Discoverប្រវត្តិសាស្រ្តពិភពលោកតើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?
តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?

តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?

Update: 2022-08-26
Share

Description

តាមរយៈការសិក្សា​យ៉ាងស៊ីជម្រៅ កាល​ពីពេល​កន្លងមក ដោយ​មាន​ទាំង​ការ​បញ្ជូន​យាន​ទៅ​ចុះចត​ដោយ​ផ្ទាល់​ផង យើង​អាច​ដឹង​បានថា ភពអង្គារ នៅក្នុងពេល​បច្ចុប្បន្ន​នេះ មិនមាន​លក្ខខណ្ឌ​អំណោយផល​នោះទេ សម្រាប់ជីវិត​មនុស្ស​យើង​រស់នៅ។ទោះជាយ៉ាងណា មាន​អ្នក​វិទ្យាសាស្រ្ត​មួយ​ចំនួន ធ្លាប់​បានលើកឡើង​ថា សម្រាប់​រយៈពេល​វែង​ទៅមុខ គេ​អាច​កែប្រែ​បរិស្ថាន​របស់​ភព​អង្គារ​នេះ ឲ្យ​ក្លាយ​ជា​ភព ដែល​មាន​លក្ខខណ្ឌ សម្រាប់​ឲ្យ​មនុស្ស​យើង​រស់​នៅ​បាន គឺ​កែប្រែ​ទៅតាម​យន្តការ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Terraforming »។

នៅ​ក្នុងដំណើការ​កែប្រែ​បរិស្ថាន​ភពអង្គារ​ឲ្យ​មាន​លក្ខខណ្ឌ​អំណោយផលសម្រាប់​ជីវិត​​នេះ ចំណុចគន្លឹះ​ទីមួយ ដែលគេត្រូវ​មើល គឺ​ស្រទាប់​បរិយាកាស។

បច្ចុប្បន្ន​នេះ ភពអង្គារ​មាន​ស្រទាប់​បរិយាកាស​យ៉ាងស្តើង ត្រឹមតែ​ប្រមាណ​ជា ១% ប៉ុណ្ណោះ ​នៃ​ស្រទាប់​បរិយាកាស​របស់​ភពផែនដី។ ការបង្កើន​ស្រទាប់​បរិយាកាស​នេះ អាច​បង្កើត​នូវ​លក្ខខណ្ឌវិជ្ជមាន​ចម្បង​ចំនួន​ពីរ សម្រាប់​ជីវិត។

ទីមួយ នៅពេលដែល​ស្រទាប់​បរិយាកាស​មាន​កាន់តែក្រាស់ សម្ពាធ​នៅលើ​ផ្ទៃដីភពអង្គារ​ក៏​មាន​កាន់តែខ្ពស់ ហើយ​នៅពេល​ដែល​សម្ពាធ​កាន់តែខ្ពស់ មនុស្ស​អាច​ដើរចេញ​ពី​ទីជម្រក​មក​ខាងក្រៅ​បាន ដោយ​មិនចាំបាច់​មាន​សម្លៀកបំពាក់អវកាស ហើយ​ម្យ៉ាងទៀត សម្ពាធខ្ពស់ វា​ក៏​ជាលក្ខខណ្ឌ​ចាំបាច់​មួយផងដែរ ដើម្បី​ឲ្យ​ទឹក​អាច​ស្ថិត​នៅ​ជា​សភាព​រាវ ដោយ​មិន​ត្រូវ​ហួត​ទៅជា​ចំហាយទឹក។

ទីពីរ ស្រទាប់​បរិយាកាស​ក្រាស់​​អាច​ជួយ​ទប់ស្កាត់​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ​បាន​មួយផ្នែក​ ហើយ​បន្ថែម​ពីលើ​នេះ​ទៅទៀត វា​អាច​ជួយ​ទប់កម្តៅព្រះអាទិត្យ​មិន​ឲ្យ​ភាយ​ចេញ​ទៅវិញ ហើយ​​អាច​​បង្កើន​សីតុណ្ហភាព​នៅលើ​ភពអង្គារ។

នៅពេល​ដែល​សីតុណ្ហភាព​កើនឡើង រូបកាយ​របស់​មនុស្ស​យើង​ក៏​ងាយ​នឹង​រស់​នៅ ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត សីតុណ្ហភាព​កើនឡើង បូករួមជាមួយនឹង​កំណើន​នៃ​សម្ពាធ​បរិយាកាស វា​ជា​លក្ខខណ្ឌ​ផ្សំគ្នា ​អាច​ធ្វើ​ឲ្យ​ទឹក​​ស្ថិត​នៅ​ជា​សភាព​រាវ​ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុត​មួយ​ សម្រាប់​ជីវិត។

កន្លងមក លោក អេឡន មើស្ក៍ ម្ចាស់ក្រុមហ៊ុន SpaceX ដែល​មាន​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​រស់​នៅលើ​ភពអង្គារ​ ធ្លាប់​បាន​លើកឡើង​ជាច្រើន​លើកថា វិធីសាស្រ្ត​ដែល​អាច​បង្កើន​ស្រទាប់បរិយាកាស និង​បង្កើន​សីតុណ្ហភាព​លើ​ភពអង្គារ​បាន​លឿនបំផុត គឺ​បំផ្ទុះគ្រាប់បែក​នុយក្លេអ៊ែរ នៅ​ត្រង់​តំបន់​ប៉ូល​របស់​ភពអង្គារ ដើម្បី​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក​នៅ​តំបន់​ប៉ូល​នេះ​ត្រូវ​រលាយ ហើយ​បញ្ចេញ​ចំហាយទឹក និង​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស។

ក៏ប៉ុន្ត មាន​អ្ន​កវិទ្យាសាស្រ្ត​ជាច្រើន​យល់ថា គេ​អាច​មាន​វិធីសាស្រ្ត​មួយទៀត ដែល​អាច​បង្កើន​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​​ភពអង្គារ​បាន ដោយ​មិនចាំបាច់​ប្រើ​អាវុធ​នុយក្លេអ៊ែរ។

ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ធ្វើ​ឲ្យ​ភពឡើងកម្តៅ​នេះ វា​គឺ​ជា​ជំនាញ​របស់​មនុស្ស​យើង​ស្រាប់​ទៅហើយ។ ដូច្នេះ យើងអាច​យក​បទពិសោធន៍​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ នាំ​ឲ្យ​ផែនដីឡើងកម្តៅ​បច្ចុប្បន្ន​នេះ ទៅអនុវត្ត​​នៅលើ​ភពអង្គារ ធ្វើ​ឲ្យ​ភពអង្គារ​ត្រូវ​ឡើងកម្តៅ​បន្តិចម្តងៗ រហូត​ដល់​កម្រិតមួយ ទឹកកក និង​ឧស្ម័ន​កាបូនិក​ដែល​កកជាប់​ក្នុងផ្ទាំង​ទឹកកក​ក៏​ត្រូវ​រលាយ ហើយ​បញ្ចេញ​ចំហាយទឹក និង​ឧស្ម័ន​កាបូនិក​កាន់តែ​ច្រើន​ទៅ​ក្នុង​បរិយាកាស នាំ​ឲ្យ​សីតុណ្ហភាព​ត្រូវ​កើនឡើង​កាន់តែ​លឿន​ថែមទៀត ចំណែក​ស្រទាប់​បរិយាកាស​ក៏​មាន​កាន់តែក្រាស់។

ក្រោយ​ពី​សីតុណ្ហភាព​ និង​សម្ពាធ​កើនឡើង ដល់​កម្រិត​មួយ​សមស្រប ដែល​អាច​ឲ្យ​ទឹក​ស្ថិត​នៅ​ជា​សភាព​រាវបាន ទឹកកក​ដែល​រលាយ បូករួមជាមួយ​នឹង​ចំហាយទឹក​នៅ​ក្នុង​បរិយាកាស​​ដែល​អាចបង្កើត​ជា​ទឹក​​​ភ្លៀង​ធ្លាក់​​ចុះមកវិញ ក៏​អាច​ផ្សំគ្នាបន្តិចម្តងៗ​អាច​ធ្វើ​ឲ្យ​ផ្ទៃដី​ភពអង្គារ​ត្រូវ​គ្រប​ដណ្តប់​ទៅ​ដោយ​ទឹករាវ។

ដំណាក់​កាល​បន្ទាប់ គឺ​ត្រូវ​ប្រែក្លាយ​បរិយាកាស​ភពអង្គារ ឲ្យ​ទៅ​ជា​ខ្យល់​ដែល​មាន​អុកស៊ីសែន​ក្នុង​អត្រា​មួយ​គ្រាប់គ្រាន់ ​អាច​ឲ្យ​យើង​ដកដង្ហើម​បាន ដូចនៅលើ​ភពផែនដី​របស់​យើង។ នៅ​ក្នុង​ដំណាក់កាល​នេះ យើង​ក៏​អាចយកមេរៀន​ពី​ផែនដី​របស់​យើង​នេះ​ទៅ​អនុវត្ត​លើ​ភពអង្គារ​បានដែរ ពីព្រោះ​ថា កាល​ពី​ប្រមាណ​ជាង ៣ពាន់លាន​ឆ្នាំមុន ផែនដី​របស់​យើង​ក៏​ធ្លាប់​ជា​ភពដែល​មាន​បរិយាកាស​សម្បូរ​ទៅដោយ​ឧស្ម័ន​កាបូនិក​ដូចគ្នានេះ​ដែរ ចំណែក​ឯ​អុកស៊ីសែន​វិញ មាន​តិចតួចតែ​ប៉ុណ្ណោះ។

កត្តាចម្បង ដែល​បានប្រែក្លាយ​បរិយាកាស​ផែនដី​​ឲ្យ​មាន​ពេញ​ទៅ​ដោយ​អុកស៊ីសែន​ដូចជា​សព្វថ្ងៃ​ គឺ​បាក់តេរី​មួយ​ប្រភេទ ដែល​គេ​ហៅជាភាសា​អង់គ្លេស​ថា Cyanobacteria។ ដូច្នេះ គេ​អាច​បញ្ជូន​​​បាក់តេរី​ប្រភេទ​នេះ​ពី​ផែនដី​ឲ្យ​ទៅ​រស់​នៅលើ​ភពអង្គារ ដើម្បី​ធ្វើ​រស្មីសំយោគ ប្រែក្លាយ​បរិយាកាស​ដែល​ពោរពេញ​ទៅ​ដោយ​ឧស្ម័ន​កាបូនិក ឲ្យ​ទៅ​ជា​បរិយាកាស​ដែល​សម្បូរ​អុកស៊ីសែន ដូចអ្វីដែល​កើតឡើង នៅលើ​ភពផែនដី​របស់​យើង។

ជាការពិតណាស់​ថា ទាំងអស់​នេះ គឺ​គ្រាន់តែ​ជា​ទ្រឹស្តីតែ​ប៉ុណ្ណោះ។ មកទល់នឹង​ពេលនេះ មនុស្ស​យើង​មិនទាន់ដែល​បាន​យក​វិធីសាស្រ្ត​អស់ទាំងនេះ​ទៅ​អនុវត្ត​ជាក់ស្តែង នៅកន្លែងណាមួយ​ ក្រៅពីភពផែនដី​របស់​យើង​នៅឡើយ​នោះទេ។ ដូច្នេះ គ្មានអ្នកណា​ម្នាក់អាច​ដឹង​ឲ្យប្រាកដ​បានទេ​​ថា យើង​ពិត​ជា​អាច​កែប្រែបរិស្ថាន​ភពអង្គារ​ ហើយ​បង្កើត​លក្ខខណ្ឌ​ដែល​អាច​ឲ្យ​មនុស្ស​យើង​រស់នៅ​បាន​ពិតប្រាកដ។ ហើយ​ទៅតាម​បច្ចេកវិទ្យា​ដែល​យើង​មាន​បច្ចុប្បន្ន​នេះ ​បើទោះជា​អាច​ធ្វើ​ទៅបាន ក៏​វា​ប្រាកដ​ជា​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាងយូរ​នោះដែរ គឺ​អាច​យូរ​រហូត​ដល់​ទៅ​រាប់​រយឆ្នាំ​ ឬ​ក៏​អាច​យូរ​ជាងនេះ​ទៅទៀត ទើប​អាច​កែប្រែ​បរិស្ថាន​លើ​ភពអង្គារ ពី​ភពហួតហែង​បច្ចុប្បន្ន​នេះ ឲ្យ​ទៅ​ជា​ភាព​ដែលមាន​លក្ខខណ្ឌ​អំណោយផល សម្រាប់​ឲ្យ​មនុស្ស​យើង​រស់នៅ​ជាលក្ខណៈធម្មជាតិបាន៕

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?

តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?

RFI ខេមរភាសា / Khmer