តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះពេលផ្កាយបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា?
Description
បេតែលជូសមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើង ប្រហែលពី ១០ដង ទៅ ១៥ដង ហើយបើទោះជាវាទើបនឹងមានអាយុត្រឹមប្រមាណជា ១០លានឆ្នាំ ក៏ប៉ុន្តែ បេតែលជូសកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត ដែលអាចនឹងត្រូវផ្ទុះទៅជាស៊ូពើណូវ៉ាបានគ្រប់ពេលទាំងអស់។ នៅពេលដែលផ្កាយបេតែលជូសត្រូវផ្ទុះទៅជាស៊ូពើណូវ៉ា តើភពផែនដីអាចនឹងត្រូវរងនូវផលប៉ះពាល់អ្វីខ្លះ?
នៅក្នុងចក្រវាលរបស់យើងនេះ ក្រៅពីបន្ទុះប៊ីកប៊ែង និងបន្ទុះកាំរស្មីហ្កាម៉ា ដែលគេហៅជាភាសាអង់គ្លេសថា Gama-ray burst, ស៊ូពើណូវ៉ា គឺជាការផ្ទុះដ៏ខ្លាំងបំផុតមួយ គឺខ្លាំងជាងគ្រប់អ្វីៗផ្សេងទៀតទាំងអស់ ដែលមនុស្សយើងធ្លាប់ស្គាល់។ នៅពេលដែលផ្កាយមួយផ្ទុះទៅជាស៊ូពើណូវ៉ា វាបញ្ចេញពន្លឺភ្លឺខ្លាំងជាងកាឡាក់ស៊ីមួយទាំងមូលទៅទៀត ហើយកម្លាំងផ្ទុះរបស់វាអាចធ្វើឲ្យសារធាតុដែលនៅស្រទាប់ខាងក្រៅរបស់ផ្កាយ ត្រូវសាយភាយចេញទៅក្រៅ កាត់តាមលម្ហអវកាស ក្នុងល្បឿនរហូតដល់ទៅប្រមាណពី ១ម៉ឺន៥ពាន់ ទៅ ៤ម៉ឺនគីឡូម៉ែត្រក្នុងមួយវិនាទី ពោលគឺ រហូតដល់ទៅជាង ១០%ឯណោះ នៃល្បឿនរបស់ពន្លឺ។
គិតមកទល់នឹងសព្វថ្ងៃនេះ អ្នកវិទ្យាសាស្រ្តបានប៉ាន់ស្មានថា ស៊ូពើណូវ៉ាដែលកើតឡើង នៅក្នុងចម្ងាយត្រឹមប្រមាណជា ៥០ឆ្នាំពន្លឺពីយើង វាអាចនឹងធ្វើឲ្យស្រទាប់បរិយាកាសជុំវិញភពផែនដីរបស់យើងនេះត្រូវបាត់បង់ទាំងស្រុង ហើយជីវិតរបស់មនុស្សយើង ក៏ដូចជាគ្រប់ភារៈរស់ផ្សេងទៀត នៅលើភពផែនដីរបស់យើងនេះ អាចនឹងត្រូវស្លាប់ផុតពូជទាំងអស់។ ការសិក្សាខ្លះបង្ហាញថា ផលប៉ះពាល់ដល់ជីវិត ដោយសារបាតុភូតស៊ូពើណូវ៉ា អាចកើតឡើងរហូតដល់ទៅចម្ងាយប្រមាណជា ១៥០ឆ្នាំពន្លឺឯណោះ។
ទោះជាយ៉ាងណា ផ្កាយបេតែលជូសស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា ៦៥០ឆ្នាំ ទៅ ៧០០ឆ្នាំពន្លឺឯណោះពីភពផែនដីរបស់យើង។ ដូច្នេះ នៅពេលដែលបេតែលជូសផ្ទុះទៅជាស៊ូពើណូវ៉ា វានឹងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតលើភពផែនដីរបស់យើងនោះទេ។ ក៏ប៉ុន្តែ គេរំពឹងថា វានឹងបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយ នៅលើផ្ទៃមេឃ ពីព្រោះថា នៅពេលដែលបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា វានឹងជះពន្លឺដ៏ខ្លាំង ដែលយើងអាចមើលឃើញសូម្បីតែនៅពេលថ្ងៃ ចំណែកនៅពេលយប់វិញ ពន្លឺស៊ូពើណូវ៉ានេះនឹងត្រូវកើនឡើងបន្តិចម្តងៗ រហូតអាចនឹងត្រូវភ្លឺប្រហាក់ប្រហែលនឹងព្រះចន្ទពេញវង់ ដោយវានឹងភ្លឺក្នុងរយៈពេលរហូតដល់ទៅរាប់ខែឯណោះ មុននឹងត្រូវថមថយពន្លឺទៅវិញបន្តិចម្តងៗ រហូតដល់ពេលមួយ បេតែលជូសនឹងត្រូវបាត់ពីផ្ទៃមេឃរបស់យើងជារៀងរហូត។
អ្នកវិទ្យាសាស្ត្របានព្យាករថា ការផ្ទុះជាស៊ូពើណូវ៉ារបស់បេតែលជូសនេះអាចនឹងកើតឡើង នៅក្នុងរយៈពេលប្រមាណជា ១០ម៉ឺនឆ្នាំទៀត ឬក៏វាអាចកើតឡើងនៅថ្ងៃស្អែក ឬក៏វាអាចកើតឡើងរួចទៅហើយក៏អាចថាបាន គ្រាន់តែយើងមិនទាន់អាចមើលឃើញតែប៉ុណ្ណោះ។ នេះគឺដោយសារតែបេតែលជូសស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា ៧០០ឆ្នាំពន្លឺពីយើង ហើយចាប់ពីពេលផ្ទុះជាស៊ូពើណូវ៉ា ពន្លឺចេញពីស៊ូពើណូវ៉ានេះ ត្រូវការពេលរហូតដល់ទៅ ៧០០ឆ្នាំឯណោះ ទើបធ្វើដំណើរមកដល់ផែនដី ហើយអាចឲ្យយើងមើលឃើញវាបាន៕