបនឹងឆ្នាំ ២០២៤កន្លងទៅ ដែលមានត្រឹម ៧៩%។ ដោយឡែកចំនួនសិស្សដែលទទួលបាននិទ្ទេស A វិញក៏មានការកើនឡើងច្រើនដែរគឺជាង ៣ ០០0នាក់ លើសពីឆ្នាំ២០២៤ ជិត១ ០០០នាក់។ លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០២៥នេះ មែនទែនទៅត្រូវប្រកាសពិស្តារ និងព្រមគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។ ក៏ប៉ុន្តែនៅថ្ងៃទី១៩ ខែកញ្ញានេះ ក្រសួងអប់រំគ្រាន់តែប្រកាសបឋមជារួមថាចំនួនសិស្ស ដែលប្រលងជាប់សញ្ញាបត្របាក់ឌុបនៅឆ្នាំនេះ មានការកើនឡើងធៀបនឹងឆ្នាំកន្លងទៅ។ សេចក្តីប្រកាសលទ្ធផលដោយសង្ខេបរបស់ក្រសួងអប់រំបង្ហាញថា បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ១២២ ៤៧៣នាក់ ត្រូវជា ៨៤,​៥៦% នៃចំនួនបេក្ខជនសរុបចំនួន ១៤៦ ៧២០នាក់ ក្នុងនោះស្រី ៨១ ៤៤២នាក់។​ ជាមួយគ្នានេះ ចំនួនសិស្សដែលទទួលបាននិទ្ទេស A ក៏មានការកើនឡើងច្រើនដែរ គឺកើន រហូតដល់ ៣ ០០៣នាក់ ខណៈឆ្នាំ២០២៤ សិស្សនិទ្ទេស A មានត្រឹម ២ ២១៦នាក់។ ដោយឡែកសិស្សដែលប្រលងជាប់និទ្ទេស B កើនឡើងតិចតួច និទ្ទេស C និងD ក៏មានការកើនឡើងដែរ តែនិទ្ទេស E ទាបជាងឆ្នាំ២០២៤បន្តិច។ តាមរយៈលទ្ធផលនេះ សបញ្ជាក់ជាទូទៅថាការសិក្សារបស់សិស្សថ្នាក់បាក់ឌុប ក្នុងឆ្នាំ២០២៥ មានភាពវិជ្ជមាន។ ក៏ប៉ុន្តែនៅពីក្រោយនៃលទ្ធផលប្រកបដោយមោទនភាពនេះ ក៏មានសំណួរចោទសួរដែរថា តើកំណើននៃការប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ ជាលទ្ធផលដែលប្រកបដោយគុណភាព ឬយ៉ាងណា? តាមរយៈដំណើរការនៃការប្រលងបាក់ឌុប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ផងនោះ បង្ហាញថាការប្រលងបានប្រព្រឹត្តិទៅ ដោយមិនមានបាតុភាពអវិជ្ជមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ជាការពិតក្រោយការប្រលង គេនៅចាំថា មានការលេចចេញនូវព័ត៌មានតាមបណ្តាញសង្គម ស្តីពីបាតុភាពដ៏អាក្រក់មួយ ដែលថាមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា អំឡុងនៃសម័យប្រលងបាក់ឌុបឆ្នាំ២០២៥នេះ។ ក៏ប៉ុន្តែតាមរយៈលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បង្ហាញថា​វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងនោះទេ។ ក្រៅពីនេះ ការរំខានផ្សេងៗនៅមុន និងក្នុងអំឡុងនៃការប្រលងបាក់ឌុប ដូចជាការផ្ទុះអាវុធនៅតាមខេត្តជាប់ព្រំដែនជាមួយថៃ ស្ថានភាពនៃការភៀសសឹករបស់ប្រជាជន និងសិស្សានុស្សិសមួយចំនួនជាដើម ទាំងអស់នេះ មិនត្រូវបានក្រសួងអប់រំ ចាត់ទុកថាជាឧបសគ្គធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រលងទេ។ តែរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបង្ហើបនៅមុនការប្រលងបាក់ឌុបថា ក្រសួងនឹងមាន វិធានការពិសេសលើកទឹកចិត្តចំពោះបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារជិត ៤ពាន់នាក់។ ទោះយ៉ាងនេះក្តី ក្រសួងអប់រំនៅតែប្រកាន់ជំហរដូចឆ្នាំកន្លងទៅដែរថាគោលការណ៍«អ្នកចេះគឺជាប់» នៅតែត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ ដើម្បីធានាគុណភាព​សិស្សនៅក្នុងការប្រលងបាក់ឌុបឆ្នាំនេះ។ ដោយឡែក ការដែលមានបេក្ខជនប្រលងជាប់សញ្ញាបត្រដល់ទៅជាង ៨០% ត្រូវគេមើលឃើញថា ជាអត្រាមួយដ៏ខ្ពស់ ដែលបង្ហាញពីបរិមាណដ៏ច្រើន។ ជាសរុបមក ប្រសិនបើគុណភាព មិនរងនូវការរិះគន់ពីភាពមិនប្រក្រតីណាមួយទេ នោះបេក្ខជនដែលប្រលងជាប់បាក់ឌុបដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០២៥នេះ នឹងក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពរបស់កម្ពុជាទៅថ្ងៃអនាគត។ ជាធនធាន ដែលប្រទេសកម្ពុជា ត្រូវការចាំបាច់ នៅក្នុងដំណើរការអភិវឌ្ឍប្រទេស អំឡុងពេលដែលពិភពលោក និងតំបន់មានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសវិស័យបច្ចេកវិទ្យា៕
ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណើរអំឡុងពេលបុណ្យធំៗ។ រថយន្តក្រុងចំណុះពី ២៥ដល់ ៤០កៅអី​ចំនួន ៤៩៧គ្រឿង ត្រូវបានរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញប្រកាសដាក់ឲ្យពលរដ្ឋជិះពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០​ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។​ តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រថយន្តក្រុងទាំងជិត៥០០គ្រឿងនេះ ត្រូវបានបែងចែកជាខ្សែររត់ធំៗចំនួន ៧គោលដៅ ឆ្ពោះទៅកាន់ខេត្តទាំង២៤ និងមានផ្តល់ជូនទឹកសុទ្ធដល់អ្នកជិះដោយឥតគិតថ្លៃផងដែរ។ ការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរបស់រដ្ឋដូចនេះ ត្រូវគេមើលឃើញថាជាដំណោះស្រាយមួយដ៏ល្អក្នុងការជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរ ដែលឡើងមកស្នាក់នៅ និងធ្វើការនៅភ្នំពេញបានមួយកំរិត។ តាមធម្មតានៅពេលមានបុណ្យទានធំៗម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌនេះជាដើម ពលរដ្ឋខ្មែរចំណាកស្រុកភាគច្រើនមកធ្វើការនៅភ្នំពេញ តែងនាំគ្នាត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ តាមរយៈមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនខ្លះ និងតាមរថយន្តឈ្នួល ភាគច្រើនសម្រាប់អ្នករស់នៅតាមខេត្តឆ្ងាយៗ។ ទោះជិត ឬក៏ឆ្ងាយ ពលរដ្ឋចំណាកស្រុកទាំងនោះ ចាំបាច់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន តាមរយ ៈការចាយវាយទៅលើថ្លៃប្រេងឥន្ធនៈ និងការចំណាយលើសពីប្រក្រតីទៅលើរថយន្តឈ្នួល។ តែសម្រាប់ការធ្វើដំណើរតាមរយៈរថយន្តក្រុង ដែលអាជ្ញាធរជួយដឹកជញ្ជូនដោយមិនគិតថ្លៃ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្របានមួយគ្រាហ៍ៗដែរ។ ក្នុងន័យនេះ ថវិកាដែលពលរដ្ឋត្រូវចំណាយរាប់ម៉ឺនរៀលក្នុងម្នាក់ៗ ទៅលើមធ្យោបាយធ្វើដំណើរកន្លងទៅតាមរថយន្តតាក់ស៊ី ពេលនេះបានសល់ក្នុងហោប៉ៅ និងអាចយកថវិកានេះ ទៅចំណាយនៅក្នុងការធ្វើបុណ្យទាន ចំណាយលើគ្រួសារ និងមានលទ្ធភាពចែកចាយដល់ញាតិមិត្ត និងមនុស្សវ័យចំណាស់ដែលនៅចាំផ្ទះផងដែរ។ ដោយឡែកការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋវិញ ក៏ជាការចូលរួមប្រកបដោយទឹកមុខរីករាយ ដោយមិនខ្វាយខ្វល់ច្រើន ពីរឿងខ្វះខាតក្រោយបុណ្យភ្ជុំបិណ្ឌ។ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានយល់ឃើញពីចំណុចវិជ្ជមានចំពោះការរៀបចំរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅកាន់បណ្តាខេត្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ។ តាមលោក យង់ គិមអេង សកម្មភាពនេះ គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលក្រីក្រ ជាពិសេសអ្នកដែលមិនមានលទ្ធភាពធ្វើដំណើរត្រឡប់ទៅស្រុកកំណើតអំឡុងពេលបុណ្យធំៗកន្លងទៅ។ លោកថា ដើម្បីឲ្យពលរដ្ឋមានជំនឿជឿជាក់កាន់តែខ្លាំង គប្បីរដ្ឋត្រូវធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើងបន្ថែមទៀត។ គេនៅចាំបានថា រយៈពេល ៦ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២៤ មាន​ប្រជាពលរដ្ឋ​សរុប​ជាង ៧ម៉ឺននាក់​ បាន​ទទួល​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត។ សូមបញ្ជាក់ថា តាមជំរឿនប្រជាជនឆ្នាំ២០២៤ រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត ដែលមានប្រជាជនរស់នៅច្រើនជាងគេប្រមាណ ២,៣លាននាក់ ស្មើនឹង ១៣,៦% នៃប្រជាជនទូទាំងប្រទេសជាង ១៧លាននាក់។ កំណើនប្រជាជននៅរាជធានីភ្នំពេញ គឺដោយសារកំណើនសិស្ស និស្សិត​ ឡើង​មករៀន​បន្ត​នៅ​តា​ម​សាកល​វិទ្យា​ល័យ​​នានា ការបម្លាស់ទីរបស់អាជីវករ ពាណិជ្ជករ ​ពីខេត្តមករាជធានី និងការ​ធ្វើ​ចំណាកស្រុករបស់ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​មក​រក​ការ​ងារ​ធ្វើ​នៅ​ភ្នំពេញដូចជា​កម្មករ​ កម្មការិនីរោងចក្រជាដើម៕
ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កម្ពុជាហាក់បានបង្ហាញពីសកម្មភាពការទូតមមាញឹកជាងសព្វមួយដង។ ក្រោយការជំរុញពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យមានការចរចា ដើម្បីទទួលបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាមានឱកាសធ្វើការងារការទូតយ៉ាងពេញដៃពេញជើង ស្របពេលដែលថៃកំពុងប្រឈមនឹងនយោបាយផ្ទៃក្នុងមកទល់បច្ចុប្បន្ន។ ក្រោយមានការលើកឡើងថាការផ្សព្វផ្សាយរបស់កម្ពុជាទៅកាន់ពិភពលោកមានភាពយឺតយ៉ាវជាងថៃ ទាក់ទងទៅនឹងការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥មក គេសង្កេតឃើញថាកម្ពុជាបានស្ទុះស្ទាបង្កើនសកម្មភាពការទូតយ៉ាងខ្លាំង ដែលចាប់ផ្តើមតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ជាកិច្ចសន្ទនាដែលនាំមកនូវភាពវិជ្ជមាន ដោយធ្វើឲ្យភាគីកម្ពុជា-ថៃ ដែលកំពុងច្បាំងគ្នាតាមព្រំដែនបញ្ឈប់ការប្រយុទ្ធ ហើយងាកទៅរកការប្រជែងគ្នាស្វែងរកការគាំទ្រតាមរយៈការទូត។ សម្រាប់កម្ពុជា ការសម្របសម្រួលពីសំណាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហីម ដែលជាប្រធានអាស៊ានប្តូរវេន ឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចូលរួមពីចិន និងរុស្ស៊ី គឺជាទំនុកចិត្តមួយដ៏កក់ក្តៅ បើទោះណាជាកិច្ចព្រមព្រៀងឈប់បាញ់ត្រូវគេមើលឃើញថាមានភាពផុយស្រួយក៏ដោយ។ ជាមួយគ្នានោះ សហគមន៍អន្តរជាតិ និងបណ្តាប្រទេសជាមិត្តកម្ពុជា ក៏បានបង្ហាញប្រតិកម្មជាបន្តបន្ទាប់ដែរ ដោយអាមេរិកយល់ព្រមទម្លាក់ពន្ធបដិការដល់ទំនិញកម្ពុជានាំចូលអាមេរិកនូវអត្រាពី៣៦% មកត្រឹម១៩%។ ចំណែកឯ ចិន សហភាពអឺរ៉ុប និងបារាំងវិញ ប្រទេសទាំងនេះ បានសម្តែងការព្រួយបារម្ភចំពោះជម្លោះ រវាងកម្ពុជា និងថៃ ដោយជំរុញឱ្យប្រទេសទាំងពីរឈប់ប្រយុទ្ធគ្នា ហើយងាកមកដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដោយសន្តិវិធី។ ជាបន្តបន្ទាប់កម្ពុជាតាមរយៈក្រសួងការបរទេសបានធ្វើលិខិតតវ៉ាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍ពីការគំរាមកំហែងចំពោះបទឈប់បាញ់ ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់។ បន្ថែមពីនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ក៏បានផ្ញើសារទៅកាន់ពិភពលោក តាមរយៈការធ្វើសន្និសីទកាសែតយ៉ាងទៀងទាត់ជាភាសាខ្មែរ និងភាសាបរទេសជុំវិញស្ថានការណ៍វិវត្តន៍ចុងក្រោយនៃការគោរពបទឈប់បាញ់។ បទឈប់បាញ់ដ៏កម្រ និងផុយស្រួយនេះ ត្រូវភាគីកម្ពុជាអះអាងថាបានគោរពយ៉ាងខ្ជាប់ខ្ជួន។ ផ្ទុយទៅវិញ ភាគីថៃ តែងតែបំពានបទឈប់បាញ់ តាមរយៈកាបង្ករឿងមួយចំនួនដូចជាការល្បាតជាន់មីន និងការរាយលួសបន្លានៅលើទឹកដីកម្ពុជាជាដើម។ លោកបណ្ឌិត អេង កុកថាយ អ្នកស្រាវជ្រាវនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជាបានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងតែធ្វើការងារការទូតយ៉ាងសកម្ម និងមានប្រៀបតាមរយៈជំនួបជាមួយមេដឹកនាំប្រទេសនានា និងធ្វើការងារការទូតក្រៅឆាកផងដែរ។ តាមអ្នកស្រាវជ្រាវរូបនេះ ការទូតគឺជាចំណុចលេចធ្លោរបស់កម្ពុជា ដែលជាប្រទេសតូច តែមានឥទ្ធិពលការទូតកម្រិតខ្ពស់ បើផ្អែកទៅលើការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានមួយនៅប្រទេសអូស្ត្រាលី។ តាមរយៈកម្មវិធីសំខាន់ៗមួយចំនួន មេដឹកនាំកម្ពុជាបានជួបមេដឹកនាំប្រទេសនានាទាំងផ្ទាល់ និងមិនផ្ទាល់ ជាក់ស្តែងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំកំពូលចិន និងមេដឹកនាំផ្សេងៗទៀតក្នុងឱកាសនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីនប្រទេសចិនកាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ បន្ថែមពីនេះ នៅថ្ងៃទីនៅថ្ងៃទី៧ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ មេដឹកនាំកម្ពុជានឹងទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នកតាមដាននយោបាយកម្ពុជាមើលឃើញថាជាឱកាសដ៏សំខាន់មួយទៀតសម្រាប់កម្ពុជាក្នុងការធ្វើការងារការទូតជាមួយមេដឹកនាំអាស៊ាន នៅក្នុងជម្លោះជាមួយថៃ៕
០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ(UNESCO)។ រយៈពេល ១៧ឆ្នាំមកនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហាររបស់ខ្មែរតាមរយៈមិនទទួលស្គាល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅឆ្នាំ១៩៦២ និងការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រួមនឹងការកាឡៃប្រវត្តិសាស្ត្រពីសំណាក់ក្រុមជាតិនិយមថៃជាដើម។ ០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី០៧ ខែកក្កដានេះ ប្រទេសកម្ពុជាចាប់តាំងពីប្រជាពលរដ្ឋរហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងព្រះមហាក្សត្របានចងចាំថ្ងៃជាប្រវត្តិសាស្ត្រនេះ តាមរយៈការចេញសារអបអរនៅតាមបណ្តាញសង្គម និងការចេញផ្សាយជាផ្លូវការផងដែរ។ សម្រាប់ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា គឺព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានធ្វើឲ្យប្រទេសកម្ពុជាបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។ ព្រះរាជសារព្រះមហាក្សត្រក៏បានរំលឹកផងដែរពីព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ក្រៅពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារអបអរខ្លីៗតាមរយៈសំណេរ និងឃ្លីបវីដេអូ រំលឹកខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែរ។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា«ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជនជាតិខ្មែរ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!» ជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានចេញសារខ្លីតាមបណ្តាញសង្គមផងដែរ ដោយអាមេរិកចូលរួមអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទោះជាកម្ពុជា និងពិភពលោកចាត់ទុកថាប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជាយ៉ាងណាក៏ដោយ រយៈពេល១៧ឆ្នាំ ក្រោយប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ មិនរាថយឡើយ។ តាមពិតមហិច្ឆតារបស់ថៃចង់បានប្រាសាទព្រះវិហាររបស់ខ្មែរបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៦២មកម្ល៉េះ ពោលគឺក្រោយថៃចាញ់ក្តីកម្ពុជាលើសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់។ ចាប់តាំងពីពេលនោះមក ថៃជាពិសេសក្រុមជាតិនិយម និងបញ្ញវន្តខិលខូចមួយចំនួន បានអប់រំ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាជនខ្លួនឲ្យវង្វេងប្រវត្តិសាស្ត្រតាមរយៈការចាត់ទុកប្រាសាទព្រះវិហារថាជារបស់ថៃ។ ចំណុចនេះលោកបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រមួយរូបបានហៅឥរិយាបទរបស់ថៃថា ថៃមិនមែនជារដ្ឋទំនើបស៊ីវីល័យនោះទេ។ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានចាប់អារម្មណ៍ និងរៀបរាប់ពីអាកប្បកិរិយាមិនល្អរបស់ថៃចាប់តាំងពីចាញ់ក្តីខ្មែររឿងប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៦២។ ការកើតទុក្ខមិនសុខចិត្តរបស់ថៃបានបង្ហាញឡើងតាមរយៈការកសាងប្រាសាទព្រះវិហារមួយនៅប្រទេសថៃ ដោយចំលងពីប្រាសាទព្រះវិហារពិតរបស់ខ្មែរ ក្រោយចាញ់ក្តីខ្មែរភ្លាមៗ ក្នុងគោលបំណងឲ្យភ្ញៀវទេសចរអន្តរជាតិមានការភ័ន្តច្រឡំ។ ក្រោយអង្គការយូណេស្កូបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ថៃបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរដោយខុសច្បាប់ម្តងទៀត និងមានការផ្ទុះអាវុធជាមួយកងទ័ពកម្ពុជានៅឆ្នាំ២០១១។ ក្រោយពីឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានពេលនោះមិនអាចសម្របសម្រួលបាន កម្ពុជាបានជ្រើសរើសការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ​ម្តងទៀត ដើម្បីឲ្យ ICJ បកស្រាយសាលដីកាឆ្នាំ១៩៦២ រឿងប្រាសាទព្រះវិហារ ពេលនោះហើយដែលកម្ពុជាបានឈ្នះថៃម្តងទៀតក្នុងឆ្នាំ២០១៣។ ទោះយ៉ាងណា លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង យល់ឃើញថាការមិនទទួលយកនូវសាលដីការបស់តុលាការ ICJ នៅឆ្នាំ១៩៦២ ក៏ដូចជាការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រឿងប្រាសាទព្រះវិហារ មិនមែនមានគ្រប់បញ្ញវន្តថៃទាំងអស់ទេ។ ដូច្នេះការទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរយៈពេល១៧ឆ្នាំ កន្លងទៅ ពិតជាខែលការពារមួយដ៏រឹងមាំបន្ថែមទៀត ពីលើអ្វីដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះក្តីម្តងហើយម្តងទៀត ដោយកម្ពុជាត្រូវតែមានការសាទរ និងមិនអាចបំភ្លេចបានចំពោះថ្ងៃទី០៧ ខែកក្កដា ជារៀងរាល់ឆ្នាំ៕
កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបាន​បង្កើតឡើង​យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានា​មើលឃើញ​ថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប្រាស់បែបអវិជ្ជមាន និងកាលៈទេសៈនៃជម្លោះរវាងកម្ពុជា និងថៃ។ បញ្ញាសិប្បនិម្មិត ឬជាភាសាអង់គ្លេសហៅថា Artificial Intelligence(AI) គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើង ដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជាកម្មវិធី ឬប្រព័ន្ធមួយ ដែលមានសមត្ថភាពធ្វើឲ្យម៉ាស៊ីនមានរបៀបគិតបានដូច ​ឬស្រដៀងមនុស្ស។ ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃកក្រើកឡើងវិញកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ គេសង្កេតឃើញមានព័ត៌មាន រូបភាព និងឃ្លីបវីដេអូមួយចំនួននៅលើបណ្តាញសង្គមត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ មាតិការទាំងនោះរួមមានព័ត៌មានជាសំណេរ ជាសម្លេង រូបភាពកងទ័ព និងសព្វាវុធ និងជាឃ្លីបវីដេអូខ្លីៗ។ ចុងក្រោយនេះ ជនអនាមិកជនជាតិថៃបានបង្កើតវីដេអូឃ្លីបខ្លី ដោយកាត់តវីដេអូលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅខេត្តព្រះវិហារកាលពី​  សប្តាហ៍មុន ដោយបន្លំសម្លេងរបស់លោក ហ៊ុន សែន ទៅជាភាសាថៃតាមរយៈបច្ចេកវិទ្យា AI។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ត្រូវគេមើលឃើញថាមានលទ្ធផលពីរផ្សេងគ្នា ពោលគឺទី១បង្ហាញពីការលូតលាស់បែបបច្ចេកវិទ្យាប្រកបដោយភាពវិជ្ជមាន និងទី២ AI ក៏បង្ហាញពីចំណុចអវិជ្ជមានដែរអាស្រ័យទៅលើអ្នកប្រើប្រាស់ និងកាលៈទេសៈ។ សម្រាប់បរិបទនៃប្រទេសកម្ពុជា និងថៃ បច្ចុប្បន្ន ការប្រើប្រាស់ AI នៅលើបណ្តាញសង្គម និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយពិតជាប្រឈមនឹងហានិភ័យខ្ពស់ ដោយសារពលរដ្ឋខ្លះពិបាកនឹងបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយបានកើតមានចំនួនប្រមាណ ១ ៨០០ករណី ក្នុងនោះប្រធានបទទាក់ទងទៅនឹងការប្រើបច្ចេកវិទ្យា AI មានប្រមាណជាង ២០ករណី។ នេះគ្រាន់តែជាការកត់ត្រារបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលពីស្ថាប័នផ្សេងៗទៀតនៅឡើយ។ លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលមួយរូប មើលឃើញថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានវិវត្តទៅមុខឥតឈប់ឈរ ដោយមិនមានអ្វីអាចបង្អាក់ដំណើរការបច្ចេកវិទ្យា AI បានទេ។ ទន្ទឹមគ្នានេះ ក៏មានការកេងចំណេញពី AI ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្ថាប័នផងដែរ ដែលទាំងអស់នេះធ្វើឲ្យ មានផលប៉ះពាល់ច្រើនក្នុងការទទួលបានព័ត៌មានរបស់មហាជនជាពិសេសនៅលើបណ្តាញសង្គម។ តាមលោក ជី សុផាត បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រឹតតែមានហានិភ័យថែមទៀត​នៅពេលដែល​មាន​ការប្រើប្រាស់ ព័ត៌មាន និងរូបភាពបែប AI ទាក់ទងទៅនឹងជម្លោះនៃប្រទេសទាំងពីរ។   សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ក៏មើលឃើញពីហានិភ័យធំធេងដែរ ប្រសិន ជម្លោះព្រំដែនកម្ពុជា-ថៃ ឈានទៅដល់ការប្រើប្រាស់ និងផ្សព្វផ្សាយក្នុងទម្រង់ AI។ ហានិភ័យគឺដោយសារភាគីម្ខាង ដែលមានបច្ចេកវិទ្យាជឿនលឿនជាងខាង AI ហាក់មានប្រៀបជាងភាគីម្ខាងទៀត ខណៈដែលពិភពលោកមិនទាន់អាចកំណត់បានពីទំហំ និងការប្រើប្រាស់នៃការរីកចម្រើនរបស់បច្ចេកវិទ្យា AI នៅឡើយ។ ទោះយ៉ាងណាជម្លោះរវាងកម្ពុជា និងថៃ នៅពេលនេះ នៅមិនទាន់ឃើញមានគ្រោះថ្នាក់ធំដុំនៅឡើយពីការផលិតព័ត៌មាន រូបភាព វីដេអូ ដោយប្រើបច្ចេកវិទ្យា AI។ ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិត AI នៅតែបន្តផ្តល់ប្រយោជន៍ជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍរបស់មនុស្ស៕
ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ តាមរយៈជម្លោះព្រំដែននេះ ក្រុមអ្នកជាតិនិយមថៃបានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ ស្របពេលគ្នានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏បានរុញទូកបណ្តោយទឹក ដោយអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ និងប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ផ្តល់ការងារជូនជាច្រើនកន្លែង និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានជះឥទ្ធិពលទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងខ្លាំង។ ភាពតានតឹងនៃប្រទេសទាំងពីរបានជំរុញឲ្យពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃគ្មានភាពនឹងនរ និងបានវិលត្រលប់មកកាន់ប្រទេសកំណើតវិញជាបន្តបន្ទាប់។ ស្ថាប័នអន្តោប្រវេសន៍ខ្មែរនៅមិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ ថាតើមានពលករខ្មែរប៉ុន្មាននាក់ ក្នុងចំណោមពលករស្របច្បាប់ និងខុសច្បាប់រាប់លាននាក់ ដែលធ្វើការនៅក្នុងប្រទេសថៃ ហើយដែលបានវិលត្រលប់មកប្រទេសខ្លួនវិញ អំឡុងពេលដែលមានភាពតានតឹង និងឈានទៅដល់ការបិទបើកច្រកព្រំដែនកម្ពុជា-ថៃ ខុសពីប្រក្រតី។ ទោះជាយ៉ាងនេះក្តី មេដឹកនាំកម្ពុជារួមមានប្រធានព្រឹទ្ធសភា ក៏ដូចជានាយករដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវឲ្យពលករខ្មែរត្រលប់មកប្រទេសកំណើតវិញ ដោយប្រាប់ឲ្យអាជ្ញាធរត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីទទួលពលករខ្មែរចាប់តាំងពីច្រកព្រំដែន ត្រៀមផ្តល់ស្បៀងអាហារ ការដឹកជញ្ជូន ផ្តល់ការងារ និងត្រៀមសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកសម្រាប់ពលករដែលជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នៅក្នុងស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃពេលនេះ តើជាឱកាសឬ ជាសម្ពាធសម្រាប់ពលករខ្មែរចំណាកស្រុកនៅពេលពួកគេសម្រេចចិត្តវិលមកប្រទេសកំណើតវិញ? ជាការពិតក្រសួងការងារកម្ពុជាបានប្រកាសថាកម្ពុជានៅខ្វះកម្លាំងពលកម្មរាប់ម៉ឺនកន្លែង និងត្រៀមផ្តល់ជូនដល់ពលករ ដែលត្រលប់មកពីប្រទេសថៃជាពិសេស។ ក្រសួងការងារបានដាក់ក្រុមការងារចល័តជាច្រើនទីតាំងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលពលករខ្មែរ ដែលត្រលប់មកពីថៃ។ ក្រៅពីផ្តល់ការងារភ្លាមៗ ក្រសួងការងារក៏ផ្តល់នូវជំនាញវិជ្ជាជីវៈដល់ពលករ ដែលមិនមានជំនាញផងដែរ តាមរយៈយន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលមើលឃើញថាការយកចិត្តទុកដាក់ទទួលពលករខ្មែរពីប្រទេសថៃពេលនេះ គឺជាឱកាសសម្រាប់ពលករច្រើនជាងការប្រឈម។ ជាឱកាសគឺដោយសារពលករអាចមកបំរើការងារនៅស្រុកកំណើតរបស់ខ្លួន ដោយចៀសវាងការធ្វើចំណាកស្រុកឆ្លងប្រទេស ដែលលាយឡំទៅដោយបញ្ហាប្រឈមផ្សេងៗ។ វត្តមានរបស់ពលករខ្មែរ ដែលបំរើការងារនៅក្នុងស្រុក ធ្វើឲ្យចរន្តប្រាក់ចរាចរណ៍នៅក្នុងប្រទេស ដែលចំណុចនេះជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ទោះយ៉ាងណា ការវិលមកធ្វើការនៅក្នុងប្រទេសរបស់ពលករចំណាកស្រុកខ្មែរពីប្រទេសថៃ ត្រូវអ្នកតាមដានសង្គមមើលឃើញថា ទំនងជាមិនអាចធ្វើទៅបានទាំងស្រុងនោះទេ ប្រសិនបើមើលទៅលើចំណុចមួយចំនួន។ ចំណុចទាំងនោះគឺភាពខុសគ្នានៃប្រាក់ឈ្នួល អតិផរណា ភាពសម្បូរបែបនៃការងារ ទម្លាប់ និងបរិយាកាស​ស៊ីវីល័យរវាងប្រទេសថៃ និងប្រទេសកម្ពុជាជាដើម។ ក៏ប៉ុន្តែ នៅក្នុងស្ថានភាពប្រឈមមុខដាក់គ្នារវាងថៃ និងកម្ពុជា នៅក្នុងលក្ខខណ្ឌ ដែលមានការប្រមាថមើលងាយពីសំណាក់ក្រុមជ្រុលនិយមថៃ និងប្រសិនបើប្រាក់ឈ្នួលការងារនៅក្នុងប្រទេសថៃ និងកម្ពុជាប្រហាក់ប្រហែលគ្នា ពលករគួរតែជ្រើសរើសយកជម្រើសការងារនៅក្នុងប្រទេសកំណើតខ្លួនឯង ជាជាងទៅផ្ញើវាសនានៅក្នុងប្រទេសគេ។ នេះជាការមើលឃើញជាទូទៅពីមជ្ឈដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថាតាមតួលេខផ្លូវការរបស់ក្រសួងការងារកម្ពុជា មានពលករខ្មែរប្រមាណ ១,២លាននាក់ កំពុងធ្វើការងារនៅក្នុងប្រទេសថៃ។ ពលករទាំងនេះ បានផ្ញើថវិកាត្រលប់មកប្រទេសកម្ពុជាវិញ ជាមធ្យមជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះមិនទាន់គិតដល់ពលករចំណាកស្រុកដែលមិនស្របច្បាប់៕
ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក កម្ពុជា និងថៃ បានបង្ហាញនូវភាពតានតឹងនឹងគ្នាឡើងវិញរឿងព្រំដែន។ ភាពតានតឹងនេះ ត្រូវរដ្ឋាភិបាលកម្ពុជាលើកឡើងថាបណ្តាលមកពីទាហានថៃ ដែលបានលួចវាយឆ្មក់នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ដើម្បីបញ្ចប់​វិវាទព្រំដែនជាមួយថៃ ដែលជាបញ្ហាដ៏រុាំរ៉ៃ កម្ពុជាចាំបាច់ត្រូវប្រកាន់យកដំណោះស្រាយតាមរូបភាព មួយចំនួន ក្នុងនោះការឯកភាពជាតិ ក៏ជាកត្តាដ៏សំខាន់ផងដែរ។ ផ្តើមចេញពីការលួចវាយឆ្មក់របស់កងទ័ពថៃនៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥  ដែលបណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកក្រើកឡើងជាថ្មី។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។លោកនាយករដ្ឋមន្ត្រីពន្យល់ថាលោកបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជាគឺទី១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ទី២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តែម្ដង។ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។ក្រៅពីការបញ្ជាក់ច្បាស់ៗពីប្រមុខរដ្ឋាភិបាល យន្តការផ្សេងៗទៀតក៏ត្រូវគេមើលឃើញថាមានភាពចាំបាច់ដែរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដូចជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ដែលមានថៃជាប្រទេសហត្ថលេខីផងនោះ។មួយវិញទៀត បញ្ហាឯកភាពជាតិត្រូវបានចាត់ទុកថាជារឿងសំខាន់ នៅក្នុងដំណោះស្រាយជម្លោះអធិបតេយ្យភាពជាមួយប្រទេសជិតខាង ដោយសារឯកភាពជាតិគឺជាខែលការពារជាតិដ៏រឹងមាំ។ តើខ្មែរអាចរួបរួមគ្នាដើម្បីជាតិកំរិតណានៅពេលប្រទេសកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយថៃពេលនេះ?ឯកភាពជាតិពិតប្រាកដត្រូវគេមើលឃើញថានៅឆ្ងាយនៅឡើយ ខណៈដែលប្រទេសកំពុងប្រឈមជាក់ស្តែងជាមួយថៃរឿងព្រំដែនជាច្រើនចំណុចចាប់តាំងពីតំបន់មុំបីរហូតដល់ប្រាសាទ តាមាន់ តាក្របី និងកោះគុតជាដើម។ ការដែលខ្មែរមិនមានឯកភាពជាតិគ្នាបានពេលនេះ ដោយយោងទៅលើហេតុផលថា វប្បធម៌សន្ទនារវាងអ្នកនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា ត្រូវបានលុបចោលទាំងស្រុងចាប់តាំងពីឆ្នាំ២០១៤មក។ក្រុមអ្នកវិភាគនយោបាយកម្ពុជាយល់ឃើញថាកង្វះឯកភាពជាតិជាហេតុធ្វើឲ្យសត្រូវមើលងាយ បាត់បង់ផលប្រយោជន៍រួម និងអាចធ្វើឲ្យប៉ះពាល់ដល់ការដាក់បណ្តឹងទៅកាន់តុលាការអន្តរជាតិ។គួរបញ្ជាក់ដែរថាកាលពីឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់ បានកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ ពីការឈ្លានពានរបស់ថៃ។ នេះក៏ដោយសារពេលនោះ ត្រូវគេមើលឃើញថាកម្ពុជាមានឯកភាពជាតិរឹងមាំ។ទោះយ៉ាងណា សំណុំរឿងជម្លោះព្រំដែនជាមួយថៃនាពេលនេះ ត្រូវអ្នកនយោបាយខ្មែរបដិបក្ខនឹងគ្នា បានបង្ហាញនូវចំណុចរួមមួយ គឺគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីបញ្ចប់នូវវិវាទព្រំដែនដ៏រុាំរ៉ៃជាមួយថៃ តាមលំនាំឆ្នាំ១៩៦២៕
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានណែនាំឲ្យក្រសួងវប្បធម៌ និងសមត្ថកិច្ចពាក់ព័ន្ធសិក្សាឡើងវិញ និងពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះនៅក្នុងរមណីយដ្ឋានអង្គរ។ ការណែនាំរបស់នាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងវប្បធម៌ដែលមានអាជ្ញាធរជាតិអប្សរាជាសេនាធិការសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការសិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមនូវប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ពិសេសរមណីយដ្ឋានអង្គរដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរចំពោះគ្រោះធម្មជាតិ ដូចជារន្ទះជាដើមដែលកាន់តែមានសភាពខ្លាំងជាងមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ការណែនាំរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងតែ១សប្តាហ៍ ក្រោយហេតុការណ៍រន្ទះបាញ់មួយនៅក្នុងបរិវេណរមណីយដ្ឋានអង្គរដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន។បាតុភូតរន្ទះបាញ់នៅប្រាសាទអង្គរវត្តមួយនេះត្រូវបានមហាជនបង្ហាញចេញនូវភាពចម្រូងចម្រាសមតិគ្នាជាមួយនឹងមន្ត្រី និងអ្នកគាំទ្ររដ្ឋាភិបាលដែលមិនចង់ឲ្យមានការផ្សព្វផ្សាយព័ត៌មានបាតុភូតធម្មជាតិនេះ។ តែមហាជនខ្មែរមួយចំនួនទៀតចង់ឲ្យអាជ្ញាធរទទួលស្គាល់ការពិត ជាជាងលាក់លៀម។ទោះយ៉ាងណា រន្ទះបាញ់នៅអង្គរបានបង្កើតជាសំណួរ និងចម្ងល់នៅក្នុងចំណោមមហាជនដែលថា តើតំបន់ប្រាសាទអង្គរមានបានដាក់ប្រព័ន្ធការពាររន្ទះ ឬក៏មិនមាន?។ តែតាមរយៈការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបានឆ្លុះបញ្ជាំងថា កន្លងទៅ ស្ថាប័នអាជ្ញាធរជាតិអប្សរា រួមទាំងក្រសួងវប្បធម៌ក៏មានការរៀបចំប្រព័ន្ធការពារគ្រោះធម្មជាតិគ្រប់ប្រភេទដែរ តែគ្រាន់នៅមានចន្លោះប្រហោង។ជាការពិត មិនមានអ្វីល្អឥតខ្ចោះទេនៅលើលោកនេះ។ តែអ្វីដែលសំខាន់ គឺការហ៊ានទទួលស្គាល់ការពិតនៅចំពោះហេតុការណ៍ដែលបានកើតឡើងដោយអចេតនា និងដែលជាគ្រោះធម្មជាតិមិនអាចគេចបាន។ ដូច្នេះ បញ្ហារន្ទះបាញ់នៅតំបន់អង្គរ គឺជាមេរៀនដែលអាជ្ញាធរត្រូវយកជាបទពិសោធន៍ក្នុងស្មារតីការពារជាមុន ប្រសើរជាងការព្យាបាលជាក្រោយ។ជាការកត់សម្គាល់ គ្រោះធម្មជាតិរន្ទះបាញ់ដ៏កម្រនៅក្នុងប្រាសាទអង្គរពេលនេះបានឆ្លុះបញ្ចាំងពីកង្វះខាតនៅក្នុងការប៉ាន់ស្មានស្ថានការណ៍ជាមុន ខណៈអ្នកធ្វើការងារលើវិស័យទេសចរណ៍នានាកំពុងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាអង្គរវត្តដូចមុនផ្ទុះវិបត្តិជំងឺកូវីដ១៩។សូមរម្លឹកជូនថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលជាសេនាធិការរបស់ក្រសួងវប្បធម៌ រមណីយដ្ឋានអង្គរដែលមានទំហំ ៤០០គីឡូម៉ែត្រការ៉េត្រូវបានអភិវឌ្ឍន៍ អភិរក្ស និងកែលម្អឲ្យប្រសើរឡើងជាបន្តបន្ទាប់។អាជ្ញាធរជាតិអប្សរាបាន និងបន្តធ្វើការងារសំខាន់ៗជាច្រើនដូចជា ការជួសជុលប្រាសាទ ជួសជុលរូបចម្លាក់ និងស្ពានហាល ការស្តារស្រះ ការស្រាវជ្រាវបុរាណវិទ្យា ការថែទាំដើមឈើ និងព្រៃ បង្កើតភ្នាក់ងារសង្គ្រោះបឋម និងការបង្កើតសេវាធ្វើដំណើរកម្សាន្តសប្បាយផ្សេងៗនៅក្នុងតំបន់អង្គរជាដើម។ទោះជាយ៉ាងនេះក្តី រន្ទះបាញ់នៅប្រាសាទអង្គរថ្មីៗកន្លងទៅអាចចាត់ទុកជាភាពចន្លោះប្រហោង និងជាមេរៀនដែលត្រូវមានការប្រុងប្រយ័ត្នជាមុន ពិសេសទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាព មិនចំពោះតែនៅតំបន់អង្គរតែមួយនោះទេ។មួយវិញទៀត ការបង្ហាញពីតម្លាភាពចំពោះភាពចន្លោះប្រហោងដោយអចេតនា គឺជាការទទួលខុសត្រូវមួយប្រកបដោយកិត្តិយសដើម្បីបង្កើតឲ្យមានទំនុកចិត្តពីមហាជន ក៏ដូចពីទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីតំបន់អង្គរ ទីកន្លែងផ្សេងដែលមហាជនចង់ឃើញមានស្វ័យការពារសុវត្ថិភាពពីគ្រោះធម្មជាតិដែរនោះ គឺកន្លែងកម្សាន្ត រមណីយដ្ឋាន ឬទីប្រជុំជនផ្សេងៗទៀត ដោយមិនចាំបាច់មានអនុសាសន៍ពីនាយករដ្ឋមន្ត្រី៕
ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជា«ទិវាជាតិនៃការចងចាំ»។ ទិវាជាតិនៃការចងចាំនេះត្រូវបានរដ្ឋាភិបាល និងអាជ្ញាធរដែនដីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធដល់ប្រជាជនខ្មែរជិត ២លាននាក់ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។ រដ្ឋាភិបាល និងគណបក្សប្រជាជនបានឲ្យតម្លៃថ្ងៃ២០ ឧសភា ជាថ្ងៃដែលត្រូវចងកំហឹងឈឺចាប់ធំជាងថ្ងៃ១៧ មេសា ដែលពួកខ្មែរក្រហមឡើងកាន់អំណាច។ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា«ទិវាចងកំហឹង» ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផនដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនខ្មែរ ហើយទិវាមួយនេះត្រូវបានប្រារព្ធធ្វើចាប់តាំងពីឆ្នាំ ១៩៨៤ មក។ តែនៅក្រោយឆ្នាំ ១៩៩៣ រដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ និងក្រោយមកទៀតបានប្តូរទៅជា « ទិវាជាតិនៃការចងចាំ »។នៅក្នុងសារលិខិតមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញផ្សាយនាថ្ងៃទី១៩ ខែឧសភានេះ ការកំណត់យកថ្ងៃទី២០ ឧសភា ជាទិវាជាតិនៃការចងចាំមានចំណុចពីរសំខាន់ ទី១ ថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត «សហករណ៍» ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គីដោយលុបបំបាត់កម្មសិទ្ធិឯកជននៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ចំណុចសំខាន់ទី២ មុនពេលឈានដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំខ្មែរក្រហម ប៉ុល ពត និងនួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ក្នុងនោះមានការជម្លៀសមនុស្សដោយបង្ខំពីទីក្រុង ធ្វើការដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារ និងសហករណ៍ ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាដើម។ ប្រជាជនស្លូតត្រង់ប្រមាណជិត ២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ផ្ទុយពីរដ្ឋាភិបាល និងមេដឹកនាំគណបក្សកាន់អំណាច សកម្មជន និងអ្នកនយោបាយប្រឆាំង ពិសេសអ្នកនៅក្រៅប្រទេសបានចាត់ទុកថ្ងៃទី១៧ មេសា ដែលពួកខ្មែរក្រហមឡើងកាន់អំណាចជាថ្ងៃសំខាន់ដែលត្រូវរំលឹក និងចងចាំ។នៅចំពោះមុខស្តូបតម្កល់លលាដ៍ឆ្អឹងជនរងគ្រោះជាង ២ម៉ឺននាក់ដែលត្រូវបានសម្លាប់នៅវាលពិឃាតបឹងជើងឯកក្នុងសម័យខ្មែរក្រហម គណបក្សប្រឆាំងក៏ធ្លាប់បានរៀបចំពិធីជួបជុំ បង្សុកូល និងរាប់បាត្រ ឧទ្ធិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែរ។ ទន្ទឹមគ្នានេះ គណបក្ស និងអ្នកនយោបាយប្រឆាំងមិនភ្លេចរម្លឹកដល់ព្រឹត្តិការណ៍ថ្ងៃ១៧ មេសា ១៩៧៥ ដែលជាថ្ងៃខ្មែរក្រហមឡើងកាន់អំណាច និងក៏ជាថ្ងៃផ្តើមឲ្យមានការធ្វើទារុណកម្ម និងការសម្លាប់ជីវិតពលរដ្ឋខ្មែរយ៉ាងរង្គាលអស់ជិត ២លាននាក់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។កន្លងមក អ្នកនយោបាយរបស់គណបក្សកាន់អំណាចក៏ធ្លាប់បានរំលឹកព្រឹត្តិការណ៍ថ្ងៃ១៧ មេសាដែរ គ្រាន់តែមិនមានរៀបចំពិធី ឬមិទ្ទិញអ្វីផ្លូវការក្រៅពីការលើកឡើងតាមរយៈបណ្តាញសង្គមពីអនុស្សាវរីយ៍ដ៏ជូរចត់ដែលបានឆ្លងកាត់ក្នុងរបបដ៏ព្រៃផ្សៃដឹកនាំដោយ ប៉ុល ពត ទេ។សម្រាប់ថ្ងៃ២០ ឧសភា ថ្នាក់ដឹកនាំ និងអ្នកនយោបាយគណបក្សប្រជាជនកម្ពុជាតែងបានគូសបញ្ជាក់ថាជាថ្ងៃដែលគេត្រូវរៀបចំពិធីរំលឹកដោយមិនអាចបំភ្លេចបាន។ ជារៀងរាល់ឆ្នាំ ទោះតូច ឬធំក្តី គណបក្សកាន់អំណាចតែងរៀបចំពិធីនេះដោយចាត់ទុកជាថ្ងៃកាន់ទុក្ខជាប្រវត្តិសាស្ត្រ។ទោះជាយ៉ាងនេះក្តី ថ្ងៃ១៧ មេសា និងថ្ងៃ២០ ឧសភា ត្រូវបានគ្រប់គ្នាចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រដូចគ្នា ព្រោះវាបានធ្វើឲ្យប្រទេស និងប្រជាជនកម្ពុជាក្រឡាប់ចក្រ វិនាសព្រាត់ប្រាស់ បាត់បង់អាយុជីវិត និងត្រូវហែលនៅក្នុងសោកនាដកម្មដ៏ខ្លោចផ្សារជាទីបំផុត៕
នៅក្នុងចំណោមប្រធានរឿងដ៏រសើបនៅក្នុងនយោបាយខ្មែរ បញ្ហាព្រំដែនគឺជាចំណុចក្តៅមួយដែលអ្នកនយោបាយ និងសកម្មជនលើកយកមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នា ពិសេសការដាក់បន្ទុករបស់ក្រុមអ្នកនយោបាយប្រឆាំងទៅលើរដ្ឋាភិបាល។ តែប្រធានបទព្រំដែននេះអាចនឹងធូរស្រាលវិញរវាងខ្មែរ និងខ្មែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាមួយប្រទេសជិតខាង។ ជាទូទៅ បញ្ហាព្រំដែនទាំងព្រំដែនកម្ពុជាជាមួយវៀតណាម និងជាមួយថៃបានក្លាយជាប្រធានបទនយោបាយដ៏សកម្មនៅក្នុងប្រទេសកម្ពុជា។ ស្ងប់ស្ងាត់បន្តិចទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមតាមរយៈតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) តែកំពុងពុះកញ្ជ្រោលនៅព្រំដែនភាគខាងលិចរវាងកម្ពុជា និងថៃ។ ព្រំដែនកម្ពុជា-ថៃដែលមានប្រវែងជាង ៨០០គីឡូម៉ែត្រ និងដែលនៅមានចំណុចសំខាន់ៗមួយចំនួនត្រូវបានអ្នកនយោបាយលើកយកមកធ្វើជារបៀបវារៈក្នុងការស្អំកម្តៅនោះ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ដែនទឹកត្រួតស៊ីគ្នា និងកោះគុត។កោះគុតអាចជាប្រធានបទដំបូងដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០២៤ បន្ទាប់ពីបញ្ហាព្រំដែនត្រូវបានបង្វែរពីតំបន់ CLV-DTA ជាប់វៀតណាម។ អ្នកនយោបាយប្រឆាំង និងពលរដ្ឋខ្មែរជាតិនិយមខ្លះបានលើកយកបច្ចុប្បន្នភាពនៃកោះគុតមកចោទសួរ និងផុសតាមបណ្តាញសង្គម។ ចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មក ប្រាសាទតាមាន់ធំបានក្លាយជាចំណុចចាប់អារម្មណ៍ថ្មីមួយទៀត ក្រោយមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃបន្ទាប់ពីទាហានថៃបានហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យច្រៀងចម្រៀងជាតិនៅលើប្រាសាទតាមាន់ធំ។ តែកាលពីពេលថ្មីៗនេះ ប្រាសាទតាមាន់ធំហាក់បានវិលមករកស្ថានភាពដើមវិញ តាមរយៈការសម្រួលឲ្យមានទាហានឈរជើងនៅទីនោះពីភាគីកម្ពុជា និងថៃម្ខាងៗ ៥នាក់។សំណុំរឿងព្រំដែនធំៗជាមួយថៃទាំងនេះជាឱកាសផ្តល់ឲ្យអ្នកនយោបាយ ក៏ដូចជាអ្នកជាតិនិយមខ្មែរ និងថៃមិនទុកចិត្តលើមេដឹកនាំនៃប្រទេសទាំងពីរទាក់ទងនឹងដំណោះស្រាយដែលពួកគេចង់ឲ្យរដ្ឋាភិបាលទាញយកឈ្នះរៀងៗខ្លួន។ តែគេបានសង្កេតឃើញថា របៀបរបបនៃការធ្វើការរបស់កម្ពុជាលើកិច្ចការព្រំដែនជាមួយប្រទេសជិតខាងហាក់ត្រូវបានអនុវត្តខុសពីលើកមុន។ ខុសពីមុនដោយសាររដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានច្រើនដែលជាការវិវត្តន៍ថ្មីៗបំផុតពីដំណោះស្រាយព្រំដែនឲ្យសារធារណជនបានដឹង ពិសេសជាមួយថៃរឿងកោះគុត និងរឿងប្រាសាទតាមាន់ធំ។ចំណែកនៅខាងថៃ មេដឹកនាំតែងបានបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយពីស្ថានភាពច្បាស់លាស់នៃតំបន់ជម្លោះជាមួយកម្ពុជាដែលធ្វើឲ្យអ្នកជាតិនិយម និងអ្នកនយោបាយប្រឆាំងថៃមានការស្ងប់ចិត្ត។ រីឯនៅកម្ពុជា អ្នកនយោបាយ និងអ្នកជាតិនិយមខ្មែរមួយចំនួនមិនទាន់ស្ងប់ចិត្តដូចថៃនៅឡើយ ព្រោះពួកគេចង់ស្តាប់ការបញ្ជាក់ច្បាស់ៗចេញពីមាត់មេដឹកនាំខ្មែរដូចដែលមេដឹកនាំថៃបានថ្លែងប្រាប់ពលរដ្ឋខ្លួន។ ចំណុចនេះធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត រិះគន់ក្រុមប្រឆាំង ពិសេសអ្នកនៅក្រៅប្រទេសថាបានតែមាត់ និងតាំងខ្លួនជាអ្នកស្នេហាជាតិ ដោយចង់រុញឲ្យផ្ទុះសង្គ្រាមរវាងកម្ពុជា និងថៃ នៅចំណុចព្រំដែនដូចជាប្រាសាទតាមាន់ធំជាដើម។ទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីរូបភាពនៃការប្រឹងប្រែងរបស់ខ្លួនដែរ។ តាមរយៈពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយជាមួយថៃ ប្រសិនបើមានការបំពានណាមួយដោយប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងយោធាផង។ តាមរយៈការដំឡើងសំឡេងខ្លាំងៗរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជាសាធារណៈដូច្នេះត្រូវបានគេមើលឃើញថា គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មេដឹកនាំខ្មែរក្នុងការទទួលស្គាល់អធិបតេយ្យភាពនៃទឹកដីរបស់ខ្លួននៅតំបន់ជម្លោះជាមួយថៃ គ្រាន់តែថាមិនបានបញ្ជាក់ចំៗឈ្មោះ និងទីតាំងប៉ុណ្ណោះ។កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សំណុំរឿងកោះគុតត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអះអាងថា គឺនៅតែបន្តចរចា ពោលមិនទាន់មានការឯកភាពគ្នានៅឡើយទេ។ លើសពីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាក៏បានបង្ហាញពីការងារសកម្មភាពរបស់ខ្លួន ដោយចុះទៅតាមបន្ទាត់ព្រំដែន និងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)រវាងកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ។ ដំណាលគ្នានេះ កងទ័ពកម្ពុជា-និងថៃដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរក៏បានបើកកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ទាក់ទងទៅនឹងគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ជារួម បញ្ហាព្រំដែនជារបៀបវារៈធំទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនឹងក្លាយជារបៀបវារៈនយោបាយសំខាន់ និងរសើបនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។ ដូច្នេះ ទាំងរដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាច និងគណបក្សប្រឆាំង តោងមានភាពប្រាកដប្រជាចំពោះរឿងព្រំដែននេះ ដោយហេតុថាវានឹងប៉ះពាល់ដល់ប្រជាប្រិយភាព និងទំនុកចិត្តរបស់ពលរដ្ឋ ប្រសិនបើគេមើលទៅឃើញការលើកឡើងរបស់អ្នកនយោបាយប្រឆាំងមានភាពខុសឆ្គង។ ចំពោះភាគីអ្នកកាន់អំណាចក៏ដូចគ្នាដែរ ប្រជាប្រិយភាព និងជំនឿទុកចិត្តរបស់រដ្ឋាភិបាលនឹងរងផលប៉ះពាល់ ប្រសិនបើលទ្ធផលការងាររបស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនមិនដូចអ្វីដែលបានអះអាង និងប្តេជ្ញាចិត្តនៅចំពោះមុខមហាជននោះ៕
បន្ទាប់ពីទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ជាង ១ឆ្នាំមកហើយដែលលោកហ៊ុន ម៉ាណែតបានដឹកនាំប្រទេស តែក្នុងក្រសែភ្នែករបស់កាសែតបរទេស ទោះបីជាកម្ពុជាមានលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនដែលទទួលបានការរៀនសូត្រជ្រៅជ្រះពីលោកខាងលិចក៏ដោយក៏លោកហ៊ុន សែនដែលជាឪពុកនៅតែមានឥទ្ធិពលខ្លាំងក្លានៅក្នុងនយោបាយកម្ពុជា។ ក្រោយឈ្នះការបោះឆ្នោតឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសតែងតាំងលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក គឺលោកហ៊ុន សែនដែលបានកាន់អំណាចនៅកម្ពុជាជិត ៤០ឆ្នាំ។ ក្នុងនាមជាអ្នកបន្តវេនដែលទទួលបានការសិក្សា រៀនសូត្រជ្រៅជ្រះពីលោកខាងលិច លោកហ៊ុន ម៉ាណែតជាក្តីសង្ឃឹមថ្មីមួយសម្រាប់ការដឹកនាំប្រទេសកម្ពុជានៅក្នុងសម័យទំនើប។ តែក្រោមក្រសែភ្នែករបស់ក្រុមអ្នកប្រឆាំង រួមទាំងកាសែតបរទេសមួយចំនួន លោកហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាឪពុកនៅតែមានឥទ្ធិពល និងនៅជាអ្នកដែលកំពុងបន្តគូសវាសខ្សែបន្ទាត់នយោបាយរបស់កម្ពុជាដដែល។តាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានបារាំង AFP ថ្ងៃទី១៤តុលា លោកហ៊ុន ម៉ាណែតនៅតែស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់ឪពុក។ ការហ៊ានលើកឡើងយ៉ាងដូច្នេះដោយ AFP ដោយសំអាងថា ក្នុងរយៈពេល ១៤ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ាណែតនៅមិនទាន់បានធ្វើសន្និសីទកាសែតជាចំហរ នៅមិនទាន់បានដោះស្រាយបញ្ហាប្រឈមដែលកម្ពុជាកំពុងពើបប្រទះ ពិសេសពីការរក្សាតុល្យភាពអំណាចចិន និងលោកខាងលិច។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានកត់សម្គាល់ឃើញទៀតថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវថ្មីៗនេះ នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជាមានចេតនាមិនចង់បង្ហាញមុខមាត់ ឬកិត្តិនាមរបស់ខ្លួនដោយគេចវេសមិនធ្វើអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយណាទាំងអស់ មិនថាទាក់ទងនឹងជំនួបក្នុងក្របខណ្ឌអាស៊ាន ឬក្រៅក្របខណ្ឌអាស៊ាន។ផ្ទុយទៅវិញ និងបើតាម AFP ដដែល ឪពុកលោកហ៊ុន ម៉ាណែត គឺលោកហ៊ុន សែនបែរជាសកម្មក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្ហាញការខ្វល់ខ្វាយទៅលើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាទៅវិញ។ ទន្ទឹមគ្នានោះ លោកហ៊ុន សែនក៏បានបញ្ចេញប្រតិកម្មតបចំៗទៅលើសំឡេងប្រឆាំងក្នុងសំណុំរឿងដ៏ចម្រូ​ងចម្រាសស្តីពីគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA រួមទាំងបានចង្អុលឱ្យមានការអនុវត្តទោសទណ្ឌទៅលើអ្នកប្រឆាំងជាចំហទៀតផង។ គួរបញ្ជាក់ថា ក្រោយពីបានផ្ទេរអំណាចទៅឱ្យ​កូនកាលពីជាង ១ឆ្នាំមុន លោកហ៊ុន សែនដែលបានកាច់ចង្កូតប្រទេសកម្ពុជាជិត ៤ទសវត្សរ៍កំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភា។សម្រាប់អ្នកវិភាគនយោបាយមួយចំនួន ការចាកចេញពីតំណែងនាយករដ្ឋមន្រ្តីទៅដឹកនាំស្ថាប័នព្រឹទ្ធសភារបស់លោកហ៊ុន សែន គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចរបស់កូន គឺលោកហ៊ុន ម៉ាណែត។ តើអ្វីដែលក្រុមអ្នកប្រឆាំង រួមទាំងអ្នកវិភាគនយោបាយបានលើកឡើង និងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួនពេលនេះ ជារឿងគួរឱ្យ​ចំឡែក និងជារឿងគួរឱ្យ​ឆ្ងល់ដែរ ឬទេ?។ សម្រាប់លោកប៉ែន បូណាដែលជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា គឺជារឿងធម្មតាដែលមិនគួរឱ្យឆ្ងល់សោះឡើយចំពោះការដែលលោកហ៊ុន ម៉ាណែតដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយលោកហ៊ុន សែន។ជារឿងធម្មតា និងមិនគួរឱ្យឆ្ងល់ដោយលោកប៉ែន បូណាពន្យល់ថា លោកហ៊ុន ម៉ាណែតគឺជាអ្នកបន្តវេនចេញពីគណបក្សប្រជាជនកម្ពុជាដែលមានលោកហ៊ុន សែនជាប្រធានបក្ស។ តាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល លោកហ៊ុន ម៉ាណែតមិនមែនជាមនុស្សកំណាញ់សម្តីទេ ពោលគឺជាមេដឹកនាំបើកចំហដែលតែងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋជាប់ជាប្រចាំស្តីពីបញ្ហាក្នុងស្រុក ឬបញ្ហាអន្តរជាតិនានា។ លោកប៉ែន បូណាបានបន្ថែមថា គ្មាននរណាអាចធ្វើបានដូចនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នទេ បើនិយាយពីការថ្លែងសារជាសាធារណៈ ក្នុងនោះក៏មានសារជាសំឡេង និងសារជាសំណេរនៅតាមបណ្តាញទំនាក់ទំនងសង្គម។ពិតណាស់ ក្រោមភ្នែកចម្រុះរបស់ក្រុមអ្នកប្រឆាំង អ្នកវិភាគនយោបាយខ្លះ និងកាសែតបរទេសមួយចំនួន ការផ្ទេរអំណាចពីឪពុកទៅកូន និងការដែលកូនដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយឪពុកជារឿងដែលមិនគួរមាន និងពិបាកទទួលយក។ តែគេមិនត្រូវភ្លេចចោទជាសំណួរត្រឡប់វិញថា តើវាមិនមែនជារឿងល្អទៅវិញទេឬដែលមានឪពុកជួយគូសវាស និងតម្រែតម្រង់ផ្លូវឱ្យ​កូនដើរនោះ?។ ចូរកុំភ្លេចថានៅក្នុងរដ្ឋាភិបាលថ្មីសព្វថ្ងៃ ក្រៅពីលោកហ៊ុន ម៉ាណែតដែលបានស្នងតំណែងពីឪពុក គេក៏ឃើញមានថ្នាក់ដឹកនាំច្រើននាក់ផ្សេងទៀតបានស្នងតំណែងពីឪពុកដែរ ដូចជាលោកទៀ សីហា ឬលោកស សុខា។សម្រាប់ពលរដ្ឋខ្មែរមួយចំនួនធំ អ្វីដែលសំខាន់មិនមែននៅត្រង់ថា អ្នកណាស្នងតំណែងពីអ្នកណា ឬអ្នកណាផ្ទេរតំណែងឱ្យ​ទៅអ្នកណានោះទេ។ អ្វីដែលសំខាន់ គឺស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍប្រទេស ព្រោះចូរកុំភ្លេចថា កម្ពុជា និងពលរដ្ឋខ្មែរធ្លាប់បានឆ្លងកាត់សង្រ្គាម និងដូចជាឆ្អែតឆ្អន់ លែងចង់ឃើញសង្រ្គាមផ្ទុះឡើងជាថ្មីទៀតឡើយ។ ដូច្នេះសម្រាប់លោកហ៊ុន សែនក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន រួមទាំងគណបក្សប្រជាជនដែលបានក្តោបក្តាប់អំណាចសឹងផ្តាច់មុខ ការការពារសន្តិភាព និងស្ថិរភាពនយោបាយបច្ចុប្បន្នជារឿងអាទិភាពមិនអាចចៀសរួច ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយចុះ៕​
ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​ ព្រម​ទាំង​ជំនឿ​លើ​លទ្ធិ​ឥត​មូលដ្ឋាន​ផ្សេង​ៗ​ទៀត​។ នេះ​ជា​ទំនៀម​ទម្លាប់​ដែលដូន​តា​ខ្មែរ​បន្សល់​ទុក​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ប៉ុន្តែពលរដ្ឋ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ព្រោះ​ជំនឿ​អរូបិយដែល​គ្មាន​ឫស​គល់ និង​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ច្បាស់​លាស់ គឺ​ជា​ហានិភ័យ​មួយ សម្រាប់ពលរដ្ឋ និង​សង្គម​ជាតិ ប្រសិន​​បើ​ការ​ជឿ​នោះ ​មិន​បានឆ្លង​កាត់​ការ​​​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ​នោះ​។  ជំនឿ​អរូបិយ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​យូរ​ជាងការ​ចូល​មក​ដល់​នៃ​ព្រហ្មញ្ញ​សាសនា និង ព្រះ​ពុទ្ធ​សាសនា​ទៅ​ទៀត​។ ជន​ជាតិ​ខ្មែរ​ដើម មាន​ជំនឿ​លើ​កម្លាំង​ក្រៅ​ធម្មជាតិ និង កម្លាំង​ក្រៅ​ខ្លួន ​ដែល​ជាទូទៅ​គោរព​បូជា​វត្ថុ​អរូប​ដូច​ជា អាទិទេព ទេវតា អារុក្ខ​អារក្ស និង​អ្នក​តា​នានា​។អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ជំនឿ​អរូបិយ​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ធ្លាប់​ឃ្លាត​ចាក​ទៅ​ណា​ទេ​។ ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ ​នៅ​តែ​មាន​ជំនឿ​លើ​រឿង​អរូបិយ​ដដែល​។ សត្វ​ជ្រូក​ជើង​ប្រាំ សត្វ​គោ​ក្បាល​ពីរ និង​ភាព​មិន​ប្រក្រតី​ខុស​ធម្មជាតិ​ផ្សេង​ៗ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ផ្អើល​អុជ​ទៀន​ធូប​គោរព​បូជា​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ករណី​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​យក​ទៅ​ចុះ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ទៀត​ផង​។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​រឿង​អរូបិយ ករណី​ចម្លែក​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​បារមី​​​សក្តិសិទ្ធ​ខ្លាំង​ពូកែ​ចូល​សន្ធិត។ ហើយ​ការ​អុជទៀន​ធូប​គោរព​បូជា​នានា នឹង​នាំ​មក​នូវ​លាភ​សំណាង​ដល់​ពួក​គេ​។ នេះ​ជា​រឿង​មួយ។ក្រៅ​ពី​ជំនឿ​លើ​ភាព​មិន​ប្រក្រតី​នៃ​ធម្មជាតិ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ថែម​ទាំង​មាន​ជំនឿ​លើ​​​អាគម​អរូបិយ និង​សិល្ប៍​សាស្ត្រវិទ្យាការ​ផ្សេង​ៗ​​ទៀត​ផង​។ ជំនឿ​នេះ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ទៅ​រក​គ្រូ​ទាយ៖ ខ្លះ​ដើម្បី​ជោគ​សំណាងក្នុង​ការងារ​មុខ​របរ ខ្លះ​ដើម្បី​រំដោះ​គ្រោះ​អាក្រក់ ហើយ​ខ្លះ​ទៀត​ទៅ​រក​គ្រូ​ទាយ ដើម្បី​ភាព​សម​បំណង​ក្នុង​រឿង​ស្នេហា​ជា​ដើម​។ជា​ការ​កត់​សម្គាល់ ជំនឿ​លើ​រឿង​អរូបិយ បារមី​សក្តិសិទ្ធ​អស់​ទាំង​នេះ មិន​មែន​មាន​តែនៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​មាន​ចំណេះដឹង​ទាប ខ្វះទី​ពឹង​ពំនាក់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយនោះ​ទេ ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ធន ជាពិសេស​អ្នក​ដែល​ប្រកប​មុខ​របរ​រក​ស៊ី អ្នក​នយោបាយ និង​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ដែល​មាន​តំណែង​ខ្ពស់​មួយ​ចំនួន ក៏​ជឿ​លើ​រឿង​ទាំង​នេះ​ដែរ​។ជំនឿ​អរូបិយ មែន​ទែន​ទៅ គឺ​ជាសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​។ ការ​​​ជឿជាក់​ទៅ​​​​លើ​អារុក្ខ​អារក្ស​អ្នក​តា ឬ​ដាក់​ចិត្ត​ដាក់​ថ្លើម​ជឿ​ទៅ​លើ​គ្រូ​បារ្យ​អាចារ្យ​ណា​មួយ គឺ​ជា​ជំនឿ​ដូច​គ្នា​នឹង​ការ​បូជា​ចំពោះ​ព្រះ​ព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា ឬ​ការ​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ដូច្នោះ​ដែរ​។ ការ​មិន​ជឿ​លើ​សាសនា ឬ លទ្ធិ​ណា​មួយ​សោះ ក៏​ជា​សិទ្ធិ និង​ជា​ជំនឿ​មួយ​ប្រភេទ​ដែរ​។បើ​ទោះ​បី​ជា​វា​ជា​សិទ្ធិ​សេរីភាពរៀង​​ៗខ្លួន​​ក៏​ដោយ ក៏​ពលរដ្ឋ​​ម្នាក់​ៗ​គួរ​តែ​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្នជា​ទី​បំផុត។ ត្រូវ​ប្រយ័ត្ន​ដោយ​ចំពោះ​ជំនឿ​អរូបិយ​តែ​ម្ដង ព្រោះ​ខុស​ពី​សាសនា​ផ្សេង​ៗ ជំនឿ​អរូបិយ​ជា​ទូទៅ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​តាម​រយៈ​បុគ្គល​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់ ដើម្បី​​វាស់ស្ទង់​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ឡើយ​។ ភាព​មិន​ច្បាស់​លាស់​ និង​ជំនឿ​ងប់​ងល់​របស់​ពលរដ្ឋ ផ្ដល់​ឱកាស​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​។នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ជឿ​លើ​វោហាសាស្ត្រ​របស់​អតីត​អ្នក​នយោបាយ​មួយ​រូប ប្រជាពលរដ្ឋ​ជា​ច្រើន ទាំង​នៅ​ក្រៅ​ស្រុក និង​ជា​ពិសេស​បង​ប្អូន​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាំ​គ្នា​វេច​បង្វិច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​តម្រង់​ទៅ​ខេត្ត​សៀមរាប​។ ជា​ទីកន្លែង​តែ​មួយ​គត់​​ដែលអតីត​អ្នក​នយោបាយ គឺ​​លោក ខឹម វាសនា អះអាង​ថា នឹង​រួច​ផុត​ពី​អាសន្ន​ទឹក​លិច​ភព​ផែន​ដី​។ វោហាសាស្ត្រ​របស់​លោក ខឹម វាសនា ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​លោក​។ ប៉ុន្តែ​សិទ្ធិ​បញ្ចេញ​មតិ​នេះ វា​កំពុងបង្ក​ជា​បញ្ហា​ដល់​សង្គម​ជាតិ​ខ្មែរ ព្រោះ​សូម​កុំ​ភ្លេច​ថា ពលរដ្ឋ​ខ្មែរ​ដែល​ជឿ​លើ​ការ​អះអាង​របស់​លោក ខឹម វាសនា ហើយ​នាំ​គ្នាធ្វើ​មាតុភូមិ​និវត្តន៍ នឹង​មិន​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន​ទេ​។ សំខាន់​ជាង​នេះ វា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ ហើយ​ស្រាប់​តែ​វិល​ត្រឡប់​មក​វិញ​ទាំង​មិន​ទាន់​ចប់​កុងត្រា​។​ក្រៅ​ពី​រឿង​លោក ខឹម វាសនា គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​ទៀត ​ជុំ​វិញ​ករណី​បុគ្គល​មួយ​ចំនួន ដែលឆ្លៀត​ឱកាស​យក​ជំនឿ​អរូបិយ​របស់​ពលរដ្ឋ មក​ធ្វើ​អាជីវកម្ម​ស្វែង​រក​ផល​ប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា​ករណី​អតីត​​ចៅ​អធិការ​វត្ត​ស្រះ​ចក នេត ខៃ ដែល​បាន​លួច​ថត​រូប​អាស​អាភាស​របស់​ស្ដ្រី​មិន​តិច​ជាង​៦០០​នាក់​ឡើយ នៅ​ពេល​ពួក​គេ​មក​​ស្រោច​ទឹក​មន្ត​នៅ​វត្ត​ស្រះ​ចក។ និង​ករណី បុរស​ឈ្មោះ​ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះ​សិអារ្យ​មេត្រិយ៍ ស្លៀក​ស ពាក់​ស នៅ​វត្ត​ទួល​ព្រះ​រាជា ហើយ​បង្គាប់​ឲ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ខ្លួន​ជា​ដើម​។​តាម​រយៈ​ករណី​ទាំង​នេះ យើង​ឃើញ​ថា ទង្វើ​បោក​បញ្ឆោត​ដោយ​ឈរ​លើ​ជំនឿ​អរូបិយ​ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើងបុគ្គល​ដែល​សាច​ព្រាច​ជំនឿ​អរូបិយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ណាស់ ខណៈពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំង​នោះ។ ហើយ​​ជា​លទ្ធផល វា​​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាត​បង់​ពេល​វេលា​និង​ប្រាក់​កាស​នោះ​ឡើយ​។សរុប​មក​វិញ បើ​ទោះ​បី​ជា​ជំនឿ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក៏​ដោយ ក៏​ពលរដ្ឋ​គួរ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ ការជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫស​គ្មាន​គល់ និង គ្មាន​មូលដ្ឋាន​រឹង​មាំ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាត​បង់ពេលវេលា​និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ វិនាស​ខូច​ខាត​ដល់​ខ្លួន​ឯង​ ​គ្រួសារ និង​សង្គម​ជាតិ​​ថែម​ទៀត៕
ប្រតិកម្ម​ចម្រុះ​ធ្លាក់​មក​ព្រោង​ព្រាត ក្រោយ​ពី​កម្ពុជា​សម្រេច​បង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជា​ការ​ចាក់​សាំង​ថែម​ពី​លើ​ភ្លើង អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន បាន​យក​រឿង​នេះ ទៅ​ភ្ជាប់​ជាមួយ​សំណុំ​រឿង​ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​និង​កោះ​ត្រល់​ទៅឲ្យ​វៀតណាម ហើយ​​បង្កទៅ​​ជា​ការ​ជជែក​ស្រួចស្រាល់​លើ​បណ្ដាញ​សង្គម​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ សិក្សា​ពី​ទំនាក់​ទំនងរវាង​ជនជាតិ​ខ្មែរ​និង​វៀតណាម។ តើ​ហេតុ​អ្វី​បាន​ជា​​ជន​ជាតិ​ខ្មែរ​ខ្លះ មិន​ទុក​ចិត្ត​វៀតណាម ហើយ​ចាត់​ទុក​ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​ថា​​ជាចោរ​លួច​ទឹក​ដី​ខ្មែរ​? ទស្សនៈ «ស្អប់» វៀតណាម គឺ​ជា​ជំងឺ​ត​ជំនាន់​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ជំងឺ​នេះ ទំនង​ជា​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ឡើយ​។ នៅ​ក្នុង​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​មួយ​ចំនួន វៀតណាម ឬ យួន កំពុង​តែ​លេប​ត្របាក់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​ប្រជាពលរដ្ឋ​វៀតណាម​មក​រស់​នៅ រកស៊ី​ដោយ​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ​ និង​ការ​វាត​យក​ទឹក​ដី​ខ្មែរ​នៅ​តាម​ខ្សែ​ព្រំដែន​។ ទស្សនៈ​នេះ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​មនុស្ស​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​​ប្រជាពលរដ្ឋ​ធម្មតា អ្នក​នយោបាយ និង​បណ្ឌិត​ផង​ដែរ​។គំនិត​អគតិ​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ជនជាតិ​វៀតណាម​ដូច្នេះ មិន​មែន​ជា​រឿង​ថ្មី​​ឡើយ​។ មិន​ថ្មី​​ព្រោះ​ខ្មែរ​និង​វៀតណាម មាន​ប្រវត្តិ​ជូរ​ចត់​រួម​គ្នា​ជា​ច្រើន​ជំនាន់​មក​ហើយ គឺ​​ចាប់​តាំង​ពី​​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៥ ដែល​ដែន​ដី​ខ្មែរត្រូវ​​លេប​ត្របាក់ដោយ​​សៀម​នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាង​កើត ដែល​បច្ចុប្បន្ន​ជា​ប្រទេស​វៀតណាម។នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម បាន​កាត់​យក​ទឹក​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​ពី​ខ្មែរ និង​​បាន​លើក​បន្តុប​ក្សត្រិយ អង្គម៉ី ឲ្យ​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​ខ្មែរ​។ ក្រោម​ខ្សែ​ញាក់​របស់​នគរ​អាណ្ណាម ក្សត្រិយ អង្គម៉ី បាន​ព្យាយាម​បំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។ ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម​ដោយ​ឥតរើសមុខ​។ ​ការ​បះបោរ​ប្រឆាំង​អាណ្ណាម ឬ វៀតណាម​លើក​នោះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ចាប់​តាំង​ពី​ពេល​នោះ មក អំពើ​ហិង្សា និង​ការ​លាប​ពណ៌ ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​កើត​មាន​ជា​បន្ត​បន្ទាប់និងខ្លាំង​ឡើង​ៗ រាប់​ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​រដ្ឋ​កម្ពុជា និង​សម័យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២​សព្វ​ថ្ងៃ​។សម្រាប់​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​នៅ​តែ​​ជាសភាវៈ​អាក្រក់ ជា​ចោរ​លួច​ទឹក​ដី​ខ្មែរ ហើយ​ព្យាយាម​ដាក់​អាណានិគម​លើ​ប្រទេស​​ខ្មែរ​​។ វៀតណាម​គឺ​ជា​មូលហេតុ​ដែល​ទឹក​ដី​ខ្មែរ​រួម​តូច​ដូច​សព្វ​ថ្ងៃ​។ ជនជាតិ​វៀតណាម​គឺជា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស​។ ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួនឈឺ​ច្រើន ក៏​ដោយ​សារ​តែ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ចំណែក​ជន​ជាតិ​ខ្មែរ​ដែល​មិន «អគតិ» ជាមួយ​ជនជាតិ​វៀតណាម ជា​រឿយ​ៗ ​ត្រូវ​បាន​លាបពណ៌​ថា​ជា​ជនជាតិ​វៀតណាម​ដែរ​។ទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​​វៀតណាម គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ ដែល​កម្ពុជា​​ត្រូវ​ដោះ​ស្រាយ មុន​ពេល​វា​វិវត្ត​ក្លាយ​ទៅ​ជា​ការ​រើស​អើង​​ប្រឆាំង​ពូជ​សាសន៍​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាងទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​វៀតណាម គឺការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ថា​ជា​វៀតណាម​។ តើ​មិន​មែន​ដោយ​សារ​តែ​ការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​នេះ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ខ្មែរបែក​បាក់​​គ្នា ​គុំ​គួន​សង​សឹក​គ្នា មើល​មុខ​គ្នា​មិន​ត្រង់ និង​បាត់​បង់​មោទនភាព​ជាតិ អស់​ជា​ច្រើន​ទសវត្សរ៍​? ហើយ​ថា​តើ​វា​គួរ​តែ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​ខ្មែរ​គួរ​តែ​បញ្ឈប់​ការ​​លាប​ពណ៌​គ្នា​ថា​ជាជនជាតិ​​វៀតណាម​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​? ទាំង​នេះ​ជា​សំណួរ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ត្រូវ​ផ្ដល់​ចម្លើយ​។ជា​ការ​ពិត ការ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​ថា​ជា​វៀតណាម មិន​មែន​មាន​ន័យ​ថា​ខ្មែរ​ត្រូវ​តែ​ឈប់​ខ្វាយ​ខ្វល់​ពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​នៅ​កម្ពុជា​ទេ​។ ខ្មែរ​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន តាម​រយៈ​ការ​រួប​រួម​គ្នា​។ ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ សាមគ្គី​ភាព​ជាតិ​នឹង​អាច​ឈាន​ទៅ​​ដោះ​ស្រាយ​បញ្ហា ជា​ជាង​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ ដោយ​ចោទដាក់​​គ្នា​ថា​ជា «យួន»៕
គិត​ត្រឹម​ឆ្នាំ​២០២២​នេះ វា​មាន​រយៈ​ពេល​៤២​​ឆ្នាំ​ហើយ ​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។ ៤២​​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា ​ការ​ចរាចរ​ប្រាក់​រៀល​​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ការ​ចាយ​​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បើ​ទោះ​បី​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​ប្រាក់​រៀល​យ៉ាង​ណា​ក៏​ដោយ​។ តើ​ហេតុ​អ្វី​ទើប​គេ​គួរ​នាំ​គ្នា​ចាយ​លុយ​រៀល​នៅ​លើ​ទីផ្សារ? រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ប្រទេស​ភាគ​ច្រើន​លើ​សកល​លោក គឺ​មាន​តែ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ចរាចរ​នៅ​លើ​ទី​ផ្សារ​បាន​។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​។ ពោល​គឺ កម្ពុជា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ មិន​មែន​ប្រើ​ប្រាស់​តែ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ​នោះ​ទេ​។នៅ​ភាគ​ខាង​កើត ខេត្ត​ខ្មែរ​ដែល​ជាប់​ព្រំ​ដែនប្រទេស​វៀតណាម ​និយម​ចាយ​លុយ​ដុង​ រូបិយវត្ថុ​របស់​វៀតណាម​​។ ចំណែក​នៅ​ខាង​លិច ខេត្ត​ខ្មែរដែល​​ជាប់​ព្រំដែន​ប្រទេស​ថៃ និយម​ចាយ​លុយ​បាត រូបិយវត្ថុ​របស់​ថៃ​។ ដោយ​ឡែក ខេត្តនិង​រាជធានី​​ខ្មែរ​ដែល​មិន​ជាប់​ព្រំដែន​ប្រទេស​ដទៃ និយម​ចាយ​លុយ​ដុល្លារ​របស់​អាមេរិក​​។ លុយ​ដុល្លារ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​បំផុត​ នៅ​កម្ពុជា​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ប្រជាពលរដ្ឋ​ខ្មែរបាត់​បង់​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល លែង​សូវ​ប្រើ​ប្រាក់​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ ហើយ​ងាក​មក​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ទៅ​វិញ​។បច្ចុប្បន្ន លុយ​រៀល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌមាន​ដែន​​កំណត់​មួយ​ចំនួន ដូច​ជា​ការ​បង់​ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ ការបើក​​ប្រាក់​បៀរវត្ស​មន្ដ្រី​រាជការ ការ​ទូទាត់​ប្រាក់​សេវាកម្ម​របស់​រដ្ឋ និង​ការ​ទិញ​ដូរ​ក្នុង​ទំហំ​ទឹក​ប្រាក់​តូច នៅ​តាម​ទី​ផ្សារ​មួយចំនួន​។ ប៉ុន្តែ​សម្រាប់​ការ​កំណត់​តម្លៃ ការ​ទូទាត់ និង​សន្សំ ភាគ​ច្រើន​លើស​លុប គឺ​ប្រើ​ប្រាស់​​ជា​លុយ​ដុល្លារ​អាមេរិក​។ ជា​ការ​ពិត​ហើយ​ថា គេ​អាច​ទូទាត់ជា​​ប្រាក់​រៀល​បាន​ដែរ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ក៏​ដោយ​។ ប៉ុន្តែ​សេវា​ទូទាត់​ជា​ប្រាក់​រៀល អាច​នឹង​តម្រូវ​ឲ្យ​គិត​ថ្លៃ​ខ្ពស់ជាង​​បន្តិច​។នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ប្រកាស​អំពី​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារថា សេដ្ឋកិច្ច​ស្រុកខ្មែរ​ ឆ្នាំ២០២១ មាន​កំណើន​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​ធ្លាក់​ចុះ​កាលពី​ឆ្នាំ២០២០។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ធនាគារជាតិនៃកម្ពុជា ​កម្រិត​ខ្ពស់​នៃ​ដុល្លារូបនីយកម្ម បាន​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ខ្មែរ។ ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​​និន្នាការ​នៃ​ការប្រើ​លុយដុល្លារ​នៅ​កម្ពុជា ​​មិនមាន​ការ​ថយចុះ​ទាល់តែ​សោះ បើទោះបីជា​កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​​​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុ​​ក៏ដោយ។ជា​ការ​ពិត​ហើយ​ថា ការអនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​យ៉ាង​ទូលំទូលាយ​​បែបនេះ​អាច​បញ្ចៀស​​មិន​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ចលនា​ហូរ​ចេញ​មូលធន​ទៅ​ក្រៅ​ប្រទេស និង​​ជួយ​សម្រួលកម្ពុជា​​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ​។ ប៉ុន្តែ​ក្រៅ​ពី​គុណ​ប្រយោជន៍​ទាំង​នេះ ការ​ចាយ​លុយ​ដុល្លារ ក៏​អាច​បង្ក​នូវ​ផល​វិបាក​អវិជ្ជមាន​ច្រើន​ផង​ដែរ​ដល់​សេដ្ឋកិច្ច​ខ្មែរ​។ដំបូង​បង្អស់ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ឬ​ដុល្លារូបនីយកម្ម នាំ​មក​នូវ​ការ​ខាត​បង់​ចំណូល ដែល​ទទួល​បាន​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​ជាតិ​។ មាន​ន័យ​ថា កម្ពុជា​ត្រូវ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​។ ហើយ​ការ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​នេះ មាន​ន័យ​ថា រដ្ឋ​បាត់​បង់​ចំណូល ដែល​បាន​មក​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​។ លើស​ពី​នេះ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​​រូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ដោយ​ឡែក ទាក់ទង​នឹង​បញ្ហា​សង្គម​វិញ ដុល្លាររូបនីយកម្ម ​បាន​រួម​ចំណែក​បង្កើត​ឲ្យ​មាន​គម្លាតរវាង​អ្នក​មាន​និង​អ្នក​ក្រ​។ ដូច​បាន​លើក​ឡើង​ខាង​ដើម​ហើយ​ថា ការ​ទិញ​ដូរ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​ដុល្លារ​។ ហើយ​មាន​តែ​បុគ្គល​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ជា​ដុល្លារ ឬ​ជន​បរទេស​ប៉ុណ្ណោះ ដែល​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ចំណែក​ពលរដ្ឋ​ដែល​មាន​ប្រាក់​ខែ​ជា​ប្រាក់​រៀល ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​យ៉ាង​ច្រើន នៅ​ពេល​ពួក​គេ​ដូរ​ប្រាក់​ជា​ដុល្លារ​។ក្នុង​បរិបទ​នេះ ការ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ដែល​ជារូបិយប័ណ្ណ​ជាតិ គឺ​ជា​រឿង​ចាំ​បាច់ ដែល​គួរ​ពិចារណា​ ព្រោះ​ថា វា​​ជា​​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង។ ការ​ចាយ​ប្រាក់​រៀល ​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទកភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ ព្រោះ​រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ ​ដើម្បី​ឲ្យ​លុយរៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន និង​ជា​មោទកភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើងវិញ​។នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​ក្នុង​ចំណោម​ប្រជាពលរដ្ឋបាន នៅ​ពេល​នោះ ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយ​ចុះ​ជា​បណ្ដើរ​ៗ និង​ជា​ស្វ័យ​ប្រវត្តិ​។ ការ​លើក​ដម្កើង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ក្នុង​ស្រុក ក៏​ដូច​ជា​ការ​កំណត់​ការ​ទូទាត់​ជា​ប្រាក់​រៀល ក៏​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​បដិ​ដុល្លារ​រូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​។ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ប្រសិន​បើអាច​​ធ្វើ​បាន​យ៉ាង​ទូលំទូលាយ នោះ​វា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ អធិបតេយ្យ​ភាព និង​ឯក​រាជភាពនៃ​នយោបាយរូបិយវត្ថុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ផ្ដល់​ការ​​គាំទ្រដល់​ការ​ស្តារ និង​ពង្រឹងភាពធន់​នៃ​សេដ្ឋកិច្ចខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​​​៕
ជា​រឿងដ៏​ចម្លែក នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដែល​តែង​តែ​រិះគន់ បរិហារ និង​ថ្កោល​ទោស​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ស្រាប់​តែ​ផ្ញើ​សារ​ជូនពរ​លោក ហ៊ុន សែន​។ ជា​សារ​ជូន​ពរ​លោក ហ៊ុន សែន នា​ឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចម្រើន​វ័យ​បាន​៧០​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​០៥​ខែ​សីហា​សប្ដាហ៍​មុន​។ សារ​របស់​លោក សម រង្ស៊ី បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ពុំ​មាន​ភាព​ស្មោះ​ត្រង់​ទេ តែ​វា​បង្កប់​ទៅ​ដោយ​ន័យ​នយោបាយ ដៀមដាម​ដល់​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់។ ​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់ ដែល​លោក សម រង្ស៊ី ប្រាប់​ឲ្យ​ឈប់​ក្រាញ​អំណាច ហើយ​នាំ​គ្នា​​ចូល​និវត្តន៍​ចាប់​ពី​អាយុ​៧០​ឡើង​ទៅ​​។ មែន​ទែន​ទៅ វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក សម រង្ស៊ី អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ច្បាប់ ដើម្បី​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។ កាល​ពី​ថ្ងៃ​ទី​០៨ ​ខែ​តុលា​ ឆ្នាំ​២០២១ លោក សម រង្ស៊ី បាន​បង្ហោះ​លិខិត​មួយច្បាប់ ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បង្កើត​ច្បាប់​ឲ្យ​នាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី និង​អ្នក​កាន់​តំណែង​ក្នុង​មុខ​ងារ​សាធារណៈ​ទាំង​អស់ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ពន្យល់​ថា ច្បាប់​ដែល​លោក​ស្នើ​នេះ ចាំ​បាច់​ណាស់ ដើម្បី​លើក​តម្កើង​តួនាទី និង​លើក​ទឹក​ចិត្ត​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​គ្រប់​ជាន់​ថ្នាក់​។ងាក​មក​លិខិត​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​សុក្រ ទី​០៥ ខែ​សីហា ថ្មី​ៗ​នេះ​វិញ​។ ដ្បិត​តែ​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​លិខិត​កាល​ពី​ឆ្នាំ​២០២១ ប៉ុន្តែ​ការណ៍​ដែល​លោក សម រង្ស៊ី ភ្ជាប់​រឿង​នេះ ទៅ​នឹង​ឱកាស​ខួប​កំណើត​វ័យ​៧០​ឆ្នាំ​របស់​លោក ហ៊ុន សែន វា​មាន​ន័យ​ឌឺដង​ចំពោះ​លោក ហ៊ុន សែន​ និង​ជា​ការ​ចាក់​សាំង​លើ​រងើក​ភ្លើង​ដែលសឹង​តែ​ស្ងប់​ទៅ​ហើយ។គិត​ត្រឹម​ឆ្នាំ​២០២២​នេះ​ លោក ហ៊ុន សែន មាន​វ័យ​៧០​ឆ្នាំ​។ លោក​ជា​មេដឹកនាំ​ដែល​កាន់​តំណែង​យូរ​បំផុត​ម្នាក់ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ដោយ​បាន​កាន់​តំណែង​​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥​មក។ បើ​ទោះ​បី​ជា​កាន់​តំណែង​ជា​មេ​ដឹក​នាំ​កម្ពុជា ជិត​៤​ទសវត្ស​ហើយ​ក៏​ដោយ ក៏​លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ដឹក​នាំ​កម្ពុជា​ត​ទៅ​ទៀត ប្រសិន​បើ​សុខភាព​របស់​លោក​នៅតែ​អំណោយ​ផល​។ចំពោះ​សំណើ​របស់​លោក​សម រង្ស៊ី មែន​ទែន​ទៅ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​តប​រួច​ទៅ​ហើយ​។ កាល​ពី​ឆ្នាំ២០២១ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​ស្នើ​ច្បាប់​ដើម្បី​កំណត់​អាយុ​របស់​នាយករដ្ឋ​មន្ដ្រី ត្រឹម​៧០​ឆ្នាំ ទៅ​តាម​ការ​ចង់​បាន​របស់​គូ​ប្រជែង​នយោបាយ​របស់​លោក ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។ គូ​ប្រជែង​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​លោក​មិន​ហៅ​ឈ្មោះ​ឲ្យ​ចំនោះ គឺ​គ្មាន​នរណា​ក្រៅតែ​ពី លោក សម រង្ស៊ី ឡើយ។ពី​ខាង​លោក សម រង្ស៊ី ឯ​ណោះ​វិញ​។ លិខិត​ចុះ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២២ បាន​លើក​ឡើង​ពី​ការ​ពិត​មួយ​ប្រកែក​មិន​បាន​។ នោះ​គឺ នៅ​កម្ពុជា មាន​មន្ដ្រី​ក្នុង​មុខងារ​សាធារណៈ​ច្រើន​ណាស់ ដែល​នៅ​កាន់​តំណែង​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​វ័យ​ដល់​៧០​ឆ្នាំ ឬ​លើស​ពី​នេះ​ហើយ​ក៏​ដោយ​។ ការណ៍​នេះ បើ​តាម​លោក សម រង្ស៊ី វា​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់​ការ​វិវត្តន៍​នៃ​មុខងារ​របស់​យុវជន។ យុវជន​ជំនាន់​ក្រោយ ដែល​មិន​អាច​ឡើង​បុណ្យ​សក្តិ​បាន ពី​ព្រោះ​ចាស់​ៗ​នៅ​ខាង​លើ ក្រាញ​អំណាច មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​តំណែង​​ បើ​ទោះ​បី​ជា​ពួក​គាត់ថយ​ចុះ​កម្លាំង​កាយ និង​កម្លាំង​ប្រាជ្ញា​ក៏​ដោយ​ចុះ​។ជា​ការ​ពិត ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ មិន​ខុស​ទេ។ ប៉ុន្តែ​វា​ក៏​មិន​ត្រូវ​ទាំង​ស្រុង​ដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹក​នាំ បាន​ត្រៀម​ជើង​ព្រួល​រួច​រាល់​យូរ​ក្រែល​ដែរ​ហើយ ក្នុង​ការ​បណ្ដុះ​បណ្ដាលអ្នក​បន្ត​វេន​របស់​ខ្លួន​។ ជាក់​ស្ដែង​ គណបក្ស​ប្រជាជន បាន​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ជ្រើស​រើស​លោក ហ៊ុន ម៉ាណែត វ័យ​៤៤​ឆ្នាំ ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ឲ្យ​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​នា​ពេល​អនាគត​។ បើ​តាម​ការ​គូស​បញ្ជាក់​ពី​គណប្រជាជន ការ​បណ្ដុះ​បណ្ដាល​អ្នក​បន្ត​វេន​របស់​គណបក្ស​នេះ មិន​មែន​ធ្វើ​ឡើង​ត្រឹម​ជំនាន់​ទី​២​ទេ ប៉ុន្តែ​កំពុង​បណ្ដុះ​ដល់​ជំនាន់​ទី​៣​ថែម​ទៀត​។ទាំង​នេះ គឺ​ជា​ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាគណបក្ស​កាន់​អំណាច​។ ចុះ​គណបក្ស​ដទៃ​ទៀត បាន​គូស​វាស​ផែន​ការ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ហើយ សម្រាប់​ពេល​អនាគត​?ប្រសិន​បើ​កម្ពុជា នា​ពេល​អនាគត នឹង​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​វិវត្តន៍​របស់​អ្នក​នយោបាយ ចាប់​ពី​៧០​ឡើង​ទៅ តើ​គណបក្ស​នយោបាយ​ដទៃ​ទៀត រួម​ទាំង​គណបក្ស​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ផង​នោះ មាន​អ្នក​បន្ត​វេន​ប្រកប​ដោយ​សក្ដានុពល​ហើយ​ឬ​នៅ? មួយ​វិញទៀត លោក សម រង្ស៊ី ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កម្ពុជា​រៀបចំ​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍​តាម​សំណើ​របស់​លោក នោះ​វា​មិន​ត្រឹម​តែ​បិទ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ជា​គូ​ប្រជែង​របស់​លោក សម រង្ស៊ី​ទេ។ ប៉ុន្តែ​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ខ្លួន​ឯង​ក៏​ត្រូវ​​ចប់​ដូច​គ្នា​ដែរ ខណៈ​ដែល​លោក សម រង្ស៊ី មាន​វ័យ៧៣​ឆ្នាំ​ទៅ​ហើយ​៕     ​
កាលពីសប្ដាហ៍មុន គណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​។ ច្បាប់​នេះ មាន​ខ្លឹមសារ​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ព្រម​ទាំង​អ្នក​ដែល​អាមេរិក​ចាត់​ទុក​ថា បាន​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ជា​ការ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ​ចង់​ឲ្យ​កម្ពុជា​​ប្រកាន់​ប្រជាធិបតេយ្យ​បែប​ណា ទើប​​ពេញ​ចិត្ត? តើ​កម្ពុជា​គ្មាន​សិទ្ធិ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ស្រប​តាម​បរិបទ​សង្គម​ខ្លួន​ឯង​ទេ​ឬ? តាមនិយមន័យ របបប្រជាធិបតេយ្យ គឺជាការដឹកនាំប្រទេសដោយគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋជាធំ។ នៅលើសកលលោកយើងនេះ មានប្រទេសច្រើនណាស់ដែលប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែគឺមានតែក្រុមប្រទេសលោកខាងលិចទេ ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យពេញលេញ។ ចំណែករបបប្រជាធិបតេយ្យនៅប្រទេសតូចៗ ដូចយ៉ាងនៅកម្ពុជាជាដើម ត្រូវគេពិនិត្យឃើញថា កំពុងដំណើរការក្រោមបរិបទដាច់ដោយឡែកមួយរបស់ខ្លួនឯង ដែលជារឿយៗ តែងតែទទួលបានការរិះគន់ពីសំណាក់ប្រទេសលោកខាងលិចថា «មិនប្រជាធិបតេយ្យ»។មានមូលហេតុច្រើនយ៉ាង ដែលបណ្តាលឲ្យខ្លឹមសារប្រជាធិបតេយ្យនៅកម្ពុជា ត្រូវទទួលរងការរិះគន់ពីសំណាក់ប្រទេសលោកខាងលិច។ ដំបូងបង្អស់ គឺដោយសារតែកម្ពុជាមានប្រវត្តិនយោបាយ និងផ្នត់គំនិតសង្គមដោយឡែករបស់ខ្លួនខុសពីគេយ៉ាងខ្លាំង។ បើទោះបីជាប្រជាធិបតេយ្យជាវប្បធម៌នយោបាយដែលចាប់កំណើតជាយូរណាស់មកហើយក្ដី ប៉ុន្តែទម្លាប់នយោបាយនេះ មានប្រើប្រាស់ច្រើនតែនៅតាមប្រទេសលោកខាងលិចប៉ុណ្ណោះ។ ការទទួលយករបបប្រជាធិបតេយ្យមកប្រើប្រាស់ គឺជារឿងថ្មីណាស់សម្រាប់កម្ពុជា ដែលធ្លាប់ភ្លក់អស់ហើយ និងរងគ្រោះរាប់មិនអស់ហើយដែរ ដោយសាររបបដឹកនាំបែបផ្សេងទៀត។ផ្នត់គំនិតចាស់ៗរបស់អ្នកនយោបាយ ក៏ជាមូលហេតុសំខាន់មួយដែរ។ អ្នកនយោបាយខ្មែរមួយចំនួន ដែលតែងតែចាត់ទុកខ្លួនឯងថា ជាអ្នកដែលមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចកិច្ចការទាំងឡាយរបស់ប្រទេសជាតិនោះ បានដិតដាមយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ បើទោះជាដោយចេតនា ឬ អចេតនាក្តី ពួកគេហាក់ពិបាកនឹងបន្សាំខ្លួនទៅនឹងវប្បធម៌នយោបាយប្រជាធិបតេយ្យ ដែលផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋជាធំ។ចំណែកប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់តែផ្ញើវាសនាទាំងស្រុងទៅលើអ្នកនយោបាយនោះក៏នៅមិនទាន់ស៊ាំនឹងវប្បធម៌ប្រជាធិបតេយ្យនៅឡើយដែរ ជាពិសេសទាក់ទងនឹងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតែម្ដង។យ៉ាងណាក៏ដោយ គេត្រូវទទួលស្គាល់ថា កម្ពុជាត្រូវការពេលដើម្បីធ្វើឲ្យប្រជាធិបតេយ្យរបស់ខ្លួនមានភាពចាស់ទុំ។ ហើយគេក៏ត្រូវតែទទួលស្គាល់ការពិតមួយទៀតដែលថា ប្រទេសមួយមិនអាចចម្លងគំរូប្រជាធិបតេយ្យទាំងស្រុងពីប្រទេសមួយទៀតមកអនុវត្តបានឡើយ។ សូម្បីតែលោកខាងលិច ដែលអ្នកខ្លះហៅថាជា «បិតាប្រជាធិបតេយ្យ» នោះ ក៏អនុវត្តប្រជាធិបតេយ្យតាមរបៀបខុសៗគ្នាដែរ ពីព្រោះប្រទេសនីមួយៗ មានវប្បធម៌ ប្រពៃណី និងទម្លាប់រស់នៅរបស់មនុស្សខុសៗគ្នា។ប៉ុន្តែ ការផ្តេកផ្តួលទៅលើតែពេលវេលាខ្លាំងពេកអាចនឹងក្លាយជាលេសក្នុងការលួងចិត្ត ដើម្បីបិទបាំងភាពយឺតយ៉ាវនៃការអភិវឌ្ឍប្រទេសក៏ថាបាន។ ដូច្នេះ ដល់ពេលហើយដែលកម្ពុជាគួរទម្លុះទម្លាយរនាំងទាំងនេះចោល។ ទោះបីជាមិនអាចចម្លងពុម្ពគំរូប្រជាធិបតេយ្យពីប្រទេសណាមួយទាំងស្រុងបានក៏ដោយ ក៏កម្ពុជាអាចទាញយកចំណុចល្អៗមួយចំនួនពីប្រទេសប្រជាធិបតេយ្យដទៃទៀត មកស្លឲ្យចេញជាប្រជាធិបតេយ្យរបស់ខ្លួន ដោយរៀនសូត្រនិងទាញយកចំណុចល្អមួយចំនួនពីប្រទេសមួយទៀតមកអនុវត្តបាន។របបប្រជាធិបតេយ្យ មានសម្រស់នៅពេលដែលវាត្រូវបានអនុវត្តស្របតាមទ្រឹស្តី និងអនុលោមទៅតាមវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងទម្លាប់នៃការរស់នៅនៃប្រទេស។ ការងារទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នាជាចាំបាច់ ដោយមិនអាចខ្វះមួយណាបានឡើយ។ អ្នកដែលប្រាថ្នាចង់ចម្លងទាំងស្រុងនូវគំរូប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច មកអនុវត្តនៅកម្ពុជានោះ គឺពិតជាមិនអាចទៅរួចឡើយ។ ចំណែក អ្នកដែលប្រកាន់គំនិតអភិរក្សនិយមជ្រុលដោយបដិសេធមិនទទួលយកគំរូពីប្រទេសណាទាំងអស់នោះក៏មិនត្រឹមត្រូវដែរ៕
រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ត្រូវកម្ពុជាធ្វើវិសោធនកម្មលើកទី១០ នៅខែកក្កដា ឆ្នាំ២០២២នេះ។ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជា​ការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឡើយ។ តើហេតុអ្វីបានជាដូច្នេះ?  វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឡើងដោយកែប្រែមាត្រាចំនួន៦ និងចែងបន្ថែមថ្មីចំនួន២មាត្រា។ មាត្រាទាំងនោះ រួមមាន៖ មាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ មាត្រា១១៩ថ្មី និងមាត្រា១២៥ រួមនឹងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលមាត្រាទាំងនេះ ពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភា។លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជា​ការបំពេញបន្ថែមនូវចន្លោះ​ខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ និងថា ការណ៍ដែលកម្ពុជាកែរដ្ឋធម្មនុញ្ញ គឺក្នុងគោលបំណងធ្វើយ៉ាងណាឲ្យច្បាប់កំពូលរបស់ប្រទេសនេះ មានភាពពេញលេញល្អជាងមុន មិនខុសពីប្រទេសផ្សេងៗនោះទេ។យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំង​នឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីសំណាក់​រដ្ឋាភិបាលកម្ពុជានាពេលនេះ។ ហេតុអ្វី?ដើម្បីឆ្លើយនឹងសំណួរនេះ គេគួរបង្វិលពេលវេលាទៅក្រោយ ទៅមើលវិសោធនកម្មមុនៗនៃរដ្ឋធម្មនុញ្ញកម្ពុជា។ នៅក្នុងឆ្នាំ១៩៩៩ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានធ្វើឡើងដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា។ ការបង្កើតស្ថាប័ន ព្រឹទ្ធសភាកាលណោះ បានជួយស្រោចស្រង់វិបត្តិនយោបាយនៅកម្ពុជា ដែលជាប់គាំងដោយសារតែគណបក្ស រាជានិយមហ្វ៊ុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជា មិនអាចចែកអំណាចគ្នាបាន ក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៨។លុះមកដល់ឆ្នាំ២០០៣ ការជាប់គាំងនយោបាយបានកើតឡើងម្ដងទៀត ហើយវិបត្តិលើកនេះស៊ីពេលដល់ទៅជិត មួយឆ្នាំ។ ដើម្បីទម្លុះទម្លាយការជាប់គាំងនយោបាយ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០០៦ ផ្លាស់ប្ដូរពីការអនុម័តដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយសំឡេង២ភាគ៣ មកជាសំឡេងភាគច្រើនដាច់ខាត ឬ៥០%បូក១។ចំណែកវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏បានជំរុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ។ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនោះ ធ្វើឡើងក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់​ធម្មនុញ្ញភាព​ដល់​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការឆ្នោត​ ស្របតាមគណបក្សនយោបាយដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត ចំនួន២ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះគឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលកាលណោះនៅជាគណបក្សប្រឆាំង និងដែលមិនទាន់ត្រូវតុលាការរំលាយចោល​នៅឡើយ។ដោយឡែក វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ ធ្វើឡើងកាលពីចុងឆ្នាំ២០២១ ដើម្បី​រឹតបន្តឹង​បន្ថែម​លើ​តំណែងអ្នក​ដឹកនាំ​កំពូលៗ​ចំនួន៤ គឺ​នៅ​រដ្ឋាភិបាល​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ វិសោធនកម្ម​ថ្មី​នេះ​ កំណត់​ថា ​ប្រធាន​ព្រឹទ្ធសភា ​ប្រធាន​រដ្ឋសភា ​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ។សម្រាប់ប្រជាពលរដ្ឋអ្នកតាមដាននយោបាយ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញនៅកម្ពុជា ដូចដែលបានលើកឡើងអម្បាញ់មិញនេះ ដ្បិតតែមានភាពត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែសុទ្ធតែធ្វើឡើងក្រោមហេតុផលនយោបាយ។ ជាភាពចាំបាច់ផ្នែកនយោបាយ ជាប្រតិកម្មចំពោះនយោបាយ ឬការសម្របសម្រួលនយោបាយ។ បើពុំដូច្នោះទេ គឺធ្វើឡើងក្រោមឥទ្ធិពលនយោបាយ ឬកំហឹងនយោបាយ និងពុំបានឆ្លុះបញ្ចាំងពី​ឆន្ទៈ​របស់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ។គឺដោយសារតែហេតុនេះហើយ ទើបបានជាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ នៅបន្តស្ថិតក្នុងស្រមោល នៃក្ដីសង្ស័យពីសំណាក់ប្រជាពលរដ្ឋ អ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួន។ សម្រាប់ពួកគេ ដូចលើកមុនៗដែរ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នៃមនុស្សមួយក្រុមតែប៉ុណ្ណោះ។ លើសពីនេះ វាថែមទាំងធ្វើឲ្យរដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋ មានអំណាចខ្សោយជាងមុនថែមទៀត។រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស និងត្រូវតែមានភាពបត់បែន ស្របតាមសេចក្ដីត្រូវការនិងការវិវត្តរបស់សង្គម​ជាតិ។ គឺដោយហេតុនេះហើយ ទើបរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្ម។ ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នៅ​ពេល​ប្រទេស​ជាតិឋិត​ក្នុង​ភាព​អាសន្នទេ​។ ហើយការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ មិន​អាច​ធ្វើ​បាន​ឡើយ​កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ។ នេះគឺជាគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។បើមើលពីទិដ្ឋភាពច្បាប់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាទាំង១០លើកនៅកម្ពុជា គឺធ្វើឡើងយ៉ាងត្រឹមត្រូវ ដោយគ្មាននរណាអាចប្រកែកបានឡើយ។ ប៉ុន្តែបើមើលពីទិដ្ឋភាពនយោបាយវិញ ជារឿយៗ ការធ្វើវិសោធនកម្ម ត្រូវបានចោទប្រកាន់ថា ជាការឆ្លើយតបទៅនឹងភាព​ចាំបាច់​ខាងផ្នែក​នយោបាយ​ ជាជាង​ភាពចាំបាច់​ផ្លូវ​ច្បាប់​ ដែលនេះ វាបានបង្កើតឲ្យមានវិបត្តិធម្មនុញ្ញនៅកម្ពុជា។វិបត្តិធម្មនុញ្ញនៅកម្ពុជា អាចបិទបញ្ចប់បាន នៅពេលកម្ពុជា មានក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ពិតប្រាក។ គឺមានតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​តែមួយគត់​ដែលជា​អ្នក​បកស្រាយ​​ផ្លូវការ​និង​បិទផ្លូវ​តវ៉ា។ ​មានន័យថា បើ​ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​បែបណា ទាំងអស់​គ្នា​ត្រូវតែ​ទទួលយក​និង​អនុវត្ត​ទៅតាម​នោះ។ ការបកស្រាយ​ផ្ទុយ​ពីនេះ​គ្មាន​តម្លៃ​ខាង​ផ្លូវច្បាប់​ឡើយ។ប៉ុន្តែ បញ្ហា​នៅត្រង់ថា ដោយសារតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវគេ​មើលឃើញថា ​លម្អៀង​ទៅរក​បក្ស​កាន់អំណាច ហេតុ​ដូច្នេះហើយ​បានជា​ការបកស្រាយ​រប​ស់​ស្ថាប័ន​នេះ ​មិន​ត្រូវបាន​នយោបាយប្រឆាំង​​ឬ​ក្រុម​សង្គមស៊ីវិលមួយចំនួន​ទទួលយក​ឡើយ ពី​ព្រោះ​ពួកគេ​ចាត់ទុក​ការបកស្រាយ​នោះ​ថា ​មាន​ចរិត​ការពារ​បក្ស​កាន់អំណាច។ ដូច្នេះ មិន​ខុសពី​ប្រព័ន្ធតុលាការ​ទេ ការធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ពិតប្រាកដ គឺជា​គន្លឹះ​តែមួយគត់​ឈានទៅ​បំបាត់​វិបត្តិ​ធម្មនុញ្ញ​នៅ​កម្ពុជា។តើ​ពេលណា​ទើប​កម្ពុ​ជាមាន​ស្ថាប័ន​ជាតិកំពូលៗបែងចែក​ដាច់ពីគ្នា​ដោយ​មិន​ចំណុះ​ឲ្យ​បក្ស​នយោបាយ​? ផ្លូវ​ទៅកាន់​គោលដៅ​នេះ​ជិត​ឬ​ឆ្ងាយ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នក​នយោបាយ ​​ដែល​ត្រូវ​ថ្លឹងថ្លែង​រវាង​ប្រយោជន៍​នយោបាយ​និង​ប្រយោជន៍​ជាតិ៕
ថ្ងៃ​ទី​១០​ខែ​កក្កដាម្សិលមិញ​នេះ គឺ​ជា​ខួប​គម្រប់​៦​ឆ្នាំ​គត់ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​ល្បាញ​។ នៅ​ក្នុង​សំណុំ​រឿង​នេះ តុលាការ​កម្ពុជា​ចាប់​តាំង​ពី​ថ្នាក់​ដំបូង​​ដល់​ថ្នាក់​កំពូល ​មាន​សេចក្ដី​សម្រេច​ដូច​គ្នា គឺ​​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ សម្រាប់អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ការ​ផ្ដន្ទាទោស​ឃាតករ​ឈ្មោះ ​ជួប សម្លាប់ គឺ​ជា​យុត្តិធម៌​សម្រាប់​តែ​​​ខ្មាន់​កាំភ្លើងប៉ុណ្ណោះ មិន​មែន​​សម្រាប់​​លោក កែម ឡី ឡើយ ហើយ​ពួក​គេ​នៅ​តែ​បន្ត​​ដង្ហោយ​រក​យុត្តធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ជា​រៀង​រាល់​ឆ្នាំ​​​​​។ គិត​រហូត​មក​ទល់​ខែ​កក្កដា​ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ បាន​លា​ចាក​ពី​លើ​លោក​នេះ​អស់​រយៈ​ពេល៦​ឆ្នាំ​មក​ហើយ​។ ៦​​ឆ្នាំ​កន្លង​មក​នេះ សម្រែក​ទាមទារ​រក​យុត្តិធម៌​នៅ​តែ​បន្លឺ​ឡើងជាប់​​ជា​ប្រចាំ បើ​ទោះ​បី​ជា​តុលាការ បាន​សម្រេច​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី រួច​ហើយ​ក៏​ដោយ​។ជួប សម្លាប់ ឬ អឿត អាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ រហូត​ដល់​តុលាការ​កំពូល ចេញ​សាល​ដីកា​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។ចំពោះ​​សំណុំ​រឿង​ទូទៅ សាលដីកា​​គឺ​ជា​សេចក្ដី​ប្រកាស​ពី​យុត្តិធម៌​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​កត់​សម្គាល់​ថា យុត្តិធម៌​ដែលត្រូវ​បាន​ប្រកាស​ក្នុង​សាលដីកា​របស់​តុលាការ​កំពូល គឺ​សម្រាប់ ​​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិនមែន​​​សម្រាប់​លោក កែម ឡី ទេ​។ នោះ​ក៏​ព្រោះ​តែ​ដំណើរការ​កាត់​សេចក្ដី​ក្នុង​សំណុំ​រឿង​នេះ តាំង​ពី​តុលាការ​ជាន់​ទាប រហូត​ដល់​តុលាការ​ជាន់​ខ្ពស់ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ភាគី​តែ​ម្ខាង គឺ​ភាគី​ជន​ជាប់​ចោទ​និង​មេធាវី​ការពារ​ក្ដី​។​ ខណៈ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា គឺ​លោក​ស្រី ប៊ូ រចនា បោះ​បង់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​ចូល​តតាំង​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​ឡើយ​។សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​សង្កេតការណ៍ អវត្តមាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោកស្រី ប៊ូ រចនា ឬ​មេធាវី​ការពារ​ក្ដី ធ្វើ​ឲ្យបាត់​បង់​យុត្តិធម៌​មួយ​ផ្នែក​សម្រាប់​លោក​បណ្ឌិត កែម ឡី​។មែន​ទែន​ទៅ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មិន​ចូល​រួម​នៅ​ក្នុង​សវនាការ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស​ពួក​គាត់​ណាស់​។ ពិបាក​បន្ទោស​ព្រោះ​​ហេតុផល​ពីរ​សំខាន់៖ ទី​១ ក្រោយ​ការ​បាត់​បង់​លោក​កែម ឡី វា​ជា​រឿង​ធម្មតា​ដែល​ក្រុម​គ្រួសារ​​បារម្ភ​ពី​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​។ និង​ទី​២ ភរិយា​លោក កែម ឡី គឺ​លោក​ស្រី ប៊ូ រចនា ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ហើយ​ថា លោក​ស្រី​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​។ ដូច្នេះ វា​មិន​ចម្លែក​ទាល់​តែ​សោះ​ដែល​លោក​ស្រី​មិន​ចូល​រួម​សវនាការ ឬ​មិន​ចាត់​ចែង​មេធាវី​​ដើម្បី​ធ្វើ​ការងារ​ជំនួស​។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​អវត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​មែន​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ទាំង​ស្រុង​ដែរ​។ នៅ​ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌ នៅ​មាន​អង្គ​អយ្យការ​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​​ចោទ​ប្រកាន់​បទ​ល្មើស ព្រម​ទាំង​​ដឹក​នាំ​ការ​ស៊ើប​អង្កេត​​។កន្លង​មក នៅ​ក្នុង​សំណុំ​រឿង​លោក​បណ្ឌិតកែម ឡី គេ​កត់​សម្គាល់​ឃើញ​ថា អង្គ​អយ្យការ រួម​សហការ​ជាមួយ​សមត្ថកិច្ច​និងអាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ក្នុង​គោលដៅ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ គ្រាន់​តែ​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក​នោះ សង្គម​ស៊ីវិល​ដែល​តាម​ដាន​សវនាការ​យល់​ថា នៅមិន​ទាន់​គ្រប់​គ្រាន់ និង​នៅ​មាន​មន្ទិល​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល មាន​តែ​ការ​គាស់​កកាយ ស្រាវ​ជ្រាវ ស្វែង​រក និង​ដាក់​ទោស​ទណ្ឌ​លើ​​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ​​សំណុំ​រឿង​​នេះ​ទេ ទើប​អាចផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន​។ បច្ចុប្បន្ន ការ​ស៊ើប​អង្កេត​បន្ត ដើម្បី​រក​អ្នក​លក់​កាំភ្លើង​ឲ្យ​ ជួប ​សម្លាប់, អ្នក​ទទួល​ឲ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ, និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។ ប៉ុន្តែ​ដំណើរការ​នៃ​សំណុំ​រឿង​នេះ ហាក់​មិន​បាន​រំកិល​ទៅ​មុខ​សោះ​។ក្នុង​ន័យ​នេះ អង្គ​អយ្យការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ គួរ​តែ​រួម​​គ្នា​បង្ហាញ​ឲ្យ​អស់​ថ្វី​ដៃ វែក​រក​មុខ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឲ្យ​សង្គម​ស៊ីវិល គ្រួសារ​ជន​រង​គ្រោះ និង​សាធារណជន ឃើញ​ថា តុលាការ​ខ្មែរ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​។ និង​សំខាន់​ជាង​នេះ ដើម្បី​លាង​សម្អាត​ក្ដី​សង្ស័យ​និង​ការ​ចោទ​ប្រកាន់ដែល​​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​៕
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព ងាក​ទៅ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី ជំនួស​យានយន្ត​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​។ លោក​បាន​ថ្លែង​ដូច្នេះ ក្នុង​ពេល​ដែល​ពិភពលោក​ទាំង​មូល កំពុង​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​ ដោយ​សារ​តែ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​។ បើ​តាម​លោក ហ៊ុន សែន ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នឹង​អាច​ជួយ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេងសាំង​បាន​។ តើ​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី ពិត​ជា​ចំណេញ​ជាងមែន​ឬ? ហើយ​ថា​តើ​កម្ពុជា​មាន​លក្ខខណ្ឌ​អំណោយ​ផល​ប៉ុនណ្ណា​សម្រាប់​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី? បើ​ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​ជួប​វិបត្តិ​ខ្វះ​ប្រេង​ប្រើ​ប្រាស់​ដូច​ប្រទេស​មួយ​ចំនួន​ក្ដី ប៉ុន្តែ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យល់​ឃើញ​ថា វា​ល្មម​​ដល់​ពេល​​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​គិត​គូរ​អំពី​ការ​ផ្លាស់​ប្ដូរ​យានយន្ត​ដែល​ប្រើ​ប្រាស់​ប្រេង ទៅ​ប្រើ​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​។ នោះ​ក៏​ព្រោះ​តែ​ប្រេង​ឥន្ធនៈ​នឹង​នៅ​តែ​មាន​តម្លៃ​ខ្ពស់ ឬ​អាច​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត ខណៈ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​តែ​បន្ត​អូស​បន្លាយ​ ដោយ​គ្មាន​បង្ហាញ​សញ្ញា​ថា ​នឹង​អាច​បិទ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ឡើយ​។បើ​និយាយ​អំពីការ​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ​តាំងពី​មុន​ពេល​ដែល​មាន​បញ្ហា​ឡើង​ថ្លៃ​ប្រេង​សាំង​មក​ម្ល៉េះ​។ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ធ្លាប់​បាន​បង្ហាញ​ពី​មោទកភាព​ចំពោះ​កំណើន​នៃ​ការ​ចុះ​បញ្ជី​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ នៅ​ក្នុង​រយៈ​ពេល​​៥​ខែ​ដើម​ឆ្នាំ​២០២២​នេះ មាន​ការ​ចុះ​បញ្ជី​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន​៨៤​គ្រឿង ដែល​ចំនួន​នេះ កើន​ឡើង​ជាង​៨០០​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២១​។ រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១ ដែល​មាន​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​តែ​ចំនួន​៦​គ្រឿង​ប៉ុណ្ណោះ​។ហេតុអ្វី​បាន​ជា​ពលរដ្ឋខ្មែរ ដែល​មាន​លទ្ធភាព គួរតែ​ពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី តិច​ឬ​ច្រើន វា​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ក្នុង​ពេល​​ដែល​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា និយាយ​ដោយ​ឡែក និង​នៅ​ទូទាំង​ពិភពលោក និយាយ​ជា​រួម កំពុង​ឡើង​ថ្លៃ​។ នៅ​កម្ពុជា បើ​តាម​ការ​គូស​បញ្ជាក់​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ការ​បញ្ចូល​ថាមពល​អគ្គិសនី​យានយន្ត​ក្នុង​តម្លៃ​៤​ដុល្លារ អាច​ធ្វើ​ដំណើរ​បាន​១០០​គីឡូម៉ែត្រ ខណៈ​ការ​ចាក់​ប្រេង​ឥន្ធនៈ​យានយន្ត ត្រូវ​ចំណាយ​ជាង​១០​ដុល្លារ ឬ​លើស​ពី​នេះ​។ទន្ទឹម​គ្នា​នេះ ពន្ធ​និង​អាករ​នាំ​ចូល​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ទទួល​បាន​ការ​អនុគ្រោះ​ពី​​រដ្ឋាភិបាល​កម្ពុជា ដោយ​កំណត់​យក​ត្រឹម​៦៣​ភាគរយ​ប៉ុណ្ណោះ ខណៈ​រថយន្ត​ប្រើ​សាំង ជាប់​ពន្ធ​អាករ​ជា​មធ្យម​ចំនួន​១២០​ភាគរយ​។មួយ​វិញទៀត ការ​ប្រើ​ប្រាស់​យានយន្ត​ដើរ​ដោយថាមពល​អគ្គិសនី ជា​និន្នាការ​សកល ដែល​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​កំពុង​រុញ​ច្រាន​ឲ្យ​ទៅ​មុខ ដើម្បី​ជួយ​ដល់​បរិស្ថាន​ភព​ផែនដី​។ ជាក់​ស្ដែង​គណៈកម្មការ​អឺរ៉ុប ទើប​តែ​​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៧​មិថុនា​ឆ្នាំ​២០២២​​កន្លង​ទៅ កំណត់វិធានការ​ហាមឃាត់​នូវរថយន្តដែលបំពាក់ដោយ​ម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និង​រថយន្តហាយប្រ៊ីដ Hybride ចាប់​ពី​ឆ្នាំ​២០៣៥ត​ទៅ។ គ្រប់រថយន្តផលិតថ្មី លក់នៅ​លើ​ទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែជារថយន្តអគ្គិសនីទាំងស្រុង១០០ភាគរយ។​ ចំណែក​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង ស្ដី​ពី​អព្យាក្រឹត្យ​កាបូន​ឆ្នាំ​២០៥០ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា​៤០​ភាគរយ និង​ម៉ូតូ​អគ្គិសនី​ក្នុង​អត្រា​៧០​ភាគរយ​។សរុប​មក​វិញ ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី មិន​ត្រឹម​តែ​ផ្ដល់​ផល​ចំណេញ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​រួម​ចំណែក​ជួយ​ដល់​បរិស្ថានភព​ផែនដី​​ផង​ដែរ​។ ដ្បិត​តែ​មាន​ផល​ចំណេញ ប៉ុន្តែ​​កម្ពុជា​នៅ​មិន​ទាន់​មាន​លក្ខខណ្ឌ​អំណោយ​ផល​ល្អ​សម្រាប់​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​ឡើយ​ទេ​។ នោះ​ក៏​ព្រោះ​តែ​កម្ពុជា​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់ដំណើរការ​នៃ​យានយន្ត​អគ្គិសនី ដូច​ជា​កន្លែង​ផ្ដល់​សេវាកម្ម គ្រឿង​បន្លាស់ កម្មករ​ជំនាញ និង​កន្លែង​បន្សល់​ថ្ម​។ ចំណែក​​​វិសាលភាព​នៃ​​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ទៀត​សោត ក៏​នៅ​មាន​កម្រិត ពុំ​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​​។យ៉ាង​ណា​ក៏​ដោយ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កំពុង​​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​ដំឡើង​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ ក្នុង​នោះ ក្រសួង​កំពុង​បន្ត​ស្វែង​រក​កិច្ច​សហការ​ពី​ក្រុមហ៊ុនប្រេង​ឥន្ធនៈ​ធំ​ៗ​នៅ​កម្ពុជា ក្នុង​ការ​បំពាក់​ឧបករណ៍​សម្ភារៈ​បញ្ជូល​ថាមពល​យានយន្ត​អគ្គិសនី​ឲ្យ​បាន​ច្រើន​​។ រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​គម្រោង​ដំឡើង​ស្ថាននីយ​សាក​ថ្ម​យានយន្ត​នៅរាជធានី​ភ្នំពេញ​ចំនួន​១០​​កន្លែង តាម​បណ្ដោយ​​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចំនួន​​២​កន្លែង និង​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវ​ជាតិ​លេខ​៧​ជា​ដើម​៕
loading
Comments