រូបវិទ្យាកង់ទិក៖ អាញស្តាញ និងទ្រឹស្តី “កង់តាពន្លឺ”
Description
អាល់ប៊ែរ អាញស្តាញ (Albert Einstein) ត្រូវបានគេស្គាល់ជាទូទៅ តាមរយៈទ្រឹស្តី Relativity ក៏ប៉ុន្តែ របកគំហើញ ដែលធ្វើឲ្យអាញស្តាញបានទទួលរង្វាន់ណូបែលរូបវិទ្យា គឺទាក់ទងនឹងឥទ្ធិពលហ្វូតូអេឡិចទ្រិក (Photoelectric effect) ហើយដែលនាំទៅដល់ទ្រឹស្តីដ៏ចម្បងមួយ នៅក្នុងរូបវិទ្យាកង់ទិក គឺទ្រឹស្តីដែលថា ពន្លឺត្រូវផ្សំឡើងដោយភាគល្អិត ដែលគេហៅថា "កង់តា" ហើយដែលក្រោយមកត្រូវបានគេហៅថា "ហ្វូតុង" (Photon)។
នៅក្នុងអំឡុងឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck ដែលសិក្សាទៅលើភាពចម្លែក នៅក្នុងទំនាក់ទំនង រវាងសីតុណ្ហភាព ហ្វ្រេកង់ និងពណ៌របស់ពន្លឺ បានរកឃើញសមីការ និងទ្រឹស្តីមួយ ដែលគេឲ្យឈ្មោះថា Planck’s Law ហើយដែលកំណត់ថា ថាមពល (ដូចជាថាមពលដែលចេញពីពន្លឺជាដើម) មិនមែនជាលំហូរជាប់គ្នាឥតដាច់នោះទេ ផ្ទុយទៅវិញ គឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា ដែលគេឲ្យឈ្មោះថា “កង់តា” (Quanta)។
ទ្រឹស្តីនេះបានស្រាយចម្ងល់ទាក់ទងនឹងសីតុណ្ហភាព និងពណ៌របស់ពន្លឺ (Ultraviolet Catastrophe) ក៏ប៉ុន្តែ វាបង្កើតជាចម្ងល់ថ្មីមួយទៀត ទាក់ទងទៅនឹងធម្មជាតិរបស់ពន្លឺដោយផ្ទាល់។
គិតមកទល់នឹងដើមសតវត្សរ៍ទី២០នោះ អ្នកវិទ្យាសាស្រ្តជាទូទៅជឿថា ពន្លឺគឺជាលំហូរឥតដាច់។ ពន្លឺជារលកដែលបង្កើតជាហ្វ្រេកង់ខុសៗគ្នា។ “ពន្លឺជារលក” មិនត្រឹមតែជាទ្រឹស្តីនោះទេ ក៏ប៉ុន្តែ ក៏ត្រូវបានបង្ហាញឲ្យឃើញផងដែរ នៅក្នុងការសង្កេត និងការធ្វើពិសោធន៍ជាក់ស្តែង ដោយអ្នកវិទ្យាសាស្រ្តមុនៗ។
អាញស្តាញវិញ នៅក្នុងការសិក្សាចុះផ្សាយនៅឆ្នាំ១៩០៥ បានរុះរើឡើងវិញទាំងស្រុងនូវទ្រឹស្តីវិទ្យាសាស្រ្តតាំងពីរាប់រយឆ្នាំមុន ដោយបានកំណត់ថា ពន្លឺគឺផ្សំឡើងដោយបណ្តុំថាមពលដាច់ៗពីគ្នា ប្រៀបដូចជាភាគល្អិត ដែលនៅពេលនោះ គេហៅថា “កង់តាពន្លឺ” ហើយដែលបច្ចុប្បន្ននេះ គេស្គាល់ជាទូទៅថា “ហ្វូតុង”។
តាមរយៈទ្រឹស្តី អំពី “កង់តាពន្លឺ” នេះ អ្វីដែល Max Planck បានរកឃើញត្រឹមជាសមីការគណិតវិទ្យា ត្រូវបានពន្យល់បកស្រាយទៅតាមលក្ខណៈរូបវិទ្យាដោយអាល់ប៊ែរ អាញស្តាញ ហើយទ្រឹស្តី “កង់តាពន្លឺ” នេះ គឺជាចំណុចរបត់ដ៏ចម្បងមួយ នៅក្នុងការយល់ដឹងរបស់យើងទៅលើពន្លឺ ហើយក៏ជាដំណើរវិវឌ្ឍដ៏ចម្បងមួយផងដែរ នៃទ្រឹស្តីរូបវិទ្យាកង់ទិក៕