Discoverប្រវត្តិសាស្រ្តពិភពលោកប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក
ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក

ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក

Update: 2022-09-02
Share

Description

ទ្រឹស្តី​រូបវិទ្យាកង់ទិក ថ្វីដ្បិតតែ​ស្មុគស្មាញ និង​ពោរពេញ​ទៅដោយ​ភាពចម្លែក ក៏ប៉ុន្តែ ​ជាទ្រឹស្តីមួយ​ដែល​មាន​ផលប្រយោជន៍​បំផុត​ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ហើយ​ក៏មាន​ឥទ្ធិពល​យ៉ាងខ្លាំងផងដែរ​ទៅលើ​ជីវិតរស់នៅ​ប្រចាំថ្ងៃរបស់​យើង នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ។ បច្ចេកវិទ្យាជាច្រើន រាប់ចាប់តាំង​ពី​កាំរស្មីឡាស៊ែរ នៅ​ក្នុង​វិស័យវេជ្ជសាស្រ្ត រហូត​ទៅដល់​​ទូរសព្ទដៃ កុំព្យូទ័រ និង​គ្រឿងអេឡិចត្រូនិចជាច្រើន​ផ្សេងទៀតដែល​យើងប្រើ​ជាប្រចាំ​សព្វថ្ងៃនេះ មិនអាច​កើតមានបានទេ ប្រសិនបើ​គ្មាន​​​ទ្រឹស្តី​រូបវិទ្យាកង់ទិក។

នៅក្នុង​រូបវិទ្យាសម័យទំនើប​បច្ចុប្បន្ន​នេះ គេឃើញ​មាន​ទ្រឹស្តីចម្បងៗ​ចំនួន​ពីរ៖ ទីមួយ​ Relativity ជាទ្រឹស្តីដែលគ្រប់គ្រង​ទៅលើ​អ្វីៗ​ដែល​មានទំហំធំ និង​ចម្ងាយឆ្ងាយសម្បើមៗ ដូចជា ភព ផ្កាយ កាឡាក់ស៊ី ប៊្លែកហូល ជាដើម និង​ទីពីរ ទ្រឹស្តី​កង់ទិច ដែល​គ្រប់គ្រង​ទៅលើ​អ្វីដែល​មាន​ទំហំ​ដ៏តូចល្អិត រហូត​កម្រិតអាតូម ឬ​ក្រោម​អាតូម។

ចំណុចចាប់ផ្តើម ដែល​នាំ​ទៅដល់​ការ​រកឃើញ​ទ្រឹស្តី​​រូបវិទ្យា​កង់ទិច​ គឺ​កើតចេញ​ពី​ការ​សិក្សា​ទៅលើ​វត្ថុ​ដ៏​សាមញ្ញ​មួយ កាលពីជាង​មួយសតវត្សរ៍មុន គឺ​ការ​សិក្សា​ទៅលើ​អំពូល​ភ្លើង។ គេដឹង​ថា អំពូលភ្លើង​មាន​ពន្លឺ នៅពេល​ដែល​មាន​ចរន្តអគ្គិសនី​ឆ្លងកាត់​រេស៊ីស្តង់​ដ៏តូចឆ្មា​រ​នៅ​ក្នុង​អំពូល ដែល​ធ្វើ​ឲ្យ​រេស៊ីស្តង់​ឡើងកម្តៅ ហើយ​បញ្ចេញ​ពន្លឺ។ តាមការ​សង្កេត​ជាក់ស្តែង គេឃើញ​ថា ពណ៌នៃ​ពន្លឺ​បញ្ចេញ​ដោយ​រេស៊ីស្តង់​អំពូលភ្លើង​នេះ គឺ​វា​ប្រែប្រួល​អាស្រ័យ​ទៅលើ​សីតុណ្ហភាព ក៏ប៉ុន្តែ យន្តការ​រូបវិទ្យា​នៅពីក្រោយ​ការផ្លាស់ប្តូរ​ពណ៌​នៃពន្លឺ​​​នេះ គឺ​នៅតែ​ជា​អាថ៌កំបាំង​ដ៏ធំមួយ ដែល​គេ​នៅមិនទាន់​អាច​យល់​បាន​នៅឡើយ។

នៅឆ្នាំ១៩០០ អ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ Max Planck បាន​ផ្តោត​ការសិក្សា​ទៅលើ​សំណួរ​ចម្បងមួយ​ថា តើ​ហេតុអ្វី​បាន​ជា​នៅពេលដែល​រេស៊ីស្តង់​អំពូលភ្លើង​កាន់តែក្តៅ ពន្លឺ​ដែល​បញ្ចេញ​ដោយ​រេស៊ីស្តង់​នោះត្រូវ​ផ្លាស់ប្តូរពណ៌? ​រឹតតែ​ចម្លែក​ជាងនេះ​ទៅទៀត តើ​ហេតុអ្វី​បាន​ជា​ការ​ប្រែប្រួល​ពណ៌​​នៃ​ពន្លឺ​នេះ​ត្រូវ​​បញ្ចប់​​ត្រឹម​ពណ៌ ស?

គេដឹង​ថា នៅ​ក្នុង​វិសាលគមន៍​នៃ​ពន្លឺ ដែល​យើង​អាច​មើលឃើញ​ដោយ​ភ្នែកទទេ ពណ៌នៃ​ពន្លឺ​គឺ​ត្រូវ​កំណត់​ដោយ​ហ្វ្រេកង់ គឺ​​ពន្លឺ​ដែល​មាន​ហ្វ្រេកង់ទាប​មាន​ពណ៌ក្រហម ហើយ​ពន្លឺ​ដែល​មាន​​ហ្វ្រេកង់ខ្ពស់​មានពណ៌​ខៀវ ឬ​កាន់តែខ្ពស់​ទៅទៀត រហូតដល់​ពណ៌ស្វាយ។

ក៏ប៉ុន្តែ នៅ​ក្នុងករណី​អំពូល​ភ្លើង បើទោះជា​គេ​បង្កើន​ថាមពលអគ្គិសនី ធ្វើ​ឲ្យ​​កម្តៅ​រេស៊ីស្តង់​កាន់តែ​ក្តៅ​យ៉ាងណា គេ​​ក៏​មិន​អាច​ធ្វើ​ឲ្យ​ពន្លឺ​ត្រូវ​ផ្លាស់ប្តូរ​ពណ៌​ទៅជា​ពណ៌ខៀវ ឬ​ពណ៌ស្វាយ​បាននោះទេ ដោយ​អាច​បង្កើត​បាន​ត្រឹម​តែ​ពន្លឺ​​ពណ៌ ស តែ​ប៉ុណ្ណោះ។ មែនទែន​ទៅ សូម្បីតែ​​ពន្លឺ​ព្រះអាទិត្យ ដែលសីតុណ្ហភាព​នៅលើ​ផ្ទៃខាងលើ​មាន​រហូតដល់​ទៅ​ជាង ៥ពាន់​អង្សានោះ ក៏​បញ្ចេញ​ពន្លឺ​​ភាគច្រើន ជាពន្លឺ​ពណ៌ ស នេះ​ដែរ ដោយ​មាន​ពន្លឺ​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​​ក្នុងកម្រិត​តិចតួច​តែប៉ុណ្ណោះ ហើយ​ពន្លឺ​ប្រភេទ​អ៊ុលត្រាវីយ៉ូឡេ ​វិញ គឺ​រឹតតែ​តិចទៅទៀត។

តើ​ហេតុអ្វីបាន​ជា​ប្រភេទពន្លឺ​ដែល​មាន​កម្រិតថាមពល និង​ហ្វ្រេកង់ខ្ពស់ ដូចជា​អ៊ុលត្រាវីយ៉ូឡេ​នេះ សូម្បីតែ​ចេញ​ពី​វត្ថុដែល​មាន​សីតុណ្ហភាព​ខ្ពស់​រហូតដល់​ទៅ​រាប់ពាន់​អង្សាដូចជា​ព្រះអាទិត្យ ក៏​នៅតែ​កម្រនឹង​ឃើញ​មានបែបនេះ​ទៅវិញ? នេះ​គឺ​ជា​អាថ៌កំបាំង​ដ៏​ធំមួយ​ សម្រាប់​អ្នក​វិទ្យាសាស្រ្ត នៅ​ក្នុង​អំឡុង​ដើម​សតវត្សរ៍​ទី២០ ភាព​ចម្លែក​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ជាភាសា​អង់គ្លេស​ថា « Ultraviolet Catastrophe »។

នៅក្នុងការ​សិក្សាស្រាវជ្រាវ ដើម្បី​ស្រាយចម្ងល់​នេះ Max Planck បាន​រកឃើញ​សមីការ​គណិតវិទ្យា ដែល​អាច​កំណត់​យ៉ាងសុក្រឹត អំពី​ទំនាក់ទំនង រវាង​ហ្វ្រេកង់ ពណ៌ និង​កម្រិត​ថាមពល​របស់​ពន្លឺ ដោយ​នៅ​ក្នុង​សមីការ​នោះ Max Planck បាន​បន្ថែម​កុងស្តង់មួយ ដែល​គេ​ហៅជាទូទៅ​ថា “កុងស្តង់ផ្លាងខ៍” (Planck constant)។

ចេញ​សមីការនេះ​ Max Planck​ បាន​សន្និដ្ឋាន​ថា ថាមពល (ដូចជា​ថាមពល​ដែល​ចេញ​ពីពន្លឺជាដើម) វាមិនមែន​​ជាលំហូរ​ជាប់​​ឥតដាច់នោះទេ ផ្ទុយ​ទៅវិញ គឺ​ផ្សំឡើង​ដោយ​បណ្តុំថាមពលដាច់ៗពីគ្នា។ បណ្តុំថាមពល ប្រៀបបាន​ដូចជា​ភាគល្អិត ហើយ​ដែល​ក្រោ​យមក​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា “កង់តា” (Quanta)។

ទ្រឹស្តីរូបវិទ្យា​ជុំវិញ​កង់តា​នេះហើយ​ ដែល​ក្រោយ​មក ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា រូបវិទ្យាកង់ទិច ឬ​ មេកានិកកង់ទិច ហើយ​ដែល​ជាទូទៅ Max Planck ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បិតា​ស្ថាបនិក​មួយរូប រួមជាមួយ​នឹង​អ្នក​ប្រាជ្ញ​ល្បីៗ​មួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​អំឡុងពេលនោះ រួមមាន​ជា​អាទិ៍ ​Albert Einstein និង​អ្នកប្រាជ្ញ​ដាណឺម៉ាក  Niels Bohr ក៏ដូចជា​អ្នក​ប្រាជ្ញ​សំខាន់ៗ​មួយចំនួន​ក្រោយៗមកទៀត រួមមាន អ្នក​ប្រាជ្ញ​បារាំង Louis de Broglie អ្នកប្រាជ្ញអង់គ្លេស Paul Dirac អ្នកប្រាជ្ញ​អូទ្រីស Erwin Schrödinger និង​អ្នក​ប្រាជ្ញ​អាល្លឺម៉ង់ Werner Heisenberg៕

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក

ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក

RFI ខេមរភាសា / Khmer