តើមានដំណោះស្រាយប្រឆាំងនឹងអាការៈស្រៀវធ្មេញទេ?
Description
ទំពារទឹកកក ខាំការ៉េម ឬបរិភោគទឹកត្រជាក់ស្រេបពេលមេឃក្តៅខ្លាំង ឬបរិភោគទឹកក្តៅពេលអាកាសធាតុត្រជាក់ ជាចំណង់មួយដែលអាចលេចឡើងលើមនុស្សគ្រប់រូប។ ប៉ុន្តែភាពរីករាយអាចក្លាយជាទុក្ខភ្លាមនៅពេលដាក់ចំណីទាំងនោះចូលទៅដល់ក្នុងមាត់ ស្រាប់ឈឺធ្មេញយ៉ាងខ្លាំង។ អាការៈឈឺធ្មេញបែបនេះ បណ្តាលមកពីមានបញ្ហាស្រៀវធ្មេញ។ នៅប្រទេសបារាំង មួយភាគបួននៃមនុស្សពេញវ័យ មានបញ្ហាឈឺស្រៀវធ្មេញនេះ។ ហេតុអ្វីធ្មេញមានអាការៈរោគបែបនេះ និងតើត្រូវធ្វើដូចម្តេច?
ឈឺធ្មេញជាអាការៈដែលពិបាកទ្រាំណាស់ជាទូទៅ។ មូលហេតុនៃការឈឺធ្មេញក៏មានច្រើនយ៉ាង។ ជាញឹកញយអាការៈឈឺធ្មេញ តែងចាប់ឡើងភ្លាមៗ និងតិចតួចដែលឈឺម្តងបន្តិចៗ។ ការឈឺធ្មេញ អាចគ្រាន់តែជាឈឺបែបរំខាន ទៅជាការឈឺខ្លាំង ចាប់ខ្ទោកៗ ខ្លាំងឡើងៗ ឬឈឺងំ រាលដាលដល់ឈឺក្បាល ឈឺថ្គាម ឈឺត្រចៀក និងរំខានសកម្មភាពប្រចាំថ្ងៃតែម្តង។ ការឈឺធ្មេញក៏អាចបណ្តាលមកពីធ្មេញប៉ះធាតុត្រជាក់ ក្តៅ ផ្អែម ឬជូរ។ ការឈឺស្រួចស្រាវ ទាំងធ្មេញមានដង្កូវស៊ីសោះបែបនេះ អាចជាអាការៈរោគស្រៀវធ្មេញ។
ឈឺធ្មេញ ស្រួចស្រាវ នៅពេលប៉ះជាតិត្រជាក់ ជាតិផ្អែម ឬក្តៅ ទាំងធ្មេញល្អចែស គ្មានដង្កូវស៊ីសោះ បណ្តាលមកពីអាការៈស្រៀវធ្មេញ អាចបង្អាក់ចំណង់ទទួលទាន និងរំខានការបរិភោគអាហារ និងភេសជ្ជៈច្រើនមុខណាស់។
ហេតុអ្វី ធ្មេញ ស្រៀវ ?
ធ្មេញ ប្រៀបដូចជាស៊ុត។ ពងមាន់ពងទា មានសម្បកក្រៅរឹងសម្រាប់ការពារ។ ចំណែកធ្មេញក៏មានស្រទាប់ក្រៅរឹងសម្រាប់ការពារដែរ ដែលគេហៅតាមភាសាបច្ចេកទេសថា កាចាធ្មេញ។ កាចាធ្មេញនេះមានសភាពរឹងដូចពេជ្រនិងធន់ខ្លាំងណាស់។ ប៉ុន្តែវាងាយនឹងខូច ហើយមិនអាចធន់នឹងជាតិស្ករ ដែលបំប្លែងទៅជាអាស៊ីតនិងមីក្រុបអាស៊ីតបានទេ។ ជាប់នឹងស្រទាប់កាចា គឺសាច់ធ្មេញ បើប្រៀបទៅនឹងស៊ុត គឺពងស។ សាច់ធ្មេញមិនសូវមានធាតុរ៉ែទេ ព្រោះវាជាភាគមួយនៃសរីរាង្គមនុស្ស។ ៣២%នៃសាច់ភ្លុកជាសរីរាង្គរបស់យើង មានន័យថាបើប៉ះ យើងនឹងឈឺ។ នៅក្នុងសាច់ធ្មេញ មានកូនបំពង់ ផ្ទុកសរសៃញាណ ជាច្រើន ប្រទាក់តភ្ជាប់ទៅសរសៃធ្មេញ ដែលស្ថិតនៅចំកណ្តាល (ស្នូល)នៃធ្មេញ។ សរសៃធ្មេញនេះទន់ និងជាអ្នកចិញ្ចឹមធ្មេញ ដែលបើប៉ះពាល់ត្រូវវា ក៏នឹងបង្កឱ្យឈឺខ្លាំងណាស់។ ក្នុងមួយតួធ្មេញ មានតែផ្ទៃខាងក្រៅ ឬកាចាធ្មេញទេ ដែលគ្មានញាណ ប៉ះមិនឈឺ រឹងអាចទ្រាំទ្រនឹងធាតុត្រជាក់ក្តៅគ្រប់បែបយ៉ាង។ កាចានេះជាអ្នកការពារស្រោបសាច់ធ្មេញ ត្រង់ផ្នែកដុះចេញមកក្រៅ ផ្នែកដែលគេមើលឃើញនៅពេលសើច ពេលនិយាយ និងដែលជួបប៉ះពាល់នឹងចំណីអាហារដោយផ្ទាល់។ ចំណែកសាច់ធ្មេញ នៅផ្នែកខាងឫសធ្មេញវិញ បានទទួលការគ្របការពារដោយឆ្អឹង និងអញ្ចាញ។
ដូច្នេះចំពោះអ្នកមានសុខភាពមាត់ធ្មេញល្អ សាច់ធ្មេញត្រូវបានការពារយ៉ាងល្អដោយកាចា និងអញ្ចាញ និងគ្មានជំនួបជាមួយអ្វីៗនៅក្នុងមាត់ទេ។ ប៉ុន្តែជួនទៅ កាចាស្រាប់តែសឹករិចរិល រងការបំផ្លាញ ឬអញ្ចាញសន្តក គឺនៅពេលនោះហើយដែលអាការៈឈឺស្រៀវធ្មេញ ចាប់លេចឡើង ព្រោះសាច់ធ្មេញមានទំនាក់ទំនងដោយផ្ទាល់ជាមួយប្រអប់មាត់ ។ ដូច្នេះ នៅពេលមានសកម្មភាពអ្វីតែបន្តិចនៅក្នុងមាត់ មិនថាជាការដុះធ្មេញ ឬគ្រាន់តែដាក់ចំណីអាហារ ក្តៅ ត្រជាក់ ជូរផ្អែមចូលទេ ជាតិនោះនឹងជ្រាបដល់សាច់ធ្មេញភ្លាម ហើយញាណរបស់សាច់ធ្មេញចាប់ផ្តើមញោច ដែលស្តែងដោយការឈឺចាប់យ៉ាងស្រួចស្រាវ ឬញាក់ដល់ព្រឺស្បែកតែម្តង។
ដូចបានជម្រាបពីខាងដើមស្រាប់ កាចាធ្មេញជាស្រទាប់រឹងខ្លាំងណាស់ រុំស្រោបសាច់ធ្មេញមិនឱ្យអ្វីទៅប៉ះដល់ទេ។ តែកាចាធ្មេញអាចខូចខាតបានដោយយន្តការមេកានិកសឹករិចរិល ក្រោមកម្លាំងកកិតរាល់ថ្ងៃរបស់ច្រាស នៅពេលដុះធ្មេញខ្លាំងៗពេក ហើយសរសៃច្រាសរឹងខ្លាំង និងដោយដុះទទឹងធ្មេញ។ កាយវិការនេះអាចធ្វើឱ្យស្រទាប់ធ្មេញងាយដាច់ដាច ស្នាមរលកក្រោមកម្លាំងកកិត ដែលធ្វើឱ្យបរិស្ថានក្នុងមាត់ ទឹក ខ្យល់ ចំណីអាហារ ។ល។ អាចជ្រាបទៅប៉ះដល់សាច់ធ្មេញ និងនាំឱ្យឈឺឈៀប។
កត្តាទីពីរ ដែលអាចធ្វើឱ្យកាចាធ្មេញខូចខាតបានដែរនោះ គឺជាតិគីមី។ នៅពេលអ្នកឧស្សាហ៍ទទួលទានភេសជ្ជៈឬអាហារមានជាតិជូរខ្លាំង ដូចយ៉ាងភេសជ្ជៈ ទឹកក្រូច ទឹកកូកា ទឹកផ្អែមកំប៉ុង ញយៗ ជាប់ៗគ្នាច្រើនពេក ជាតិស្ករអាស៊ីតនោះនឹងទៅស៊ីកាចាធ្មេញ។ ជាតិអាស៊ីត ច្រាលពីក្នុងខ្លួន នៅពេលក្អួត ពេលចាញ់កូន ឬដោយបញ្ហាក្រពះ ក៏បំផ្លាញស្រទាប់កាចាធ្មេញខ្លាំងដែរ។
ក្រៅពីភាពសឹករិចរិលនៃធ្មេញ អញ្ចាញធ្មេញក៏អាចជាមូលហេតុនាំឱ្យស្រៀវធ្មេញដែរ។ ការដុះធ្មេញមិនត្រូវបានក្បួនបានធ្វើអញ្ចាញរបួស ឬរហើបមិនអាចការពារឬសធ្មេញបានជិតល្អ ក៏អាចធ្វើឱ្យលេចអាការៈស្រៀវធ្មេញបានដែរ។ ជួនកាលទៀត អញ្ចាញរួញរហើប ដោយហេតុតែធ្មេញកាន់ជាតិកំបោរខ្លាំង មានកំណកនិងបាក់តេរីរុំឈ្លានពានលើផ្ទៃនិងជើងធ្មេញ រហូតធ្វើឱ្យអញ្ចាញមានជំងឺរលាក រោលឡើងក្រហម ឡើងហើម និងចេញឈាម។ រោគរលាកអញ្ចាញនេះធ្វើឱ្យខូចនិងស្រកសាច់អញ្ចាញ។ អាការនេះ បើបណ្តោយមិនព្យាបាល បាក់តេរីនឹងវាយលុកចូលទៅឆ្អឹង ដែលក្លាយទៅជាជំងឺមួយទៀតមានឈ្មោះថា ជំងឺរាក់ស៊ី។ ជំងឺរាក់ស៊ីនឹងធ្វើឱ្យធ្មេញសណ្តកពីអញ្ចាញ ដែលដូចជាបើកចំហកាន់តែធំឱ្យឫសធ្មេញ (សាច់ធ្មេញ) នៅកណ្តាលវាលក្នុងមាត់។
នៅក្នុងមាត់យើង មានសុទ្ធតែមីក្រុប បាក់តេរីច្រើនណាស់។ ជារឿងធម្មតាតែដែលយើងរស់នៅជាមួយវា។ តែបាក់តេរីទាំងអស់នោះអាចនាំបញ្ហាដល់អញ្ចាញហើយដល់ធ្មេញ។ បើគ្មានការសម្អាតត្រឹមត្រូវទេ មីក្រុបទាំងអស់នោះមកកកផ្តុំកាន់តែច្រើនខ្លាំងឡើងៗ ក្លាយជាកំណកតោងនៅតាមជើងធ្មេញធ្វើឱ្យងាយរលាកអញ្ចាញ បើតោងជាប់ផ្ទៃស្រទាប់ធ្មេញ វានឹងចិញ្ចឹមដោយជាតិស្ករ រួចបំប្លែងទៅជាអាស៊ីត ស៊ីបំផ្លាញស្រទាប់ធ្មេញខាងក្រៅ។ សកម្មភាពស៊ីបំផ្លាញស្រទាប់កាចាដ៏រឹងអាចប្រើរយៈពេលយូរគួរសមដែរ ទម្រាំអាចទម្លាយស្រទាប់ការពារសាច់ធ្មេញបាន ដែលពេលនោះគេហៅថាដង្កូវស៊ីធ្មេញ។ សរុបទៅការស្រៀវធ្មេញអាចជាអាការៈដាស់ប្រាប់ថាធ្មេញអ្នកកំពុងមានរោគដង្កូវស៊ីធ្មេញ។
តើធ្វើដូចម្តេចទើបអាចកាត់បន្ថយអាការៈស្រៀវធ្មេញ?
ដើម្បីបំបាត់អាការៈឈឺស្រៀវធ្មេញ គ្មានអ្វីក្រៅពីលុបបំបាត់ដើមហេតុ ដើម្បីដែលកុំឱ្យស្ថានភាពឈឺស្រៀវធ្លាក់ចុះធ្ងន់ធ្ងរទៀត ពោលគឺត្រូវព្យាបាលរោគរាក់ស៊ី និងប្តូរទម្លាប់ដុះធ្មេញ។ សូមប្រើច្រាស់ដែលមានសរសៃទន់ និងដុះធ្មេញពីលើចុះក្រោម សម្រាប់ធ្មេញលើ រួចពីក្រោមឡើងលើសម្រាប់ធ្មេញក្រោម មួយម្តងៗ ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅក្រអូមធ្មេ
ចំពោះការព្យាបាលបំបាត់អាការៈឈឺស្រៀវវិញ លោកអ្នកអាចស្វែងរកទិញទឹកខ្ពុរមាត់ ឬថ្នាំដុសធ្មេញប្រឆាំងការស្រៀវ ព្រោះវាមានផ្ទុកជាតិរ៉ែអាចទៅជួយបិទភ្ជិតចុងរន្ធនៃសាច់ធ្មេញកុំឱ្យជាតិអ្វីជ្រាបដល់។ នៅពេលដុសធ្មេញ ត្រូវបៀមទឹកថ្នាំដុសធ្មេញក្នុងមាត់មួយភ្លែតសិន កុំខ្ជាក់ចេញភ្លាម។ ធ្វើបែបនេះ ទើបធ្មេញអាចចាប់ស្រូបជាតិថ្នាំបានយូរ។
ជាចុងក្រោយ បើថ្នាំដុសធ្មេញនិងទឹកខ្ពល់មិនអាចជួយបានទេ មានតែទៅពិគ្រោះជាមួយគ្រូពេទ្យធ្មេញ ដែលមានមធ្យោបាយច្រើន ដូចជាមានបិទវែកនីឱ្យធ្មេញ ឬព្យាបាលងរោគដង្កូវស៊ីធ្មេញ រោគអញ្ចាញតាមស្ថានការណ៍ជាក់ស្តែង៕