ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)
Description
ក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទ ក្នុងគម្រោងអាប៉ូឡូ ទីភ្នាក់ងារណាសា ដែលកញ្ចប់ថវិកាត្រូវកាត់បន្ថយច្រើន ក៏បានសម្រេចបញ្ចប់គម្រោងផលិតរ៉ុកកែត Saturn V ហើយងាកមកផ្តោតលើគម្រោងថ្មី គឺយានចម្លងអវកាស (Space Shuttle) ក្នុងគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូនអវកាសមួយ ដែលអាចប្រើបានច្រើនដង ហើយមានតម្លៃថោកជាងរ៉ុកកែតក្នុងគម្រោងអាប៉ូឡូ។
នៅឆ្នាំ១៩៦៩ នៅពេលដែល Niel Armstrong និង Buzz Aldrin ឈានជើងជាន់ដីព្រះចន្ទ អាមេរិកក៏បានក្លាយជាប្រទេសដែលទទួលជោគជ័យ ក្នុងការប្រជែងអវកាស ដោយយកឈ្នះលើសហភាពសូវៀត ហើយក្នុងពេលជាមួយគ្នា កម្មវិធីអាប៉ូឡូ ដែលត្រូវបានគេបង្កើតឡើងមកក្នុងគោលដៅចម្បង ដើម្បីប្រណាំងប្រជែងបញ្ជូនមនុស្សទៅចុះចតលើដីព្រះចន្ទនេះ ក៏ត្រូវឈានមកដល់ចំណុចរបត់ដ៏សំខាន់មួយផងដែរ។
ជាមួយនឹងនឹងកញ្ចប់ថវិកាដែលត្រូវកាត់បន្ថយដោយសភាអាមេរិក ទីភ្នាក់ងារណាសាក៏បានងាកចេញពីរ៉ុកកែត Saturn V នៃគម្រោងអាប៉ូឡូ ទៅបង្កើតគម្រោងថ្មីមួយទៀត គឺយានចម្លងអវកាស (Space Shuttle)។ គោលគំនិតចម្បង នៃគម្រោងយានចម្លងអវកាសនេះ គឺចង់ជំនួសការប្រើរ៉ុកកែត ដែលបាញ់បានតែម្តង ហើយត្រូវបោះចោល ដែលត្រូវចំណាយលុយច្រើន ដោយការប្រើរ៉ុកកែត និងយានអវកាស ដែលអាចប្រើបានច្រើនដង ដើម្បីអាចកាត់បន្ថយការចំណាយ នៅក្នុងការធ្វើដំណើរទៅក្នុងទីអវកាស។
Space Shuttle នៅក្នុងគម្រោងថ្មីនេះ មានទម្រង់ជាកូនកាត់ គឺពាក់កណ្តាលជាយន្តហោះ និងពាក់កណ្តាលជារ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសាហៅជាភាសាអង់គ្លេសថា « Orbiter » មានស្លាប និងមានកង់ ដែលអាចចុះចតដូចយន្តហោះ ក៏ប៉ុន្តែ នៅលើយាននេះ មានម៉ូទ័រចំនួន ៣គ្រឿង ដែលជាប្រភេទម៉ូទ័ររ៉ុកកែតអវកាស ធុន RS-25 សម្រាប់ប្រើនៅពេលបាញ់បង្ហោះយានចេញពីដី។
នៅពេលបាញ់ចេញពីដី Space Shuttle ត្រូវភ្ជាប់ជាមួយនឹងធុងឥន្ធនៈដ៏ធំមួយនៅកណ្តាល ដែលមានផ្ទុកអុកស៊ីសែន និងអ៊ីដ្រូសែនរាវ សម្រាប់ម៉ូទ័រ RS-25 ទាំង ៣គ្រឿង ហើយនៅអមសងខាងធុងឥន្ធនៈនេះ មានភ្ជាប់ប៊ូស្ទ័រចំនួនពីរ ដែលជាប្រភេទប៊ូស្ទ័រប្រើឥន្ធនៈរឹង (Solid fuel)។ ម៉ូទ័រ RS-25 ទាំង៣គ្រឿង បូករួមជាមួយនឹងប៊ូស្ទ័រទាំងសងខាងរបស់ Space Shuttle នេះ បង្កើតជាកម្លាំងរុញសរុបជាង ៣០មេហ្កាញូតុន (កម្លាំងខ្លាំងជាង Falcon Heavy របស់ក្រុមហ៊ុន SpaceX បច្ចុប្បន្ននេះទៅទៀត) ហើយអាចផ្ទុកទម្ងន់បានជាង ២៤តោន ទៅដល់គន្លងតារាវិថីទាប (Low Earth Orbit)។
ក្រោយពីបាញ់ចេញពីដី ប៊ូស្ទ័រទាំងពីរ អាចមានដំណើរការរយៈពេល ២នាទី ទើបអស់ឥន្ធនៈ ហើយត្រូវផ្តាច់ខ្លួនចេញ មុននឹងបើកឆ័ត្រយោងទម្លាក់ខ្លួនសន្សឹមៗទៅលើទឹកសមុទ្រ ដោយមាននាវានៅរង់ចាំ ដើម្បីស្រង់ចេញពីទឹក យកទៅជួសជុលកែលម្អ ទុកប្រើនៅពេលក្រោយ។
ចំណែក តួយាន ឬ Orbiter ឯណោះវិញ ម៉ូទ័រ RS-25 ទាំង ៣គ្រឿង អាចមានដំណើរការរហូតដល់ទៅ ៨នាទីឯណោះ ពោលគឺ រហូតទាល់តែអាចធ្វើដំណើរទៅដល់ក្នុងគន្លងតារាវិថី ទើបប្រើអស់ឥន្ធនៈ ហើយធុងឥន្ធនៈក៏ត្រូវផ្តាច់ចេញពីតួយាន។
ក្រោយពីបញ្ចប់បេសកកម្ម, តួយាន (Orbiter) ដែលមានស្រោបជុំវិញទៅដោយខែលការពារកម្តៅ ត្រូវធ្វើដំណើរត្រឡប់ចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ ដើម្បីសំដៅទៅចុះចតនៅទីតាំងដើមវិញ គឺនៅឯមជ្ឈមណ្ឌលអវកាសរបស់ណាសានៅ Cape Canaveral រដ្ឋផ្លរីដា។
យានចម្លងអវកាសឈ្មោះ Columbia ត្រូវបានគេបាញ់បង្ហោះដោយជោគជ័យជាលើកទីមួយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយបានដឹកអវកាសយានិកចំនួន ២រូប ទៅក្នុងគន្លងតារាវិថី មុននឹងវិលត្រឡប់មកចុះចតលើដីវិញដោយសុវត្ថិភាព ពីរថ្ងៃក្រោយមកទៀត។
រាប់ចាប់តាំងពីពេលនោះមក រហូតមកទល់នឹងឆ្នាំ២០១១ Space Shuttle ចំនួន ៥គ្រឿង ត្រូវបានគេផលិត និងដាក់ឲ្យប្រើប្រាស់ គឺ Columbia, Challenger, Discovery, Atlantis និង Endeavour ដោយយានទាំង ៥គ្រឿងនេះ បានបំពេញបេសកកម្មទៅក្នុងគន្លងតារាវិថីជុំវិញផែនដី គិតជាសរុបចំនួន ១៣៥លើក ក្នុងនោះ រួមមានទាំងបេសកកម្មបាញ់បង្ហោះផ្កាយរណប បេសកកម្មបង្ហោះ និងជួសជុលថែទាំតេឡេស្កុបអវកាសហឺបល បេសកកម្មដំឡើងស្ថានីយ៍អវកាសអន្តរជាតិ ក៏ដូចជា បេសកកម្មដឹកជញ្ជូនសម្ភារៈ និងអវកាសយានិកទៅមក រវាងផែនដី និងស្ថានីយ៍អវកាសអន្តរជាតិ។
ក៏ប៉ុន្តែ ជាមួយនឹងជោគជ័យនេះ Space Shuttle ក៏បានឆ្លងកាត់នូវបរាជ័យដ៏ចម្បងចំនួនពីរលើកផងដែរ គឺការផ្ទុះ Challenger នៅឆ្នាំ១៩៨៦ និងការផ្ទុះ Columbia នៅឆ្នាំ២០០៣ ដែលបណ្តាលឲ្យអវកាសយានិកសរុប ១៤រូប ត្រូវបាត់បង់ជីវិត។
នៅឆ្នាំ២០០៤ មួយឆ្នាំក្រោយការផ្ទុះ Columbia លោកប្រធានាធិបតីអាមេរិក ចច ដាបិលយូ ប៊ូស ក៏បានសម្រេចថា នឹងដាក់ Space Shuttle ឲ្យចូលនិវត្តន៍ នៅក្រោយពេលដែលបេសកកម្មចុងក្រោយ គឺការដំឡើងស្ថានីយ៍អវកាសអន្តរជាតិ ត្រូវបានធ្វើចប់សព្វគ្រប់។ គម្រោង Space Shuttle ត្រូវបានបញ្ចប់ ជាមួយនឹងការហោះហើរលើកចុងក្រោយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១។ ចាប់ពីពេលនោះហើយ ដែលទីភ្នាក់ងារណាសា លែងមានរ៉ុកកែត និងយានអវកាស សម្រាប់ដឹកអវកាសយានិកដោយខ្លួនឯង ដោយរាល់ការបញ្ជូនសម្ភារៈ និងអវកាសយានិក ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ត្រូវពឹងផ្អែកលើរ៉ុកកែត និងយានអវកាសធុនសូយូស (Soyuz) របស់រុស្ស៊ី រហូតមកទល់នឹងឆ្នាំ២០២០កន្លងទៅ ក្រោយពីការដាក់ឲ្យដំណើរការយាន Crew Dragon និងរ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX៕