រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យពីរដែលមានធាតុផ្សំជាទឹកស្ទើរសុទ្ធសាធ
Description
កាលពីពេលកន្លងមក យើងធ្លាប់ស្គាល់តែភពពីរប្រភេទតែប៉ុណ្ណោះ គឺភពសិលា និងភពឧស្ម័ន។ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភពប្រភេទថ្មីមួយទៀត ស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺភពទឹក (ភពដែលមានធាតុផ្សំភាគច្រើនលើសលុបជាទឹក)។ ភពប្រភេទថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138។
ភពទឹកដ៏ចម្លែកនេះស្ថិតនៅចម្ងាយ ២១៨ឆ្នាំពន្លឺពីភពផែនដី ក្នុងប្រព័ន្ធផ្កាយ ឈ្មោះ Kepler-138 ហើយភព នៅក្នុងប្រព័ន្ធផ្កាយនេះ ត្រូវបានរកឃើញជាលើកដំបូង ដោយតេឡេស្កុបអវកាសកេព្ល័រ (Kepler Space Telescope) កាលពីឆ្នាំ២០១៤កន្លងទៅ។
មានទីតាំងស្ថិតនៅក្នុងបណ្តុំផ្កាយឈ្មោះ Lyra ផ្កាយ Kepler-138 គឺជាប្រភេទ “កូនផ្កាយក្រហម” ឬជាភាសាអង់គ្លេសថា « Red Dwarf » ឬ « M-Dwarf »។ ជាប្រភេទផ្កាយដែលមានម៉ាស់ស្រាល ពោលគឺ មានម៉ាស់ត្រឹមតែប្រមាណជាពាក់កណ្តាលប៉ុណ្ណោះនៃម៉ាស់របស់ព្រះអាទិត្យ ចំណែកសីតុណ្ហភាពនៅលើផ្ទៃខាងលើរបស់ផ្កាយវិញក៏មានទាបជាងព្រះអាទិត្យយ៉ាងឆ្ងាយផងដែរ គឺត្រឹមប្រមាណជិត ៤ពាន់អង្សារប៉ុណ្ណោះ ធៀបនឹងព្រះអាទិត្យ ដែលមានរហូតដល់ទៅជិត ៦ពាន់អង្សារ។
កាលពីឆ្នាំ២០១៤ តាមរយៈតេឡេស្កុបអវកាសគេព្ល័រ គេបានរកឃើញថា នៅជុំវិញផ្កាយ Kepler-138 មានភពចំនួន ៣។ ទីមួយ គឺភពដែលស្ថិតនៅប៉ែកខាងក្នុងគេបង្អស់ ឈ្មោះថា Kepler-138b ជាប្រភេទភពសិលាដូចជាភពផែនដីយើងនេះដែរ ក៏ប៉ុន្តែ មានម៉ាស់ត្រឹមប្រហាក់ប្រហែលនឹងម៉ាស់របស់ភពអង្គារ។ ចំណែកភពទីពីរ និងទីបី គឺ Kepler-138c និង Kepler-138d ដែលជាប្រភេទភពដ៏ចម្លែកខុសគេ ខុសពីអ្វីដែលគេធ្លាប់ឃើញមានកាលពីពេលកន្លងមក ដោយតាមរយៈការសិក្សាលម្អិតទៅលើទិន្នន័យប្រមូលបានដោយតេឡេស្កុបអវកាសហឺបល (Hubble) និងតេឡេស្កុបអវកាសស្ពីតស័រ (Spitzer) អ្នកវិទ្យាសាស្រ្តបានរកឃើញថា ភពទាំងពីរនេះ គឺជាប្រភេទភពដែលផ្សំឡើងដោយទឹក។
នៅលើភព Kepler-138c និង Kepler-138d ថ្វីដ្បិតតែស្នូលខាងក្នុងគឺជាសិលា ក៏ប៉ុន្តែ ផ្ទៃខាងលើត្រូវហ៊ុំព័ទ្ធទៅដោយទឹក ដែលមានជម្រៅគិតជាមធ្យមរហូតដល់ទៅ ២ពាន់គីឡូម៉ែត្រ ពោលគឺ ជ្រៅជាងទឹកសមុទ្រនៅលើភពផែនដីយើងនេះរហូតដល់ទៅ៥០០ដងឯណោះ។ ហើយគិតជាសរុប បរិមាណទឹកសរុបនៅលើភពនីមួយៗ គឺមានយ៉ាងតិចរហូតដល់ទៅ ៥០% ឯណោះ នៃទំហំសរុបរបស់ភព។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្រ្តមិនរំពឹងថា Kepler-138c និង Kepler-138d នេះមានទឹកសមុទ្រនៅផ្ទៃផ្នែកខាងលើ ដូចនៅលើភពផែនដីរបស់យើងនោះទេ។ ដោយសារតែភពទាំងពីរនេះស្ថិតនៅក្រៅតំបន់អំណោយផលដល់ជីវិត (Habitable Zone) គឺនៅកៀកខ្លាំងពេកទៅនឹងផ្កាយ ដូច្នេះ វាត្រូវមានសីតុណ្ហភាពខ្ពស់ដល់កម្រិតមួយ ដែលធ្វើឲ្យទឹកត្រូវហួត ក្លាយទៅជាចំហាយទឹកយ៉ាងក្រាសឃ្មឹកនៅស្រទាប់ខាងលើ ហើយទាល់តែចុះជ្រៅទៅស្រទាប់ខាងក្នុង ទៅដល់កន្លែងដែលមានសម្ពាធខ្ពស់ ទើបអាចមានទឹកនៅក្នុងសភាពរាវបាន។
ក្រៅពីការរកឃើញថា ភព Kepler-138c និង Kepler-138d ជាភពដែលផ្សំឡើងដោយទឹក ទិន្នន័យពីតេឡេស្កុបហឺបល និងស្ពីតស័រក៏បង្ហាញឲ្យឃើញផងដែរថា នៅក្នុងប្រព័ន្ធផ្កាយ Kepler-138 នេះ មានភពទីបួនមួយទៀត ដែលគេឲ្យឈ្មោះថា Kepler-138e។
Kepler-138e ដែលមានម៉ាស់ត្រឹមប្រមាណជាពាក់កណ្តាលផែនដី មានគន្លងស្ថិតនៅខាងក្រៅគេបង្អស់ ដោយត្រូវធ្វើដំណើរមួយជុំផ្កាយក្នុងរយៈពេល ៣៨ថ្ងៃ ពោលគឺ យូរជាងគេបើធៀបនឹងភព៣ផ្សេងទៀត គឺ Kepler-138d ធ្វើដំណើរមួយជុំផ្កាយក្នុងរយៈពេល ២៣ថ្ងៃ, Kepler-138c ១៤ថ្ងៃ ហើយ Kepler-138b អាចធ្វើដំណើរបានមួយជុំផ្កាយ ដោយចំណាយពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ។
គិតមកត្រឹមពេលនេះ អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា ភព Kepler-138e នេះ មានគន្លងស្ថិតនៅក្នុងតំបន់អំណោយផលដល់ជីវិត ឬ Habitable Zone ក៏ប៉ុន្តែ ដោយសារតែការសិក្សាកំពុងស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ ដូច្នេះ គេនៅមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយទេថា តើ Kepler-138e មានស្រទាប់បរិយាកាស ឬក៏មានទឹកនៅលើផ្ទៃដីដែរឬក៏យ៉ាងណា៕