រ៉ុកកែតអវកាសធុន H3 គន្លឹះនៃកម្មវិធីអវកាសជប៉ុន
Description
កាលពីថ្ងៃទី៧ មីនា ២០២៣ ជប៉ុនបានបាញ់បង្ហោះរ៉ុកកែតអវកាសថ្មីមួយរបស់ខ្លួន គឺរ៉ុកកែតធុន H3។ រ៉ុកកែត ដែលជប៉ុនរំពឹងថា នឹងអាចជាគន្លឹះក្នុងការប្រកួតប្រជែង ក្នុងវិស័យអវកាស ជាពិសេស ក្នុងប្រជែងក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណប។ ក៏ប៉ុន្តែ ការបាញ់បង្ហោះនេះត្រូវទទួលបរាជ័យ ដោយមានបញ្ហាម៉ូទ័រនៃកំណាត់ទីពីរ ហើយដែលតម្រូវឲ្យគេបញ្ជាឲ្យរ៉ុកកែតបំផ្ទុះកម្ទេចខ្លួនឯងចោល ដើម្បីចៀសវាងគ្រោះថ្នាក់ពេលធ្លាក់មកលើដី។
H3 គឺជារ៉ុកកែតអវកាសថ្មីសន្លាងមួយ ដែលជប៉ុនទើបនឹងផលិតបាន ហើយការបាញ់បង្ហោះ នៅថ្ងៃទី៧មីនា២០២៣ គឺជាការប៉ុនប៉ងលើកទីពីរ ក្រោយពីការបាញ់បង្ហោះលើកទីមួយ កាលពីខែកុម្ភៈត្រូវបានគេលុបចោលនៅនាទីចុងក្រោយ ដោយសារមានបញ្ហាម៉ូទ័ររបស់ប៊ូស្ទ័រ ដែលជាហេតុធ្វើឲ្យរ៉ុកកែតមិនអាចហោះឡើងចេញផុតពីដីបាន។
នៅក្នុងការបាញ់បង្ហោះនៅថ្ងៃទី៧មីនានេះ រ៉ុកកែតត្រូវបានបាញ់ចេញពីដីដោយជោគជ័យ ដោយគ្រប់ម៉ូទ័រទាំងអស់ ទាំងម៉ូទ័ររបស់តួរ៉ុកកែតកំណាត់ទីមួយ និងម៉ូទ័ររបស់ប៊ូស្ទ័រទាំងពីរ ដែលនៅអមសងខាង សុទ្ធតែមានដំណើរការជាធម្មតា។ ក៏ប៉ុន្តែ កើតឡើងទៅលើរ៉ុកកែតកំណាត់ទីពីរ ដោយម៉ូទ័រមិនអាចដំណើរការបាន ទើបជប៉ុនសម្រេចបញ្ជូនសញ្ញាពីចម្ងាយ បញ្ជាឲ្យរ៉ុកកែតបំផ្ទុះកម្ទេចខ្លួនឯង ដើម្បីចៀសហានិភ័យនៅពេលរ៉ុកកែតធ្លាក់ចុះមកលើដីវិញ។
បរាជ័យនៃបេសកកម្មនេះ វាមិនត្រឹមតែធ្វើឲ្យបាត់បង់ផ្កាយរណបដែលផ្ទុកនៅលើនោះទេ ក៏ប៉ុន្តែ ជាងនេះទៅទៀត វាជាដំណើរវិវឌ្ឍអវិជ្ជមានដ៏ចម្បងមួយ សម្រាប់កម្មវិធីអវកាសរបស់ជប៉ុន ពីព្រោះថា តាមគម្រោង គឺរ៉ុកកែតធុន H3 នេះហើយ ដែលជាគន្លឹះ សម្រាប់ឲ្យជប៉ុនបោះជំហានចូលប្រកួតប្រជែងក្នុងវិស័យអវកាស ជាពិសេស ប្រកួតប្រជែងក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណប។
យោងតាមទីភ្នាក់ងារអវកាសជប៉ុន រ៉ុកកែតធុន H3 មានលក្ខណៈពិសេសចម្បងពីរ។
ទីមួយ វាជាប្រភេទរ៉ុកកែត ដែលងាយស្រួលបត់បែនទៅតាមប្រភេទបេសកកម្ម ជាអាទិ៍ វាជារ៉ុកកែតដែលអាចបាញ់បង្ហោះដោយមិនចាំបាច់មានប៊ូស្ទ័រ ឬអាចភ្ជាប់ប៊ូស្ទ័រតែពីរ ឬក៏បន្ថែមប៊ូស្ទ័ររហូតទៅដល់ ៤ អាស្រ័យទៅតាមតម្រូវការរបស់បេសកកម្មនីមួយៗ។
ទីពីរ វាជារ៉ុកកែតដែលប្រើគ្រឿងផ្សំជាច្រើនផលិតឡើងដោយ 3D-Printing និងគ្រឿងផ្សំដែលមាននៅលើទីផ្សារជាទូទៅ (ប្រើនៅក្នុងវិស័យឧស្សាហកម្មជាទូទៅ) ដែលគេមិនចាំបាច់ផលិតឡើងជាពិសេស សម្រាប់តែរ៉ុកកែត។ ទាំងនេះ វាធ្វើឲ្យរ៉ុកកែត H3 នេះ មានថ្លៃផលិតទាប ហើយអាចផ្តល់សេវាកម្មបាញ់បង្ហោះក៏ក្នុងតម្លៃទាប។ ហេតុដូច្នេះហើយបានជាជប៉ុនរំពឹងថា រ៉ុកកែតធុន H3 ថ្មីនេះ ថ្វីដ្បិតតែតែមិនមែនជាប្រភេទរ៉ុកកែត ដែលអាចប្រើបានច្រើនដង ក៏ប៉ុន្តែ នៅតែអាចផ្តល់សេវាកម្មក្នុងតម្លៃទាប ដែលអាចប្រកួតប្រជែងបាន ជាមួយនឹងរ៉ុកកែតធុន Falcon 9 របស់ក្រុមហ៊ុន SpaceX។
ទីភ្នាក់ងារអវកាសជប៉ុនធ្លាប់បានលើកឡើងថា នៅពេលដែលរ៉ុកកែតធុន H3 នេះ ត្រូវបាញ់បង្ហោះដោយជោគជ័យ គេគ្រោងនឹងដាក់វាឲ្យដំណើរការផ្តល់សេវាកម្មបាញ់បង្ហោះបេសកកម្មអវកាស ទាំងបេសកកម្មឯកជន និងទាំងបេសកកម្មអវកាសរបស់រដ្ឋាភិបាលជប៉ុន ជាលក្ខណៈទៀងទាត់ ដោយបាញ់បង្ហោះឲ្យបានរហូតដល់ទៅ ៦ដង ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ២០ឆ្នាំខាងមុខ។
ក៏ប៉ុន្តែ សម្រាប់ពេលនេះ អ្វីៗបានត្រឹមតែជាការរំពឹងទុក ដោយរ៉ុកកែតធុន H3 នេះ នៅមិនទាន់អាចដាក់ឲ្យដំណើរការបានដោយជោគជ័យនៅឡើយ ហើយគិតមកទល់នឹងពេលនេះ ទីភ្នាក់ងារអវកាសជប៉ុនក៏នៅមិនទាន់ឲ្យដឹងនៅឡើយដែរថា បរាជ័យកាលពីថ្ងៃទី៧មីនាកន្លងទៅនេះកើតឡើងដោយមូលហេតុអ្វីពិតប្រាកដ ហើយតើនៅពេលណាទើបគេអាចបាញ់បង្ហោះរ៉ុកកែតនេះសាជាថ្មីម្តងទៀត ដើម្បីអាចចាប់ផ្តើមដាក់វាឲ្យដំណើរការបាន?