Discoverព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
Claim Ownership

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Author: RFI ខេមរភាសា / Khmer

Subscribed: 400Played: 3,308
Share

Description

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។
1902 Episodes
Reverse
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់​លើបណ្តេញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?
កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ តាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់ផ្ទះថៃបានអះអាងពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ ដោយនឹងមានការផ្តល់កិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។ តែអ្នកតាមដាននយោបាយនៅតែបារម្ភពីហានិភ័យផ្សេងៗចំពោះក្រុមអត្តពលិកកម្ពុជា ព្រោះកន្លងមកភាគីថៃមិនសូវគោរពពាក្យសន្យារបស់ខ្លួនទេ៕
សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃសុក្រទី២១វិច្ឆិកា បានចុះផ្សាយអត្ថបទវិចារណកថាមួយ ដោយស្រង់សម្តីអ្នកជំនាញនិងរបាយការណ៍អន្តរជាតិ អំពីករណីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។ អ្នកជំនាញនិងរបាយការណ៍អន្តរជាតិ បានលើកឡើងថា ការបង្រ្កាបបទល្មើសឆបោកអនឡាញចុងក្រោយនៅកម្ពុជា គ្រាន់តែជាឆាកល្ខោនបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះ។ បំភាន់ភ្នែកអន្តរជាតិ ដ្បិតថា ការបង្រ្កាបនោះគឺចាប់បានតែឧក្រិដ្ឋជនតូចតាច។ លើសពីនេះ អ្នកជំនាញនិងរបាយការណ៍អន្តរជាតិ លើកឡើងទៀតថា កម្ពុជា គ្មានឆន្ទៈពិតប្រាកដក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញទេ ព្រោះថាបទល្មើសបច្ចេកវិទ្យានេះ កន្លងមកបានចិញ្ចឹមសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ទឹកប្រាក់ពីចន្លោះ១២ទៅ១៩ពាន់លានដុល្លារសហដ្ឋអាមេរិក។
ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង​បុកបង្កាន់ដៃស្ពាន ក្រឡាប់ចូលក្នុងទឹកនៅខេត្តកំពង់ធំកាលពីយប់ថ្ងៃទី២០ វិច្ឆិកាបានកើនដល់ ១៦នាក់។ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនេះត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអ្នកតាមដានសង្គមនានាទាមទារឲ្យមានយន្តការជាក់លាក់មួយដើម្បីកុំឲ្យករណីដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត។ តើគួរមានយន្តការអ្វីខ្លះដើម្បីឲ្យការដឹកជញ្ជូនតាមរថយន្តក្រុងពេលយប់មានសុវត្ថិភាព?
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអំពាវនាវឲ្យអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានអនឡាញប្រកាន់ខ្ជាប់នូវស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌ជាអ្នក សារព័ត៌មាន។ ការអំពាវនាវរបស់ខេមបូចាដូចនេះធ្វើឡើង ក្រោយមានករណីអ្នកសារព័ត៌មានអនឡាញម្នាក់បានបៀនបៀនទៅលើស្រ្តីជាជនសង្ស័យម្នាក់ដែលត្រូវបាននគរបាលចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងដោះលែងក្រុមឧក្រិដ្ឋជន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយសង្កេតឃើញថា អ្នកសារព័ត៌មានអនឡាញខ្លះមានអាកប្បកិរិយាអានាធិបតេយ្យតាមបណ្តាញសង្គម តាមរយៈការប្រើពាក្យមិនសមរម្យ និងមិនគោរពក្រមសីលធម៌។ អ្នកខ្លះទៀតយល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ មានស្ថាប័នព័ត៌មានច្រើនជារឿងល្អ តែស្ថាប័នទាំងនោះចាំបាច់ត្រូវតែមានគុណភាព។
នៅ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​ឯក​រាជ្យ​២៣​តុលា​របស់​លោក សម រង្ស៊ី បាន​ប្រកាស​ពី​ការ​ប្តឹង​ភាគី​ថៃ​ទៅ​កាន់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ (ICJ)​ ចំ​ពោះ​ការ​ឈ្លាន​ពាន​របស់​ភាគី​ថៃ​មក​លើ​ពល​រដ្ឋ​ខ្មែរ​ និង​ប្រទេស​កម្ពុជា​។​ រដ្ឋា​ភិបាល​ក្រៅ​ប្រទេស​មួយ​នេះ​លើក​ហេតុ​ផល​ថា​ ការ​ដែល​ខ្លួន​ចេញ​មុខ​ប្តឹង​ភាគី​ថៃ​ចំពោះ​ការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តង​ទៀត​មក​លើ​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​យក​សំណុំ​រឿង​ព្រំ​ដែន​កម្ពុជា-ថៃ​ ប្តឹង​ទៅ​កាន់​តុលា​ការ​អន្តរ​ជាតិ​។​ តើ​បណ្តឹង​របស់​រដ្ឋា​ភិបាល​ឯករាជ្យ​២៣​តុលា ​មាន​ទម្ងន់​ដែរ​ ឬ​ទេទៅ​លើ​ភាគី​ថៃ​?
ព្រះមហាក្សត្រថៃបានបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅចិនរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អំឡុងពេលជួបព្រះមហាក្សត្រថៃក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានចាត់ទុកទំនាក់ទំនងមិត្តភាពរវាងចិន និងថៃ ថាជាទំនាក់ទំនងដែលមានភាពជិតស្និទ្ធ «ប្រៀបបានគ្រួសារតែមួយ»។ នៅកម្ពុជា អ្នកវិភាគខ្លះមើលឃើញថា កម្ពុជាពុំគួរចាប់អារម្មណ៍នឹងសំដីការទូតរបស់ចិនពេកទេ តែអ្នកខ្លះទៀតយល់ថា ការលើកឡើងរបស់របស់មេដឹកនាំចិនមិនត្រូវនឹងកាលៈទេសៈ។ តើកម្ពុជាគួរមានជំហរបែបណាចំពោះការលើកឡើងរបស់ចិនដូចនេះ?
ក្រុម​បញ្ញ​វន្ត​ខ្មែរ​ ប្រកាស​ដាក់​ពាក្យ​បណ្តឹង​ប្រ​ឆាំង​ភាគី​ថៃ​ ទៅ​កាន់​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​(ICC)​ នៅសប្តាហ៍​ក្រោយ​។​ ក្រុម​បញ្ញ​វន្ត​ខ្មែរ​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​អន្តរ​ជាតិ​ ក៏ព្រោះ​តែ​កង​កម្លាំង​ថៃ​ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ ម្នាក់​និង​របួស​៣​នាក់​ កាល​ពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ភូមិ​ព្រៃ​ចាន់​ ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ​។​ បើ​តាម​ក្រុម​បញ្ញ​វន្ត​ខ្មែរ​ ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​មាត្រា ​១៥​ នៃលក្ខ​ន្តិកៈ​ទី​ក្រុង​រ៉ូម​។​ ដោយ​ឡែក​ ក្រសួង​មហាផ្ទៃ​កម្ពុជា ​ក៏​អះអាង​ដែរ​ថា ​កម្ពុជា​នឹង​ពិចារ​ណាប្តឹង​ករណីនេះ​ទៅ​ស្ថាប័ន​អន្តរ​ជាតិ​ដែរ​ ក្រោយ​ពេល​ប្រ​មូល​ភស្តុ​តាង​គ្រប់​ជ្រុង​ជ្រោយ​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ច្បាប់អន្តរ​ជាតិ​។​ ទាក់​ទង​នឹង​ករណី​កង​កម្លាំង​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ នៅ​ភូមិ​ព្រៃចាន់​ តើ​កម្ពុជា​អាច​ប្តឹង​ភាគីថៃ​ទៅ​តុលាការ​ICC​បាន​ទេ​?
ក្រោយការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ ពីសំណាក់ទាហានថៃ មានការជជែកវែកញែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមពីការធ្វើពហិការទំនិញថៃគ្រប់មុខ និងការលើកឡើងពីការបិទការនាំចូលទំនិញថៃទាំង​ស្រុង។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកជាយោបល់ថា ការពហិការ និងការបិទការនាំចូលទំនិញរបស់ថៃ ជាមធ្យោបាយមួយ ដែលកម្ពុជាអាចទប់ស្កាត់ភាគីថៃមិនឲ្យមានលទ្ធភាពទិញអាវុធ មកបាញ់ប្រហារប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបន្តទៅទៀត។ តើកម្ពុជាគួរពហិការនិងបិទការនាំចូលទំនិញថៃទាំងអស់ដែរឬទេ?
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៥ ថា ចិននៅតែបន្តដើរតួនាទីស្ថាបនាសន្តិភាពតាមបណ្តោយព្រំដែនខ្មែរ-ថៃដដែល។ ក្នុងន័យនេះ ចិននៅតែជំរុញឱ្យភាគីកម្ពុជា-ថៃ ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងទប់ស្កាត់សកម្មភាពដែលបង្កឲ្យមានភាពតានតឹងថែមទៀត។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា តាមរយៈសារនេះ ចិនចង់ឃើញប្រទេសជាមិត្តរបស់ខ្លួនទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលាក្នុងប្រទេសម៉ាឡេស៊ី។ តែអ្នកខ្លះទៀតយល់ថា កម្ពុជា-ថៃមិនអាចចោលចិនបានទេ ព្រោះចិនជាប្រទេសមួយដែលកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។ តើចិនគួរធ្វើអ្វីខ្លះដើម្បីជួយកាត់បន្ថយភាពតានតឹងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយថៃជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាព?
ហេតុការណ៍នៃការបាញ់រះរបស់ទាហានថៃលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងភូមិព្រៃចាន់កាលពីថ្ងៃពុធ ទី១២ វិច្ឆិកា បានបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មភ្លាមៗដោយថ្កោលទោសចំពោះទង្វើដ៏សាហាវរបស់ទាហានថៃ។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែតបានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីស្វែងរកអ្នកទទួលខុសត្រូវលើការស្លាប់ពលរដ្ឋខ្មែរមួយរូប។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា កម្ពុជាត្រូវប្តឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិជាបន្ទាន់ចំពោះទង្វើអមនុស្សធម៌របស់ថៃបែបនេះ។
នៅថ្ងៃទី១០ ខែវិច្ឆិកា រដ្ឋាភិបាល និងយោធាថៃបានចេញមុខប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ព្រមទាំងផ្អាកការដោះលែងទាហានខ្មែរទាំង ១៨នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា។ ការសម្រេចជាឯកតោភាគីនេះត្រូវបានថៃពន្យល់ថា  គឺដោយសារសន្តិសុខជាតិរបស់ថៃកំពុងរងការគំរាមកំហែងជាថ្មី ក្រោយទាហានថៃ ៤នាក់ដើរជាន់មីនត្រង់ចំណុចភូមិសាស្ត្រក្បែរប្រាសាទព្រះវិហារកម្ពុជា។ អ្នកវិភាគនយោបាយខ្លះយល់ថា នេះជាលេសរបស់ថៃដើម្បីពន្យារពេលដោះលែងទាហានខ្មែរទាំង១៨នាក់ និងថា ថៃនៅមានមហិច្ឆតាចង់វាទីដែនអធិបតេយ្យភាពរបស់កម្ពុជា។ តែអ្នកខ្លះទៀតកត់ សម្គាល់ឃើញថា នេះជាល្បែងនយោបាយក្នុងស្រុកថៃដើម្បីទាក់ចិត្ត និងទទួលបានការគាំទ្រពីពលរដ្ឋថៃ។
ក្នុងអំឡុងពិធីបុណ្យអុំទូកកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានករណីឈ្លោះប្រកែកគ្នារវាងអាជីករ និងភ្ញៀវទេសចរជុំវិញការដំឡើងតម្លៃម្ហូបអាហារ និងជួលកន្លែងអង្គុយនៅក្នុងខេត្តកែប។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនប្រតិកម្មរិះគន់នឹងការបន្តមានករណីលក់ដូរក្នុងតម្លៃហួសហេតុ ពិសេសក្នុងពេលមានបុណ្យទានម្តងៗ។ ចំពោះអ្នកតាមសង្គមកម្ពុជា ករណីនេះមិនមែនជាលើកទី១ និងចង់ឃើញអាជ្ញាធរខេត្តចាត់វិធានការតឹងរ៉ឹង តាមរយៈការហៅអ្នកលក់ដូរមកណែនាំ និងអប់រំ។ ហេតុអ្វីខេត្តកែបបន្តមានករណីអាជីវករលក់ដូរក្នុងតម្លៃថ្លៃហួសហេតុក្នុងពេលបុណ្យទាន?
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកណាត់ថាផុល ណាក់ផានីត (Nattapol Nakphanit) នៅថ្ងៃទី៧វិច្ឆិកា បានចេញមកអះអាងពីលក្ខខណ្ឌនៃការដោះលែងទាហានខ្មែរទាំង១៨រូប ដោយភាគីកម្ពុជាត្រូវដោះមីនតាមបណ្តោយព្រំដែនប្រទេសទាំងពីរឲ្យអស់។ ភាគីថៃបានអះអាងថា ខ្លួននឹងប្រគល់ទាហានខ្មែរទាំង១៨រូបឲ្យមកកម្ពុជាវិញ នៅថ្ងៃទី១២វិច្ឆិកាខាងមុខនេះ បើសិនកម្ពុជាធ្វើតាមសំណើនេះ។ តើកម្ពុជាគួរដោះមីនតាមលក្ខខណ្ឌរបស់ថៃ ជាថ្នូរនឹងមាតុភូមិនិវ​ត្តន៍នៃទាហានខ្មែរទាំង១៨រូប?
សំណុំរឿងលោក ចេន ហ្ស៊ី កំពុងបន្តក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារមកលើកម្ពុជាតាមរយៈការរឹបអូស និងការបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខ្មែរដើមកំណើត​ចិនពីសំណាក់ប្រទេសមួយចំនួន។ លោក ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប (Prince Holding Group) និងជាទីប្រឹក្សារបស់មេដឹកនាំខ្មែរមួយចំនួន ត្រូវបានសហរដ្ឋអាមេរិក អង់គ្លេស សិង្ហបុរី ហុងកុង និងតៃវ៉ាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ក្រោម​បទចោទពាក់ព័ន្ធនឹងអំពើឆបោក និងលាងលុយកខ្វក់។ តែរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់បានបញ្ចេញប្រតិកម្មអ្វីទាំងអស់លើសំណុំរឿងលោក ចេន ហ្ស៊ី។ តើកម្ពុជាគួរចេញមុខបំភ្លឺ ឬបន្តនៅស្ងៀមស្ងាត់?
ថ្មីៗនេះ មានករណីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយរូបបានផលិតវីដេអូបែបកំប្លែងពាក់ព័ន្ធនឹងខេត្តតាកែវ។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រតិកម្មនឹងខ្លឹមសារក្នុងវីដេអូនោះដោយយល់ថាជារឿងមិនសមរម្យប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ និងនាំឱ្យមានការរើសអើងស្អប់ខ្ពើម។ អ្នកតាមដានសង្គម និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា មាតិកាក្នុងបណ្តាញសង្គមមានទាំងល្អ និងអាក្រក់ដែលតម្រូវឲ្យអ្នកផលិតមាតិកាគ្រប់រូបមានទំនួលខុសត្រូវចំពោះរាល់មាតិកាដែលខ្លួនបានផលិត ក្នុងនោះ គឺត្រូវជៀសវាងការផលិតមាតិកាដែលនាំឱ្យមានការរើសអើង និងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យជាដើម។ តើអ្នកបង្កើតមាតិកាតាមបណ្តាញសង្គមគួរត្រូវមានក្រមសីលធម៌បែបណាខ្លះ?។
កម្ពុជា-ថៃចាប់ផ្តើមការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែន ទៅតាមការចែងរបស់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃ បានចុះហត្ថលេខានៅទីក្រុងគួឡាឡាំពួ កាលពីថ្ងៃអាទិត្យទី២៦ខែតុលា។ អាវុធធុនធ្ងន់ដែលត្រូវដកចេញមានជាអាទិ៍ ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែក។ អ្នកតាមដានបញ្ហាសង្គលមើលឃើញថា​ កម្ពុជាបានអនុវត្តការដកអាវុធធុនធ្ងន់នេះ យ៉ាងខ្ជាប់ខ្ជួន តែពួកគេ​បារម្ភថា ភាគីថៃមិនមានឆន្ទៈធ្វើដូចកម្ពុជាទេ​។ តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរទាំង ១៨រូបដែលភាគីថៃកំពុងឃុំឃាំងដែរឬទេ?
នៅក្នុងរបត់ដែលកម្ពុជាកំពុងបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ចរន្តនៃការវិនិយោគនៅក្នុងស្រុកមានសន្ទុះកើនឡើង។ បើទោះជាមានការកើនឡើង អ្នកសេដ្ឋកិច្ចនៅកត់សម្គាល់ឃើញថា ចរន្តនៃការបណ្តាក់ទុនរបស់អ្នកវិនិយោគក្នុងស្រុកនៅមានកម្រិត។ នៅមានកម្រិត ក៏ព្រោះតែ មានឧបសគ្គមួយចំនួនដែលអ្នកជំនួញក្នុងស្រុកបន្តជួបប្រទះ គឺកង្វះផ្នែកបច្ចេកទេស តម្លៃដើមនៃការផលិតនៅស្ថិតក្នុងកម្រិតខ្ពស់ ការខ្វះខាតការគាំពារ និងការទ្រទ្រង់បន្ថែមពីរដ្ឋាភិបាល។
នៅ​ថ្ងៃ​ទី​៣០​ ខែ​តុលា ​ឆ្នាំ​២០២៥​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​បាន​ចេញ​សេច​ក្តី​ប្រកាស​ថា​ ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​មករា​ ឆ្នាំ ​២០២៦​ខាង​មុខ​ទៅ ​រដ្ឋា​ភិបាល​នឹង​អនុ​វត្ត​ការ​យក​ពន្ធ​លើប្រាក់​ចំណេញ​មូល​ធន​ ២០​ភាគ​រយ​ពី​ពល​រដ្ឋ​បន្ទាប់​ពី​បាន​ពន្យារ​ពេល​អនុវត្ត​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​មាន​វិបត្តិ​កូវីដ​១៩​ ។​ អ្នក​រក​ស៊ី​ខាង​អចលន​ទ្រព្យ​បារម្ភ​ថា​ បើការ​យក​ពន្ធ​នេះ​ត្រូវ​បាន​អនុវត្ត​មែន ​វិស័យ​អចលន​ទ្រព្យ​នឹង​ជួប​វិបត្តិ​បន្ត​ទៀត​។​ តើ​ឆ្នាំ​២០២៦​ ជា​ពេល​វេលា​សម​ស្រប​ដើម្បី​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​មូល​ធន​ ឬ​យ៉ាង​ណា​?​
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ចិនបានចេញមុខអះអាងថា ទីក្រុង​ប៉េកាំងបានប្រើវិធីផ្ទាល់របស់ខ្លួនក្នុងការជួយឲ្យកម្ពុជា និងថៃទទួលបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ តុលានៅក្នុងប្រទេសម៉ាឡេស៊ី។ នេះជាសម្តីចេញពីមាត់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្រាប់ទៅប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំនៅក្នុងជំនួបទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង។ តាំងពីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ទី២៦ តុលាមក នេះជាលើកទី១ ដែលចិនបានបញ្ចេញប្រតិកម្មដូចនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ​កត់​សម្គាល់​ថា ការដែលចិនបញ្ចេញប្រតិកម្មយឺតយ៉ាវក៏ព្រោះតែចង់រក្សាអព្យាក្រឹតរបស់ខ្លួននៅក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។
loading
Comments 
loading