Discoverនាទីសុខភាពនិងអនាម័យ
នាទីសុខភាពនិងអនាម័យ
Claim Ownership

នាទីសុខភាពនិងអនាម័យ

Author: RFI ខេមរភាសា / Khmer

Subscribed: 682Played: 2,090
Share

Description

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។
220 Episodes
Reverse
គ្មានទឹកមនុស្សនឹង​ស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់​ជួយ​ឲ្យ​សរីរាង្គកាយ មាន​ដំណើរការ​ល្អ ប៉ុន្តែ​បើ​ពិសា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក ទឹក​​អាច​​បង្ក​គ្រោះថ្នាក់​ទៅ​វិញទេ។ តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ ទើប​ហៅ​ថា​ល្អ និង ចាប់​ពី​បរិមាណ​ប៉ុន្មាន​ទៅ ដែល​នាំ​មាន​ផលវិបាក​ដល់​សុខភាព? ទឹកជាភេសជ្ជៈដ៏ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រូប​ទាំងអស់។ ផ្តល់​ជាតិទឹក ផ្តល់​ភាពសើម​ដល់​សព៌ាង្គកាយ ជាប់​ជាប្រចាំ នឹង​ធ្វើឲ្យ​សរីរាង្គ​កាយ​មាន​ដំណើរការ​ល្អ។ ការផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​សរីរាង្គកាយ ជា​ការចូលរួម​ចំណែក​ធ្វើឲ្យ​មាន​ សរសៃ​ឈាម​បេះដូង តម្រង់នោម ប្រព័ន្ធ​រំលាយ​អាហារ និង ខួរក្បាល មាន​សុខភាព​ល្អ។ ប៉ុន្តែ​ត្រូវ​ឲ្យ​ទឹក​នោះ ជា​ទឹក​មាន​គុណភាព​ល្អ ជា​ទឹក​បរិសុទ្ធ អាច​បរិភោគ​បាន​ដោយ​គ្មាន​មេរោគឆ្លង​​ចូល​ក្នុង​សព៌ាង្គកាយ។ ទឹក​មាន​ភារៈ​ចាត់​ចែង​សីតុណ្ហភាព​រាងកាយ​ ដឹកជញ្ជូន​ជីវជាតិ រំលាយ​កាកសំណល់មេតាបូលិក និង​ធានារ៉ាប់រង​ដំណើរការ​របស់​ក្រលៀនឬតម្រងនោម ប្រព័ន្ធ​រំលាយអាហារ និង​សន្លាក់។ មាន​ន័យ​ថា ការ​ផ្តល់​ជាតិ​ទឹក​បានគ្រប់គ្រាន់ នឹង​ជួយតម្រង​នោម​ឱ្យ​ច្រោះ​​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន និង​ជួយ​បង្ការ​កុំ​មាន​គ្រួស​ក្នុង​តម្រងនោម។ ជួយ​ប្រព័ន្ធរំលាយអាហារ​ កិន​បំបែក​និង​បញ្ជូន​កាកសំណល់​ចេញ បញ្ចៀសអាការៈ​​ទល់​លាមក​។ ជួយរក្សា​លំនឹង​ថាមពល​ កាត់​បន្ថយ​អាការៈ​នឿយហត់​អស់កម្លាំងខ្សោយ​បញ្ញាស្មារតី។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ខ្វះជាតិ​ទឹក ឬបរិភោគទឹក​មិន​គ្រប់គ្រាន់ ទោះបី​ជា​ខ្វះ​តិច​តួច​ក៏​ដោយ ក៏​មនុស្ស​នឹង​អាច​មាន​អាការៈ​អស់​កម្លាំង ឈឺក្បាល ការ​ផ្ចង់គំនិត​ស្មារតី​ចុះខ្សោយ និង​ចុះ​ខ្សោយ​សមត្ថភាព​រាងកាយ​ ភ្លាម។ ផ្ទុយទៅ​វិញ ការបរិភោគ​ទឹក​ច្រើន​ជ្រុល ក៏​អាច​ជះផលវិបាក​ និងបង្កគ្រោះថ្នាក់​ដល់​សុខភាព​ដែរ។ ពិសាទឹក​ច្រើន​ជ្រុល​អាច​បង្ក​បញ្ហា​អ្វីខ្លះ? ទឹក​ជា​ភេសជ្ជៈ​ដ៏​ល្អ​ជាង​គេ​សម្រាប់​សុខភាព​។ នេះ​ជា​អនុសាសន៍​ណែនាំ​ដែល​យើង​ឮ​ជា​រហូត​មក។ ប៉ុន្តែ​ការ​ពិសាទឹក​ច្រើន​ជ្រុល​ហួសហេតុ​ពេក ក៏​មិន​ល្អ​ដែរ។ ដើម្បី​ផ្តល់ចម្លើយ​ថា​តើ​មនុស្ស​ម្នាក់ៗ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ ទើប​សមរម្យ យើង​ត្រូវ​យល់​ជាមុន​ថា ក្នុង​មួយ​ថ្ងៃៗ​ សរីរាង្គកាយ​យើង​បាន​បាត់​បង់​​ជាតិ​ទឹក​ អស់​ប្រមាណ​ពី​ពីរលីត្រកន្លះ​ទៅ​បី​លីត្រ តាម​រយៈ​ការបញ្ចេញ​ចោល​ទឹក​នោម លាមក ​​ញើស និង​ការ​ហួត​ជាតិ​តាម​ផ្ទៃ​ស្បែក។ ដូច្នេះ​ដើម្បី​រក្សាតុល្យភាព​ យើង​ត្រូវ​ទទួល​ទាន​ទឹក បំពេញ​សរីរាង្គកាយឱ្យ​បាន​ក្នុង​​បរិមាណឱ្យ​​ស្មើវិញ (ពីរលីត្រ​កន្លះទៅបី​លីត្រ) ជា​ប្រចាំ។ តាមការ​ពិត​ យើង​បានផ្តល់​តុល្យភាព​ជាតិ​ទឹក​​ធ្វើជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ដឹង​ខ្លួន​ តាម​រយៈ​ការ​ទទួល​ទាន​អាហារ បន្លែផ្លែឈើ សម្លសម្លុក និង​ការ​ផឹកទឹកធម្មតា ឬ​ភេសជ្ជៈផ្សេងៗ។ ប៉ុន្តែ​នៅ​ពេល​ពិសាទឹក​ច្រើន​ជ្រុល​និង​លឿន​ពេក លើស​​ការ​បាត់បង់ អ្នក​នឹងទទួលលទ្ធ​ផល​បញ្ច្រាស។ អ្វី​ក៏​ដោយ​ឱ្យ​តែ​ធ្វើ​ជ្រុល សុទ្ធ​តែ​អាច​បក​ជា​អាក្រក់​វិញ​ទាំងអស់។ យ៉ាងណា​មិញ ការ​បរិភោគ​ទឹក​ច្រើន​ជ្រុល ហួស​សមត្ថភាពចម្រោះ​របស់​តម្រង​នោម  ដែល​ជា​ទូទៅ​អាច​ច្រោះ​បាន​ប្រមាណ​ពី​៨០០មីល្លីលីត្រ​ទៅ​១លីត្រ​ក្នុង​ម៉ោង អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ខ្សោះ និង​ធ្លាក់​ចុះថយ​បរិមាណ​ជាតិ​អេឡិចត្រូលីត ​ជាតិ​Sodium ក្នុង​ឈាម Hyponatrémie ឬ​និយាយ​បែប​សាមញ្ញ​ថា “ពុល​ទឹក”។ ពុល​​ទឹក គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ ដែលពាក់ព័ន្ធ​នឹង​បរិភោគ​​ទឹក​ច្រើន​ជ្រុល​ហួសហេតុ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី  លើស​សេចក្តីត្រូវការ​របស់​​សរីរាង្គកាយ។ ទឹក​នឹងក្លាយ​ជា​ជាតិ​ពុល  ព្រោះ​នៅ​ពេល​សរីរាង្គកាយ​មាន​បរិមាណ​ទឹក​ច្រើន​ពេក ​កំហាប់ជាតិ​សូច្យូម (អំបិល) ​ក្នុង​ឈាមរាវ​ខ្លាំង  ពោល​គឺមាន​កំរិត​ជាតិ​សូច្យូម​ទាប។ បើ​​អត្រា​​សូច្យូមក្នុង​ឈាម​​ទាប​ នោះកោសិកា​ខួរក្បាល​ អាច​នឹង​ហើម ហើយឡើង​សម្ពាធ​ក្នុងលលាដ៏ក្បាល ដែល​អាច​បង្កជា​អាការៈ​ ឈឺក្បាល ចង់ក្អួត រមួលក្រពើ ច្របូក​ច្របល់ ប្រកាច់ សន្លប់ និង​បើ​ធ្ងន់ធ្ងរ​អាច​ដល់​ស្លាប់​បាន។ ករណី​ស្លាប់​ដោយ​ហេតុ ហូប​​ទឹកច្រើន​ពេក​ដល់​ពុល ធ្លាប់​កើត​មានរួច​មក​ហើយ​ ​ជាពិសេស​ក្នុង​ចំណោម​អ្នកកីឡា​រត់​ម៉ារ៉ាតុង។ បើ​តាម​ស្ថិតិ​ឆ្នាំ​២០២១ ​អ្នក​រត់​ម៉ារ៉ាតុង ៨ទៅ​១៣%​ មានអាការៈចុះជាតិ​Sodium ដោយ​ប្រឹងរត់​ បែក​ញើស​ខ្លាំងចេញ​ជាតិ​ប្រៃ​អស់ហើយ​​ផឹកទឹកសាបច្រើន​ជ្រុល។ ហេតុដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ជំនាញ ណែនាំ​ឱ្យ​អ្នក​ធ្វើ និង​ហាត់​កីឡា​ប្រើកម្លាំង កុំ​ពិសា​ទឹក​ច្រើន​ពេល​រត់​ និង​ពេល​កំពុង​បញ្ចេញ​ថាមពល​បែក​ញើស​ខ្លាំង។ ក្នុង​ករណីរត់​ម៉ារ៉ាតុង ៥គីឡូម៉ែត្រ​មួយកូន​កែវ​ គ្រប់គ្រាន់​ហើយ។ ផ្តល់​ជាតិ​ដើម រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​សរីរាង្គកាយ​ពេល​ធ្វើ​កីឡា ជា​ប្រការ​ចាំបាច់ តែ​សូម​ជ្រើសរើស​ក្រេបទឹក​​ផ្សើម​បំពង់ក​ ឱ្យ​ញយ​ដង​ជា​ជាង​ពិសា​ម្តង​ច្រើន​កែវ។ ដើម្បី​ដឹង​ថា​តើ​យើង​បរិភោគ​ទឹកច្រើន​ជ្រុល សូម​សាកល្បង​ឡើង​ជញ្ជីង។ បើ​ធ្ងន់​ជាង​មុនពេល​ហាត់​ នោះ​មាន​ន័យ​ថា​យើង​ពិសាទឹក​ច្រើន​ជ្រុលហើយ។ មនុស្ស​ចាស់ អ្នក​មានជំងឺ​រ៉ាំរ៉ៃ (ខ្សោយ​ក្រលៀន ខ្សោយបេះដូង មហារីក ឬ​ជំងឺ​ទឹកនោមផ្អែម) សុទ្ធ​សឹង​ជា​ជន​​ងាយ​រងគ្រោះ​ ងាយប្រឈម​នឹងវិបត្តិអ៊ីប៉ូណាត្រេមី ​​ពុល​ទឹក។ ​សរីរាង្គពួកគេ​មិនអាច​បញ្ចេញ​ជាតិ​ទឹក​បាន​ត្រឹមត្រូវទេ នៅពេល​បរិភោគ​ទឹកចូល​ច្រើន​ពេក ព្រោះ​ចូល​ដល់​វ័យ​មួយ មនុស្ស​ចាស់​លែង​សូវ​បែកញើស ឬ​លែង​ចេញ​ញើសសោះតែម្តង។ ​​អ្នក​មាន​សុខភាព​ល្អ​រឹងមាំ ក៏​អាច​ជួបគ្រោះ​ពុលទឹក​បានដែរ ជាពិសេស​នៅ​ពេល​មានអាកាសធាតុ​ក្តៅ​ខ្លាំង។ តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ? មួយលីត្រ​កន្លះ ឬ​ពីរលីត្រ ឬ​បី​លីត្រ? សេចក្តី​ត្រូវការ “ទឹក” មិនដូច​និង​មិន​ស្មើគ្នា​ទេ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ពី​វ័យ​មួយ​ទៅ​វ័យ​មួយ។ រង្វាស់​នៃ​សេចក្តី​ត្រូវការ​ជាតិ​ទឹក ប្រែប្រួល​ទៅ​តាម​អាយុ ទៅ​តាម​មាឌ (ទម្ងន់) ទៅ​តាម​កំរិតនៃ​ការបញ្ចេញ​សកម្មភាព​រាងកាយ និង​ទៅ​តាម​បរិបទអាកាសធាតុ។ ក្នុង​បឋមវ័យ នៅ​ជា​ទារក​នៅឡើយ ខ្លួនប្រាណមនុស្ស​មាន​ផ្ទុកជាតិ​ទឹក​ប្រមាណ​៧៥%​។ ៦០% ឬ​ត្រូវ​ជា​៤២លីត្រ ចំពោះ​មនុស្ស​​ធំ​ពេញ​វ័យទម្ងន់៧០គីឡូក្រាម និង​នៅសល់​តែ​ប្រមាណ​៥០ទៅ​៥៥% នៅ​ពេល​ចាស់ជរា។ ភាព​ខុស​គ្នានេះ​​ជា​ការ​បញ្ជាក់​ឱ្យឃើញ​អំពី​តួនាទី​គ្រឹះ​របស់​ជាតិ​ទឹក​ សម្រាប់​ជីវិត។ បើកំរិត​​ជាតិ​ទឹក​ក្នុង​សរីរាង្គកាយ​មនុស្ស​ខុស​គ្នា​ សេចក្តី​ត្រូវ​ការ​ជាតិសើម​ក៏​ខុស​គ្នា​ទៅ​តាម​វ័យ​ដែរ។ បើតាម​អនុសាសន៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​បារាំង តម្រូវការ​ជាតិ​ទឹក​វិវឌ្ឍ និង​ប្រែប្រួល​ទៅ​តាម​វ័យ ​ទៅ​តាម​ដំណើរ​ជីវិត និង​ត្រូវ​គិតគូរ​បូក​បញ្ចូល​ទាំងបរិមាណ​​ជាតិ​ទឹក​ក្នុង​ម្ហូប​អាហារ​ផង។ ដូច្នេះ ដើម្បី​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​ អ្នក​ងាយ​រងហានិភ័យ ត្រូវ​បរិភោគទឹក​មិន​ឱ្យ​លើស​ពី​មួយលីត្រ​កន្លះ​ទេ ក្នុង​មួយ​ថ្ងៃ​។ ជា​ទឹក​ស​ធម្មតា បន្ថែម​ពី​លើ​ចំណីអាហារ​ដែល​សម្បូរជាតិ​ទឹក។ ចំណែក​អ្នក​មាន​សុខភាព​ល្អ មិន​ត្រូវ​ពិសាទឹក​ឱ្យ​លើសពី​៣​ទៅ​៤​លីត្រឡើយ​ ក្នុង​មួយ​ថ្ងៃ៕
ថ្ងៃទី ២១​កញ្ញា​ជា​ទិវា​ពិភពលោក​នៃជំងឺ​វង្វេងវង្វាន់។ ​បើ​តាម​ស្ថិតិ​ទើប​ចេញ​ថ្មី ២,២%​នៃ​ប្រជាជន​​បារាំងមាន​ជំងឺ​វង្វេងវង្វាន់​ Alzheimer។ ​ចំណោម​អ្នក​ជំងឺ​ចុះ​ខ្សោយ​សតិ​ទាំង​នោះ មាន​តែ​៣៤%​ប៉ុណ្ណោះ បាន​ទទួល​ការ​វិនិច្ឆ័យត្រឹម​ត្រូវ​។ ជំងឺ​វង្វេងវង្វាន់​បានក្លាយ​ជា​បន្ទុក​ ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំងមូល។ ពិភពវេជ្ជសាស្ត្រ​ ក៏មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​ដ៏គួរ​ខ្លាច​នេះ​ទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹង​ជំងឺ​របេង ទំនង​អាច​ពន្យឺត​អាការៈ​រោគ​វង្វេង​បាន។ តើ​ថ្នាំ​បង្ការ​BCG​ មាន​លក្ខណៈ​ពិសេស​យ៉ាងណា ? ការសិក្សា​ពន្យល់​យ៉ាង​ដូចម្តេច​ខ្លះ? វង្វេងវង្វាន់​ជា​ជំងឺ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​មានកើត​ច្រើន​ជាង​គេ​នៅលើពិភពលោក។ បើ​តាម​អង្គការ​សុខភាពពិភពលោក មាន​មនុស្ស​ជាង​៥៥​លាន​នាក់​មាន​​ជំងឺ​វង្វេង ក្នុងនោះ​៦០ទៅ៧០%​ជា​ជំងឺ​វង្វេងវង្វាន់​Alzheimer នៅ​ឆ្នាំ​២០២០ និង​ដល់​១៣២លាន​នាក់​នៅ​ឆ្នាំ​២០៥០។ រោគសញ្ញា​ដំបូង​ដែល​ត្រូវ​ប្រយ័ត្នគិត​ដល់​ជំងឺវង្វេងវង្វាន់ ភ្លេច​កូនសោ​ផ្ទះ រក​នឹក​ឈ្មោះ​អ្នក​ស្គាល់​ណាម្នាក់មិន​ឃើញ ដើរ​ទៅ​ដល់​កន្លែង​តែ​ភ្លេច​មិន​ដឹង​ថា​មកធ្វើអី ... ស្ថានភាពបែបនេះ​ជា​អាការៈ​ធម្មតា​ដែល​តែង​កើត​ឡើង​លើ​មនុស្ស​ស្ទើរ​គ្រប់​រូប​។ ការភ្លេច ឬភ្លាំង​មួយ​ភ្លែតដូច្នេះ​ មិនមែន​​​ជា​សញ្ញាបញ្ជាក់ជា​ស្វ័យប្រវត្តិ​នៃ​ការ​​ចាប់ផ្តើមមានជំងឺ​វង្វេងវង្វាន់ Alzheimerឡើយ។ ប៉ុន្តែ នៅពេល​ភ្លេច ​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ កើត​ឡើង​ដដែលៗ រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​អម​ដោយ​ការ​និយាយស្តី​សួរដដែលៗ​ ឬ​អម​ដោយ​ការរង្វេង​ក្នុង​ទីតាំង-កន្លែង​ដែល​ធ្លាប់​ស្គាល់សោះ ទើប​ជា​សញ្ញា​ដាស់​ស្មារតី​ប្រាប់​ពី​ហានិភ័យ​កើត​ជំងឺ​វង្វេងវង្វាន់។ មាន​កត្តា​ចម្បងៗ​ជា​ច្រើន​ដែល​បង្កើន​គ្រោះ​ឈាន​ទៅ​កើតជំងឺ​វង្វេងវង្វាន់​។ អាយុ​ជា​កត្តាចម្បង​គេ ដោយ​​ប្រេវ៉ាឡង់កើត​ជំងឺ​វង្វេងវង្វាន់បាន​កើន​ឡើង​ពី​​១%​នៅ​អាយុ​ពី​៦០ទៅ​៦៥ឆ្នាំ​​ ដល់​ជិត​៥០%​នៅ​អាយុ​៨៥ឆ្នាំ។ ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Bruno Dubois សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធប្រសាទវិទ្យា នៅ​មន្ទីរពេទ្យសកលវិទ្យាល័យ​ Pitié-Salpêtrière ក្រុង​ប៉ារីស ៖ “ជំងឺ​វង្វេងវង្វាន់ Alzheimer មានពាក់ព័ន្ធ​នឹង​អាយុ។ ប៉ុន្តែ​មិនមែនមានន័យថា​ ក្មេង​មិន​កើត​ជំងឺ​នេះ​ឡើយ។ យើង​គ្រប់គ្នា​ នៅអាស៊ី អាហ្វ្រិក ... រស់​មាន​សុខភាព​ល្អ រហូត​ដល់​វ័យមួយ​ដែល​ជំងឺ​វង្វេងលេចឡើង​ដោយឯង តាម​ច្បាប់ធម្មជាតិ។ ហេតុដូច្នេះហើយ​បាន​ជា​កាលពី​ជាង​៣០ឆ្នាំមុន គេ​មិន​សូវ​ឃើញ​មាន​ជំងឺ​វង្វេងវង្វាន់អាល់ហ្សៃមែរ​ទេ នៅប្រទេស​បារាំង។ ជំងឺ​នេះ​​ទើប​ចាប់​ផ្ទុះ​កំណើន ដូច​ស៊ូណាមី​ នៅពេល​នេះ ព្រោះ​មនុស្ស​បច្ចុប្បន្ន​មាន​អាយុវែង រស់​បាន​យូរ។​ អាយុ​វែង ​រស់​បាន​យូរ​រហូត​ដល់​វ័យ​មួយ​ដែល​ជំងឺ​វង្វេង​លេចឡើង ជា​ធម្មតា។ ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​បញ្ជាក់​ថា ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃមែរ មិនមែន​ជា​ជំងឺ​ដែល​បណ្តាលមកពី​ភាព​ចាស់​ជរាទេ។ ប៉ុន្តែ​ជា​ជំងឺ​ដែល​មាន​ពាក់ព័ន្ធ​ភាព​ចាស់ជរា។ គ្រប់​មនុស្ស​ចាស់​រស់​ដល់​អាយុ​៩០ឆ្នាំ​ មិនមែន​សុទ្ធ​កើត​រោគ​វង្វេងទាំងអស់​ឡើយ។​ ២០-៣០%​ ចំពោះ​មនុស្ស​ក្នុង​វ័យ​ខ្ទង់​៨០ និង​ដល់​ជាង​៤០%​សម្រាប់​មនុស្ស​ចូល​វ័យ​៩០ឆ្នាំ។ មាន​ន័យ​ថា ប្រមាណ​៦០%​នៃ​មនុស្ស​ចាស់អាយុ​លើស៩០ឆ្នាំ​ គ្មាន​ជំងឺ និងគ្មាន​រោគសញ្ញាជំងឺ​ Alzheimer។” កត្តាពូជ និង​សុខភាព​សរសៃឈាម​បេះ​ដូង (មានជំងឺ​លើស​ឈាម ទឹកនោមផ្អែម ក៏​មាន​ចំណែក​សំខាន់​ខ្លាំង​ដែរ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់។ នៅក្នុង​ការ​សិក្សា​ចេញ​ផ្សាយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ The Lancet ការ​ស្រូប​ធាតុល្អិត​និចល​ តូចឆ្មារ PM2.5 យូរ​ខែ​ថ្ងៃ បាន​បង្កើន​គ្រោះ​ហានិភ័យ​ខ្ពស់ខ្លាំងណាស់​ឱ្យ​​មាន​ជំងឺ​វង្វេងវង្វាន់។ បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ ឆ្នាំ​២០២៤ ជំងឺ​វង្វេង​​ចុះ​ខ្សោយ​ប្រព័ន្ធសរសៃ​ប្រសាទនៅលើពិភពលោក ចំនួន​៤៥% ទំនង​បណ្តាល​មក​ពី​កត្តា​ហានិភ័យ​ដែល​គេអាច​ប្តូរផ្លាស់​បាន។ ដូច្នេះ​ គេ​ទំនង​ជា​អាច​មាន​លទ្ធភាព​ ក្នុង​ករណី​ខ្លះ ការពារ ឬ​ពន្យឺត​ពេលវេលា​កុំ​ឱ្យ​ឆាប់​កើត​ជំងឺ Alzheimerបាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បារាំង បាន​ពន្យល់​ថា ខួរក្បាលមនុស្ស​ជា​សរីរាង្គ​ដែល​ចាប់​ផ្តើម​ ចាស់ទ្រុឌទ្រោម នៅអាយុ​ចាប់​ពី​៣០ឆ្នាំ​ឡើងទៅ ហើយ​ភាព​ចាស់​នៃខួរក្បាល​ចាប់​ធ្លាក់​លឿន​ខ្លាំង​ នៅ​ម្តុំ​អាយុ​៥៥ឆ្នាំ។ ដូច្នេះ​វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចេះ​ប្រកាន់​​ទម្លាប់​ល្អ​ ឱ្យ​បាន​កាន់​ឆាប់​កាន់​តែប្រសើរ ក្នុង​ការ​ពន្យឺត​បាតុភូត​​នេះ និង​រក្សា​ខួរក្បាល​ឱ្យ​នៅ​មាន​សុខភាពល្អ។ បច្ចុប្បន្ននេះ គ្មាន​ឥរិយាបថ​រស់​នៅ​ប្រចាំ​ថ្ងៃ​ណា​ដែល​ធានា​ទប់ស្កាត់​បុគ្គល​ណាសម្នាក់​មិន​ឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់ Alzheimer ទេ។ ផ្ទុយទៅ​វិញ ទម្លាប់​ខ្លះ​អាច​មាន​ប្រតិកម្ម​លើ​កត្តាហានិភ័យ​ និង​ចូល​រួម​ចំណែក​ពង្រឹងសុខភាព​ខួរក្បាល ដែលអាច​ជួយ​ពន្យឺត​ពេល​វេលា​កុំ​ឱ្យ​ឆាប់​លេច​រោគ​សញ្ញា​ជំងឺ Alzheimer បាន។ មូលនិធិ​ស្រាវជ្រាវ​ជំងឺ Alzheimer ​បាន​ចេញ​ផ្សាយ​នា​ឱកាស​ទិវាពិភពលោក​នៃជំងឺអាល់ហ្សៃមែរ ថ្ងៃទី​២១​កញ្ញា​ នូវ​អនុសាសន៍​៥យ៉ាង សម្រាប់​ទប់​កុំឱ្យ​ជំងឺ​ Alzheimer ឆាប់​កើត និង​រក្សា​សុខភាព​ខួរក្បាល ឱ្យ​នៅល្អ​បាន​យូរ ៖ ត្រូវ​បញ្ចេញ​សកម្មភាពកាយសម្បទា​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង លើសឈាម ឡើង​ខ្លាញ់ ឬជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល។ ភាពអសកម្ម​ជា​កត្តាហានិភ័យ​ដែល​អាច​លុប​បំបាត់​បាន​ បរិភោគ​អាហារ​មានលំនឹង​ បន្លែត្រីសាច់ វីតាមីន ប្រូតេអ៊ីន ខ្លាញ់​ល្អ និង​អំបិល​តិច ការពារក្បាល​ពី​ការ​ប៉ះទង្គិច​នានា។ ការ​បុក ប៉ះទង្គិច​ក្បាលយូរៗញយៗ ទោះ​ស្រាល​ក្តី​ ក៏​អាច​ធ្វើ​ឱ្យ​គ្រាំ​ដល់​ខួរក្បាលដែរ។ បង្ហាត់​បង្វឹក​ខួរក្បាល​ ដោយ​ត្រូវ​បន្ត​ប្រើ​បញ្ញា​ រៀន​ជា​រៀង​រាល់​ថ្ងៃ ពេញ​មួយ​ជីវិត។ អាន​ សរសេរ រៀន ដើម្បី​ឱ្យ​ខួរក្បាលមាន​ទម្លាប់​​ប្រឹង​ធ្វើ​សកម្មភាព​ជាប់​ជា​ប្រចាំ។ បង្កើន​ទំនាក់ទំនង​ កុំ​រស់​ក្នុង​ភាព​ឯកា។ ថ្នាំបង្ការ​អាច​ជួយការពារ​ខួរក្បាល ? មើល​ថែសុខភាព​រាងកាយ​ជា​ទូទៅ​ ចាក់​ថ្នាំ​បង្ការ​​តាមការ​ណែនាំ​របស់អាជ្ញាធរ ដើម្បី​បញ្ចៀស​ជំងឺ​ឆ្លង និង​ជំងឺរ៉ាំរ៉ៃមួយ​ចំនួន ដូចជា​ជំងឺ​របេង ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ទប់​ស្កាត់​ជំងឺវង្វេង​បាន​ដែរ។ នេះបើ​គេ​ជឿ​តាម​ការ​សិក្សា​ទើប​ចេញ​ថ្មី កាលពី​ដើម​ខែ​កក្កដា​២០២៦។​ ថ្នាំបង្ការ​ BCG ​សម្រាប់​ការពារ​​ជំងឺ​របេង ដែល​ត្រូវ​បាន​វេជ្ជសាស្ត្រ​យក​មក​ប្រើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​ប្លោក​នោម​ ទំនង​ជា​អាច​ការពារ និង​ពន្យឺត​អាការៈ​សញ្ញា​ជំងឺ​វង្វេងវង្វាន់​ Alzheimer បាន។ មានអាយុ​ជាង​១រយ​ឆ្នាំ ថ្នាំបង្ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របេង និង​សម្រាប់​ព្យាបាលប្រព័ន្ធការពារខ្លួនប្រឆាំងនឹង​​ជំងឺ​មហារីក​ប្លោកនោម ទំនង​អាច​មាន​សមត្ថភាព​បង្ហាត់​កោសិកា​នៃ​ប្រព័ន្ធការពារ​ខ្លួន​ ដែល​មាន​ឥទ្ធិពល​លើ​ពពួក​​ប្រូតេអ៊ីន​ ​អាមីឡូអ៊ីត។ ប្រូតេអ៊ីន​ដែល​ជា​ប្រភព​នាំ​ឱ្យកើត​ជំងឺ​វង្វេងវង្វាន់។ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រុករក​មែន ប៉ុន្តែ​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជឿជាក់​កាន់​តែ​ខ្លាំង​ឡើងៗ ថា​ថ្នាំប​ង្ការ​BCG អាច​ដើរតួនាទី​គន្លឹះ​លើ​ប្រព័ន្ធ​ការពារ​ខ្លួន​ក្នុង​ការទប់​ជំងឺខូច​ប្រព័ន្ធប្រសាទ (ចុះខ្សោយ)។ បើ​តាម​ការ​សិក្សា អ្នក​ជំងឺខ្លះ ក្រលេច​រោគ​សញ្ញា​ឡើង មិនមែន​ដោយ​យន្តការ​ជំងឺ​វង្វេង​វិវឌ្ឍន៍​យឺត ឬ​អវត្តមាន​ទេ តែ​មក​ពី​អ្នក​ជំងឺ​អាច តស៊ូ​​ តតាំងនឹង​ជំងឺ​នេះ​បាន​យូរ។ ឬ​និយាយ​ឱ្យ​ស្រួល​ស្តាប់ មកពី​អ្នក​ជំងឺ​មាន​ប្រព័ន្ធការពារ​ខ្លួន​ខ្លាំង រស់​រវើក​​ បន្ទាប់​ពី​ទទួល​​ថ្នាំបង្ការ​BCG ដោយអាច​ធ្វើ​សកម្មភាពប្រយុទ្ធ​ប្រឆាំង​បាន​យ៉ាង​លឿន​និង​យ៉ាង​ខ្លាំង នឹង​គ្រោះថ្នាក់ចំពោះ​មុខ។ អ្នកស្រាវជ្រាវរកឃើញ​ថា អ្នក​មាន​សុខភាព​ល្អ ដែលបាន​ទទួល​ថ្នាំ​បង្ការ​BCG គ្រប់​ដូស (ពីរដូស)  មាន​កំរិតប្រូតេអ៊ីន ​បេតា​អាមីឡូអ៊ីត ធ្លាក់​ចុះ​៤០% ​នៅមួយឆ្នាំ​ក្រោយ​។ ហើយ​កោសិកានៃប្រព័ន្ធការពារ​ខ្លួន ជុំ​វិញ​ប្រព័ន្ធប្រសាទកណ្តាល មាន​សញ្ញា​សកម្ម បាន​យូរ​។ ចំពោះ​អ្នក​មាន​ជំងឺ​ Alzheimer ហើយ ថ្នាំបង្ការ​BCG មិនអាច​បញ្ចុះ​អត្រាបេតាអាមីឡូអ៊ីតមែន តែ​ប្រព័ន្ធការពារ​ខ្លួន​របស់ពួក​គេ​ក៏​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​។ ​លោកសាស្ត្រាចារ្យ Philippe Amouyel អគ្គនាយក​មូលនិធិ​ស្រាវជ្រាវ​ជំងឺ Alzheimer ចាត់​ទុកលទ្ធផល​នៃ​​ការ​សិក្សានេះ ថា​ជា​ការ​ចង្អុល​ផ្លូវ​​ឱ្យ​ឃើញ​អំពីតួនាទី​របស់​​ប្រព័ន្ធការពារ​ខ្លួន ក្នុង​កិច្ចការពារ​ជំងឺ​អាល់ហ្សៃមែរ។ គោល​ដៅ​ចម្បង​ មិនមែន​ដើម្បី​ព្យាបាល​ជំងឺ Alzheimer ឱ្យជា​ទេ តែ​ដើម្បីពន្យឺត​ការវិវឌ្ឍន៍​នៃ​ជំងឺ​ និង​ដើម្បី​កុំ​ឱ្យ​អ្នក​ជំងឺ​ឆាប់​លេច​រោគសញ្ញា​វង្វេង​ឡើង៕
តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ? ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណី​ដ៏យូរលង់​ណាស់​មក​ហើយ នៅលើ​ពិភពលោក។ ក្នុង​ប្រពៃណីខ្លះ សាក់​ជា​ដំណាក់កាល​ដែល​មិនអាច​រំលង​បាន ព្រោះ​ជា​ការបញ្ជាក់​អត្តសញ្ញាណ ឋានៈ​ក្នុង​សង្គម និង​ដំណើរជីវិត។ នៅ​កម្ពុជា ចាស់​បុរាណ​មាន​ជំនឿ​ថា ការចាក់​សាក់​យ័ន្ត បញ្ចូល​អាគម​គាថា អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​វិសេសជន អាច​ជួយ​ការពារ​ខ្លួន អាច​ធ្វើ​ឲ្យ​មនុស្ស​ប្តូរផ្លាស់​អត្តចរិក។ល។ អបិយ​ជំនឿ ចាក់​សាក់​យ័ន្ត ធ្វើជា​អាវុធការពារ កាប់​មិន​មុត​ដុត​មិន​ឆេះ បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិតខ្មែរ និង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មរតក​វប្បធម៌​ខ្មែរ​បុរាណ​មួយ ដែល​គួរ​ថែរក្សា​ឲ្យ​បាន​គង់វង្ស។ ក្នុង​សង្គម​ខ្លះ​ទៀត សាក់​ជា​តំណាង​រូបភាព​អវិជ្ជមាន  ដោយ​យល់​ថា​អ្នក​ចាក់​សាក់ ជា​ក្រុម​អ្នក​លេង ក្រុម​មិន​ល្អ។ ប៉ុន្តែ​តាំង​ពី​ជាង​ម្ភៃ​ឆ្នាំ​មក​នេះ សាក់​បាន​ក្លាយ​ជា​សិល្បៈ​នៃ​ការ​លម្អ​រាងកាយ​មួយ ក្នុង ចំណោម​យុវវ័យ​ជំនាន់​ក្រោយ និង​កាន់តែ​ពេញ​និយម​ឡើងៗ គ្រប​បាំង​គំនិត​អវិជ្ជមាន ទាំងឡាយ​ទាក់ទង​នឹង​សាក់។ ចាក់​សាក់​បាន​ក្លាយ​ជារឿង​សាមញ្ញ​របស់​ជន​ទូទៅ។ បើតាម​ការ​ប៉ាន់​ស្មាន មាន​មនុស្ស​ជាង​១ពាន់​លាន​នាក់ ឬ ត្រូវជា ១ភាគ៥​នៃ​ប្រជាជន​សរុប​នៅលើ ផែនដី មាន សាក់​នៅ​​លើ​ខ្លួន និង ដល់​ទៅ មួយ​ភាគ​បួន ក្នុង​ចំណោម មនុស្ស​អាយុ​ក្រោម​៣៥​ឆ្នាំ។ នៅអឺរ៉ុប កន្លែង​ចាក់​សាក់​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ព្រោះ​អាជ្ញាធរ​បាន​សម្រួល បែប​បទ​រដ្ឋបាល និង​បាន​ពង្រឹង​ច្បាប់​ត្រួតពិនិត្យ​សុវត្ថិភាព​ការចាក់សាក់ ទាំង​ខាង​ផ្នែក អនាម័យ ដ៏​ដូចជា​ទឹកថ្នាំ​សម្រាប់​សាក់។ ប៉ុន្តែ​ច្បាប់​កំណត់​បទដ្ឋាន​សុវត្ថិភាព​ទឹកថ្នាំ​សាក់​នៅ​អឺរ៉ុប ដែល​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​ជាង​គេ ខ្លាំង​ជាង​នៅ​សហរដ្ឋ​អាមេរិក​ទៀត​នោះ ទើប​ចូល​ជា​ធរមាន កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០២៥​មុន​នេះ​ទេ។ ទឹកថ្នាំ​ចាស់ និង​សល់​ពី​មុន នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​នៅអឺរ៉ុបដដែល រហូត​អស់​ពី​ស្តុក។ ហានិភ័យឆ្លងរោគ ឬមាន​ការបង្ក​រោគ ដោយ​ការសាក់ ត្រូវបាន​កាត់​បន្ថយ តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារៈ​ម្ជុល​ឬឧបករណ៍​​ចាក់ ដែល​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ​​ត្រឹមត្រូវ។ តែ​គ្រោះ​អាល្លែកហ្ស៊ី និង​គ្រោះថ្នាក់ បង្ក​ឡើង​ដោយ​ទឹក​ថ្នាំ​សម្រាប់​សាក់ នៅ​ខ្ពស់​ដដែល។ គ្រូ​សាក់​បាន​ទទួល​ស្គាល់​ថា ពួកគាត់​បាន​ដឹង​អំពី​ធាតុ​ផ្សំ​គោល​បិទ​លើ​ប្រអប់​ទឹក​ថ្នាំ ប៉ុន្តែ​មិន​អាច​ដឹង​អស់​អំពី​សមាសធាតុ​លម្អិត​នៃ​ទឹកថ្នាំ​នោះ​ទេ។ បញ្ហាធំ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព គឺ​បណ្តាល​មកពី ទឹកថ្នាំ។ គ្មាន​ក្រុមហ៊ុន​ណា ផ្សំ​ពណ៌​ទឹក​ថ្នាំ ពិសេស​សម្រាប់​ប្រើ​សាក់​លើ​ស្បែក​ទេ។ នៅ​ក្នុង​ទឹកថ្នាំ ធាតុ​កំណត់​ពណ៌​ថ្នាំ ជា​សារធាតុ​គីមី តែមួយ​ដូចគ្នា ក្នុងថ្នាំព៌ណ​ឧស្សាហកម្ម ផលិត​ឡាន ផលិត​ប្លាស្ទិក ដែល បង្កប់​ទៅ​ដោយ​ភាពកខ្វក់។ គឺភាព​មិន​បរិសុទ្ធ​នៃ​ថ្នាំ​នេះ​ហើយ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន ផល​វិបាក​ចំពោះ​សុខភាព​នៅ​ពេល​សាក់។ បើតាម​គ្រូពេទ្យ​ជំនាញ​ផ្នែកសើរស្បែក ទឹកថ្នាំ​អាច​បង្ក​បញ្ហា​បី​យ៉ាង៖ គឺ​ទឹកថ្នាំ​អាច​ចម្លង​មេរោគ ពពួក​មីកូបាក់តេរី​ ឆ្លងក្រោយ​ចាក់​សាក់​រួច។ ទីពីរ គឺ​ការ​ចាក់​សាក់​ក្រាស់ និង ច្រើន​ពេញ​ផ្ទៃ​ស្បែក​ពេក អាច​បញ្ចៀប​ជាតិ​ថ្នាំ​ពណ៌​សាក់ ទៅក្នុង​ស្រទាប់​ស្បែក ដែម ច្រើនជ្រុលដែល ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​រងៃ​ឡាំហ្វាទិក ពោលគឺ​អាច​ធ្វើ​ឲ្យ​សរីរាង្គកាយ​ពុល នៅ​ពេល​ក្រោយ។ ជាតិ​ផ្សំ​ដំឡើង​ពណ៌​ខ្លះ​ទៀត ជា​សារធាតុ​ហាម​ឃាត់ ដោយ​វា​ជា​ភ្នាក់ងារ​អាច​បង្ក​ជំងឺ​មហារីក ឬ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​ចុះ​ខ្សោយ ហើយ បង្ក​ជា​ប្រតិកម្ម​អាល្លែកហ្ស៊ី​ឡើង។ បើ​តាម​វេជ្ជបណ្ឌិត​ជំនាញ​ស្បែក​ដដែល ថ្នាំពណ៌​កាន់​តែ​ដុត កាន់​តែ​អាច​បង្ក​គ្រោះថ្នាក់ជាងគេ។ មកទល់​ពេលនេះ​ម៉ោង​នេះ ការចាក់​សាក់​ដោយ​ប្រើ​ថ្នាំ​មាន​ផ្ទុក​សារធាតុ​អាចបង្ក​គ្រោះ​មហារីក ជា​ហានិភ័យ​ដែល​មិន​អាច​​បដិសេធ​បាន​ទេ។ បន្ទាប់ពីបានសិក្សា​ស្រាវជ្រាវ​អស់​រយៈ​ពេល​៧​ឆ្នាំ​ វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវៈវេជ្ជសាស្ត្រ​Bellinzone ប្រទេស​ស្វីស បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ ការពិសោធន៍​ចាក់​សាក់​លើ​សត្វកណ្តុរ បាន​បង្ហាញ​ជា​ផ្លូវការ​ថា ទឹកថ្នាំ​សាក់​ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន ចុះ​ខ្សោយ។ អ្នក​ស្រាវជ្រាវស្វ៊ីស​បាន​ធ្វើ​ពិសោធន៍​ទឹកថ្នាំ​សាក់​ គ្រប់​ម៉ាលល្បីៗ​​នៅ​លើ​ពិភពលោក​ដែល​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព​Reach យ៉ាង​ខ្ជាប់ខ្ជួន ចំនួនបួន ពណ៌ ក្រហម បៃតង ខៀវ និង ខ្មៅ។ ជាលទ្ធផល ថ្នាំសាក់​មិន​នៅ​ជាប់​ត្រឹម​ក្នុង​ស្រទាប់​ស្បែកខាងលើ ដូចអ្វី​​ដែល​យើង​បាន​គិត​នោះ​ទេ តែ​ជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​ដល់​សរីរាង្គកាយ​ផ្សេង​ទៀត និង បាន​ទៅ​កក​ផ្តុំ នៅ​ក្នុង​ក្រពេញ​ទឹក​រងៃ​ឡាំហ្វាទិក។ នេះ ស​ឲ្យ​ឃើញ​អំពី​ផលវិបាក​ជា​យថាហេតុ ចំពោះ​សុខភាព​របស់​អ្នក​មាន​សាក់។ ក្រហម​ពុល​ខ្លាំង​ជាង​គេ អាច បង្ក​ឲ្យ​មានគ្រោះបង្ករោគ​រោល​រលាកធំ។ ស្បែក​មនុស្ស​ចែក​ចេញ​ជា​បី​ស្រទាប់ គឺ​ស្បែក​ខាង​លើ Epiderme ស្រទាប់​ក្រោម​ស្បែក​Derme និង​ស្រទាប់​Hypoderme។ ដើម្បី​ឲ្យ​សាក់​អាច​ដិត​ជាប់​បាន​យូរ​ គេ​ត្រូវ​ចាក់​ម្ជុល​សាក់​ឲ្យ​ចូល​ជ្រៅ ដល់​ស្រទាប់​ដែម​របស់​ស្បែក។  ហេតុ​ដូច្នេះ​ហើយ បាន​ជា នៅ​ពេល​សាក់ ធាតុ​ល្អិត​បំផុត​នៃ​ទឹកថ្នាំ​ដែល​ចាក់​បញ្ចូល​ទៅ​មិន​ជាប់ នៅ​ត្រឹម​ស្រទាប់​ក្រោម​ស្បែក​ដែម​ទេ តែ​អាច​ជ្រាប​ហូរ​ទៅ​ពេញ​សពាង្គកាយ តាមរយៈ​សរសៃ​ឡាំហ្វាទិក​តូចៗ​ និងដែល​តែ​បី​បួន​ម៉ោង​វា​ធ្វើ​ដំណើរ ទៅ​ដល់​ក្រពេញ​ឡាំហ្វាទិក។ ក្រពេញ​ឡាំហ្វាទិក មាន​តួនាទី​គ្រប់គ្រង​ប្រព័ន្ធ​ការពារ​ខ្លួន ដែល​មានកោសិកាម៉ាក្រូហ្វា ជាអ្នក​ស្រូប និង កម្ចាត់​បាក់តេរី​បៀតបៀន​ រាងកាយ។ តែ​បើតាមការសិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវៈវេជ្ជសាស្ត្រ​ស្វ៊ីស កោសិកា​ម៉ាក្រូហ្វា មិន​អាច​ធុន​នឹង​ទឹកថ្នាំ​សាក់​ទេ ហើយនឹងងាប់​នៅ​ពេល​ប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​របស់​ថ្នាំសាក់។ នោះ​គឺ​យន្តការ​នាំ​ឲ្យ​មាន​ករណី​រលាក​រ៉ាំរ៉ៃ ដែល​យូរៗ​ទៅ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​ធ្លាក់ ខ្សោយ។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​មាន​ការសិក្សា​បញ្ជាក់​អំពី ​ទំនាក់ទំនង​រវាង​ទឹក​ថ្នាំ​សាក់ និង​ផលវិបាក​ទៅ​លើ​សរីរាង្គកាយ។ តែ​ដើម្បី​បញ្ជាក់ គេ​ត្រូវការ​សិក្សា​បន្ថែម និង ក្នុង​ទ្រង់​ទ្រាយ​ធំ​ខ្លាំង​ទៀត។ ​គ្រូពេទ្យ​ជំនាញ​ខ្លះ បានទទួល​យក​លទ្ធផល​ស្រាវជ្រាវ​របស់​ វិទ្យាស្ថាន​ស្វ៊ីស​នេះ​ដោយភាពជឿជាក់ និង​បាន​បង្ហាញ​ការព្រួយបារម្ភខ្លាំងនឹង​ការ​ចាក់​សាក់ ដោយ​យល់ថា​ សាក់​មិនមែន​ជា​ទង្វើលេងសើច​ចង់​លម្អ​ខ្លួន បែប​សាមញ្ញ​ទេ។ ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន និង ឃុំ​គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​មាន​ការត្រួតពិនិត្យ​បែប​វេជ្ជសាស្ត្រ​ឲ្យ​ហ្មត់ចត់​ខ្លាំង ជាពិសេស​លើ​ថ្នាំសាក់ មុន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ។ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភមែនទែន គឺ​រយៈ​យូរ និង​ការអូស​បន្លាយ​ពេល​វេលា នៅក្នុង​ក្រពេញ​ឡាំហ្វាទិក មុន​នឹង​លេច​ចេញ​ជា​ផលវិបាក។ យូរពេល​ក្រោយ​សកម្មភាព​សាក់ និង​មិនមែន​កើត​ហេតុ​ក្នុង​ពេល​សាក់​ភ្លាមៗទេ ទើប​មនុស្ស​មិន​សូវ​ខ្លាច និង មិន​ខ្វល់​ប្រុង​ប្រយ័ត្ន។ តែ​តាម​ការពិត ប្រព័ន្ធ​ការពារ​ខ្លួន​ចាប់​ផ្តើម​ចុះ​ខ្សោយ មាន​ដំណើរការ​មិន​សូវ​ល្អ​បន្តិច​ម្តងៗ ហើយ​សមត្ថភាព​ការពារ​ខ្លួន​ក៏​លែង​សូវ​ល្អ ជា​លំដាប់​នោះ នោះ​ប្រព័ន្ធ​ការពារ​ខ្លួន ពិត​ជា លែង​សូវ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​បាន​ល្អ។ បច្ចុប្បន្ន​វេជ្ជសាស្ត្រ​បាន​ដឹង​យ៉ាង​ច្បាស់​ថា បើ​ប្រព័ន្ធ​ការពារ​ខ្លួន ខ្សោយ នោះ​នឹង​ងាយលេច​ជំងឺ​មហារីក និង​ការបង្ក​រោគ។ អ៊ីចឹង​ហើយ​បាន​ជា យើង​ត្រូវ​តែ​សាកល្បង​លុប​បំបាត់​ជា​អតិបរមា ករណី​ប្រឈម​នឹង​សារធាតុ​រំខាន​ដល់​ប្រព័ន្ធ​ការពារ​ខ្លួន។ លុប​សាក់​ចោល​វិញ ដោយវិធីបាញ់ឡាស៊ែរ អាច​ធ្វើ​ឲ្យ​ស្បែក​​បាន​ស្អាត បាត់​ស្នាម​សាក់​មែន ប៉ុន្តែ​ជាតិ​ថ្នាំពុល​បាន​ជ្រាប​ចូល​ទៅ​ដល់​ក្រពេញ​ឡាំហ្វាទិក​ទៅ​ហើយ មិន​អាច​បឹត​ស្រូប​ចេញ​មក​វិញ​ទេ។ ជាតិ​ថ្នាំ​សាក់​បន្ត​នៅក្នុង​ខ្លួន​យើង​អស់​មួយ​ជីវិត។ ការសាក់​នៅ​លើ​ស្បែក​ខាង​ក្រៅ គឺជា​ការសាក់​លើ​ក្រពេញ​ឡាំហ្វាទិក​ដែរ។ នេះ ជា​សារ​ដែល​អ្នក​ជំនាញ​សុខភាព​ចង់​ផ្តល់​ជូន​អតិថិជន​ឲ្យ​ពិចារណា មុន​នឹង​សម្រេច​ចិត្តសាក់។ ប៉ុន្តែ ពិភព​អ្នកសាក់ និង​អ្នកវិទ្យាសាស្ត្រ មាន​ទស្សនៈ​មិន​ដូចគ្នា​ទេ។ អ្នក​សាក់​រួច សុទ្ធ​តែ​អះអាង​ថា​គ្មាន​អ្វី​ប្រែប្រួល ក្រោយ​ពី​បាន​សាក់​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​ប្រើ​ថ្នាំ​សាក់​បែប​សរីរាង្គ។ ជា​ថ្មី​ម្តង​ទៀត សមាគម​អ្នក​រក​ស៊ី​សាក់ សមាគម​អ្នក​សាក់ ក៏​ដូចជា​អាជ្ញាធរ​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ជំនាញ​សើ​ស្បែក សុទ្ធ​តែ​តាមដាន​យ៉ាង​ហ្មត់ចត់ ទឹកថ្នាំ​សាក់ ដែល​បើ​ទោះ​បី​បច្ចុប្បន្ន ជា​ទឹកថ្នាំ​សរីរាង្គ ក៏​នៅ​តែ​ជាប់ ឈ្មោះ​មិន​ល្អ ព្រោះ​ធាតុ​ផ្សំ​ផ្តល់​ពណ៌ អាច​មាន​ផ្ទុក​សារធាតុ​គីមី​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក ដូច បណ្តា​សារធាតុ​គីមី ដាក់​ក្នុ​ង​ចំណី​អាហារ និង ផលិតផល​ប្រើប្រាស់​ផ្សេង​ទៀត​ដែរ។ -ចាក់សាក់​អាច​ឈឺ​ខ្លាំង​រហូត​ដល់​សន្លប់។ សូម​ពិចារណា​ហើយ​ពិចារណា​ទៀត មុន​នឹង​សម្រេច​ចិត្ត​ចាក់​សាក់​លើ​ស្បែក -ត្រូវ ចាប់ផ្តើម​ ដោយ​សាក់ រូប​តូចៗ ដើម្បី​ចៀសវាង​ការស្តាយ​ក្រោយ​ផង និង​ចៀសវាងក្រែងមានផលវំខាន​អាល្លែកហ្ស៊ី​ផង -ជ្រើសរើស​សាក់ពណ៌ខ្មៅ ដែល​មាន​សុវត្ថិភាព និង​ស្រួល​លុប​វិញ ​ជាង​គេ -សួរបញ្ជាក់​ជាមុន ឲ្យដឹង​ច្បាស់​អំពី​ប្រភេទ ប្រភព​និង​គុណភាព​នៃ​ទឹកថ្នាំ​សាក់ ថា​ពិត​ជា​ទឹកថ្នាំ​សរីរាង្គ គោរពបទដ្ឋានសុវត្ថិភាពសុខភាព មិនមែន​ទឹកថ្នាំគីមីលាយខ្លួនឯង -ជ្រើសរើស​ទីតាំង​សាក់ ឲ្យ​ឆ្ងាយ​ពីប្រជុយ -ជ្រើសរើស​អ្នក​ចេះ​សាក់​ត្រឹមត្រូវ មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ៕
គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន មាន​វិបត្តិ​ផ្លូវចិត្ត ? វ័យ​ជំទង់​ជា​ដំណាក់​ពិសេស​និង​ជា​វ័យ​កំណត់​អនាគត។ ការប្តូរផ្លាស់​រូបរាង​កាយ អារម្មណ៍ សង្គម បរិយាកាស​ជុំវិញ​ខ្លួន កត្តា​សម្ភារៈ​ភាពក្រីក្រ អំពើ​ហិង្សា រង​ការព្យាបាទ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្មេងស្រី ក្មេងប្រុស​ក្នុង​វ័យជំទង់​ជួប​វិបត្តិ​ផ្លូវចិត្ត​បាន។ នៅលើ​ពិភពលោក​បច្ចុប្បន្ន ក្នុង​ចំណោម​មនុស្ស​៦​នាក់ ម្នាក់​មាន​អាយុ ពី១០​ទៅ១៩ឆ្នាំ។ ហើយ​ក្មេង​ក្នុង​វ័យ​នេះ ម្នាក់​ក្នុង​ចំណោម​៧​នាក់ (១៤%នៃ​ប្រជាពលរដ្ឋ​នៅលើ​ផែនដី) មាន​បញ្ហា​ផ្លូវចិត្ត និង មិន​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ។ វិបត្តិ​ផ្លូវចិត្ត​ចម្បងៗ​ដែល​អាច​លេច​ឡើង​នៅ​ក្នុង​វ័យជំទង់ និង ទើប​ពេញ​វ័យ​ភ្លាម ច្រើន​តែ​ជា ជំងឺ​ថប់​ព្រួយ​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត វិបត្តិ​ចំណីអាហារ និង​ញៀន។ វិបត្តិផ្លូវចិត្ត តាមការពិត វ័យជំទង់ ដែល​ល្បីថា​ដំណាក់កាល​ដ៏​រីករាយ​បំផុត​នៃ​ជីវិត ជា​ដំណើរ​ឆ្លង​អន្តរកាល​ទៅ​រក​ភាព​ពេញ​វ័យ ក្លាយ​ជា​មនុស្ស​ធំ នា​ពេល​អនាគត ដែល​រំលេច​ទៅ​ដោយ​វិបត្តិ និង ដែល អ្នក​ម្តាយ​លោក​ឪពុក​ខ្លះ ហៅ​ថា​ជា​ដំណាក់កាល​កូន​អកត្តញូ។ ក្នុងរយៈពេល​នេះ ក្មេង​មាន​ការប្តូរ​ផ្លាស់​រាងកាយ​ផង ត្រូវ​ចាប់​ផ្តើម​ប្រកាន់​ទម្លាប់​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ផង សម្រប​អារម្មណ៍​ខ្លាំង​ដើម្បី​ផាសុកភាព​ផ្លូវចិត្ត​ផង។ មាន​កត្តា​ជាច្រើន​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​ផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធ​ចង់​ដូច​គេ​ឯង សម្ពាធ​ស្វែង​រក​អត្តសញ្ញាណ។ ឥទ្ធិពល​នៃការ​ផ្សព្វផ្សាយ​ព័ត៌មាន និង ស្តង់ដារ​មនុស្ស អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ខ្លាំង​រវាង​ការពិត​ជាក់ស្តែង ដែល​យុវវ័យ​កំពុង​ឆ្លងកាត់ និង​គំនិត​ ឬ​ក្តី​ស្រមៃ​សម្រាប់​អនាគត​ពីមុន។ គុណភាព​ជីវិត​ក្នុងគ្រួសារ ទំនាក់ទំនង​ជាមួយ​ក្មេង​វ័យ​ស្របាល​គ្នា ក៏ជា​កត្តា​កំណត់​សុខភាព​ផ្លូវចិត្ត​មួយ​ដែរ​របស់​ក្មេង​ជំទង់ ។ អំពើ​ហិង្សា (ជាពិសេស​អំពើ​ហិង្សា​ផ្លូវភេទ និង​ការបំពារបំពាន) ការអប់រំ​បែប​តឹងតែង​ផ្តាច់ការ​ និង​ការលំបាក​ផ្នែក​ថវិកា​សេដ្ឋកិច្ច សុទ្ធតែ​ជា​ផ្នែក​មួយ ដែល​អាច​បង្កើន​គ្រោះ​ហានិភ័យ​នាំ​ឲ្យ​ក្មេងជំទង់ ងាយ​មាន​ជំងឺ​ផ្លូវចិត្ត។ ក្មេងជំទង់​ស្រី​ប្រុស​ខ្លះ ធ្លាក់ខ្លួន​មាន​គ្រោះ​កើត​ជំងឺ​ផ្លូវចិត្ត ដោយហេតុ​តែ​លក្ខខណ្ឌ​ជីវិត ការរើសអើង ប្រកាន់​វណ្ណៈក្នុង​សង្គម ឬ​កង្វះ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ ប្រកប​ដោយ​គុណភាព មាន​ជា​អាទិ៍​ក្រុម​ក្មេង​ក្រីក្រ​ខ្លាំង រស់​ក្នុង​វិបត្តិ​មនុស្សធម៌ មាន​ជំងឺ​ប្រចាំ​កាយ មាន​ពិការភាព​ផ្នែក​បញ្ញាញាណ ប្រព័ន្ធ​ប្រសាទ ឬ ជា​ក្មេង​កំព្រា ក្មេង​ប្រសូត​ចេញ​ពី​គ្រួសារ​ជនជាតិ​ភាគតិច គ្រួសារ​ធា្លប់​រង​គ្រោះ​ផ្លូវភេទ ។ល។ ខុសពីការគិត ដែល​យល់​ថា នៅ​ក្មេង​មិន​ដឹង​ខ្យល់ មិន​ចេះ​ខ្វល់ អារម្មណ៍​ថប់​បារម្ភ ឆាប់​ភ័យ​ស្លន់ស្លោ ឬ​គិត​ភ័យ​ជ្រុល​ហួសហេតុ ជា​អាការៈ​ដែល​កើត​មាន​ជា​ញឹកញាប់​ខ្លាំង​ជាងគេ លើ​ក្មេង​ក្នុង​វ័យ​ជំទង់ និង កាន់តែ​ច្រើន​ទៀត ចំពោះ​ក្មេង​ទើប​ពេញ​វ័យ។ ក្មេង​អាយុ​ពី​១៥ ទៅ ១៩​ឆ្នាំ ​ចំនួន​ដល់​ទៅ​៥,៣% មាន​វិបត្តិ​ថប់​បារម្ភ និង​៣,៤%​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត។ នេះ​បើ​គេ​ជឿ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក។ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់បារម្ភ មាន​លក្ខណៈ​រួម គឺ​ក្មេង​មាន​ការប្តូរផ្លាស់​អារម្មណ៍​យ៉ាង​លឿន​រហ័ស។ វិបត្តិ​នេះ​អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ ទៅលើ​ការសិក្សា មិន​ចង់​ចូល​រៀន ឬ​រៀន​មិន​ទាន់ ហើយ​មូរមុខ ចង់​ផ្តាច់​ខ្លួន​ឲ្យ​នៅ​ម្នាក់​ឯង ឯកា និង​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត​ខ្លាំង​រហូត​ចង់​ធ្វើ​អត្តឃាត​បាន។ វិបត្តិចំណីអាហារ ក្រៅអំពី​វិបត្តិ​ផ្លូវចិត្ត ក្មេងជំទង់​អាច​មាន​វិបត្តិ​ចំណី​អាហារ ដោយអាច​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង ឬ​បរិភោគ​ច្រើន​និង​ញយ​ជ្រុល ក្នុង​ក្តី​បារម្ភ​ខ្វល់​វិល​ជុំវិញ​តែ​ទម្ងន់​និង​រូបរាង​កាយ។ ការបង្អត់​អាហារ​ឲ្យ​ស្គម ដូចការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ឬ​ឲ្យ​ដូច​យុវវ័យ​ទំនើប​ទាន់​សម័យ ភាគច្រើន​មាន​ពាក់ព័ន្ធ​នឹង​ក្មេង​ស្រី ក្នុង​បី​លើ​បួន​ករណី។ វិបត្តិ​ចំណី​អាហារ របស់​ក្មេង​ជំទង់ ឬ​ក្មេង​ទើប​ពេញ​វ័យ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ និង​តែង​ជាប់​អម​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ និង​វិបត្តិ​ប្រើ​សារធាតុ​ញៀន។ បើ​និយាយ​ដោយ​ឡែក​តែ​វិបត្តិ​បង្អត់​អាហារ​ឲ្យ​ស្គម វាអាច​ធ្ចើ​ឱ្យ​ក្មេង​ស្លាប់​មុន​អាយុ​បាន។ ផល​វិបាក​នៃ​ការបង្អត់​អាហារ​ដោយ​ខ្លាច​ធាត់ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ និង​អាច​នាំ​ដល់​ការធ្វើ​អត្តឃាត​ផង។ អត្រា​មរណៈ​ដោយ​ហេតុផល​នេះ មាន​កំរិត​ខ្ពស់​ជាង​អត្រា​ស្លាប់​ដោយ​វិបត្តិ​ផ្លូវចិត្ត​ផ្សេងៗ​ទៀត។ វិបត្តិញៀន ជាវ័យឈាមរាវ ក្មេងជំទង់​អាច​បញ្ចេញ​ចរិត​រឹងរូស ទង្វើ​បែប​ហួសហេតុ​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ឬ​ធ្វើអ្វី​តាម​ទំនើង​ដោយ​ចង់​ផ្គើន​ចិត្ត​ឪពុកម្តាយ ល្មើស​វិន័យ និង​ល្មើស​ច្បាប់​ទៀត​ផង។ អត្តចរិក​បែប​នេះ ខ្លះ​ជា​សញ្ញា​បញ្ជាក់​អំពី​កង្វះខាត​ផ្នែក​សម្របសម្រួល​ខ្លួន​ក្នុង​ការសិក្សា ឬជា​ការ​លំបាក​ក្នុង​ការសម្រប​ខ្លួន​ចូល​ក្នុង​សង្គម ជួនជា​យុទ្ធសាស្ត្រ​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត។ ក្មេង​ក្នុង​ស្ថានភាព​បែប​នេះ ងាយ​នឹង​ធ្លាក់​ខ្លួន ទៅ​ក្នុង​គ្រោះ​ហានិភ័យ ប្រើ​អំពើ​ហិង្សា​លើ​ខ្លួនឯង​និង​ទៅ​លើ​អ្នក​ដទៃ ប្រកាន់​ទង្វើ​បែប​គ្រោះថ្នាក់​បើកបរ​លឿន​ជ្រុល ឬ​ធ្វើ​កីឡា​ច្រើន​ជ្រុល និង​ជា​ពិសេស លង់​ក្នុង​ឧបាយ​ប្រើប្រាស់​វត្ថុ​នាំ​ឲ្យ​ញៀន ដែល​អាច​ជា​បារី ស្រា គ្រឿង​ញៀន​កញ្ឆា អាភៀន ថ្នាំញៀន​សំយោគ និង​ការញៀន​ដោយ​គ្មាន​ប្រើ​ជាតិ​ថ្នាំ ពោល​គឺញៀន​ល្បែង​ស៊ីសង ល្បែង​ភ្នាល់ ល្បែង​វីដេអូ ល្បែង​បណ្តាញ​សង្គម ញៀនទូរស័ព្ទ។ វក់នឹង​សារធាតុ​អ្វី​មួយ ឬ​សកម្មភាព​អ្វី​មួយ រហូត​ធ្វើ​ឲ្យ​ខូច​សុខភាព ត្រូវ​បាន​ ចាត់​ទុក ថា​ជាជំងឺ ញៀន ហើយ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្មេង​ជំទង់​ជា​ជន​ងាយ​រងគ្រោះ​ធ្លាក់​ក្នុង​ឧបាយ​ប្រើ​សារធាតុ​អាក្រក់ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នៅថ្ងៃ​ក្រោយ​និង​ពេញ​មួយ​ជីវិត។ នៅឆ្នាំ២០១៩ ប្រេវ៉ាឡង់​ក្មេង​ជំទង់​ស្រី​ប្រុស​ផឹកស្រា​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក (២២%)។ ការ​ជក់​បារី ជក់​កញ្ឆា ក៏កើនឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។ ប្រេវ៉ាឡង់​ពិភពលោក​នៅ​ឆ្នាំ២០២២ បាន​បង្ហាញ​ថា អត្រា​ក្មេង​ជំទង់ (១៥ទៅ១៩ឆ្នាំ) ជក់កញ្ឆា មានកំ​រិត​ខ្ពស់​ជាង​អត្រា​មនុស្ស​ធំ​ប្រព្រឹត្តកញ្ឆា​ទៅទៀត។ ដើម្បីឲ្យក្មេងជំទង់​មាន​សុខភាព​ល្អ មាន​អារម្មណ៍​ល្អ​ពេញ​ចិត្ត​ខ្លួន​ឯង​ក្នុង​ជីវិត​យុវវ័យ មុន​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ធំ​ពេញវ័យ ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពួកគេ​ដើរ​ធ្លាក់ រណ្តៅ តែ​បាន​រៀន​សូត្រ​ចូល​សង្គម មាន​សុខភាព​ផ្លូវចិត្ត​ល្អ និង ទទួល​បាន​ការថែ​ទាំ​ព្យាបាល ទាំង​ផ្នែក​ចិត្តសាស្ត្រ និង កាយសាស្ត្រ។ ការគ្រប់គ្រង​សុខភាព​ផ្លូវចិត្ត របស់​ក្មេង​ជំទង់ ជា​ភារៈ​របស់​ឪពុកម្តាយ និង របស់​សង្គម​ទាំងមូល។ ក្នុង ន័យ​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ខ្នះខ្នែង​ដាក់​ឲ្យ​មាន​យុទ្ធសាស្ត្រ កម្មវិធី និង​ឧបករណ៍​សម្រាប់​ជួយ​រដ្ឋាភិបាល ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ផ្នែក​សុខភាព​របស់​យុវជន និង​យុវតី​ដល់​ថ្នាក់​មូលដ្ឋាន។ កម្មវត្ថុ គឺ​ការពារ​និង ថែរក្សា​សុខភាព​ផ្លូវចិត្ត​ក្មេង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ក្មេង​ចេះ​គ្រប់គ្រង​អារម្មណ៍ ដើរ​ផ្លូវល្អ កុំ​មាន​ឥរិយាបថ​បែប​គ្រោះថ្នាក់ លង់​ប្រើ​សារធាតុ​ពុល​ដល់​សុខភាព​ដូចជា គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន ដែល​នាំ​ផលវិបាក​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ៕
ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ? បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ប្រមាណ​ជាង​៣០​ប្រភេទ ជា បាក់តេរី ជា​វីរុស ​ជា​ប៉ា​រ៉ាស៊ីត ដែល​អាច​ចម្លង នៅពេល​ស្បែក​ប៉ះ​កកិត​គ្នា ក្នុង សកម្មភាព​សេព​សន្ធវៈ មិន​ថា​ជា​ការ​រួមរក្ស​តាម​ទ្វារ​មាស តាម​មាត់ ឬ​តាម​រន្ធ​គូថ​ទេ។  ជំងឺ​កាម​រោគ​ខ្លះ អាច​ឆ្លង​បន្ត​ពី​ម្តាយ​ទៅ​កូន ពេល​នៅក្នុង​ផ្ទៃ ពេល​ឆ្លង​ទន្លេ និង ពេល​បំបៅ​ដោះ ឬ​ចម្លង ពេល​បញ្ចូល​ឈាម ដោយ​ខ្វះ​​ការ​ប្រុងប្រយ័ត្ន គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ។ ជំងឺ​កាមរោគ មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ មាន​ដូចជា​ជំងឺ​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា ជំងឺ​ស្វាយ ជំងឺ​សិរមាន់ ជំងឺ​ពងទឹក (ពងបែក) ជំងឺ​ទ្រីកូម៉ូណាស ជំងឺ​អេដស៍ និង ជំងឺ​បង្ក​ឡើង​ដោយ​មេរោគHPV (papillomavirus)។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ក៏ ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​កាម​រោគ​មួយ​ដែរ។ ក្នុងមួយថ្ងៃៗ មាន​មនុស្ស​នៅ​លើ​ពិភពលោក អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ចំនួន​ជាង​១​លាន​នាក់ បាន​ឆ្លង​ជំងឺ​កាម​រោគ ដោយ​ភាគច្រើន​គ្មាន​បញ្ចេញ​រោគ​សញ្ញា និង​អាច​ព្យាបាល​ជា។ បើ​តាម​ការប៉ាន់​ស្មាន របស់​អង្គការ​សុខភាព​ពិភពលោក​ មនុស្ស​ក្នុង​វ័យនេះ​ប្រមាណ​៣៧៤​លាន​នាក់ មាន​ផ្ទុក​ជំងឺ​កាម​រោគ​មួយ ក្នុង​​ចំណោម​ជំងឺ​កាម​រោគ​ដែល​មាន​កើត​ញឹកញាប់​ជាង​គេ ដោយ​អាច​ជា ជំងឺ​ស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាន​នាក់ មាន​ជំងឺ​ស្វាយ ជាង ៥២០​នាក់​រស់​ជាមួយ​ជំងឺ​ពង​ទឹក​ និង​ជាង​២៥៤​លាន​នាក់​មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០​លាន​នាក់​បាន​ឆ្លង​មេរោគ​ប៉ាពីឡូម៉ាវីរុស ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង នាំ​ឲ្យ​មាន​ជំងឺ​មហារីក​នៅ​ក​ស្បូន​ស្ត្រី និង​ជំងឺ​មហារីក​នៅ​រន្ធ​គូថ ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា។ ជំងឺ​កាមរោគ ប៉ះពាល់​ខ្លាំង​ណាស់ ដល់​សុខភាព​ផ្លូវភេទ និង សុខភាព​បន្ត​ពូជ។ ក្រៅ​អំពី​បង្ក​ឲ្យ​មា​ន​ផលវិបាក​ភ្លាមៗ ជំងឺ​កាមរោគ អាច​ជះ​ឥទ្ធិពល​អាក្រក់​និង​ធ្ងន់ធ្ងរ​ខ្លាំង។ ជំងឺ​កាម​រោគ​ខ្លះ ដូចជា ជំងឺ​ពងបែក ស្វាយ ឬ​ប្រមេះ អាច​បង្កើន​គ្រោះ​ឆ្លង​ជំងឺ​ស៊ីដា។ ម្តាយ​​មាន​ផ្ទុក​ជំងឺ​កាម​រោគ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កើត​មិន​ពេញ​ខែ គ្រោះ​កូន​​តូចស្រាល​​ជ្រុល​​នៅ​​ពេល​កើត ឬ​មាន​ការលូតលាស់​មិន​ត្រឹម​ត្រូវ។ បើ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​មេរោគ​ប៉ាពីឡូម៉ាវីរុស ផលវិបាក​អាច​អាក្រក់​ខ្លាំង ព្រោះ​មេរោគ​នេះ ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​មាត់ស្បូន និង ជំងឺ​មហារីក​ផ្សេង​ទៀត។ បើជា​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ នោះ​គ្រោះថ្នាក់​អាច​ដល់​ជីវិត។ គ្មាន​ថ្នាំ​ព្យាបាល នៅ​ឆ្នាំ​២០២២ រលាក​ថ្លើម​ប្រភេទ​បេ ដែល​ងាយ​ធ្វើ​ឲ្យ​ថ្លើម​ក្រិន និង​មហារីក បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១​លាន​១​សែន​នាក់។ ចម្លង​ស្វាយ​ឬ​ប្រមេះ ទៅ​ប្រពន្ធ នឹង​​ធ្វើ​ឲ្យ​ស្ត្រី​មាន​គ្រោះអា​រ មិន​អាច​មាន​កូន។ ការ​ចម្លង​ជំងឺកាមរោគ ដូចឈ្មោះ​ហៅ ជំងឺ​កាម​រោគ ​ឆ្លង និង​អាច​ចម្លងគ្នា តាមរយៈ​ការ​រួមរក្ស រួម​ភេទ តាម​ទ្វារ​មាស តាម​មាត់ និង តាម​រន្ធ​គូថ មិន​ពាក់ព័ន្ធ​នឹង​កត្តាអនាម័យ​ទេ។ ជំងឺ​កាមរោគ ជា​ទូទៅ មិន​ឆ្លង​ដោយ​គ្រាន់​តែ​​ប្រើប្រាស់​បង្គន់​រួម ឬ​បង្គន់​សាធារណៈ​ ដូច​ជំនឿរបស់​មនុស្ស​ជា​ច្រើន​នោះឡើយ។ ប៉ុន្តែ​ជំនឿនេះ​ខុស​ទាំង​អស់​ស្រុង។ អ្នក​ជំនាញវេជ្ជសាស្ត្រ​​គ្រប់​ជំនាន់​សុទ្ធ​តែ​បញ្ជាក់​​ថា​ជំងឺ​កាមរោគ មិន​​ឆ្លង ដោយ​គ្រាន់​តែ​ទៅ​អង្គុយបន្ទោរបង់​​លើ​បង្គន់ ដែល​មាន​មនុស្ស​អង្គុយជុះ​ច្រើន​តគ្នា​ទេ។ គ្រូពេទ្យ​ជំនាញ​បារាំង​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា​​​ ជំងឺ​បង្ក​រោគ​តាម​ការ​រួមភេទ អាច ឆ្លង​គ្នា នៅពេល ណាភ្នាសរំអិល ទឹករំអិល (ប្រដាប់ភេទ ឬមាត់ ) ប៉ះត្រដុសគ្នា ដែល ជាសកម្មភាពតែងកើតមានឡើង ជាទូទៅ នៅពេលរួមរក្ស។ ដើម្បី​អាច​ឆ្លង​ជំងឺ​កាមរោគ​​នៅពេល​ប្រើ​បង្គន់​សាធារណៈ ល្គិក​ណា​តែ​អ្នក​យក​ភ្នាសរំអិល ប្រដាប់​ភេទ ទៅ​ប៉ះផ្ទាល់​នឹង​ថាស​បង្គន់។ តើ​មាន​នរណា​អង្គុយ​បត់​ជើង​បែបនេះ ! គឺ​គ្មាន​ឡើយ​។ ស្បែក​ភ្លៅ​ផ្នែក​ខាង​លើ​ដែល​ប៉ះផ្ទាល់​នឹង​ចាន​បង្គន់​ពេល​អង្គុយ​ជុះ មិន​ឆ្លង​និង​មិន​ចម្លង​ មិន​បញ្ជូន​មេរោគ​កាម​ ទៅ​ដល់​ប្រដាប់​ភេទ​ឡើយ។ ជាងនេះ​ទៅទៀត មេរោគ​នៃ​ជំងឺកាមរោគមិន​ចេះ​លោត ចេញ​ពី​បុគ្គលអ្នក​ជំងឺ​ទៅ​តោង​លើ​គែម ឬ​ចាន​បង្គន់ និង​ក៏​មិន​អាចធន់​រស់​នៅ​លើ​វត្ថុ​រឹង​ នៅ​ក្នុង​បរិយាកាស​ខាង​ក្រៅ​បាន​ឡើយ។ មីក្រុប​ជា​ភ្នាក់ងារ​បង្ក​ជំងឺកាមរោគ មិនថា​ជា​ប្រភេទ​វីរុស បាក់តេរី ផ្សិត ឬ​ប៉ារ៉ាស៊ីតទេ មិន​ថា​​មេរោគ​ស្វាយ មេរោគ​ប្រមេះ​ឡើយ អាច​រស់​នៅ​ខាង​ក្រៅ​ខ្លួន​មនុស្ស​ បាន​តែ​មួយភ្លែត​ និងមាន​អាយុ​កាន់​តែ​ខ្លី​ទៀត បើ​វា​ត្រូវ​នៅ​លើផ្ទៃ​រឹង ហាលវាល​ ត្រជាក់ៗ ដូច​យ៉ាង​ចានបង្គន់ ហើយ​​មិន​លោត​ពី​កន្លែង​មួយ​ទៅកន្លែង​មួយ​ឡើយ។ មេរោគ​ត្រូវ​ការ​មាន​កន្លែង​ស្នាក់​ចាំទទួល​យកភ្លាមទើប​ឆ្លង​បាន។ ពោលគឺ​ដើម្បី​មានការ​ចម្លង​មេរោគពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ទៀត ត្រូវ​ឱ្យ​​មនុស្សទាំងពីរនាក់​​មាន​ទំនាក់ទំនង​ល្អិត​ចូល​គ្នា។ ប្រសិន​បើ​ជំងឺ​កាមរោគ​អាច​ឆ្លង​នៅ​បង្គន់​មែន នោះ​គេ​ច្បាស់​ជា​នឹង​ជួប​អ្នក​ជំងឺ​កាមរោគ​ ក្នុង​គ្រប់​ស្រទាប់​និង​គ្រប់​វ័យ​ រាប់​ទាំង​អ្នក​ដែល​គ្មាន​ប្រវត្តិ​សកម្មភាពផ្លូវភេទ​ដែរ​ហើយ។ តែជាក់ស្តែង​មិន​ដូច្នេះ​ទេ។ បង្គន់​សាធារណៈ​អាច​កខ្វក់​គួរឱ្យខ្ពើម នៅ​ពេល​អើត​ចូលទៅ​ឃើញភ្លាម ​អាចមាន​អារម្មណ៍​គួរ​ឱ្យ​ចង់​ក្អួតមែន ប៉ុន្តែ​តំណក់​ទឹកនោមស្រក់​លើ​ថាស​បង្គន់ ស្រក់​នៅលើ​ដី ក្លិន​ឆ្អាបរបស់​អ្នក​ចូល​បង្គន់​មុន​យើង ធ្វើ​ឱ្យ​យើង​អត់​គិត​ភ័យខ្លាច​ឆ្លង​ជំងឺ​មិន​បាន​ឡើយ។ តាម​ក្បួន​​ មនុស្ស​មិន​ឆ្លង​ជំងឺកាមរោគ​ ដោយ​គ្រាន់​តែ​បាន​ប្រើប្រាស់​បង្គន់​សាធារណៈមែន ប៉ុន្តែ​វេជ្ជសាស្ត្រ​មិន​ប្រើ​ពាក្យ​ថា​ គ្មាន​​ហានិភ័យ​សោះឡើយនោះទេ។ ការ​ឆ្លង​ជំងឺ​កាមរោគ​នៅ​បង្គន់​អាច​ជា​ករណី​ដ៏​មហាកម្របំផុត ហើយ​អ្នក​ឆ្លង​ពិត​ជា​មាន​សំណាង​មហាអាក្រក់ខ្លាំង​ ទើប​ត្រូវ​ជួប​ករណី​មហាសែន​ចៃដន្យ ដោយ​ត្រូវ​ជួប​ជួន ជាមួយ​អ្នក​មាន​ផ្ទុក​ជំងឺកាមរោគ​បន្សល់​ជាតិ​រំអិល ទឹកកាម នៅ​លើ​ថាស​បង្គន់​​ ហើយអ្នក​ចូលទៅ​ប្រើបង្គន់​នោះ​ភ្លាម​តាម​ក្រោយ ហើយ​ប្រដាប់​ភេទ​អ្នក​បាន​ប៉ះពាល់​ជាតិ​រំអិល​មាន​មេរោគ​នោះ​ភ្លាម តាម​រយៈ​ដៃ ឬ​ក្រដាស​កិត​ទើប​ជាប់​មេរោគ​ថ្មីៗ។ មាន​ន័យ​ថា ហានិភ័យ​ឆ្លង​ជំងឺ​កាម​រោគ តាមរយៈ​បង្គន់​អង្គុយ ខ្លាំង​ណាស់ និងក្នុង​ន័យ​នេះ គ្រូពេទ្យ​ក៏​ចង់​បញ្ជាក់​ដែរ​ថា​ មិនមែន​សកម្មភាព​អង្គុយ​លើ​បង្គន់​សាធារណៈ​ទេ ដែល​មាន​ការចម្លង​ជំងឺ​កាមរោគ តែ​មកពី​ដៃ​របស់​យើង​បាន​ទៅ​ប៉ះ​ចាន​បង្គន់ ជញ្ជាំង​បង្គន់ មាន​មេរោគ​រួច ដៃ​មិន​ស្អាត​នោះ មក​ប៉ះ​មុខមាត់។ល។ ឆ្លង​ជំងឺ​កាម​រោគ (ស្វាយ ឬ ប្រមេះ) ដោយហេតុ​ប្រើ​បង្គន់​សាធារណៈ ទំនង​ជា​លេស​ដោះសា ឬ​ដើម្បី​សម្រាល​ទោស​កំហុស​ដែល​ឆ្គាំឆ្គង​ដោយ​ចេតនា​ឬ​អចេតនា តែ​ប៉ុណ្ណោះ។ មាន​ករណី​លើកលែង​តែ​មួយ​គត់ ដែល​បង្គន់​សាធារណៈ​អាច​ចម្លង​ជំងឺ​កាម​រោគ នោះ​គឺ​ជំងឺ​សិរមាន់ ដែល​បង្ក​ឡើង​ដោយ​មេរោគ​ពពួក​ប៉ាពីឡូម៉ាវីរុស។ ប៉ាពីឡូម៉ាវីរុស (VPH) មាន​អាយុ​វែង​ជាង​គេ អាច​សំងំ នៅលើ​ផ្ទៃ​នៃ​វត្ថុ​អ្វី​មួយ បាន​ដល់​ទៅ​មួយ​សប្តាហ៍ ហើយ​ធន់​ខ្លាំង​នឹង​ថ្នាំ សម្លាប់​មេរោគ/ជែល លាង​សម្អាត​ដៃ​ទៀត។ ទឹក​លាយ​ជាតិ ហ្សាវែល ១០% ទើប​អាច​សម្លាប់​វីរ៉ុស VPH​ឲ្យ​ងាប់​បាន។ បង្គន់​សាធារណៈ​ប្រហែល​អាច​​ជា​ប្រភព ចម្លង​ជំងឺ​ផ្សេង​មាន​ជា​អាទិ៍ ជំងឺ​ផ្តាសាយ ជំងឺ​រលាក​ពោះវៀន រលាក​ផ្លូវ​បង្ហូរ​ទឹកនោម។ វិធីការពារ​ជំងឺកាមរោគ ប្រើក្រដាសក្រាល​លើ​ចាន​បង្គន់ ឬ​ក្រដាស​កិត​ទ្រាប់​មុន​នឹង​អង្គុយ​ទំនង​ជា​វិធី​ប្រកប​ដោយ​អនាម័យ​ជាង​គេ ក្នុង​ការ​ប្រើប្រាស់​បង្គន់​សាធារណៈ ព្រោះ​ការអង្គុយ​ចំតិតចំកោង ខ្លាច​ប៉ះ​បង្គន់​កខ្វក់ អាច​ផ្តល់​ផល​អាក្រក់​ជាង ផល​ល្អ។ បើ​តាម​អ្នក​ជំនាញ ផ្នែក​សុខភាព​ត្រគៀក នៅ​ពេល​ស្ត្រី បត់​ជើង​តូច ដោយ​មិន​អង្គុយ សាច់ដុំ​ទ្រ​ត្រគៀក នឹង​រួញ ដែល​ទៅ​បិទ​ខ្ទប់​ការហូរ​បញ្ចេញនៃទឹកនោម។ ដូច្នេះ​ស្ត្រី​ត្រូវ​ប្រឹង​ខ្លាំង​ហួស​ធម្មតា និង​បន្ថែម​សម្ពាធ​ឥត​ប្រយោជន៍​នៅលើ​តំបន់​អាង​ត្រគៀក ហើយ​មិន​អាច​បញ្ចេញ​ទឹកនោម​អស់​ពី​ប្លោក​ទៀត ជាហេតុ​នាំ​ឲ្យ​មាន​គ្រោះ​កើត​ជំងឺ​រលាក​ផ្លូវ​បង្ហួរ​នោម​បាន។ លាងសម្អាតដៃ​ក្រោយ​បន្ទោរបង់ ក្រោយ​ចេញ​ពី​បង្គន់ និង កុំ​កាន់​ទូរស័ព្ទ​ចូល​បង្គន់​ជាមួយ ជា​កាយវិការ​អនាម័យ​ដែល​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ។ ចំពោះ វិធី​ការពារ​ជំងឺ​កាមរោគ​វិញ គ្មាន​អ្វី​ប្រសើរ​ជាង​ស្នេហ៍​ស្មោះ​មួយ​ទល់​នឹង​មួយ ឬ​ការ​ប្រើ​ស្រោម​អនាម័យ និង​ការ​ចាក់​ថ្នាំ​បង្ការ ទេ។ បច្ចុប្បន្ន ពិភពលោក​មាន​ថ្នាំ​បង្ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​កាមរោគ​ពីរ​ប្រភេទ គឺ​ជំងឺ​រលាក​ថ្លើម​B និង​ជំងឺ​កាម​រោគ​បង្ក​ដោយ​ប៉ាពីឡូម៉ាវីរ៉ុស។ ទិន្នន័យ​កាន់តែ​ច្រើន​ឡើងៗ បាន​បង្ហាញ​ថា​ ថ្នាំ​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល ប្រភេទ​បេ អាច​មាន​សមត្ថភាព​ការពារ​ប្រឆាំង​នឹង​ជំងឺ​ប្រមេះ។ អង្គការ សុខភាព​ពិភពលោក កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ លើ​លទ្ធផល​សិក្សា​នេះ។ វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ពងបែក និង​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា បាន​ឈាន​ដល់ ការសាកល្បង​គ្លីនិក​ដំណាក់កាល​ទីមួយ។ ឯ​បេក្ខភាព​ថ្នាំ​បង្ការ​ជំងឺ​ស្វាយ និង ទ្រីកូម៉ូណាស កំពុង​ចាប់ផ្តើម​សាកល្បង​ដែរ​ហើយ។ ក្នុង​ពេល​រង់ចាំ​មាន​ថ្នាំ​បង្ការ ការ​ធ្វើ​តេស្ត​វែក​រក​ជំងឺ​កាមរោគ គួរ​តែ​ត្រូវ​ធ្វើ​ជា​រឿយៗ​ចំពោះ​បុគ្គល​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ស្វែង​រក​ការព្យាបាល ពីគ្រូពេទ្យ​ជំនាញ​ឱ្យ​បានឆាប់​រហ័ស។ ថ្នាំ​ព្យាបាល ជំងឺ​កាមរោគ​ខ្លះ មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ធ្វើ​ឲ្យ​ជំងឺ​បាន ជា ដាច់។ ថ្នាំខ្លះ មិនអាច​ព្យាបាល​ជា តែ​អាច​ទប់​ការវិវឌ្ឍ​នៃ​មេរោគ និង​ពន្យារ​ជីវិត​បាន​ដូច​មនុស្ស​ធម្មតា មាន​ជាអាទិ៍ ករណី​ ជំងឺអេដស៍។ ទទួល​ការព្យាបាល ជា​កាត់​បន្ថយ​ការ​ចម្លង​ជំងឺ​ទៅ​អ្នក​ដទៃ និង​អ្នក​ជាទី​ស្រលាញ់​របស់​យើង៕
loading
Comments