Discoverប្រវត្តិសាស្រ្តពិភពលោករកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ស្រដៀងភពផែនដីទីពីរ​នៅ​ក្នុង​ប្រព័ន្ធផ្កាយតែមួយ
រកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ស្រដៀងភពផែនដីទីពីរ​នៅ​ក្នុង​ប្រព័ន្ធផ្កាយតែមួយ

រកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ស្រដៀងភពផែនដីទីពីរ​នៅ​ក្នុង​ប្រព័ន្ធផ្កាយតែមួយ

Update: 2023-01-14
Share

Description

កាលពីថ្ងៃទី​១០មករា​២០២៣ អ្នកវិទ្យាសាស្រ្ត​របស់​ទីភ្នាក់ងារ​ណាសា​បាន​ប្រកាស​ឲ្យដឹង​ថា គេ​បានរកឃើញ​ភព​ស្រដៀងនឹង​ភពផែនដី​មួយទៀត ស្ថិត​នៅ​ក្នុង​តំបន់​អំណោយផល​ដល់​ជីវិត​ (Habitable Zone) នៅ​ក្នុង​ប្រព័ន្ធផ្កាយ​តែមួយ ដែល​គេ​ធ្លាប់​បាន​រកឃើញ​ភពស្រដៀងផែនដី​មួយ​រួចហើយ កាល​ពី​ពេលកន្លងទៅ គឺ​ប្រព័ន្ធផ្កាយ ដែល​គេ​ឲ្យឈ្មោះ​ថា TOI 700 ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១០០ឆ្នាំពន្លឺ​ពីផែនដី។

កាលពីឆ្នាំ២០២០​កន្លងទៅ ការសង្កេត​ដោយ​ប្រើ​តេឡេស្កុប​អវកាស​របស់​ណាសា គឺ​តេឡេស្កុប TESS (Transiting Exoplanet Survey Satellite) គេ​បានរកឃើញ​ភព​ចំនួន ៣ នៅ​ក្នុង​ប្រព័ន្ធផ្កាយ TOI 700 គឺ​ភព TOI 700b, c និង d ។ ក៏ប៉ុន្តែ ក្រោ​យមកទៀត នៅក្នុងការ​សង្កេត​បន្ថែម​ជាលើកទីពីរ ដោយ​តេឡេស្កុប TESS ដដែល​នេះ គេ​បានរកឃើញ​ភព​មួយបន្ថែម​ទៀត គឺ TOI 700e។

​នៅ​ក្នុង​ចំណោម​ភព​ទាំង៣ ដែល​គេ​បានរកឃើញ កាល​ពី​ឆ្នាំ​២០២០, TOI 700b ​មាន​គន្លងនៅ​ខាង​ក្នុងគេ​បង្អស់ គឺ​ជាប្រភេទ​ភពសិលា មាន​ម៉ាស់​ស្រាលជាង​​ភពផែនដី​បន្តិច ហើយ​ធ្វើ​ដំណើរ​មួយ​ជុំផ្កាយ​ដោយប្រើ​រយៈពេល​ ១០ថ្ងៃ។ ក្នុង​គន្លងបន្ទាប់មកទៀត គឺ TOI 700c ជា​ប្រភេទភព​ឧស្ម័ន​​ស្រដៀងនឹង​ភពណិបទូន មាន​ម៉ាស់​ធ្ងន់ជាងផែនដី​ប្រហែល​ជា ២ដងកន្លះ ហើយ​ធ្វើ​ដំណើរ​មួយជុំផ្កាយ​ដោយ​ប្រើ​រយៈពេល ១៦ថ្ងៃ។ ចំណែក​នៅ​ប៉ែក​ខាង​ក្រៅគេបង្អស់ គឺភព​ TOI 700d ដែល​ធ្វើ​ដំណើរមួយជុំផ្កាយ ដោយ​ប្រើ​រយៈពេល ៣៧ថ្ងៃ គឺ​ជាភព​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំងជាងគេ ដោយសារ​តែ​វាជា​ប្រភេទ​ភព​សិលា មាន​ម៉ាស់​ប្រហាក់ប្រហែល​នឹង​​​ភពផែន ហើយ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​អំណោយផល​ដល់​ជីវិត ពោលគឺ ជា​តំបន់​ដែល​មាន​សីតុណ្ហភាព​មិន​ក្តៅពេក ហើយ​ក៏​មិន​ត្រជាក់ពេក គឺ​សីតុណ្ហភាព​ល្មម​អាច​ឲ្យ​ទឹក​ស្ថិត​នៅ​ក្នុង​សភាព​រាវ​​នៅលើ​ផ្ទៃដី​បាន ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុតមួយ សម្រាប់​ការ​រីកលូតលាស់​នៃ​ជីវិត។

ភពទីបួន ដែល​គេ​ទើបនឹង​រកឃើញ កាល​ពី​ខែមករា​ឆ្នាំ២០២៣​នេះ គឺ TOI 700e ជាប្រភេទ​ភព​សិលា មាន​ម៉ាស់​ប្រហាក់ប្រហែល​នឹង​ភពផែនដី គឺ​ប្រហែល ៩៥% នៃ​ម៉ាស់​ផែនដី ហើយ​ធ្វើ​ដំណើរ​មួយជុំផ្កាយ ដោយ​ប្រើ​ពេល ២៨ថ្ងៃ ដែល​មានន័យថា វា​មាន​គន្លង​ស្ថិត​នៅ​ចន្លោះ​ភព c និង d ពោលគឺ ​ខាង​ក្រៅ TOI 700c ក៏ប៉ុន្តែ ខាង​ក្នុង TOI 700d។

គួរបញ្ជាក់ថា គិតរហូតមកទល់នឹង​ពេលនេះ ភព​ក្រៅប្រព័ន្ធព្រះអាទិត្យ ដែល​អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ ភាគច្រើន​លើសលុប គឺ​ជា​ភពឧស្ម័ន ស្រដៀង​ទៅនឹង​ភពទាំង ៤ នៅ​ប៉ែក​ខាង​ក្រៅប្រព័ន្ធព្រះអាទិត្យ​របស់​យើង ដោយសារ​តែ​ភព​ប្រភេទ​នេះ​មាន​ទំហំ​ធំសម្បើមៗ ​ងាយ​នឹង​ឲ្យ​តេឡេស្កុប​អាច​ឆ្លុះមើលឃើញ។ ចំណែក​ភព​សិលា​តូចៗ ទំហំ​ប្រហាក់ប្រហែល​នឹង​ផែនដីវិញ ពិបាក​នឹង​ឆ្លុះមើលឃើញ។ ដូច្នេះហើយ​បាន​ជា​គិតមកទល់នឹង​ពេលនេះ នៅ​ក្នុង​ចំណោម​ភពក្រៅប្រព័ន្ធព្រះអាទិត្យដែល​គេ​បានរកឃើញ មាន​តិចតួចណាស់​ដែល​ជា​ប្រភេទ​ភពសិលា​ស្រដៀងនឹង​ផែនដី ហើយមាន​​រឹតតែ​តិចតួចទៅទៀត ភពស្រដៀងផែនដី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អំណោយផលដល់ជីវិត។

ភពក្រៅប្រព័ន្ធព្រះអាទិត្យ ក្នុង​តំបន់​អំណោយផលដល់​ជីវិត​ទាំងនេះហើយ ដែល​នឹង​ជា​គោលដៅ​ចម្បង សម្រាប់​ការ​សិក្សា​លម្អិត ដោយ​តេឡេស្កុបអវកាស​ទំនើបថ្មី គឺ​តេឡេស្កុបអវកាស​ជេមស៍វេប ដែល​ជាតេឡេស្កុប​មាន​សមត្ថភាព​កំណត់​យ៉ាងលម្អិត ​អំពី​ធាតុផ្សំ​គីមី នៅ​ក្នុង​ស្រទាប់​បរិយាកាស​​លើ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ។ ធាតុផ្សំ​គីមី ក្នុងស្រទាប់​បរិយាកាស ដែល​អាច​ជា​តម្រុយ​ អំពី​វត្តមាន​នៃ​ជីវិត​ក្រៅភព៕

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

រកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ស្រដៀងភពផែនដីទីពីរ​នៅ​ក្នុង​ប្រព័ន្ធផ្កាយតែមួយ

រកឃើញ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ស្រដៀងភពផែនដីទីពីរ​នៅ​ក្នុង​ប្រព័ន្ធផ្កាយតែមួយ

RFI ខេមរភាសា / Khmer