Discoverព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
Claim Ownership

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Author: RFI ខេមរភាសា / Khmer

Subscribed: 364Played: 2,763
Share

Description

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។
1849 Episodes
Reverse
ក្រោយព្រលានយន្តហោះអន្តរជាតិតេជោបើកប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញមានពលរដ្ឋច្រើននាក់នាំគ្នាសម្រុកទៅទស្សនាកម្សាន្តរហូតបង្កការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ការណ៍នេះបានធ្វើឲ្យអ្នកដំណើរមួយចំនួនខកខាន ឬយឺតយ៉ាវជើងហោះហើររបស់ខ្លួន។ អ្នកជំនាញផ្នែកទេសចរណ៍ និងអ្នកតាមដានសង្គមខ្លះយល់ឃើញថា ការអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាព្រលានយន្តហោះថ្មីជាការបើកឱកាសឲ្យពលរដ្ឋមើលឃើញពីសមិទ្ធិផលថ្មីរបស់រដ្ឋាភិបាល។ តែអ្នកជំនាញខ្លះទៀតយល់ថា អាជ្ញាធរគួររៀបចំឲ្យបានច្បាស់លាស់ដើម្បីធានាសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងសុវត្ថិភាពដល់អ្នកដំណើរ។ តើគួររៀបចំឲ្យពលរដ្ឋចូលទស្សនាព្រលានយន្តហោះថ្មីបែបណាទើបមិនបង្កផលប៉ះពាល់?
សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ នេប៉ាល់​ និង​ខ្មែរ​សរុប​៤៧​នាក់​ និង​ដក​ហូត​កាំភ្លើង​១៣​ដើម បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ ដែល​បង្ក​ដោយ​ជន​ជាតិ​ចិន​២​ក្រុម ​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​ ឆ្នាំ​២០២៥​។​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ករណី​បាញ់​បោះ​ដោយ​ជន​បរទេស ​បាន​កើត​ឡើង​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​អាវុធ​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​ រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​បាន​កោះ​ប្រជុំ​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ​ដើម្បី​រិះ​រក​វិធាន​ការ​ជាក់​លាក់​ណា​មួយ​ដែល​អាច​ឆ្លើយ​នឹង​បាតុ​ភាព​បាញ់​បោះ​អនា​ធិប​តេយ្យ​បែប​នេះ​។​ អ្នក​ឃ្លាំ​មើល​បារម្ភ​ថា​ ករណី​ផ្ទុះ​អាវុធ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​នឹង​បន្ត​គំរាម​កំហែង​ដល់​ភ្ញៀវ​ទេសចរ​នា​ពេល​ខាង​មុខ​ ប្រ​សិន​បើ​មិន​អាច​ទប់​ស្កាត់​បាន​ទេ​នោះ​។
ក្រុមប្រឹក្សាជាតិតស៊ូរបស់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ បានសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដោយមានស្ថាប័ន ឬក្រសួងចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទេសខ្លួនមួយនេះ។ អ្នកវិភាគនយោបាយយល់ថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី នឹងមិនអាចជះឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។ ម្យ៉ាងវិញទៀត អ្នកវិភាគយល់ឃើញថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ អាចជាការបិទបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី និងបក្ខពួកលោកដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសកម្ពុជា។
លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​រវាង​ភាគី​កម្ពុជា​ និង​ថៃ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា ​ឆ្នាំ​២០២៥ ​នៅ​ខេត្ត​កោះ​កុងបាន​បង្ហាញ​ថា​ ភាគី​ទាំង​២ ​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ស្វែង​រក​វិធាន​ការ​ជាក់​ស្តែង​ដើម្បីឲ្យ​ស្ថានការណ៍​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​។​ ក្នុង​នោះ ​ភាគី​ទាំង​២​ ក៏​បាន​ពិនិត្យ​សំណូមពរ​របស់​ជប៉ុន​ដែល​ចង់​ឲ្យ​កម្ពុជា និង​ថៃ​បើក​ព្រំ​ដែន​នៅ​ច្រក​ខ្លះ​ឡើង​វិញ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ចាំ​បាច់​។​ ស្ថាន​ទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​បាន​ត្អូញ​ត្អែរ​ថា​ ការ​ពន្យារ​ពេល​បើក​ព្រំ​ដែន​កម្ពុជា​ និង​ថៃ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​ និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ តាម​គោល​នយោបាយ​ «ថៃ​បូក១»​ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។​ តើ​កម្ពុជា​គួរ​យល់​ព្រម​បើក​ព្រំដែន​ជាមួយ​ថៃ​ឡើង​វិញ​ដែរ​ឬ​ទេ​នៅ​ពេល​នេះ​?
កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ នេះបើតាមសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ កញ្ញា។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ លើកឡើងពីភាពវិជ្ជមាន និងអវិជ្ជមាន របស់កម្ពុជា ក្នុងការសម្រេចចិត្តកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ។ ភាពវិជ្ជមានគឺ ការដោះមីនរួមគ្នានឹងធ្វើឲ្យថៃលែងមានលេសចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់មីនតាមបន្ទាត់ព្រំដែន។ តែភាពអវិជ្ជមានគឺ ពួកគេបារម្ភថា ថៃនឹងងាយស្រួលចូលទន្ទ្រានទឹកដីកម្ពុជា ក្រោយការដោះមីនបានជោគជ័យ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ទៅ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិត ៧០ឆ្នាំ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីខែឧសភា ឆ្នាំ២០២៥ថា នឹងរក្សាទុកព្រលានយន្តហោះទំហំជាង ៤០០ហិចតានេះ ជាទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ អ្នកតាមដានសង្គមនានាយល់ឃើញថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គួរតែត្រូវបានរៀបចំឲ្យក្លាយទៅជាកន្លែងកម្សាន្ត ទេសចរណ៍ វប្បធម៌ កីឡា ដែលអាចទាក់ទាញថវិកាបានយ៉ាងច្រើនសម្រាប់ហិបរដ្ឋ។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថៃរកបាននាយករដ្ឋមន្រ្តីទី ៣២ គឺលោក អនុធិន ឆានវីរៈគូន។ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរលោក អនុធិន ឆានវីរៈគូន តែមិនភ្លេចលើកឡើងពីការចង់បានរបស់កម្ពុជាដើម្បីស្តារទំនាក់ទំនងការទូតជាមួយថៃឲ្យមានប្រក្រតីភាពឡើងវិញ។ ចំណែកនាយករដ្ឋមន្រ្តីថៃថ្មីក៏បានបង្ហាញពីការត្រៀមវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយទុក្ខលំបាក និងការបាត់បង់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ តែអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា រដ្ឋាភិបាលថ្មីថៃរបស់លោក អនុធិន ឆានវីរៈគូន ក៏មិនខុសគ្នាប៉ុន្មានពីរដ្ឋាភិបាលចាស់ដែរ ព្រោះអ្នកមានអំណាចក្នុងដៃពិតប្រាកដនៅថៃ គឺក្រុមយោធាថៃដែលហាក់បង្ហាញសកម្មភាពមិនចង់ស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ។ ចំណែកអ្នកជំនាញយល់ថា ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរនៅមានភាពលំបាកនៅឡើយ។ តើទំនាក់ទំនងកម្ពុជា-ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃថ្មីអាចមានអ្វីប្រែប្រួលខ្លះ?
ច្បាប់​ដក​សញ្ជាតិ​ពល​រដ្ឋ​ខ្មែរ​បាន​ចូល​ជា​ធរ​មាន​ បន្ទាប់ពី​ការ​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី​ លោក ហ៊ុន សែន នាថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥​។​ ក្រុម​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​បាន​លើក​ឡើង​ថា ​ច្បាប់​នេះ​មាន​គោល​ដៅ​ធ្វើ​បាប​អ្នក​នយោបាយ​ប្រឆាំង​ ពិសេស ​លោក​ សម​ រង្ស៊ី ​និង​ក្រុម​របស់​លោក​។​ អ្នក​វិភាគ​យល់​ថា​ ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ មិន​គួរ​ចេញ​នៅ​ពេល​នេះ​ទេ ​ដោយ​សារ​តែ​បារម្ភ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ​កាន់​តែ​ខ្លាំង​ នៅ​គ្រា​ដែល​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​។​ តែ​អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ ចាត់​ទុក​ការ​មាន​ច្បាប់​នេះ​ជា​រឿង​ត្រឹម​ត្រូវ​។
ក្រសួងមហាផ្ទៃ ធនាគារជាតិកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃសុក្រទី៥កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងត្រូវតម្កល់ទុកឯកសារដូចជាអត្តសញ្ញាប័ណ្ណ និងប័ណ្ណក្រីក្រ ជាថ្នូរនឹងការផ្តល់កម្ចី។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា នេះជាសកម្មភាពខុសច្បាប់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកឃ្លាំមើលសង្គម យល់ថា បញ្ហាផ្តល់កម្ចីខុសច្បាប់និងតម្កល់ទុកឯកសារផ្ទាល់ខ្លួន បានកើតឡើងស្ទើរក្លាយជាប្រពៃណីក្នុងសង្គមខ្មែរ។ តើត្រូវមានវិធានាការបែបណាចំពោះការផ្តល់កម្ចីខុសច្បាប់ តាមរយៈការបញ្ចាំឯកសារផ្ទាល់ខ្លួន?
ពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ហួស​ចិត្ត​ជា​បន្ត​បន្ទាប់​ តាំង​ពី​ថៃ​ប្រកាស​ទិញ​យន្ត​ហោះ​ចម្បាំង​ ៤​គ្រឿង​បន្ថែម​ទៀត​ពី​ប្រទេស​ស៊ុយ​អែត​កាល​ពី​ចុង​ខែ​សីហា ​ឆ្នាំ​២០២៥​។​ ប្រតិកម្ម​ហួស​ចិត្ត​ ព្រោះ​ស៊ុយ​អែត​ដែល​ធ្លាប់​ជា​អ្នក​ផ្តល់​ជំនួយ​ផ្នែក​សិទ្ធិ​មនុស្ស​មក​កម្ពុជា​បែរ​ជា​ងាក​ទៅ​ចុះកិច្ច​ព្រម​ព្រៀង​លក់​យន្ត​ហោះ ​Gripen​ ទៅឲ្យ​ថៃ​ដើម្បី​ធ្វើ​សង្រ្គាម​ប្រឆាំង​កម្ពុជា​ទៅ​វិញ​។​ គួរ​រម្លឹក​ថា​ ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ ​Gripen​ របស់​ស៊ុយ​អែត​នេះក្នុង​ការ​វាយ​ប្រហារ​កម្ពុជា​ចំនួន​ ​៥ថ្ងៃ​នៅ​តាម​ព្រំ​ដែន​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។​ តើ​កម្ពុជា​គួរ​មាន​យន្ត​ការ​អ្វី​ខ្លះ​ដើម្បី​បង្អាក់​ស៊ុយ​អែត​កុំ​ឲ្យ​លក់​យន្ត​ហោះ​ចម្បាំង​ទៅ​ឲ្យ​ប្រទេស​ថៃ​?
ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងយោធាថៃ និងប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានកើតឡើងជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកញ្ញានេះ។ មូលហេតុនៃការប៉ះទង្គិច គឺដោយសារតែទាហានថៃបានព្យាយាមយកបន្លាលួសមកព័ទ្ធដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាស្រ័យផលនៅទីនោះ។ ការណ៍នេះនាំឱ្យប្រជាពលរដ្ឋខ្មែរស្រាក់ដៃគ្នាបណ្តេញទាហានថៃឲ្យត្រលប់ទៅទីតាំងរបស់ខ្លួនវិញ។ អ្នកឃ្លាំមើលយល់ថា ថៃកំពុងបញ្ឆេះភ្លើងកំហឹងជាមួយភាគីកម្ពុជាដើម្បីឲ្យទាហានកម្ពុជាធ្វើសកម្មភាពតបត រួចចោទប្រកាន់កម្ពុជាថាបានរំលោភបំពានបទឈប់បាញ់។ តើភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចឈានទៅផ្ទុះអាវុធជាថ្មីរវាងយោធាខ្មែរ-ថៃដែរ ឬយ៉ាងណា?
កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្មែរចំនួន៣៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃដើម្បីស្វែងរកការងារ។ ពលរដ្ឋខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបត្រូវបង្ខំចិត្តលួចឆ្លងដែនចូលទឹកដីថៃ។ អ្នកធ្វើការលើបញ្ហាពលករចំណាកស្រុកអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃកំពុងប្រទះបញ្ហាប្រឈមសំខាន់ៗដូចជា កង្វះជំនួយមនុស្សធម៌ វិបត្តិបំណុលធនាគារ និងកង្វះការងារធ្វើជាដើម។ ក្នុងន័យនេះអ្នកពាក់ព័ន្ធក្នុងវិស័យការងារទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់មួយ ដូចជាការ​បញ្ចេញកញ្ចប់ថវិកាជាតិនៅកម្រិតណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលករខ្មែរទាំងនោះ។
សាធារណជននៅប៉ុន្មានថ្ងៃនេះ បានបន្តជជែកវែកញែកជំរុញឲ្យដាក់ទោសទណ្ឌលើអធិការរងនគរបាលខណ្ឌចំការមនមួយរូប ដែលបានប្រើពាក្យសម្តីមិនសមរម្យដាក់ក្មេងស្រី២រូប ដែលនាងគ្រាន់ជាសាក្សីជួយបំភ្លឺសំណុំរឿងឃាតកម្ម។ បន្ទាប់ពីចេញវីដេអូលើបណ្តាញសង្គម សាធារណជនបានចាត់ទុកពាក្យសម្តីរបស់អធិការរងរូបនោះ គឺជាការប្រព្រឹត្តខុសផ្នែកក្រមសីលធម៌ ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាក្រោយមានប្រតិកម្មពីមហាជន ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃអាទិត្យនេះ បានសម្រេចដកហូតដំណែង និងបណ្តេញអធិការរងខណ្ឌចំការមន ឈ្មោះ ហួត គង់ ចេញពីក្របខណ្ឌមន្ត្រីនគរបាល។
នៅរសៀលថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ បានសម្រេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ការបញ្ចប់នេះ ដោយតុលាការថៃរកឃើញថា លោកស្រីមានកំហុសក្រមសីលធម៌ ក្នុងឃ្លីបសន្ទនាជាមួយលោក ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកតាមដានកិច្ចការអន្តរជាតិ យល់ថា ស្ថានការណ៍ទំនាក់ទំនងការទូតកម្ពុជា-ថៃ អាចវិវត្តកាន់តែអាក្រក់ជាងមុន ជាពិសេសភាពតានតឹងនៃបញ្ហាព្រំដែន។ តើស្ថានភាពកម្ពុជា-ថៃ នឹងប្រែជាបែបណា បន្ទាប់ពីលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រី?
រយៈពេលប៉ុន្មានថ្ងៃមកនេះ ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា និងថៃ បានលើកឡើងពីសកម្មភាពរាយបន្លាលួសរបស់យោធាថៃក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្វើឲ្យប្រធានបទនេះកាន់តែក្តៅគគុក។ អ្នកនាំពាក្យកងទ័ពថៃនាពេលថ្មីៗនេះ បានព្រមានដាក់ឱសានវាទរយៈពេល២ខែ ឲ្យអាជ្ញាធរកម្ពុជារុះរើផ្ទះសម្បែងរបស់ប្រជាជនចេញពីភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ។ ចំពោះអ្នកតាមដានសង្គម សកម្មភាពទន្រ្ទានចូលដីខ្មែររបស់យោធាថៃ គឺជាអំពើឈ្លានពានដ៏កំរោល និងមិនស្គាល់អ្វីជាច្បាប់ទម្លាប់ឡើយ ហើយថែមទាំងប៉ះពាល់ដល់បទឈប់បាញ់ដែលសម្រេចបានកន្លងមក។ ក្នុងន័យនេះ អ្នកជំនាញជំរុញឲ្យកម្ពុជាបន្តសកម្មភាពការទូតរបស់ខ្លួន ដើម្បីបង្ហាញឥទ្ធិពលទៅលើប្រទេសថៃ។
នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា ឆ្នាំ​២០២៥​ ទាហាន​ថៃ​បាន​ព្យាយាម​ចូល​រាយ​បន្លា​លួស​នៅ​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរបី​ជាន់ ​ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​ទល់​មុខ​ភូមិ​ Nong Chan ស្រុក Khok Sung ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រជា​ពល​រដ្ឋខ្មែរ ​និង​សមត្ថ​កិច្ច​នៅ​ភូមិ​ជោគ​ជ័យ​ធ្វើ​ការ​ទប់​ស្កាត់​យ៉ាង​ខ្លាំង​ ហើយ​ទា​ហាន​ថៃ​ក៏​យក​បន្លា​លួស​នោះ​ត្រឡប់​ទៅ​វិញ​។​ នេះ​បើ​តាម​ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​។​ សកម្ម​ភាព​រាយ​បន្លា​លួស​របស់​ភាគី​ថៃ​មិន​មែន​ជា​លើក​ទី​១ទេ ​ពោល​តាំង​ពី​ក្រោយ​បទ​ឈប់​បាញ់​មក​ ទាហាន​ថៃ​តែង​តែ​ធ្វើ​សកម្ម​ភាព​បែប​នេះ​។​ ដើម្បី​ទប់​ទល់​នឹង​សកម្ម​ភាព​របស់​ទាហាន​ថៃ​ដែលរំលោភ​លើ​ទឹក​ដី​កម្ពុជា​ តើកម្ពុជា​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​អ្វី​ខ្លះ​​ដើម្បី​ទប់​ទល់​?
រដ្ឋមន្ត្រីការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យលោក នង សាកល កាលពីពេលថ្មីៗនេះ បានលើកឡើងពីសុឆន្ទៈវិលទៅរកប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ តាមរយៈការចាប់ផ្តើមកិច្ចពិភាក្សាបើកព្រំដែនឡើងវិញ និងការដោះមីនតាមបែបមនុស្សធម៌។ អ្នកវិភាគនយោបាយ និងសង្គមនានាយល់ឃើញថាគោលបំណងរបស់កម្ពុជាគឺជារឿងដ៏ល្អ តែត្រូវធ្វើឡើងដោយការប្រយ័ត្នប្រយែងផងដែរ។
ពលរដ្ឋខ្មែរបានផ្តើមមានចលនាជាតិនិយម និងបានធ្វើពហិការទំនិញថៃ គិតចាប់តាំងមានជម្លោះព្រំដែនកម្ពុជា-ថៃ​ ដែលឈានដល់ការបាញ់ប្រយុទ្ធរវាងកងទ័ពនៃប្រទេសទាំង២ កាលពីចុងខែកក្កដា ដោយសារយោធាថៃជាអ្នកបើកការបាញ់ប្រហារមុន។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គម យល់ឃើញថា ការធ្វើពហិការទំនិញថៃពីសំណាក់ពលរដ្ឋខ្មែរ គឺជាការដាក់សម្ពាធមួយទៅលើរដ្ឋាភិបាលថៃ ដោយសារថៃជាអ្នកខាតសេដ្ឋកិច្ចធំជាងកម្ពុជា។ តាមអ្នកជំនាញ ការធ្វើពហិការលើទំនិញថៃគឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរ តែការដោះស្រាយបញ្ហាព្រំដែន​កម្ពុជា-ថៃ គឺត្រូវផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ។ តើការធ្វើពហិការទំនិញថៃ អាចធ្វើឲ្យថៃបន្ទន់ឥរិយាបថដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា?
គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃ ដែលថៃបានចាប់ខ្លួន និងបន្តឃុំឃាំងទាហានខ្មែរចំនួន១៨នាក់មិនព្រមដោះលែងឱ្យត្រឡប់មកកម្ពុជាវិញ។ ការបន្តឃុំខ្លួនទាហានខ្មែរដោយមិនព្រមដោះលែងឱ្យមានសេរីភាពវិញបែបនេះ ត្រូវបានភាគីកម្ពុជាចាត់ទុកថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាបានប្រើគ្រប់វិធីសាស្ត្រទាំងអស់ មិនថាការទូត ការចរចា ក៏ប៉ុន្តែភាគីថៃនៅតែមិនអើពើចំពោះសំណើរបស់កម្ពុជា។ ត្រង់ចំណុចនេះ អ្នកវិភាគនយោបាយលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រើយន្តការការទូត ពិសេសប្រើវិធីសាស្ត្រពឹងពាក់ប្រទេសមហាអំណាចឱ្យជួយដាក់គំនាបទៅលើថៃ។
នៅក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន បានស្នើឱ្យបន្ថែមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅតាមតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែ និងបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃបានបដិសេធសំណើរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយលើកហេតុផលថា ជម្លោះព្រំដែនកម្ពុជា-ថៃ ជាបញ្ហាទ្វេភាគី ដូច្នេះប្រទេសថៃមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកដោយអ្នកខាងក្រៅឡើយ។ ហេតុអ្វីបានជាថៃមិនចង់បន្ថែមអ្នកសង្កេតការណ៍អន្តរជាតិ តាមការស្នើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម?
loading
Comments