ដេកថ្ងៃមួយស្រលេតជាដំណោះស្រាយនៃវិបត្តិខ្វះដំណេក
Description
កាលពីចុងខែកក្កដា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហគ្រាស និងស្ថាប័នសិក្សានានា ផ្តល់ឱកាសឱ្យបុគ្គលិកបានសម្រាកថ្ងៃមួយភ្លែត ដើម្បីបង្កើនសមត្ថភាព និងសក្តិសិទ្ធភាពការងារ។ គេងថ្ងៃតែមួយភ្លែតប៉ុណ្ណោះ មិនឱ្យលើស២០នាទីទេ។ តើត្រូវសម្រាកដូចម្តេច?
ការសម្រាកថ្ងៃ ជាប្រពៃណីដ៏យូរលង់មកហើយ នៅតាមបណ្តាប្រទេសច្រើននៅអាស៊ី និងនៅប្រទេសចិន ដែលថែមទាំងមានចែងក្នុងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ ១៩៤៨មកផង។ នៅជប៉ុន មិនកម្រទេដែលក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកសម្រាកថ្ងៃ។ Power Nap គុណប្រយោជន៍នៃដំណេកថ្ងៃ ក៏បានទទួលស្គាល់យ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិកដែរ។ នៅអឺរ៉ុប ទម្លាប់គេងថ្ងៃ មិនសូវមានគេនិយមប៉ុន្មានឡើយ បើទោះបីជាមានការសិក្សាច្រើនឡើងៗបានបញ្ជាក់អំពីគុណប្រយោជន៍នៃការគេងថ្ងៃចំពោះសុខភាព ជាទូទៅ និងចំពោះសមត្ថភាពបំពេញការងារក៏ដោយ។
ប្រទេសបារាំងក៏គ្មានច្បាប់ទាក់ទងនឹងការសម្រាកថ្ងៃនេះដែរ។ បារាំងទើបផ្តើមចាប់អារម្មណ៍ខ្លាំង នឹងការសម្រាកថ្ងៃ តាំងពីផ្ទុះវិបត្តិកូវីដមក តែបារាំងមានច្បាប់ស្តីពីសិទ្ធិផ្តាច់ខ្លួនពីការងារ មិនឆ្លើយទូរស័ព្ទ មិនឆ្លើយអ៊ីមែល នៅម៉ោងឈប់ និងមានម៉ោងសម្រាកក្រោយបាយថ្ងៃត្រង់ ដែលអាចឱ្យបុគ្គលិកឆ្លៀតធ្មេចភ្នែកបានមួយភ្លែត។ ជាងនេះទៀត កាលពីចុងខែកក្កដា២០២៥ នៅក្នុងផែនការណែនាំអន្តរក្រសួងដើម្បីលើកកម្ពស់គុណភាពដំណេក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោកវេជ្ជបណ្ឌិត Yannick Neuder បានឯកភាពលើគំនិតផ្តួចផ្តើមដាក់ឱ្យមានការសម្រាកថ្ងៃនៅកន្លែងធ្វើការ និងសាលារៀន ពីព្រោះគុណភាពដំណេករបស់ប្រជាពលរដ្ឋបារាំង បន្តធ្លាក់ចុះជាលំដាប់។ ពលរដ្ឋធំពេញវ័យបារាំង សំរាន្តតិចជាងកាលពី ៥០ឆ្នាំមុន ចំនួនជាងមួយម៉ោងកន្លះ ពោលគឺមានដំណេកជាមធ្យមប្រមាណតែ៧ម៉ោង ក្នុងមួយយប់ និងជាងពាក់កណ្តាលរអ៊ូថាសំរាន្តមិនឆ្អែត មិនស្កប់ស្កល់។ កង្វះដំណេក ឬដេកមិនស្កប់ ជាប្រភពបង្កើនគ្រោះកើតជំងឺផ្លូវចិត្ត និងជំងឺសរសៃឈាមបេះដូង ព្រមទាំងជំងឺជាច្រើនផ្សេងទៀត។ ហើយបើតាមវិទ្យាស្ថានវិទ្យាសាស្ត្រនិងស្រាវជ្រាវសុខាភិបាលជាតិ ពលរដ្ឋបារាំងប្រមាណ២៨% សម្រាន្តមិនគ្រប់គ្រាន់ ដោយតិចជាងសេចក្តីត្រូវការរបស់សពាង្គកាយយ៉ាងហោចមួយម៉ោងក្នុងមួយយប់។ ៣០%នៃកុមារ និង៧០%នៃក្មេងជំទង់ គេងមិនគ្រប់គ្រាន់។ ហេតុដូច្នេះហើយបានជាលោករដ្ឋមន្ត្រីចង់ឃើញស្ថាប័នរដ្ឋ សាលារៀន ក្រុមហ៊ុនសហគ្រាសនានា នៅក្នុងស្រុកបារាំង បើអាចធ្វើទៅបាន គួរតែរៀបចំឱ្យមានកន្លែងសម្រាប់បុគ្គលិកសម្រាកថ្ងៃ បានមួយភ្លែត។
“ត្រូវធ្វើយ៉ាងណាឱ្យក្មេងបានសម្រាកថ្ងៃខ្លះ ព្រោះវាសំខាន់ខ្លាំងមែនទែនសម្រាប់សុខភាព ហើយក្រុមហ៊ុនសហគ្រាសនានាក៏គួរតែគិតគូរធ្វើដែរ។ មិនមែនជាកាតព្វកិច្ចផ្តល់ដោយក្រសួងសុខាភិបាលតម្រូវឱ្យនិយោគជកបំពេញទេ ប៉ុន្តែជាអនុសាសន៍ ដែលបើអាច ក្រុមហ៊ុនសហគាសគួរតែរៀបចំឱ្យបន្ទប់ ឬកន្លែងស្ងប់ស្ងាត់សម្រាប់ឱ្យបុគ្គលិកបានគេងថ្ងៃមួយភ្លែត។ នេះក៏មិនមែនជាវិធានការចាំបាច់ដាក់តម្រូវលើក្រុមហ៊ុនឱ្យប្រឹងធ្វើហួសលទ្ធភាពដែលមានដែរ។ គឺគ្រាន់តែជាការលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃទំនួលខុសត្រូវ និងការចេះគិតគូរអំពីផាសុកភាពរបស់បុគ្គលិក។ មានក្រុមហ៊ុនច្រើនហើយបានចាប់ផ្តើមពិចារណាសំណើនេះហើយ។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២កក្កដា២០២៥។
ដូចម្តេចដែលហៅថា សម្រាកថ្ងៃមួយភ្លែត? តើការគេងថ្ងៃមួយភ្លែត ផ្តល់គុណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា?
យើងធ្លាប់ឮជាញយពាក្យថា មីក្រូហិរញ្ញវត្ថុ តែពេលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានប្រើពាក្យ មីក្រូដំណេក ដោយសំដៅទៅលើរយៈពេលដ៏ខ្លីនៃការសម្រាកថ្ងៃមួយភ្លែត ដើម្បីស្រូបកម្លាំងនិងបំពេញកង្វះដំណេកកាលពីពេលយប់។ សម្រាប់លោកវេជ្ជបណ្ឌិតជារដ្ឋមន្ត្រី មីក្រូដំណេកថ្ងៃ អាចជាដំណោះស្រាយមួយនៃករណីខ្វះដំណេកនៅពេលយប់។ អ្នកជំនាញផ្នែកដំណេក ក៏ធ្លាប់អះអាងជារហូតមកដែរថា ប្រសិនបើសេចក្តីត្រូវការផ្នែកដំណេកនៅពេលយប់មិនបានបំពេញឱ្យគ្រប់គ្រានទេ ការសម្រាកថ្ងៃដែលត្រូវមានរយៈពេលយ៉ាងខ្លីបំផុតត្រឹមពី១៥ទៅ២០នាទី នឹងផ្តល់គុណប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រឹងស្មារតីនិងបង្កើនសមត្ថភាពប្រសិទ្ធភាពការងារ។
គុណប្រយោជន៍នៃការសម្រាកថ្ងៃ មានច្រើនប្លែកៗគ្នា តែសំខាន់។ បើតាមការសិក្សារបស់ក្រុមភ្នាក់ងារណាសា ការដេកថ្ងៃ២០នាទី បង្កើនសមត្ថភាពការងារ៣៤% បង្កើនស្មារតីប្រុងប្រយ័ត្នបាន៥៤%។ សម្រាកថ្ងៃ១៥នាទី អាចបញ្ចៀសគ្រោះងងោកងងុយ (ពុលបាយ) នៅពីរម៉ោងក្រោយបាយថ្ងៃរួច។ ដោយអាចបង្កើនស្មារតីប្រុងប្រយ័ត្ន ការគេងថ្ងៃ បានជួយកាត់បន្ថយហានិភ័យបុគ្គលិកជួបគ្រោះថ្នាក់នៅកន្លែងធ្វើការបានយ៉ាងច្រើនគួរជាទីកត់សម្គាល់។ ផ្តល់ពេលវេលាឱ្យសម្រាកនិងបានសម្រាកថ្ងៃតែមួយភ្លែត ស្ត្រេសរបស់បុគ្គលិកនឹងធា្លក់ចុះអស់មួយចំនួន។ បើស្ត្រេសចុះថយ នោះបុគ្គលិកនឹងធ្វើការបានល្អជាងមុន ហើយមិនសូវធ្លាក់ក្នុងគ្រោះមានជំងឺក្នុងអាជីព ដូចយ៉ាងជំងឺបាក់ទឹកចិត្តលែងចង់ធ្វើការ បឺនអៅ ហើយយប់ឡើង ពួកគេអាចនឹងសម្រាន្តលក់បានច្រើន ដោយមិនសូវមានស្ត្រេសសល់ពីថ្ងៃ។ ម្យ៉ាងទៀត សម្រួលឱ្យបុគ្គលិកអាចដេកថ្ងៃ ជាកត្តាដ៏ទាក់ទាញពិតៗសម្រាប់បុគ្គលិក ព្រោះការសម្រាកថ្ងៃ ជានិម្មតរូបនៃការគិតគូរដល់គុណតម្លៃការងារឱ្យបានប្រសើរឡើង និងប្រសើរជាងការរៀបចំឱ្យមានល្បែងកំសាន្តបន្ធូរអារម្មណ៍ ក្នុងកន្លែងធ្វើការទៅទៀត។
ប៉ុន្តែសូមប្រយ័ត្ន និងត្រូវមានទំនួលខុសត្រូវ ព្រោះនៅក្នុងក្រុមហ៊ុនតែងមានអ្នកនិយមត្រូវការសម្រាកថ្ងៃនិងអ្នករិះគន់ប្រឆាំងនឹងការសម្រាកថ្ងៃ។ ដូច្នេះ ត្រូវប្រព្រឹត្តប្រកបដោយទំនួលខុសត្រូវ។ សូមចងចាំឱ្យច្បាស់ថា ការសម្រាកថ្ងៃ ដែលនាំមកនូវគុណភាព និងគុណប្រយោជន៍សម្រាប់សុខភាព មិនត្រូវវែងដល់រាប់ម៉ោងទេ។ ១០ ទៅ២០នាទីយ៉ាងច្រើន។
តើធ្វើដូចម្តេចទើបអាចសម្រាន្តលក់លឿន និងតែមួយភ្លែត?
បើតាមលោក Maxime Elbaz បណ្ឌិតផ្នែកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ជំនាញខាងដំណេក មានវិធីសាស្ត្រជួយឱ្យដេកថ្ងៃឆាប់លក់និងតែមួយភ្លែត។ នោះគឺវិធីសាស្ត្រ "Napspresso" ដែលជាការផ្គុំក្នុងភាសាអង់គ្លេស រវាង ពាក្យ "nap"ដេកថ្ងៃ និង espresso និងដែលមានន័យថា ដំណេកថ្ងៃប្រកបដោយអំណាច ឬអំណាចនៃការគេងថ្ងៃ។ មុនទៅទម្រេតគេងថ្ងៃ សូមពិសាកាហ្វេខ្មៅអិចប្រេសូមួយពែង។ ២០នាទីក្រោយកាហ្វេចាប់បញ្ចេញឥទ្ធិពល ហើយនឹងរំញោចដាស់អ្នកឱ្យភ្ញាក់ពោរពេញទៅដោយកម្លាំងពលំហើយ។
ដើម្បីលក់ឆាប់ ត្រូវធ្វើតាមយោធាបារាំង ដោយផ្តោតលើដង្ហើម។ ត្រូវស្រមៃថាយើងគូសរូបការ៉េ ក្នុងខួរក្បាល។ បន្ទាប់មកដកដង្ហើមបួនវិនាទី ដោយគិតគូសជ្រុងម្ខាង។ ឈប់ដកដង្ហើមបួនវិនាទី ដោយគិតស្រមៃគូសជ្រុងការ៉េម្ខាងទៀត។ ដកដង្ហើមវិញបួនវិនាទី ដើម្បីគូសម្ខាងជ្រុងមួយទៀត និងអត់ដង្ហើមបួនវិនាទីទៀតដើម្បីបង្ហើយជ្រុងការ៉េចុងក្រោយ។ រួចសម្រាក៥វិនាទី ហើយគិតគូរការ៉េសាឡើងវិញដដែលៗ ១២ដង អ្នកនឹងលក់។ តែត្រូវឱ្យលក់យ៉ាងយូរ២០នាទី។ បើលើសដេកជ្រុលលើសពី៣០នាទី នោះមិនល្អទេ។ អ្នកនឹងងើបឡើងសើងមម៉ើងលែងធ្វើការកើត។ នេះជាការដាស់តឿនរបស់លោក Maxime Elbaz ដដែល៕