ខ្យល់ពុលក្នុងបរិយាកាសបង្កើនគ្រោះកើតជំងឺវង្វេងវង្វាន់
Description
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីឆ្នាំមុន អ្នកស្រាវជ្រាវបានផ្តល់សេចក្តីសន្និដ្ឋានរួចហើយថា ការស្រូបខ្យល់ពុលអាចបំផ្លាញសុខភាពខួរក្បាល។ ការសិក្សាថ្មី ក្នុងទ្រង់ទ្រាយធំខ្លាំង បានបញ្ជាក់បន្ថែមដោយចំៗ ថាខ្យល់កខ្វក់ក្នុងបរិយាកាសអាចបង្កើនគ្រោះហានិភ័យនាំឱ្យកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ។
ជំងឺវង្វេងវង្វាន់ជាអាការៈរោគដែលលេចឡើងដោយយឺតៗ ហើយដោយគ្មានថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ទេ រហូតមកទល់នឹងពេលនេះម៉ោងនេះ។ នៅដើមខែកញ្ញានេះ អាជ្ញាធរសុខាភិបាលបារាំង ក៏ទើបផ្តល់សេចក្តីសម្រេចចិត្តបដិសេធមិនឱ្យប្រើប្រាស់ថ្នាំ Lecanemab ចំពោះអ្នកជំងឺវង្វេងវង្វាន់ដំណាក់កាលដំបូងទេ។ មានន័យថា ថ្នាំប្រឆាំងនឹងជំងឺវង្វេងវង្វាន់មួយនេះមិនអាចធ្វើចរាចរណ៍នៅក្នុងប្រទេសបារាំងទេ ក្នុងពេលភ្លាមៗនេះ បើទោះបីជាអឺរ៉ុបផ្តល់ការអនុញ្ញាតរួចហើយក៏ដោយ។ សមាគមក្រុមអ្នកជំងឺនិងអ្នកជំនាញខ្លះ ខកចិត្តយ៉ាងខ្លាំង ប៉ុន្តែសម្រាប់អាជ្ញាធរជាន់ខ្ពស់បារាំង ថ្នាំLecanemab (liqembi) គ្មានប្រសិទ្ធភាពគ្រប់គ្រាន់ និងផ្តល់ផលរំខានច្រើនជាងផលល្អដល់អ្នកជំងឺ។
សូមរំលឹកថា ជំងឺវង្វេងវង្វាន់ មានច្រើនទម្រង់ណាស់។ ជួនចាប់ផ្តើមឡើងដោយលក្ខណៈមិនច្បាស់ ប៉ះពាល់ដល់ផ្នែកបញ្ញាញាណ ដល់ការចងចាំ និងជួនមានអមដោយការផ្លាស់ប្តូរអត្តចរិក ក្លាយជាមនុស្សលែងមានឆន្ទៈ រួចភ្លេចរឿងរាវទើបកើតឡើងថ្មី ភ្លេចថ្ងៃភ្លេចខែ ភ្លេចពេលវេលា ភ្លេចកូនភ្លេចចៅ ភ្លេចបាយភ្លេចទឹក និងវង្វេង។
ជំងឺអាល់ហ្សៃម៉ែរ ដែលជាមូលហេតុចម្បងមួយនៃការបាត់បង់ការចងចាំ កើតមានកាន់តែច្រើនឡើងៗនៅលើពិភពលោក ក្នុងបរិមាណជាច្រើនសិបលាននាក់ណាស់។ បច្ចុប្បន្ន មានមនុស្សប្រមាណ៥៧លាននាក់ មានជំងឺវង្វេងភ្លេចភ្លាំង ដែលបណ្តាលមកពីកោសិកាប្រព័ន្ធប្រសាទក្នុងខួរក្បាលដាច់ ឬខូចខាតលែងប្រទាក់គ្នាល្អ។ អាយុ (ភាពចាស់ជរា) ជាមូលហេតុសំខាន់ដែលគេបានដឹងយ៉ាងជាក់ច្បាស់ និងដែលគេមិនអាចបញ្ចៀសបានទេ ប៉ុន្តែបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលនាំឱ្យងាយកើតជំងឺវង្វេងវង្វាន់ថែមទៀតនោះ ជាកត្តាដែលគេអាចបញ្ចៀសបាន។ នៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គណៈកម្មការLancet ដែលបានចងក្រងទុកនូវគ្រប់ព័ត៌មានទាក់ទងនឹងជំងឺអាល់ហ្សៃម៉ែរ បានរាប់ឃើញមានកត្តាហានិភ័យ១២មុខនាំឱ្យមានជំងឺវង្វេងវង្វាន់។ ខ្យល់ពុលស្ថិតក្នុងចង្កោមកត្តាហានិភ័យមួយដែរ។ ខ្យល់ពុលក្នុងបរិយាកាស មានឈ្មោះមិនល្អសោះ។ នៅក្នុងការសិក្សានោះ គេបានសន្និដ្ឋានរួចហើយថា ខ្យល់ពុលក្នុងបរិយាកាសដែលមនុស្សយើងដកដង្ហើមស្រូបចូលជារៀងរាល់ថ្ងៃ មិនត្រឹមតែធ្វើឱ្យប្រលាក់ខូចសួត និងប្រព័ន្ធផ្លូវដង្ហើមទេ តែថែមទាំងអាចបំផ្លាញសុខភាពខួរក្បាលទៀត។
ខ្យល់នាំឱ្យឆាប់ភ្លេចភ្លាំង?
ឥលូវ ការព្រួយបារម្ភរីកកាន់តែធំ ព្រោះបើតាមការសិក្សាខ្នាតអន្តរជាតិ ដ៏ធំបំផុតមិនធ្លាប់មានទើបចេញផ្សាយនាពេលថ្មីៗចុងក្រោយនេះ នៅក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet ដដែលបានបញ្ជាក់បន្ថែមអំពីចំណងទំនាក់ទំនងរវាងខ្យល់ពុលក្នុងបរិយាកាស និងសុខភាពខួរក្បាល។ ខ្យល់ពុលអាចវាយប្រហារដល់ខួរក្បាល ដោយបង្កើនគ្រោះហានិភ័យកើតជំងឺខូចខួរក្បាលបាត់ការចងចាំ និងជំងឺវង្វេងវង្វាន់។ នេះបើតាមប្រភពដដែល។
ទិន្នន័យវិភាគដ៏ធំមិនធ្លាប់មាន ដែលជាការប្រមូលផ្តុំការសិក្សាចំនួន៥១លើមនុស្សជិត៣០លាននាក់នៅលើពិភពលោក រស់នៅជាពិសេសក្នុងបណ្តាប្រទេសជឿនលឿនមានចំណូលខ្ពស់ នៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និង អាស៊ី បានចង្អុលបង្ហាញឱ្យឃើញថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងហានិភ័យធ្លាក់ខ្លួនវង្វេងនិងការស្រូបខ្យល់ពុលមានធាតុល្អិតឆ្មារនិចល ក្នុងខ្យល់បរិយាកាស។ ធាតុពុលក្នុងបរិយាកាសបីយ៉ាងចម្បងគេ កំពុងជាប់សង្ស័យខ្លាំងជាងគេថាជាដើមហេតុនាំឱ្យមានជំងឺវង្វេងវង្វាន់។ នោះគឺ ធាតុល្អិតឆ្មារខ្លាំង ក្រោម2,5PM អាចបង្កើនគ្រោះហានិភ័យដល់ទៅ១៧% ធាតុពុលឌីអុកស៊ីតដាហ្សូត ៣% និងផ្សែងឡាន ផ្សែងអុស ផ្សែងហ្កាស ១៣% បើជាតិពុលនោះមានកំហាប់ក្នុងបរិយាសស្ថិតក្នុងចន្លោះ១០µg/m³។
ធាតុពុលទាំងនេះមានប្រភពហុយចេញចរាចរណ៍លើផ្លូវថ្នល់ ពីបំពុងផ្សែងឡាន មជ្ឈមណ្ឌលអគ្គីសនី ធូលី ឬក៏ផ្សែងពុលចេញពីចំហេះឧស្សាហកម្ម ប្រេងធ្យូងថ្ម ឧស្ម័ននិង ចំហេះក្នុងផ្ទះ ការដុតធ្យូង ឬឧសចម្អិតម្ហូបឬកម្តៅផ្ទះ។ ខ្យល់ពុលប្រភេទទាំងអស់នេះ ទំនងជាមានពាក់ព័ន្ធខ្លាំងនឹងការភ្លេចភ្លាំងវង្វេងដោយចរន្តឈាមមិនអាចហូរបានល្អនៅក្នុងខួរក្បាល ពោលគឺធ្វើឱ្យមានជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ដែលជាទម្រង់នៃចង្កោមជំងឺខូចខួរក្បាលភ្លេចភ្លាំង ដែលកើតមានជាញឹកញាប់ជាងគេ។
ខ្យល់ពុលក្នុងបរិយាកាសមិនមែនគ្រាន់តែជាបញ្ហាបរិស្ថានទេ តែជាការគំរាមកំហែងយ៉ាងខ្លាំងក្លា និងខ្លាំងឡើងៗសម្រាប់សុខភាពខួរក្បាល។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ្នកទទួលខុសត្រូវផ្នែកស្រាវជ្រាវជំងឺវង្វេងវង្វាន់ អាល់ហ្សៃម៉ែរ នៅអង់គ្លេស។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅពុំទាន់យល់អំពីយន្តការជាក់ស្តែង និងមិនទាន់កំណត់បានអំពីរយៈពេល ថាតើការស្រូបខ្យល់ពុលយូរប៉ុនណា ទើបត្រូវធ្លាក់ខ្លួនឈឺភ្លេចភ្លាំង ហើយប្រភេទធាតុពុលណាគ្រោះថ្នាក់ជាងគេសម្រាប់សុខភាពចងចាំរបស់ខួរក្បាលទេ។ គេក៏មិនដឹងថាតើក្រុមមនុស្សក្នុងវ័យណាងាយរងគ្រោះជាងគេដែរ។ អ្នកជំនាញបានត្រឹមតែរកឃើញថា ខ្យល់ពុលអាចបង្កឱ្យមានអាការៈរលាក និងអាចបំផ្លាញកោសិការខួរក្បាល អាដេអិន ឱ្យខូច។ កោសិកាខួរក្បាល និងអាដេអិនរងការខូចខាត ជាបាតុភូតពីរនាំឱ្យលេចរោគភ្លេចភ្លាំង វង្វេង និងធ្វើឱ្យជំងឺភ្លេចវង្វេងលូតលាស់ទៅមុខ។ សរីរាង្គកាយមនុស្សគ្មានប្រព័ន្ធការពារខ្លួនប្រកបដោយប្រសិទ្ធភាពចាំរារាំងធាតុល្អិតមហាតូចឆ្មារ ដែលមនុស្សខ្លួនឯងជាអ្ននកបំពុលបរិយាកាសខាងក្រៅ។
ដោយហេតុថា នៅឆ្នាំ២០៥០ ចំនួនអ្នកមានជំងឺវង្វេងវង្វាន់អាចឡើងដល់១៥២លាន៨សែននាក់ អ្នកដឹកនាំការសិក្សាបានអំពាវនាវឱ្យមានសកម្មភាពលឿនរហ័សក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអាល់ហ្សៃម៉ែរ ដោយផ្តល់អនុសាសន៍ ដោយ កំរិតបទដ្ឋានបញ្ចេញផ្សែងពុលយ៉ាងតឹងតែងបំផុតុ។ ត្រូវមាននយោបាយដៅឱ្យចំទិសលើមធ្យោបាយដឹកជញ្ជូន និងឧស្សាហកម្មបញ្ចេញផ្សែងពុលខ្លាំង និងដាក់ឱ្យដំណើរការនយោបាយតំបន់ នយោបាយអន្តរជាតិប្រយុទ្ធប្រឆាំងនឹងផ្សែងពុលប្រកបដោយសមធម៌។
ការប្រយុទ្ធប្រឆាំងនឹងកត្តាហានិភ័យនៃជំងឺអាល់ហ្សៃម៉ែរ ទំនងជាមធ្យោបាយល្អជាងការចំណាយអភិវឌ្ឍថ្នាំព្យាបាលដែលគ្មានផ្តល់ក្តីសង្ឃឹមសោះរហូតមកទល់ពេលនេះ។ ម្យ៉ាងវិញទៀត ការវែករកជំងឺអាល់ហ្សែម៉ែរទៀតសោត ក៏ត្រូវការចំណាយពេលវេលាច្រើន ខ្លះទាល់តែរាប់ឆ្នាំ និងជួបវេជ្ជបណ្ឌិតឯកទេសរាប់សិបនាក់ ទម្រាំអាចកំណត់បានថាជាជំងឺអាល់ហ្សៃម៉ែរ។ បើតាមសហនិពន្ធការសិក្សា លទ្ធផលនៃការសិក្សានេះ សឱ្យឃើញអំពីភាពចាំបាច់នៃដំណោះស្រាយដែលត្រូវភ្ជាប់ជាមួយវិធីការពារកុំឱ្យធ្លាក់ខ្លួនឈឺភ្លេចភ្លាំង។ ការពារជំងឺខូចខួរក្បាលភ្លេចភ្លាំង មិនមែនជាទំនួលខុសត្រូវផ្នែកថែទាំព្យាបាលសុខភាពទេ តែក៏ត្រូវមានការពង្រឹងនយោបាយនគរូបនីយកម្ម មធ្យោបាយដឹកជញ្ជូន និងវិន័យបរិស្ថាន ដែរ៕