Discoverប្រវត្តិសាស្រ្តពិភពលោកប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz
ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

Update: 2023-07-01
Share

Description

រុស្ស៊ី គឺ​ជា​ប្រទេស​មហាអំណាច​ដ៏​ចម្បងមួយ នៅ​ក្នុង​វិស័យ​អវកាស នៅក្នុង​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​បច្ចេកវិទ្យា​រ៉ុកកែត និង​យាន​អវកាស ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក គឺ សូយូស (Soyuz)។ Soyuz ​ជា​បច្ចេកវិទ្យា​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​ត្រូវបាន​អភិវឌ្ឍ​ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ដោយ​វិស្វករ​សូវៀត ឈ្មោះ Sergei Korolev ដែល​ត្រូវ​បាន​គេចាត់ទុក​ជា​បិតា​នៃ​កម្មវិធី​អវកាស​សូវៀត។

Sergei Pavlovich Korolev កើតនៅ​ឆ្នាំ១៩០៧ នៅ​ហ្ស៊ីតូមៀរ (Zhytomyr) ប្រទេស​អ៊ុយក្រែន ដែល​កាលណោះ ស្ថិត​នៅ​ក្នុង​រង្វង់​ចក្រភព​រុស្ស៊ី និង​ក្រោយ​មកទៀត ជារដ្ឋមួយ​ ក្នុង​សហភាព​សូវៀត។ Korolev បាន​បញ្ចប់​ការ​សិក្សា​ពី​សាលាប៉ូលីតិចនិក​ក្រុងកៀវ និង​ពី​សកលវិទ្យាល័យ​ម៉ូស្គូ ដោយ​ចាប់យក​ជំនាញ​ខាង​វិស្វកម្ម​យន្តហោះ និង​ម៉ូទ័រ​រ៉ុកកែត ហើយ​​បាន​បង្កើត​ក្រុមការ​ងារស្រាវជ្រាវ​ផ្នែក​រ៉ុកកែតអវកាស​មួយ ដែល​បាន​ទទួលជោគជ័យ​ក្នុងការ​ផលិត​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ​ជាលើកទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​សូវៀត នៅ​ឆ្នាំ១៩៣៣។

ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត Korolev បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយ​នយោបាយ​ឃោរឃៅ​នៃ​របបស្តាលីន ហើយ​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ នៅ​ឆ្នាំ១៩៣៨។ Korolev ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុងគុក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ក្នុងគុកនៅ​ស៊ីបេរី​ជាច្រើន​ខែ មុននឹង​​ត្រូវ​បាន​គេ​បញ្ជូន​មក​ម៉ូស្គូវិញ ហើយ​តាមរយៈអន្តរាគមន៍​របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុមស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ ជាមួយ​អ្នក​វិទ្យាសាស្រ្ត​​ផ្សេងទៀតដែល​ជាប់ទោស​នយោបាយ​ដូចគ្នា។

នៅ​ក្នុងអំឡុងពេលនោះ រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លោកលើកទី២ ហើយ​ Korolev ​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ទទួលបន្ទុក​ដឹកនាំ​​ស្រាវជ្រាវ​ផលិតរ៉ុកកែត ដើម្បី​ប្រជែង​ជាមួយ​នឹង​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅ​ក្រោយ​ពេល​កងទ័ព​សូវៀត វាយ​ដណ្តើម​កាន់កាប់​ទីតាំង​រ៉ុកកែត​របស់​អាល្លឺម៉ង់ ដោយ​រឹបអូសបាន​ទាំង​តួរ៉ុកកែត និង​ប្លង់​រ៉ុកកែត V2, Korolev ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​អាល្លឺម៉ង់ ដើម្បី​​មើលការខុសត្រូវ​ក្នុងការ​នាំយក​បច្ចេកវិទ្យា​រ៉ុកកែត V2 ​នេះ​ទៅ​ផលិត​ជា​រ៉ុកកែត​ថ្មី សម្រាប់​សហភាព​សូវៀត។

ចេញ​ពី​ម៉ូដែល​រ៉ុកកែត V2 នេះ Korolev បាន​ផលិតចេញ​ជា​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​មួយ​ប្រភេទ ដែលគេ​ឲ្យ​ឈ្មោះ​ថា Scud ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់។ បន្ទាប់មកទៀត នៅ​ឆ្នាំ១៩៥៣ Korolev បាន​ចាប់ផ្តើម​រៀបចំផលិត​រ៉ុកកែតប្រភេទ​ថ្មីមួយទៀត គឺ​រ៉ុកកែត​ធុន R-7 ដែល​ជា​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​​ដំបូង​បង្អស់​នៅលើ​ពិភពលោក អាច​បាញ់បាន​ចម្ងាយ​​រហូតដល់​ទៅ ៨០០០គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។

ក៏ប៉ុន្តែ ក្រៅពីជា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏​ត្រូវ​បាន​គេយក​ទៅប្រើ​ជា​រ៉ុកកែតអវកាស​ផងដែរ... ជារ៉ុកកែតអវកាស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​វិស័យ​អវកាស​របស់​សូវៀត។

R-7 គឺជាប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​នៅ​កំណាត់ទីមួយ មានតួរ៉ុកកែត​ធំមួយ​នៅចំកណ្តាល បំពាក់ទៅដោ​យម៉ូទ័រ​ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយ​ប៊ូស្ទ័រ​ចំនួន ៤ នៅ​ជុំវិញ ដោយ​ប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយ​ម៉ូទ័រ​ (ធុន RD-107)ចំនួន ១គ្រឿង។

ខុសពី​រ៉ុកកែតអវកាស​ភាគច្រើន ដែល​មាន​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈរឹង ប៊ូស្ទ័រ​ទាំង ៤គ្រឿង របស់​រ៉ុកកែត​ធុន R-7 គឺ​ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ ដែលមានន័យថា នៅ​ក្នុង​រ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំង​ពី​ប៊ូស្ទ័រ ​តួរ៉ុកកែតកំណាត់​ទីមួយ រហូត​ទៅដល់​​កំណាត់​ទីពីរ សុទ្ធតែ​ប្រើ​ឥន្ធនៈរាវ​ដូចគ្នា​ទាំងអស់ គឺ​ឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និង​អុកស៊ីសែន​រាវ។

រ៉ុកកែត R-7 ត្រូវបានគេ​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវ​បាន​គេ​យក​ទៅប្រើ ដើម្បី​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ គឺ​​ផ្កាយរណប Sputnik។

មួយខែក្រោយ​មកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅ​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិនទាន់បាន​ទទួល​ជោគជ័យ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​បាន​មួយគ្រឿង​នៅឡើយ Korolev និង​ក្រុមការងារ​បាន​ប្រើ​រ៉ុកកែត R-7 ដើម្បី​បាញ់បង្ហោះ​​យានអវកាស​ទីពីរ ទៅ​ក្នុង​គន្លង​តារាវិថី។ បេសកកម្មនេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា Sputnik-2 ​ដែល​នៅលើនោះ ​មានដឹកឆ្កែ​ឈ្មោះ ឡៃកា ទៅជាមួយ ដោយ​ត្រូវ​បាន​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។

ចាប់ពីពេលនោះមកKorolev និង​ រ៉ុកកែត R-7 បាន​សម្រេច​ជោគជ័យជាប្រវត្តិសាស្រ្ត​ជាច្រើន​ផ្សេងទៀតជាបន្តបន្ទាប់គ្នា៖ ការបញ្ជូន​យាន​គ្មានមនុស្ស​បើក​ទៅកាន់​ព្រះចន្ទ​ជាលើកទីមួយ ថតយករូបភាព​ពីផ្នែក​ម្ខាងទៀត​របស់ព្រះចន្ទ​ជាលើកទីមួយ បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ចេញ​ពី​ផែនដី សំដៅ​ទៅ​ហោះកាត់​ភពផ្សេងជាលើកទីមួយ គឺ​ភពសុក្រ និង​ចុងក្រោយ គឺ​ការ​បញ្ជូន​មនុស្ស​ទៅ​ក្នុង​ទីអវកាស​ជាលើកទីមួយ គឺ​បេសកកម្ម Vostok ដឹក​អវកាសយានិក យូរី ហ្កាហ្ការីន ទៅ​ធ្វើ​ដំណើរ​ក្នុងគន្លង​តារាវិថី​មួយជុំផែនដី មុននឹង​វិលត្រឡប់​មក​ចុះលើ​ផែនដីវិញ​ដោយ​សុវត្ថិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។

Korolev ក៏​បាន​រៀបចំផែនការ​​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ផងដែរ ដើម្បី​​ប្រជែង​ជាមួយអាមេរិក ដោយ​ក្នុង​ផែនការ​នេះ Korolev គ្រោង​ផលិត​រ៉ុកកែត​ថ្មីស្រឡាង​មួយទៀត គឺ​រ៉ុកកែត​ធុន N-1 ដែលគេអាច​និយាយបានថា ជា​គូប្រជែង​ជាមួយនឹង​រ៉ុកកែត​ Saturn-V របស់​អាមេរិក និង​យានអវកាស​ធុន សូយូស (Soyuz) ដែល​ជា​គូប្រជែង​ជាមួយនឹង​យានអាប៉ូឡូ។

ក៏ប៉ុន្តែ គម្រោង​រ៉ុកកែត N-1 របស់​ Korolev នេះ ត្រូវ​ជាប់គាំង​អស់រយៈពេល​ជាច្រើនឆ្នាំ រហូត​ទាល់តែ​ដល់​ឆ្នាំ១៩៦៤ ទើប Korolev ​បាន​ទទួល​​ភ្លើងខៀវ​ឲ្យ​ចាប់ផ្តើម​គម្រោង ដោយ​មក​ទល់​នឹង​ពេលនោះ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​ទីភ្នាក់ងារ​ណាសា​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​យ៉ាងពេញទំហឹង តាំង​ពីឆ្នាំ១៩៦១មកម៉្លេះ។

ក្រៅពី​ចាប់ផ្តើម​យឺតជាង​អាមេរិក​​រហូតដល់​ទៅ​៣ឆ្នាំ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​សូវៀត​ត្រូវ​ប្រឈម​នឹង​បញ្ហា​ដ៏ធំមួយទៀត គឺ​នៅ​ឆ្នាំ១៩៦៥ ត្រឹមតែ​មួយ​ឆ្នាំប៉ុណ្ណោះ ក្រោយ​ពី​គម្រោងរ៉ុកកែត N-1 បាន​ទទួលភ្លើងខៀវពីរដ្ឋាភិបាល Korolev ក៏​ធ្លាក់ខ្លួនឈឺ ដោយ​កើតជំងឺ​មហារីក ហើយ​ទទួលមរណភាព នៅ​ឆ្នាំ១៩៦៦។

ក្រោយមរណភាព​របស់ Korolev កម្មវិធីអវកាស​របស់​សូវៀត​ក៏​ត្រូវ​ជួបនឹង​បញ្ហា​ ហើយ​គម្រោង​ផលិតរ៉ុកកែត N-1 ក៏​កាន់តែ​យឺតយ៉ាវ​ខ្លាំងឡើង ប្រជែង​មិនឈ្នះ​គម្រោងអាប៉ូឡូ​របស់​អាមេរិក ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ នៅ​ឆ្នាំ១៩៦៩។

៥ឆ្នាំក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៧៤ សូវៀត​ក៏​បាន​សម្រេច​លុបចោល​គម្រោង​ផលិតរ៉ុកកែត N-1 ដោយទុក​តែ​គម្រោងផលិតយានអវកាស​សូយូស ជាមួយនឹង​រ៉ុកកែត R-7 ដែល​បន្សល់ទុក​ពី​សម័យ​ Korolev។ រ៉ុកកែត R-7 ដែល​ត្រូវ​បាន​គេ​យក​ទៅប្រើ​ជាប់ជាប្រចាំ នៅ​ក្នុង​វិស័យ​អវកាស​សូវៀត និង​បន្ទាប់មកទៀត វិស័យអវកាស​​​រុស្ស៊ី នៅក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត។

នៅក្នុងរយៈពេល​ជាង ៦០ឆ្នាំ​កន្លងទៅនេះ រ៉ុកកែត R-7 ត្រូវ​បានគេ​យក​ទៅ​កែលម្អ និង​ផលិត​ចេញ​ជា​ប្រភេទ​ផ្សេងៗគ្នា ពី​ជំនាន់មួយទៅជំនាន់មួយ ដោយ​រ៉ុកកែត R-7 ជំនាន់​ចុងក្រោយ​បង្អស់ នៅតែ​ត្រូវ​បាន​គេ​បន្ត​ប្រើ​ជាប់ជាប្រចាំ​រហូត​មកទល់​នឹង​សព្វថ្ងៃ ហើយដែលត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា <

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

RFI ខេមរភាសា / Khmer